ការធ្វើឲ្យព្យុះសង្ឃរាស្ងប់
ជំពូកទី៤៤
ការធ្វើឲ្យព្យុះសង្ឃរាស្ងប់
ព្រះយេស៊ូមានសកម្មភាពរវល់ពេញមួយថ្ងៃ ដែលរួមបញ្ចូលការបង្រៀនហ្វូងមនុស្សនៅតាមឆ្នេរសមុទ្រ និងក្រោយមកទ្រង់ពន្យល់ន័យអំពីរឿងប្រៀបប្រដូចដល់ពួកសិស្សទ្រង់ពេលនៅដោយឡែកពីគេ។ លុះដល់ពេលល្ងាច ទ្រង់មានបន្ទូលទៅពួកសិស្សថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។
នៅឆ្នេរប៉ែកខាងកើតនៃសមុទ្រកាលីឡេ ជាស្រុកដេកាប៉ូល ហើយពាក្យដេកា ជាភាសាក្រិចមានន័យថា«ដប់» និងពាក្យប៉ូល មានន័យថា«ទីក្រុង»។ ថ្វីបើកន្លែងនោះក៏ជាលំនៅរបស់ជនជាតិយូដាជាច្រើនដែរក៏ដោយ ទីក្រុងទាំងប៉ុន្មាននៅស្រុកដេកាប៉ូល ជាមជ្ឈមណ្ឌលវប្បធម៌សាសន៍ក្រិច។ ក៏ប៉ុន្តែ សកម្មភាពរបស់ព្រះយេស៊ូនៅក្នុងស្រុកនោះ គឺពុំសូវមានច្រើនទេ។ ដូចជាយើងនឹងឃើញក្រោយមក សូម្បីតែក្នុងទស្សនកិច្ចនេះក្ដី ក៏គេបានបង្ការទ្រង់មិនឲ្យគង់នៅយូរដែរ។
នៅពេលដែលព្រះយេស៊ូសុំពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាង នោះពួកសិស្សក៏ជិះទូកជូនទ្រង់ទៅ។ ក៏ប៉ុន្តែ មានមនុស្សបានឃើញទ្រង់និងពួកសិស្សចាកចេញទៅ។ មិនយូរប៉ុន្មានក្រោយមក មនុស្សឯទៀតក៏ឡើងជិះទូកពួកគេទៅតាមដែរ។ ការឆ្លងទៅត្រើយម្ខាង គឺមិនឆ្ងាយប៉ុន្មានទេ។ តាមការពិត សមុទ្រកាលីឡេគឺគ្រាន់តែជាបឹងដ៏ធំមួយ ដែលមានបណ្ដោយប្រហែលតែ២០គីឡូម៉ែត្រ និងមានទទឹងតែ១២គីឡូម៉ែត្រតែប៉ុណ្ណោះ។
មែនហើយ ព្រះយេស៊ូអស់ព្រះកាយពលខ្លាំងណាស់។ ដូច្នេះ មិនយូរប៉ុន្មានក្រោយពីបានចេញដំណើរទៅ នោះទ្រង់ក៏ផ្ទំលក់លើខ្នើយនៅកន្សៃទូក។ ពួកសាវ័កបីបួននាក់ជាអ្នកជំនាញបើកទូកក្ដោង ហើយជាអ្នកនេសាទអស់រយៈពេលជាយូរណាស់មកហើយតាមសមុទ្រកាលីឡេ។ ដូច្នេះ ពួកគាត់ក៏បើកក្ដោងទូកចេញដំណើរទៅ។
ក៏ប៉ុន្តែ ការធ្វើដំណើរនេះគឺមិនមែនស្រួលនោះឡើយ។ ដោយព្រោះមានខ្យល់ក្ដៅជាងធម្មតានៅផ្ទៃបឹងនេះ ហើយបឹងនេះមានកំពស់ទាបជាងជំរៅសមុទ្រធម្មតាប្រមាណ២០០ម៉ែត្រឯណោះ ថែមទាំងមានខ្យល់ត្រជាក់ជាងធម្មតាដែលបក់ពីភ្នំផ្សេងៗនៅជិតនោះទៀតផង ជួនកាលមានខ្យល់បក់យ៉ាងខ្លាំង និងបណ្ដាលឲ្យមានព្យុះសង្ឃរានៅបឹងនេះ។ ឥឡូវនេះគឺកំពុងតែមានគ្រោះមហន្តរាយធ្ងន់ធ្ងរហើយ។ មិនយូរប៉ុន្មានទៀត រលកនឹងបោកមកគ្របពីលើទូកដល់ម្ល៉េះដែលធ្វើឲ្យទូកនេះហៀបនឹងលិចទៅ។ តែព្រះយេស៊ូទ្រង់នៅតែផ្ទំលក់នៅឡើយ!
ពួកអ្នកបើកទូកក្ដោងដែលមានបទពិសោធន៍ បានខំប្រឹងយ៉ាងវីវក់ដើម្បីកាច់ចង្កូតទូកនេះ។ ពួកគាត់ប្រាកដជាធ្លាប់បានឆ្លងកាត់ព្យុះសង្ឃរានៅពេលមុនៗហើយ។ ប៉ុន្តែនៅពេលនេះ ពួកគាត់បានខំប្រឹងអស់ពីសមត្ថភាពទៅហើយ។ ដោយភ័យខ្លាចមានគ្រោះថ្នាក់ដល់ជីវិត នោះពួកគាត់ក៏ដាស់ព្រះយេស៊ូ។ ពួកគាត់លាន់មាត់ថា៖ ‹លោកម្ចាស់អើយ! តើទ្រង់មានព្រះទ័យខ្វល់ខ្វាយឬទេ? យើងកំពុងតែលិចទៅហើយ។ សូមជួយសង្គ្រោះយើងផង យើងខ្ញុំនឹងលង់ទឹកជាពុំខាន!›។
ពេលទ្រង់ក្រោកឡើង នោះព្រះយេស៊ូកំហែងដល់ខ្យល់និងសមុទ្រថា៖ «ចូរស្ងៀមទៅ ហើយឈប់ចុះ!»។ នោះខ្យល់ក៏ស្ងប់ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ។ ទ្រង់មានបន្ទូលទៅពួកសិស្សទ្រង់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម្ល៉េះ? ម្ដេចក៏គ្មានសេចក្ដីជំនឿ?»។
ភ្លាមនោះ ពួកសិស្សមានសេចក្ដីស្ញែងខ្លាចជាខ្លាំង។ ពួកគាត់សួរគ្នីគ្នាថា៖ ‹តើលោកនេះជាអ្នកណា បានជាខ្យល់និងសមុទ្រក៏ស្ដាប់បង្គាប់លោកដូច្នេះ?›។
ព្រះយេស៊ូសម្ដែងនូវព្រះចេស្ដាដ៏ខ្លាំងមែនហ្ន៎! យើងមានទំនុកចិត្តមែន ដោយដឹងថា ស្តេចរបស់យើងមានព្រះចេស្ដាលើធម្មជាតិ ហើយថាពេលដែលទ្រង់កាន់អំណាចក្នុងព្រះរាជាណាចក្រ ទ្រង់នឹងយកព្រះទ័យទុកដាក់មកលើផែនដីយើងនេះ នោះមនុស្សគ្រប់គ្នានឹងរស់នៅដោយសុខសាន្តរួចពីគ្រោះមហន្តរាយធម្មជាតិ!
បន្ដិចក្រោយពីព្យុះសង្ឃរាស្ងប់ទៅ នោះព្រះយេស៊ូនិងពួកសិស្សបានមកដល់ឆ្នេរខាងកើតដោយសុវត្ថិភាព។ ប្រហែលជាទូកឯទៀតក៏បានរួចផុតពីព្យុះសង្ឃរានេះដែរ ហើយបានត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។ ម៉ាកុស ៤:៣៥–៥:១; ម៉ាថាយ ៨:១៨, ២៣-២៧; លូកា ៨:២២-២៦
▪ តើដេកាប៉ូលជាអ្វី? ហើយតើស្រុកនេះនៅឯណា?
▪ តើមានហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានព្យុះសង្ឃរានៅសមុទ្រកាលីឡេ?
▪ តើពួកសាវ័កធ្វើអ្វី ពេលដែលជំនាញខាងការបើកក្ដោងទូករបស់គាត់មិនអាចសង្គ្រោះពួកគាត់បាននោះ?