ការចាប់ផ្ដើមថ្ងៃដ៏សំខាន់
ជំពូកទី១០៥
ការចាប់ផ្ដើមថ្ងៃដ៏សំខាន់
ពេលព្រះយេស៊ូយាងចេញពីក្រុងយេរូសាឡិមនៅយប់ថ្ងៃច័ន្ទ នោះទ្រង់ត្រឡប់ទៅភូមិបេថានី ដែលនៅជំរាលភ្នំអូលីវទិសខាងកើត។ ពីរថ្ងៃនៃកិច្ចបំរើចុងក្រោយរបស់ទ្រង់នៅក្នុងក្រុងយេរូសាឡិមបានចប់ហើយ។ ប្រាកដហើយ ព្រះយេស៊ូបានស្នាក់នៅបន្តជាមួយឡាសារដែលត្រូវជាមិត្តរបស់ទ្រង់។ តាំងពីទ្រង់បានមកពីក្រុងយេរីខូរនៅថ្ងៃសុក្រ នេះជាយប់ទីបួនដែលទ្រង់ស្នាក់នៅភូមិបេថានី។
ឥឡូវនេះ ជាព្រឹកព្រលឹមថ្ងៃអង្គារ ទ្រង់និងពួកសិស្សរបស់ទ្រង់បន្តធ្វើដំណើរទៀតហើយ។ នេះបង្ហាញឲ្យឃើញថា ជាថ្ងៃដ៏ប្រសើរលើសលែងក្នុងកិច្ចបំរើរបស់ព្រះយេស៊ូ ហើយក៏ជាថ្ងៃដ៏រវល់ជាងគេ។ នេះជាថ្ងៃចុងក្រោយដែលទ្រង់នឹងបង្ហាញខ្លួននៅក្នុងព្រះវិហារ។ ហើយនេះក៏ជាថ្ងៃចុងក្រោយនៃកិច្ចបំរើសាធារណៈរបស់ទ្រង់ មុននឹងគេវិនិច្ឆ័យទោសនិងធ្វើគុតទ្រង់។
ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ធ្វើដំណើរ តាមផ្លូវដូចលើកមុនៗ កាត់តាមភ្នំអូលីវឆ្ពោះទៅក្រុងយេរូសាឡិម។ តាមផ្លូវពីភូមិបេថានី នោះពេត្រុសបានឃើញដើមល្វាដែលព្រះយេស៊ូបានដាក់បណ្ដាសា កាលពីព្រឹកម្សិលមិញ។ ពេត្រុសទូលទ្រង់ថា៖ «លោកគ្រូ! មើល! ដើមល្វាដែលលោកដាក់បណ្ដាសា នោះក្រៀមស្វិតទៅហើយ»។
ប៉ុន្តែ ហេតុអ្វីក៏ធ្វើឲ្យដើមនេះងាប់ទៅដូច្នេះ? ព្រះយេស៊ូបានប្រាប់នូវមូលហេតុ ដោយទ្រង់មានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងេអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ ហើយគ្រប់ទាំងសេចក្ដីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់»។
ដូច្នេះដោយធ្វើឲ្យដើមនេះស្វិតក្រៀម នោះព្រះយេស៊ូបានប្រទានមេរៀនដល់ពួកសិស្សទ្រង់នូវសារៈសំខាន់ឲ្យគេមានជំនឿលើព្រះ។ ព្រះយេស៊ូមានបន្ទូលថា៖ «គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន»។ នេះជាមេរៀនដ៏សំខាន់ដែលពួកគេត្រូវរៀន ជាពិសេសដោយដឹងនូវការសាកល្បងដ៏ធំ ដែលពួកគេនឹងប្រឈមនៅពេលខាងមុខនោះ! ប៉ុន្តែ នៅមានទំនាក់ទំនងមួយទៀតរវាងការស្វិតដើមល្វានេះ និងជំនឿ។
សាសន៍អ៊ីស្រាអែល ប្រៀបដូចជាដើមល្វានេះ គឺមានសណ្ឋានបោកបញ្ឆោត។ ទោះជាសាសន៍នេះមានកិច្ចព្រមព្រៀងជាមួយព្រះហើយក្ដី បើមើលតែសំបកក្រៅ ទំនងជាពួកគេធ្វើតាមវិន័យរបស់ទ្រង់ តែសាសន៍នេះឥតមានជំនឿ និងឥតមានផលផ្លែល្អឡើយ។ ដោយសារតែឥតមានជំនឿ ពួកគេបានបដិសេធរាជបុត្រារបស់ព្រះចោលទៀតផង! ដូច្នេះហើយ ការធ្វើឲ្យដើមល្វាដែលឥតមានផលផ្លែទៅជាស្វិតក្រៀម នោះព្រះយេស៊ូបង្ហាញយ៉ាងជាក់ច្បាស់ថា សាសន៍ដែលគ្មានជំនឿនិងគ្មានផលផ្លែល្អ ក៏នឹងទទួលលទ្ធផលយ៉ាងនោះដែរ។
បន្ដិចទៀត ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ចូលទៅក្នុងក្រុងយេរូសាឡិមហើយ តាមទម្លាប់របស់ទ្រង់ នោះទ្រង់និងពួកសិស្សទៅព្រះវិហារ ព្រះយេស៊ូចាប់ផ្ដើមបង្រៀននៅទីនោះ។ ពួកសង្គ្រាជនិងពួកចាស់ទុំនៃបណ្ដាជន ប្រាកដជាចាំនូវទង្វើរបស់ព្រះយេស៊ូដែលបានធ្វើកាលពីម្សិលមិញប្រឆាំងនឹងពួកអ្នកដូរប្រាក់ រួចមកពួកសង្គ្រាជនិងពួកចាស់ទុំទូលសួរផ្ចាញ់ផ្ចាលទ្រង់ថា៖ «អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី? តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក?»។
ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស?»។
ពួកសង្គ្រាជនិងពួកចាស់ទុំជំនុំគ្នារិះគិតថា៖ «បើយើងថា‹មកពីស្ថានសួគ៌› នោះវានឹងសួរយើងថា ‹ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់ តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា»។
ពួកមេដឹកនាំមិនអាចឆ្លើយបានទេ។ ដូច្នេះពួកគេឆ្លើយថា៖ «យើងមិនដឹងទេ!»។
ព្រះយេស៊ូក៏មានបន្ទូលតបថា៖ «ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ»។ ម៉ាថាយ ២១:១៩-២៧; ម៉ាកុស ១១:១៩-៣៣; លូកា ២០:១-៨
▪ តើថ្ងៃអង្គារទី១១ ខែណែសានមានសារៈសំខាន់យ៉ាងណា?
▪ តើព្រះយេស៊ូប្រទានមេរៀនអ្វី ពេលទ្រង់ធ្វើឲ្យដើមល្វានេះស្វិតក្រៀម?
▪ តើតាមរបៀបណាដែលព្រះយេស៊ូឆ្លើយនឹងអស់អ្នកដែលសួរអំពីប្រភពនៃអំណាចដែលទ្រង់មាននោះ?