ឱវាទដែលទូន្មានប្រដៅបន្ថែម
ជំពូកទី៦៣
ឱវាទដែលទូន្មានប្រដៅបន្ថែម
កាលដែលព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់ នៅក្នុងផ្ទះនៅឡើយក្នុងក្រុងកាពើណិម ក្រៅពីការប្រកែករបស់ពួកសាវ័ក ថាក្នុងចំណោមពួកគាត់តើអ្នកណាដែលធំជាងគេនោះ ទ្រង់និងពួកសាវ័កក៏បានពិគ្រោះគ្នាអំពីរឿងមួយទៀតដែរ។ នេះជាព្រឹត្ដិការណ៍ដែលអាចកើតឡើងពេលពួកគាត់ត្រឡប់មកក្រុងកាពើណិមវិញ ពេលដែលព្រះយេស៊ូឥតមានវត្តមាន។ សាវ័កយ៉ូហានរាយការណ៍ថា៖ «យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ»។
តាមការពិត យ៉ូហានចាត់ទុកពួកសាវ័កជាក្រុមអ្នកប្រោសឲ្យជា ដែលមានឋានៈខ្ពស់។ ដូច្នេះ គាត់មានអារម្មណ៍ថា បុរសដែលធ្វើកិច្ចការដ៏ខ្លាំងក្លានេះ គឺធ្វើឡើងដោយឥតត្រឹមត្រូវ ព្រោះគាត់មិនមែនជាផ្នែកនៃក្រុមរបស់ពួកសាវ័ក។
ប៉ុន្តែ ព្រះយេស៊ូឲ្យឱវាទថា៖ «កុំឃាត់គេឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងវិញ អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ»។
គឺមិនចាំបាច់ឲ្យបុរសនេះដើរជាមួយព្រះយេស៊ូដើម្បីឲ្យបាននៅខាងទ្រង់នោះទេ។ ក្រុមជំនុំគ្រីស្ទានមិនទាន់បានស្ថាបនានៅឡើយ ហើយដោយគាត់គ្មានចំណែកក្នុងក្រុមរបស់ពួកសាវ័ក នេះមិនមានន័យថា គាត់មកពីក្រុមជំនុំផ្សេងនោះទេ។ បុរសនេះច្បាស់ជាមានជំនឿលើព្រះនាមរបស់ព្រះយេស៊ូ ដូច្នេះហើយបានជាគាត់ទទួលបានជោគជ័យក្នុងការបណ្ដេញអារក្ស។ គាត់កំពុងតែធ្វើអ្វីមួយ ដែលដូចនឹងការប្រៀបធៀបរបស់ព្រះយេស៊ូដែលទ្រង់មានបន្ទូលថា សមនឹងទទួលនូវរង្វាន់។ ព្រះយេស៊ូបង្ហាញថាការធ្វើដូច្នេះ គាត់នឹងមិនបាត់បង់នូវរង្វាន់ទេ។
ចុះយ៉ាងណាវិញ បើបុរសនេះបានតូចចិត្តនឹងពាក្យសំដីនិងការប្រព្រឹត្តរបស់ពួកសាវ័កនោះ? នេះច្បាស់ជារឿងធ្ងន់ធ្ងរមែន! ព្រះយេស៊ូមានបន្ទូលថា៖ «តែអ្នកណាដែលធ្វើឲ្យកូនណាមួយ ដែលជឿដល់ខ្ញុំនេះ រវាតចិត្តចេញ នោះបើគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយទំលាក់ចុះទៅក្នុងសមុទ្រ យ៉ាងនោះមានប្រយោជន៍ដល់អ្នកនោះជាជាង»។
ព្រះយេស៊ូមានបន្ទូលថា ពួកអ្នកកាន់តាមទ្រង់គួរតែកាត់ចោលនូវអ្វីៗដែលសំខាន់ចំពោះពួកគេ ដូចជាដៃ ជើង ឬក៏ភ្នែក ដែលអាចធ្វើឲ្យពួកគេជំពប់ដួល។ ការចូលក្នុងព្រះរាជាណាចក្ររបស់ព្រះដោយឥតមានអវយវៈដ៏មានតម្លៃទាំងនេះគឺប្រសើរ ជាជាងការមានអវយវៈទាំងនោះ ហើយត្រូវចូលទៅក្នុងហ្គេហេណា (កន្លែងដុតសំរាមជិតក្រុងយេរូសាឡិម)ដែលតំណាងសេចក្ដីហិនវិនាសជារៀងរហូត។
ព្រះយេស៊ូក៏ព្រមានដែរថា៖ «ចូរប្រយ័ត កុំឲ្យមើលងាយចំពោះកូនតូចណាមួយនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្ដ្រព្រះវរបិតានៃខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌»។ រួចមក ព្រះយេស៊ូពន្យល់នូវតម្លៃនៃ«កូនតូច» ពេលដែលទ្រង់រៀបរាប់អំពីបុរសម្នាក់ដែលមានសត្វចៀមមួយរយ ប៉ុន្តែបាត់សត្វចៀមមួយ។ ព្រះយេស៊ូពន្យល់ថា បុរសនេះមុខជាទុកចៀម៩៩ ហើយទៅតាមរកចៀមមួយដែលបាត់នោះហើយ និងពេលរកចៀមនោះឃើញវិញ នោះមុខតែសប្បាយជាងឃើញចៀម៩៩ដែលមិនវង្វេងបាត់នោះទៅទៀត។ រួចមក ព្រះយេស៊ូមានបន្ទូលបញ្ចប់ថា៖ «ដូច្នេះ ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ»។
ព្រះយេស៊ូប្រហែលជាជ្រាបអំពីការប្រកែកគ្នារបស់ពួកសាវ័ក ដោយទ្រង់ដាស់តឿនពួកគាត់ថា៖ «ចូរអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយមេត្រីចុះ!»។ ម្ហូបអាហារសាប គឺអាចមានរសជាតិឆ្ងាញ់បានបើដាក់អំបិល។ ដូច្នេះហើយ អំបិលគឺជាពាក្យប្រៀបប្រដូច ដើម្បីធ្វើឲ្យគេស្រួលស្ដាប់តាមពាក្យរបស់យើងដែរ។ ការមានអំបិលបែបនេះ នឹងរក្សាឲ្យមានសន្ដិភាព។
ក៏ប៉ុន្តែ ជាមនុស្សឥតគ្រប់ល័ក្ខណ៍នោះ នៅពេលខ្លះតែងមានការឈ្លោះប្រកែកគ្នា។ ព្រះយេស៊ូក៏ប្រទាននូវការណែនាំដើម្បីដោះស្រាយបញ្ហាទាំងនោះដែរ។ ទ្រង់មានបន្ទូលថា៖ «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ»។ តែបើគាត់មិនព្រមស្ដាប់ទេ នោះព្រះយេស៊ូឲ្យឱវាទថា៖ «ត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់»។
ព្រះយេស៊ូមានបន្ទូលថា វិធីចុងក្រោយបង្អស់ គឺយករឿងនេះទៅប្រាប់‹ក្រុមជំនុំ› គឺប្រាប់ពួកអ្នកត្រួតពិនិត្យដែលមើលខុសត្រូវក្នុងក្រុមជំនុំ ដែលអាចធ្វើការវិនិច្ឆ័យ។ ប្រសិនបើអ្នកធ្វើបាបឥតធ្វើតាមសេចក្ដីសម្រេចចិត្តរបស់ពួកគាត់ទេ នោះព្រះយេស៊ូមានបន្ទូលថា«នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ»។
ក្នុងការធ្វើសេចក្ដីសម្រេចបែបនេះ នោះពួកអ្នកត្រួតពិនិត្យគប្បីកាន់ខ្ជាប់តាមសេចក្ដីបង្គាប់នៃព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ហេតុដូចនេះហើយ នៅពេលដែលពួកគាត់ឃើញថា បុគ្គលម្នាក់មានទោសហើយសមទទួលការកាត់ទោស នោះការជំនុំជំរះនេះក៏«នឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ»។ ហើយនៅពេលដែលពួកគាត់«ស្រាយអ្វីៗនៅផែនដី» ពេលដែលឃើញថាបុគ្គលណាម្នាក់គ្មានទោស នោះក៏បាន«ស្រាយនៅស្ថានសួគ៌ដែរ»។ ចំពោះការវិនិច្ឆ័យសម្រេចសេចក្ដីបែបនេះ នោះព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្ដាលចំណោមអ្នកទាំងនោះដែរ»។ ម៉ាថាយ ១៨:៦-២០; ម៉ាកុស ៩:៣៨-៥១; លូកា ៩:៤៩, ៥០
▪ ហេតុអ្វីក៏មនុស្សមិនចាំបាច់ដើរជាមួយព្រះយេស៊ូនៅសម័យរបស់ទ្រង់នោះ?
▪ តើការធ្វើឲ្យកូនតូចម្នាក់ជំពប់ដួលមានទោសធ្ងន់ប៉ុនណា? ហើយតើព្រះយេស៊ូពន្យល់នូវភាពសំខាន់របស់កូនតូចនេះយ៉ាងដូចម្ដេច?
▪ តើអ្វីដែលប្រហែលជាជំរុញឲ្យព្រះយេស៊ូលើកទឹកចិត្តពួកសាវ័កឲ្យមានអំបិលក្នុងខ្លួនរបស់ពួកគាត់?
▪ តើ‹ការចង›និង‹ការស្រាយ›មានសារៈសំខាន់យ៉ាងដូចម្ដេច?