លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរអំពីឪពុក

សំនួរអំពីឪពុក

ជំពូក​ទី​៦៩

សំនួរ​អំពី​ឪពុក

ក្នុង​កំឡុង​ពេល​ដែល​បុណ្យ​បារាំ​កំពុង​ប្រព្រឹត្ត​ទៅ នោះ​ការ​ពិគ្រោះ​របស់​ព្រះ​យេស៊ូ​ជា​មួយ​ពួក​មេ​ដឹក​នាំ​សាសនា មាន​កាន់​តែ​ខ្លាំង​ឡើង។ ព្រះ​យេស៊ូ​ទទួល​ស្គាល់​ថា៖ «ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពីព្រោះ​ពាក្យ​ខ្ញុំ​គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ខ្ញុំ​ៗ​និយាយ​តែ​សេចក្ដី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះ​វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ​ដែល​បាន​ឃើញ នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ»។

ថ្វី​បើ​ព្រះ​យេស៊ូ​មិន​បាន​សម្គាល់​ឪពុក​របស់​ពួក​គេ តែ​ទ្រង់​បាន​បញ្ជាក់​ថា​ឪពុក​របស់​ពួក​គេ គឺ​ខុស​ពី​បិតា​របស់​ទ្រង់។ ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ឥត​ដឹង​ថា ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​អំពី​អ្វី​ទេ នោះ​ពួក​គេ​ទូល​ឆ្លើយ​ថា៖ «គឺ​លោក​អ័ប្រាហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា»។ ពួក​គេ​គិត​ថា​ពួក​គេ​មាន​ជំនឿ​ដូច​លោក​អ័ប្រាហាំ ព្រោះ​លោក​ជា​មិត្ត​សំឡាញ់​របស់​ព្រះ។

ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ថា៖ «បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ»។ ប្រាកដ​ហើយ កូន​ល្អ​ម្នាក់​នឹង​ធ្វើ​តាម​គំរូ​ឪពុក​ខ្លួន។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្ដី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ»។ ដូច្នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន»។

ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ឥត​យល់​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​កំពុង​មាន​បន្ទូល​នោះ​ទេ។ ពួក​គេ​នៅ​អះអាង​ថា ពួក​គេ​ជា​កូន​ពេញ​ច្បាប់​របស់​លោក​អ័ប្រាហាំ ដោយ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ»។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​អះអាង​ថា គេ​ជា​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​ដូច​លោក​អ័ប្រាហាំ​ដែរ ថែម​ទាំង​អួត​ថា៖ «យើង​មាន​ព្រះ​វរបិតា​តែ​១ គឺ​ជា​ព្រះ»។

ក៏​ប៉ុន្តែ តើ​ព្រះ​ពិត​ជា​ព្រះ​វរបិតា​របស់​ពួក​គេ​មែន​ឬ? ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «បើ​ព្រះ​ជា​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ?»។

ព្រះ​យេស៊ូ​ខំ​បង្ហាញ​ពួក​មេ​ដឹក​នាំ​សាសនា នូវ​លទ្ធផល​អាក្រក់​ចំពោះ​ការ​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់។ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ទ្រង់​មាន​បន្ទូល​យ៉ាង​ចំ​ៗ​ថា៖ «អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក»។ តើ​អារក្ស​ជា​ឪពុក​បែប​ណា​ទៅ? ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ថា វា​ជា​អ្នក​សំឡាប់​គេ និង​មាន​បន្ទូល​ថា៖ «ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង»។ ដូច្នេះ ព្រះ​យេស៊ូ​បាន​បញ្ចប់​ដោយ​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្ដាប់​តាម​ដូច្នេះ»។

ពួក​សាសន៍​យូដា​ក្ដៅ​ចិត្ត​នឹង​ព្រះ​យេស៊ូ​ណាស់ ដែល​ទ្រង់​ផ្ដន្ទា​ទោស​ពួក​គេ​ដូច្នេះ ហើយ​ពួក​គេ​ក៏​ទូល​ឆ្លើយ​ទៅ​ទ្រង់​វិញ​ថា៖ «តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ?»។ ពាក្យ​ថា«សាសន៍​សាម៉ារី» គឺ​ប្រើ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្អប់​ខ្ពើម​និង​ប្រមាថ​មើល​ងាយ ដោយ​ព្រោះ​សាសន៍​យូដា​ស្អប់​ខ្ពើម​សាសន៍​សាម៉ារី​ណាស់។

ព្រះ​យេស៊ូ​បាន​ធ្វើ​កន្តើយ​នឹង​ពាក្យ​សំដី​ដ៏​មើល​ងាយ​នេះ ថា​ទ្រង់​ជា​សាសន៍​សាម៉ារី​ម្នាក់ តែ​ទ្រង់​មាន​បន្ទូល​តប​ថា៖ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ​វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះ​តិះ​ដៀល​ខ្ញុំ​វិញ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​បន្ត​ទាំង​សន្យា​ថា៖ «បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ»។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​មិន​មែន​បាន​សេចក្ដី​ថា អស់​អ្នក​ដែល​កាន់​តាម​ទ្រង់ នឹង​មិន​ស្លាប់​មែន​ទែន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​ន័យ​ថា ពួក​គេ​នឹង​មិន​ឃើញ​នូវ​សេចក្ដី​ហិន​វិនាស​ជា​អនន្ត ឬ«សេចក្ដី​ស្លាប់​ទី​២» ដែល​គ្មាន​ដំណើរ​រស់​ឡើង​វិញ​នោះ។

ក៏​ប៉ុន្តែ ពួក​យូដា​យល់​ពាក្យ​របស់​ព្រះ​យេស៊ូ​តាម​ន័យ​ត្រង់​ៗ។ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រាហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ​វិញ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង នឹង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ? . . . តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី?»។

ក្នុង​ការ​ពិគ្រោះ​ទាំង​មូល​នេះ គឺ​ឃើញ​ជាក់​ស្តែង​ថា ព្រះ​យេស៊ូ​កំពុង​តែ​បញ្ជាក់​ប្រាប់​បុរស​ទាំង​នេះ ថា​ទ្រង់​ជា​ព្រះ​មេស្ស៊ី​ដែល​បាន​សន្យា​មក​នោះ។ ក៏​ប៉ុន្តែ ជា​ជាង​ឆ្លើយ​យ៉ាង​ត្រង់​នឹង​សំនួរ​របស់​ពួក​គេ ស្តី​អំពី​អត្តសញ្ញាណ​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្ដិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះ​វរបិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំ​ៗ​ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូត​ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​សំដៅ​ទៅ​លោក​អ័ប្រាហាំ​ម្ដង​ទៀត ដោយ​មាន​បន្ទូល​ថា៖ «លោក​អ័ប្រាហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេក​អរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្ដី​រីករាយ»។ ត្រូវ​ហើយ ដោយ​មាន​ជំនឿ នោះ​លោក​អ័ប្រាហាំ​បាន​ទន្ទឹង​ចាំ​ការ​យាង​មក​នៃ​ព្រះ​មេស្ស៊ី​ដែល​បាន​សន្យា។ ពួក​សាសន៍​យូដា​ទូល​ទៅ​ទ្រង់​វិញ​ទាំង​ឥត​ជឿ​ថា៖ «អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រាហាំ​ដែរ​ឬ?»។

ព្រះ​យេស៊ូ​ទ្រង់​មាន​បន្ទូល​តប​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ»។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​សំដៅ​ទៅ​អត្ថិភាព​មុន​ទ្រង់​ប្រសូត​ជា​មនុស្ស ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថាន​សួគ៌។

ពួក​សាសន៍​យូដា​រើស​ដុំ​ថ្ម​គប់​ព្រះ​យេស៊ូ ពីព្រោះ​ពួក​គេ​ក្ដៅ​ចិត្ត​នឹង​ព្រះ​យេស៊ូ​ណាស់ ដែល​ទ្រង់​អះអាង​ថា​មាន​ជីវិត​មុន​លោក​អ័ប្រាហាំ​នោះ។ ក៏​ប៉ុន្តែ ទ្រង់​បាន​ពួន​ហើយ​ភៀស​ខ្លួន​ចេញ​ពី​ព្រះ​វិហារ​ដោយ​ឥត​មាន​គ្រោះ​ថ្នាក់។ យ៉ូហាន ៨:៣៧​-​៥៩; វិវរណៈ ៣:១៤; ២១:៨

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា ទ្រង់​និង​ពួក​សត្រូវ​របស់​ទ្រង់​មាន​ឪពុក​ខុស​គ្នា​នោះ?

តើ​ពួក​សាសន៍​យូដា​ហៅ​ព្រះ​យេស៊ូ​ជា​សាសន៍​សាម៉ារី នោះ​មាន​អត្ថន័យ​យ៉ាង​ណា?

តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា​ដែល​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​មិន​ឃើញ​សេចក្ដី​ស្លាប់​នោះ?