លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យ៉ូហានរៀបចំផ្លូវ

យ៉ូហានរៀបចំផ្លូវ

ជំពូក​ទី​១១

យ៉ូហាន​រៀបចំ​ផ្លូវ

ជប់​ប្រាំ​ពីរ​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ តាំង​ពី​ព្រះ​ឱរស​យេស៊ូ​នៅ​ជា​ព្រះ​កុមារ​ដែល​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ​បាន​សួរ​សំនួរ​ពួក​គ្រូ​អាចារ្យ​នៅ​ក្នុង​ព្រះ​វិហារ​នោះ។ នេះ​គឺ​ជា​និទាឃ​រដូវ​នៅ​ក្នុង​ឆ្នាំ​២៩ ស.យ. ហើយ​មនុស្ស​គ្រប់​គ្នា​ហាក់​ដូច​ជា កំពុង​តែ​និយាយ​អំពី​បង​ជីដូន​មួយ​របស់​ព្រះ​យេស៊ូ គឺ​យ៉ូហាន​ដែល​គាត់​កំពុង​តែ​ផ្សព្វ​ផ្សាយ​ទូទាំង​ស្រុក​នៅ​ក្រវល់​ជុំ​វិញ​ទន្លេ​យ័រដាន់។

យ៉ូហាន​គឺ​ប្រាកដ​ជា​បុរស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ទាំង​ការ​ស្លៀក​ពាក់​ទាំង​ពាក្យ​សំដី។ សំលៀក​បំពាក់​របស់​គាត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​គាត់​ពាក់​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ។ រីឯ​អាហារ​របស់​គាត់​គឺ​ជា​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។ ហើយ​តើ​អ្វី​ទៅ​ជា​ដំណឹង​របស់​គាត់? «ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ! ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ!»។

ដំណឹង​នេះ​គឺ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្ដាប់​រំភើប​ចិត្ត​ណាស់។ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ពោល​គឺ​ជា​ការ​កែ​ប្រែ​អាកប្បកិរិយា​របស់​ពួក​គេ ហើយ​លះ​បង់​ចោល​ការ​ប្រព្រឹត្ត​ក្នុង​ជីវិត​រស់​នៅ​ដ៏​មិន​សមរម្យ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។ ដូច្នេះ​ពី​តំបន់​នៅ​ក្រវល់​ជុំ​វិញ​ទន្លេ​យ័រដាន់ និង​ពី​ទី​ក្រុង​យេរូសាឡិម​ដែរ នោះ​បណ្ដា​ជន​បាន​មក​ឯ​យ៉ូហាន​ទាំង​ហ្វូង​ៗ ហើយ​គាត់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ដោយ​ពន្លិច​ពួក​គេ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់។ តើ​ហេតុ​អ្វី?

យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​គឺ​ជា​និមិត្តរូប ឬ​ក៏​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​របស់​ពួក​គេ ពី​អំពើ​បាប​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​របស់​ព្រះ។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​ពួក​ផារីស៊ី​និង​ពួក​សាឌូស៊ី​ខ្លះ​បាន​មក​ឯ​ទន្លេ​យ័រដាន់ នោះ​យ៉ូហាន​បាន​ផ្ដន្ទា​ទោស​ដល់​ពួក​គេ។ គាត់​មាន​ប្រសាសន៍​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ! . . . ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត​នោះ​ចុះ! ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា ‹មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន​នោះ​ឡើយ›។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង»។

ដោយ​ព្រោះ​មនុស្ស​ចាប់​អារម្មណ៍​នឹង​សារ​របស់​យ៉ូហាន​ជា​ខ្លាំង នោះ​ពួក​សាសន៍​យូដា​បាន​បញ្ជូន​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​មក​ជួប​គាត់។ ពួក​គេ​ទាំង​នេះ​សួរ​ថា៖ «តើ​លោក​ជា​អ្នក​ណា?»។

យ៉ូហាន​សារភាព​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ​គ្រីស្ទ​ទេ!»។

នោះ​ពួក​គេ​សួរ​ថា៖ «ចុះ​លោក​ជា​អ្នក​ណា ជា​លោក​អេលីយ៉ា​ឬ?»។

គាត់​បាន​តប​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។

«តើ​លោក​ជា​ហោរា​នោះ​ឬ»?

«ទេ!»។

ដូច្នេះ​ពួក​គេ​ក៏​ទទូច​សួរ​ថា៖ «តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ លោក​នឹង​មាន​ប្រសាសន៍​ពី​ខ្លួន​លោក​ដូច​ម្ដេច ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នាំ​ពាក្យ​ទៅ​ជំរាប​ដល់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង?»។

យ៉ូហាន​ពន្យល់​ថា៖ «ខ្ញុំ​ជា​សំឡេង ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ​ស្ថាន​ថា ‹ចូរ​ដំរង់​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់› ដូច​ជា​ហោរា​អេសាយ​បាន​ទាយ​ទុក»។

នោះ​ពួក​គេ​ចង់​ដឹង​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ​គ្រីស្ទ ឬ​លោក​អេលីយ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដូច្នេះ?»។

យ៉ូហាន​បាន​តប​ឆ្លើយ​ថា៖ «ឯ​ខ្ញុំ​ៗ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​កណ្ដាល​ពួក​អ្នក​រាល់​គ្នា នោះ​មាន​ព្រះ​១​អង្គ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ គឺ​ព្រះ​អង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ»។

យ៉ូហាន​គឺ​កំពុង​តែ​រៀបចំ​ផ្លូវ​ដើម្បី​ឲ្យ​មនុស្ស​មាន​ទឹក​ចិត្ត​ត្រឹម​ត្រូវ ក្នុង​ការ​ទទួល​ព្រះ​មេស្ស៊ី​ដែល​នឹង​ក្លាយ​ទៅ​ជា​ស្តេច​នោះ។ ចំពោះ​ស្តេច​មួយ​អង្គ​នេះ យ៉ូហាន​មាន​ប្រសាសន៍​ថា៖ «តែ​ព្រះ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌បាទ​ទ្រង់​ទេ!»។ តាម​ពិត យ៉ូហាន​ថែម​ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​បាន​ត្រឡប់​ជា​មុន​ខ្ញុំ​វិញ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ»។

ដូច្នេះ​ហើយ ដំណឹង​របស់​យ៉ូហាន​ដែល​ថា «នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ» ទុក​ជា​ការ​ប្រកាស​សាធារណៈ​ថា​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច ដែល​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ​យេហូវ៉ា នឹង​ជិត​ចាប់​ផ្ដើម​ហើយ។ យ៉ូហាន ១:៦​-​៨, ១៥​-​២៨; ម៉ាថាយ ៣:១​-​១២; លូកា ៣:១​-​១៨; កិច្ច​ការ ១៩:៤

តើ​យ៉ូហាន​ជា​បុរស​បែប​ណា?

ហេតុ​អ្វី​ក៏​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស?

ហេតុ​អ្វី​ក៏​យ៉ូហាន​អាច​និយាយ​ថា ព្រះ​រាជាណាចក្រ​ជិត​មក​ដល់​ហើយ​នោះ?