លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បេសកកម្មទៅកាន់ស្រុកយូដាដែលប្រកបដោយសេចក្ដីមេត្ដាករុណា

បេសកកម្មទៅកាន់ស្រុកយូដាដែលប្រកបដោយសេចក្ដីមេត្ដាករុណា

ជំពូក​ទី​៨៩

បេសកកម្ម​ទៅ​កាន់​ស្រុក​យូដា​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា

ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ក្នុង​កំឡុង​ពេល​មាន​ពិធី​បុណ្យ​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ​នៅ​ក្នុង​ក្រុង​យេរូសាឡិម នោះ​ពួក​សាសន៍​យូដា​បាន​ខំ​រក​ធ្វើ​គុត​ព្រះ​យេស៊ូ។ ដូច្នេះ ព្រះ​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្រ​កាលីឡេ។

នៅ​ពេល​ថ្មី​ៗ​នេះ ទ្រង់​បាន​យាង​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​តាម​ផ្លូវ​ក្នុង​ស្រុក​ប៉េរ៉េ ដែល​ជា​តំបន់​នៅ​ទិស​ខាង​កើត​នៃ​ទន្លេ​យ័រដាន់។ ក្រោយ​ពី​បាន​ប្រាប់​រឿង​ប្រៀប​ប្រដូច​អំពី​បុរស​អ្នក​មាន​និង​ឡាសារ​រួច​មក ព្រះ​យេស៊ូ​បង្រៀន​ពួក​សិស្ស​ថែម​ទៀត​ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​មុន​នេះ​កាល​នៅ​ស្រុក​កាលីឡេ។

ជាក់​ស្តែង ព្រះ​យេស៊ូ​មាន​បន្ទូល​ថា មាន​ប្រយោជន៍​ជាង​បើ​បុគ្គល​ម្នាក់ «យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ»ជា​ជាង​ឲ្យ​គាត់​បណ្ដាល​ឲ្យ«កូន​តូច​ណា​មួយ»របស់​ព្រះ​រវាត​ចិត្ត​នោះ។ ទ្រង់​ក៏​បាន​ដៅ​បញ្ជាក់​អំពី​តម្រូវ​ការ​ឲ្យ​អត់​ឱន​ទោស​ដែរ ដោយ​ពន្យល់​ថា៖ «បើ[បង​ប្អូន​ម្នាក់]ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន»។

នៅ​ពេល​ដែល​ពួក​សិស្ស​ទូល​សុំ​ថា៖ «សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង»។ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ‹ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!› នោះ​គង់​តែ​នឹង​ស្ដាប់​បង្គាប់​អ្នក​ដែរ»។ ដូច្នេះ សូម្បី​តែ​មាន​ជំនឿ​តិច ក៏​អាច​សម្រេច​បាន​ច្រើន​ដែរ។

បន្ទាប់​មក ព្រះ​យេស៊ូ​រៀប​រាប់​ស្ថានការណ៍​ពិត​ក្នុង​ជីវិត ដែល​បញ្ជាក់​នូវ​អាកប្បកិរិយា​ដ៏​ត្រឹម​ត្រូវ​នៃ​អ្នក​បំរើ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​បាវ​កំពុង​តែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាល​ណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយ​ទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន​ឬ​អី? គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ​ថា ‹ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ!›។ តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើ​តាម​បង្គាប់​ឬ​ដូច​ម្ដេច? ខ្ញុំ​យល់​ថា មិន​មែន​ទេ! ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ»។ ដូច្នេះ​ហើយ ពួក​អ្នក​បំរើ​របស់​ព្រះ មិន​គប្បី​មាន​អារម្មណ៍​ថា ពួក​គេ​ជា​អ្នក​ជួយ​ព្រះ​ដោយ​បំរើ​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​តែ​នឹក​ចាំ​ជា​និច្ច​នូវ​ឯកសិទ្ធិ​ដែល​ពួក​គេ​មាន​ចំពោះ​ការ​ថ្វាយ​បង្គំ​ទ្រង់ ជា​សមាជិក​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​ក្រុម​គ្រួសារ​របស់​ទ្រង់​វិញ។

តាម​មើល​ទៅ ក្រោយ​ពី​ព្រះ​យេស៊ូ​ប្រទាន​នូវ​រឿង​ប្រៀប​ប្រដូច​នេះ មាន​អ្នក​នាំ​សារ​ម្នាក់​មក​ដល់។ នាង​ម៉ារា​និង​ម៉ាថា​ជា​បង​ស្រី​របស់​ឡាសារ ដែល​រស់​នៅ​ភូមិ​បេថានី​នៅ​ស្រុក​យូដា បាន​បញ្ជូន​អ្នក​នាំ​សារ​នេះ​មក។ អ្នក​នាំ​សារ​នេះ​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! មើល! អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្ដិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដោយ​សារ​ជំងឺ​នេះ​ឯង»។ ក្រោយ​ពី​បាន​ស្នាក់​នៅ​កន្លែង​នោះ​អស់​ពីរ​ថ្ងៃ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ»។ ក៏​ប៉ុន្តែ ពួក​សិស្ស​ទូល​រំឭក​ទ្រង់​ថា៖ «លោក​គ្រូ! ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ក្នុង​១​ថ្ងៃ​មាន​១២​ម៉ោង​ទេ​តើ បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ទេ ព្រោះ​ឃើញ​ពន្លឺ​លោកីយ​នេះ តែ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ នោះ​ត្រូវ​ជំពប់​ជើង​វិញ ពីព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​សោះ»។

តាម​មើល​ទៅ ព្រះ​យេស៊ូ​មាន​ន័យ​ថា«ពេល​ថ្ងៃ» ឬ​ពេល​វេលា​ដែល​ព្រះ​បាន​រៀប​ទុក​សំរាប់​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ គឺ​មិន​ទាន់​កន្លង​ផុត​នៅ​ឡើយ​ទេ ហើយ​បើ​មិន​ទាន់​កន្លង​ផុត នោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​អាក្រក់​ចំពោះ​ទ្រង់​បាន​ឡើយ។ ដូច្នេះ​ទ្រង់​ត្រូវ​ឆ្លៀត​យក​ឱកាស​ដែល​សល់​បន្ដិច​បន្តួច​ពី​នេះ​ដែល​ជា«ពេល​ថ្ងៃ» ដ្បិត​ក្រោយ​មក​នឹង​មាន«ពេល​យប់» គឺ​ជា​ពេល​ដែល​ពួក​សត្រូវ​របស់​ទ្រង់​នឹង​ធ្វើ​គុត​ទ្រង់។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ឡាសារ ជា​សំឡាញ់​យើង គាត់​បាន​ដេក​លក់​ទៅ​ហើយ ខ្ញុំ​ទៅ​ដើម្បី​នឹង​ដាស់​គាត់​ឡើង»។

យ៉ាង​ជាក់​ស្តែង​ណាស់ ពួក​សិស្ស​របស់​ទ្រង់​គិត​ថា បើ​ឡាសារ​កំពុង​តែ​សម្រាន្ត នោះ​ពិត​ជា​ល្អ​ហើយ ដ្បិត​គាត់​នឹង​ងើប​ពី​ដេក​វិញ ហើយ​ពួក​សិស្ស​ក៏​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! បើ​គាត់​ដេក​លក់ នោះ​គាត់​នឹង​បាន​ជា​វិញ»។

រួច​មក​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ ខ្ញុំ​ក៏​អរ​ណាស់ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ឯ​ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ឥឡូវ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ!»។

ថូម៉ាស​ដឹង​ថា មនុស្ស​អាច​ធ្វើ​គុត​ព្រះ​យេស៊ូ​នៅ​ស្រុក​យូដា​បាន តែ​លោក​ចង់​ការ​ពារ​ទ្រង់​ណាស់ លោក​ក៏​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ជា​គូកន​ថា៖ «ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្ដូរ​ស្លាប់​ជា​មួយ​នឹង​លោក»។ ដូច្នេះ ពួក​សិស្ស​ប្រថុយ​ជីវិត​របស់​ពួក​គេ ដើម្បី​ទៅ​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​បេសកកម្ម​ទៅ​កាន់​ស្រុក​យូដា​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា។ លូកា ១៣:២២; ១៧:១​-​១០; យ៉ូហាន ១០:២២, ៣១, ៤០​-​៤២; ១១:១​-​១៦

នៅ​ពេល​ថ្មី​ៗ​នេះ តើ​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា?

តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​អ្វី​ម្ដង​ទៀត? តើ​ស្ថានភាព​ពិត​អ្វី​ដែល​ព្រះ​យេស៊ូ​រៀប​រាប់? ហើយ​ដើម្បី​បញ្ជាក់​នូវ​ចំណុច​អ្វី?

តើ​ព្រះ​យេស៊ូ​ទទួល​ដំណឹង​អ្វី? ហើយ​តើ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា ដោយ​ប្រើ​ពាក្យ«ពេល​ថ្ងៃ»និង«ពេល​យប់»នោះ?

តើ​សំដី​ថូម៉ាស​មាន​ន័យ​យ៉ាង​ណា ពេល​លោក​និយាយ​ថា ‹ចូរ​យើង​រាល់​គ្នា​ទៅ​ជា​មួយ​ទ្រង់​ដែរ ដើម្បី​នឹង​ប្ដូរ​ស្លាប់​ជា​មួយ​នឹង​ទ្រង់›?