លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុរសអ្នកមាននិងឡាសារ

បុរសអ្នកមាននិងឡាសារ

ជំពូក​ទី​៨៨

បុរស​អ្នក​មាន​និង​ឡាសារ

ព្រះ​យេស៊ូ​ទើប​មាន​បន្ទូល​រួច​ជា​មួយ​ពួក​សិស្ស​របស់​ទ្រង់ អំពី​ការ​ប្រើ​ទ្រព្យ​សម្បត្ដិ​ឲ្យ​ត្រឹម​ត្រូវ ដោយ​ពន្យល់​ថា យើង​មិន​អាច​ជា​បាវ​បំរើ​ទ្រព្យ​សម្បត្ដិ​ទាំង​នេះ ហើយ​ដំណាល​គ្នា​នោះ ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះ​បាន​ឡើយ។ ពួក​ផារីស៊ី​ក៏​កំពុង​តែ​ស្ដាប់​ទ្រង់​ដែរ ហើយ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​មើល​ងាយ​ព្រះ​យេស៊ូ ពីព្រោះ​ពួក​គេ​ជា​ពួក​អ្នក​ស្រឡាញ់​ប្រាក់។ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ»។

គ្រា​នៃ​ការ​ផ្លាស់​ប្ដូរ​នូវ​ស្ថានការណ៍​របស់​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ស្តុក​ស្តម្ភ អ្នក​មាន​អំណាច​ខាង​នយោបាយ និង​អ្នក​មាន​ឋានៈ​ធំ​ដុំ​ក្នុង​សាសនា​គឺ​មក​ដល់​ហើយ។ ពួក​គេ​នឹង​ត្រូវ​បន្ទាប​ចុះ។ ក៏​ប៉ុន្តែ មនុស្ស​ដែល​ទទួល​ស្គាល់​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នឹង​ត្រូវ​លើក​ឡើង។ ព្រះ​យេស៊ូ​ចង្អុល​ប្រាប់​នូវ​ការ​ផ្លាស់​ប្ដូរ​នេះ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​ផារីស៊ី​ទៀត​ថា៖

«មាន​ក្រិត្យ​វិន័យ នឹង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន[ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក] តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទូទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល ប៉ុន្តែ ដែល​ផ្ទៃ​មេឃ នឹង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រិត្យ​វិន័យ​ទៅ​ទៀត»។

ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​មាន​មោទនភាព​ចំពោះ​ការ​បង្ហាញ​នូវ​ការ​កាន់​ខ្ជាប់​នឹង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ មុន​នោះ ពេល​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ព្យាបាល​បុរស​ខ្វាក់​ម្នាក់​ឲ្យ​មើល​ឃើញ​វិញ​នៅ​ក្នុង​ក្រុង​យេរូសាឡិម នោះ​ពួក​គេ​បាន​អួត​ថា៖ «យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ យើង​ដឹង​ថា ព្រះ​បាន​មាន​បន្ទូល​នឹង​លោក​ម៉ូសេ​ពិត»។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​សម្រេច​នូវ​គោល​បំណង គឺ​ថា​នាំ​មនុស្ស​រាប​សា​មក​ឯ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង​ឡើង។ ដូច្នេះ នៅ​ពេល​យ៉ូហាន​ចាប់​ផ្ដើម​កិច្ច​បំរើ​គាត់ នោះ​មាន​មនុស្ស​គ្រប់​ប្រភេទ ជា​ពិសេស​ពួក​អ្នក​រាប​ទាប​និង​អ្នក​ក្រី​ក្រ កំពុង​តែ​ខំ​សង្វាត​ឲ្យ​បាន​ជា​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

ដោយ​ព្រោះ​ឥឡូវ​នេះ​ក្រិត្យ​វិន័យ​ម៉ូសេ​កំពុង​តែ​សម្រេច នោះ​ក៏​ត្រូវ​ដក​ចេញ​នូវ​សេចក្ដី​តម្រូវ​ចំពោះ​ការ​កាន់​តាម​ក្រិត្យ​វិន័យ​នោះ​ដែរ។ ក្រិត្យ​វិន័យ​នេះ អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​ផ្សេង​ៗ​ចំពោះ​ការ​លែង​លះ​គ្នា ប៉ុន្តែ​ឥឡូវ​នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្ដី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ»។ ពួក​ផារីស៊ី​ច្បាស់​ជា​ខឹង​នឹង​សេចក្ដី​ប្រកាស​នេះ​ណាស់! ជា​ពិសេស​ពួក​គេ​អនុញ្ញាត​ឲ្យ​មាន​ការ​លែង​លះ​គ្នា​ដោយ​មាន​មូលដ្ឋាន​ជា​ច្រើន។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ដល់​ពួក​ផារីស៊ី ដោយ​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​បុរស​ពីរ​នាក់ ហើយ​ក្រោយ​មក ឋានៈ​ឬ​ស្ថានភាព​របស់​បុរស​ពីរ​នាក់​នេះ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ តើ​អ្នក​អាច​ស្វែង​យល់​ថា​បុរស​ទាំង​ពីរ​នាក់​នេះ​តំណាង​អ្នក​ណា ហើយ​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​ពួក​គេ​មាន​ន័យ​យ៉ាង​ណា?

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ តែង​តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​មក​ផ្ដេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ»។

នៅ​ទី​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា បុរស​អ្នក​មាន​គឺ​តំណាង​មេ​ដឹក​នាំ​សាសនា​ជាតិ​យូដា ដែល​រួម​បញ្ចូល​ពួក​ផារីស៊ី ព្រម​ទាំង​ពួក​ស្ក្រែប​និង​ពួក​សាឌូស៊ី និង​សម្ដេច​សង្ឃ​ដែរ។ ពួក​គេ​ជា​អ្នក​មាន​ចំពោះ​ឯកសិទ្ធិ​និង​ឱកាស​ខាង​វិញ្ញាណ ហើយ​ពួក​គេ​កាន់​មារយាទ​ដូច​ជា​បុរស​អ្នក​មាន។ ពួក​គេ​មាន​សំពត់​ពណ៌​ស្វាយ​ចាស់ គឺ​តំណាង​ឋានៈ​ដ៏​ពិសេស​របស់​ពួក​គេ ហើយ​សំពត់​ទេស​ឯក​គឺ​តំណាង​សេចក្ដី​សុចរិត​ដ៏​អាត្មា​និយម​របស់​ពួក​គេ។

ក្រុម​បុរស​អ្នក​មាន​ដ៏​ក្អេង​ក្អាង​នេះ ចាត់​ទុក​មនុស្ស​ក្រី​ក្រ មនុស្ស​សាមញ្ញ​គួរ​ឲ្យ​ស្អប់​ខ្ពើម ដោយ​ហៅ​ពួក​គេ​ថា​អាមហាអារិត ឬ​ប្រជាជន​នៅ​ក្នុង​ស្រុក។ ដូច្នេះ ឡាសារ​ជា​មនុស្ស​ក្រី​ក្រ តំណាង​ពួក​មនុស្ស ដែល​មេ​ដឹក​នាំ​សាសនា មិន​ព្រម​ឲ្យ​ពួក​គេ​នូវ​អាហារ​និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ។ ដូច្នេះ​ហើយ គេ​បាន​មើល​ងាយ​ពួក​មនុស្ស​សាមញ្ញ ថា​ជា​ពួក​អ្នក​មាន​រោគ​ខាង​វិញ្ញាណ ដូច​ជា​ឡាសារ​ដែល​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​សម​តែ​សេព​គប់​ជា​មួយ​សត្វ​ឆ្កែ​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​មក​ពី​ក្រុម​ឡាសារ​ដែល​ស្រេក​ឃ្លាន​អាហារ​ខាង​វិញ្ញាណ នោះ​ពួក​គេ​ក៏​នាំ​មក​ដេក​នៅ​មាត់​ទ្វារ ដើម្បី​អាច​បរិភោគ​កំទេច​អាហារ​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​នោះ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ក៏​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​នូវ​ស្ថានភាព​របស់​បុរស​អ្នក​មាន​និង​ឡាសារ។ តើ​មាន​ការ​ផ្លាស់​ប្ដូរ​ណា​ខ្លះ ហើយ​តើ​ការ​ផ្លាស់​ប្ដូរ​នេះ​តំណាង​អ្វី?

ស្ថានភាព​របស់​បុរស​អ្នក​មាន​និង​ឡាសារ​បាន​ផ្លាស់​ប្ដូរ

បុរស​អ្នក​មាន​នេះ​តំណាង​មេ​ដឹក​នាំ​សាសនា ដែល​មាន​ឯកសិទ្ធិ​និង​ឱកាស​ខាង​វិញ្ញាណ និង​ឡាសារ​តំណាង​មនុស្ស​សាមញ្ញ ដែល​ស្រេក​ឃ្លាន​អាហារ​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​រៀប​រាប់​ជា​បន្ត​នូវ​ការ​ផ្លាស់​ប្ដូរ​កាលៈទេសៈ​របស់​បុរស​ទាំង​ពីរ​នាក់​នេះ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថាន​បរមសុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់ គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំ​ងាយ នឹង​ឡាសារ​នៅ​ដើម​ទ្រូង​លោក»។

បុរស​អ្នក​មាន​និង​ឡាសារ​មិន​មែន​មនុស្ស​មែន​ទែន​ទេ តែ​តំណាង​ក្រុម​មនុស្ស។ ដូច្នេះ​ហើយ សេចក្ដី​ស្លាប់​របស់​ពួក​គេ​ក៏​ជា​និមិត្តរូប​ដែរ។ តើ​សេចក្ដី​ស្លាប់​របស់​ពួក​គេ​តំណាង​អ្វី?

ព្រះ​យេស៊ូ​ទើប​តែ​បាន​បញ្ជាក់​នូវ​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​ពួក​គេ ដោយ​មាន​បន្ទូល​ថា៖ ‹មាន​ក្រិត្យ​វិន័យ នឹង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក តែ​តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទូទៅ›។ ដូច្នេះ​ហើយ នេះ​ជា​ពេល​ដំណាល​គ្នា​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​យ៉ូហាន​និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បុរស​អ្នក​មាន​និង​ឡាសារ​បាន​ស្លាប់​ពី​កាលៈទេសៈ​ឬ​ស្ថានភាព​ដែល​មាន​នៅ​អតីត​របស់​ពួក​គេ។

ពួក​អ្នក​មក​ពី​ក្រុម​ឡាសារ​ដែល​រាប​ទាប​ហើយ​ប្រែ​ចិត្ត ស្លាប់​ក្នុង​ស្ថានភាព​ដ៏​ក្រ​ខ្សត់​ខាង​វិញ្ញាណ​ពី​ដើម​របស់​ពួក​គេ និង​ទទួល​នូវ​ព្រះ​គុណ​របស់​ព្រះ។ ពី​មុន​ពួក​មនុស្ស​ក្រី​ក្រ​ទៅ​រក​សុំ​មេ​ដឹក​នាំ​សាសនា​នូវ​ចំណិត​អាហារ​ខាង​វិញ្ញាណ​ដែល​ធ្លាក់​ពី​តុ​របស់​ពួក​គេ តែ​ឥឡូវ​នេះ ព្រះ​យេស៊ូ​កំពុង​តែ​បំពេញ​បំប៉ន​នូវ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ដោយ​ប្រទាន​នូវ​សេចក្ដី​ពិត​ខាង​បទ​គម្ពីរ។ ដូច្នេះ​ហើយ ក៏​នាំ​ពួក​គេ​មក​ឯ​នា​ដើម​ទ្រូង ឬ​ឋានៈ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ដោយ​ការ​អនុគ្រោះ​ពី​ទ្រង់ ជា​អ័ប្រាហាំ​ដ៏​ឧត្តម។

រីឯ​អស់​អ្នក​ដែល​ជា​ក្រុម​បុរស​អ្នក​មាន​ឥត​មាន​ការ​អនុគ្រោះ​ពី​ព្រះ​ទេ ពីព្រោះ​ពួក​គេ​មានះ​មិន​ទទួល​យក​សារ​ខាង​ព្រះ​រាជាណាចក្រ ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​នោះ​ទេ។ ដោយ​ហេតុ​នោះ ពួក​គេ​ស្លាប់​ឬ​បាត់​បង់​នូវ​ឋានៈ​ដើម​របស់​ពួក​គេ ដែល​ទំនង​ជា​មាន​ការ​អនុគ្រោះ​នោះ។ តាម​ការ​ពិត គឺ​ត្រូវ​និយាយ​អំពី​ពួក​គេ​ថា កំពុង​តែ​រង​ទុក្ខ​ជា​អត្ថបដិរូប។ សូម​ស្ដាប់​ឥឡូវ​នេះ ពេល​បុរស​អ្នក​មាន​និយាយ​ថា៖

«ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្ដាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្ដិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ»។ សារ​ជំនុំ​ជំរះ​របស់​ព្រះ ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ប្រកាស គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​បុរស​អ្នក​មាន​រង​ទុក្ខ​វេទនា​នោះ។ ពួក​គេ​ចង់​ឲ្យ​ពួក​សិស្ស​បន្ថយ​ការ​ប្រកាស​ដំណឹង​ទាំង​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធូរ​ស្បើយ​ពី​ការ​រង​ទុក្ខ​វេទនា​របស់​ពួក​គេ។

«តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា ‹កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្ដាល​យើង ហើយ​នឹង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ›»។

គឺ​ជា​ការ​ប្រកប​ដោយ​យុត្ដិធម៌​និង​សម​ហេតុ​សម​ផល​មែន ដែល​ការ​ផ្លាស់​ប្ដូរ​នៃ​ស្ថានភាព​នេះ​បាន​កើត​ឡើង​រវាង​ក្រុម​ឡាសារ​និង​ក្រុម​បុរស​អ្នក​មាន! ស្ថានភាព​បាន​សម្រេច​បី​បួន​ខែ​ក្រោយ​មក នៅ​ឯ​បុណ្យ​ថ្ងៃ​ទី​៥០​ឆ្នាំ​៣៣ ស.យ. ពេល​កិច្ច​ព្រម​ព្រៀង​ថ្មី​បាន​យក​មក​ជំនួស​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ចាស់។ ពេល​នោះ​គឺ​ឃើញ​យ៉ាង​ច្បាស់​ថា ពួក​សិស្ស​គឺ​មាន​ការ​អនុគ្រោះ​ពី​ព្រះ មិន​មែន​ពួក​ផារីស៊ី​នឹង​អ្នក​ដឹក​នាំ​សាសនា​នោះ​ទេ។ «ជង្ហុក​មួយ​យ៉ាង​ធំ»ដែល​ញែក​បុរស​អ្នក​មាន​ពី​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ ក៏​តំណាង​សេចក្ដី​ជំនុំ​ជំរះ​ដែល​មិន​ចេះ​ផ្លាស់​ប្ដូរ ហើយ​ជា​សេចក្ដី​ជំនុំ​ជំរះ​ដ៏​សុចរិត​របស់​ព្រះ។

បន្ទាប់​មក​បុរស​អ្នក​មាន​ទូល​អង្វរ​ថា៖ «ឱ​លោក​អ័ប្រាហាំ ជា​លោក​ឪពុក​អើយ! . . . សូម​លោក​ចាត់​ឲ្យ​គាត់[ឡាសារ]ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្ដិច ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់»។ ដូច្នេះ បុរស​អ្នក​មាន​សារភាព​ថា គាត់​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាង​នឹង​ឪពុក​ម្នាក់​ទៀត ដែល​តាម​ពិត​ជា​អារក្ស​សាតាំង។ បុរស​អ្នក​មាន​ស្នើ​សុំ​ឲ្យ​ឡាសារ​បន្ថយ​នូវ​សារ​ជំនុំ​ជំរះ​របស់​ព្រះ ដើម្បី​កុំ​ឲ្យ«បង​ប្អូន​៥​នាក់» ដែល​ជា​សម្ព័ន្ធមិត្ត​ខាង​សាសនា «គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ»។

«លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ នឹង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្ដាប់​តាម​លោក​ទាំង​នោះ​ចុះ!»។ ត្រូវ​ហើយ បើ«បង​ប្អូន​៥​នាក់»នឹង​គេច​ផុត​ពី​សេចក្ដី​វេទនា ពួក​គេ​ត្រូវ​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ និង​ពួក​ព្យាការី ដែល​សម្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី ហើយ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​វិញ។ ប៉ុន្តែ​បុរស​អ្នក​មាន​នេះ​ប្រកែក​ថា៖ «ទេ! លោក​អ័ប្រាហាំ ឪពុក​អើយ! បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន»។

ក៏​ប៉ុន្តែ បុរស​អ្នក​មាន​នេះ​ទទួល​ចម្លើយ​ថា៖ «បើ​គេ​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ នឹង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ»។ ព្រះ​ទ្រង់​នឹង​មិន​ផ្ដល់​នូវ​សញ្ញា​ពិសេស​ឬ​អព្ភូតហេតុ​ដើម្បី​ឲ្យ​ពួក​មនុស្ស​ជឿ​នោះ​ទេ។ ប្រសិន​បើ​ពួក​គេ​ចង់​ទទួល​ការ​អនុគ្រោះ​ពី​ទ្រង់ នោះ​ពួក​គេ​ត្រូវ​តែ​អាន​និង​អនុវត្ត​តាម​បទ​គម្ពីរ។ លូកា ១៦:១៤​-​៣១; យ៉ូហាន ៩:២៨, ២៩; ម៉ាថាយ ១៩:៣​-​៩; កាឡាទី ៣:២៤; កូល៉ុស ២:១៤; យ៉ូហាន ៨:៤៤

ហេតុ​អ្វី​ក៏​សេចក្ដី​ស្លាប់​របស់​បុរស​អ្នក​មាន​និង​ឡាសារ​ជា​និមិត្តរូប​ប៉ុណ្ណោះ? ហើយ​តើ​សេចក្ដី​ស្លាប់​របស់​ពួក​គេ​តំណាង​អ្វី?

តើ​ព្រះ​យេស៊ូ​បញ្ជាក់​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី ពេល​ដែល​យ៉ូហាន​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​លោក​នោះ?

តើ​អ្វី​ដែល​នឹង​ត្រូវ​ដក​ចេញ​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ? ហើយ​តើ​នេះ​នឹង​មាន​អានុភាព​លើ​រឿង​លែង​លះ​គ្នា​យ៉ាង​ដូច​ម្ដេច?

ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ តើ​បុរស​អ្នក​មាន​និង​ឡាសារ​តំណាង​អ្នក​ណា?

តើ​បុរស​អ្នក​មាន​រង​ទុក្ខ​វេទនា​អ្វី​ខ្លះ? ហើយ​តើ​គាត់​ស្នើ​សុំ​ឲ្យ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​ខ្លួន​បាន​ធូរ​ស្បើយ​តាម​រយៈ​អ្វី?

តើ«ជង្ហុក​មួយ​យ៉ាង​ធំ»តំណាង​អ្វី?

តើ​ឪពុក​របស់​បុរស​អ្នក​មាន​ជា​អ្នក​ណា? ហើយ​តើ​បង​ប្អូន​ប្រាំ​នាក់​របស់​គាត់​ជា​អ្នក​ណា?