លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុរសសាសន៍សាម៉ារីដែលមានចិត្តល្អ

បុរសសាសន៍សាម៉ារីដែលមានចិត្តល្អ

ជំពូក​ទី​៧៣

បុរស​សាសន៍​សាម៉ារី​ដែល​មាន​ចិត្ត​ល្អ

ព្រះ​យេស៊ូ​ប្រហែល​ជា​នៅ​ជិត​ភូមិ​បេថានី ជា​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ មាន​អ្នក​ប្រាជ្ញ​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ មក​ទូល​ទ្រង់​ថា៖ «លោក​គ្រូ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច?»។

ព្រះ​យេស៊ូ​ជ្រាប​ថា​បុរស​នេះ​ជា​អ្នក​ប្រាជ្ញ​ច្បាប់ គាត់​សួរ​ក្នុង​គោល​បំណង​ចង់​ល្បង​ល​ទ្រង់​ទេ មិន​មែន​ចង់​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​នោះ​ឡើយ។ អ្នក​ប្រាជ្ញ​ច្បាប់​នេះ​មាន​គោល​បំណង​ឲ្យ​ព្រះ​យេស៊ូ​តប​ឆ្លើយ​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​យូដា​ឯ​ទៀត​អាក់​អន់​ចិត្ត​ជា​មួយ​ទ្រង់។ ដូច្នេះ ព្រះ​យេស៊ូ​ក៏​បង្ខំ​ឲ្យ​អ្នក​ប្រាជ្ញ​ច្បាប់​នេះ​ឆ្លើយ​សំនួរ​របស់​ខ្លួន​គាត់ ដោយ​មាន​បន្ទូល​សួរ​វិញ​ថា៖ «ក្នុង​ក្រិត្យ​វិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្ដេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្ដេច?»។

អ្នក​ប្រាជ្ញ​ច្បាប់​នេះ ទូល​ឆ្លើយ​ទាំង​មាន​ការ​យល់​ធ្លុះ​ជ្រៅ ដោយ​ស្រង់​ពាក្យ​ពី​ក្រិត្យ​វិន័យ​របស់​ព្រះ នៅ​ចោទិយកថា ៦:៥ និង​លេវីវិន័យ ១៩:១៨ ដែល​ចែង​ថា៖ «ឯង​ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ! នោះ​អ្នក​នឹង​រស់​នៅ​ពិត»។

តែ​អ្នក​ប្រាជ្ញ​ច្បាប់​នេះ​មិន​ទាន់​ស្កប់​ចិត្ត​នៅ​ឡើយ​ទេ។ ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​មិន​ជាក់​លាក់​ចំពោះ​គាត់​ទេ។ គាត់​ចង់​បាន​ការ​បញ្ជាក់​ពី​ព្រះ​យេស៊ូ​ថា​ទស្សនៈ​របស់​គាត់​គឺ​ត្រឹម​ត្រូវ ហើយ​ថា​គាត់​ជា​មនុស្ស​សុចរិត ពេល​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ។ ដូច្នេះ​ហើយ គាត់​ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ?»។

ពួក​សាសន៍​យូដា​ជឿ​ថា ពាក្យ«អ្នក​ជិត​ខាង» គឺ​ទាក់​ទង​តែ​នឹង​សាសន៍​យូដា​ដូច​គ្នា​ប៉ុណ្ណោះ ដូច​ជា​បរិបទ​ក្នុង​លេវីវិន័យ ១៩:១៨ ក៏​ទំនង​ដូច​ជា​បញ្ជាក់​ដូច​នោះ​ដែរ។ តាម​ពិត ក្រោយ​មក សូម្បី​តែ​សាវ័ក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ»។ ដូច្នេះ​អ្នក​ប្រាជ្ញ​ច្បាប់​នេះ ប្រហែល​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ដែរ ហើយ​ក៏​ជឿ​ថា​ពួក​គេ​ជា​អ្នក​សុចរិត ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​នឹង​ជនជាតិ​យូដា​ដោយ​សប្បុរស ដ្បិត​តាម​ទស្សនៈ​របស់​ពួក​គេ ពួក​សាសន៍​ដទៃ​មិន​មែន​ជា​អ្នក​ជិត​ខាង​របស់​ពួក​គេ​ឡើយ។

តើ​ព្រះ​យេស៊ូ​អាច​កែ​តម្រូវ​ទស្សនៈ​របស់​ពួក​គេ​បាន​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ស្ដាប់​អាក់​អន់​ចិត្ត​នឹង​ទ្រង់? ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​អំពី​រឿង​មួយ​ដែល​ប្រហែល​ជា​រឿង​ពិត។ ព្រះ​យេស៊ូ​ពន្យល់​ថា៖ «មាន​មនុស្ស[សាសន៍​យូដា]ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «ជួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ដើរ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​គាត់»។

សង្ឃ​ជា​ច្រើន​និង​អ្នក​ជំនួយ​នៅ​ព្រះ​វិហារ​គឺ​ជា​ពួក​លេវី ពួក​គេ​រស់​នៅ​ក្នុង​ក្រុង​យេរីខូរ​ដែល​មាន​ចម្ងាយ​២៣​គីឡូ​ម៉ែត្រ​តាម​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ហើយ​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រោម​ប្រមាណ​៩០០​ម៉ែត្រ ពី​កន្លែង​ដែល​ពួក​គេ​បំរើ​នៅ​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ សង្ឃ​មួយ​រូប​និង​បុគ្គល​ម្នាក់​ពី​ក្រុម​លេវី គប្បី​ជួយ​សាសន៍​យូដា​គ្នី​គ្នា​ពេល​គេ​មាន​ទុក្ខ​លំបាក។ ប៉ុន្តែ អ្នក​ទាំង​ពីរ​នេះ​ឥត​បាន​ជួយ​ទេ។ ផ្ទុយ​ទៅ​វិញ សាសន៍​សាម៉ារី​ម្នាក់​បាន​ជួយ​ទៅ​វិញ។ ពួក​សាសន៍​យូដា​ស្អប់​សាសន៍​សាម៉ារី​ណាស់ ហើយ​មុន​នេះ ពួក​គេ​បាន​ជេរ​ប្រមាថ​ព្រះ​យេស៊ូ ដោយ​ប្រើ​ពាក្យ​សំដី​យ៉ាង​ខ្លាំង ហៅ​ទ្រង់​ជា«សាសន៍​សាម៉ារី​ម្នាក់»។

តើ​សាសន៍​សាម៉ារី​ម្នាក់​នេះ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​សាសន៍​យូដា​ម្នាក់​នោះ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង នឹង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក​នាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ​ទាំ​រក្សា​គាត់ ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់[ប្រហែល​ជា​ប្រាក់​ចំណូល​ពីរ​ថ្ងៃ] ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ‹ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ចួន​ជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក›»។

ក្រោយ​ពី​ប្រាប់​រឿង​នេះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​សួរ​អ្នក​ប្រាជ្ញ​ច្បាប់​នេះ​ថា៖ «ដូច្នេះ ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​នោះ?»។

អ្នក​ប្រាជ្ញ​ច្បាប់​នេះ​មាន​អារម្មណ៍​មិន​ស្រួល​ប៉ុន្មាន​ទេ​ក្នុង​ការ​និយាយ​សរសើរ​ដល់​សាសន៍​សាម៉ារី​ម្នាក់​នោះ ហេតុ​នោះ​ហើយ​គាត់​គ្រាន់​តែ​ឆ្លើយ​ថា៖ «គឺ​អ្នក​១​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង»។

ព្រះ​យេស៊ូ​ទ្រង់​មាន​បន្ទូល​បញ្ចប់​ថា៖ «ទៅ​ចុះ! ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ»។

ប្រសិន​បើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​អ្នក​ប្រាជ្ញ​ច្បាប់​នេះ​ចំ​ៗ​ថា ពួក​សាសន៍​ដទៃ​ជា​អ្នក​ជិត​ខាង​របស់​គាត់​ដែរ បុរស​នេះ​មិន​គ្រាន់​តែ​មិន​ទទួល​ព្រម​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ពួក​អ្នក​ស្ដាប់​ជា​ច្រើន​នឹង​កាន់​ជើង​បុរស​នេះ ដែល​កំពុង​តែ​ពិភាក្សា​នឹង​ព្រះ​យេស៊ូ​ដែរ។ ក៏​ប៉ុន្តែ រឿង​និទាន​នេះ​ដែល​មាន​សភាព​ជា​ព្រឹត្ដិការណ៍​ពិត បាន​ធ្វើ​ឲ្យ​យើង​ឃើញ​យ៉ាង​ជាក់​ច្បាស់​ដែល​ពុំ​អាច​ប្រកែក​បាន​ថា ពួក​អ្នក​ជិត​ខាង​របស់​យើង​ក៏​រួម​បញ្ចូល​មនុស្ស​ផ្សេង​ទៀត មិន​មែន​គ្រាន់​តែ​ពួក​អ្នក​ដែល​មក​ពី​សាសន៍​ដូច​យើង​ប៉ុណ្ណោះ​ឡើយ។ ព្រះ​យេស៊ូ​មាន​វិធី​ដ៏​អស្ចារ្យ​មែន​ក្នុង​ការ​បង្រៀន! លូកា ១០:២៥​-​៣៧; កិច្ច​ការ ១០:២៨; យ៉ូហាន ៤:៩; ៨:៤៨

តើ​អ្នក​ប្រាជ្ញ​ច្បាប់​បាន​ទូល​សួរ​ព្រះ​យេស៊ូ​សំនួរ​អ្វី? តែ​តាម​ពិត តើ​គាត់​ទូល​សួរ​ដោយ​មាន​បំណង​អ្វី?

តើ​ពួក​យូដា​ជឿ​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​របស់​ពួក​គេ? ហើយ​តើ​ហេតុ​អ្វី​ក៏​យើង​ជឿ​ថា សូម្បី​តែ​ពួក​សិស្ស​ក៏​មាន​ទស្សនៈ​ដូច​នេះ​ដែរ?

តើ​តាម​របៀប​ណា​ព្រះ​យេស៊ូ​ពន្យល់​ឲ្យ​ឃើញ​នូវ​ទស្សនៈ​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​ប្រាជ្ញ​ច្បាប់​នេះ​ពុំ​អាច​ប្រកែក​បាន?