លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«នេះពិតជាព្រះរាជបុត្រានៃព្រះមែន»

«នេះពិតជាព្រះរាជបុត្រានៃព្រះមែន»

ជំពូក​ទី​១២៦

«នេះ​ពិត​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន»

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​គេ​ព្យួរ​ព្រះ​យេស៊ូ​នៅ​លើ​បង្គោល​ឈើ​នោះ គឺ​ជា​ពេល​ថ្ងៃ​ត្រង់​នោះ មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត​អស់​រយៈ​ពេល​បី​ម៉ោង។ នេះ​គឺ​មិន​មែន​ដោយ​សារ​សូរ្យគ្រាស​ទេ ដ្បិត​សូរ្យគ្រាស​មាន​តែ​នៅ​ពេល​ដើម​ខ្នើត ប៉ុន្តែ​ពេល​ធ្វើ​បុណ្យ​រំលង​លោក​ខែ​ពេញ​បូរ​មី។ ម្យ៉ាង​វិញ​ទៀត សូរ្យគ្រាស​មាន​រយៈ​ពេល​តែ​បី​បួន​នាទី​ប៉ុណ្ណោះ។ ដូច្នេះ ភាព​ងងឹត​នេះ​គឺ​មក​ពី​ព្រះ​ហើយ! នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចំអក​មើល​ងាយ​ព្រះ​យេស៊ូ​ផ្អាក​សិន ព្រម​ទាំង​ឲ្យ​ពួក​គេ​ឈប់​និយាយ​ពាក្យ​ឡកឡឺយ​ផង​ដែរ។

ប្រសិន​បើ​ព្រឹត្ដិការណ៍​ដ៏​ចម្លែក​នេះ​កើត​ឡើង មុន​នឹង​ចោរ​ម្នាក់​ស្តី​បន្ទោស​គូកន​ខ្លួន ហើយ​ទូល​សុំ​ឲ្យ​ព្រះ​យេស៊ូ​នឹក​ចាំ​គាត់ នេះ​ជា​កត្ដា​នៃ​ការ​ប្រែ​ចិត្ត​របស់​គាត់​ហើយ។ ប្រហែល​ជា​ក្នុង​ពេល​ងងឹត​នេះ​ហើយ​ដែល​ស្ត្រី​បួន​នាក់ គឺ​ម៉ារា​ជា​មាតា​របស់​ព្រះ​យេស៊ូ​និង​ប្អូន​ស្រី​របស់​គាត់​សាឡូមេ ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​ម្ដាយ​របស់​សាវ័ក​យ៉ាកុប ក៏​ដើរ​ទៅ​ជិត​បង្គោល​ទារុណកម្ម​នោះ​ដែរ។ យ៉ូហាន​ជា​សាវ័ក​ដែល​ព្រះ​យេស៊ូ​ស្រឡាញ់​ជាង​គេ គាត់​ក៏​នៅ​ទី​នោះ​ជា​មួយ​ពួក​ស្ត្រី​ទាំង​នេះ​ដែរ។

មាតា​របស់​ព្រះ​យេស៊ូ​ច្បាស់​ជា​មាន​អារម្មណ៍​ហាក់​ដូច​ជា​គេ‹ចាក់​ទម្លុះ›ចិត្ត​គាត់​យ៉ាង​ខ្លាំង! ពេល​គាត់​ឃើញ​បុត្រ​ដែល​គាត់​បាន​ចិញ្ចឹម​បី​បាច់ ត្រូវ​គេ​ព្យួរ​ទាំង​មាន​ការ​ឈឺ​ចាប់​ពើត​ផ្សា​នោះ។ តែ​ព្រះ​យេស៊ូ​ឥត​គិត​អំពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​ទេ តែ​ទ្រង់​គិត​អំពី​សុខុមាលភាព​របស់​មាតា​វិញ។ ទ្រង់​ខំ​ប្រឹង​បែរ​ទៅ​យ៉ូហាន ហើយ​មាន​បន្ទូល​ទៅ​មាតា​ថា៖ «មាតា​អើយ! នុ៎ះ​ន៏! កូន​របស់​មាតា!»។ រួច​ទ្រង់​បែរ​ទៅ​មាតា ក៏​មាន​បន្ទូល​ទៅ​យ៉ូហាន​ថា៖ «នុ៎ះ​ន៏! ម្ដាយ​អ្នក!»។

ដូច្នេះ​ហើយ ព្រះ​យេស៊ូ​ទុក​ឲ្យ​សាវ័ក​ដែល​ទ្រង់​ស្រឡាញ់​ជាង​គេ មើល​ថែ​រក្សា​មាតា​របស់​ទ្រង់ ដ្បិត​ឥឡូវ​នេះ​គាត់​ជា​ស្ត្រី​មេម៉ាយ។ ទ្រង់​បាន​ធ្វើ​ដូច្នេះ ពីព្រោះ​កូន​ៗ​ឯ​ទៀត​របស់​ម៉ារា​ឥត​ទាន់​មាន​ជំនឿ​លើ​ទ្រង់​ទេ។ ដោយ​ធ្វើ​ដូច្នេះ ទ្រង់​តាំង​គំរូ​យ៉ាង​ល្អ ក្នុង​ការ​ជួយ​គ្រោង​ទុក​នូវ​តម្រូវ​ការ​ខាង​រាង​កាយ និង​ខាង​វិញ្ញាណ​ដល់​មាតា​របស់​ទ្រង់​ផង​ដែរ។

ប្រហែល​ជា​នៅ​ម៉ោង​បី​រសៀល ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់»។ បើ​និយាយ​ជា​អត្ថបដិរូប ព្រះ​យេស៊ូ​ជ្រាប​ថា​ព្រះ​វរបិតា​របស់​ទ្រង់​បាន​ដក​ចេញ​ការ​ការ​ពារ​ពី​ទ្រង់ ដើម្បី​ល្បង​ល​នូវ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​ទ្រង់​ឲ្យ​ដល់​កំរិត។ ដូច្នេះ​ព្រះ​យេស៊ូ​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា៖ «ឱ​ព្រះ​អង្គ​ៗ​នៃ​ទូល​បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល​បង្គំ?»។ ពេល​ឮ​ដូច្នេះ អ្នក​ខ្លះ​ដែល​ឈរ​នៅ​ជិត​នោះ ក៏​លាន់​មាត់​ថា៖ «មើល! វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ»។ រួច​បុគ្គល​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ទ្រង់​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន! ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ»។

កាល​ព្រះ​យេស៊ូ​បាន​សោយ​ទឹក​ខ្មេះ​រួច​ហើយ ក៏​មាន​បន្ទូល​ថា៖ «ការ​ស្រេច​ហើយ!»។ ត្រូវ​ហើយ ទ្រង់​បាន​បញ្ចប់​កិច្ចការ​ទាំង​អស់ ដែល​ព្រះ​វរបិតា​បញ្ជូន​ទ្រង់​ឲ្យ​មក​ធ្វើ​នៅ​លើ​ផែនដី​នេះ។ នៅ​ទី​បំផុត ទ្រង់​មាន​បន្ទូល​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ​ហស្ត​ទ្រង់​វិញ»។ ដូច្នេះ ព្រះ​យេស៊ូ​ប្រគល់​នូវ​កម្លាំង​ជីវិត​របស់​ទ្រង់ ទាំង​មាន​ទំនុក​ចិត្ត​ថា ព្រះ​នឹង​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​ឡើង​វិញ​ម្ដង​ទៀត។ រួច​មក ទ្រង់​ឱន​ព្រះ​សិរសា​ចូល​ទិវង្គត​ទៅ។

ពេល​ព្រះ​យេស៊ូ​ផុត​ដង្ហើម​ទៅ នោះ​ក៏​កើត​មាន​កក្រើក​ដី​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា។ ការ​កក្រើក​ដី​គឺ​ខ្លាំង​ដល់​ម្ល៉េះ ដែល​ផ្នូរ​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​បាន​របើក​ឡើង ហើយ​សព​ក៏​ខ្ទាត​ចេញ​ពី​ផ្នូរ​ទាំង​ប៉ុន្មាន។ ពេល​ពួក​អ្នក​ដែល​ដើរ​កាត់​ឃើញ​សព​ចេញ​ពី​ផ្នូរ​ដូច្នេះ ក៏​ចូល​ទៅ​ទី​ក្រុង​រាយ​ការណ៍​អំពី​រឿង​នេះ។

បន្ថែម​ទៅ​ទៀត ពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ភ្លាម នោះ​វាំងនន​ដែល​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​ដាច់​ពី​ទី​បរិសុទ្ធ​បំផុត​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ក៏​រហែក​ទៅ​ជា​ពីរ​ចំរៀក គឺ​ពី​លើ​ទៅ​ក្រោម។ តាម​មើល​ទៅ វាំងនន​ដ៏​ស្អាត​នេះ គឺ​មាន​កំពស់​ប្រមាណ​១៨​ម៉ែត្រ និង​ធ្ងន់​ណាស់! អព្ភូតហេតុ​ដ៏​អស្ចារ្យ​នេះ មិន​គ្រាន់​តែ​សម្ដែង​នូវ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ប្រឆាំង​ពួក​អ្នក​សម្លាប់​រាជបុត្រា​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ជា​ទី​សម្គាល់​ថា មាគ៌ា​ចូល​ទៅ​ទី​បរិសុទ្ធ​បំផុត គឺ​ស្ថាន​សួគ៌ ឥឡូវ​អាច​ចូល​បាន​ដោយ​សារ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ។

ពេល​បណ្ដា​ជន​ឃើញ​ការ​កក្រើក​ដី​និង​ឃើញ​ព្រឹត្ដិការណ៍​ទាំង​នេះ ពួក​គេ​ក៏​ភ័យ​ញ័រ​យ៉ាង​ខ្លាំង។ មេ​ទ័ព​នៅ​កន្លែង​ប្រហារ​ជីវិត ក៏​ថ្វាយ​សិរី​រុង​រឿង​ទៅ​ព្រះ។ គាត់​ពោល​ថា៖ «នេះ​ពិត​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន»។ គាត់​ទំនង​ជា​មាន​វត្តមាន​ពេល​គេ​ពិគ្រោះ​គ្នា អំពី​ការ​អះអាង​ថា​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ព្រះ ពេល​គេ​វិនិច្ឆ័យ​ទោស​ទ្រង់​នៅ​ពី​មុខ​លោក​ពីឡាត់​នោះ​ដែរ។ ហើយ​ឥឡូវ​នេះ គាត់​ជឿ​ស៊ប់​ថា ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ព្រះ ត្រូវ​ហើយ​គឺ​ជា​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។

អ្នក​ឯ​ទៀត​ក៏​មាន​ចិត្ត​តក់​ស្លុត​នឹង​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ទាំង​នេះ​ដែរ ហើយ​ពួក​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​គក់​ទ្រូង ដ្បិត​នេះ​ជា​សញ្ញា​នៃ​ការ​សោក​សៅ​និង​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ពួក​សិស្ស​ស្រី​ៗ​ជា​ច្រើន​មើល​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ទាំង​នេះ​ពី​ចម្ងាយ ហើយ​ពួក​គេ​បាន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ សាវ័ក​យ៉ូហាន​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ ម៉ាថាយ ២៧:៤៥​-​៥៦; ម៉ាកុស ១៥:៣៣​-​៤១; លូកា ២៣:៤៤​-​៤៩; ២:៣៤, ៣៥; យ៉ូហាន ១៩:២៥​-​៣០

ហេតុ​អ្វី​ក៏​ភាព​ងងឹត​អស់​រយៈ​ពេល​បី​ម៉ោង​នោះ មិន​មែន​ដោយ​សារ​សូរ្យគ្រាស?

មុន​នឹង​ទ្រង់​សោយ​ទិវង្គត តើ​គំរូ​ដ៏​ល្អ​អ្វី​ដែល​ព្រះ​យេស៊ូ​ទុក​សំរាប់​អស់​អ្នក​ដែល​មាន​មាតា​បិតា​ចាស់​ជរា?

តើ​ការ​ប្រកាស​បួន​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូ មុន​ទ្រង់​សោយ​ទិវង្គត

ជា​អ្វី?

តើ​ការ​កក្រើក​ដី​យ៉ាង​ខ្លាំង​នោះ​ធ្វើ​ឲ្យ​អ្វី​ចេញ​មក​ក្រៅ? តើ​វាំងនន​ក្នុង​ព្រះ​វិហារ​រហែក​ជា​ពីរ​មាន​ន័យ​យ៉ាង​ណា?

តើ​អព្ភូតហេតុ​ទាំង​នេះ​មាន​អានុភាព​យ៉ាង​ណា ទៅ​លើ​មេ​ទ័ព​ម្នាក់​នៅ​កន្លែង​ប្រហារ​ជីវិត?