ធ្វើការល្អនៅក្នុងថ្ងៃឈប់សំរាក
ជំពូកទី២៩
ធ្វើការល្អនៅក្នុងថ្ងៃឈប់សំរាក
នេះគឺជានិទាឃរដូវនៅក្នុងឆ្នាំ៣១ ស.យ.។ ប៉ុន្មានខែបានកន្លងទៅហើយ តាំងពីព្រះយេស៊ូមានបន្ទូលជាមួយនឹងស្ត្រីម្នាក់នៅត្រង់មាត់អណ្ដូងក្នុងស្រុកសាម៉ារី កាលដែលទ្រង់ធ្វើដំណើរពីស្រុកយូដាទៅស្រុកកាលីឡេវិញ។
ឥឡូវនេះ ក្រោយពីបានបង្រៀនយ៉ាងច្រើនទូទាំងស្រុកកាលីឡេមក នោះម្ដងនេះទៀត ព្រះយេស៊ូក៏យាងចេញទៅស្រុកយូដា ហើយទ្រង់ក៏ផ្សព្វផ្សាយនៅក្នុងសាលាប្រជុំ។ បើប្រៀបធៀបទៅនឹងការយកចិត្តទុកដាក់ ដែលព្រះគម្ពីរចែងប្រាប់អំពីសកម្មភាពនៃកិច្ចបំរើរបស់ទ្រង់នៅក្នុងស្រុកកាលីឡេ នោះព្រះគម្ពីរចែងប្រាប់តែបន្ដិចបន្តួចប៉ុណ្ណោះ ស្តីអំពីសកម្មភាពរបស់ព្រះយេស៊ូនៅក្នុងស្រុកយូដា ក្នុងកំឡុងទស្សនកិច្ចលើកនេះ និងក្នុងកំឡុងពេលតែប៉ុន្មានខែដែលទ្រង់បានចំណាយពេលនៅទីនេះ បន្ទាប់ពីបុណ្យរំលងមុននោះ។ យ៉ាងជាក់ស្តែង មនុស្សនៅក្នុងស្រុកយូដាឥតទទួលយកកិច្ចបំរើរបស់ទ្រង់ ដូចមនុស្សនៅក្នុងស្រុកកាលីឡេនោះទេ។
មិនយូរប៉ុន្មានក្រោយមក ព្រះយេស៊ូក៏ធ្វើដំណើរទៅទីក្រុងដ៏សំខាន់នៃស្រុកយូដា គឺក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលងនៅឆ្នាំ៣១ ស.យ.។ នៅទីនេះជិតទ្វារចៀម នោះមានស្រះមួយដែលបានហៅថាបេថែសដា ដែលមានមនុស្សឈឺ មនុស្សខ្វាក់ មនុស្សខ្វិនជាច្រើននាក់បានមកកាន់ទីនេះ។ ពួកគេជឿថា មនុស្សអាចប្រោសឲ្យបានជាវិញ ដោយចុះទៅក្នុងទឹកស្រះនេះ នៅពេលដែលទឹកក្នុងស្រះកំរើករំពើក។
ឥឡូវនេះគឺជាថ្ងៃឈប់សំរាក ហើយព្រះយេស៊ូទតឃើញបុរសម្នាក់នៅជិតស្រះនេះ ដែលបានឈឺអស់រយៈ៣៨ឆ្នាំមកហើយ។ ដោយជ្រាបដឹងនូវរយៈពេលដែលបុរសម្នាក់នេះឈឺជាយូរមកហើយ នោះព្រះយេស៊ូមានបន្ទូលសួរថា៖ «តើអ្នកចង់បានជាឬទេ?»។
គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ»។
ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ!»។ ពេលនោះស្រាប់តែបុរសនេះបានជាភ្លាម! ក៏យកគ្រែរបស់គាត់ ហើយចាប់ផ្ដើមដើរទៅ។
ក៏ប៉ុន្តែនៅពេលដែលពួកសាសន៍យូដាឃើញបុរសនេះ គេនិយាយថា៖ «ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ»។
បុរសនេះក៏ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ‹ចូរយកគ្រែឯងដើរទៅ!›»។
ពួកគេសួរគាត់ថា៖ «តើអ្នកណាបានប្រាប់ឲ្យអ្នក ‹ យកគ្រែដើរទៅដូច្នេះ›?»។ ព្រះយេស៊ូបានយាងចេញពីទីនោះ ពីព្រោះមានមនុស្សយ៉ាងសន្ធឹក ហើយបុរសដែលបានជាមិនស្គាល់ព្រះនាមរបស់ព្រះយេស៊ូឡើយ។ ក៏ប៉ុន្តែ ក្រោយមក ព្រះយេស៊ូជួបបុរសនេះក្នុងព្រះវិហារ ហើយគាត់ក៏បានដឹងថានរណាជាអ្នកប្រោសគាត់ឲ្យបានជានោះ។
ដូច្នេះ បុរសដែលបានជានេះក៏ទៅប្រាប់ពួកយូដាឲ្យដឹងថា គឺជាព្រះយេស៊ូដែលបានប្រោសឲ្យគាត់មានសុខភាពល្អឡើងវិញនោះ។ ពេលដឹងអំពីរឿងនេះ ពួកសាសន៍យូដាក៏ទៅរកព្រះយេស៊ូ។ តើពួកគេរកទ្រង់ដើម្បីអ្វីទៅ? តើដើម្បីឲ្យដឹងថាតាមរយៈអ្វី ដែលទ្រង់អាចធ្វើអព្ភូតហេតុដ៏អស្ចារ្យនេះឬ? គឺមិនមែនទេ! ក៏ប៉ុន្តែគឺដើម្បីរកចាប់កំហុសទ្រង់ ពីព្រោះទ្រង់កំពុងធ្វើអព្ភូតហេតុដ៏អស្ចារ្យទាំងនេះនៅថ្ងៃឈប់សំរាក។ ហើយពួកគេថែមទាំងចាប់ផ្ដើមបៀតបៀនទ្រង់ទៀតផង! លូកា ៤:៤៤; យ៉ូហាន ៥:១-១៦
▪ តើអស់រយៈពេលប៉ុន្មានហើយ តាំងពីព្រះយេស៊ូបានមកធ្វើទស្សនកិច្ចក្នុងស្រុកយូដានៅពេលមុននោះ?
▪ ហេតុអ្វីក៏ស្រះឈ្មោះបេថែសដាល្បីម្ល៉េះ?
▪ តើអព្ភូតហេតុអ្វីដែលព្រះយេស៊ូធ្វើនៅឯស្រះនេះ? ហើយតើពួកយូដាមានប្រតិកម្មតបយ៉ាងណា?