តើយ៉ូហានខ្វះជំនឿឬ?
ជំពូកទី៣៨
តើយ៉ូហានខ្វះជំនឿឬ?
យ៉ូហានដែលជាអ្នកធ្វើបុណ្យជ្រមុជទឹកឲ្យគេបានជាប់គុកជិតមួយឆ្នាំហើយ គាត់បានដឹងនូវសេចក្ដីរាយការណ៍អំពីដំណើររស់ឡើងវិញនៃកូនប្រុសរបស់ស្ត្រីមេម៉ាយនៅក្រុងណាអ៊ីនដែរ។ ប៉ុន្តែយ៉ូហានចង់ឮដោយផ្ទាល់ពីព្រះយេស៊ូស្តីអំពីអត្ថន័យនេះ។ ដូច្នេះគាត់បានបញ្ជូនសិស្សពីរនាក់ឲ្យទៅសួរថា៖ «តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត?»។
នេះប្រហែលជាសំនួរដ៏ចម្លែកហើយមើលទៅ ពីព្រោះពេលយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូជិតពីរឆ្នាំមុននេះ លោកបានឃើញវិញ្ញាណរបស់ព្រះសណ្ឋិតលើព្រះយេស៊ូ និងបានឮពាក្យបន្ទូលយល់ព្រមរបស់ព្រះ។ សំនួររបស់យ៉ូហាន ប្រហែលជាបណ្ដាលឲ្យអ្នកខ្លះសន្និដ្ឋានថា គាត់មានជំនឿខ្សោយ។ ប៉ុន្តែមិនមែនដូច្នេះទេ!។ ប្រសិនបើយ៉ូហានទៅជាមានចិត្តសង្ស័យ នោះព្រះយេស៊ូនឹងមិនមានបន្ទូលសរសើរយ៉ូហានទេ តែនៅពេលនេះទ្រង់មានបន្ទូលសរសើរគាត់វិញ។ បើដូច្នេះ ហេតុអ្វីក៏យ៉ូហានសួរសំនួរដូចនេះ?
យ៉ូហានប្រហែលជាចង់បានការបញ្ជាក់ពីព្រះយេស៊ូ ថាទ្រង់ជាព្រះមេស្ស៊ីពិតមែន។ នេះពិតជានឹងពង្រឹងកម្លាំងចិត្តយ៉ូហានខ្លាំងណាស់ ពេលដែលគាត់បាក់ទឹកចិត្តក្នុងគុកនោះ។ ប៉ុន្តែតាមមើលទៅ សំនួររបស់យ៉ូហានគឺទាក់ទងអ្វីច្រើនទៀត។ ជាក់ស្តែង គាត់ចង់ដឹងឲ្យច្បាស់ថា តើនឹងមានបុគ្គលម្នាក់ទៀតជាអ្នកស្នងតំណែងដែលនឹងយាងមក ដើម្បីនឹងបញ្ចប់នូវការសម្រេចទាំងអស់ ដែលបានទាយប្រាប់ថានឹងត្រូវសម្រេចដោយព្រះមេស្ស៊ីនោះឬ?
យោងទៅតាមទំនាយទាំងឡាយក្នុងព្រះគម្ពីរដែលយ៉ូហានបានដឹង អ្នកចាក់ប្រេងតាំងរបស់ព្រះនឹងទៅជាស្តេចមួយអង្គ ជាអ្នករំដោះ។ ប៉ុន្តែ យ៉ូហាននៅជាប់ក្នុងគុកនៅឡើយ គឺច្រើនខែមកហើយក្រោយពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូ។ ដូច្នេះយ៉ាងជាក់ស្តែងណាស់ យ៉ូហានទូលសួរព្រះយេស៊ូថា៖ ‹តើទ្រង់ពិតជាបុគ្គលដែលនឹងស្ថាបនាព្រះរាជាណាចក្រនៃព្រះ ដែលមានអំណាចក្រៅ ឬក៏មានបុគ្គលផ្សេងទៀត ជាអ្នកស្នងតំណែង ដែលយើងគួរតែរង់ចាំ ដើម្បីឲ្យសម្រេចនូវទំនាយផ្សេងៗដ៏អស្ចារ្យ ដែលទាក់ទងនឹងសិរីរុងរឿងរបស់ព្រះមេស្ស៊ីនោះ?›។
ជាជាងមានបន្ទូលឆ្លើយប្រាប់ពួកសិស្សរបស់យ៉ូហានថា៖ ‹ប្រាកដហើយ ខ្ញុំជាបុគ្គលដែលនឹងត្រូវយាងមក!›។ នៅពេលនោះព្រះយេស៊ូបានធ្វើអព្ភូតហេតុដ៏អស្ចារ្យដោយប្រោសមនុស្សដែលមានជំងឺគ្រប់ប្រភេទឲ្យបានជា។ រួចមក ទ្រង់ក៏ឆ្លើយប្រាប់ពួកសិស្សនោះថា៖ «ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ! គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ»។
បើនិយាយម្យ៉ាងទៀត សំនួររបស់យ៉ូហាននោះប្រហែលជាចង់បង្ហើបថា គាត់សង្ឃឹមថា ព្រះយេស៊ូនឹងធ្វើច្រើនជាងអ្វីដែលទ្រង់កំពុងតែធ្វើនេះ ហើយនេះប្រហែលរួមទាំងការរំដោះគាត់ចេញពីគុកដោយអង្គទ្រង់ផ្ទាល់ផង។ ក៏ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលប្រាប់យ៉ូហាន កុំឲ្យសង្ឃឹមច្រើនជាងអព្ភូតហេតុ ដែលព្រះយេស៊ូកំពុងតែធ្វើនោះឲ្យសោះ។
នៅពេលដែលពួកសិស្សយ៉ូហានចាកចេញទៅ នោះព្រះយេស៊ូបែរទៅរកបណ្ដាជន ហើយប្រាប់ថាយ៉ូហានជា«ទូត»របស់ព្រះយេហូវ៉ា ដែលបានទាយទុកនៅម៉ាឡាគី ៣:១ ហើយគាត់ក៏តំណាងអេលីយ៉ាជាព្យាការីម្នាក់ដែលសៀវភៅម៉ាឡាគី ៤:៥, ៦បានទាយប្រាប់នោះ។ ដូច្នេះទ្រង់លើកដំកើងយ៉ូហាន ឲ្យស្មើនឹងព្យាការីណាមួយ ដែលបានរស់នៅពីមុនគាត់ ដោយពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌»។
តាមរយៈពាក្យទាំងនេះព្រះយេស៊ូបង្ហាញថា យ៉ូហាននឹងមិនបាននៅក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌នោះទេ ដោយព្រោះអ្នកតូចជាងគេនៅទីនោះ គឺធំជាងយ៉ូហានទៅទៀត។ យ៉ូហានបានរៀបចំផ្លូវថ្វាយព្រះយេស៊ូ ប៉ុន្តែគាត់បានទទួលមរណភាពមុននឹងព្រះគ្រីស្ទធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកសិស្សរបស់ទ្រង់ សំរាប់ឲ្យពួកគេធ្វើជាអ្នកគ្រប់គ្រងជាមួយទ្រង់ក្នុងព្រះរាជាណាចក្ររបស់ទ្រង់ទៅទៀត។ ហេតុដូច្នេះហើយបានជាព្រះយេស៊ូមានបន្ទូលថា យ៉ូហាននឹងមិននៅក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ យ៉ូហាននឹងជាអនុរាស្ត្រនៅលើផែនដីនៃព្រះរាជាណាចក្ររបស់ព្រះវិញ។ លូកា ៧:១៨-៣០; ម៉ាថាយ ១១:២-១៥
▪ ហេតុអ្វីក៏យ៉ូហានសួរថា តើព្រះយេស៊ូជាបុគ្គលដែលនឹងយាងមក ឬមានបុគ្គលផ្សេងទៀតនោះ?
▪ តើទំនាយអ្វីដែលព្រះយេស៊ូមានបន្ទូលសំដៅទៅលើយ៉ូហានជាអ្នកបំពេញនោះ?
▪ ហេតុអ្វីក៏យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យគេ នឹងមិននៅស្ថានសួគ៌ជាមួយព្រះយេស៊ូ?