លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឈឺចាប់ពើតផ្សានៅលើបង្គោលឈើ

ឈឺចាប់ពើតផ្សានៅលើបង្គោលឈើ

ជំពូក​ទី​១២៥

ឈឺ​ចាប់​ពើត​ផ្សា​នៅ​លើ​បង្គោល​ឈើ

ពួក​គេ​នាំ​ព្រះ​យេស៊ូ​និង​ចោរ​ពីរ​នាក់​ទៅ​សម្លាប់​ដែរ។ ពួក​គេ​បាន​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា​គាល់កូថា​ឬ​ភ្នំ​រលា​ក្បាល ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​នោះ។

ពួក​គេ​ដោះ​យក​សម្លៀក​បំពាក់​របស់​អ្នក​ទោស​ចេញ។ រួច​មក​ពួក​គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​នឹង​ជ័រ​ល្វីង​ទេស​មក​ថ្វាយ​ទ្រង់​សោយ។ តាម​មើល​ទៅ នេះ​គឺ​ជា​ការ​រៀបចំ​ដោយ​ពួក​ស្ត្រី​នៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​រ៉ូម​ក៏​អនុញ្ញាត​ឲ្យ​ស្រា​ទំពាំង​បាយ​ជូរ​លាយ​នឹង​ជ័រ​ល្វីង​ទេស​ប្រើ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ពេល​ត្រូវ​ព្យួរ​អ្នក​ទោស។ ប៉ុន្តែ ពេល​ព្រះ​យេស៊ូ​ភ្លក់ នោះ​ទ្រង់​បដិសេធ​មិន​សោយ​ទេ។ តើ​ហេតុ​អ្វី? ជាក់​ស្តែង​គឺ​ទ្រង់​ចង់​នៅ​ដឹង​ស្មារតី ក្នុង​កំឡុង​ពេល​ដែល​ការ​ល្បង​ល​ជំនឿ​ដ៏​ពិបាក​បំផុត​របស់​ទ្រង់។

ឥឡូវ​នេះ គេ​ចាប់​ព្រះ​ហស្ត​ព្រះ​យេស៊ូ​ក្រពាត់​ទៅ​លើ​យ៉ាង​ពេញ​ទំហឹង​ដាក់​លើ​ព្រះ​សិរសា​ទ្រង់។ រួច​មក ពួក​ទាហាន​ដុំ​ដែក​គោល​យ៉ាង​ធំ​ចូល​ដៃ​និង​ជើង​របស់​ទ្រង់។ ទ្រង់​ឈឺ​យ៉ាង​រមួល ពេល​ដែក​គោល​ធ្លុះ​សាច់​និង​សរសៃ។ ពេល​គេ​បញ្ឈរ​បង្គោល​ឈើ នោះ​កាន់​តែ​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ទ្វេ​ឡើង​ទៅ​ទៀត ដ្បិត​ទម្ងន់​រូប​កាយ​ធ្វើ​ឲ្យ​សាច់​រយះ​រឹត​តែ​ខ្លាំង។ ជា​ជាង​គំរាម​កំហែង​ពួក​គេ ព្រះ​យេស៊ូ​ទ្រង់​អធិស្ឋាន​ឲ្យ​ពួក​ទាហាន​រ៉ូម ដោយ​មាន​បន្ទូល​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ»។

លោក​ពីឡាត់​ធ្វើ​ផ្លាក​មួយ​បិទ​នៅ​លើ​បង្គោល​ឈើ​នោះ ដែល​សរសេរ​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្តេច​នៃ​សាសន៍​យូដា»។ តាម​មើល​ទៅ លោក​បាន​សរសេរ​ដូច្នេះ ពីព្រោះ​លោក​គោរព​ព្រះ​យេស៊ូ ហើយ​លោក​ស្អប់​ខ្ពើម​ពួក​សង្ឃ​សាសន៍​យូដា ដែល​បាន​មួល​បង្កាច់ និង​កាត់​ក្ដី​ឲ្យ​ព្រះ​យេស៊ូ​សោយ​ទិវង្គត។ ដូច្នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាន​ផ្លាក​នេះ​បាន លោក​ពីឡាត់​ឲ្យ​គេ​សរសេរ​ជា​អក្សរ​ហេព្រើរ អក្សរ​ឡាតាំង​ជា​ភាសា​ផ្លូវ​ការ​និង​អក្សរ​ក្រិច​ជា​ភាសា​ដែល​គេ​និយាយ​ទូទៅ។

ពួក​សង្គ្រាជ រួម​បញ្ចូល​លោក​កៃផា ហើយ​លោក​អាណ បាន​ស្រងាក​ចិត្ត​ជា​ខ្លាំង។ ផ្លាក​ដែល​មាន​សេចក្ដី​ប្រកាស​ដ៏​ល្អ​នេះ បង្អាប់​នូវ​គំនិត​របស់​គេ ដែល​ថា​ខ្លួន​មាន​ជ័យ​ជំនះ​លើ​ព្រះ​យេស៊ូ​នោះ។ ដូច្នេះ​ហើយ​ពួក​គេ​ប្រកែក​ថា៖ «សូម​លោក​កុំ​សរសេរ​ថា ‹នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ› សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ‹ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា›»។ ដោយ​បាន​តូច​ចិត្ត​ដែល​លោក​បំរើ​ប្រយោជន៍​ដល់​ពួក​សង្ឃ នោះ​លោក​ពីឡាត់​ឆ្លើយ​ទាំង​មើល​ងាយ​ពួក​គេ​ថា៖ «ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ!»។

ពួក​សង្ឃ ព្រម​ទាំង​បណ្ដា​ជន​ឥឡូវ​នេះ​មក​កន្លែង​ប្រហារ​ជីវិត ហើយ​ពួក​សង្ឃ​មិន​យល់​ព្រម​នឹង​សក្ខី​ភាព​នៃ​ផ្លាក​នេះ​ឡើយ។ ពួក​គេ​បាន​និយាយ​ម្ដង​ទៀត នូវ​សក្ខី​ភាព​ក្លែង​ក្លាយ​ដែល​បាន​ធ្វើ​ឡើង ពេល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​វិនិច្ឆ័យ​ទោស​នោះ។ ដូច្នេះ​ហើយ បាន​ជា​មនុស្ស​ដែល​ដើរ​កាត់​កន្លែង​នោះ ចាប់​ផ្ដើម​និយាយ​មើល​ងាយ ថែម​ទាំង​គ្រវី​ក្បាល​ដោយ​ប្រមាថ​មើល​ងាយ​ថា៖ «ឯង​ដែល​បំផ្លាញ​ព្រះ​វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ! ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ! បើ​ឯង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី[បង្គោល​ឈើ​ទារុណកម្ម]មក»។

ពួក​សង្ឃ​និង​មិត្ត​ភក្ដិ​របស់​ពួក​គេ​ខាង​សាសនា​ដែរ​នោះ ក៏​នាំ​គ្នា​ចំអក​ថា៖ «វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ! បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី[បង្គោល​ឈើ​ទារុណកម្ម]មក នោះ​យើង​នឹង​ជឿ​ដល់​វា វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ ដ្បិត​វា​បាន​ថា‹ខ្ញុំ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ›»។

ដោយ​សារ​មាន​អានុភាព​ពី​ពួក​សង្ឃ នោះ​ពួក​ទាហាន​ក៏​នាំ​គ្នា​សើច​ចំអក​ព្រះ​យេស៊ូ​ដែរ។ ពួក​គេ​ចំអក​មើល​ងាយ ដោយ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ទ្រង់​សោយ តាម​មើល​ទៅ គេ​យក​ទឹក​ខ្មេះ​នោះ​ដាក់​ជន្ល​ហួស​ពី​បបូរ​មាត់​ទ្រង់។ ពួក​គេ​ចំអក​មើល​ងាយ​ថា៖ «បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ!»។ សូម្បី​តែ​ចោរ​ពីរ​នាក់​ដែល​ព្យួរ​នៅ​សង​ខាង​ទ្រង់ ក៏​ចំអក​មើល​ងាយ​ទ្រង់​ដែរ។ សូម​គិត​ទៅ​មើល! បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ គឺ​ទ្រង់​ដែល​រួម​ចំណែក​ជា​មួយ​ព្រះ​យេហូវ៉ា ពេល​បង្កើត​របស់​សព្វ​សារពើ បាន​តាំង​ព្រះ​ទ័យ​យ៉ាង​មាំ​ជា​ស្រេច​សុខ​ព្រះ​ទ័យ​រង​ទុក្ខ​នឹង​ការ​ប្រមាថ​មើល​ងាយ​ទាំង​នេះ!

ពួក​ទាហាន​យក​ព្រះ​ពស្ត្រ​ខាង​ក្រៅ​របស់​ព្រះ​យេស៊ូ រួច​ពួក​គេ​ហែក​ជា​បួន​ចំណែក។ ពួក​គេ​ចាប់​ឆ្នោត​ចែក​គ្នា។ ព្រះ​ពស្ត្រ​ខាង​ក្នុង​គឺ​ឥត​មាន​ថ្នេរ​ទេ ពីព្រោះ​មាន​គុណ​ភាព​ល្អ។ ដូច្នេះ​ពួក​ទាហាន​និយាយ​គ្នា​ថា៖ «កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​រូប​អ្នក​ណា»។ ដូច្នេះ ដោយ​ឥត​ដឹង​ខ្លួន ពួក​គេ​បំពេញ​នូវ​បទ​គម្ពីរ ដែល​ចែង​ថា៖ «គេ​បាន​យក​សំលៀក​បំពាក់​ទូល​បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល​បង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត»។

ក្រោយ​មក ចោរ​ម្នាក់​ទៀត​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូ​ពិត​ជា​ស្តេច​មួយ​អង្គ​មែន។ ដូច្នេះ គាត់​បន្ទោស​ចោរ​ម្នាក់​ទៀត​ថា៖ «តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី? ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ​អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។ រួច​អ្នក​នោះ​ទូល​ព្រះ​យេស៊ូ​ទាំង​អង្វរ​ថា៖ «ព្រះ​អម្ចាស់​អើយ! កាល​ណា​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង»។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង[សួន​មនោរម្យ]ជា​មួយ​នឹង​ខ្ញុំ​ដែរ»។ សេចក្ដី​សន្យា​នេះ​នឹង​ត្រូវ​សម្រេច ពេល​ព្រះ​យេស៊ូ​សោយ​រាជ្យ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ និង​ប្រោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​នេះ​ដែល​ប្រែ​ចិត្ត​ឲ្យ​រស់​ឡើង​វិញ នៅ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ដែល​ពួក​អ្នក​រួច​រស់​ពី​សង្គ្រាម​អើម៉ាគេដូន ហើយ​គូកន​របស់​គេ នឹង​មាន​ឯកសិទ្ធិ​ចូល​រួម​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​មនោរម្យ។ ម៉ាថាយ ២៧:៣៣​-​៤៤; ម៉ាកុស ១៥:២២​-​៣២; លូកា ២៣:២៧, ៣២​-​៤៣; យ៉ូហាន ១៩:១៧​-​២៤

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​បដិសេធ​មិន​សោយ​ស្រា ដែល​លាយ​នឹង​ជ័រ​ល្វីង​ទេស?

តាម​មើល​ទៅ ហេតុ​អ្វី​ក៏​មាន​ផ្លាក​សញ្ញា​បិទ​លើ​បង្គោល​ឈើ​របស់​ព្រះ​យេស៊ូ? ហើយ​តើ​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ប្រកែក​គ្នា​យ៉ាង​ណា​រវាង​លោក​ពីឡាត់​និង​ពួក​សង្គ្រាជ?

តើ​ព្រះ​យេស៊ូ​ទទួល​ការ​ចំអក​មើល​ងាយ​ណា​ទៀត ពេល​ទ្រង់​ព្យួរ​នៅ​លើ​បង្គោល​ឈើ? ហើយ​ដោយ​ជាក់​ស្តែង តើ​មាន​អ្នក​ណា​ដែល​បាន​បញ្ចេះ​ឲ្យ​ធ្វើ​ដូច​នោះ?

តើ​ទំនាយ​មួយ​បាន​សម្រេច​យ៉ាង​ណា? ហើយ​តើ​គេ​ធ្វើ​អ្វី​នឹង​ព្រះ​ពស្ត្រ​របស់​ព្រះ​យេស៊ូ?

តើ​ចោរ​ម្នាក់​បាន​កែ​ប្រែ​ចិត្ត​យ៉ាង​ណា? ហើយ​តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​តាម​សេចក្ដី​ស្នើ​សុំ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?