ជីវភាពគ្រួសាររបស់ព្រះយេស៊ូពេលទ្រង់មានព្រះជន្មក្មេង
ជំពូកទី៩
ជីវភាពគ្រួសាររបស់ព្រះយេស៊ូពេលទ្រង់មានព្រះជន្មក្មេង
ព្រះឱរសយេស៊ូបានធំឡើងនៅក្នុងភូមិណាសារ៉ែត ដែលជាភូមិដ៏សាមញ្ញតូចមួយ។ ភូមិនេះគឺស្ថិតនៅតាមតំបន់ភ្នំនៃស្រុកកាលីឡេ មិនសូវឆ្ងាយប៉ុន្មានពីជ្រលងភ្នំយេសរាលដ៏សែនស្អាត។
លោកយ៉ូសែបនិងម៉ារាបាននាំព្រះឱរសយេស៊ូពីស្រុកអេស៊ីបមករស់នៅទីនេះ នៅពេលដែលទ្រង់មានព្រះជន្មាយុប្រហែល២ឆ្នាំ។ តាមមើលទៅ ម៉ារាមានតែព្រះកុមារនេះប៉ុណ្ណោះនៅពេលនោះ។ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក យ៉ាកុប យ៉ូសែប ស៊ីម៉ូននិងយូដាសក៏បានកើតមក ហើយយ៉ូសែបនិងម៉ារាក៏មានកូនស្រីដែរ។ នៅទីបំផុត យ៉ាងហោចណាស់ ព្រះឱរសយេស៊ូមានប្អូនប្រុសស្រីប្រាំមួយនាក់។
ព្រះឱរសយេស៊ូក៏មានសាច់ញាតិឯទៀតដែរ។ យើងបានដឹងរួចមកហើយ អំពីបងជីដូនមួយរបស់ទ្រង់ឈ្មោះយ៉ូហានដែលបានរស់នៅក្នុងស្រុកយូដាដែលមានចំងាយយ៉ាងឆ្ងាយ។ ប៉ុន្តែ សាច់ញាតិម្នាក់ដែលរស់នៅជិតជាងគេក្នុងស្រុកកាលីឡេ គឺនាងសាឡូមេដែលតាមមើលទៅជាប្អូនស្រីរបស់ម៉ារា។ សាឡូមេបានរៀបការជាមួយសេបេដេ ដូច្នេះកូនប្រុសពីររបស់គាត់ គឺយ៉ាកុប និងយ៉ូហាន ពួកគេក៏ជាបងប្អូនជីដូនមួយរបស់ព្រះយេស៊ូដែរ។ យើងមិនដឹងថាកាលដែលធំឡើងនោះ ព្រះយេស៊ូបានចំណាយពេលច្រើនយ៉ាងណាជាមួយនឹងក្មេងពីរនាក់នេះទេ ប៉ុន្តែនៅក្រោយមក ពួកគាត់បានក្លាយទៅជាមិត្តដ៏ជិតស្និទ្ធរបស់ទ្រង់។
យ៉ូសែបត្រូវខំប្រឹងធ្វើការខ្លាំងណាស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារដ៏ធំរបស់លោក។ លោកជាជាងឈើម្នាក់។ លោកយ៉ូសែបចិញ្ចឹមអប់រំព្រះយេស៊ូទុកដូចជាបុត្រផ្ទាល់របស់លោក ដូច្នេះព្រះយេស៊ូបានត្រូវគេហៅជា «កូនរបស់ជាងឈើ»។ លោកយ៉ូសែបក៏បង្រៀនព្រះយេស៊ូឲ្យធ្វើជាជាងឈើម្នាក់ដែរ ហើយទ្រង់បានរៀនចេះយ៉ាងស្ទាត់។ ហេតុដូច្នេះហើយ បានជាក្រោយមកបណ្ដាជនហៅព្រះយេស៊ូថា ‹គាត់ជាជាងឈើ›។
ការថ្វាយបង្គំព្រះយេហូវ៉ាគឺជាមូលដ្ឋានគ្រឹះក្នុងក្រុមគ្រួសាររបស់យ៉ូសែប។ ក្នុងការកាន់តាមក្រិត្យវិន័យរបស់ព្រះ យ៉ូសែបនិងម៉ារាផ្ដល់ឲ្យកូនរបស់ពួកគាត់នូវការបង្ហាត់បង្រៀនខាងវិញ្ញាណ ‹កាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្នុងកាលដែលក្រោកឡើងផង›។ គឺមានសាលាប្រជុំនៅក្នុងភូមិណាសារ៉ែត ហើយយើងអាចដឹងប្រាកដក្នុងចិត្តថា យ៉ូសែបបាននាំក្រុមគ្រួសារទៅថ្វាយបង្គំនៅទីនោះជាទៀងទាត់។ ដូច្នេះប្រាកដជាពួកគាត់មានអំណរយ៉ាងខ្លាំងបំផុត ក្នុងការធ្វើដំណើរជាទៀងទាត់ទៅព្រះវិហាររបស់ព្រះយេហូវ៉ានៅឯក្រុងយេរូសាឡិមនោះ។ ម៉ាថាយ ១៣:៥៥, ៥៦; ២៧:៥៦; ម៉ាកុស ១៥:៤០; ៦:៣; ចោទិយកថា ៦:៦-៩
▪ យ៉ាងហោចណាស់ តើព្រះយេស៊ូមានប្អូនប្រុសស្រីប៉ុន្មាននាក់? ហើយតើមានឈ្មោះអ្វីខ្លះ?
▪ តើបងប្អូនជីដូនមួយបីនាក់របស់ព្រះយេស៊ូដែលគេស្គាល់ជាទូទៅ ជាអ្នកណាខ្លះ?
▪ នៅទីបំផុត តើមុខរបរអ្វីដែលព្រះយេស៊ូធ្វើ? ហើយហេតុអ្វី?
▪ តើការបង្ហាត់បង្រៀនដ៏សំខាន់អ្វី ដែលយ៉ូសែបផ្ដល់ឲ្យក្រុមគ្រួសាររបស់លោកនោះ?