លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ក្មេងប្រុសដែលអារក្សចូលបានជាវិញ

ក្មេងប្រុសដែលអារក្សចូលបានជាវិញ

ជំពូក​ទី​៦១

ក្មេង​ប្រុស​ដែល​អារក្ស​ចូល​បាន​ជា​វិញ

កាល​ព្រះ​យេស៊ូ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ឥត​មាន​វត្តមាន នោះ​ពួក​សិស្ស​ឯ​ទៀត​ជួប​ប្រទះ​បញ្ហា​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន។ ពេល​ព្រះ​យេស៊ូ​ត្រឡប់​មក​វិញ ភ្លាម​នោះ​ទ្រង់​ទត​ឃើញ​ថា​មាន​បញ្ហា​មួយ​កើត​ឡើង ដោយ​មាន​ហ្វូង​មនុស្ស​នៅ​ជុំ​វិញ​ពួក​សិស្ស ហើយ​ពួក​អាចារ្យ​កំពុង​តែ​ជជែក​ជា​មួយ​នឹង​ពួក​សិស្ស​ទ្រង់។ ពេល​ហ្វូង​មនុស្ស​ឃើញ​ព្រះ​យេស៊ូ នោះ​ពួក​គេ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ហើយ​រត់​ទៅ​ទទួល​ស្វាគមន៍​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ?»។

នោះ​មាន​បុរស​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​មក​លុត​ជង្គង់​ពី​មុខ​ព្រះ​យេស៊ូ រួច​ទូល​ពន្យល់​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្ដង​ៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅ​ៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ»។

យ៉ាង​ពិត​ណាស់ ពួក​អាចារ្យ​ស្ក្រែប​ប្រហែល​ជា​ឆ្លៀត​ឱកាស​នេះ ដើម្បី​ចំអក​មើល​ងាយ​ពួក​សិស្ស​របស់​ទ្រង់​ហើយ ដែល​ពួក​គេ​មិន​អាច​ប្រោស​ក្មេង​ប្រុស​នេះ​ឲ្យ​ជា​បាន។ នៅ​គ្រា​ដ៏​សំខាន់​នេះ ព្រះ​យេស៊ូ​ក៏​យាង​មក​ដល់ ហើយ​ទ្រង់​មាន​បន្ទូល​ថា៖ «ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា?»។

ព្រះ​យេស៊ូ​ទំនង​ជា​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដែល​មាន​វត្តមាន​នៅ​ពេល​នោះ តែ​ប្រាកដ​ជា​សំដៅ​ទៅ​ពួក​ស្ក្រែប ដែល​កំពុង​តែ​រក​រឿង​ពួក​សិស្ស​ទ្រង់​នោះ​ហើយ។ បន្ទាប់​មក ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ក្មេង​ប្រុស​នេះ​ថា៖ «ចូរ​នាំ​វា​មក​ឯ​ខ្ញុំ»។ ប៉ុន្តែ កាល​ក្មេង​ប្រុស​នេះ​ចូល​មក​ជិត​ព្រះ​យេស៊ូ នោះ​អារក្ស​ដែល​ចូល​ក្នុង​ក្មេង​នេះ​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ទៅ​ជា​ប្រកាច់​ប្រកិន។ ក្មេង​ប្រុស​នេះ​ក៏​ដួល​ហើយ​ននៀល​នៅ​ដី​ទាំង​បែក​ពពុះ​មាត់។

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ?»។

ឪពុក​ទូល​ឆ្លើយ​ថា៖ «តាំង​តែ​ពី​តូច​មក ជួន​កាល[អារក្ស]ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយ​ៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ»។ រួច​មក ឪពុក​នេះ​អង្វរ​ថា៖ «ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្ដា​ជួយ​យើង​ខ្ញុំ​ផង»។

ឪពុក​នេះ​ប្រហែល​ជា​ខំ​រក​ជំនួយ​ដើម្បី​ព្យាបាល​ជា​យូរ​ឆ្នាំ​មក​ហើយ។ ហើយ​ឥឡូវ​នេះ គាត់​មាន​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​មិន​អាច​ជួយ​បាន។ ព្រះ​យេស៊ូ​បាន​យល់​ព្រម​នឹង​សេចក្ដី​អង្វរ​របស់​បុរស​នេះ ហើយ​មាន​បន្ទូល​ដោយ​លើក​ទឹក​ចិត្ត​ថា៖«មាន​ពំនោល​ដែល​ថា ‹បើ​អាច​ធ្វើ​ទៅ​បាន›នោះ ការ​ទាំង​អស់​អាច​សំរេច​បាន បើ​មាន​ជំនឿ!»។—ព.ថ.

ស្រាប់​តែ​ឪពុក​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា៖ «ខ្ញុំ​ជឿ​ហើយ​លោក​ម្ចាស់​អើយ! សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង»។

កាល​ព្រះ​យេស៊ូ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស​អសោចិ៍​ថា៖«នែ! អារក្ស​គ​ថ្លង់​អើយ! អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ»។ កាល​ដែល​អារក្ស​នេះ​ចេញ​ទៅ ម្ដង​នេះ​ទៀត​វា​ធ្វើ​ឲ្យ​ក្មេង​ប្រុស​នេះ​ស្រែក​ឡើង​ទាំង​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង។ រួច​មក ក្មេង​នេះ​ដេក​ស្តូកស្ដឹង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​និយាយ​ថា៖ «វា​ស្លាប់​ហើយ!»។ ប៉ុន្តែ​ព្រះ​យេស៊ូ​ទ្រង់​កាន់​ដៃ​ក្មេង​នេះ​លើក​ឡើង ហើយ​ក្មេង​នេះ​ក៏​ក្រោក​ឈរ។

មុន​នោះ ពេល​ព្រះ​យេស៊ូ​បញ្ជូន​ពួក​សិស្ស​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ នោះ​ពួក​គេ​អាច​ដេញ​អារក្ស​ចេញ​បាន។ លុះ​ពេល​ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន?»។

ព្រះ​យេស៊ូ​បញ្ជាក់​ថា​នេះ​គឺ​ដោយ​សារ​ពួក​សាវ័ក​ខ្វះ​ជំនឿ ហើយ​ទ្រង់​មាន​បន្ទូល​ថា៖ «ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ​សារ​តែ​អធិស្ឋាន»។ ពិត​ណាស់ គឺ​ត្រូវ​ការ​នូវ​ការ​រៀបចំ ដើម្បី​បណ្ដេញ​អារក្ស​ដ៏​ខ្លាំង​ក្លា​ចេញ ជា​ពិសេស​ដូច​ក្នុង​ករណី​នេះ។ គឺ​ត្រូវ​ការ​ជំនឿ​ដ៏​មុត​មាំ​និង​សេចក្ដី​អធិស្ឋាន ទាំង​ទូល​សុំ​អំណាច​របស់​ព្រះ។

ហើយ​រួច​មក​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ‹ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​នៅ​ទី​នោះ​ចុះ!› នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ»។ ដូច្នេះ ជំនឿ​គឺ​មាន​អំណាច​ដ៏​ខ្លាំង​មែន!

ឧបសគ្គ​និង​ភាព​ពិបាក​ដែល​រា​រាំង​ការ​រីក​ចំរើន​ខាង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា ទំនង​ដូច​ជា​ធំ​ដូច​ភ្នំ ដែល​មិន​អាច​រំលើង​និង​ដក​ចេញ​បាន​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​កំពុង​តែ​បង្ហាញ​ថា ប្រសិន​បើ​យើង​បណ្ដុះ​ជំនឿ​ក្នុង​ចិត្ត​របស់​យើង ដោយ​ស្រោច​ទឹក​ឲ្យ​ជំនឿ​មាំ​ឡើង នោះ​ជំនឿ​របស់​យើង​នឹង​លូត​លាស់​ដល់​កំរិត​កំពូល ហើយ​ជួយ​យើង​ឲ្យ​ឈ្នះ​លើ​ឧបសគ្គ​និង​ទុក្ខ​លំបាក​ដែល​មាន​សភាព​ធំ​ប៉ុន​ភ្នំ​នោះ។ ម៉ាកុស ៩:១៤​-​២៩; ម៉ាថាយ ១៧:១៩, ២០; លូកា ៩:៣៧​-​៤៣

តើ​ព្រះ​យេស៊ូ​ជួប​ប្រទះ​នឹង​ស្ថានការណ៍​អ្វី ពេល​ទ្រង់​យាង​ចុះ​ពី​ភ្នំ​ហ៊ើម៉ូន?

តើ​ព្រះ​យេស៊ូ​ប្រទាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា ដល់​ឪពុក​របស់​ក្មេង​ដែល​អារក្ស​ចូល​នោះ?

ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​ពុំ​អាច​ដេញ​អារក្ស​ចេញ​បាន?

តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា ជំនឿ​អាច​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​ណា?