លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសម្ដែងឲ្យឃើញជាមុននូវសិរីរុងរឿងក្នុងព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទ

ការសម្ដែងឲ្យឃើញជាមុននូវសិរីរុងរឿងក្នុងព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទ

ជំពូក​ទី​៦០

ការ​សម្ដែង​ឲ្យ​ឃើញ​ជា​មុន​នូវ​សិរី​រុង​រឿង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ

ព្រះ​យេស៊ូ​បាន​យាង​មក​ដល់​ក្រវល់​ភូមិ​សេសារា​ភីលីព​ហើយ នៅ​ទី​នោះ​ទ្រង់​កំពុង​តែ​បង្រៀន​ហ្វូង​មនុស្ស​និង​ពួក​សាវ័ក​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​ប្រកាស​សេចក្ដី​ដ៏​អស្ចារ្យ​ដល់​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក»។

ពួក​សិស្ស​ច្បាស់​ជា​ឆ្ងល់ ‹តើ​ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​យ៉ាង​ណា​ទៅ?›។ ប្រហែល​មួយ​សប្ដាហ៍​ក្រោយ​មក ព្រះ​យេស៊ូ​នាំ​ពេត្រុស យ៉ាកុប​និង​យ៉ូហាន​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់​ជា​មួយ​នឹង​ទ្រង់។ ប្រហែល​យប់​ណាស់​ទៅ​ហើយ ហេតុ​នេះ​ហើយ​ពួក​សាវ័ក​ងងុយ​ជា​ខ្លាំង។ កាល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​អធិស្ឋាន នោះ​ទ្រង់​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នៅ​មុខ​អ្នក​ទាំង​នោះ។ ព្រះ​ភ័ក្ដ្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ។

រួច​មក មាន​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​គេ​សម្គាល់​ថា​ជា «លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា»ក៏​លេច​មក​ដែរ កំពុង​តែ​ទូល​នឹង​ព្រះ​យេស៊ូ​អំពី ‹ដំណើរ​ចាក​ចេញ​ដែល​នឹង​កើត​ឡើង​ក្នុង​ក្រុង​យេរូសាឡិម›។ តាម​ពិត ការ​យាង​ចេញ​ទៅ​នេះ​សំដៅ​ទៅ​ពេល​ដែល​ព្រះ​យេស៊ូ​សោយ​ទិវង្គត និង​ពេល​ដែល​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ​ហើយ ការ​សន្ទនា​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​សោយ​ទិវង្គត​ដ៏​គ្មាន​កិត្ដិយស ដែល​មិន​មែន​ជា​អ្វី​ដែល​អាច​ជៀស​ផុត​បាន​ដូច​សេចក្ដី​ប្រាថ្នា​របស់​ពេត្រុស​នោះ​ទេ។

លុះ​កាល​ដែល​ពួក​សាវ័ក​ភ្ញាក់​ពី​ការ​លង់​លក់​វិញ នោះ​ពួក​គាត់​មើល​ឃើញ​និង​ឮ​ដោយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ថ្វី​បើ​នេះ​ជា​ចក្ខុនិមិត្ត​ក៏​ដោយ គឺ​ដូច​ជា​អ្វី​កើត​ឡើង​មែន​ទែន ហើយ​ពេត្រុស​ចាប់​ផ្ដើម​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា»។

កាល​ដែល​ពេត្រុស​កំពុង​តែ​ទូល​នៅ​ឡើយ នោះ​មាន​ពពក​យ៉ាង​ភ្លឺ​បាន​មក​បាំង​ពួក​គាត់ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ!»។ កាល​បាន​ឮ​សម្លេង​ហើយ​នោះ ពួក​សិស្ស​ក៏​ក្រាប​ផ្កាប់​មុខ​នឹង​ដី។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ»។ កាល​ពួក​សាវ័ក​ងើប​មុខ​ឡើង ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ។

ថ្ងៃ​ស្អែក​ឡើង​កំពុង​ដែល​ចុះ​ពី​ភ្នំ​មក ព្រះ​យេស៊ូ​បង្គាប់​ពួក​សិស្ស​ថា៖ «កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ»សិន។ ការ​មើល​ឃើញ​លោក​អេលីយ៉ា​ក្នុង​ចក្ខុនិមិត្ត​នោះ ធ្វើ​ឲ្យ​ពួក​សិស្ស​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ ពួក​គាត់​ក៏​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «លោក​អេលីយ៉ា​បាន​មក​ហើយ គេ​មិន​បាន​ស្គាល់​លោក​ទេ»។ ប៉ុន្តែ ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ ដែល​បាន​បំពេញ​មុខ​នាទី​ស្រដៀង​នឹង​មុខ​នាទី​របស់​លោក​អេលីយ៉ា។ យ៉ូហាន​បាន​រៀបចំ​ផ្លូវ​សំរាប់​ព្រះ​គ្រីស្ទ ដូច​ជា​លោក​អេលីយ៉ា​រៀបចំ​ផ្លូវ​សំរាប់​លោក​អេលីសេ​ដែរ។

ចក្ខុនិមិត្ត​នេះ​ពិត​ជា​បាន​ពង្រឹង​កម្លាំង​ចិត្ត​ដល់​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​មែន!។ បើ​និយាយ​ជា​ការ​ប្រៀប​ធៀប ចក្ខុនិមិត្ត​នេះ​គឺ​សម្ដែង​ឲ្យ​ឃើញ​ជា​មុន​អំពី​សិរី​រុង​រឿង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ។ តាម​ពិត ពួក​សិស្ស​ឃើញ«កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក» ដូច​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​សន្យា​មួយ​សប្ដាហ៍​មុន​នេះ។ ក្រោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ នោះ​ពេត្រុស​បាន​សរសេរ​អំពី​ពួក​គាត់‹ដែល​ជា​សាក្សី​អំពី​សិរី​រុង​រឿង​របស់​ព្រះ​គ្រីស្ទ កាល​ដែល​ពួក​គាត់​នៅ​ជា​មួយ​ទ្រង់​នៅ​លើ​ភ្នំ​បរិសុទ្ធ​នោះ›។

ពួក​ផារីស៊ី​បាន​ទាម​ទារ​ឲ្យ​ព្រះ​យេស៊ូ​បង្ហាញ​នូវ​ទី​សម្គាល់ ដើម្បី​ស​ឲ្យ​ឃើញ​ថា​ទ្រង់​ជា​បុគ្គល​ដែល​បាន​សន្យា​មក​ក្នុង​ព្រះ​គម្ពីរ ជា​ស្តេច​ដែល​ព្រះ​តែង​តាំង​ឡើង​នោះ។ ព្រះ​យេស៊ូ​ឥត​បាន​ប្រទាន​ទី​សម្គាល់​ដល់​ពួក​គេ​ទេ។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​ពួក​សិស្ស​ដ៏​ស្និទ្ធ​ស្នាល​របស់​ទ្រង់​ឃើញ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នេះ ជា​ការ​បញ្ជាក់​ពី​បទ​ទំនាយ​ទាំង​ប៉ុន្មាន​ស្តី​អំពី​ព្រះ​រាជាណាចក្រ។ ដូច្នេះ​ហើយ ក្រោយ​មក​ពេត្រុស​បាន​សរសេរ​ថា៖ «ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង»។ ម៉ាថាយ ១៦:១៣, ម៉ាថា. ១៦:២៨–១៧:១៣; ម៉ាកុស ៩:១​-​១៣; លូកា ៩:២៧​-​៣៧; ពេត្រុស​ទី​២ ១:១៦​-​១៩

មុន​នឹង​ភ្លក់​សេចក្ដី​ស្លាប់ តើ​មនុស្ស​ខ្លះ​នឹង​ឃើញ​ព្រះ​គ្រីស្ទ​យាង​មក​កាន់​អំណាច​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ក្នុង​ចក្ខុនិមិត្ត​នោះ តើ​លោក​ម៉ូសេ​និង​លោក​អេលីយ៉ា​ទូល​ព្រះ​យេស៊ូ​អំពី​អ្វី?

ហេតុ​អ្វី​ក៏​ចក្ខុនិមិត្ត​នេះ​ជា​ជំនួយ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ដល់​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ?