មេរៀនទី១៥
ហេតុអ្វីលោកអ្នកគួររៀនថែមទៀតអំពីដំណឹងល្អ?
១. តើការរៀនគម្ពីរថែមទៀតនឹងជួយលោកអ្នកយ៉ាងដូចម្ដេច?
ការរៀនយ៉ាងសង្ខេបអំពីសេចក្ដីបង្រៀនជាមូលដ្ឋានក្នុងគម្ពីរច្បាស់ជាបានធ្វើឲ្យលោកអ្នកស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែ លោកអ្នកត្រូវបន្តព្យាយាមធ្វើឲ្យសេចក្ដីស្រឡាញ់នោះមានកាន់តែខ្លាំងឡើងៗ។ (ពេត្រុសទី១ ២:២) លោកអ្នកអាចទទួលជីវិតដែលគ្មានទីបញ្ចប់ លុះត្រាតែលោកអ្នកបន្តចូលទៅជិតព្រះតាមរយៈការរៀនបណ្ដាំរបស់លោក។—សូមអាន យ៉ូហាន ១៧:៣; យូដាស ២១
កាលដែលលោកអ្នកមានចំណេះកាន់តែច្រើនអំពីព្រះ នោះជំនឿរបស់លោកអ្នកនឹងកាន់តែរឹងមាំ។ ជំនឿនឹងជួយលោកអ្នកឲ្យធ្វើអ្វីដែលព្រះពេញចិត្ត។ (ហេប្រឺ ១១:១, ៦) ជំនឿនឹងជំរុញលោកអ្នកឲ្យប្រែចិត្ត និងកែប្រែរបៀបរស់នៅឲ្យប្រសើរឡើង។—សូមអាន សកម្មភាព ៣:១៩
២. តើចំណេះរបស់លោកអ្នកអំពីព្រះអាចជួយអ្នកឯទៀតយ៉ាងដូចម្ដេច?
ជាការធម្មតាដែលលោកអ្នកចង់ប្រាប់មនុស្សឯទៀតអំពីអ្វីដែលបានរៀន។ យើងទាំងអស់គ្នាចូលចិត្តប្រាប់អំពីដំណឹងល្អ។ កាលដែលលោកអ្នកបន្តរៀនគម្ពីរ លោកអ្នកនឹងចេះប្រើគម្ពីរដើម្បីពន្យល់អំពីជំនឿដែលលោកអ្នកមានលើព្រះយេហូវ៉ា និងដំណឹងល្អ។—សូមអាន រ៉ូម ១០:១៣-១៥
មនុស្សភាគច្រើនចាប់ផ្ដើមប្រាប់ដំណឹងល្អនេះដល់មិត្តភក្ដិឬញាតិសន្តានរបស់ខ្លួន។ សូមនិយាយដោយសប្បុរស។ ជាជាងប្រាប់ថាសាសនារបស់ពួកគេខុស នោះយើងអាចនិយាយអំពីសេចក្ដីសន្យារបស់ព្រះវិញ។ សូមចាំថា មនុស្សច្រើនតែកោតស្ងើចនឹងការប្រព្រឹត្តល្អរបស់លោកអ្នក ជាជាងអ្វីដែលលោកអ្នកនិយាយ។—សូមអាន ធីម៉ូថេទី២ ២:២៤, ២៥
៣. តើលោកអ្នកអាចមានទំនាក់ទំនងបែបណាជាមួយព្រះ?
ការរៀនបណ្ដាំរបស់ព្រះនឹងជួយលោកអ្នកឲ្យមានចំណងមិត្តភាពកាន់តែរឹងមាំជាមួយលោក។ នៅទីបំផុត លោកអ្នកអាចមានចំណងមិត្តភាពពិសេសជាមួយព្រះយេហូវ៉ា។ លោកអ្នកអាចទៅជាសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់លោក។—សូមអាន កូរិនថូសទី២ ៦:១៨
៤. តើលោកអ្នកអាចបន្តរីកចម្រើនយ៉ាងដូចម្ដេច?
តាមរយៈការសិក្សាបណ្ដាំរបស់ព្រះ លោកអ្នកអាចរៀនឲ្យចេះធ្វើតាមច្បាប់ក្នុងគម្ពីរ។ (ហេប្រឺ ៥:១៣, ១៤) លោកអ្នកអាចសុំសាក្សីព្រះយេហូវ៉ាម្នាក់ដើម្បីសិក្សាគម្ពីរជាមួយគ្នា ដោយប្រើសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? បើលោកអ្នករៀនកាន់តែច្រើនពីបណ្ដាំរបស់ព្រះ នោះជីវិតរបស់លោកអ្នកនឹងកាន់តែមានសុភមង្គល។—សូមអាន ទំនុកតម្កើង ១:១-៣; ៧៣:២៧, ២៨
ដំណឹងល្អគឺមកពីព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីសប្បាយ។ លោកអ្នកអាចចូលកាន់តែជិតព្រះ បើលោកអ្នកចូលទៅកាន់តែជិតរាស្ដ្ររបស់លោក។ (ហេប្រឺ ១០:២៤, ២៥) ដោយបន្តព្យាយាមធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត នោះលោកអ្នកអាចចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ ពោលគឺជីវិតដែលគ្មានទីបញ្ចប់។ ការចូលទៅជិតព្រះគឺជាអ្វីដែលពិតជាប្រសើរបំផុតចំពោះលោកអ្នក។—សូមអាន ធីម៉ូថេទី១ ១:១១; ៦:១៩