លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៥

ការផ្ដើមស្គាល់ព្រះ

ការផ្ដើមស្គាល់ព្រះ

 ពេល​អ្នក​ស្វែង​រក​ឱវាទ អ្នក​នឹង​ទៅ​ឯ​បុគ្គល​ម្នាក់​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន មែន​ទេ? ប្រសិន​បើ​ឱវាទ​នោះ​មក​ពី​ប្រភព​ដែល​អ្នក​ទុក​ចិត្ត នោះ​អ្នក​នឹង​មាន​ចិត្ត​ធ្វើ​តាម​ឱវាទ​នោះ មិន​ថា​អ្នក​ទទួល​ប្រយោជន៍​ភ្លាម​ៗ​ឬ​ក៏​អត់។ បើ​អ្នក​ចង់​ទទួល​ប្រយោជន៍​ពី​ឱវាទ​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ព្រះ​គម្ពីរ នោះ​អ្នក​ត្រូវ​តែ​ស្គាល់​អ្នក​និពន្ធ​ព្រះ​គម្ពីរ។ អ្នក​អាច​ត្រូវ​ចាត់​ទុក​ជា​«​សំឡាញ់​»​របស់​ទ្រង់​បាន​ទៀត​ផង!—អេសាយ ៤១:៨

ព្រះ​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​ឯកសារ​ភាសា​ហេព្រើរ​នៃ​សៀវភៅ​អេសាយ

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​មិត្ត​សំឡាញ់​នឹង​អ្នក​ណា​ម្នាក់ នោះ​អ្នក​ប្រាកដ​ជា​ចង់​ដឹង​អំពី​ឈ្មោះ​គាត់​ហើយ។ តើ​ព្រះ​នៃ​ព្រះ​គម្ពីរ​មាន​ព្រះ​នាម​ឬ​ទេ? ទ្រង់​បាន​ប្រកាស​ថា​៖ ​«​អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ​»។ (​អេសាយ ៤២:៨​) ​«​យេហូវ៉ា​»​ដែល​បាន​សរសេរ​ដូច​នេះ יהוה ជា​ភាសា​ហេព្រើរ (​អាន​ពី​ស្ដាំ​ទៅ​ឆ្វេង​) ជា​ព្រះ​នាម​របស់​ទ្រង់។ ព្រះ​នាម​នោះ​មាន​ជិត​៧.០០០​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ។ គេ​យល់​ថា​ព្រះ​នាម​ព្រះ មាន​ន័យ​ថា​«​ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​»​ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ដោយ​អង្គ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​អ្វី​ៗ​ណា​តាម​តែ​ព្រះ​ទ័យ ឬ​ទ្រង់​ធ្វើ​ឲ្យ​កើត​ឡើង​ចំពោះ​អ្វី​ៗ​ដែល​ទ្រង់​បង្កើត ព្រម​ទាំង​អ្វី​ដែល​ទ្រង់​ធ្វើ​ឲ្យ​កើត​ឡើង​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ ម្យ៉ាង​វិញ​ទៀត តាម​ទម្រង់​វេយ្យាករណ៍ ព្រះ​នាម​ទ្រង់​ជា​ភាសា​ហេព្រើរ​ប្រាប់​អំពី​សកម្មភាព​មួយ​ដែល​មាន​ដំណើរ​ជិត​បាន​សម្រេច​ហើយ។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? អត្ថន័យ​នេះ​ប្រាប់​យើង​ថា ព្រះ​យេហូវ៉ា​បាន និង​កំពុង​តែ​ធ្វើ​ឲ្យ​គោល​បំណង​ទ្រង់​សម្រេច។ ទ្រង់​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់ មិន​មែន​ជា​កម្លាំង​ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​នោះ​ឡើយ!

ព្រះ​យេហូវ៉ា​បាន​ក្លាយ​ទៅ​ជា​ព្រះ​អាទិទេព។ (​លោកុប្បត្តិ ១:១​) ទ្រង់​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង​»។ (​កិច្ច​ការ ១៤:១៥​) ព្រះ​យេហូវ៉ា​បាន​បង្កើត​របស់​សព្វ​សារពើ​ទាំង​អស់ ដែល​រួម​បញ្ចូល​មនុស្ស​មួយ​គូ​ដំបូង អ័ដាម​និង​នាង​អេវ៉ា។ ដូច្នេះ​ហើយ ព្រះ​ជា​‹ប្រភព​នៃ​ជីវិត›។ (​ទំនុក​ដំកើង ៣៦:៩​) ទ្រង់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ទ្រ​ទ្រង់​ជីវិត​ដែរ។ ដូច្នេះ​«​ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ​អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង​តែ​ផ្សាយ​ព្រះ​គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ​»។ (​កិច្ច​ការ ១៤:១៧​) នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី មនុស្សជា​ច្រើន​ថ្វាយ​បង្គំ​ជីដូន​ជីតា​គេ ដោយ​ព្រោះ​គេ​យល់​ថា គេ​បាន​ទទួល​ជីវិត​ពី​ពួក​គាត់។ ពួក​គេ​គួរ​តែ​មាន​អារម្មណ៍​ថា ខ្លួន​គេ​ជំពាក់​គុណ​យ៉ាង​ច្រើន​ចំពោះ​ព្រះ​អាទិទេព​ដែល​ជា​ព្រះ​ទ្រ​ទ្រង់​ជីវិត គឺ​ទ្រង់​ដែល​បាន​បង្កើត​មនុស្ស​មួយ​គូ​ដំបូង ហើយ​ប្រទាន​ឲ្យ​គេ​មាន​សមត្ថភាព​បន្ត​ពូជ​នោះ។ ការ​រំពឹង​គិត​អំពី​ហេតុ​ការណ៍​បែប​នេះ អាច​ជំរុញ​យើង​ឲ្យ​លាន់​មាត់​ថា​៖ ​«​ឱ!​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង​»។—វិវរណៈ ៤:១១

តាម​រយៈ​ព្រះ​គម្ពីរ អ្នក​អាច​ស្គាល់​ព្រះ​អាទិទេព គឺ​ព្រះ​យេហូវ៉ា និង​រៀន​ឲ្យ​ដឹង​ថា ទ្រង់​ជា​ព្រះ​ប្រភេទ​ណា។ ព្រះ​គម្ពីរ​ចែង​ប្រាប់​ថា​៖ ​«​ព្រះ​ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី​១ ៤:១៦; និក្ខមនំ ៣៤:៦, ៧​) ពេល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ​ពី​សៀវភៅ​លោកុប្បត្តិ​ទៅ​សៀវភៅ​វិវរណៈ អ្នក​នឹង​ឃើញ​ដំណើរ​រឿង​ជា​ច្រើន ដែល​បង្ហាញ​ថា​ទ្រង់​ប្រាកដ​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មែន។ សូម​អញ្ជើញ​បង្កើត​ឲ្យ​មាន​ទម្លាប់​អាន​ព្រះ​បន្ទូល​ជា​រៀង​រាល់​ថ្ងៃ​ចុះ ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​អាទិទេព​របស់​អ្នក។ ចូរ​យក​ចិត្ត​ទុក​ដាក់​សិក្សា​ព្រះ​គម្ពីរ ដោយ​ទទួល​ជំនួយ​ពី​អស់​អ្នក​ដែល​ស្គាល់​សាច់​រឿង​ព្រះ​គម្ពីរ។ (​កិច្ច​ការ ៨:២៦​-​៣៥​) បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​ឃើញ​ថា​ទ្រង់​ពិត​ជា​ព្រះ​នៃ​យុត្ដិធម៌ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ​ជា​រៀង​រហូត​នោះ​ទេ។ (​ចោទិយកថា ៣២:៤​) គឺ​មិន​ងាយ​ស្រួល​ទេ​ចំពោះ​មនុស្ស ក្នុង​ការ​រក្សា​ឲ្យ​មាន​តុល្យភាព​រវាង​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​នោះ។ ប៉ុន្តែ​ដោយ​ប្រាជ្ញា នោះ​ព្រះ​យេហូវ៉ា​អាច​រក្សា​ឲ្យ​មាន​តុល្យភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​រវាង​សេចក្ដី​ស្រឡាញ់​និង​ភាព​យុត្ដិធម៌​បាន។ (​រ៉ូម ១១:៣៣; ១៦:២៧​) ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត ទ្រង់​មាន​អំណាច​ក្នុង​ការ​ធ្វើ​អ្វី​តាម​ព្រះ​ទ័យ​ទ្រង់ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ (​លោកុប្បត្តិ ១៧:១​) ចូរ​ខំ​ប្រឹង​អនុវត្ត​តាម​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ នោះ​អ្នក​ច្បាស់​ជា​អបអរ​នឹង​ព្រះ​អាទិទេព​កាន់​តែ​ខ្លាំង​ឡើង ដោយ​ដឹង​ថា​ឱវាទ​របស់​ទ្រង់​នឹង​មាន​ប្រសិទ្ធិភាព​ជា​និច្ច ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

សូម​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន​ចុះ

គឺ​នៅ​មាន​វិធី​មួយ​ទៀត​ដើម្បី​ចូល​ទៅ​ជិត​ព្រះ។ វិធី​នេះ​គឺ​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក​ដំកើង ៦៥:២​) ទ្រង់​អាច​«​ធ្វើ​ហួស​សន្ធឹក​លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្ដី​»។ (​អេភេសូរ ៣:២០​) ក៏​ប៉ុន្តែ តើ​អ្នក​គិត​យ៉ាង​ណា​អំពី​«​មិត្ត​»​ម្នាក់​ដែល​មក​រក​អ្នក គ្រាន់​តែ​ពេល​ដែល​គាត់​ចង់​បាន​អ្វី​ពី​អ្នក​ប៉ុណ្ណោះ​នោះ? អ្នក​ប្រហែល​ជា​មិន​សូវ​គិត​ល្អ​ប៉ុន្មាន​ចំពោះ​គាត់​នោះ​ទេ។ ដោយ​ហេតុ​នេះ អ្នក​ប្រាកដ​ជា​ចង់​ប្រើ​ឯកសិទ្ធិ​នៃ​សេចក្ដី​អធិស្ឋាន ដើម្បី​ថ្លែង​អំណរ​គុណ​និង​សរសើរ​ទ្រង់ មិន​មែន​គ្រាន់​តែ​អង្វរ​ទ្រង់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​ទេ។—ភីលីព ៤:៦, ៧; ថែស្សាឡូនីច​ទី​១ ៥:១៧, ១៨