លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២

តើ​អ្នក​ពិត​ជា​អាច​«ចូល​ទៅ​ជិត​ព្រះ»​បាន​ទេ?

តើ​អ្នក​ពិត​ជា​អាច​«ចូល​ទៅ​ជិត​ព្រះ»​បាន​ទេ?

១, ២​. (ក) តើ​អ្វី​ជា​គំនិត​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​មិន​គួរ​ឲ្យ​ជឿ​នោះ? ប៉ុន្ដែ តើ​ក្នុង​ព្រះ​គម្ពីរ​ព្រះ​ធានា​ថា​យើង​អាច​ទទួល​បាន​អ្វី? (ខ) តើ​អ័ប្រាហាំ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​អ្នក​ណា? ព្រោះ​អ្វី?

តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​ព្រះ​អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដី​ណែនាំ​ឲ្យ​មនុស្ស​ស្គាល់​អ្នក​ថា«នេះ​ជា​មិត្ដ​សំឡាញ់​របស់​យើង»? ចំពោះ​មនុស្ស​ជា​ច្រើន គំនិត​នេះ​ស្តាប់​ទៅ​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ។ យ៉ាង​ណា​មិញ តើ​មនុស្ស​ជាតិ​ម្នាក់​អាច​ចង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដូច​ម្ដេច​បាន? ប៉ុន្ដែ ក្នុង​ព្រះ​គម្ពីរ​ព្រះ​ធានា​ថា យើង​ពិត​ជា​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ព្រះ​បាន។

លោក​អ័ប្រាហាំ​ពី​សម័យ​បុរាណ​ធ្លាប់​មាន​ភាព​ស្និទ្ធ​ស្នាល​បែប​នេះ​ជា​មួយ​នឹង​ព្រះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​អ័ប្រាហាំ​ថា គាត់​ជា‹មិត្ដ​សំឡាញ់​របស់​យើង›។ (អេសាយ ៤១:៨) ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​រាប់​អាន​អ័ប្រាហាំ​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​អង្គ​ផ្ទាល់។ អ័ប្រាហាំ​បាន​មាន​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​នេះ​ដោយ​សារ​គាត់«បាន​ជឿ​ដល់​ព្រះ»។ (យ៉ាកុប ២:២៣) សព្វ​ថ្ងៃ​នេះ​ដែរ ព្រះ​យេហូវ៉ា​ក៏​ស្វែង​រក​អស់​អ្នក​ណា​ដែល​ចង់​ថ្វាយ​បង្គំ​ទ្រង់​ដោយ​សារ​ពួក​គេ​ស្រឡាញ់​ទ្រង់ ដើម្បី​ទ្រង់​អាច«ជាប់​ព្រះ​ទ័យ»ស្រឡាញ់​ពួក​គេ។ (ទុតិយកថា ១០:១៥, ខ.ស.) បន្ទូល​របស់​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ថា៖ «[ចូរ]ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ាកុប ៤:៨) បន្ទូល​ទាំង​នេះ​លាក់​បង្កប់​នូវ​សេចក្ដី​អញ្ជើញ​មួយ​ព្រម​ទាំង​សេចក្ដី​សន្យា​មួយ​ដែរ។

៣​. តើ​ព្រះ​យេហូវ៉ា​អញ្ជើញ​ឲ្យ​យើង​ធ្វើ​អ្វី? តើ​មាន​សេចក្ដី​សន្យា​អ្វី​ជាប់​ជា​មួយ​នឹង​ការ​អញ្ជើញ​នេះ?

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ ទ្រង់​ប្រុង​ប្រៀប​ចង​មិត្ដភាព​ជា​មួយ​នឹង​យើង​ជា​និច្ច។ ទន្ទឹម​គ្នា​នឹង​នេះ​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ចូល​មក​ជិត​យើង​ដែរ បើ​យើង​ព្យាយាម​ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​នោះ។ យ៉ាង​នេះ យើង​នឹង​មាន​ទំ​នាក់​ទំ​នាក់​មួយ​ដ៏​វិសេស​វិសាល​មែន គឺ​មាន«មេត្រី»ជា​មួយ​ព្រះ​យេហូវ៉ា។ * (ទំនុក​ដំកើង ២៥:១៤) ក្នុង​ភាសា​ដើម​ពាក្យ«មេត្រី»រួម​បញ្ចូល​អត្ថ​ន័យ​ថា​ការ​ប្រាប់​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​មិត្ដ​សំឡាញ់​ដ៏​ស្និទ្ធ​ស្នាល​បំផុត។

៤​. តើ​អ្នក​នឹង​ពណ៌នា​យ៉ាង​ណា​អំពី​មិត្ដ​ជិត​ស្និទ្ធ? ហើយ​ចំពោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា តើ​ទ្រង់​ជា​មិត្ដ​ជិត​ស្និទ្ធ​បែប​ណា?

តើ​អ្នក​មាន​មិត្ដ​ជិត​ស្និទ្ធ​ម្នាក់​ដែល​អ្នក​អាច​ប្រាប់​នូវ​រឿង​អាថ៌​កំបាំង​របស់​ខ្លួន​ឬ​ទេ? មិត្ដ​ម្នាក់​បែប​នេះ​ជា​មិត្ដ​ដែល​ស្រឡាញ់​រាប់​អាន​អ្នក​ពិត។ អ្នក​ក៏​ទុក​ចិត្ដ​មិត្ដ​នេះ ដ្បិត​គាត់​ស្មោះ​ត្រង់​នឹង​អ្នក​ជា​និច្ច។ អំណរ​របស់​អ្នក​មាន​កាន់​តែ​ទ្វេ​ឡើង​ពេល​អ្នក​នៅ​ជា​មួយ​មិត្ដ​របស់​អ្នក។ ពេល​អ្នក​លំបាក​ចិត្ដ មិត្ដ​អ្នក​តែង​តែ​អាណិត​អ្នក ប្រុង​ស្តាប់​អ្នក​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ ព្រម​ទាំង​ជួយ​រំលែក​ទុក្ខ​អ្នក​ទៀត​ផង។ សូម្បី​តែ​ពេល​គ្មាន​អ្នក​ឯ​ទៀត​យល់​ចិត្ដ​អ្នក​ក៏​ដោយ មិត្ដ​របស់​អ្នក​យល់​ចិត្ដ​អ្នក​ច្បាស់​ណាស់។ ស្រដៀង​គ្នា​ដែរ ពេល​អ្នក​ចូល​ទៅ​ជិត​ព្រះ ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ជា​មិត្ដ​សំឡាញ់​ដ៏​ពិសេស​មួយ​ដែល​ស្រឡាញ់​រាប់​អាន​អ្នក​យ៉ាង​ស្មោះ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ជា​ទី​បំផុត និង​យល់​ចិត្ដ​អ្នក​ទាំង​ស្រុង។ (ទំនុក​ដំកើង ១០៣:១៤; ពេត្រុសទី១ ៥:៧) អ្នក​អាច​ទូល​ប្រាប់​ទ្រង់​នូវ​អារម្មណ៍​លាក់​កំបាំង​ដែល​មាន​ក្នុង​ចិត្ដ​របស់​អ្នក ដ្បិត​ទ្រង់​គឺ​ស្មោះ​ត្រង់​នឹង​អស់​អ្នក​ណា​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់​នោះ។ (ទំនុក​ដំកើង ១៨:២៥) ប៉ុន្ដែ យើង​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​ដ៏​ពិសេស​នេះ​ជា​មួយ​ព្រះ​បាន ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​បង្កើត​នូវ​មាគ៌ា​មួយ​ជា​មុន​រួច​ស្រេច​ទៅ​ហើយ។

ព្រះ​យេហូវ៉ា​បាន​បង្កើត​នូវ​មាគ៌ា​មួយ

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់?

បើ​ស្រេច​នឹង​យើង​ប៉ុណ្ណោះ យើង​មិន​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​ទេ ពីព្រោះ​យើង​ជា​មនុស្ស​មាន​បាប។ (ទំនុក​ដំកើង ៥:៤) ប៉ុន្ដែ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «តែ​ឯ​ព្រះ ទ្រង់​សំ​ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ (រ៉ូម ៥:៨) ពិត​ណាស់ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​ព្រះ​យេស៊ូ​«​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»។ (ម៉ាថាយ ២០:២៨) ជំនឿ​របស់​យើង​ទៅ​លើ​យញ្ញ​បូជា​លោះ​នោះ ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ។ ដោយ​ព្រោះ​ព្រះ​បាន«ស្រឡាញ់​យើង​ជា​មុន» នោះ​ទ្រង់​បាន​ស្ថាបនា​មូលដ្ឋាន​ឲ្យ​យើង​ចង​មិត្ដភាព​ជា​មួយ​នឹង​ទ្រង់។—យ៉ូហានទី១ ៤:១៩

៦, ៧​. (ក) តើ​យើង​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ព្រះ​មួយ​អង្គ​ដ៏​អាថ៌​កំបាំង​នោះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​លក្ខណៈ​ទ្រង់​ឲ្យ​យើង​ស្គាល់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​មួយ​ទៀត​ដែរ គឺ​ទ្រង់​បាន​សម្ដែង​លក្ខណៈ​ទ្រង់​ឲ្យ​យើង​ស្គាល់។ ភាព​ជិត​ស្និទ្ធ​រវាង​មិត្ដ​សំឡាញ់​ពីរ​នាក់​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​មិត្ដ​ខ្លួន​យ៉ាង​ច្បាស់​លាស់ និង​ការ​ស្រឡាញ់​លក្ខណៈ​និង​ការ​ប្រព្រឹត្ដ​របស់​អ្នក​នោះ។ ដូច្នេះ បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដ៏​អាថ៌​កំបាំង ដែល​យើង​ស្គាល់​ពុំ​បាន នោះ​យើង​មិន​អាច​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់​បាន​ឡើយ។ ប៉ុន្ដែ ទ្រង់​មិន​លាក់​នូវ​ធាតុ​ពិត​របស់​ទ្រង់​ទេ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់​វិញ។ (អេសាយ ៤៥:១៩) ម្យ៉ាង​ទៀត មនុស្ស​ទាំង​អស់ សូម្បី​តែ​មនុស្ស​ដែល​លោកីយ៍​នេះ​ចាត់​ទុក​ថា គ្មាន​តម្លៃ​នោះ ក៏​អាច​មាន​លទ្ធភាព​រៀន​នូវ​អ្វី​ដែល​សម្ដែង​ពី​អង្គ​ទ្រង់​បាន​ដែរ។—ម៉ាថាយ ១១:២៥

ព្រះ​យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់​តាម​រយៈ​ការ​បង្កើត​និង​ព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​បទ​គម្ពីរ

តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​លក្ខណៈ​ទ្រង់​ឲ្យ​យើង​ស្គាល់​យ៉ាង​ដូច​ម្ដេច? អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​ស​ឲ្យ​ឃើញ​នូវ​ផ្នែក​ផ្សេងៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ដូច​ជា​ភាព​មហិមា​នៃ​តេជានុភាព​របស់​ទ្រង់ ជំរៅ​នៃ​ប្រាជ្ញា​របស់​ទ្រង់ និង​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់​របស់​ទ្រង់។ (រ៉ូម ១:២០) ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​សម្ដែង​លក្ខណៈ​របស់​ទ្រង់​តាម​រយៈ​អ្វី​ដែល​ទ្រង់​បាន​បង្កើត​ប៉ុណ្ណោះ​ទេ។ ដោយ​សារ​ទ្រង់​តែង​តែ​ផ្ដល់​ចំណេះ​ដឹង​តាម​វិធី​ដ៏​អស្ចារ្យ​ជា​និច្ច​នោះ ទ្រង់​បាន​សម្ដែង​លក្ខណៈ​របស់​ទ្រង់​ជា​លាយ​លក្ខណ៍​អក្សរ​ដែរ គឺ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ហៅ​ថា​ព្រះ​គម្ពីរ។

ការ​មើល​ឃើញ«ព្រះ​គុណ​នៃ​ព្រះ​យេហូវ៉ា»

៨​. ហេតុ​អ្វី​យើង​អាច​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​ភស្ដុ​តាង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

ព្រះ​គម្ពីរ​ជា​ភស្ដុ​តាង​មួយ​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​សម្ដែង​អង្គ​ទ្រង់​ដោយ​ប្រើ​ការ​ពណ៌នា​ដែល​យើង​អាច​យល់​បាន។ នេះ​ជា​ភស្ដុ​តាង​ថា​ទ្រង់​មិន​គ្រាន់​តែ​ស្រឡាញ់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់​និង​ស្រឡាញ់​ទ្រង់​ផង​ដែរ។ ពត៌មាន​ដែល​យើង​អាន​ក្នុង​សៀវភៅ​ដ៏​វិសេស​នេះ ជួយ​ឲ្យ​យើង​មើល​ឃើញ​នូវ«ព្រះ​គុណ​នៃ​ព្រះ​យេហូវ៉ា»ហើយ​ក៏​ជំរុញ​ចិត្ដ​យើង​ឲ្យ​ចង់​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ទ្រង់​ដែរ។ (ទំនុក​ដំកើង ៩០:១៧) យើង​សូម​ពិចារណា​នូវ​វិធី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​សម្ដែង​លក្ខណៈ​ទ្រង់​ក្នុង​ព្រះ​គម្ពីរ​យ៉ាង​គួរ​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ដ។

៩​. សូម​លើក​ឧទាហរណ៍​អំពី​ចំណែង​ចំៗ​ខ្លះ​ដែល​បញ្ជាក់​គុណ​សម្បត្ដិ​របស់​ព្រះ។

បទ​គម្ពីរ​មាន​ចំណែង​ចំៗ​ជា​ច្រើន​ដែល​បញ្ជាក់​លក្ខណៈ​ផ្សេងៗ​របស់​ព្រះ។ សូម​កត់​សម្គាល់​នូវ​តួ​យ៉ាង​ដូច​ត​ទៅ​នេះ។ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»។ (ទំនុក​ដំកើង ៣៧:២៨) ព្រះ«មាន​ឫទ្ធានុភាព​ខ្ពង់​ខ្ពស់​បំផុត»។ (យ៉ូប ៣៧:២៣, ខ.ស.) «ព្រះ​យេហូវ៉ា​ . . . គឺ​ជា​ព្រះ​ស្មោះ​ត្រង់»។ (ចោទិយកថា ៧:៩) «ទ្រង់​មាន​ព្រះ​ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា»។ (យ៉ូប ៩:៤) ទ្រង់«មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់»។ (និក្ខមនំ ៣៤:៦) «ឱ​ព្រះ​អម្ចាស់​អើយ! ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស»។ (ទំនុក​ដំកើង ៨៦:៥) ដូច​ចែង​ក្នុង​ជំពូក​ទី​មួយ មាន​គុណ​សម្បត្ដិ​មួយ​ដែល​លេច​ធ្លោ​ជាង​គេ គឺ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ពេល​អ្នក​គិត​អំពី​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទាំង​នេះ អ្នក​ពិត​ជា​ចង់​ចូល​ទៅ​ជិត​ព្រះ​ដែល​ល្អ​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ មែន​ទេ?

ព្រះ​គម្ពីរ​ជួយ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា

១០, ១១, (ក) ដើម្បី​ជួយ​យើង​យល់​ដឹង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង តើ​ទ្រង់​បាន​ថែម​បញ្ចូល​អ្វី​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់? (ខ) តើ​កំណត់​ហេតុ​អ្វី​ក្នុង​ព្រះ​គម្ពីរ​ជួយ​យើង​ឃើញ​ក្នុង​ចិត្ដ​នូវ​របៀប​ព្រះ​ប្រើ​តេជានុភាព​របស់​ទ្រង់?

១០ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​មាន​បន្ទូល​អំពី​គុណ​សម្បត្ដិ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង នោះ​ព្រះ​យេហូវ៉ា​ក៏​បាន​ថែម​បញ្ចូល​នូវ​ឧទាហរណ៍​ជាក់​លាក់​ក្នុង​បន្ទូល​ទ្រង់​ដោយ​បង្ហាញ​នូវ​របៀប​ដែល​ទ្រង់​បាន​សម្ដែង​គុណ​សម្បត្ដិ​ទាំង​នេះ​ក្នុង​ការ​ប្រព្រឹត្ដ​របស់​ទ្រង់។ កំណត់​ហេតុ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ឃើញ​ទិដ្ឋភាព​ច្បាស់ៗ​ក្នុង​ចិត្ដ​ហាក់​ដូច​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក ប្រយោជន៍​ឲ្យ​យើង​យល់​រឹត​តែ​ច្បាស់​នូវ​ផ្នែក​ផ្សេងៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ ការ​យល់​ដឹង​នេះ​ជួយ​យើង​ចូល​ទៅ​ជិត​ទ្រង់។ សូម​ពិចារណា​ឧទាហរណ៍​មួយ។

១១ យើង​អាច​យល់​បាន​ខ្លះ​ពេល​យើង​អាន​ថា​ព្រះ​មាន«តេជានុភាព​ដ៏​ខ្លាំង​ក្លា»។ (អេសាយ ៤០:២៦) ប៉ុន្ដែ យើង​អាច​យល់​ច្បាស់​ជាង​ពេល​យើង​អាន​អំពី​របៀប​ទ្រង់​បាន​សង្គ្រោះ​អ៊ីស្រាអែល​ដោយ​ជួយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​សមុទ្រ​ក្រហម រួច​ចិញ្ចឹម​ពួក​គេ​ក្នុង​ទី​រហោ​ស្ថាន​អស់​៤០​ឆ្នាំ។ អ្នក​អាច​គិត​ក្នុង​ចិត្ដ​ឃើញ​ទឹក​សមុទ្រ​ពុះ​ខ្ជោល​ញែក​ពី​គ្នា និង​ឃើញ​សាសន៍​អ៊ីស្រាអែល​ប្រហែល​ជា​៣.០០០.០០០​នាក់​ដើរ​ឆ្លង​កាត់​បាត​សមុទ្រ​ដ៏​រីង​ស្ងួត​នៅ​កណ្ដាល​ទឹក​ដែល​បាន​នៅ​នឹង ឡើង​ជា​គំនរ​ធំ​ទាំង​សង​ខាង​ពួក​គេ។ (និក្ខមនំ ១៤:២១; ១៥:៨) អ្នក​អាច​ឃើញ​ក្នុង​ចិត្ដ​នូវ​ភស្ដុ​តាង​ថា​ព្រះ​បាន​ការពារ​និង​ថែ​រក្សា​ពួក​គេ​ក្នុង​ទី​រហោ​ស្ថាន។ ទឹក​បាន​ហូរ​ចេញ​ពី​ដុំ​ថ្ម និង​ម្ហូប​អាហារ​ដែល​មើល​ទៅ​ដូច​ជា​គ្រាប់​សៗ​បាន​លេច​ឡើង​ពាស​ពេញ​លើ​ផ្ទៃ​ដី។ (និក្ខមនំ ១៦:៣១; ជនគណនា ២០:១១) ក្នុង​កំណត់​ហេតុ​ទាំង​នេះ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​សម្ដែង​ថា​ទ្រង់​មាន​តេជានុភាព​ទេ ប៉ុន្ដែ​ទ្រង់​ក៏​បាន​សម្ដែង​ឲ្យ​ដឹង​ថា ទ្រង់​ប្រើ​តេជានុភាព​នោះ​ដើម្បី​ជួយ​រាស្ដ្រ​របស់​ទ្រង់។ ការ​ដឹង​ថា​ព្រះ​ដ៏​ខ្លាំង​ក្លា​មួយ​អង្គ​កំពុង​តែ​ព្រះ​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​ជា‹ទី​ពឹង​ជ្រក ជា​កំឡាំង​នៃ​យើង​ខ្ញុំ និង​ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​យើង​ក្នុង​គ្រា​អាសន្ន›នោះ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ដ៏​ពិត​ទៅ​លើ​ទ្រង់ មែន​ទេ?—ទំនុក​ដំកើង ៤៦:១

១២​. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​យល់​អំពី​អង្គ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​យេហូវ៉ា​ដែល​ជា​បុគ្គល​វិញ្ញាណ​នោះ​បាន​ធ្វើ​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ជួយ​យើង​ស្គាល់​ទ្រង់។ ចក្ខុ​វិស័យ​របស់​មនុស្ស​ជាតិ​មាន​កំរិត ដូច្នេះ​យើង​មិន​អាច​មើល​ឃើញ​អ្វី​ក្នុង​វិស័យ​វិញ្ញាណ​បាន​ឡើយ។ បើ​ព្រះ​បាន​ពណ៌នា​ពី​អង្គ​ទ្រង់​ដោយ​និយាយ​អំពី​អ្វី​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​យើង​ខំ​ពណ៌នា​អំពី​ពណ៌​ភ្នែក​ឬ​អាចម៍​រុយ​ឲ្យ​មនុស្ស​ម្នាក់​ដែល​ងងឹត​ភ្នែក​ពី​កំណើត​យល់​ដឹង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​សប្បុរស​ឲ្យ​យល់​អំពី​អង្គ​ទ្រង់​ដោយ​ប្រៀប​ធៀប​នឹង​អ្វី​ដែល​យើង​យល់​បាន។ ជួន​កាល ទ្រង់​មាន​បន្ទូល​ជា​អត្ថបដិរូប​និង​ន័យ​ធៀប ដោយ​ប្រៀប​ធៀប​អង្គ​ទ្រង់​ទៅ​នឹង​អ្វី​ដែល​យើង​ស្គាល់។ ទ្រង់​ក៏​បាន​ពណ៌នា​ថា​ទ្រង់​មាន​រូប​សម្បត្ដិ​ដូច​មនុស្ស​ជាតិ​ទៀត​ផង។ *

១៣​. តើ​អេសាយ ៤០:១១ ធ្វើ​ឲ្យ​យើង​ឃើញ​ទិដ្ឋភាព​អ្វី​ក្នុង​ចិត្ដ? ហើយ​តើ​នេះ​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ចិត្ដ​អ្នក?

១៣ សូម​កត់​សម្គាល់​នូវ​ការ​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​នៅ​អេសាយ ៤០:១១​ដែល​ចែង​ថា៖ «ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ​ឧរា»។ ទី​នេះ ព្រះ​យេហូវ៉ា​ត្រូវ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​គង្វាល​ដែល​លើក​បី​កូន​ចៀម​នឹង«ព្រះ​ពាហុ»ឬ​ថា​កំភួន​ដៃ។ នេះ​បញ្ជាក់​ថា​ព្រះ​មាន​សមត្ថភាព​ការពារ​និង​គាំ​ទ្រ​រាស្ដ្រ​របស់​ទ្រង់ សូម្បី​តែ​អ្នក​ខ្សោយ​ក៏​ដោយ។ យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិ​ភាព ដ្បិត​បើ​យើង​ស្មោះ​ត្រង់​នឹង​ទ្រង់ នោះ​ទ្រង់​នឹង​មិន​ដែល​បោះបង់​យើង​ចោល​ឡើយ។ (រ៉ូម ៨:៣៨, ៣៩) អ្នក​គង្វាល​ដ៏​ឧត្ដម​បី​កូន​ចៀម«នៅ​ព្រះ​ឧរា»។ ពាក្យ​នេះ​សំដៅ​ទៅ​លើ​ថ្នក់​អាវ​ធំ​នៃ​អាវ​ក្រៅ​ដែល​អ្នក​គង្វាល​ជួន​កាល​ប្រើ​ដើម្បី​បី​កូន​ចៀម​ដែល​ទើប​នឹង​កើត។ នេះ​ធានា​យើង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​និង​ថែ​រក្សា​យើង​យ៉ាង​ថ្នាក់​ថ្នម។ គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​យើង​ចង់​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។

«ព្រះ​រាជ​បុត្រ​សព្វ​ព្រះ​ហឫទ័យ​បើក​ឲ្យ​ស្គាល់​ទ្រង់»

១៤​. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូ​ឲ្យ​យើង​ស្គាល់​ទ្រង់​ច្បាស់​បំផុត?

១៤ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ទ្រង់​សម្ដែង​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់​ឲ្យ​បាន​ច្បាស់​បំផុត តាម​រយៈ​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ត្រាប់​តាម​គំនិត​និង​ព្រះ​ទ័យ​របស់​ព្រះ​ឲ្យ​បាន​ដិត​ដល់​ជាង​ព្រះ​យេស៊ូ​ឡើយ។ ហើយ​ក៏​គ្មាន​អ្នក​ណា​ដែល​អាច​ពន្យល់​អំពី​ព្រះ​ឲ្យ​បាន​ច្បាស់​ល្អិត​ល្អន់​ជាង​ព្រះ​យេស៊ូ​ដែរ។ យ៉ាង​ណា​មិញ ព្រះ​រាជបុត្រា​ច្បង​នេះ​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ​ជា​មួយ​វរបិតា​ទ្រង់​មុន​ព្រះ​បង្កើត​សកល​លោក​និង​បុគ្គល​វិញ្ញាណ​ឯ​ទៀត។ (កូល៉ុស ១:១៥) ព្រះ​យេស៊ូ​បាន​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ជិត​ស្និទ្ធ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា៖ «គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​រាជបុត្រា​ទេ មាន​តែ​ព្រះ​វរបិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​វរបិតា​ដែរ មាន​តែ​ព្រះ​រាជ​បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ​រាជ​បុត្រ​សព្វ​ព្រះ​ហឫទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ»។ (លូកា ១០:២២) ពេល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​លើ​ផែន​ដី​ជា​បុរស​ម្នាក់ នោះ​ទ្រង់​សម្ដែង​ឲ្យ​យើង​ស្គាល់​វរបិតា​របស់​ទ្រង់​តាម​វិធី​ពីរ​យ៉ាង​ដ៏​សំខាន់។

១៥, ១៦​. តើ​វិធី​ពីរ​យ៉ាង​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​វរបិតា​របស់​ទ្រង់​ជា​អ្វី?

១៥ ទី​មួយ ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ជួយ​យើង​ស្គាល់​វរបិតា​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ។ ជា​ឧទាហរណ៍ ដើម្បី​ពន្យល់​ថា​ព្រះ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា និង​ថា​ទ្រង់​ព្រម​ទទួល​ស្វាគមន៍​នូវ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពី​បាប​តែ​ប្រែ​ចិត្ដ​វិញ​នោះ ព្រះ​យេស៊ូ​បាន​ប្រៀប​ធៀប​ព្រះ​យេហូវ៉ា​ទៅ​នឹង​ឪពុក​មួយ​រូប​ដែល​ចេះ​អត់​ឱន​ទោស ពេល​ឃើញ​កូន​បង្ហិន​ទ្រព្យ​របស់​ខ្លួន​មក​វិញ​ហើយ​អាណិត​កូន​ដល់​ម៉្លេះ​ដែល​គាត់​រត់​ទៅ​ឱប​ថើប​កូន​យ៉ាង​ថ្នមៗ។ (លូកា ១៥:១១​-​២៤) ព្រះ​យេស៊ូ​ក៏​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​ថា​ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល«ទាញ​នាំ»មនុស្ស​ចិត្ដ​ស្មោះ​សរ​ឲ្យ​មក​ឯ​ទ្រង់ ពីព្រោះ​ទ្រង់​ស្រឡាញ់​លក្ខណៈ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ (យ៉ូហាន ៦:៤៤) ព្រះ​យេហូវ៉ា​រហូត​ដល់​ជ្រាប​ដឹង​ពេល​ចាប​តូច​មួយ​ងាប់​ធ្លាក់​ដល់​ដី។ ដូច្នេះ ព្រះ​យេស៊ូ​បាន​ពន្យល់​ថា«មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»ទៅ​ទៀត។ (ម៉ាថាយ ១០:២៩, ៣១) យើង​ពិត​ជា​មាន​អារម្មណ៍​ចង់​ចូល​ទៅ​ជិត​ព្រះ​មួយ​អង្គ​ដែល​ចេះ​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​នេះ​មែន។

១៦ ទី​ពីរ យើង​អាច​ឃើញ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​គំរូ​របស់​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​បាន​សម្ដែង​នូវ​លក្ខណៈ​របស់​វរបិតា​ទ្រង់​យ៉ាង​គ្រប់​ល័ក្ខណ៍ ដល់​ម៉្លេះ​ដែល​ទ្រង់​អាច​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​បាន​ឃើញ​ព្រះ​វរបិតា​ដែរ»។ (យ៉ូហាន ១៤:៩) ដូច្នេះ ពេល​យើង​អាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​អារម្មណ៍​ផ្សេងៗ​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​និង​របៀប​ទ្រង់​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត គឺ​ដូច​ជា​កំពុង​តែ​មើល​ឃើញ​វរបិតា​របស់​ព្រះ​យេស៊ូ​ផ្ទាល់​នឹង​ភ្នែក​យើង។ គ្មាន​វិធី​ណា​ល្អ​ជាង​នេះ​ទេ ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​គុណ​សម្បត្ដិ​របស់​ទ្រង់។ ហេតុ​អ្វី​អាច​និយាយ​ដូច្នេះ​បាន?

១៧​. សូម​ជូន​ឧទាហរណ៍​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ជួយ​យើង​យល់​អំពី​លក្ខណៈ​របស់​ទ្រង់។

១៧ ជា​ឧទាហរណ៍: សូម​គិត​ក្នុង​ចិត្ដ​ថា​អ្នក​ចង់​ពន្យល់​អត្ថ​ន័យ​នៃ​ពាក្យ​សប្បុរស។ អ្នក​ប្រហែល​ជា​ប្រើ​សំ​ដី​ដើម្បី​បក​ស្រាយ​អត្ថ​ន័យ។ ប៉ុន្ដែ បើ​អ្នក​អាច​ចង្អុល​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​អំពើ​សប្បុរស​ហើយ​ពោល​ថា៖ «នេះ​ជា​គំរូ​មួយ​នៃ​សេចក្ដី​សប្បុរស» នោះ​ពាក្យ«សប្បុរស»នឹង​មាន​ខ្លឹម​សារ​ច្រើន​ជាង​ហើយ​និង​ស្រួល​យល់​ជាង។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ស្រដៀង​គ្នា​នឹង​នេះ​ដែរ​ដើម្បី​ជួយ​យើង​យល់​លក្ខណៈ​របស់​ទ្រង់។ ទន្ទឹម​គ្នា​នឹង​បន្ទូល​របស់​ទ្រង់ ទ្រង់​បាន​ផ្ដល់​នូវ​គំរូ​មួយ​តាម​រយៈ​ព្រះ​ជន្ម​នៃ​រាជ​បុត្រ​របស់​ទ្រង់។ យើង​អាច​មើល​ឃើញ​ព្រះ​យេស៊ូ​ប្រព្រឹត្ដ​ដោយ​សម្ដែង​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា។ តាម​រយៈ​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​មាន​បន្ទូល​ថា៖ «នេះ​ជា​លក្ខណៈ​របស់​ខ្ញុំ»។ តើ​កំណត់​ហេតុ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ​ពណ៌នា​យ៉ាង​ណា​អំពី​ព្រះ​យេស៊ូ​ពេល​ទ្រង់​គង់​លើ​ផែន​ដី?

១៨​. តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច?

១៨ គុណ​សម្បត្ដិ​បួន​ដ៏​ចំ​បង​របស់​ព្រះ​យេហូវ៉ា​ត្រូវ​សម្ដែង​យ៉ាង​ប្រសើរ​តាម​រយៈ​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​មាន​តេជានុភាព​ដែល​សម្ដែង​ចេញ​ជា​អំណាច​ប្រោស​ជំងឺ​ឲ្យ​ជា បំបាត់​ការ​អត់​ឃ្លាន​និង​ឈ្នះ​សេចក្ដី​ស្លាប់​ទៀត​ផង។ ប៉ុន្ដែ ផ្ទុយ​ពី​មនុស្ស​ដែល​ប្រើ​អំណាច​ខ្លួន​ដើម្បី​រំលោភ​បំពាន​នោះ ព្រះ​យេស៊ូ​មិន​ដែល​ប្រើ​អំណាច​របស់​ទ្រង់​ដើម្បី​ធ្វើ​អព្ភូតហេតុ​ជួយ​អង្គ​ទ្រង់​ឬ​ធ្វើ​បាប​អ្នក​ឯ​ទៀត​ឡើយ។ (ម៉ាថាយ ៤:២​-​៤) ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យុត្ដិធម៌​ដែល​សម្ដែង​ចេញ​ជា​សេចក្ដី​ខ្ញាល់​ដ៏​សុចរិត​ពេល​ឃើញ​អ្នក​ជួញ​ដូរ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ជញ្ជក់​យក​ប្រយោជន៍​ពី​ប្រជាជន។ (ម៉ាថាយ ២១:១២, ១៣) ព្រះ​យេស៊ូ​ក៏​បាន​ជួយ​ជន​ក្រី​ក្រ​និង​អ្នក​ដែល​បាន​ត្រូវ​ជិះ​ជាន់​ឲ្យ​បាន«សេចក្ដី​សំ​រាក​ដល់​ព្រលឹង»ទាំង​បាន​ប្រព្រឹត្ដ​ដោយ​មិន​លំ​អៀង​ចំពោះ​ពួក​គេ។ (ម៉ាថាយ ១១:៤, ៥, ២៨​-​៣០) ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ដែល​ជា«១​អង្គ​វិសេស​ជាង​ហ្លួង​សាឡូម៉ូន»បាន​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ដ៏​ជ្រាល​ជ្រៅ​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។ (ម៉ាថាយ ១២:៤២) ប៉ុន្ដែ ព្រះ​យេស៊ូ​មិន​ដែល​បង្អួត​សំញែង​នូវ​ប្រាជ្ញា​របស់​ទ្រង់​ឡើយ។ បន្ទូល​របស់​ទ្រង់​បាន​ជំរុញ​ចិត្ដ​របស់​មនុស្ស​សាមញ្ញ​ធម្មតា ដ្បិត​ការ​បង្រៀន​របស់​ទ្រង់​គឺ​ច្បាស់ ស្រួល​យល់ និង​មាន​ប្រយោជន៍។

១៩, ២០​. (ក) ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​ខាង​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់? (ខ) ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​គំរូ​របស់​ព្រះ​យេស៊ូ តើ​យើង​ត្រូវ​នឹក​ចាំ​អ្វី?

១៩ ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​ខាង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់។ ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់​នោះ ព្រះ​យេស៊ូ​បាន​សម្ដែង​លក្ខណៈ​នានា​នៃ​សេចក្ដី​ស្រឡាញ់ ដែល​រួម​បញ្ចូល​ទាំង​ការ​យល់​អារម្មណ៍​អ្នក​ដទៃ​និង​សេចក្ដី​មេត្ដា​ករុណា​ផង​ដែរ។ ឲ្យ​តែ​ព្រះ​យេស៊ូ​ទត​ឃើញ​អ្នក​ណា​ម្នាក់​រង​ទុក្ខ​វេទនា ទ្រង់​តែង​តែ​អាណិត​អាសូរ​ជា​និច្ច។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​ទ័យ​អាណិត​អាសូរ​នេះ​បាន​ជំរុញ​ទ្រង់​ឲ្យ​ជួយ​អ្នក​ឯ​ទៀត។ (ម៉ាថាយ ១៤:១៤) ទោះ​ជា​ព្រះ​យេស៊ូ​បាន​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា និង​ប្រទាន​អាហារ​ដល់​ពួក​អ្នក​ស្រេក​ឃ្លាន​ក៏​ដោយ ទ្រង់​បាន​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​តាម​វិធី​ដ៏​សំខាន់​ជាង​នេះ​ទៅ​ទៀត។ ព្រះ​យេស៊ូ​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់ ឲ្យ​ប្រព្រឹត្ដ​តាម និង​ឲ្យ​ស្រឡាញ់​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​នឹង​ប្រទាន​ពរ​ដ៏​ស្ថិត​ស្ថេរ​ទៅ​លើ​មនុស្ស​ជាតិ។ (ម៉ាកុស ៦:៣៤; លូកា ៤:៤៣) សំខាន់​ជាង​នេះ​ទៅ​ទៀត ព្រះ​យេស៊ូ​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ជំរុញ​ឲ្យ​ទ្រង់​សុខ​ចិត្ដ​ពលី​ព្រះ​ជន្ម​ទ្រង់​ជា​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។—យ៉ូហាន ១៥:១៣

២០ គ្មាន​អ្វី​ប្លែក​ទេ​ដែល​មនុស្ស​គ្រប់​វ័យ​គ្រប់​មជ្ឈដ្ឋាន​ចង់​ចូល​ទៅ​ជិត​ព្រះ​យេស៊ូ ព្រោះ​ទ្រង់​ពោរ​ពេញ​ទៅ​ដោយ​ភាព​កក់​ក្ដៅ​និង​ជំរៅ​ព្រះ​ទ័យ​មេត្ដា​ករុណា​របស់​ទ្រង់​ជ្រាល​ជ្រៅ​ណាស់។ (ម៉ាកុស ១០:១៣​-​១៦) ប៉ុន្ដែ ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​គំរូ​របស់​ព្រះ​យេស៊ូ ចូរ​យើង​ចាំ​ជា​និច្ច​ថា រាជបុត្រា​នេះ​កំពុង​តែ​សម្ដែង​ឲ្យ​យើង​ឃើញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​លក្ខណៈ​នៃ​វរបិតា​ទ្រង់។—ហេព្រើរ ១:៣

ជំនួយ​សំរាប់​ការ​សិក្សា

២១, ២២​. តើ​ការ​ស្វែង​រក​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី? តើ​សៀវភៅ​សិក្សា​នេះ​ជួយ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

២១ ដោយ​សារ​ព្រះ​យេហូវ៉ា​សម្ដែង​លក្ខណៈ​ទ្រង់​យ៉ាង​ច្បាស់​ឲ្យ​យើង​ស្គាល់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​ទ្រង់​បង្ហាញ​ឲ្យ​យើង​ដឹង​ប្រាកដ​ថា ទ្រង់​ចង់​ឲ្យ​យើង​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ទ្រង់។ ម្យ៉ាង​វិញ​ទៀត ទ្រង់​មិន​បង្ខំ​ឲ្យ​យើង​ចង​មិត្ដភាព​ជា​មួយ​នឹង​ទ្រង់​ឡើយ។ យើង​មាន​ភារកិច្ច​ស្វែង​រក​ទ្រង់«ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ»។ (អេសាយ ៥៥:៦) ការ​ស្វែង​រក​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ការ​រៀន​ឲ្យ​ស្គាល់​លក្ខណៈ​និង​ការ​ប្រព្រឹត្ដ​របស់​ទ្រង់​ដែល​ត្រូវ​សម្ដែង​មក​ក្នុង​ព្រះ​គម្ពីរ។ សៀវភៅ​សិក្សា​នេះ​ដែល​អ្នក​កំពុង​តែ​អាន​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ជួយ​អ្នក​ធ្វើ​ដូច្នេះ។

២២ អ្នក​នឹង​កត់​សម្គាល់​ថា សៀវភៅ​នេះ​បាន​ត្រូវ​បំបែក​ជា​ផ្នែក​ផ្សេងៗ​តាម​គុណ​សម្បត្ដិ​ទាំង​បួន​របស់​ព្រះ​យេហូវ៉ា គឺ​តេជានុភាព យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់។ ផ្នែក​នានា​ចាប់​ផ្ដើម​ដោយ​មាន​សេចក្ដី​សង្ខេប​អំពី​គុណ​សម្បត្ដិ​ដែល​ត្រូវ​ពន្យល់​ក្នុង​ផ្នែក​នោះ។ ជំពូក​ទាំង​ប៉ុន្មាន​ក្នុង​ផ្នែក​មួយៗ​នោះ ពន្យល់​ពី​របៀប​ព្រះ​យេហូវ៉ា​សម្ដែង​លក្ខណៈ​ផ្សេងៗ​នៃ​គុណ​សម្បត្ដិ​ដែល​ត្រូវ​ពន្យល់​នោះ។ ផ្នែក​និមួយ​ៗ​ក៏​មាន​ជំពូក​មួយ​ដែល​ពន្យល់​នូវ​របៀប​ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​គំរូ​ដោយ​បង្ហាញ​គុណ​សម្បត្ដិ​នោះ ព្រម​ទាំង​មាន​ជំពូក​មួយ​ដែល​បញ្ជាក់​របៀប​យើង​អាច​សម្ដែង​គុណ​សម្បត្ដិ​នោះ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។

២៣, ២៤​. (ក) សូម​ពន្យល់​អំពី​ប្រអប់​ពិសេស​ចំណង​ជើង​ថា«សំនួរ​សំរាប់​រំពឹង​គិត»។ (ខ) តើ​ការ​រំពឹង​គិត​ជួយ​យើង​ចូល​ទៅ​ជិត​ព្រះ​ជាង​យ៉ាង​ដូច​ម្ដេច?

២៣ ចាប់​ផ្ដើម​ជំពូក​នេះ​ទៅ មាន​ប្រអប់​ពិសេស​មួយ​ហៅ​ថា«សំនួរ​សំរាប់​រំពឹង​គិត»។ ជា​ឧទាហរណ៍ សូម​មើល​ប្រអប់​នៅ​ទំព័រ​ទី​២៤។ ខ​គម្ពីរ​និង​សំនួរ​នោះ​មិន​មែន​ជា​ការ​រៀន​ជំពូក​នេះ​សា​ឡើង​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ គោល​បំណង​គឺ​ដើម្បី​ជួយ​យើង​រំពឹង​គិត​អំពី​លក្ខណៈ​ពិសេស​ឯ​ទៀត​នៃ​ពត៌មាន​ក្នុង​ជំពូក​នេះ។ តើ​យើង​អាច​ប្រើ​ប្រអប់​នោះ​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ប្រសិទ្ធ​ភាព? បើក​ព្រះ​គម្ពីរ​និង​អាន​បទ​គម្ពីរ​ទាំង​នេះ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។ រួច​មក ពិចារណា​សំនួរ​ដែល​មាន​ជា​មួយ​បទ​គម្ពីរ​នោះ។ រំពឹង​គិត​អំពី​ចម្លើយ​សំរាប់​សំនួរ​ទាំង​នោះ។ អ្នក​ប្រហែល​ជា​ចង់​ធ្វើ​ការ​ស្រាវជ្រាវ​ដែរ។ ស្វ័យ​សួរ​ខ្លួន​នូវ​សំនួរ​ថែម​ទៀត ដូច​សំនួរ​ថា៖ ‹តើ​ពត៌មាន​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? តើ​ទាក់​ទង​នឹង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? តើ​ខ្ញុំ​អាច​ប្រើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

២៤ ការ​រំពឹង​គិត​បែប​នេះ​អាច​ជួយ​យើង​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ព្រះ​គម្ពីរ​ចែង​ថា​ការ​រំពឹង​គិត​ជាប់​ទាក់​ទង​នឹង​ចិត្ដ​របស់​យើង។ (ទំនុក​ដំកើង ១៩:១៤) ពេល​យើង​រំពឹង​គិត​ដោយ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ព្រះ នោះ​ពត៌មាន​នេះ​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ដ​របស់​យើង រួច​មាន​ឥទ្ធិពល​លើ​របៀប​យើង​គិត និង​ដាស់​សតិ​អារម្មណ៍​របស់​យើង ហើយ​នៅ​ទី​បំផុត​ក៏​ជំរុញ​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​នឹង​មាន​កាន់​តែ​ជ្រៅ​ទៅៗ ហើយ​សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ចង់​ធ្វើ​អ្វី​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែល​ជា​មិត្ដ​សំឡាញ់​វិសេស​បំផុត​របស់​យើង។ (យ៉ូហានទី១ ៥:៣) ដើម្បី​មាន​មិត្ដភាព​បែប​នេះ យើង​ត្រូវ​ស្គាល់​លក្ខណៈ​និង​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ មុន​បង្អស់ យើង​សូម​ពិចារណា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ដែល​ជា​ហេតុ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ចង់​ចូល​ទៅ​ជិត​ទ្រង់​នោះ គឺ​ភាព​បរិសុទ្ធ​របស់​ទ្រង់។

^ វគ្គ 3 គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ពាក្យ​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា «មេត្រី»ក៏​ប្រើ​នៅ​អេម៉ុស ៣:៧។ ខ​នោះ​ចែង​ថា​ព្រះ​អម្ចាស់​មហា​ក្សត្រ​ព្រះ​យេហូវ៉ា​សម្ដែង​នូវ​«​គំនិត​លាក់​កំបាំង​»​របស់​ទ្រង់​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ដឹង​ទុក​ជា​មុន​នូវ​អ្វីៗ​ដែល​ជា​គោល​បំណង​របស់​ទ្រង់។

^ វគ្គ 12 ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​ភក្ត្រ​(​មុខ​) ព្រះ​នេត្រ​(​ភ្នែក​) ព្រះ​កាណ៌​(​ត្រចៀក​) ព្រះ​នាសា​(ច្រមុះ) ព្រះ​ឱស្ឋ(មាត់) ព្រះ​ហស្ដ(ដៃ) និង​ព្រះ​បាទ(ជើង)របស់​ព្រះ។ (ទំនុក​ដំកើង ១៨:១៥; ២៧:៨; ៤៤:៣; អេសាយ ៦០:១៣; ម៉ាថាយ ៤:៤; ពេត្រុសទី១ ៣:១២) ការ​ប្រៀប​ធៀប​បែប​នេះ​ត្រូវ​យល់​ជា​ន័យ​អត្ថបដិរូប ដូច​ការ​ចែង​ថា​ព្រះ​យេហូវ៉ា​ជា«ថ្មដា»ឬ​ជា«ខែល»នោះ​ដែរ។—ចោទិយកថា ៣២:៤; ទំនុក​ដំកើង ៨៤:១១