លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៩

«ប្រាជ្ញា​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​អាថ៌​កំបាំង​មួយ​ដ៏​ពិសិដ្ឋ»

«ប្រាជ្ញា​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​អាថ៌​កំបាំង​មួយ​ដ៏​ពិសិដ្ឋ»

១, ២​. តើ​យើង​គួរ​ចាប់​អារម្មណ៍​ទៅ​លើ«សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ»អ្វី? ហើយ​ហេតុ​អ្វី?

រឿង​អាថ៌​កំបាំង! ដោយ​ព្រោះ​រឿង​អាថ៌​កំបាំង​ធ្វើ​ឲ្យ​មនុស្ស​ចង់​ដឹង​ចង់​ឃើញ ទាក់​ទាញ​អារម្មណ៍​យ៉ាង​ខ្លាំង និង​មាន​ចម្ងល់ នោះ​មនុស្ស​ពិបាក​លាក់​ណាស់។ ក៏​ប៉ុន្ដែ ព្រះ​គម្ពីរ​ចែង​ថា៖ «ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្ដី នោះ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ»។ (សុភាសិត ២៥:២) ពិត​ណាស់ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពង់​ខ្ពស់​បំផុត​និង​ជា​អ្នក​បង្កើត គឺ​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ទុក​រឿង​ខ្លះ​ជា​អាថ៌​កំបាំង​មិន​ឲ្យ​មនុស្ស​ជាតិ​ដឹង​ទាល់​តែ​មក​ដល់​ពេល​កំណត់​របស់​ទ្រង់ ទើប​ទ្រង់​សម្ដែង​ឲ្យ​យល់។

ប៉ុន្ដែ មាន​អាថ៌​កំបាំង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចង់​ដឹង​ចង់​ឮ​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ អាថ៌​កំបាំង​នេះ​ហៅ​ថា៖«សេចក្ដី​អាថ៌​កំបាំង[«ដ៏​ពិសិដ្ឋ», ព.ថ.]នៃ​ព្រះ​ហឫទ័យ[ព្រះ]»។ (អេភេសូរ ១:៩) ការ​រៀន​អំពី​អាថ៌​កំបាំង​នេះ​មិន​គ្រាន់​តែ​បំពេញ​សេចក្ដី​ចង់​ដឹង​ចង់​ឮ​របស់​យើង​ប៉ុណ្ណោះ​ទេ។ ចំណេះ​អំពី​អាថ៌​កំបាំង​នេះ​អាច​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ ថែម​ទាំង​អាច​ហុច​ឱកាស​ឲ្យ​យល់​ខ្លះៗ​អំពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​វាស់​ស្ទង់​ពុំ​បាន។

ត្រូវ​បាន​សម្ដែង​ឲ្យ​យល់​ជា​បណ្ដើរៗ

៣, ៤​. តើ​ទំនាយ​នៅ​លោកុប្បត្ដិ ៣:១៥​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដូច​ម្ដេច? ក្នុង​ទំនាយ​នេះ តើ​អ្វី​ទៅ​ដែល​ជា​រឿង​សម្ងាត់​ឬ​ក៏‹អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ›?

គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ឲ្យ​មាន​ផែន​ដី​មនោ​រម្យ​ពេញ​ទៅ​ដោយ​មនុស្ស​គ្រប់​ល័ក្ខណ៍ តែ​នៅ​ពេល​អ័ដាម​និង​អេវ៉ា​ធ្វើ​បាប​នោះ មើល​ទៅ​ប្រហែល​ដូច​ជា​គោល​បំណង​របស់​ទ្រង់​ត្រូវ​បាន​គេ​រាំង​ស្កាត់​ហើយ។ ប៉ុន្ដែ​ភ្លាមៗ​នោះ ព្រះ​បាន​រៀប​ចំ​ដំណោះ​ស្រាយ​សំរាប់​បញ្ហា​នេះ។ ទ្រង់​មាន​បន្ទូល​ថា៖‹យើង​នឹង​ធ្វើ​ឲ្យ​ឯង[ពស់]ហើយ​នឹង​ស្ដ្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ›។—លោកុប្បត្ដិ ៣:១៥

ពាក្យ​បន្ទូល​នេះ​ជា​ពាក្យ​សម្ងាត់​ពិបាក​យល់​ណាស់។ តើ​ស្ដ្រី​នេះ​ជា​អ្នក​ណា? តើ​ពស់​ជា​អ្នក​ណា? តើ«ពូជ»ដែល​នឹង​កិន​ក្បាល​ពស់​ជា​អ្នក​ណា? អ័ដាម​និង​អេវ៉ា​មិន​អាច​ដឹង​ទេ។ យ៉ាង​ណា​ក៏​ដោយ កូន​ចៅ​ណា​ដែល​ស្មោះ​ភក្ដី​របស់​គូ​ប្ដី​ប្រពន្ធ​មិន​ស្មោះ​ភក្ដី​នេះ បាន​មាន​សេចក្ដី​សង្ឃឹម​ដោយ​សារ​ពាក្យ​បន្ទូល​របស់​ព្រះ។ សេចក្ដី​សុចរិត​នឹង​ឈ្នះ​ជា​មិន​ខាន។ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​សម្រេច។ ប៉ុន្ដែ តើ​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច? គឺ​ចម្លើយ​ចំពោះ​សំនួរ​នេះ​ឯង​ដែល​ជា​រឿង​សម្ងាត់! ព្រះ​គម្ពីរ​ហៅ​រឿង​សម្ងាត់​នោះ​ថា៖«ប្រាជ្ញា​នៃ​ព្រះ​នៅ​ក្នុង​សេចក្ដី​អាថ៌​កំបាំង​មួយ​ដ៏​ពិសិដ្ឋ​វិញ គឺ​ជា​ប្រាជ្ញា​លាក់​កំបាំង»។—កូរិនថូសទី១ ២:៧, ព.ថ.

៥​. សូម​ប្រាប់​ឧទាហរណ៍​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​អាថ៌​កំបាំង​របស់​ទ្រង់​ជា​បណ្ដើរៗ។

ក្រោយ​មក ក្នុង​នាម​ជា‹ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង› ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​ឲ្យ​យើង​ដឹង​សេចក្ដី​ល្អិត​ល្អន់​សំខាន់ៗ​ដែល​ទាក់​ទង​នឹង​បែប​បទ​នៃ​អាថ៌​កំបាំង​នេះ។ (ដានីយ៉ែល ២:២៨) ប៉ុន្ដែ ទ្រង់​សម្ដែង​ឲ្យ​ដឹង​បន្ដិច​ម្ដងៗ​ជា​បណ្ដើរៗ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ឪពុក​ដែល​មាន​សេចក្ដី​ស្រឡាញ់​តប​ឆ្លើយ​នៅ​ពេល​កូន​ប្រុស​តូច​របស់​គាត់​សួរ​ថា៖«ពុក​អើយ! តើ​ខ្ញុំ​កើត​មក​ពី​ណា?»។ ឪពុក​ដែល​មាន​ប្រាជ្ញា​នឹង​ពន្យល់​តែ​ពត៌មាន​ដែល​កូន​តូច​របស់​គាត់​អាច​យល់​បាន។ កាល​កូន​ធំ​ទៅៗ ឪពុក​ប្រាប់​ថែម​ទៀត។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​សម្ដែង​ឲ្យ​យល់​ព្រះ​ហឫទ័យ​និង​គោល​បំណង​របស់​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​ពិចារណា​ឃើញ​ថា រាស្ដ្រ​របស់​ទ្រង់​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​យល់​បាន។—សុភាសិត ៤:១៨; ដានីយ៉ែល ១២:៤

៦​. (ក) តើ​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​ត្រូវ​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី? (ខ) ហេតុ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ព្រះ​យេហូវ៉ា​ផ្ដើម​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​មនុស្ស?

តើ​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​អាថ៌​កំបាំង​នេះ​យ៉ាង​ដូច​ម្ដេច? ទ្រង់​ប្រើ​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​មួយ​ចំនួន​ដើម្បី​សម្ដែង​ឲ្យ​យល់​បាន​ច្រើន។ ពី​មុន​អ្នក​ប្រហែល​ជា​ធ្លាប់​ចុះ​កិច្ច​សន្យា​ដើម្បី​ទិញ​ផ្ទះ ខ្ចី​លុយ​គេ ឬ​ឲ្យ​អ្នក​ដទៃ​ខ្ចី​លុយ​ក៏​មិន​ដឹង។ កិច្ច​សន្យា​ទាំង​នេះ​ធានា​ថា​ភាគី​ទាំង​ពីរ​នឹង​គោរព​ល័ក្ខខ័ណ្ឌ​ក្នុង​កិច្ច​សន្យា។ ប៉ុន្ដែ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចាំ​បាច់​ធ្វើ​កិច្ច​ព្រម​ព្រៀង​ឬ​កិច្ច​សន្យា​ជា​ផ្លូវ​ការ​ជា​មួយ​នឹង​មនុស្ស​ជាតិ? ពេល​ដែល​ទ្រង់​មាន​បន្ទូល នោះ​ច្បាស់​ជា​គ្រប់​គ្រាន់​ដើម្បី​ធានា​ឲ្យ​ទ្រង់​គោរព​តាម​ពាក្យ​សន្យា​ហើយ មែន​ទេ? គឺ​គ្រប់​គ្រាន់​ពិត​មែន។ យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​គ្រា​ព្រះ​នៅ​តែ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ធ្វើ​កិច្ច​សន្យា​ដែល​មាន​សុពល​ភាព​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ជាក់​បន្ថែម​ថា​ទ្រង់​នឹង​គោរព​ពាក្យ​សន្យា។ កិច្ច​សន្យា​ទាំង​នេះ​ដែល​មិន​អាច​ទៅ​ជា​មោឃៈ​នោះ ធ្វើ​ឲ្យ​យើង​ដែល​ជា​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍​មាន​ទី​សំ​អាង​រឹង​មាំ​ថែម​ទៀត​សំរាប់​ការ​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។—ហេព្រើរ ៦:១៦​-​១៨

កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ័ប្រាហាំ

៧, ៨​. (ក) តើ​អ្វី​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​អ័ប្រាហាំ? តើ​កិច្ច​ព្រម​ព្រៀង​នេះ​បញ្ចាំង​ពន្លឺ​ទៅ​លើ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​បណ្ដើរៗ​នូវ​វង្ស​ត្រកូល​របស់​ពូជ​សន្យា​ដោយ​ដូច​ម្ដេច?

ជាង​២.០០០​ឆ្នាំ​ក្រោយ​មនុស្ស​ជាតិ​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​មនោ​រម្យ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​អ័ប្រាហាំ អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់​ថា៖‹យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​នឹង​ចំរើន​ពូជ​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ . . . គ្រប់​ទាំង​សាសន៍​នៅ​ផែន​ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​អ្នក ពីព្រោះ​អ្នក​បាន​ស្តាប់​តាម​ពាក្យ​យើង›។ (លោកុប្បត្ដិ ២២:១៧, ១៨) នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​ធម្មតា​ទេ។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​នេះ​មាន​លំនាំ​ជា​កិច្ច​ព្រម​ព្រៀង​តាម​ផ្លូវ​ច្បាប់ និង​បាន​ធានា​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​សម្បថ​របស់​ទ្រង់​ដែល​ពុំ​អាច​បំពាន​បាន​ឡើយ។ (លោកុប្បត្ដិ ១៧:១, ២; ហេព្រើរ ៦:១៣​-​១៥) ពិត​ជា​អស្ចារ្យ​ណាស់! ព្រះ​អម្ចាស់​មហា​ក្សត្រ​ចង់​ចុះ​កិច្ច​សន្យា​ប្រទាន​ពរ​មក​លើ​មនុស្ស​ជាតិ!

‹យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​នឹង​ចំរើន​ពូជ​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ›

កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​បាន​សម្ដែង​ឲ្យ​ដឹង​ថា ពូជ​សន្យា​នឹង​ប្រសូត​មក​ជា​មនុស្ស​ជាតិ ដ្បិត​ពូជ​នោះ​ត្រូវ​ជា​កូន​ចៅ​អ័ប្រាហាំ។ ប៉ុន្ដែ តើ​ពូជ​សន្យា​នោះ​នឹង​ជា​អ្នក​ណា? ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កូន​ប្រុសៗ​របស់​អ័ប្រាហាំ អ៊ី​សាក​នឹង​ទៅ​ជា​បុព្វ​បុរស​របស់​ពូជ​សន្យា។ ហើយ​ក្នុង​ចំណោម​កូន​ប្រុស​ពីរ​នាក់​របស់​អ៊ី​សាក គឺ​យ៉ាកុប​ត្រូវ​ព្រះ​ជ្រើស​រើស។ (លោកុប្បត្ដិ ២១:១២; ២៨:១៣, ១៤) ក្រោយ​មក ពី​ចំណោម​កូន​ប្រុស​១២​នាក់​របស់​យ៉ាកុប យ៉ាកុប​បាន​ទាយ​អំពី​កូន​ម្នាក់​ថា៖«ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ចេញ​ពី​យូដា​ឡើយ ហើយ​ដំបង​របស់​អ្នក​ចេញ​បញ្ជា​នឹង​មិន​ចេញ​ពី​កណ្ដាល​ព្រះ​ជង្ឃ​ទ្រង់​ដែរ ដរាប​ដល់​ស៊ី​ឡូ[«ជា​របស់​ផង​ទ្រង់»]មក​ដល់ ហើយ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ស្តាប់​បង្គាប់​ទ្រង់»។ (លោកុប្បត្ដិ ៤៩:១០, ព.ថ.) ទំនាយ​នេះ​សម្ដែង​ឲ្យ​ដឹង​ថា​ពូជ​សន្យា​នឹង​ធ្វើ​ជា​ស្ដេច​ពី​វង្ស​ត្រកូល​យូដា!

កិច្ច​ព្រម​ព្រៀង​ជា​មួយ​សាសន៍​អ៊ីស្រាអែល

៩, ១០​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​អ្វី​នឹង​សាសន៍​អ៊ីស្រាអែល? តើ​ក្រិត្យ​វិន័យ​នោះ​បាន​ការពារ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ក្រិត្យ​វិន័យ​បាន​បង្ហាញ​ថា​មនុស្ស​ត្រូវ​ការ​តម្លៃ​លោះ​យ៉ាង​ដូច​ម្ដេច?

នៅ​ឆ្នាំ​១៥១៣​មុន​ស.យ. ព្រះ​យេហូវ៉ា​រៀប​ចំ​អ្វី​មួយ​ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​សម្ដែង​ឲ្យ​យល់​ថែម​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ។ ទ្រង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​អ័ប្រាហាំ។ ទោះ​ជា​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​ទៅ​ជា​មោឃៈ​នៅ​ឥឡូវ​នេះ​ក៏​ដោយ តែ​នោះ​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រសូត​ពូជ​សន្យា។ តើ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​មូលហេតុ​បី​យ៉ាង។ ទី​មួយ ក្រិត្យ​វិន័យ​នោះ​ដូច​ជា​ជញ្ជាំង​ការពារ​នៅ​ព័ទ្ធ​ជុំ​វិញ​សាសន៍​អ៊ីស្រាអែល។ (អេភេសូរ ២:១៤) ច្បាប់​ដ៏​សុចរិត​ទាំង​ប៉ុន្មាន​ដែល​មាន​ក្នុង​នោះ គឺ​ដូច​ជា​របាំង​មួយ​នៅ​កណ្ដាល​សាសន៍​យូដា​និង​សាសន៍​ដទៃ។ ហេតុ​នេះ ក្រិត្យ​វិន័យ​បាន​ជួយ​រក្សា​ត្រកូល​របស់​ពូជ​សន្យា។ ដូច្នេះ នៅ​ពេល​កំណត់​របស់​ព្រះ​មក​ដល់​ឲ្យ​ព្រះ​មេស្ស៊ី​កើត​ក្នុង​កុលសម្ព័ន្ធ​យូដា នោះ​នៅ​តែ​មាន​សាសន៍​អ៊ីស្រាអែល​ដដែល​ដោយ​សារ​ការ​ការពារ​នេះ។

១០ ទី​ពីរ ក្រិត្យ​វិន័យ​នោះ​បង្ហាញ​ជាក់​ច្បាស់​ថា​មនុស្ស​ត្រូវ​ការ​តម្លៃ​លោះ។ ដោយ​សារ​ក្រិត្យ​វិន័យ​នោះ​គឺ​គ្រប់​ល័ក្ខណ៍ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​មាន​បាប​ខ្វះ​សមត្ថភាព​កាន់​តាម​យ៉ាង​ពេញ​លេញ។ ដូច្នេះ​ក្រិត្យ​វិន័យ​នេះ​បាន«បង្ហាញ​អំពើ​ទុច្ចរិត​របស់​មនុស្ស . . . រហូត​ទាល់​តែ​ពូជ​ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ​បន្ទូល​សន្យា យាង​មក​ដល់»។ (កាឡាទី ៣:១៩, ខ​.​ស​.) តាម​រយៈ​ការ​ថ្វាយ​សត្វ​ជា​ដង្វាយ ក្រិត្យ​វិន័យ​បាន​ផ្ដល់​វិធី​ជា​បណ្ដោះ​អាសន្ន​សំរាប់​ការ​ដោះ​បាប។ ប៉ុន្ដែ ដោយ​ព្រោះ«ឈាម​គោ​ឈ្មោល នឹង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ»ដូច​ប៉ុល​បាន​សរសេរ​នោះ ដង្វាយ​ទាំង​នេះ​តំណាង​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ។ (ហេព្រើរ ១០:១​-​៤) ដូច្នេះ សំរាប់​ជន​ជាតិ​យូដា​ស្មោះ​ភក្ដី កិច្ច​ព្រម​ព្រៀង​នេះ​បំរើ​ជា«អ្នក​ដឹក​នាំ . . . ទៅ​ដល់​ព្រះ​គ្រីស្ទ»។—កាឡាទី ៣:២៤

១១​. តើ​អ្វី​ជា​ឯក​សិទ្ធិ​ដ៏​រុងរឿង​ដែល​សាសន៍​អ៊ីស្រាអែល​មាន​លទ្ធភាព​ទទួល​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ? តែ​តើ​សាសន៍​ទាំង​មូល​បែរ​ជា​បាត់​បង់​លទ្ធភាព​ទទួល​ឯក​សិទ្ធិ​នោះ​យ៉ាង​ដូច​ម្ដេច?

១១ ទី​បី កិច្ច​ព្រម​ព្រៀង​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទទួល​ឯក​សិទ្ធិ​មួយ​ដ៏​រុងរឿង។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា បើ​សាសន៍​អ៊ីស្រាអែល​នៅ​ស្មោះ​ត្រង់​ចំពោះ​កិច្ច​ព្រម​ព្រៀង ពួក​គេ​នឹង​ធ្វើ​ជា«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ»។ (និក្ខមនំ ១៩:៥, ៦) គឺ​ជា​ការ​ពិត​មែន​ដែល​នៅ​ទី​បំផុត សមាជិក​ដំបូង​នៃ​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​ដែល​សុទ្ធតែ​ជា​សង្ឃ គឺ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ខាង​សាច់​ឈាម។ ក៏​ប៉ុន្ដែ សាសន៍​អ៊ីស្រាអែល​ទូទៅ​បាន​បះបោរ​ប្រឆាំង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ បាន​បដិសេធ​ព្រះ​មេស្ស៊ី​ដែល​ជា​ពូជ​សន្យា ហើយ​បាន​បាត់​បង់​នូវ​លទ្ធភាព​ទទួល​ឯក​សិទ្ធិ​ដ៏​រុងរឿង​នោះ។ ដូច្នេះ តើ​សាសន៍​ណា​នឹង​បំពេញ​ចំនួន​សមាជិក​នៃ​ព្រះ​រាជាណាចក្រ​ដែល​សុទ្ធតែ​ជា​សង្ឃ? ហើយ​តើ​សាសន៍​ដែល​មាន​ពរ​នេះ​នឹង​មាន​ទំនាក់​ទំនង​អ្វី​នឹង​ពូជ​សន្យា? សេចក្ដី​ល្អិត​ល្អន់​ទាំង​នេះ​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ត្រូវ​សម្ដែង​ឲ្យ​យល់​ក្រោយ​មក​នៅ​ពេល​កំណត់​របស់​ព្រះ។

កិច្ច​ព្រម​ព្រៀង​ព្រះ​រាជាណាចក្រ​ជា​មួយ​ដាវីឌ

១២​. តើ​អ្វី​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​ដាវីឌ? តើ​នេះ​បញ្ចាំង​ពន្លឺ​បំភ្លឺ​ឲ្យ​យល់​នូវ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ នៅ​សត​វត្ស​ទី​១១​មុន​ស.យ. ព្រះ​យេហូវ៉ា​បាន​បញ្ចាំង​ពន្លឺ​ថែម​ទៀត​ដើម្បី​ជួយ​ឲ្យ​យល់​នូវ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ នៅ​ពេល​ទ្រង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត។ ទ្រង់​បាន​សន្យា​ដល់​ស្ដេច​ដាវីឌ​ដ៏​ស្មោះ​ត្រង់​ថា៖‹យើង​នឹង​តាំង​ពូជ​ពង្ស​អ្នក . . . ហើយ​យើង​នឹង​តាំង​រាជ្យ​គាត់​ឲ្យ​ខ្ជាប់​ខ្ជួន​ឡើង . . . យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​គាត់​ឲ្យ​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប​ទៅ›។ (សាំយូអែលទី២ ៧:១២, ១៣; ទំនុក​ដំកើង ៨៩:៣) ឥឡូវ​ពូជ​សន្យា​ត្រូវ​បញ្ជាក់​ថា​មក​ពី​វង្ស​ត្រកូល​ដាវីឌ។ ប៉ុន្ដែ តើ​មនុស្ស​ជាតិ​ធម្មតា​ម្នាក់​អាច​គ្រប់​គ្រង«ជា​ដរាប»បាន​ទេ? (ទំនុក​ដំកើង ៨៩:២០, ២៩, ៣៤​-​៣៦) ហើយ​តើ​ស្ដេច​មួយ​អង្គ​ដែល​ជា​មនុស្ស​ជាតិ​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​ពី​បាប​និង​សេចក្ដី​ស្លាប់​បាន​ឬ​ទេ?

១៣, ១៤​. (ក) យោង​ទៅ​តាម​ទំនុក​ដំកើង​១១០ តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ចំពោះ​ស្ដេច​ចាក់​ប្រេង​តាំង​របស់​ទ្រង់? (ខ) តើ​មាន​ការ​សម្ដែង​ឲ្យ​យល់​អ្វី​ទៀត​ស្ដី​អំពី​ការ​យាង​មក​នៃ​ពូជ​សន្យា​តាម​រយៈ​ពួក​ព្យាការី​របស់​ព្រះ​យេហូវ៉ា?

១៣ ក្រោម​អានុភាព​ពី​វិញ្ញាណ​បរិសុទ្ធ ដាវីឌ​បាន​សរសេរ​ថា៖‹ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល ដល់​ព្រះ​អម្ចាស់​នៃ​ទូល​បង្គំ​ថា៖ ចូរ​ឲ្យ​អ្នក​អង្គុយ​នៅ​ខាង​ស្ដាំ​យើង ទាល់​តែ​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជា​និច្ច តាម​របៀប​លោក​ម៉ិលគីស្សាដែក! ទ្រង់​នឹង​មិន​ប្រែ​ព្រះ​ហឫទ័យ​ឡើយ›។ (ទំនុក​ដំកើង ១១០:១, ៤) ពាក្យ​បន្ទូល​របស់​ដាវីឌ​សំដៅ​យ៉ាង​ចំៗ​ទៅ​លើ​ពូជ​សន្យា ឬ​ថា​ព្រះ​មេស្ស៊ី។ (កិច្ច​ការ ២:៣៥, ៣៦) ស្ដេច​នេះ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​នៅ«ខាង​ស្ដាំ»ព្រះ​យេហូវ៉ា មិន​មែន​នៅ​យេរូសាឡិម​ទេ។ នេះ​បាន​ន័យ​ថា ទ្រង់​មាន​អំណាច​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល មិន​គ្រាន់​តែ​លើ​ទឹក​ដី​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ។ (ទំនុក​ដំកើង ២:៦​-​៨) មាន​អ្វី​មួយ​ទៀត​ដែល​ត្រូវ​សម្ដែង​ឲ្យ​យល់​ក្នុង​ខ​នេះ។ សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ស្បថ​ថា ព្រះ​មេស្ស៊ី​នឹង‹ជា​សង្ឃ . . . តាម​របៀប​លោក​ម៉ិលគីស្សាដែក!›។ ដូច​លោក​ម៉ិលគីស្សាដែក ដែល​បំរើ​ជា​ស្ដេច​និង​ជា​សង្ឃ​នៅ​សម័យ​អ័ប្រាហាំ ពូជ​សន្យា​នឹង​ត្រូវ​តែង​តាំង​ដោយ​ព្រះ​តែ​ម្ដង ឲ្យ​បំរើ​ជា​ស្ដេច​និង​ជា​សង្ឃ!—លោកុប្បត្ដិ ១៤:១៧​-​២០

១៤ ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​ប្រើ​ពួក​ព្យាការី​របស់​ទ្រង់​ដើម្បី​សម្ដែង​ឲ្យ​យល់​អ្វី​ថែម​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ទ្រង់។ ជា​ឧទាហរណ៍ អេសាយ​បាន​សម្ដែង​ឲ្យ​យល់​ថា​ពូជ​សន្យា​នឹង​ត្រូវ​ស្លាប់​ទុក​ជា​ដង្វាយ។ (អេសាយ ៥៣:៣​-​១២) មីកា​បាន​ទាយ​អំពី​ទី​កន្លែង​ដែល​ព្រះ​មេស្ស៊ី​នឹង​ប្រសូត​មក។ (មីកា ៥:១) ដានីយ៉ែល​បាន​ទាយ​យ៉ាង​ច្បាស់​លាស់​អំពី​ពេល​កំណត់​ដែល​ពូជ​សន្យា​នឹង​លេច​មក​ថែម​ទាំង​ពេល​ដែល​ស្លាប់។—ដានីយ៉ែល ៩:២៤​-​២៧

អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ត្រូវ​បើក​សម្ដែង​ហើយ!

១៥, ១៦​. (ក) តើ​រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​បាន«ចាប់​កំណើត​នឹង​ស្ដ្រី»យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​បាន​ទទួល​អ្វី​ពី​មាតា​បិតា​របស់​ទ្រង់​ដែល​ជា​មនុស្ស​ជាតិ? តើ​ទ្រង់​បាន​យាង​មក​ជា​ពូជ​សន្យា​នៅ​ពេល​ណា?

១៥ របៀប​ទំនាយ​ទាំង​នេះ​នឹង​សម្រេច​ជា​អាថ៌​កំបាំង​មួយ ទាល់​តែ​ពូជ​សន្យា​បាន​លេច​មុខ។ កាឡាទី ៤:៤ ចែង​ថា៖«លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ដ្រី»។ នៅ​ឆ្នាំ​២​មុន​ស.យ. ទេវតា​មួយ​រូប​បាន​ប្រាប់​ស្រី​ក្រមុំ​បរិសុទ្ធ​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា​រា​ថា៖«មើល! នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា‹យេស៊ូ​វ›។ បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្ដម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ។ . . . ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ​ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល។ ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។—លូកា ១:៣១, ៣២, ៣៥

១៦ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ផ្ទេរ​ព្រះ​ជន្ម​របស់​រាជបុត្រា​ទ្រង់​ដាក់​ក្នុង​ស្បូន​ម៉ា​រា ដើម្បី​ឲ្យ​រាជបុត្រា​ទ្រង់​ប្រសូត​ចេញ​ពី​ស្ដ្រី។ ម៉ា​រា​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍។ ប៉ុន្ដែ ព្រះ​យេស៊ូ​មិន​បាន​ឆ្លង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ពី​ម៉ា​រា​ទេ ដ្បិត​ទ្រង់​ជា«ព្រះ​រាជបុត្រា​នៃ​ព្រះ»។ ម្យ៉ាង​ទៀត ដោយ​សារ​មាតា​បិតា​របស់​ព្រះ​យេស៊ូ​ជា​មនុស្ស​ជាតិ​ស្ថិត​ក្នុង​វង្ស​ត្រកូល​ដាវីឌ នោះ​ព្រះ​យេស៊ូ​មាន​សិទ្ធិ​ស្នង​រាជ្យ​ពី​ដាវីឌ​ដោយ​សារ​ជាប់​សាច់​ឈាម​ដាវីឌ និង​ក៏​មាន​សិទ្ធិ​តាម​ច្បាប់​ដែរ។ (កិច្ច​ការ ១៣:២២, ២៣) នៅ​ពេល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩​ស.យ. ព្រះ​យេហូវ៉ា​ចាក់​ប្រេង​តាំង​ទ្រង់​ដោយ​វិញ្ញាណ​បរិសុទ្ធ​និង​មាន​បន្ទូល​ថា៖‹នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ដ​យើង​ណាស់›។ (ម៉ាថាយ ៣:១៦, ១៧) នៅ​ទី​បំផុត ពូជ​សន្យា​បាន​លេច​ខ្លួន​ហើយ! (កាឡាទី ៣:១៦) នោះ​ជា​ពេល​ដែល​ត្រូវ​សម្ដែង​ឲ្យ​យល់​ថែម​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ។—ធីម៉ូថេ​ទី​២ ១:១០

១៧​. តើ​មាន​ការ​បំភ្លឺ​អ្វី​ស្ដី​អំពី​អត្ថ​ន័យ​នៃ​លោកុប្បត្ដិ ៣:១៥?

១៧ ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​បញ្ជាក់​អត្ដសញ្ញាណ​នៃ​ពស់​នៅ​លោកុប្បត្ដិ ៣:១៥ ថា​នោះ​ជា​សាតាំង​និង​ពូជ​របស់​វា​គឺ​ជា​អ្នក​កាន់​តាម​សាតាំង។ (ម៉ាថាយ ២៣:៣៣; យ៉ូហាន ៨:៤៤) ក្រោយ​មក មាន​ការ​បើក​សម្ដែង​ឲ្យ​ដឹង​ថា​ពស់​និង​ពូជ​វា​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​អស់​ឲ្យ​សាប​សូន្យ។ (វិវរណៈ ២០:១​-​៣, ១០, ១៥) ហើយ​អត្ដសញ្ញាណ​ស្ដ្រី​ត្រូវ​បាន​បញ្ជាក់​ជា«ក្រុង​យេរូសាឡិម​ដែល​នៅ​ស្ថាន​លើ» ឬ​អង្គការ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សមាស​ភាព​ជា​បុគ្គល​វិញ្ញាណ​ដែល​ចុះ​ចូល​ចំពោះ​ទ្រង់​ប្រៀប​ដូច​ជា​ភរិយា។ *កាឡាទី ៤:២៦; វិវរណៈ ១២:១​-​៦

កិច្ច​ព្រម​ព្រៀង​ថ្មី

១៨​. តើ‹កិច្ច​ព្រម​ព្រៀង​ថ្មី›នេះ​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី?

១៨ ប្រហែល​ជា​មាន​ការ​សម្ដែង​ឲ្យ​យល់​ដ៏​អស្ចារ្យ​បំផុត​កើត​ឡើង​នៅ​យប់​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត និង​មាន​បន្ទូល​ប្រាប់​សិស្ស​ស្មោះ​ភក្ដី​របស់​ទ្រង់​អំពី​«សញ្ញា​ថ្មី»។ (លូកា ២២:២០) សញ្ញា​ថ្មី​ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ក៏​នឹង​នាំ​មក​នូវ«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ» ដូច​ជា​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​ពី​មុន។ (និក្ខមនំ ១៩:៦; ពេត្រុសទី១ ២:៩) ក៏​ប៉ុន្ដែ កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​រៀប​ចំ​សំរាប់​សាសន៍​មួយ​ខាង​សាច់​ឈាម​ឡើយ តែ​ជា​សាសន៍​មួយ​ខាង​វិញ្ញាណ​គឺ«អ៊ីស្រាអែល​នៃ​ព្រះ» ដែល​មាន​សមាស​ភាព​សុទ្ធតែ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ភក្ដី​របស់​ព្រះ​គ្រីស្ទ។ (កាឡាទី ៦:១៦) ភាគី​ដែល​មាន​ចំណែក​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​នឹង​ចូល​រួម​ជា​មួយ​ព្រះ​យេស៊ូ​ក្នុង​ការ​ប្រទាន​ពរ​មក​លើ​មនុស្ស​ជាតិ!

១៩​. (ក) ហេតុ​អ្វី​បាន​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​អាច​បង្កើត«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ»បាន? (ខ) ហេតុ​អ្វី​បាន​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ត្រូវ​ហៅ​ថា«ការ​បង្កើត​ថ្មី»? តើ​មាន​ប៉ុន្មាន​នាក់​នឹង​បំរើ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌?

១៩ ប៉ុន្ដែ ហេតុ​អ្វី​បាន​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​អាច​បង្កើត«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ»​ដើម្បី​ប្រទាន​ពរ​លើ​មនុស្ស​ជាតិ​បាន? គឺ​ដោយ​ព្រោះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ផ្ដល់​លទ្ធភាព​ឲ្យ​បាន​ការ​អត់​ឱន​ទោស​សំរាប់​បាប​របស់​សិស្ស​ព្រះ​គ្រីស្ទ​តាម​រយៈ​យញ្ញ​បូជា​របស់​ទ្រង់ ជា​ជាង​ផ្ដន្ទា​ទោស​ពួក​គេ​ជា​អ្នក​មាន​បាប។ (យេរេមា ៣១:៣១​-​៣៤) នៅ​ពេល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត​រួច​ទៅ​ហើយ និង​ទ្រង់​ទទួល​ពួក​គេ​ចូល​ក្នុង​ក្រុម​គ្រួសារ​ស្ថាន​សួគ៌​របស់​ទ្រង់​ថែម​ទាំង​ចាក់​ប្រេង​តាំង​ពួក​គេ​ដោយ​វិញ្ញាណ​បរិសុទ្ធ។ (រ៉ូម ៨:១៥​-​១៧; កូរិនថូសទី២ ១:២១) យ៉ាង​នេះ ពួក​គេ​ត្រូវ‹បង្កើត​ឡើង​ជា​ថ្មី​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់​បំរុង​ទុក​នៅ​ស្ថាន​សួគ៌›។ (ពេត្រុសទី១ ១:៣, ៤) ដោយ​ព្រោះ​ការ​ទទួល​តំណែង​ដ៏​ខ្ពង់​ខ្ពស់​បែប​នេះ​ជា​អ្វី​ដែល​ថ្មី​ពុំ​ធ្លាប់​មាន​សំរាប់​មនុស្ស​ជាតិ នោះ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​ត្រូវ​ហៅ​ថា«កើត​ជា​ថ្មី[ឬ«ការ​បង្កើត​ថ្មី», ព.ថ.]»។ (កូរិនថូសទី២ ៥:១៧) ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យល់​ដឹង​ថា នៅ​ទី​បំផុត​១៤៤.០០០​នាក់​នឹង​ចូល​រួម​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រោស​លោះ។—វិវរណៈ ៥:៩, ១០; ១៤:១​-​៤

២០​. (ក) នៅ​ឆ្នាំ​៣៦​ស.យ. តើ​មាន​ការ​សម្ដែង​ឲ្យ​យល់​យ៉ាង​ណា​ស្ដី​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ? (ខ) តើ​អ្នក​ណា​នឹង​ទទួល​ពរ​ដែល​ត្រូវ​សន្យា​ចំពោះ​អ័ប្រាហាំ?

២០ អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​ទៅ​ជា«ពូជ​របស់​លោក​អ័ប្រាហាំ»ជា​មួយ​ព្រះ​យេស៊ូ​ដែរ។ * (កាឡាទី ៣:២៩) អ្នក​ដំបូង​ដែល​ត្រូវ​បាន​ជ្រើស​រើស​គឺ​ជា​សាសន៍​យូដា​ខាង​សាច់​ឈាម។ ប៉ុន្ដែ នៅ​ឆ្នាំ​៣៦​ស.យ. លក្ខណៈ​មួយ​ទៀត​នៃ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​បាន​ត្រូវ​សម្ដែង​ឲ្យ​យល់ គឺ​សាសន៍​ដទៃ​ក៏​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែរ។ (រ៉ូម ៩:៦​-​៨; ១១:២៥, ២៦; អេភេសូរ ៣:៥, ៦) តើ​មាន​តែ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទេ​ឬ​ដែល​ទទួល​ពរ​ដោយ​ការ​សន្យា​ចំពោះ​អ័ប្រាហាំ​នោះ? អត់​ទេ! ដ្បិត​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​ផ្ដល់​ផល​ប្រយោជន៍​សំរាប់​ពិភព​លោក​ទាំង​មូល។ (យ៉ូហានទី១ ២:២) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​យល់​ដឹង​ថា«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​គ្មាន​កំណត់​នឹង​រួច​រស់​ជីវិត​ផុត​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (វិវរណៈ ៧:៩, ១៤) មនុស្ស​ជា​ច្រើន​ថែម​ទៀត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​មនោ​រម្យ!—លូកា ២៣:៤៣; យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២០:១១​-​១៥; ២១:៣, ៤

ប្រាជ្ញា​របស់​ព្រះ​និង​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ

២១, ២២​. តើ​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ប្រាជ្ញា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ខ្លះ?

២១ សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​បង្ហាញ​យ៉ាង​អស្ចារ្យ​នូវ«ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់»។ (អេភេសូរ ៣:៨​-​១០) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ប្រាជ្ញា​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់​ក្នុង​ការ​រៀប​ចំ​សេចក្ដី​អាថ៌​កំបាំង​នេះ និង​ក្នុង​ការ​សម្ដែង​ឲ្យ​យល់​បន្ដិច​ម្ដងៗ! ដោយ​សារ​ទ្រង់​មាន​ប្រាជ្ញា ទ្រង់​គិត​ដល់​កំរិត​សមត្ថភាព​យល់​ដឹង​របស់​មនុស្ស​ជាតិ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​សន្ដាន​ចិត្ដ​ពិត​របស់​ពួក​គេ។—ទំនុក​ដំកើង ១០៣:១៤

២២ ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​ដោយ​សារ​ទ្រង់​ជ្រើស​រើស​ព្រះ​យេស៊ូ​ជា​ស្ដេច។ រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​គួរ​ឲ្យ​ទុក​ចិត្ដ​ជាង​បុគ្គល​ណា​ផ្សេង​ទៀត​ក្នុង​សកលលោក។ ដោយ​សារ​ព្រះ​យេស៊ូ​ធ្លាប់​រស់​ជា​មនុស្ស​ជាតិ ទ្រង់​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​យ៉ាង​ណាស់។ ទ្រង់​ជ្រាប​យ៉ាង​សព្វ​គ្រប់​អំពី​បញ្ហា​របស់​មនុស្ស​ជាតិ។ (ហេព្រើរ ៥:៧​-​៩) ចុះ​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​ព្រះ​យេស៊ូ​វិញ? រាប់​សត​វត្ស​កន្លង​មក​ហើយ បុរស​ស្ដ្រី​ពី​គ្រប់​សាសន៍ គ្រប់​ភាសា និង​គ្រប់​មជ្ឈដ្ឋាន​បាន​ត្រូវ​ចាក់​ប្រេង​តាំង។ គ្មាន​បញ្ហា​ណា​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​ប្រឈម​មុខ​ហើយ​ពុះ​ពារ​ជំនះ​នោះ​ទេ។ (អេភេសូរ ៤:២២​-​២៤) នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​និង​សង្ឃ​ទាំង​នេះ​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា នោះ​ជីវិត​រស់​នៅ​របស់​យើង​នឹង​ជា​ទី​រីក​រាយ​ណាស់!

២៣​. តើ​ពួក​គ្រីស្ទាន​មាន​ឯក​សិទ្ធិ​អ្វី​ដែល​ទាក់​ទង​នឹង​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា?

២៣ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖«សេចក្ដី​អាថ៌​កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប​រៀង​រាល់​តែ​ដំណ​ត​មក . . . បាន​បើក​សំ​ដែង​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​ស្គាល់»។ (កូល៉ុស ១:២៦) ពិត​ណាស់ អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​យល់​យ៉ាង​ច្រើន​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ និង​បាន​វិភាគ​ប្រាប់​ចំណេះ​នេះ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់។ យើង​ទាំង​អស់​គ្នា​ពិត​ជា​មាន​ឯក​សិទ្ធិ​មួយ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា​ណាស់! ព្រះ​យេហូវ៉ា​បាន​«សំ​ដែង​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី​អាថ៌​កំបាំង[«ដ៏​ពិសិដ្ឋ», ព.ថ.]នៃ​ព្រះ​ហឫទ័យ​ទ្រង់»។ (អេភេសូរ ១:៩) សូម​ឲ្យ​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នេះ ហើយ​ជួយ​ពួក​គេ​យល់​ធ្លុះ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែល​កំណត់​មិន​បាន!

^ វគ្គ 17 «សេចក្ដី​អាថ៌​កំបាំង​របស់​សាសនា[ឬ«ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ», ព.ថ.]»ក៏​បាន​ត្រូវ​សម្ដែង​ឲ្យ​យល់​ដោយ​ព្រះ​យេស៊ូ​ដែរ។ (ធីម៉ូថេ​ទី​១ ៣:១៦) ចម្លើយ​ចំពោះ​សំនួរ​ថា​តើ​មាន​អ្នក​ណា​អាច​រក្សា​ចិត្ដ​ស្មោះ​គ្រប់​ល័ក្ខណ៍​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ឬ​ក៏​អត់​ជា​អាថ៌​កំបាំង​ឬ​ក៏​រឿង​សម្ងាត់​មួយ​តាំង​ពី​យូរ​មក​ហើយ។ ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ចម្លើយ​នេះ។ ទ្រង់​បាន​រក្សា​ចិត្ដ​ស្មោះ​គ្រប់​ល័ក្ខណ៍​នៅ​ចំពោះ​រាល់​ការ​ល្បង​ល​ពី​សាតាំង។—ម៉ាថាយ ៤:១​-​១១; ២៧:២៦​-​៥០

^ វគ្គ 20 ព្រះ​យេស៊ូ​ក៏​បាន«ដំ​រូ​វ​នគរ​មួយ[ឬ«ធ្វើ​កិច្ច​ព្រម​ព្រៀង​សំរាប់​ព្រះ​រាជាណាចក្រ​មួយ», ព.ថ.]»ជា​មួយ​ក្រុម​នេះ​ដែរ។ (លូកា ២២:២៩, ៣០) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេស៊ូ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ«ហ្វូង​តូច»​នេះ​ដើម្បី​គ្រប់​គ្រង​ជា​មួយ​ទ្រង់​នៅ​ស្ថាន​សួគ៌​ជា​ផ្នែក​ទី​ពីរ​នៃ​ពូជ​របស់​អ័ប្រាហាំ។—លូកា ១២:៣២