លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧

‹ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ› ទ្រង់​មាន​តេជានុភាព​ដើម្បី​ការពារ

‹ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ› ទ្រង់​មាន​តេជានុភាព​ដើម្បី​ការពារ

១, ២​. តើ​សាសន៍​អ៊ីស្រាអែល​អាច​ជួប​គ្រោះ​ថ្នាក់​អ្វី​ខ្លះ ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​តំបន់​ស៊ីណាយ​នៅ​ឆ្នាំ​១៥១៣​មុន​ស.យ.? តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មាន​ទំនុក​ចិត្ដ​ដោយ​មាន​បន្ទូល​ដូច​ម្ដេច?

ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​តំបន់​ស៊ីណាយ​នៅ​ដើម​ឆ្នាំ​១៥១៣​មុន​ស.យ. ពួក​គេ​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ពួក​គេ​នឹង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ឆ្លង​កាត់«ទី​រហោ​ស្ថាន​សំបើម​គួរ​ស្ញែង​ខ្លាច ដែល​មាន​ពស់​ភ្លើង នឹង​ខ្យា​ដំរី»។ (ចោទិយកថា ៨:១៥) អ៊ីស្រាអែល​ក៏​អាច​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​សាសន៍​ផ្សេងៗ​ដែល​ជា​សត្រូវ​របស់​ពួក​គេ​ផង​ដែរ។ ព្រះ​យេហូវ៉ា​បាន​នាំ​អ៊ីស្រាអែល​ចូល​មក​ក្នុង​ស្រុក​នេះ។ ដូច្នេះ ក្នុង​នាម​ជា​ព្រះ​របស់​ពួក​គេ តើ​ទ្រង់​នឹង​អាច​ការពារ​អ៊ីស្រាអែល​បាន​ឬ​ទេ?

បន្ទូល​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង ពេល​ទ្រង់​មាន​បន្ទូល​ថា៖ ‹អ្នក​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ដែល​យើង​ធ្វើ​ដល់​សាសន៍​អេស៊ីប​ហើយ និង​ការ​ដែល​យើង​បាន​ទ្រ​អ្នក​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​យើង​ផង›។ (និក្ខមនំ ១៩:៤) ព្រះ​យេហូវ៉ា​បាន​រំឭក​រាស្ដ្រ​ទ្រង់​ឲ្យ​ចាំ​ថា ទ្រង់​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​សាសន៍​អេស៊ីប​ដោយ​ប្រៀប​ដូច​ជា​ប្រើ​សត្វ​ឥន្ទ្រី​ដើម្បី​នាំ​ពួក​គេ​ទៅ​ដល់​ទី​ដែល​មាន​សុវត្ថិ​ភាព។ ប៉ុន្ដែ មាន​ហេតុ​ផ្សេង​ទៀត​ដែល«ស្លាប​ឥន្ទ្រី»គឺ​ជា​ការ​ប្រៀប​ធៀប​ដ៏​សមរម្យ​ស្ដី​អំពី​ការ​ការពារ​របស់​ព្រះ។

៣​. តើ«ស្លាប​ឥន្ទ្រី»គឺ​ជា​តំណាង​ដ៏​សមរម្យ​ស្ដី​អំពី​ការ​ការពារ​ពី​ព្រះ​ដោយ​ព្រោះ​អ្វី?

សត្វ​ឥន្ទ្រី​មិន​គ្រាន់​តែ​ប្រើ​ស្លាប​ដ៏​ធំ​និង​ខ្លាំង​របស់​វា​ដើម្បី​ហោះ​ហើរ​ប៉ុណ្ណោះ​ទេ។ ពេល​ថ្ងៃ​ក្ដៅ មេ​ឥន្ទ្រី​ត្រដាង​ស្លាប​ទាំង​ពីរ​ដែល​ប្រហែល​ជា​មាន​ប្រវែង​ជាង​ពីរ​ម៉ែត្រ ធ្វើ​ជា​របាំង​ដូច​ជា​ឆ័ត្រ​មួយ ដើម្បី​ការពារ​កូន​តូចៗ​ទន់​ខ្សោយ​របស់​វា​ពី​កំដៅ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត មេ​ឥន្ទ្រី​ប្រើ​ស្លាប​ដើម្បី​ក្រសោប​ការពារ​កូន​វា​ពី​ខ្យល់​ត្រជាក់​វិញ។ ដូច​ដែល​សត្វ​ឥន្ទ្រី​ចេះ​ការពារ​កូន​វា ព្រះ​យេហូវ៉ា​ក៏​បាន​បាំង​ការពារ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​សាសន៍​ថ្មី​នេះ​ដែរ។ ឥឡូវ​នេះ នៅ​ទី​រហោ​ស្ថាន រាស្ដ្រ​របស់​ទ្រង់​អាច​បន្ដ​ពឹង​ជ្រក​ក្រោម​ចំអេង​ស្លាប​ដ៏​ធំ​និង​ខ្លាំង​ក្លា​របស់​ទ្រង់ ដរាប​ណា​ដែល​ពួក​គេ​នៅ​ស្មោះ​ត្រង់។ (ចោទិយកថា ៣២:៩​-​១១; ទំនុក​ដំកើង ៣៦:៧) ក៏​ប៉ុន្ដែ សព្វ​ថ្ងៃ​នេះ បើ​យើង​សង្ឃឹម​ថា​ទ្រង់​នឹង​ការពារ​យើង តើ​នេះ​ត្រឹម​ត្រូវ​ទេ?

សេចក្ដី​សន្យា​របស់​ព្រះ​ថា​ទ្រង់​នឹង​ការពារ​យើង

៤, ៥​. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ហើយ​ការពារ​យើង?

ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សមត្ថភាព​ការពារ​រាស្ដ្រ​របស់​ទ្រង់។ ទ្រង់​ជា«ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្តា»។ ឋានន្ដរ​នេះ​បញ្ជាក់​ថា ទ្រង់​មាន​តេជានុភាព​ដែល​គ្មាន​អ្វី​អាច​យក​ឈ្នះ​បាន​ឡើយ។ (លោកុប្បត្ដិ ១៧:១) ដូច​ជា​រលក​សមុទ្រ​ដ៏​ធំ​ទប់​ពុំ​បាន​នោះ តេជានុភាព​ដែល​ព្រះ​យេហូវ៉ា​បញ្ចេញ​ទៅ​ក៏​គ្មាន​អ្វី​អាច​ទប់​បាន​ដែរ។ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​ព្រះ​ហឫទ័យ​របស់​ទ្រង់ នោះ​យើង​អាច​សួរ​ថា៖ ‹តើ​ព្រះ​យេហូវ៉ា​មាន​ឆន្ទៈ​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ការពារ​យើង​ឬ​ទេ›?

បើ​ឆ្លើយ​ឲ្យ​ចំ​ទៅ ប្រាកដ​ជា​ដូច្នេះ​មែន! ព្រះ​យេហូវ៉ា​ធានា​ថា ទ្រង់​នឹង​ការពារ​រាស្ដ្រ​របស់​ទ្រង់។ ទំនុក​ដំកើង ៤៦:១ ចែង​ថា៖ «ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន»។ ដោយ​ព្រោះ​ព្រះ«មិន​ចេះ​ភូត» យើង​អាច​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់​ថា​ទ្រង់​នឹង​ការពារ​យើង។ (ទីតុស ១:២) ដូច្នេះ សូម​យើង​ពិចារណា​នូវ​ការ​ពិពណ៌នា​ខ្លះៗ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​របៀប​ទ្រង់​ការពារ​រាស្ដ្រ​ទ្រង់។

៦, ៧​. (ក) តើ​អ្នក​គង្វាល​នៅ​សម័យ​ព្រះ​គម្ពីរ​ការពារ​ចៀម​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច​ខ្លះ? (ខ) តើ​ព្រះ​គម្ពីរ​ពណ៌នា​ឲ្យ​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​មាន​ឆន្ទៈ​ចង់​ការពារ​និង​ថែ​រក្សា​ចៀម​របស់​ទ្រង់?

ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល ហើយ «យើង​ខ្ញុំ​ជា . . . ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់»។ (ទំនុក​ដំកើង ២៣:១; ១០០:៣) មិន​សូវ​មាន​សត្វ​ណា​ដែល​ត្រូវ​ការ​ជំនួយ​ច្រើន​ដូច​សត្វ​ចៀម​ចិញ្ចឹម​នោះ​ទេ។ អ្នក​គង្វាល​នៅ​សម័យ​ព្រះ​គម្ពីរ​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​ការពារ​ចៀម​របស់​គាត់​ពី​ឆ្កែ​ចចក ខ្លា​ឃ្មុំ សត្វ​សិង្ហ និង​ចោរ​លួច។ (សាំយូអែលទី១ ១៧:៣៤, ៣៥; យ៉ូហាន ១០:១២, ១៣) ប៉ុន្ដែ មាន​ពេល​ខ្លះ​ដែល​ការ​ការពារ​ចៀម​តម្រូវ​ឲ្យ​ចេះ​ថ្នាក់​ថ្នម​វា​ដែរ។ ពេល​មេ​ចៀម​កើត​កូន​នៅ​ឆ្ងាយ​ពី​ហ្វូង​នោះ អ្នក​គង្វាល​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ឈរ​ការពារ​មេ​ចៀម​នោះ ពីព្រោះ​នេះ​ជា​ពេល​ដែល​វា​ងាយ​រង​គ្រោះ​បំផុត។ រួច​មក អ្នក​គង្វាល​ត្រូវ​បី​កូន​ចៀម​តូច​នេះ​ដែល​មិន​អាច​ការពារ​ខ្លួន​បាន និង​យក​វា​ទៅ​ដាក់​ជា​មួយ​ហ្វូង​ចៀម​វិញ។

‹ទ្រង់​នឹង​លើក​ផ្ទាប់​កូន​ចៀម​ទ្រង់​នៅ​ព្រះ​ឧរា›

មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រៀប​ធៀប​អង្គ​ទ្រង់​ទៅ​នឹង​អ្នក​គង្វាល​ម្នាក់​នោះ គឺ​ទ្រង់​ចង់​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ថា​ទ្រង់​មាន​ឆន្ទៈ​ការពារ​យើង។ (អេសេគាល ៣៤:​១១​-​១៦) សូម​នឹក​ចាំ​ពី​ការ​ពណ៌នា​នៅ​អេសាយ ៤០:១១ ដែល​យើង​បាន​ពិគ្រោះ​នៅ​ជំពូក​ទី​២​ក្នុង​សៀវភៅ​នេះ។ បទ​គម្ពីរ​នោះ​ចែង​ថា៖ «ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល។ ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ​ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ​ឧរា»។ ធ្វើ​ដូច​ម្ដេច​ឲ្យ​កូន​ចៀម​តូច​មួយ​អាច​ឡើង‹ផ្ទាប់​នឹង​ទ្រូង›ឬ​ថ្នក់​អាវ​ធំ​របស់​អ្នក​គង្វាល​បាន? ប្រហែល​ជា​កូន​ចៀម​នោះ​នឹង​មក​ជិត​អ្នក​គង្វាល និង​ប្រើ​ក្បាល​វា​កេះ​ជើង​អ្នក​គង្វាល​នោះ។ ប៉ុន្ដែ អ្នក​គង្វាល​ត្រូវ​តែ​សុខ​ចិត្ដ​ឱន​ទៅ​លើក​បី​កូន​ចៀម​នោះ រួច​ដាក់​វា​ផ្ទាប់​នឹង​ដើម​ទ្រូង​របស់​គាត់​ឲ្យ​វា​មាន​សុវត្ថិ​ភាព។ នេះ​ជា​ការ​ពណ៌នា​យ៉ាង​កក់​ក្ដៅ​ណាស់​ដែល​បញ្ជាក់​ថា អ្នក​គង្វាល​ដ៏​ឧត្ដម​របស់​យើង​មាន​ព្រះ​ទ័យ​ចង់​ជួយ​ការពារ​យើង!

៨​. (ក) សេចក្ដី​សន្យា​របស់​ព្រះ​ថា​នឹង​ការពារ​យើង តើ​សំរាប់​តែ​អ្នក​ណា? តើ​សុភាសិត ១៨:១០ បញ្ជាក់​ចំណុច​នេះ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ការ​ចូល​ទៅ​ពឹង​ជ្រក​ព្រះ​នាម​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

សេចក្ដី​សន្យា​របស់​ព្រះ​ថា​ទ្រង់​នឹង​ការពារ​យើង​នោះ គឺ​មាន​ល័ក្ខខ័ណ្ឌ​ថា ទ្រង់​នឹង​ការពារ​តែ​អ្នក​ដែល​ចូល​ទៅ​ជិត​ទ្រង់​ប៉ុណ្ណោះ។ សុភាសិត ១៨:១០ ចែង​ថា៖ «ព្រះ​នាម​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន។ មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ»។ នៅ​សម័យ​ព្រះ​គម្ពីរ ប៉ម​ផ្សេងៗ​បាន​ត្រូវ​សាង​សង់​នៅ​ទី​រហោ​ស្ថាន​ដើម្បី​ជា​ទី​ជ្រក​កោន​ឲ្យ​មាន​សុវត្ថិ​ភាព។ ប៉ុន្ដែ បើ​បុគ្គល​ម្នាក់​ដែល​ជិត​មាន​គ្រោះ​ថ្នាក់​ចង់​បាន​សុវត្ថិភាព​នោះ គាត់​ត្រូវ​រត់​ចូល​ទៅ​ពឹង​ជ្រក​ក្នុង​ប៉ម​នោះ។ ការ​ចូល​ទៅ​ពឹង​ជ្រក​ព្រះ​នាម​របស់​ព្រះ​ក៏​មាន​ន័យ​ស្រដៀង​គ្នា​ដែរ។ នេះ​មិន​គ្រាន់​តែ​សំដៅ​លើ​ការ​ពោល​ព្រះ​នាម​ព្រះ​ប៉ុណ្ណោះ​ឡើយ ដ្បិត​នាម​របស់​ព្រះ​មិន​មែន​ជា​អ្វី​ស័ក្ដិ​សិទ្ធិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ​ស្គាល់​និង​ទុក​ចិត្ដ​ទៅ​លើ​បុគ្គល​ដែល​មាន​ព្រះ​នាម​នោះ ហើយ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ព្រះ​ទ័យ​សប្បុរស​ណាស់ ដ្បិត​ទ្រង់​ធានា​ថា​ទ្រង់​នឹង​ធ្វើ​ជា​ប៉ម​មាំ​មួន​ដើម្បី​ការពារ​បើ​យើង​ពឹង​ពាក់​ទ្រង់​ដោយ​ជំនឿ!

«ព្រះ​នៃ​យើង​ខ្ញុំ . . . ទ្រង់​អាច​នឹង​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច»

៩​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ទៀត​ក្រៅ​ពី​បាន​សន្យា​ថា នឹង​ការពារ​រាស្ដ្រ​ទ្រង់​នោះ?

ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​សន្យា​ថា​ទ្រង់​នឹង​ការពារ​រាស្ដ្រ​ទ្រង់​ប៉ុណ្ណោះ​ទេ។ នៅ​សម័យ​ព្រះ​គម្ពីរ ទ្រង់​ធ្លាប់​សម្ដែង​ដោយ​អព្ភូតហេតុ​ថា ទ្រង់​អាច​ការពារ​រាស្ដ្រ​របស់​ទ្រង់​បាន។ ជា​ច្រើន​ដង ក្នុង​កំឡុង​ប្រវត្ដិសាស្ដ្រ​របស់​សាសន៍​អ៊ីស្រាអែល ‹ព្រះ​ហស្ដ›ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា​បាន​ទប់​ស្កាត់​ការ​វាយ​លុក​នៃ​ពួក​សត្រូវ​ដ៏​ខ្លាំង​ក្លា។ (និក្ខមនំ ៧:៤) ប៉ុន្ដែ ព្រះ​យេហូវ៉ា​ក៏​ធ្លាប់​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ការពារ​បុគ្គល​ម្នាក់ៗ​ដែរ។

១០, ១១​. តើ​ឧទាហរណ៍​អ្វី​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ​តេជានុភាព​ដើម្បី​ការពារ​បុគ្គល​ម្នាក់?

១០ ពេល​យុវជន​បី​នាក់​សាសន៍​ហេព្រើរ ឈ្មោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ​-​នេកោ​មិន​ព្រម​លុត​ជង្គង់​ថ្វាយ​បង្គំ​រូប​ចម្លាក់​របស់​ស្ដេច​នេប៊ូក្នេសា នោះ​ស្ដេច​នេះ​បាន​ខ្ញាល់​យ៉ាង​ខ្លាំង និង​បាន​គំរាម​យុវជន​ទាំង​បី​នាក់​នេះ​ថា​នឹង​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​ឡ​មួយ​ដ៏​សែន​ក្ដៅ។ ស្ដេច​នេប៊ូក្នេសា​ដែល​ជា​ស្ដេច​ធំ​បំផុត​លើ​ផែន​ដី​នៅ​សម័យ​នោះ បាន​មាន​បន្ទូល​ចំអក​ឲ្យ​ថា៖ «តើ​មាន​ព្រះ​ឯ​ណា ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន?»។ (ដានីយ៉ែល ៣:១៥) យុវជន​បី​នាក់​នេះ​បាន​ជឿ​ជាក់​ថា ព្រះ​របស់​ពួក​គេ​មាន​តេជានុភាព​ដើម្បី​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច ប៉ុន្ដែ ពួក​គេ​មិន​បាន​សន្មត​ជា​មុន​ថា ទ្រង់​នឹង​សង្គ្រោះ​ពួក​គេ​នោះ​ទេ។ ដូច្នេះ ពួក​គេ​បាន​ឆ្លើយ​ថា៖ «បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្ដិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច»។ (ដានីយ៉ែល ៣:១៧) ពិត​ណាស់ ឡ​នោះ ទោះ​ជា​មាន​កំដៅ​ក្ដៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង​ក៏​ពិត​មែន តែ​មិន​មែន​ជា​ឧបសគ្គ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​មាន​គ្រប់​ព្រះ​ចេស្តា​នោះ​ឡើយ។ ទ្រង់​បាន​ការពារ​ពួក​គេ ហើយ​នេះ​បាន​បង្ខំ​ស្ដេច​នេប៊ូក្នេសា​ឲ្យ​ទទួល​ស្គាល់​ថា៖ «គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​អាច​នឹង​ជួយ ឲ្យ​រួច​យ៉ាង​ដូច្នេះ​បាន​ឡើយ»។—ដានីយ៉ែល ៣:២៩

១១ ព្រះ​យេហូវ៉ា​ក៏​បាន​សម្ដែង​យ៉ាង​អស្ចារ្យ​ថា ទ្រង់​មាន​តេជានុភាព​ដើម្បី​ការពារ ពេល​ទ្រង់​បាន​ផ្ទេរ​ព្រះ​ជន្ម​របស់​រាជបុត្រា​តែ​មួយ​របស់​ទ្រង់​ទៅ​ក្នុង​ផ្ទៃ​នៃ​នាង​ម៉ា​រា ដែល​ជា​ស្រី​បរិសុទ្ធ​ជន​ជាតិ​យូដា​ម្នាក់។ ទេវតា​មួយ​រូប​បាន​ប្រាប់​ម៉ា​រា​ថា នាង​នឹង៖ «មាន​គភ៌​ប្រសូត​បាន​បុត្រា​១»។ រួច​មក ទេវតា​នោះ​ពន្យល់​ថា៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ​ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល»។ (លូកា ១:៣១, ៣៥) តាម​មើល​ទៅ រាជបុត្រា​របស់​ព្រះ​គឺ​ងាយ​រង​គ្រោះ​បំផុត​នៅ​ពេល​នោះ។ តើ​បាប​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​ម្ដាយ​អាច​ធ្វើ​ទុក្ខ​ដល់​ទារក​នោះ​ឬ​ទេ? តើ​សាតាំង​អាច​ធ្វើ​បាប​ឬ​ក៏​ធ្វើ​គុត​ដល់​រាជបុត្រា​នេះ​មុន​ទ្រង់​ប្រសូត​មក​ឬ? មិន​អាច​កើត​ឡើង​ដូច្នេះ​ទេ! ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​របាំង​ដែក​មួយ​ព័ទ្ធ​ការពារ​នាង​ម៉ា​រា ដើម្បី​កុំ​ឲ្យ​ភាព​ឥត​គ្រប់​ល័ក្ខណ៍ ឥទ្ធិពល​អាក្រក់ ឃាតករ ឬ​ក៏​បិសាច​ណា​មក​ធ្វើ​ទុក្ខ​ដល់​ទារក​ដែល​កំពុង​តែ​លូត​លាស់​ក្នុង​ផ្ទៃ​ម្ដាយ ចាប់​ពី​ពេល​បង្ក​កំណើត​មក​នោះ។ ព្រះ​យេហូវ៉ា​បាន​បន្ដ​ការពារ​ព្រះ​យេស៊ូ​ពេល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ។ (ម៉ាថាយ ២:១​-​១៥) មុន​ពេល​កំណត់​របស់​ព្រះ​មក​ដល់ នោះ​គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​ដល់​រាជបុត្រា​របស់​ទ្រង់​ឡើយ។

១២​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​ការពារ​បុគ្គល​មួយ​ចំនួន​ដោយ​អព្ភូតហេតុ​នៅ​សម័យ​ព្រះ​គម្ពីរ?

១២ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ការពារ​បុគ្គល​ផ្សេងៗ​ដោយ​អព្ភូតហេតុ​យ៉ាង​នេះ? ក្នុង​ករណី​ជា​ច្រើន ព្រះ​យេហូវ៉ា​បាន​ការពារ​បុគ្គល​ផ្សេងៗ​ដើម្បី​រក្សា​អ្វី​ដ៏​សំខាន់​បំផុត ពោល​គឺ​ការ​សម្រេច​នូវ​គោល​បំណង​របស់​ទ្រង់។ ជា​ឧទាហរណ៍ គឺ​ជា​ការ​ចាំ​បាច់​ដែល​ព្រះ​យេស៊ូ​ត្រូវ​រួច​រស់​ព្រះ​ជន្ម​ពេល​ទ្រង់​នៅ​ជា​ក្មេង​តូច ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ក្រោយ​មក​នឹង​ផ្ដល់​ជា​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​ជាតិ។ កំណត់​ហេតុ​ជា​ច្រើន​ដែល​លើក​បញ្ជាក់​តេជានុភាព​ការពារ​របស់​ទ្រង់ បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​បទ​គម្ពីរ​ដែល​វិញ្ញាណ​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ។ គឺ​បទ​គម្ពីរ​ដែល«បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ដ​ចិត្ដ ដោយ​សារ​គម្ពីរ»។ (រ៉ូម ១៥:៤) ពិត​ណាស់ គំរូ​ទាំង​នេះ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្តា។ ប៉ុន្ដែ តើ​យើង​អាច​សង្ឃឹម​ថា​ទ្រង់​នឹង​ការពារ​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

អ្វី​ដែល​ការ​ការពារ​ពី​ព្រះ​មិន​រួម​បញ្ចូល

១៣​. តើ​ព្រះ​យេហូវ៉ា​ចាំ​បាច់​ធ្វើ​អព្ភូតហេតុ​ការពារ​យើង​ទេ? សូម​ពន្យល់។

១៣ សេចក្ដី​សន្យា​ពី​ព្រះ​ថា​ទ្រង់​នឹង​ការពារ​យើង មិន​បាន​ន័យ​ថា​ទ្រង់​ចាំ​បាច់​ធ្វើ​អព្ភូតហេតុ​ប្រយោជន៍​ឲ្យ​យើង​ទេ។ ព្រះ​មិន​ធានា​ថា​យើង​នឹង​រស់​នៅ​ក្នុង​របប​លោកីយ៍​ចាស់​នេះ​ដោយ​គ្មាន​បញ្ហា​សោះ​ឡើយ។ អ្នក​បំរើ​ជា​ច្រើន​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ប្រឈម​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង រួម​មាន​ទាំង​ភាព​ក្រី​ក្រ សង្គ្រាម ជំងឺ និង​សេចក្ដី​ស្លាប់​ជា​ដើម។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ត្រង់ៗ​នឹង​ពួក​សិស្ស​របស់​ទ្រង់​ថា ពួក​គេ​ប្រហែល​ជា​នឹង​ត្រូវ​អ្នក​ដទៃ​សម្លាប់​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់​ថា ការ​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់​គឺ​ជា​អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់។ (ម៉ាថាយ ២៤:៩, ១៣) បើ​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ធ្វើ​អព្ភូតហេតុ​ការពារ​យើង​ជា​រៀង​រាល់​ដង​នោះ សាតាំង​អាច​មាន​ហេតុ​ចោទ​ប្រកាន់​ទ្រង់ និង​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ព្រះ។—យ៉ូប ១:៩, ១០

១៤​. តើ​ឧទាហរណ៍​ណា​ខ្លះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​តែង​តែ​ការពារ​អ្នក​បំរើ​របស់​ទ្រង់​ដូច​គ្នា​ទាំង​អស់​នោះ?

១៤ សូម្បី​តែ​នៅ​សម័យ​ព្រះ​គម្ពីរ​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​តែង​តែ​ប្រើ​តេជានុភាព​របស់​ទ្រង់​ជា​ខែល​ការពារ​អ្នក​បំរើ​របស់​ទ្រង់​គ្រប់​រូប​កុំ​ឲ្យ​ស្លាប់​ឡើយ។ ជា​ឧទាហរណ៍ ស្ដេច​ហេរ៉ូឌ​បាន​ប្រហារ​ជីវិត​សាវ័ក​យ៉ាកុប​នៅ​ជិត​ឆ្នាំ​៤៤​ស.យ.។ ប៉ុន្ដែ មិន​យូរ​ក្រោយ​មក ពេត្រុស​បាន​ត្រូវ​សង្គ្រោះ«ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្ដេច​ហេរ៉ូឌ»។ (កិច្ច​ការ ១២:១​-​១១) ហើយ​យ៉ូហាន ប្អូន​ប្រុស​របស់​យ៉ាកុប បាន​រស់​យូរ​ជាង​ពេត្រុស​និង​យ៉ាកុប​ទៅ​ទៀត។ គឺ​ច្បាស់​ហើយ យើង​មិន​អាច​សង្ឃឹម​ថា​ព្រះ​របស់​យើង​នឹង​ការពារ​អ្នក​បំរើ​របស់​ទ្រង់​គ្រប់​រូប​ដូចៗ​គ្នា​ទាំង​អស់​ទេ។ យ៉ាង​ណា​មិញ យើង​ទាំង​អស់​គ្នា​ជួប«គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន»។ (សាស្តា ៩:១១, ព.ថ.) បើ​ដូច្នេះ តើ​ព្រះ​យេហូវ៉ា​ការពារ​យើង​យ៉ាង​ដូច​ម្ដេច​សព្វ​ថ្ងៃ​នេះ?

ព្រះ​យេហូវ៉ា​ការពារ​យើង​ខាង​ផ្លូវ​កាយ

១៥, ១៦​. (ក) តើ​ភស្ដុ​តាង​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ការពារ​អ្នក​ថ្វាយ​បង្គំ​ជា​ក្រុម​ខាង​ផ្លូវ​កាយ? (ខ) ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ការពារ​អ្នក​បំរើ​របស់​ទ្រង់​ឥឡូវ​នេះ​និង​ក្នុង«គ្រា​វេទនា​យ៉ាង​ធំ»?

១៥ មុន​បង្អស់ យើង​សូម​ពិចារណា​ការ​ការពារ​ខាង​ផ្លូវ​កាយ។ ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា យើង​អាច​ជឿ​ជាក់​ថា ទ្រង់​នឹង​ការពារ​យើង​ជា​ក្រុម។ ពុំ​នោះ សាតាំង​អាច​បំផ្លាញ​យើង​ចោល​យ៉ាង​ងាយ​ស្រួល​បាន។ សូម​គិត​ទៅ​មើល: សាតាំង​ដែល​ជា«ចៅហ្វាយ​របស់​លោកីយ៍​នេះ» នឹង​សប្បាយ​ចិត្ដ​ណាស់​បើ​វា​អាច​បំបាត់​ការ​ថ្វាយ​បង្គំ​ពិត​ឲ្យ​សាប​សូន្យ​ទៅ។ (យ៉ូហាន ១២:៣១; វិវរណៈ ១២:១៧) រដ្ឋាភិបាល​ខ្លះៗ​ដែល​ខ្លាំង​បំផុត​បាន​ព្យាយាម​ដាក់​បំរាម​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង និង​បាន​ខំ​ប្រឹង​បំផ្លាញ​យើង​ឲ្យ​សោះ​សូន្យ​ទៅ។ ប៉ុន្ដែ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​កាន់​ជំហរ​យ៉ាង​មាំ​មួន និង​បាន​បន្ដ​ផ្សព្វ​ផ្សាយ​មិន​ឈប់​ឈរ! ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ខ្លាំងៗ​ទាំង​នេះ​មិន​អាច​បញ្ឈប់​សកម្មភាព​នៃ​ក្រុម​គ្រីស្ទាន​ដ៏​តូច​និង​មើល​ទៅ​ដូច​ជា​ងាយ​រង​គ្រោះ​នេះ​បាន​ដូច្នេះ? ក្នុង​ន័យ​អត្ថបដិរូប គឺ​ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ការពារ​យើង​ដោយ​ចំអេង​ស្លាប​ដ៏​ខ្លាំង​របស់​ទ្រង់!—ទំនុក​ដំកើង ១៧:៧, ៨

១៦ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ការពារ​ខាង​ផ្លូវ​កាយ​ក្នុង​កំឡុង«គ្រា​វេទនា​យ៉ាង​ធំ»ដែល​ជិត​មក​ដល់​ហើយ​នោះ? យើង​មិន​ចាំ​បាច់​ខ្លាច​ការ​កាត់​ទោស​ពី​ព្រះ​ឡើយ។ យ៉ាង​ណា​មិញ«[ព្រះ​យេហូវ៉ា]ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ​ជំ​រះ​វិញ»។ (វិវរណៈ ៧:១៤; ពេត្រុសទី២ ២:៩) ទំ​រាំ​ដល់​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ជឿ​ជាក់​ទៅ​លើ​អ្វី​ពីរ​យ៉ាង។ ទី​មួយ ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ត្រូវ​បំផ្លាញ​សាប​សូន្យ​ចេញ​ពី​ផែន​ដី​ឡើយ។ ទី​ពីរ ព្រះ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​ដែល​រក្សា​ភក្ដីភាព​ចំពោះ​ទ្រង់​ដោយ​ផ្ដល់​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់ ទោះ​ពួក​គេ​ស្លាប់​ក្នុង​លោកីយ៍​នេះ​ហើយ​ទ្រង់​ត្រូវ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ។ អស់​អ្នក​ស្មោះ​ត្រង់​ដែល​ស្លាប់​ទៅ និង​ស្ថិត​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ ជា​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​បំផុត។—យ៉ូហាន ៥:២៨, ២៩

១៧​. តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ តើ​ព្រះ​យេហូវ៉ា​ការពារ​យើង​យ៉ាង​ដូច​ម្ដេច?

១៧ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ការពារ​យើង​តាម​រយៈ«ព្រះ​បន្ទូល»របស់​ទ្រង់ ដែល​ប្រៀប​ដូច​ជា​រស់​នៅ ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ដែល​មាន​ចិត្ដ​ប្រេះ​ស្រាំ​ឲ្យ​បាន​ជា​ឡើង​វិញ និង​ជំរុញ​ចិត្ដ​ពួក​គេ​ឲ្យ​កែ​ប្រែ​ជីវិត​របស់​ខ្លួន។ (ហេព្រើរ ៤:១២) បើ​យើង​អនុវត្ដ​តាម​គោល​ការណ៍​ទាំង​នោះ យើង​អាច​ត្រូវ​ការពារ​ពី​គ្រោះ​ថ្នាក់​ខ្លះៗ​បាន។ អេសាយ ៤៨:១៧ ចែង​ថា៖ ‹យើង​នេះ គឺ​យេហូវ៉ា . . . ដែល​បង្រៀន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ប្រយោជន៍›។ គ្មាន​ការ​សង្ស័យ​ទេ​ថា ការ​រស់​នៅ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​សុខភាព​យើង​ល្អ​ជាង​និង​ជីវិត​យើង​វែង​ជាង។ ជា​ឧទាហរណ៍ ដោយ​សារ​យើង​អនុវត្ដ​តាម​ឱវាទ​ព្រះ​គម្ពីរ​ដែល​បង្គាប់​យើង​ឲ្យ​ជៀស​វាង​អំពើ​សហាយ​ស្មន់ ហើយ​សំ​អា​ត​ខ្លួន​យើង​ពី​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ​នោះ យើង​ក៏​អាច​ជៀស​ផុត​ពី​ការ​ប្រព្រឹត្ដ​ដ៏​ស្មោកគ្រោក និង​ទម្លាប់​នៃ​ការ​ប្រព្រឹត្ដ​ដ៏​អាក្រក់​ដែល​នាំ​ឲ្យ​អ្នក​ដែល​មិន​ជឿ​ព្រះ​រង​ទុក្ខ​វេទនា។ (កិច្ច​ការ ១៥:២៩; កូរិនថូសទី២ ៧:១) យើង​ពិត​ជា​មាន​ចិត្ដ​កតញ្ញូ​ណាស់ ដោយ​សារ​ការ​ការពារ​ដែល​មក​ពី​ព្រះ​បន្ទូល​របស់​ព្រះ!

ព្រះ​យេហូវ៉ា​ការពារ​យើង​ខាង​វិញ្ញាណ

១៨​. តើ​ព្រះ​យេហូវ៉ា​ការពារ​យើង​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

១៨ សំខាន់​បំផុត ព្រះ​យេហូវ៉ា​ការពារ​យើង​ខាង​វិញ្ញាណ។ ព្រះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ការពារ​យើង​ពី​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ដោយ​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល និង​ការពារ​ចំណង​មេត្រី​ភាព​ដែល​យើង​មាន​ជា​មួយ​ទ្រង់។ ព្រះ​យេហូវ៉ា​ការពារ​ជីវិត​យើង​ឲ្យ​រស់​នៅ​ជា​រៀង​រហូត មិន​មែន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ទេ។ សូម​ពិចារណា​សំ​វិធានការ​ខ្លះៗ​ពី​ព្រះ​ដែល​ការពារ​យើង​ខាង​វិញ្ញាណ។

១៩​. តើ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​មាន​សមត្ថភាព​ស៊ូ​ទ្រាំ​នឹង​បញ្ហា​យ៉ាង​ដូច​ម្ដេច?

១៩ ព្រះ​យេហូវ៉ា​គឺ​ជា«ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន»។ (ទំនុក​ដំកើង ៦៥:២) ពេល​កង្វល់​កង្វាយ​នៃ​ជីវិត​សង្កត់​មក​លើ​យើង​យ៉ាង​ខ្លាំង​នោះ ការ​អធិស្ឋាន​ទូល​ទ្រង់​អស់​ពី​ដួង​ចិត្ដ​អាច​សម្រាល​ទុក្ខ​យើង​បាន​ច្រើន។ (ភីលីព ៤:៦, ៧) ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​បញ្ឈប់​ការ​ល្បង​ល​របស់​យើង​ដោយ​អព្ភូតហេតុ​នោះ​ទេ ប៉ុន្ដែ ទ្រង់​អាច​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង ដោយ​ប្រទាន​នូវ​ប្រាជ្ញា​ដល់​យើង​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ស៊ូ​ទ្រាំ​នោះ។ (យ៉ាកុប ១:៥, ៦) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ដល់​អស់​អ្នក​ណា​ដែល​សុំ។ (លូកា ១១:១៣) វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​នោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​ប្រឈម​មុខ។ វិញ្ញាណ​នោះ​អាច​ផ្ដល់«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់»ឲ្យ​ស៊ូ​ទ្រាំ​ទាល់​តែ​ព្រះ​យេហូវ៉ា​បំបាត់​បញ្ហា​សព្វ​បែប​យ៉ាង​ដែល​ធ្វើ​ទុក្ខ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់​នោះ។—កូរិនថូសទី២ ៤:៧

២០​. តាម​រយៈ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា តើ​តេជានុភាព​ការពារ​របស់​ព្រះ​យេហូវ៉ា​អាច​ត្រូវ​សម្ដែង​យ៉ាង​ដូច​ម្ដេច​?

២០ ជួន​កាល​ព្រះ​យេហូវ៉ា​បញ្ចេញ​តេជានុភាព​ដើម្បី​ការពារ​យើង​តាម​រយៈ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា។ ព្រះ​យេហូវ៉ា​បាន​បង្រួប​បង្រួម​រាស្ដ្រ​ទ្រង់​ឲ្យ​ក្លាយ​ជា​ភាតរភាព«បង​ប្អូន»ទូ​ទាំង​ពិភព​លោក។ (ពេត្រុសទី១ ២:១៧; យ៉ូហាន ៦:៤៤) ក្នុង​ភាព​កក់​ក្ដៅ​នៃ​ភាតរភាព​នោះ យើង​អាច​មើល​ឃើញ​ភស្ដុ​តាង​ជាក់​ស្ដែង​ដែល​បង្ហាញ​ថា វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ល្អ។ វិញ្ញាណ​នោះ​បង្កើត​ផល​ផ្លែ​ក្នុង​យើង ដែល​ជា​គុណ​សម្បត្ដិ​វិសេស​វិសាល​រួម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស និង​ភាព​ល្អ​ជា​ដើម។ (កាឡាទី ៥:២២, ២៣) ហេតុ​នេះ ពេល​យើង​រង​ទុក្ខ​លំបាក នោះ​អ្នក​ជឿ​គ្នី​គ្នា​ជូន​ឱវាទ​ឬ​ក៏​និយាយ​លើក​ទឹក​ចិត្ដ​យើង យើង​អាច​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​សំរាប់​ការ​ថែ​រក្សា​ការពារ​បែប​នេះ។

២១​. (ក) តាម​រយៈ‹អ្នក​បំរើ​មាន​វិនិច្ឆ័យ​ល្អ› តើ​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​ម្ហូប​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល​អ្វី​ខ្លះ? (ខ) តើ​អ្នក​ធ្លាប់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ពី​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​ដែល​ការពារ​យើង​នោះ?

២១ ព្រះ​យេហូវ៉ា​ប្រទាន​អ្វី​មួយ​ទៀត​ដែល​ការពារ​យើង គឺ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល។ ដើម្បី​ជួយ​យើង​បាន​កម្លាំង​ពី​ព្រះ​បន្ទូល​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​បង្គាប់‹អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ›ឲ្យ​ផ្ដល់​ម្ហូប​អាហារ​ខាង​វិញ្ញាណ។ អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​នេះ​បោះ​ពុម្ព​ប្រកាសន​វត្ថុ ដូច​ជា​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់​រឭក! ព្រម​ទាំង​រៀប​ចំ​កិច្ច​ប្រជុំ សន្និបាត​និង​មហា​សន្និបាត​ដើម្បី​ផ្គត់​ផ្គង់‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល› គឺ​ជា​អ្វី​ដែល​យើង​ទទួល​នៅ​ចំ​ពេល​ដែល​យើង​ត្រូវ​ការ​តែ​ម្ដង។ (ម៉ាថាយ ២៤:៤៥) តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​ដែល​លើក​ទឹក​ចិត្ដ​ចំ​នឹង​អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ណា​មួយ ពេល​បង​ប្អូន​ឆ្លើយ​សំនួរ ថ្លែង​សុន្ទរកថា ឬ​ក៏​អធិស្ឋាន​នោះ​ទេ? តើ​មាន​អត្ថបទ​ណា​មួយ​ក្នុង​ប្រកាសន​វត្ថុ​របស់​យើង​ធ្លាប់​មាន​ឥទ្ធិពល​មក​លើ​ជីវិត​របស់​អ្នក​ឬ​ទេ? សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​សំ​វិធានការ​បែប​នេះ​ដើម្បី​ការពារ​យើង​ខាង​វិញ្ញាណ។

២២​. តើ​ព្រះ​យេហូវ៉ា​តែង​តែ​ប្រើ​តេជានុភាព​របស់​ទ្រង់​តាម​របៀប​ណា? ហេតុ​អ្វី​នេះ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​យើង?

២២ ព្រះ​យេហូវ៉ា​ពិត​ជា​ខែល​ការពារ​នូវ«អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់»។ (ទំនុក​ដំកើង ១៨:៣០) យើង​យល់​ថា ទ្រង់​មិន​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ការពារ​យើង​ពី​អស់​ទាំង​គ្រោះ​ថ្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ។ ប៉ុន្ដែ ទ្រង់​ពិត​ជា​ប្រើ​តេជានុភាព​របស់​ទ្រង់​ដើម្បី​ធានា​ថា គោល​បំណង​ទ្រង់​នឹង​សម្រេច​ជា​ពុំ​ខាន។ នៅ​ទី​បំផុត រាស្ដ្រ​ទ្រង់​ទទួល​ប្រយោជន៍​ដោយ​សារ​ទ្រង់​ធ្វើ​ដូច្នេះ។ បើ​យើង​ចូល​ទៅ​ជិត​ទ្រង់​និង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ជីវិត​ជា​រៀង​រហូត​ដល់​យើង។ ដោយ​គិត​អំពី​សេចក្ដី​សង្ឃឹម​នោះ យើង​ប្រហែល​ជា​អាច​ចាត់​ទុក​ការ​រង​ទុក្ខ​វេទនា​ណា​ក្នុង​របប​លោកីយ៍​នេះ​ជា​អ្វី​ដ៏«ស្រាល»និង«មួយ​ភ្លែត»ប៉ុណ្ណោះ។—កូរិនថូសទី២ ៤:១៧