ភាគ១០
សាឡូម៉ូនគ្រប់គ្រងដោយប្រាជ្ញា
ព្រះយេហូវ៉ាផ្ដល់ប្រាជ្ញាឲ្យស្ដេចសាឡូម៉ូន។ ក្នុងអំឡុងការគ្រប់គ្រងរបស់សាឡូម៉ូន ជនជាតិអ៊ីស្រាអែលមានសន្ដិភាពនិងភាពចម្រុងចម្រើនក្រៃលែង
តើជីវិតនឹងទៅជាយ៉ាងណា បើប្រជាជាតិទាំងមូលនិងអ្នកគ្រប់គ្រងស្តាប់តាមព្រះយេហូវ៉ាដោយចាត់ទុកលោកជាស្ដេចរបស់ពួកគេ ហើយធ្វើតាមច្បាប់របស់លោក? ចម្លើយចំពោះសំណួរនេះបានត្រូវបង្ហាញឲ្យឃើញក្នុងអំឡុង៤០ឆ្នាំនៃការគ្រប់គ្រងរបស់ស្ដេចសាឡូម៉ូន។
មុននឹងដាវីឌទទួលមរណភាព នោះគាត់បានតែងតាំងសាឡូម៉ូនជាបុត្រឲ្យស្នងរាជ្យ។ តាមរយៈសុបិន នោះព្រះបានអញ្ជើញសាឡូម៉ូនឲ្យស្នើសុំអ្វីដែលគាត់ចង់បាន។ សាឡូម៉ូនបានសុំប្រាជ្ញានិងចំណេះដើម្បីវិនិច្ឆ័យក្ដីឲ្យបណ្ដាជនដោយយុត្ដិធម៌និងដោយប្រាជ្ញា។ ព្រះយេហូវ៉ាពេញចិត្ដ ហើយបានផ្ដល់ប្រាជ្ញានិងការយល់ដឹងឲ្យសាឡូម៉ូន។ ព្រះយេហូវ៉ាក៏បានសន្យាឲ្យគាត់នូវទ្រព្យសម្បត្ដិ ភាពរុងរឿង និងជីវិតយឺនយូរ ប្រសិនបើគាត់ស្តាប់បង្គាប់លោកជានិច្ច។
សាឡូម៉ូនបានក្លាយទៅជាល្បីឈ្មោះដោយសារការវិនិច្ឆ័យក្ដីដែលប្រកបដោយប្រាជ្ញា។ ក្នុងករណីមួយ ស្ដ្រីពីរនាក់បានអះអាងថាពួកគេជាម្ដាយរបស់ទារកតែមួយ។ សាឡូម៉ូនបានបញ្ជាឲ្យគេកាប់កូនង៉ែតនោះជាពីរចំណែក ហើយឲ្យស្ដ្រីម្នាក់ៗមួយចំហៀង។ ស្ដ្រីម្នាក់បានយល់ស្រប ប៉ុន្ដែភ្លាមនោះ ម្ដាយពិតប្រាកដបានអង្វរសុំស្ដេចឲ្យកូនង៉ែតដល់ស្ដ្រីម្នាក់ទៀតចុះ។ ឥឡូវ សាឡូម៉ូនបានឃើញច្បាស់ថា ស្ដ្រីដែលមានចិត្ដមេត្ដាករុណាគឺជាម្ដាយពិត ក៏ឲ្យកូនប្រុសនោះដល់នាងវិញ។ មិនយូរក្រោយមក ស្រុកអ៊ីស្រាអែលទាំងមូលបានឮអំពីការសម្រេចក្ដីនេះ ហើយបណ្ដាជនបានទទួលស្គាល់ថា ប្រាជ្ញារបស់ព្រះបានសណ្ឋិតនៅក្នុងសាឡូម៉ូន។
ការសម្រេចដ៏ធំធេងបំផុតរបស់សាឡូម៉ូន គឺការសង់វិហាររបស់ព្រះយេហូវ៉ា ជាសំណង់ដ៏អស្ចារ្យក្នុងក្រុងយេរូសាឡិមដែលជាកន្លែងសំខាន់បំផុតសម្រាប់គោរពប្រណិប័តន៍ព្រះនៅស្រុកអ៊ីស្រាអែល។ ពេលសម្ពោធវិហារនេះ សាឡូម៉ូនបានអធិដ្ឋានថា៖ «មើល ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត»។—ពង្សាវតារក្សត្រទី១ ៨:២៧
បណ្ដាជននៅស្រុកផ្សេងៗបានឮអំពីកេរ្ដិ៍ឈ្មោះរបស់សាឡូម៉ូន រហូតដល់ស្រុកសេបានៅស្រុកអារ៉ាប់។ មហាក្សត្រីនៃស្រុកសេបាបានធ្វើដំណើរមកមើលភាពរុងរឿងនិងទ្រព្យសម្បត្ដិរបស់សាឡូម៉ូន និងដើម្បីដឹងថាគាត់មានប្រាជ្ញាប៉ុណ្ណា។ មហាក្សត្រីនេះបានស្ងើចប្រាជ្ញារបស់សាឡូម៉ូន និងភាពចម្រុងចម្រើននៃស្រុកអ៊ីស្រាអែលដល់ម៉្លេះបានជា គាត់បានសរសើរព្រះយេហូវ៉ាដោយសារបានតាំងស្ដេចដែលមានប្រាជ្ញានេះឲ្យគ្រប់គ្រងស្រុក។ ប្រាកដមែន ដោយមានពរពីព្រះយេហូវ៉ា ការគ្រប់គ្រងរបស់សាឡូម៉ូន គឺជាការគ្រប់គ្រងដែលមានភាពចម្រុងចម្រើននិងសន្ដិភាពច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រអ៊ីស្រាអែលនៅសម័យបុរាណ។
គួរឲ្យស្តាយមែន សាឡូម៉ូនមិនបានបន្ដប្រព្រឹត្ដស្របតាមប្រាជ្ញារបស់ព្រះយេហូវ៉ាទេ។ ដោយមិនបានធ្វើតាមបញ្ញត្ដិរបស់ព្រះយេហូវ៉ា គាត់បានយកប្រពន្ធរាប់រយនាក់ ដែលភាគច្រើនគោរពប្រណិប័តន៍ព្រះផ្សេង។ បន្ដិចម្ដងៗ ប្រពន្ធទាំងប៉ុន្មានបានបង្វែរចិត្ដគាត់ចេញពីព្រះយេហូវ៉ា ឲ្យទៅគោរពបូជារូបព្រះវិញ។ ព្រះយេហូវ៉ាបានប្រាប់សាឡូម៉ូនថា នឹងយកផ្នែកខ្លះនៃរាជាណាចក្រចេញពីគាត់។ ព្រះមានប្រសាសន៍ថា គ្រួសារគាត់នឹងនៅមានតែមួយផ្នែកនៃរាជាណាចក្រប៉ុណ្ណោះ ដោយសារសេចក្ដីសន្យាដែលលោកបានធ្វើជាមួយនឹងដាវីឌជាឪពុករបស់សាឡូម៉ូន។ ទោះជាសាឡូម៉ូនបានឈប់បម្រើព្រះយេហូវ៉ាក៏ដោយ ព្រះយេហូវ៉ានៅតែស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងរាជាណាចក្ររបស់លោកជាមួយនឹងដាវីឌ។
—មានមូលដ្ឋានលើសៀវភៅពង្សាវតារក្សត្រទី១ ជំពូក១រហូតដល់១១ របាក្សត្រទី២ ជំពូក១រហូតដល់ជំពូក៩ ចោទិយកថា ១៧:១៧។