ជំពូកទីដប់ប្រាំ
ចូរផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរារបស់យើង
១. តើយើងជំពាក់គុណមាតាបិតារបស់យើងអ្វីខ្លះ? ដូច្នេះតើយើងគួរមានអារម្មណ៍យ៉ាងណា? ហើយប្រព្រឹត្តយ៉ាងណាចំពោះពួកគាត់?
បុរសដ៏មានប្រាជ្ញាម្នាក់ដែលរស់នៅជាយូរយារមកហើយ បានឲ្យឱវាទនេះថា៖ «ចូរស្ដាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្ដាយឯងក្នុងកាលដែលគាត់ចាស់ឡើយ»។ (សុភាសិត ២៣:២២) អ្នកប្រហែលជាពោលថា៖ ‹ខ្ញុំនឹងមិនធ្វើដូច្នេះឡើយ!›។ យើងភាគច្រើនមានចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមាតាឬក៏បិតារបស់យើង មិនមែនមានចិត្តស្អប់ពួកគាត់នោះទេ។ យើងដឹងថាយើងជំពាក់គុណពួកគាត់ច្រើនណាស់។ មុនដំបូង មាតាបិតារបស់យើងបានផ្ដល់ជីវិតឲ្យយើង។ ថ្វីបើព្រះយេហូវ៉ាជាប្រភពនៃជីវិតក៏ដោយ តែបើឥតមានមាតាបិតារបស់យើងទេ នោះយើងនឹងគ្មានអត្ថិភាពឡើយ។ គ្មានអ្វីដែលយើងអាចជូនមាតាបិតាយើងវិញ ដែលមានតម្លៃដូចជីវិតនោះទេ។ រួចមក ចូរគិតអំពីពលិកម្ម ការមើលថែរក្សាដោយយកចិត្តទុកដាក់ ការចំណាយជាច្រើនសំរាប់ចិញ្ចឹមកូន និងការយកចិត្តទុកដាក់ដ៏ជាទីស្រឡាញ់ ដែលទាក់ទងក្នុងការជួយកូនតាំងពីទារករហូតដល់ក្លាយជាមនុស្សពេញវ័យ។ ដូច្នេះហើយ គឺជាការសមហេតុសមផលមែន ដែលបន្ទូលរបស់ព្រះឲ្យឱវាទថា៖ «ចូរគោរពប្រតិបត្ដិដល់មាតាបិតាខ្លួន . . . ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ»។—អេភេសូរ ៦:២, ៣
ទទួលស្គាល់នូវសេចក្ដីត្រូវការខាងផ្លូវចិត្ត
២. តើកូនពេញវ័យអាច‹សងគុណ›ចំពោះមាតាបិតារបស់ខ្លួនយ៉ាងដូចម្ដេច?
២ សាវ័កប៉ុលបានសរសេរទៅកាន់ពួកគ្រីស្ទានថា៖ «ត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្ដិ ដល់ពួកផ្ទះខ្លួនជាដើម ទាំងសងគុណឪពុកម្ដាយ ដ្បិតព្រះទ្រង់សព្វ ព្រះហឫទ័យយ៉ាងដូច្នោះ»។ (ធីម៉ូថេទី១ ៥:៤) កូនពេញវ័យបង្ហាញការអបអរដោយ‹សងគុណ›មាតាបិតានិងជីដូនជីតាចំពោះសេចក្ដីស្រឡាញ់ ការខំប្រឹងប្រែង និងការចិញ្ចឹមបីបាច់ ដែលពួកគាត់បានខិតខំមើលថែរក្សាពួកគេអស់ជាច្រើនឆ្នាំមកហើយ។ របៀបមួយដែលកូនអាចធ្វើដូច្នេះបាន គឺដោយទទួលស្គាល់ថា ពួកគាត់ក៏ត្រូវការសេចក្ដីស្រឡាញ់និងភាពទុកចិត្តដូចគេឯងដែរ ហើយត្រូវការអ្វីទាំងអស់នេះយ៉ាងខ្លាំងទៀតផង។ ដូចយើងគ្រប់គ្នាដែរ ពួកគាត់ចង់ឲ្យកូនចាត់ទុកពួកគាត់ថាមានតម្លៃ។ ពួកគាត់ត្រូវការដឹងថា ជីវិតរបស់គាត់ក៏មានប្រយោជន៍ដែរ។
៣. តើតាមរបៀបណាដែលយើងអាចផ្ដល់កិត្ដិយសឲ្យមាតាបិតានិងជីដូនជីតារបស់យើង?
៣ ដូច្នេះ យើងអាចផ្ដល់កិត្ដិយសឲ្យមាតាបិតានិងជីដូនជីតារបស់យើង ដោយប្រាប់គាត់ថាយើងស្រឡាញ់ពួកគាត់។ (កូរិនថូសទី១ ១៦:១៤) ប្រសិនបើមាតាបិតារបស់យើងមិនរស់នៅជាមួយយើងទេ យើងគួរចងចាំថា ពេលពួកគាត់ឮដំណឹងពីយើង នោះជាអ្វីសំខាន់ណាស់ចំពោះពួកគាត់។ សំបុត្រមួយដែលនាំឲ្យមានចិត្តសប្បាយ ការទូរស័ព្ទ ឬការទៅសួរសុខទុក្ខអាចបណ្ដាលឲ្យពួកគាត់មានអំណរយ៉ាងខ្លាំង។ លោកយាយមីយ៉ូរស់នៅប្រទេសជប៉ុន ពេលគាត់មានអាយុ៨២ឆ្នាំ គាត់បានសរសេរថា៖ «កូនស្រីរបស់ខ្ញុំ [ដែលប្ដីជាអ្នកធ្វើដំណើរត្រួតពិនិត្យ]ប្រាប់ខ្ញុំថា៖ ‹អ្នកម៉ាក់អើយ! អញ្ជើញ«ធ្វើដំណើរ»ជាមួយពួកកូន›។ កូនស្រីខ្ញុំផ្ញើផែនទីផ្លូវនិងលេខទូរស័ព្ទឲ្យខ្ញុំប្រចាំសប្ដាហ៍។ ខ្ញុំអាចបើកមើលផែនទីរបស់ខ្ញុំ និងពោលថា៖ ‹អូ៎! ឥឡូវនេះពួកគេនៅទីនេះហើយ!›។ ខ្ញុំតែងតែមានអំណរគុណចំពោះព្រះយេហូវ៉ានូវពរទាំងប៉ុន្មាន ដោយមានកូនដ៏ល្អបែបនេះ»។
ជំនួយខាងសម្ភារៈ
៤. តើដូចម្ដេចដែលទំនៀមទម្លាប់ខាងសាសនាយូដា លើកទឹកចិត្តឲ្យកូនទៅជាគ្មានចិត្តមេត្ដាចំពោះមាតាបិតាចាស់ជរារបស់ខ្លួននោះ?
៤ តើការផ្ដល់កិត្ដិយសឲ្យមាតាបិតារបស់ខ្លួន អាចទាក់ទងនឹងការមើលថែរក្សានឹងសេចក្ដីត្រូវការខាងសម្ភារៈដែរឬទេ? មែនហើយ! គឺជាការពិតមែន។ នៅក្នុងសម័យរបស់ព្រះយេស៊ូ នោះពួកមេដឹកនាំសាសនាជាតិយូដា បានគាំទ្រទំនៀមទម្លាប់ដែលថា បើបុគ្គលម្នាក់បានថ្វាយប្រាក់កាសឬទ្រព្យរបស់គាត់ជា‹អំណោយថ្វាយព្រះ› នោះគាត់រួចផុតពីភារកិច្ចមើលថែរក្សាទំនុកបំរុងមាតាបិតារបស់គាត់ដោយប្រាក់កាសទាំងនោះ។ (ម៉ាថាយ ១៥:៣-៦) ទម្លាប់បែបនេះគឺគ្មានមេត្ដាមែន! តាមពិតទៅ ពួកមេដឹកនាំសាសនាទាំងនោះបានលើកទឹកចិត្តមនុស្ស កុំឲ្យលើកកិត្ដិយសចំពោះមាតាបិតារបស់ខ្លួន តែបែរជាចាត់ទុកមាតាបិតាជាទីស្អប់ខ្ពើមទៅវិញ ដោយបដិសេធយ៉ាងកំណាញ់ហើយមិនមើលថែរក្សាមាតាបិតាឡើយ។ យើងមិនចង់ធ្វើបែបនេះឡើយ!—ចោទិយកថា ២៧:១៦
៥. ថ្វីបើមានសំវិធានការដែលរដ្ឋបានធ្វើឡើងក្នុងប្រទេសខ្លះក៏ដោយ ហេតុអ្វីបានជាការផ្ដល់កិត្ដិយសឲ្យមាតាបិតារបស់ខ្លួន ជួនកាលរួមបញ្ចូលការជូនប្រាក់កាសដែរ?
៥ នៅក្នុងប្រទេសជាច្រើនសព្វថ្ងៃនេះ គឺមានការឧបត្ថម្ភរបស់រដ្ឋខាងសម្ភារៈចំពោះមនុស្សចាស់ជរា ដូចជាផ្ដល់ឲ្យនូវម្ហូបអាហារ សំលៀកបំពាក់ និងទីជម្រក។ បន្ថែមទៅលើនោះ មនុស្សចាស់ក៏អាចទុកធនធានខ្លះ សំរាប់ពេលខ្លួនគាត់ចាស់ជរាទៅដែរ។ ក៏ប៉ុន្តែបើសំវិធានការទាំងនេះលែងមានទៀតឬឥតគ្រប់គ្រាន់ កូនត្រូវផ្ដល់កិត្ដិយសឲ្យមាតាបិតារបស់ខ្លួន ដោយធ្វើអ្វីដែលកូនអាចធ្វើទៅបាន ដើម្បីបំពេញនូវតម្រូវការរបស់មាតាបិតា។ តាមការពិត ការមើលថែរក្សាមាតាបិតាចាស់ជរា ជាទីសំអាងនៃការគោរពប្រតិបត្ដិចំពោះព្រះ នោះគឺជាវីធីដែលបង្ហាញនូវភក្ដីភាពចំពោះព្រះយេហូវ៉ា ដែលជាអ្នកផ្ដើមនូវរបៀបរៀបចំខាងគ្រួសារ។
សេចក្ដីស្រឡាញ់និងការធ្វើពលិកម្ម
៦. តើអ្នកខ្លះបានរៀបចំការរស់នៅបែបណា ដើម្បីមើលថែរក្សាមាតាបិតារបស់ខ្លួន?
៦ កូនពេញវ័យជាច្រើនបានតបឆ្លើយនឹងសេចក្ដីត្រូវការនៃមាតាបិតាដែលឥតមានសុខភាពល្អ ដោយសេចក្ដីស្រឡាញ់និងការធ្វើពលិកម្ម។ អ្នកខ្លះបានយកមាតាបិតារបស់ខ្លួនមករស់នៅជាមួយ ឬបានផ្លាស់ទីលំនៅឲ្យបាននៅជិតមាតាបិតាខ្លួន។ អ្នកឯទៀត បានទៅនៅជាមួយមាតាបិតារបស់ខ្លួន។ ជាញឹកញាប់ របៀបរៀបចំបែបនេះបានសឲ្យឃើញជាពរ ចំពោះមាតាបិតានិងកូន។
៧. ហេតុអ្វីបានជាមិនល្អក្នុងការធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់ពេក ចំពោះមាតាបិតាចាស់ជរានោះ?
៧ ប៉ុន្តែ ជួនកាលការផ្លាស់ទីលំនៅបែបនេះមិនមានលទ្ធផលល្អនោះទេ។ តើហេតុអ្វី? ប្រហែលជាសេចក្ដីសម្រេចបានធ្វើឡើងដោយឥតគិតមុខគិតក្រោយ ឬក៏មានមូលដ្ឋានលើចិត្តតែប៉ុណ្ណោះ។ ដោយប្រាជ្ញា ព្រះគម្ពីរព្រមានថា៖ «មនុស្សមានគំនិត វាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។ (សុភាសិត ១៤:១៥) ជាឧទាហរណ៍ មាតាដ៏ចាស់ជរារបស់អ្នក មានការពិបាករស់នៅតែម្នាក់ឯង ហើយអ្នកគិតថា គាត់នឹងទទួលប្រយោជន៍ដោយផ្លាស់មករស់នៅជាមួយអ្នក។ ខណៈដែលអ្នកគិតពិចារណាយ៉ាងល្អិតល្អន់ពីអ្វីដែលអ្នកគួរធ្វើ នោះអ្នកអាចគិតអំពីអ្វីដែលមានដូចជា តើគាត់ត្រូវការអ្វីជាចាំបាច់? តើមានសេវាថែទាំសុខុមាលភាពឧបត្ថម្ភដោយរដ្ឋឬឯកជនដែលអាចជួយគាត់បានទេ? តើគាត់ចង់ផ្លាស់ទីលំនៅឬទេ? បើគាត់ចង់ តើនេះនឹងមានឥទ្ធិពលយ៉ាងណាលើជីវិតរបស់គាត់? តើគាត់នឹងត្រូវតែចាកចេញពីមិត្តភក្ដិរបស់គាត់ឬទេ? តើនេះនឹងមានអានុភាពយ៉ាងណាលើផ្លូវចិត្តរបស់គាត់? តើអ្នកបានពិគ្រោះរឿងទាំងនេះជាមួយគាត់ហើយឬនៅ? តើការផ្លាស់ទីលំនៅបែបនេះនឹងមានឥទ្ធិពលយ៉ាងណាលើអ្នក គូរបស់អ្នក និងកូនៗរបស់អ្នក? បើត្រូវការមើលថែរក្សាមាតារបស់អ្នក តើអ្នកណានឹងផ្ដល់ជូនជំនួយនេះ? តើសមាជិកក្នុងគ្រួសារអាចសហការគ្នាជួយក្នុងភារកិច្ចនេះបានឬទេ? តើអ្នកបានពិគ្រោះរឿងទាំងនេះជាមួយសមាជិកទាំងអស់ក្នុងគ្រួសារហើយឬនៅ?
៨. តើអ្នកអាចពិគ្រោះជាមួយអ្នកណាខ្លះ ពេលអ្នកធ្វើការសម្រេចដើម្បីរកវិធីជួយមាតាបិតាចាស់ជរារបស់អ្នក?
៨ ដោយព្រោះភារកិច្ចក្នុងការមើលថែរក្សាទាក់ទងជាមួយកូនទាំងអស់ក្នុងគ្រួសារ គឺយកល្អបើពិគ្រោះជាគ្រួសារ ដើម្បីឲ្យសមាជិកទាំងអស់រួមចំណែកក្នុងការធ្វើសេចក្ដីសម្រេចនេះ។ ការនិយាយរឿងនេះនឹងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំគ្រីស្ទាន ឬក៏ជាមួយមិត្តភក្ដិដែលធ្លាប់ជួបប្រទះនឹងស្ថានការណ៍ស្រដៀងគ្នានេះ ក៏អាចមានប្រយោជន៍ដែរ។ ព្រះគម្ពីរព្រមានថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។—សុភាសិត ១៥:២២
ចូរមានចិត្តយោគយល់និងមានការអធ្យាស្រ័យ
៩, ១០. (ក) ទោះជាមាតាបិតាកាន់តែចាស់ទៅក៏ដោយ តើគួរប្រព្រឹត្តចំពោះមនុស្សចាស់យ៉ាងណា? (ខ) ទោះជាកូនពេញវ័យចាត់វិធានការធ្វើអ្វីក៏ដោយសំរាប់មាតាបិតា តើកូនគួរតែផ្ដល់ឲ្យអ្វីចំពោះមាតាបិតាជារឿយៗ?
៩ ការផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរារបស់យើង តម្រូវឲ្យមានចិត្តយោគយល់និងមានការអធ្យាស្រ័យ។ កាលដែលឆ្នាំទាំងប៉ុន្មានកំពុងតែកន្លងទៅ វ័យចាស់ជរានាំឲ្យមានការពិបាកយ៉ាងខ្លាំង មនុស្សចាស់ៗប្រហែលជាមានការពិបាកកាន់តែខ្លាំងឡើងៗ ក្នុងការដើរ ការបរិភោគ និងការចងចាំ។ ពួកគាត់អាចត្រូវការជំនួយ។ ជារឿយៗ កូនៗខ្វល់ខ្វាយហួសហេតុនឹងសុវត្ថិភាពរបស់មាតាបិតា ហើយខំប្រឹងណែនាំគាត់។ ក៏ប៉ុន្តែយើងគួរតែដឹងថាមនុស្សចាស់ជាមនុស្សពេញវ័យ ដែលមានប្រាជ្ញានិងបទពិសោធន៍ពេញខ្លួន។ ពួកគាត់ធ្លាប់មើលថែរក្សាខ្លួនគាត់និងធ្លាប់បានសម្រេចចិត្តដោយខ្លួនឯងជិតអស់មួយជីវិតទៅហើយ។ ពួកគាត់ប្រហែលចង់ឲ្យកូនទទួលស្គាល់និងគោរពពួកគាត់ជាមាតាបិតា និងជាមនុស្សចាស់ទុំ។ មាតាបិតាដែលមានអារម្មណ៍ថា កូនៗចង់ត្រួតត្រាលើជីវិតរបស់គាត់ អាចទៅជាមានចិត្តក្រៀមក្រំ ឬក៏ខឹងសម្បា។ មាតាបិតាខ្លះតូចចិត្ត និងចង់ប្រឆាំងនឹងការបំបិទសិទ្ធិដែលកូនរបស់គាត់ធ្វើចំពោះគាត់។
១០ គឺគ្មានដំណោះស្រាយដ៏ស្រួលចំពោះបញ្ហាបែបនេះទេ។ តែជាការប្រកបដោយសេចក្ដីសប្បុរស ដោយអនុញ្ញាតឲ្យមាតាបិតាចាស់ជរាមើលថែរក្សាខ្លួនគាត់ និងឲ្យគាត់សម្រេចចិត្តខ្លួនឯង បើគាត់អាចធ្វើទៅបាន។ លើសពីនេះទៅទៀតគឺជាការប្រកបដោយប្រាជ្ញា បើអ្នកនិយាយជាមួយមាតាបិតាជាមុនសិន មុននឹងធ្វើសេចក្ដីសម្រេចអំពីអ្វីដែលមានប្រយោជន៍សំរាប់ពួកគាត់នោះ។ ដោយសារអាយុចាស់ជរា គាត់ប្រហែលជាបានលះបង់របស់ជាច្រើន។ ចូរអនុញ្ញាតឲ្យគាត់មានភាពគ្រប់គ្រងខ្លួនឯងទៅចុះ។ អ្នកនឹងឃើញថា កាលណាអ្នកមិនខំប្រឹងកាន់កាប់លើជីវិតមាតាបិតា នោះទំនាក់ទំនងរបស់អ្នកជាមួយគាត់នឹងបានប្រសើរឡើង។ ពួកគាត់នឹងមានចិត្តសប្បាយជាង ហើយអ្នកក៏សប្បាយចិត្តខ្លាំងដែរ។ ការផ្ដល់កិត្ដិយសឲ្យមាតាបិតារបស់អ្នក តម្រូវឲ្យអ្នកផ្ដល់នូវសេចក្ដីថ្លៃថ្នូរនិងការគោរព ដែលគាត់សមទទួល ជាជាងបង្ខំឲ្យគាត់ទទួលយករបស់ណាមួយសំរាប់ជាប្រយោជន៍ចំពោះគាត់នោះ។ បន្ទូលរបស់ព្រះឲ្យឱវាទថា៖ «ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន»។—លេវីវិន័យ ១៩:៣២
ចូររក្សាអាកប្បកិរិយាដ៏ត្រឹមត្រូវ
១១-១៣. ប្រសិនបើទំនាក់ទំនងរវាងកូនពេញវ័យម្នាក់ ជាមួយមាតាបិតាដែលមិនបានធ្វើល្អចំពោះខ្លួននៅអតីតកាល តើកូនអាចធ្វើយ៉ាងណាបាន ក្នុងការមើលថែរក្សាមាតាបិតាពេលចាស់ជរានោះ?
១១ ជួនកាលបញ្ហាដែលកូនពេញវ័យមានក្នុងការផ្ដល់កិត្ដិយសឲ្យមាតាបិតារបស់ខ្លួន ទាក់ទងនឹងទំនាក់ទំនងដែលកូនធ្លាប់មានជាមួយមាតាបិតាកាលដែលកូននៅក្មេង។ ប្រហែលជាបិតារបស់អ្នកគ្មានចិត្តមេត្ដានិងគ្មានសេចក្ដីស្រឡាញ់ ហើយមាតារបស់ អ្នកបានកាន់កាប់ត្រួតត្រាដោយប្រើអំណាចផ្ដាច់ការ ថែមទាំងមានចិត្តឃោរឃៅ។ អ្នកប្រហែលជានៅមានចិត្តក្ដៅក្រហាយ ខឹង ឬឈឺចាប់ ពីព្រោះពួកគាត់មិនមែនជាមាតាបិតាដែលអ្នកចង់បាននោះទេ។ តើអ្នកអាចយកឈ្នះលើអារម្មណ៍បែបនេះបានទេ? a
១២ យុវបុរសឈ្មោះបាស្ស ដែលបានធំឡើងនៅប្រទេសហ្វាំងឡង់ បានរៀបរាប់ថា៖ «ឪពុកចុងរបស់ខ្ញុំធ្លាប់ជាទាហានក្នុងរបបណាត្ស៊ី នៅប្រទេសអាល្លឺម៉ង់។ គាត់ជាមនុស្សឆេវឆាវឆាប់ខឹងណាស់ ហើយក៏ជាបុគ្គលដែលបណ្ដាលឲ្យគេមានគ្រោះថ្នាក់ដែរ។ គាត់បានវាយធ្វើបាបម្ដាយរបស់ខ្ញុំជាច្រើនដងនៅចំពោះមុខខ្ញុំ។ នៅពេលមួយគាត់បានខឹងនឹងខ្ញុំយ៉ាងខ្លាំង ភ្លាមនោះគាត់បានដោះខ្សែក្រវាត់របស់គាត់ចេញនិងគ្រវី ហើយក្បាលខ្សែក្រវាត់បានវ័ធចំមុខខ្ញុំ។ គាត់បានគ្រវីគ្រវ័ធយ៉ាងខ្លាំងពេញទំហឹង ដល់ម្ល៉េះបានជាបណ្ដាលឲ្យខ្ញុំដួលលើគ្រែ»។
១៣ ក៏ប៉ុន្តែ គាត់ក៏មានលក្ខណៈល្អដែរ។ បាស្សនិយាយបន្ថែមថា៖ «ម្យ៉ាងវិញទៀត គាត់បានខំប្រឹងធ្វើការខ្លាំងណាស់ ក្នុងការទំនុកបំរុងគ្រួសារដោយឥតគិតអំពីខ្លួន។ គាត់មិនដែលបង្ហាញនូវសេចក្ដីស្រឡាញ់ជាបិតានោះទេ តែខ្ញុំបានដឹងថា នេះដោយសារគាត់ធ្លាប់មានស្លាកស្នាមក្នុងចិត្តពីមុន។ ពេលដែលគាត់នៅក្មេងនៅឡើយ ម្ដាយរបស់គាត់បានបណ្ដេញគាត់ចេញពីផ្ទះ។ តាំងពីតូចរហូតដល់ធំ គាត់ចេះតែវាយតប់គ្នា ហើយពេលគាត់ពេញវ័យជាយុវជនម្នាក់ គាត់បានស្ម័គ្រចិត្តចូលធ្វើសង្គ្រាម។ ខ្ញុំយល់ចិត្តគាត់ ហើយខ្ញុំមិនបានបន្ទោសគាត់ទេ។ លុះដល់ពេលខ្ញុំធំឡើង ខ្ញុំបានជួយគាត់អស់ពីសមត្ថភាពរបស់ខ្ញុំ រហូតដល់គាត់ស្លាប់។ គឺមិនមែនជាការស្រួលទេ តែខ្ញុំបានខំប្រឹងធ្វើអស់ពីសមត្ថភាព។ ខ្ញុំព្យាយាមធ្វើជាកូនដ៏ល្អរហូតដល់គាត់ស្លាប់ទៅ ហើយខ្ញុំបានគិតថា គាត់បានទទួលស្គាល់ខ្ញុំជាកូនដ៏ល្អមែន»។
១៤. តើបទគម្ពីរមួយណាដែលទាក់ទងគ្រប់ស្ថានការណ៍ទាំងអស់ ដែលរួមបញ្ចូលការមើលថែរក្សាមាតាបិតាចាស់ជរានោះ?
១៤ នៅក្នុងគ្រួសារដែលមានស្ថានភាពបែបនេះ បើមានរឿងអ្វីផ្សេងទៀត គឺអាចយកឱវាទនេះក្នុងព្រះគម្ពីរមកប្រើដែលចែងថា៖ «ចូរបំពាក់ខ្លួនដោយសេចក្ដី ស្រឡាញ់យ៉ាងថ្នាក់ថ្នមដូចជាសេចក្ដីអាណិតអាសូរ ចិត្តសប្បុរស ការបន្ទាបខ្លួន ចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ហើយចូរបន្តទ្រាំទ្រគ្នា ទាំងអត់ទោសគ្នាទៅវិញទៅមកដោយឥតរុញរាចុះ! ប្រសិនបើអ្នកណាមួយមានហេតុទាស់នឹងអ្នកណាទៀតនោះ។ ដូចជាព្រះយេហូវ៉ាបានអត់ទោសឲ្យអ្នករាល់គ្នា អ្នកក៏ត្រូវអត់ទោសឲ្យគេដែរ»។—កូល៉ុស ៣:១២, ១៣, ព.ថ.
អ្នកថែទាំក៏ត្រូវការនូវការមើលថែរក្សាដែរ
១៥. ហេតុអ្វីបានជាការមើលថែរក្សាមាតាបិតា ជួនកាលជាការគួរឲ្យខ្លោចផ្សាក្នុងចិត្តម្ល៉េះ?
១៥ ការមើលថែរក្សាមាតាបិតាដែលឥតមានសុខភាពល្អ ជាកិច្ចការដ៏ពិបាកមួយដែលទាក់ទងកិច្ចការជាច្រើន ភារកិច្ចជាច្រើន និងម៉ោងជាច្រើនទៀតដែរ។ ក៏ប៉ុន្តែ ផ្នែកដែលពិបាកជាងគេ គឺខាងផ្លូវចិត្តទៅវិញទេ។ លើសពីនេះទៅទៀតជាការគួរ ឲ្យឈឺចាប់ណាស់ ដោយឃើញមាតាបិតារបស់ខ្លួនបាត់បង់នូវសុខភាព សតិ និងភាពគ្រប់គ្រងខ្លួនឯងរបស់គាត់។ សេនឌីដែលមកពីកោះផូធើរីកូ រៀបរាប់ថា៖ «ម្ដាយរបស់ខ្ញុំជាបុគ្គលដ៏សំខាន់ក្នុងគ្រួសាររបស់យើង។ ពេលដែលមើលថែរក្សាគាត់ ខ្ញុំចាប់ផ្ដើមខ្លោចផ្សាក្នុងចិត្តយ៉ាងខ្លាំង ដោយមុនដំបូងឃើញគាត់បានចាប់ផ្ដើមដើរប៉័ងពៀច រួចមកគាត់ត្រូវការឈើច្រត់ ក្រោយមកត្រូវការប្រដាប់ជួយដើរ និងរហូតដល់ត្រូវការកៅអីរុញ។ ក្រោយពីនោះ គាត់កាន់តែខ្សោយទៅៗ រហូតដល់គាត់ទទួលមរណភាព។ គាត់មានជំងឺមហារីកក្នុងឆ្អឹង និងត្រូវការមើលថែទាំទាំងយប់ទាំងថ្ងៃ។ យើងបានងូតទឹកជូនគាត់ បញ្ចុកអាហារជូនគាត់ និងអានជូនគាត់ស្ដាប់។ នេះគឺពិបាកណាស់ ជាពិសេសខាងផ្លូវចិត្ត។ នៅពេលដែលខ្ញុំបានដឹងថា ម្ដាយរបស់ខ្ញុំជិតស្លាប់ហើយ ខ្ញុំបានយំ ពីព្រោះខ្ញុំស្រឡាញ់គាត់ណាស់»។
១៦, ១៧. តើឱវាទអ្វីដែលអាចជួយអ្នកថែទាំម្នាក់ ឲ្យមានទស្សនៈដ៏ថ្លឹងថ្លែង?
១៦ ប្រសិនបើអ្នកមានស្ថានការណ៍ស្រដៀងនេះ តើអ្នកអាចធ្វើអ្វីដើម្បីដោះស្រាយរឿងនេះ? ការស្ដាប់តាមព្រះយេហូវ៉ាដោយអានព្រះគម្ពីរ និងទូលប្រាប់ទ្រង់តាមរយៈសេចក្ដីអធិស្ឋាន ដ្បិតនេះនឹងជួយអ្នកបានយ៉ាងច្រើន។ (ភីលីព ៤:៦, ៧) តាមរបៀបដ៏មានប្រយោជន៍ ចូរធ្វើឲ្យប្រាកដថា អ្នកទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ និងខំគេងឲ្យបានឆ្អែត។ ដោយធ្វើដូច្នេះ អ្នកនឹងមានសុខភាពល្អជាងដើម្បីមើលថែរក្សាបុគ្គលស្ងួនភ្ងារបស់អ្នក ទាំងខាងផ្លូវចិត្តផងទាំងខាងផ្លូវកាយផង។ យូរម្ដងៗ ប្រហែលជាអ្នកអាចរៀបចំរកពេលសំរាកពីជីវិតប្រចាំថ្ងៃ។ ទោះជាមិនអាចមានវិស្សមកាលក៏ដោយ ក៏នៅតែប្រកបដោយប្រាជ្ញាដែរ បើរៀបចំសំរាប់ពេលលំហែកាយនោះ។ ដើម្បីឲ្យមានពេលលំហែកាយ នោះអ្នកអាចរៀបចំឲ្យបុគ្គលណាម្នាក់មកមើលថែរក្សាមាតាបិតាជំនួស។
១៧ ជាការធម្មតាដែលអ្នកថែទាំមានសេចក្ដីតម្រូវដ៏ហួសហេតុពីខ្លួនឯងនោះ។ ប៉ុន្តែ សូមកុំមានអារម្មណ៍ថាអ្នកមានកំហុស ចំពោះអ្វីដែលអ្នកមិនអាចធ្វើបាននោះ។ ក្នុងកាលៈទេសៈខ្លះ អ្នកត្រូវឲ្យមាតាបិតាជាទីស្រឡាញ់របស់អ្នកសំរាកនៅមន្ទីរពេទ្យ។ ប្រសិនបើអ្នកជាអ្នកមើលថែទាំ ចូរឲ្យមានសេចក្ដីតម្រូវដ៏ត្រឹមត្រូវពីខ្លួនឯង។ អ្នកត្រូវចេះថ្លឹងថ្លែងតម្រូវការនៃមាតាបិតារបស់អ្នក ទាំងរបស់កូនៗ និងគូរបស់អ្នក ហើយតម្រូវការរបស់អ្នកផ្ទាល់ផងដែរ។
កម្លាំងលើសហួសពីធម្មតា
១៨, ១៩. តើព្រះយេហូវ៉ាបានសន្យាអ្វីអំពីការគាំទ្រ? តើមានបទពិសោធន៍អ្វីដែលបង្ហាញថា ទ្រង់ធ្វើតាមសន្យានេះ?
១៨ តាមរយៈបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ និងដោយមានសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាប្រទានឲ្យសេចក្ដីណែនាំយ៉ាងច្រើន សំរាប់ជួយបុគ្គលម្នាក់ដែលមើលថែទាំមាតាបិតាចាស់ជរា។ ប៉ុន្តែ ទ្រង់មិនគ្រាន់តែប្រទានឲ្យជំនួយនោះតែប៉ុណ្ណោះទេ។ អ្នកតែងបទទំនុកដំកើងបានត្រូវបណ្ដាលឲ្យសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់»។ «ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង»។ ព្រះយេហូវ៉ានឹងសង្គ្រោះឬការពារអ្នកបំរើស្មោះត្រង់របស់ទ្រង់ ទោះជាជួបប្រទះស្ថានភាពដ៏ពិបាកក្រៃលែងក៏ដោយ។—ទំនុកដំកើង ១៤៥:១៨, ១៩
១៩ ស្ត្រីម្នាក់ឈ្មោះមើណាពីប្រទេសហ្វីលីពីនបានពិសោធអំពីរឿងនេះ ពេលដែលគាត់មើលថែទាំមាតារបស់គាត់ដែលបានចុះខ្សោយ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ មើណាសរសេរថា៖ «គ្មានអ្វីដែលធ្វើឲ្យធ្លាក់ទឹកចិត្តខ្លាំងជាង ពេលដែលឃើញបុគ្គលដ៏ជាទីស្រឡាញ់របស់អ្នករងទុក្ខ ដែលមិនអាចប្រាប់អ្នកថាគាត់ឈឺនៅត្រង់ណានោះ។ នេះប្រៀបដូចជាឃើញគាត់កំពុងតែលង់ទឹកបន្ដិចម្ដងៗ តែខ្ញុំពុំអាចជួយគាត់បានសោះ។ ជាច្រើនដង ខ្ញុំតែងលុតជង្គង់និងទូលប្រាប់ព្រះយេហូវ៉ាថាខ្ញុំអស់កម្លាំងប៉ុណ្ណា។ ខ្ញុំបានស្រែកយំដូចដាវីឌ ដែលបានអង្វរព្រះយេហូវ៉ាឲ្យទុកទឹកភ្នែកលោកក្នុងដប ហើយឲ្យទ្រង់ចងចាំគាត់ផង។ [ទំនុកដំកើង ៥៦:៨] ហើយដូចជាព្រះយេហូវ៉ាបានសន្យាមក នោះទ្រង់បានប្រទានឲ្យខ្ញុំនូវកម្លាំង ដែលខ្ញុំត្រូវការចាំបាច់។ ‹ព្រះយេហូវ៉ាប្រៀបដូចជាជន្ទល់របស់ខ្ញុំ›»។—ទំនុកដំកើង ១៨:១៨
២០. តើសេចក្ដីសន្យាណាក្នុងព្រះគម្ពីរ ដែលជួយអ្នកថែទាំមាតាបិតារក្សាឲ្យមានទឹកចិត្តល្អ ទោះជាបុគ្គលដែលគេមើលថែទាំបានស្លាប់ទៅហើយក៏ដោយ?
២០ គេបាននិយាយថា ការមើលថែទាំមាតាបិតាដែលចាស់ជរា គឺប្រៀបដូចនឹង«រឿងដំណាលមួយ ដែលនៅទីបញ្ចប់សាច់រឿងគឺមានតែភាពសោកសៅ»។ ទោះជាមានការខំប្រឹងមើលថែទាំយ៉ាងណាក៏ដោយ នោះមនុស្សចាស់នឹងស្លាប់ ដូចជាមាតារបស់មើណាដែរ។ ក៏ប៉ុន្តែ អស់អ្នកដែលទុកចិត្តលើព្រះយេហូវ៉ាដឹងថា សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់ដ៏សោកសៅចំពោះរឿងនេះទេ។ សាវ័កប៉ុលបាននិយាយ ថា៖ «ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) អស់អ្នកដែលមានមាតាបិតាស្លាប់ទៅ មានការសម្រាលទុក្ខវិញដោយដឹងអំពីសេចក្ដីសង្ឃឹមខាងដំណើររស់ឡើងវិញ ព្រមទាំងដឹងអំពីសេចក្ដីសន្យារបស់ព្រះអំពីពិភពលោកថ្មីដ៏ជាទីពេញចិត្តដែល«នឹងគ្មានសេចក្ដីស្លាប់»។—វិវរណៈ ២១:៤
២១. តើលទ្ធផលដ៏ល្អអ្វីដែលបានមកពីការផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរា?
២១ ពួកអ្នកបំរើព្រះ មានសេចក្ដីគោរពយ៉ាងជ្រាលជ្រៅចំពោះមាតាបិតារបស់ខ្លួន ទោះជាមាតាបិតារបស់ពួកគាត់ចាស់ជរាក៏ដោយ។ (សុភាសិត ២៣:២២-២៤) ពួកគាត់ផ្ដល់កិត្ដិយសឲ្យមាតាបិតា។ ក្នុងការធ្វើដូច្នេះ ពួកគាត់ក៏ដកពិសោធនូវអ្វីដែលសុភាសិតចែងមកដែលថា៖ «ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្ដាយឯងបានរីករាយចុះ! ហើយឲ្យអ្នកដែលសំរាលឯងមកនោះមានចិត្តសប្បាយផង»។ (សុភាសិត ២៣:២៥) ហើយអ្វីដែលសំខាន់ជាងគេគឺថា អស់អ្នកដែលផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរារបស់ខ្លួន ក៏ផ្គាប់ព្រះហឫទ័យនិងលើកកិត្ដិយសព្រះយេហូវ៉ាដែរ។
a នៅត្រង់ចំណុចនេះ យើងមិនមែនសំដៅទៅលើមាតាបិតាដែលមានកំហុសរំលោភលើអំណាចនិងការទុកចិត្ត រហូតដល់រាប់ទុកជាទោសខាងបទឧក្រិដ្ឋនោះឡើយ។