តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី១
ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ
តើរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅពេលណា? ភាគទី១
ការសន្ទនាខាងក្រោមនេះជាឧទាហរណ៍អំពីប្រធានបទមួយដែលសាក្សីព្រះយេហូវ៉ាតាមធម្មតាសន្ទនាជាមួយនឹងម្ចាស់ផ្ទះ។ ឧទាហរណ៍ សាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះខេមរិន បានទៅផ្ទះរបស់បុរសម្នាក់ឈ្មោះច័ន្ទ។
ចូរបន្ត«ស្វែងរក»ដើម្បីយល់បាន
ខេមរិន: បងច័ន្ទ ខ្ញុំសប្បាយចិត្តណាស់ដែលយើងតែងមានការពិគ្រោះអំពីគម្ពីរជាមួយគ្នាជាទៀងទាត់។ * ពេលយើងពិគ្រោះគ្នាលើកមុន បងបានសួរសំណួរមួយអំពីរាជាណាចក្រព្រះ។ បងបានសួរអំពីមូលហេតុដែលសាក្សីព្រះយេហូវ៉ាជឿថារាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ មែនទេ?
ច័ន្ទ: បាទមែន ខ្ញុំកំពុងអានសៀវភៅមួយរបស់អង្គការបង ហើយក្នុងសៀវភៅនោះប្រាប់ថា រាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤។ នោះធ្វើឲ្យខ្ញុំចង់ដឹងណាស់ ដោយសារបងនិយាយថាជំនឿបងនិងអ្វីដែលបងបង្រៀនទាំងអស់មានមូលដ្ឋានលើគម្ពីរ មែនទេ?
ខេមរិន: បាទមែនហើយ។
ច័ន្ទ: ខ្ញុំធ្លាប់អានគម្ពីរទាំងមូល។ ប៉ុន្តែ ខ្ញុំមិនដែលឃើញមានបទគម្ពីរណាមួយដែលបញ្ជាក់អំពីឆ្នាំ១៩១៤ទេ។ ដូច្នេះខ្ញុំក៏បើកគម្ពីរតាមគេហទំព័រមួយដើម្បីស្រាវជ្រាវ ដោយវាយលេខ«១៩១៤» តែលទ្ធផលគឺគ្មានឆ្នាំនោះទេ។
ខេមរិន: ខ្ញុំសូមសរសើរបងត្រង់ចំណុចពីរយ៉ាង។ ទី១ គឺបងបានអានគម្ពីរទាំងមូលចប់ នេះបង្ហាញថាបងពិតជាស្រឡាញ់គម្ពីរដែលជាបណ្ដាំរបស់ព្រះខ្លាំងណាស់។
ច័ន្ទ: បាទមែន ខ្ញុំគិតថាគ្មានសៀវភៅណាដូចសៀវភៅគម្ពីរទេ។
ខេមរិន: ខ្ញុំក៏គិតអ៊ីចឹងដែរ។ ចំណុចទី២ ដែលខ្ញុំចង់សរសើរបង គឺពេលបងឆ្ងល់អំពីរឿងនោះ បងបានព្យាយាមរកចម្លើយតាមរយៈគម្ពីរ។ អ្វីដែលបងបានធ្វើគឺដូចអ្វីដែលគម្ពីរលើកទឹកចិត្តយើងឲ្យធ្វើអ៊ីចឹង គឺឲ្យយើងបន្ត«ស្វែងរក»ដើម្បីយល់បាន។ * ជាការល្អណាស់ដែលបងបានព្យាយាមធ្វើដូច្នោះ។
ច័ន្ទ: អរគុណបង។ ខ្ញុំពិតជាចង់រៀនថែមទៀត។ តាមពិត ក្រោយពីខ្ញុំបានធ្វើការស្រាវជ្រាវថែមទៀត ខ្ញុំបានឃើញព័ត៌មានខ្លះអំពីឆ្នាំ១៩១៤ ក្នុងសៀវភៅដែលយើងកំពុងសិក្សា។ សៀវភៅនោះបានប្រាប់អំពីសុបិនរបស់ស្តេចមួយអង្គ ក្នុងសុបិននោះគាត់បានឃើញដើមឈើធំមួយ ដែលបានត្រូវកាប់ផ្ដាច់ តែក្រោយមកបានដុះឡើងវិញ ឬស្រដៀងអ៊ីចឹង ខ្ញុំមិនសូវចាំច្បាស់ទេ។
ខេមរិន: អូ ខ្ញុំដឹងហើយ។ ទំនាយនោះបានកត់ទុកក្នុងសៀវភៅដានីយ៉ែល ជំពូកទី៤។ នោះជាប់ទាក់ទងនឹងសុបិនរបស់ស្តេចបាប៊ីឡូន ឈ្មោះនេប៊ូក្នេសា។
ច័ន្ទ: បាទ គឺរឿងហ្នឹងហើយ។ ខ្ញុំបានអានទំនាយនោះម្ដងហើយម្ដងទៀត តែនិយាយឲ្យត្រង់ទៅ ខ្ញុំនៅតែមិនយល់ថារឿងនោះទាក់ទងគ្នាយ៉ាងណានឹងរាជាណាចក្រព្រះ ឬឆ្នាំ១៩១៤នោះទេ។
ខេមរិន: តាមពិតទៅ បងដឹងទេ សូម្បីតែអ្នកប្រកាសទំនាយដានីយ៉ែល ក៏មិនបានយល់យ៉ាងពេញលេញនូវអ្វីដែលព្រះបានដឹកនាំឲ្យគាត់សរសេរនោះដែរ។
ច័ន្ទ: ពិតមែន?
ខេមរិន: បាទមែន។ សូមមើលនេះ ដានីយ៉ែល ១២:៨ គាត់ប្រាប់ថា៖ «ខ្ញុំបានឮ តែមិនបានយល់សោះ»។
ច័ន្ទ: អ៊ីចឹងមិនមានតែខ្ញុំទេដែលមិនយល់នោះ។ ឮដូច្នេះធ្វើឲ្យខ្ញុំសប្បាយចិត្តបន្ដិច។
ខេមរិន: ការពិតមូលហេតុដែលដានីយ៉ែលមិនបានយល់ ព្រោះមិន
ទាន់ដល់ពេលដែលព្រះបើកឲ្យមនុស្សយល់ទាំងស្រុងនូវអត្ថន័យនៃទំនាយក្នុងសៀវភៅដានីយ៉ែលនៅឡើយ។ តែឥឡូវនៅសម័យរបស់យើង យើងអាចយល់ទំនាយនោះកាន់តែច្បាស់ឡើង។ច័ន្ទ: តើបងចង់មានន័យអ្វី?
ខេមរិន: បាទ សូមកត់សម្គាល់ខបន្ទាប់ដែលយើងនឹងអាន។ នៅដានីយ៉ែល ១២:៩ ចែងថា៖ «សេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាចុងបំផុត»។ ដូច្នេះ ទំនាយទាំងនេះនឹងត្រូវយល់កាន់តែច្បាស់នៅពេលក្រោយមក ពោលគឺក្នុងអំឡុង«គ្រាចុងបំផុត»។ ក្នុងជំពូកក្រោយៗ យើងនឹងរៀនអំពីភ័ស្តុតាងទាំងអស់ដែលបញ្ជាក់ថា យើងកំពុងរស់នៅក្នុងអំឡុងគ្រានោះ។ *
ច័ន្ទ: អ៊ីចឹង ខ្ញុំសុំបងពន្យល់អំពីទំនាយនៅដានីយ៉ែល បានទេ?
ខេមរិន: បាទ ខ្ញុំនឹងព្យាយាមពន្យល់បង។
សុបិនរបស់ស្តេចនេប៊ូក្នេសា
ខេមរិន: ដើម្បីចាប់ផ្ដើម ខ្ញុំនឹងសង្ខេបសុបិនរបស់ស្តេចនេប៊ូក្នេសាឲ្យបងស្ដាប់សិន។ រួចមក យើងអាចពិគ្រោះគ្នាអំពីអត្ថន័យនៃសុបិននោះ។
ច័ន្ទ: បាទ។
ខេមរិន: ក្នុងសុបិនរបស់ស្តេចនេប៊ូក្នេសានោះ គាត់បានឃើញដើមឈើដ៏ធំមួយដែលបានលូតរហូតដល់មេឃ។ រួចមក គាត់បានឮសំឡេងទេវតាមួយរូបរបស់ព្រះបង្គាប់ថា ដើមឈើនោះនឹងត្រូវកាប់ផ្ដាច់។ ក៏ប៉ុន្តែ ព្រះបានមានប្រសាសន៍ថា ចំណែកឯគល់និងឫសរបស់វាត្រូវទុកឲ្យនៅជាប់ដីវិញ។ ក្រោយ«៧ខួប» ដើមឈើនោះនឹងដុះឡើងម្ដងទៀត។ * មុនដំបូងទំនាយនេះបានកើតឡើងចំពោះស្តេចនេប៊ូក្នេសាតែម្ដង។ ទោះជាគាត់ជាស្តេចដ៏ខ្លាំងក្លាក៏ដោយ តែគាត់បានត្រូវកាប់ផ្ដាច់វិញ ដូចជាដើមឈើនោះដែលលូតដល់មេឃ។ នោះមានន័យថា គាត់បានត្រូវបញ្ឈប់ពីតំណែងជាស្តេចអស់រយៈពេល«៧ខួប»។ តើបងចាំទេថាមានអ្វីបានកើតឡើង?
ច័ន្ទ: ខ្ញុំមិនចាំទេបង។
ខេមរិន: អ៊ីចឹង ខ្ញុំសូមជួយប្រាប់។ គម្ពីរប្រាប់ថាស្តេចនេប៊ូក្នេសាបានបង់បាត់សតិលែងដឹងខុសត្រូវអស់រយៈពេល៧ឆ្នាំ។ ក្នុងអំឡុងពេលនោះ គាត់មិនអាចគ្រប់គ្រងជាស្តេចបានឡើយ។ ប៉ុន្តែនៅចុងឆ្នាំទី៧ នេប៊ូក្នេសាចាប់ផ្ដើមមានសតិដឹងខុសត្រូវឡើងវិញ ហើយក៏បានគ្រប់គ្រងជាស្តេចម្ដងទៀត។ *
ច័ន្ទ: មកដល់ត្រឹមនេះ ខ្ញុំយល់ហើយ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើហេតុការណ៍ទាំងអស់នោះទាក់ទងយ៉ាងណាជាមួយនឹងរាជាណាចក្រព្រះ និងឆ្នាំ១៩១៤?
ខេមរិន: ខ្ញុំចង់សរុបសេចក្ដីឲ្យបងស្ដាប់។ ទំនាយនេះបានកើតឡើងពីរដង។ លើកទី១ ទំនាយនេះបានកើតឡើងចំពោះស្តេចនេប៊ូក្នេសា ពេលដែលការគ្រប់គ្រងរបស់គាត់បានត្រូវបញ្ឈប់។ លើកទី២ ទំនាយនេះជាប់ទាក់ទងនឹងការបញ្ឈប់ការគ្រប់គ្រងរបស់ព្រះ។ ដូច្នេះ ទំនាយដែលបានកើតឡើងលើកទី២នេះ គឺជាប់ទាក់ទងនឹងរាជាណាចក្រព្រះ។
ច័ន្ទ: តើបងដឹងយ៉ាងដូចម្ដេចថា ទំនាយនេះក៏ជាប់ទាក់ទងនឹងរាជាណាចក្រព្រះផងដែរ?
ខេមរិន: មុនដំបូង យើងចង់រកចំណុចបញ្ជាក់មួយដែលមានក្នុងទំនាយនោះផ្ទាល់តែម្ដង។ យោងតាមដានីយ៉ែល ៤:១៧ ទំនាយនោះចែងថា៖ «ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ»។ តើបងបានកត់សម្គាល់ឃ្លាដែលថា៖ «រាជ្យរបស់មនុស្ស»ទេ?
ច័ន្ទ: បាទ ខនោះថា៖ «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស»។
ខេមរិន: ត្រូវហើយ។ តើបងគិតថាអ្នកណាជា«ព្រះដ៏ខ្ពស់បំផុត»?
ច័ន្ទ: ខ្ញុំគិតថាខនោះនិយាយអំពីព្រះយេហូវ៉ា។
ខេមរិន: ត្រឹមត្រូវ។ ដូច្នេះ ខនោះធ្វើឲ្យយើងដឹងថា ទំនាយនេះមិនគ្រាន់តែទាក់ទងនឹងស្តេចនេប៊ូក្នេសាប៉ុណ្ណោះទេ តែក៏ជាប់ទាក់ទងនឹង«រាជ្យរបស់មនុស្ស»ដែរ នោះគឺការគ្រប់គ្រងរបស់ព្រះទៅលើមនុស្សជាតិ។ បងអាចឃើញថានោះគឺសមហេតុផល បើយើងពិនិត្យមើលខមុននិងខក្រោយនៃទំនាយដានីយ៉ែល។
ច័ន្ទ: តើនោះមានន័យអ្វីបង?
គោលរឿងដ៏សំខាន់ក្នុងសៀវភៅដានីយ៉ែល
ខេមរិន: ម្ដងហើយម្ដងទៀត យើងឃើញថាសៀវភៅដានីយ៉ែលច្រើនតែបញ្ជាក់គោលរឿងដូចគ្នា ហើយគោលរឿងនោះនៅតែផ្ដោតទៅលើការស្ថាបនារាជាណាចក្រព្រះ ដែលមានលោកយេស៊ូជាបុត្ររបស់ព្រះជាអ្នកគ្រប់គ្រង។ ឥឡូវ សូមយើងបើកទៅដានីយ៉ែលជំពូកទី២ ហើយសូមបងអាន ខ៤៤។
ច័ន្ទ: ខនេះអានថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។
ខេមរិន: អរគុណបង។ អ៊ីចឹង តើបងគិតថាខនោះសំដៅទៅលើរាជាណាចក្រព្រះទេ?
ច័ន្ទ: ខ្ញុំមិនច្បាស់ដែរ។
ខេមរិន: សូមកត់សម្គាល់ខនោះថា នគរឬរាជាណាចក្រនេះ«នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ ដូច្នេះ នេះច្បាស់ជាសំដៅទៅលើរាជាណាចក្ររបស់ព្រះហើយ ព្រោះគ្មានរដ្ឋាភិបាលណាមួយរបស់មនុស្សដែលអាចនៅស្ថិតស្ថេររហូតបានទេ មែនទេ?
ច័ន្ទ: បាទ គ្មានទេ។
ខេមរិន: សូមមើលទំនាយមួយទៀតនៅសៀវភៅដានីយ៉ែល ដែលបានលើកបញ្ជាក់អំពីរាជាណាចក្រព្រះ។ ទំនាយនោះបានកត់ទុកនៅដានីយ៉ែល ៧:១៣, ១៤។ នេះទាក់ទងនឹងអ្នកគ្រប់គ្រងនៅអនាគត។ ទំនាយនោះចែងថា៖ «នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង»។ តើទំនាយនេះរៀបរាប់អ្វីដែលស្រដៀងគ្នានឹងទំនាយមុនៗ?
ច័ន្ទ: នេះរៀបរាប់អំពីរាជ្យ។
ខេមរិន: ត្រូវហើយបង។ នេះមិនគ្រាន់តែរៀបរាប់អំពីរាជ្យឬរាជាណាចក្រប៉ុណ្ណោះទេ។ សូមកត់សម្គាល់ខនោះថា រាជាណាចក្រនេះនឹងមានអំណាចគ្រប់គ្រងលើ«បណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា»។ បើនិយាយឲ្យចំទៅ រាជាណាចក្រនេះនឹងគ្រប់គ្រងលើផែនដីទាំងមូល។
ច័ន្ទ: ខ្ញុំមិនបានដឹងសោះថាខគម្ពីរនោះមានអត្ថន័យដូច្នោះ។ ប៉ុន្តែបងនិយាយត្រូវ ខគម្ពីរទាំងនោះពិតជានិយាយអ៊ីចឹងមែន។
ខេមរិន: សូមបងពិនិត្យមើលដែរ ទំនាយនោះចែងទៀតថា៖ «អំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង»។ តាមមើលទៅ ទំនាយនេះគឺដូចគ្នានឹងទំនាយដែលយើងទើបបានអាននៅ ដានីយ៉ែល ២:៤៤ មែនទេ?
ច័ន្ទ: បាទ មែនហើយ។
ខេមរិន: ឥឡូវ សូមយើងសើរើឡើងវិញនូវអ្វីដែលយើងបានពិគ្រោះគ្នាហើយ។ ទំនាយនៅដានីយ៉ែល ជំពូកទី៤ បានប្រាប់ថាមនុស្សនឹងដឹងថា«ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស»។ ពាក្យទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទំនាយនោះមិនត្រឹមតែបានកើតឡើងចំពោះស្តេចនេប៊ូក្នេសាប៉ុណ្ណោះទេ តែទំនាយនោះនឹងត្រូវកើតឡើងក្នុងកម្រិតធំជាងនោះទៅទៀត។ យើងឃើញទំនាយក្នុងសៀវភៅដានីយ៉ែលទាំងមូល ច្រើនតែទាក់ទងនឹងការស្ថាបនារាជាណាចក្រព្រះដែលនៅក្រោមការគ្រប់គ្រងរបស់បុត្រលោក។ តើបងគិតថានេះសមហេតុផលឲ្យយើងសន្និដ្ឋានថា ទំនាយនេះក្នុងដានីយ៉ែល ជំពូកទី៤ ក៏សំដៅទៅលើរាជាណាចក្រព្រះដែរទេ?
ច័ន្ទ: បាទ មើលទៅសមហេតុផលមែន។ ប៉ុន្តែ ខ្ញុំនៅតែមិនយល់ថា តើនេះទាក់ទងអ្វីនឹងឆ្នាំ១៩១៤?
ចូរ«ឲ្យនៅយ៉ាងនោះដរាបដល់កន្លងទៅអស់៧ខួប»
ខេមរិន: អ៊ីចឹង សូមយើងគិតម្ដងទៀតអំពីស្តេចនេប៊ូក្នេសា។ គាត់បានត្រូវតំណាងដោយដើមឈើធំនោះ។ ទំនាយនោះ មុនដំបូងបានកើតឡើងចំពោះគាត់។ ហេតុអ្វីយើងដឹង? ព្រោះការគ្រប់គ្រងរបស់គាត់បានត្រូវបញ្ឈប់ ពេលដែលដើមឈើនោះបានត្រូវកាប់ផ្ដាច់ ហើយគល់និងឫសបានត្រូវទុកចោលអស់រយៈពេល៧ខួប។ ក្នុងរយៈពេលនោះគាត់លែងមានសតិដឹងខុសត្រូវទៀត។ ប៉ុន្តែ រយៈពេល៧ខួបនោះបានចប់ គឺពេលដែលនេប៊ូក្នេសាមានសតិឡើងវិញ ហើយចាប់ផ្ដើមគ្រប់គ្រងជាស្តេចម្ដងទៀត។ ក្នុងទំនាយដដែលនោះ បានត្រូវកើតឡើងជាលើកទី២ គឺទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះដែលបានត្រូវបញ្ឈប់អស់មួយរយៈពេល តែនេះមិនមែនដោយសារព្រះគ្មានសមត្ថភាពគ្រប់គ្រងនោះទេ។
ច័ន្ទ: តើបងចង់មានន័យអ្វី?
ខេមរិន: នៅសម័យគម្ពីរ ស្តេចរបស់សាសន៍អ៊ីស្រាអែលគ្រប់គ្រងនៅក្រុងយេរូសាឡិម នេះហាក់បីដូចជាពួកគេអង្គុយលើ«បល្ល័ង្កនៃព្រះយេហូវ៉ា»។ * ស្តេចទាំងនោះតំណាងព្រះក្នុងការគ្រប់គ្រងរាស្ត្ររបស់លោក។ ដូច្នេះ តាមការពិត ការគ្រប់គ្រងរបស់ស្តេចទាំងនោះ បង្ហាញអំពីការគ្រប់គ្រងរបស់ព្រះ។ ក៏ប៉ុន្តែ នៅពេលក្រោយមក ស្តេចភាគច្រើនបានឈប់ស្ដាប់បង្គាប់ព្រះទៀត ហើយបណ្ដាជនភាគច្រើនបានធ្វើតាមគំរូរបស់ពួកគេ។ ដោយសារសាសន៍អ៊ីស្រាអែលឈប់ស្ដាប់បង្គាប់ព្រះ នោះលោកអនុញ្ញាតឲ្យសាសន៍បាប៊ីឡូនដណ្ដើមយកក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនគ.ស.។ តាំងពីពេលនោះមក លែងមានស្តេចដែលតំណាងព្រះយេហូវ៉ាគ្រប់គ្រងនៅក្រុងយេរូសាឡិមទៀត។ ក្នុងន័យនេះ ការគ្រប់គ្រងរបស់ព្រះបានត្រូវបញ្ឈប់។ មកដល់ត្រឹមនេះ តើបងយល់ទេ?
ច័ន្ទ: បាទ ខ្ញុំយល់។
ខេមរិន: ដូច្នេះ ឆ្នាំ៦០៧ មុនគ.ស. គឺជាឆ្នាំចាប់ផ្ដើមនៃ៧ខួប ឬរយៈពេលដែលការគ្រប់គ្រងរបស់ព្រះបានត្រូវបញ្ឈប់។ នៅចុង៧ខួប ព្រះនឹងតែងតាំងអ្នកគ្រប់គ្រងថ្មីដែលតំណាងលោក។ ប៉ុន្តែលើកនេះ លោកបានតែងតាំងបុគ្គលដែលនៅស្ថានសួគ៌វិញ។ ចាប់ពីពេលនោះមក បទទំនាយផ្សេងទៀតនៅសៀវភៅដានីយ៉ែលដែលយើងបានអាន បានកើតឡើងពិតមែន។ ដូច្នេះ មានសំណួរដ៏សំខាន់មួយគឺ តើ៧ខួបនោះបានចប់នៅពេលណា? បើយើងអាចដឹងចម្លើយ នោះយើងនឹងដឹងអំពីពេលដែលព្រះបានចាប់ផ្ដើមគ្រប់គ្រង។
ច័ន្ទ: ខ្ញុំយល់ហើយ។ ខ្ញុំគិតថា៧ខួបនោះបានចប់នៅឆ្នាំ១៩១៤ មែនទេ?
ខេមរិន: បងឆ្លើយត្រូវហើយ!
ច័ន្ទ: តែ តើតាមរបៀបណាយើងដឹងដូច្នោះ?
ខេមរិន: ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី លោកបានបញ្ជាក់ថា៧ខួបនោះមិនទាន់ចប់នៅឡើយទេ។ * ដូច្នេះ គ្រានោះច្បាស់ជាអំឡុងពេលដ៏យូរមែន។ ៧ខួបនោះបានចាប់ផ្ដើមអស់រយៈពេលរាប់រយឆ្នាំ មុនដែលលោកយេស៊ូបានមកផែនដី។ ក្រោយពីលោកបានត្រឡប់ទៅស្ថានសួគ៌វិញ គ្រានោះនៅតែបន្តអស់មួយរយៈពេលទៀត។ បងប្រហែលជានៅចាំអំពីអត្ថន័យនៃទំនាយនៅដានីយ៉ែលថា នឹងមិនត្រូវបើកសម្ដែងឲ្យយល់ទេ រហូតដល់«គ្រាចុងបំផុត»។ * គួរឲ្យចាប់អារម្មណ៍មែនថា នៅជិតឆ្នាំ១៩០០ និស្សិតគម្ពីរស្មោះត្រង់មួយចំនួនបានត្រូវជំរុញចិត្តឲ្យពិនិត្យមើលយ៉ាងហ្មត់ចត់នូវទំនាយនេះ និងទំនាយផ្សេងទៀត។ ពួកគាត់បានចាប់ផ្ដើមយល់ថា រយៈពេល៧ខួបនឹងត្រូវចប់នៅឆ្នាំ១៩១៤។ ម្យ៉ាងទៀត ព្រឹត្ដិការណ៍ធំៗក្នុងពិភពលោកបានបញ្ជាក់ថាឆ្នាំ១៩១៤ ពិតជាឆ្នាំដែលរាជាណាចក្រព្រះបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌មែន។ នោះគឺជាឆ្នាំដែលពិភពលោកបានមកដល់គ្រាចុងបំផុត ឬគ្រាចុងក្រោយបង្អស់។ ខ្ញុំដឹងថា ព័ត៌មានទាំងនោះប្រហែលជាជ្រៅបន្ដិច . . .
ច័ន្ទ: បាទមែន។ ខ្ញុំពិតជាត្រូវអានអំពីរឿងនេះម្ដងទៀតហើយ ដើម្បីឲ្យយល់កាន់តែច្បាស់។
ខេមរិន: កុំបារម្ភអី។ ខ្ញុំក៏បានចំណាយពេលយូរដែរ ដើម្បីយល់ទំនាយទាំងនោះ។ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំសង្ឃឹមថាការពិគ្រោះរបស់យើងបានជួយបងឲ្យឃើញថា ជំនឿរបស់សាក្សីព្រះយេហូវ៉ាអំពីរាជាណាចក្រព្រះ គឺផ្អែកទៅលើគម្ពីរបរិសុទ្ធមែន។
ច័ន្ទ: បាទពិតណាស់។ ខ្ញុំតែងតែកោតស្ងើចដែលសាក្សីព្រះយេហូវ៉ាប្រើគម្ពីរដើម្បីពន្យល់អំពីជំនឿរបស់ខ្លួន។
ខេមរិន: ហើយខ្ញុំឃើញថា បងក៏ចង់ធ្វើដូច្នោះដែរ។ ដូចខ្ញុំបានប្រាប់អ៊ីចឹង ព័ត៌មានទាំងនោះគឺច្រើនពេកឲ្យបងយល់ភ្លាមៗ។ បងប្រហែលជានៅមានចម្ងល់ខ្លះទៀត។ ដូចយើងបានដឹងហើយថា ៧ខួបនោះទាក់ទងនឹងរាជាណាចក្រព្រះ ហើយគ្រានោះបានចាប់ផ្ដើមនៅឆ្នាំ៦០៧ មុនគ.ស.។ ប៉ុន្តែ បងប្រហែលជាឆ្ងល់ថា ហេតុអ្វីយើងដឹងថា៧ខួបនោះបានចប់នៅឆ្នាំ១៩១៤? *
ច័ន្ទ: បាទ ខ្ញុំឆ្ងល់អំពីរឿងនោះមែន។
ខេមរិន: គម្ពីរនឹងជួយយើងឲ្យយល់អំពីរយៈពេលច្បាស់លាស់នៃ៧ខួបនោះ។ តើបងចង់ពិនិត្យមើលចំណុចនោះជាមួយនឹងខ្ញុំនៅលើកក្រោយទេ? *
ច័ន្ទ: បាទខ្ញុំចង់។
តើមានរឿងណាមួយក្នុងគម្ពីរដែលលោកអ្នកធ្លាប់ឆ្ងល់ទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីជំនឿឬការប្រព្រឹត្តណាមួយរបស់សាក្សីព្រះយេហូវ៉ាទេ? បើមានមែន សូមសួរសាក្សីព្រះយេហូវ៉ាណាម្នាក់។ គាត់នឹងរីករាយនិយាយជាមួយលោកអ្នកអំពីរឿងនោះ។
[កំណត់សម្គាល់]
^ វគ្គ 5 តាមរយៈកម្មវិធីបង្រៀនគម្ពីរតាមផ្ទះ សាក្សីព្រះយេហូវ៉ាពិគ្រោះគម្ពីរជាមួយនឹងម្ចាស់ផ្ទះជាច្រើនពីប្រធានបទមួយទៅប្រធានបទមួយ។
^ វគ្គ 21 សូមមើលជំពូកទី៩ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
^ វគ្គ 63 ក្នុងទំនាយរបស់លោកយេស៊ូអំពីគ្រាចុងក្រោយបង្អស់ លោកបានមានប្រសាសន៍ថា៖ «ក្រុងយេរូសាឡិម[តំណាងការគ្រប់គ្រងរបស់ព្រះ]នឹងត្រូវជាន់ឈ្លីដោយប្រជាជាតិនានា រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់»។ (លូកា ២១:២៤) ដូច្នេះការគ្រប់គ្រងរបស់ព្រះបានត្រូវបញ្ឈប់រហូតមកដល់សម័យលោកយេស៊ូ ហើយនឹងបន្តរហូតមកដល់គ្រាចុងក្រោយបង្អស់។
^ វគ្គ 67 សូមមើលការពន្យល់បន្ថែមក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ចំណងជើងថា «ឆ្នាំ១៩១៤ជាឆ្នាំសំខាន់មួយក្នុងបទទំនាយព្រះគម្ពីរ»។
^ វគ្គ 69 អត្ថបទតភាគបន្ទាប់នឹងពិគ្រោះខគម្ពីរផ្សេងៗ ដែលបង្ហាញឲ្យយល់ច្បាស់អំពីរយៈពេលនៃ៧ខួបនោះ។