ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញនាំឲ្យយើងទទួលជីវិត!
ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញនាំឲ្យយើងទទួលជីវិត!
ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញមិនគ្រាន់តែជាព្រឹត្ដិការណ៍តែមួយដែលកើតឡើងនៅសម័យបុរាណ ហើយដែលគ្មានអត្ថន័យសម្រាប់យើងនៅសព្វថ្ងៃនោះទេ។ ព្រោះសាវ័កប៉ូលបានលើកបញ្ជាក់អំពីសារៈសំខាន់នៃរឿងនោះ ពេលដែលគាត់បានសរសេរថា៖ «គ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់។ ព្រោះសេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់ ដូច្នេះ ការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ។ ព្រោះដូចទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម នោះទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ត»។—កូរិនថូសទី១ ១៥:២០-២២
លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញនៅថ្ងៃទី១៦ ខែណែសាន ឆ្នាំ៣៣ គ.ស. គឺនៅថ្ងៃដដែលពេលដែលពួកយូដាបានយកផលដំបូងទៅជូនចំពោះព្រះយេហូវ៉ានៅវិហារក្នុងក្រុងយេរូសាឡិម។ ដោយហៅលោកយេស៊ូជាផលដំបូង នោះប៉ូលបានបញ្ជាក់ថានឹងមានបុគ្គលផ្សេងៗទៀតដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។
ប៉ូលបានពន្យល់បន្តទៀតថា បុគ្គលទាំងនោះអាចទទួលបាន គឺតាមរយៈការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។ ប៉ូលនិយាយថា៖ «សេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់ ដូច្នេះ ការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ»។ ដោយសារយើងបានឆ្លងភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះពីអាដាម នោះយើងទាំងអស់គ្នាត្រូវស្លាប់។ ក៏ប៉ុន្តែ តាមរយៈការផ្ដល់ជីវិតល្អឥតខ្ចោះរបស់លោកយេស៊ូនៅផែនដីជាថ្លៃលោះ នោះលោកបានបើកផ្លូវដល់មនុស្សជាតិឲ្យរួចពីខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ ដោយប្រោសពួកគេឲ្យរស់ឡើងវិញ។ ប៉ូលបានសរុបសេចក្ដីយ៉ាងល្អដូចបានកត់ទុកក្នុងសៀវភៅរ៉ូម ៦:២៣ថា៖ «ព្រោះប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង»។
លោកយេស៊ូបានពន្យល់ថា ការស្លាប់របស់លោកនិងការប្រោសលោកឲ្យរស់ឡើងវិញ គឺសម្រាប់យើង។ លោកបាននិយាយសំដៅទៅខ្លួនលោកថា៖ «កូនមនុស្សក៏នឹងត្រូវលើកឡើងដូច្នោះដែរ ដើម្បីឲ្យអស់អ្នកដែលជឿលើលោក អាចមានជីវិតដែលគ្មានទីបញ្ចប់។ ពីព្រោះព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូហាន ៣:១៤-១៦
សូមស្រមៃគិតអំពីជីវិតជារៀងរហូត ជីវិតដែលលែងមានការឈឺចាប់ ទុក្ខវេទនា ឬទុក្ខព្រួយទៀត! (ការបើកបង្ហាញ ២១:៣, ៤) នេះពិតជាសេចក្ដីសង្ឃឹមដ៏គួរឲ្យរីករាយមែន! បណ្ឌិតខាងគម្ពីរម្នាក់បាននិយាយអំពីរឿងនេះថា៖ «កន្លែងបញ្ចុះសពអាចរំលឹកមនុស្សម្នាក់ថាជីវិតខ្លីណាស់ តែការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបញ្ជាក់ថា សេចក្ដីស្លាប់គឺខ្លីណាស់ទៅវិញ»។ ប្រាកដហើយ ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញនាំឲ្យយើងទទួលជីវិតមែន!
[រូបភាពនៅទំព័រ៧]