បើខ្ញុំប្រើឬមិនប្រើថ្នាំជក់ តើជារឿងសំខាន់ចំពោះព្រះឬទេ?
អ្នកអានសួរថា . . .
បើខ្ញុំប្រើឬមិនប្រើថ្នាំជក់ តើជារឿងសំខាន់ចំពោះព្រះឬទេ?
▪ មនុស្សដែលមានចិត្តស្មោះប្រហែលជាសួរសំណួរដូចនេះ ដោយហេតុថាក្នុងគម្ពីរគ្មានច្បាប់ស្តីអំពីការប្រើថ្នាំជក់ទេ។ តើនេះមានន័យថាយើងពិបាកយល់អំពីទស្សនៈរបស់ព្រះស្តីអំពីរឿងនេះឬ? មិនមែនទាល់តែសោះ។
គម្ពីរចែងថា៖ «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។ (ធីម៉ូថេទី២ ៣:១៦) បណ្ដាំរបស់ព្រះមានគោលការណ៍ច្បាស់លាស់និងយោបល់ផ្សេងៗ ដែលបង្ហាញអំពីរបៀបដែលព្រះចង់ឲ្យយើងយកចិត្តទុកដាក់នឹងសុខភាពរបស់ខ្លួន។ មុនដំបូង សូមយើងពិនិត្យមើលអ្វីដែលអ្នកស្រាវជ្រាវបានរកឃើញថា ការប្រើថ្នាំជក់នាំឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សជាតិ។ បន្ទាប់មក យើងនឹងពិចារណាមើលរបៀបដែលគោលការណ៍គម្ពីរទាក់ទងគ្នាយ៉ាងណានឹងលទ្ធផលនៃការស្រាវជ្រាវនោះ។
អ្នកប្រើថ្នាំជក់បង្ខូចសុខភាពខ្លួន និងនាំឲ្យមានជំងឺដែលបណ្ដាលឲ្យស្លាប់មុនអាយុ។ នៅសហរដ្ឋអាម៉េរិក ម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់ដែលបានស្លាប់ គឺដោយសារការប្រើថ្នាំជក់។ យោងតាមវិទ្យាស្ថានជាតិមួយនៅប្រទេសនោះបានរាយការណ៍ថា ជារៀងរាល់ឆ្នាំ ចំនួនមនុស្សស្លាប់ដែលមកពីការប្រើថ្នាំជក់មានច្រើនជាងចំនួនសរុបនៃមនុស្សដែលបានស្លាប់ដោយការប្រើ«គ្រឿងស្រវឹង គ្រឿងញៀន ឃាតកម្ម អត្តឃាត គ្រោះថ្នាក់ពេលបើកបរឡាន និងជំងឺអេដស៍»ទៅទៀត (National Institute on Drug Abuse)។
អស់អ្នកដែលជក់បារីបង្ខូចសុខភាពអ្នកឯទៀត។ អ្នកដែលរងផ្សែងបារីមិនអាចគេចផុតពីការប៉ះពាល់ដល់សុខភាពទេ។ អ្នកមិនជក់បារីដែលស្រូបផ្សែងបារីផ្ទាល់ពីអ្នកជក់អាចមានជំងឺមហារីកសួត និងជំងឺបេះដូងដែលកើនឡើងដល់ទៅ៣០ភាគរយ។ នៅឆ្នាំថ្មីៗនេះ គ្រូពេទ្យបានរកឃើញគ្រោះថ្នាក់មួយទៀតដែលហៅថា«ការរងផ្សែងបារីមិនផ្ទាល់»។ ពាក្យនេះសំដៅទៅសំណល់ជាតិគីមីដែលនៅដិតជាប់នឹងសម្លៀកបំពាក់ កម្រាលព្រំ និងកន្លែងផ្សេងទៀតដែលសំណល់ជាតិគីមីនោះនៅជាប់យូរ ទោះជាផ្សែងដែលយើងមើលឃើញរសាត់បាត់អស់ទៅហើយក្ដី។ ជាពិសេស សារធាតុគីមីពុលទាំងនោះបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពក្មេង ហើយក៏អាចប៉ះពាល់ដល់ការលូតលាស់ខាងសតិបញ្ញានិងខាងរូបកាយរបស់ក្មេងដែរ។
ថ្នាំជក់ធ្វើឲ្យញៀន។ អ្នកដែលមានទម្លាប់ប្រើថ្នាំជក់គឺជាខ្ញុំបម្រើនៃថ្នាំនោះ ហើយវាក៏បង្ខូចសុខភាពរបស់អ្នកប្រើដែរ។ តាមការពិត អ្នកស្រាវជ្រាវជឿថា ការញៀននីកូទីនដែលជាសារធាតុគីមីសំខាន់ជាងគេក្នុងថ្នាំជក់ ជាសារធាតុមួយដែលមិនងាយផ្ដាច់បានទេ បើញៀនហើយ។
តើគោលការណ៍គម្ពីរទាក់ទងនឹងរឿងទាំងនោះយ៉ាងដូចម្ដេច? សូមកត់សម្គាល់ចំណុចខាងក្រោមនេះ:
ព្រះចង់ឲ្យយើងចាត់ទុកជីវិតថាមានតម្លៃ។ ក្នុងច្បាប់ដែលព្រះបានប្រគល់ដល់បណ្ដាជនអ៊ីស្រាអែល លោកបានបញ្ជាក់ថាអស់អ្នកដែលចង់ឲ្យលោកពេញចិត្តត្រូវតែគោរពជីវិតមនុស្ស។ (ចោទិយកថា ៥:១៧) បណ្ដាជនអ៊ីស្រាអែលត្រូវសង់បង្កាន់ដៃឬជញ្ជាំងទាបនៅជុំវិញគែមដំបូលនៃផ្ទះរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះដំបូលរាបស្មើ ហើយជួនកាលពួកគេក៏រស់នៅទីនោះដែរ។ ជញ្ជាំងជួយការពារក្រុមគ្រួសារនិងអ្នកឯទៀតមិនឲ្យធ្លាក់ដែលនាំឲ្យមានរបួស ឬបាត់ជីវិត។ (ចោទិយកថា ២២:៨) បន្ថែមទៀត បណ្ដាជនអ៊ីស្រាអែលត្រូវតែប្រាកដថាសត្វដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនមិនធ្វើឲ្យអ្នកដទៃរបួសឡើយ។ (និក្ខមនំ ២១:២៨, ២៩) បុគ្គលដែលប្រើថ្នាំជក់បំពានគោលការណ៍របស់ព្រះដែលគាំទ្រច្បាប់ទាំងនោះ។ បុគ្គលនោះមានចេតនាបង្ខូចសុខភាពរបស់ខ្លួនឯង។ បន្ថែមទៅទៀត ការជក់បារីរបស់គាត់បង្កគ្រោះថ្នាក់ដល់សុខភាពអ្នកដទៃដែលនៅជុំវិញគាត់។
ព្រះចង់ឲ្យយើងស្រឡាញ់លោក ហើយស្រឡាញ់អ្នកជិតខាង។ លោកយេស៊ូគ្រិស្តមានប្រសាសន៍ថាអ្នកកាន់តាមលោកគួរតែគោរពសេចក្ដីបង្គាប់ពីរសំខាន់ជាងគេបង្អស់។ ពួកគេត្រូវស្រឡាញ់ព្រះឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ និងស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង។ (ម៉ាកុស ១២:២៨-៣១) ដោយហេតុថាជីវិតជាអំណោយពីព្រះ ដូច្នេះ អ្នកដែលប្រើថ្នាំជក់បង្ហាញថាគាត់ខ្វះការគោរពចំពោះអំណោយនោះ និងខ្វះសេចក្ដីស្រឡាញ់ចំពោះព្រះ។ (សកម្មភាព ១៧:២៦-២៨) ទម្លាប់អាក្រក់របស់បុគ្គលនោះអាចបង្ខូចយ៉ាងដំណំដល់សុខភាពអ្នកដទៃ។ ដូច្នេះ គាត់និយាយមិនពិតទេ ពេលដែលប្រាប់ថាគាត់ស្រឡាញ់អ្នកជិតខាងរបស់គាត់នោះ។
ព្រះតម្រូវឲ្យជៀសចេញពីទម្លាប់ដែលស្មោកគ្រោក។ គម្ពីរបង្គាប់គ្រិស្តសាសនិកទាំងអស់ឲ្យពួកគេសម្អាត«ចិត្តនិងកាយ»របស់ពួកគេឲ្យស្អាតពី«អ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។ (កូរិនថូសទី២ ៧:១) ការប្រើថ្នាំជក់នាំឲ្យបុគ្គលម្នាក់ទៅជាស្មោកគ្រោក។ អស់អ្នកដែលចង់ផ្ដាច់ពីការជក់បារីដើម្បីធ្វើឲ្យព្រះពេញចិត្តជួបការលំបាកច្រើន។ ក៏ប៉ុន្តែ ដោយមានជំនួយពីព្រះ នោះពួកគេអាចផ្ដាច់ពីទម្លាប់ដែលស្មោកគ្រោកបាន។