សៀវភៅផ្សេងៗដែលមានសាច់រឿងស្របគ្នា
សៀវភៅផ្សេងៗដែលមានសាច់រឿងស្របគ្នា
«ទំនាយមិនដែលកើតចេញពីបំណងប្រាថ្នារបស់មនុស្សទេ តែមនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ»។—ពេត្រុសទី២ ១:២១
លក្ខណៈខុសប្លែកនៃគម្ពីរបរិសុទ្ធ: ទោះជាកំណត់ហេតុជាច្រើនពីសម័យបុរាណបានត្រូវសរសេរក្នុងពេលដូចគ្នាក៏ដោយ តែកំណត់ហេតុទាំងនោះច្រើនតែមិនស្របគ្នា។ ទម្រាំតែសៀវភៅដែលបានត្រូវសរសេរដោយមនុស្សផ្សេងគ្នា ពេលវេលានិងទីកន្លែងខុសគ្នា នោះកម្រណាស់ដែលព័ត៌មានទាំងនោះស្របគ្នាទាំងស្រុង។ គម្ពីរបរិសុទ្ធគឺជាសៀវភៅចំនួន៦៦ក្បាលចងក្រងរួមគ្នា ក៏ប៉ុន្តែ គម្ពីរចែងថាមានអ្នកនិពន្ធតែម្នាក់ ហើយនោះធ្វើឲ្យគម្ពីរបរិសុទ្ធមានសាច់រឿងតែមួយ និងមានព័ត៌មានស្របគ្នា។—ធីម៉ូថេទី២ ៣:១៦
ឧទាហរណ៍: ម៉ូសេជាអ្នកគង្វាលម្នាក់ដែលរស់នៅសតវត្សរ៍ទី១៦ មុនគ.ស. គាត់បានសរសេរសៀវភៅទី១ក្នុងគម្ពីរបរិសុទ្ធដោយរៀបរាប់អំពី«ពូជ»មួយដែលនឹងមកសង្គ្រោះមនុស្សជាតិ។ ក្រោយមកសៀវភៅនេះបានទាយថា ពូជនោះនឹងមកតាមរយៈកូនចៅអាប្រាហាំ អ៊ីសាក និងយ៉ាកុប។ (លោកុប្បត្តិ ៣:១៥; ២២:១៧, ១៨; ២៦:២៤; ២៨:១៤) ប្រហែល៥០០ឆ្នាំក្រោយមក ណាថាន់ដែលជាអ្នកប្រកាសទំនាយបានបញ្ជាក់ថា ពូជនេះនឹងមកតាមរយៈសែស្រឡាយដាវីឌ។ (សាំយូអែលទី២ ៧:១២) មួយពាន់ឆ្នាំក្រោយមកទៀត សាវ័កប៉ូលបានពន្យល់ថា ពូជនោះគឺជាលោកយេស៊ូនិងពួកអ្នកកាន់តាមមួយក្រុមដែលបានត្រូវរើសតាំង។ (រ៉ូម ១:១-៤; កាឡាទី ៣:១៦, ២៩) ទីបំផុត នៅចុងសតវត្សរ៍ទី១ គ.ស. សៀវភៅចុងក្រោយក្នុងគម្ពីរបរិសុទ្ធបានទាយថា សមាជិកនៃពូជនោះនឹងធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូនៅផែនដី ហើយពួកគេនឹងត្រូវឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាមួយលោកក្នុងរយៈពេល១.០០០ឆ្នាំ។ ពូជនេះនឹងបំផ្លាញមេកំណាច ហើយសង្គ្រោះមនុស្សជាតិ។—ការបើកបង្ហាញ ១២:១៧; ២០:៦-១០
ការបញ្ជាក់ពីអ្នកវិភាគគម្ពីរ: បន្ទាប់ពីបានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវសៀវភៅទាំង៦៦ក្បាលក្នុងគម្ពីរបរិសុទ្ធ លោកលូវីស ហ្គូសេន បានសរសេរថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ«ភាពស្របគ្នាយ៉ាងអស្ចារ្យនៃគម្ពីរបរិសុទ្ធ ដែលបានត្រូវសរសេរក្នុងរយៈពេល១.៥០០ឆ្នាំដោយអ្នកនិពន្ធច្រើននាក់ . . . ដែលព្យាយាមសម្រេចគោលដៅតែមួយ ហើយបន្តសម្រេចកិច្ចការនោះ ទោះជាពួកគេមិនយល់ច្បាស់អំពីគោលដៅនោះក៏ដោយ ពោលគឺការលោះពិភពលោកតាមរយៈបុត្ររបស់ព្រះ» (Theopneusty—The Plenary Inspiration of the Holy Scriptures)។
តើលោកអ្នកគិតយ៉ាងណា? តើលោកអ្នកគិតថាមានសៀវភៅផ្សេងទៀតដែលបានសរសេរក្នុងរយៈពេលច្រើនជាង១.៥០០ឆ្នាំដោយមនុស្ស៤០នាក់ ដែលអាចមានសាច់រឿងស្របគ្នាយ៉ាងនេះឬទេ? ឬក៏មានតែគម្ពីរបរិសុទ្ធមួយប៉ុណ្ណោះ?
[ឃ្លាអក្សរធំនៅទំព័រ៧]
«ពេលដែលឯកសារទាំងនេះបញ្ចូលគ្នា នោះទៅជាសៀវភៅមួយ . . . ហើយគ្មានសៀវភៅ មួយណាក្នុងពិភពលោកនេះ អាចប្រៀបផ្ទឹមបានសូម្បីតែ បន្ដិចក៏ដោយ» (THE PROBLEM OF THE OLD TESTAMENT, BY JAMES ORR)។