តើយើងគួរធ្វើយ៉ាងណាដើម្បីរំលឹកអំពីមរណភាពរបស់លោកយេស៊ូ?
សូមរៀនពីបណ្ដាំរបស់ព្រះ
តើយើងគួរធ្វើយ៉ាងណាដើម្បីរំលឹកអំពីមរណភាពរបស់លោកយេស៊ូ?
អត្ថបទនេះឆ្លើយសំណួរមួយចំនួនដែលអ្នកប្រហែលជាធ្លាប់លើកឡើង ហើយបង្ហាញចម្លើយដែលអ្នកអាចអានពីគម្ពីររបស់អ្នក។ សាក្សីព្រះយេហូវ៉ានឹងរីករាយពិភាក្សាចម្លើយទាំងនេះជាមួយនឹងអ្នក។
១. តើយើងគួររំលឹកអំពីមរណភាពរបស់លោកយេស៊ូតាមរបៀបណា?
លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យរំលឹកអំពីមរណភាពរបស់លោក ដោយប្រើវត្ថុតំណាង គឺនំប៉័ងនិងស្រាទំពាំងបាយជូរ។ នំប៉័ងជាតំណាងរូបកាយរបស់លោកយេស៊ូ ហើយស្រាទំពាំងបាយជូរជាតំណាងឈាមរបស់លោក។—សូមអាន លូកា ២២:១៩, ២០
លោកយេស៊ូបានប្រើនំប៉័ងដែលគ្មានមេ ឬគ្មានដំបែ។ ក្នុងគម្ពីរ ជារឿយៗដំបែជាតំណាងភាពខុសឆ្គង។ ដូច្នេះ គឺសមរម្យដែលនំប៉័ងឥតដំបែត្រូវប្រើជានិមិត្តរូបនៃរូបកាយល្អឥតខ្ចោះរបស់លោកយេស៊ូ។ លោកបានផ្ដល់រូបកាយជាគ្រឿងបូជា ហើយនេះបានបំបាត់ចោលការបូជាសត្វក្រោមច្បាប់របស់ម៉ូសេ។ (ហេប្រឺ ១០:៥, ៩, ១០) ស្រាទំពាំងបាយជូរជាតំណាងឈាមដ៏ថ្លៃវិសេសរបស់លោកយេស៊ូដែលបានត្រូវបង្ហូរចេញដើម្បីជាគ្រឿងបូជាសម្រាប់ភាពខុសឆ្គងរបស់យើង។—សូមអាន ពេត្រុសទី១ ១:១៩; ២:២៤; ៣:១៨
២. តើយើងគួរធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូនៅពេលណា?
លោកយេស៊ូបានស្លាប់នៅចំថ្ងៃបុណ្យរំលង គឺនៅថ្ងៃទី១៤ ខែណែសាន។ សម្រាប់ជនជាតិយូដា ពេលថ្ងៃលិចគឺជាពេលចាប់ផ្ដើមថ្ងៃថ្មី។ នៅល្ងាចមុនលោកយេស៊ូស្លាប់ លោកបានពិសាអាហារបុណ្យរំលងជាមួយពួកសាវ័ករបស់លោកហើយបន្ទាប់មក លោកបានផ្ដើមធ្វើពិធីថ្មីមួយ ជាការពិសាអាហារជាមួយគ្នាដើម្បីរំលឹកមរណភាពរបស់លោក។—សូមអាន លូកា ២២:១៤, ១៥
សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះធ្វើពិធីនេះដើម្បីរំលឹកអំពីអ្វីដែលព្រះបានផ្ដល់តាមរយៈលោកយេស៊ូក្នុងការរំដោះពិភពលោកទាំងមូលឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (និក្ខមនំ ១២:៥-៧, ១៣, ១៧) ដូចបុណ្យរំលងដែលត្រូវបានធ្វើឡើងក្នុងមួយឆ្នាំម្ដង នោះពិធីរំលឹកមរណភាពរបស់លោកយេស៊ូក៏ត្រូវធ្វើឡើងក្នុងមួយឆ្នាំម្ដងដែរ គឺនៅថ្ងៃទី១៤ ខែណែសាន បន្ទាប់ពីថ្ងៃលិច រាប់តាមប្រតិទិននៃខែចន្ទគតិក្នុងគម្ពីរ។—សូមអាន យ៉ូហាន ១:២៩
៣. តើអ្នកណាគួរបរិភោគនំប៉័ងនិងស្រាទំពាំងបាយជូរ?
ពេលលោកយេស៊ូហុចស្រាទំពាំងបាយជូរឲ្យទៅពួកអ្នកកាន់តាមលោក នោះលោកបានមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី»។ (កូរិនថូសទី១ ១១:២៥) កិច្ចព្រមព្រៀងថ្មីនេះគឺជំនួសកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យម៉ូសេ ដែលព្រះបានសន្យាដល់បណ្ដាជនអ៊ីស្រាអែលថា បើពួកគេស្ដាប់តាមលោក នោះពួកគេនឹងក្លាយទៅជារាស្ត្ររបស់លោក។ (និក្ខមនំ ១៩:៥, ៦) ក៏ប៉ុន្តែ បណ្ដាជនអ៊ីស្រាអែលមិនបានស្ដាប់តាមបង្គាប់ព្រះទេ។ ដូច្នេះ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងថ្មីមួយទៀត។—សូមអាន យេរេមា ៣១:៣១
តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ព្រះយេហូវ៉ាផ្ដល់ពរដល់មនុស្សជាច្រើនតាមរយៈមនុស្សមួយចំនួនតូច។ មានមនុស្សតែ១៤៤.០០០នាក់ប៉ុណ្ណោះដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីនេះ។ តាមរយៈពួកគេ មនុស្សរាប់លាននាក់ដែលមកពីគ្រប់ជាតិសាសន៍នឹងទទួលពរជាជីវិតដែលគ្មានទីបញ្ចប់នៅផែនដីជាសួនឧទ្យាន។ សព្វថ្ងៃនេះ គ្រិស្តសាសនិកខ្លះដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីកំពុងបម្រើព្រះយេហូវ៉ានៅផែនដីនៅឡើយ។ មានតែពួកគាត់ប៉ុណ្ណោះដែលគួរបរិភោគនំប៉័ងនិងស្រាទំពាំងបាយជូរ ដោយសារពែងនោះ«តំណាងកិច្ចព្រមព្រៀងថ្មី»។—សូមអាន លូកា ១២:៣២; ការបើកបង្ហាញ ១៤:១, ៣
៤. តើពិធីរំលឹកនាំឲ្យយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច?
ពិធីរំលឹកមរណភាពរបស់លោកយេស៊ូដែលធ្វើឡើងជារៀងរាល់ឆ្នាំ ជួយយើងឲ្យបង្ហាញចិត្តដឹងគុណកាន់តែជ្រាលជ្រៅចំពោះសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ា។ លោកបានចាត់បុត្ររបស់លោកឲ្យមកស្លាប់ដើម្បីភាពខុសឆ្គងរបស់យើង។ ដូច្នេះ ពេលយើងចូលរួមពិធីរំលឹក យើងគួរពិចារណាថា តើមរណភាពរបស់លោកយេស៊ូមានសារៈសំខាន់យ៉ាងណាចំពោះយើង? យើងគួរពិចារណាអំពីរបៀបដែលយើងអាចបង្ហាញចិត្តដឹងគុណចំពោះអ្វីៗដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើដើម្បីយើង។—សូមអាន យ៉ូហាន ៣:១៦; កូរិនថូសទី២ ៥:១៤, ១៥
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលទំព័រ២៣៦-២៣៨នៃសៀវភៅនេះ តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។