ទីបញ្ចប់នៃពិភពលោក តើមនុស្សខ្លះនិយាយថានោះជាអ្វី?
ទីបញ្ចប់នៃពិភពលោក តើមនុស្សខ្លះនិយាយថានោះជាអ្វី?
«ហើយពួកគេបានប្រមូលស្តេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាហាម៉ាគេដូន»។—ការបើកបង្ហាញ ១៦:១៦
តើលោកអ្នកគិតយ៉ាងណា ពេលដែលលោកអ្នកឮពាក្យទីបញ្ចប់នៃពិភពលោក? ពេលលោកអ្នកឮពាក្យទាំងនេះ លោកអ្នកទំនងជាស្រមៃឃើញមហន្តរាយដ៏ធំក្រៃលែងមួយ។ មនុស្សខ្លះគិតថាពាក្យ«ហាម៉ាគេដូន»ដែលមានក្នុងគម្ពីរសំដៅទៅលើព្រឹត្ដិការណ៍បែបនេះ។ ទោះជាពាក្យ«ហាម៉ាគេដូន»មានតែមួយដងក្នុងគម្ពីរក៏ដោយ ប្រព័ន្ធផ្សាយព័ត៌មាន និងអ្នកដឹកនាំសាសនាបាននិយាយពាក្យនោះម្ដងហើយម្ដងទៀត។
តើទស្សនៈរបស់មនុស្សទូទៅអំពីទីបញ្ចប់នៃពិភពលោកឬហាម៉ាគេដូន គឺសមស្របតាមអ្វីដែលគម្ពីរបង្រៀនឬទេ? ការដឹងចម្លើយអំពីរឿងនេះ គឺសំខាន់ណាស់។ ហេតុអ្វី? ពីព្រោះការពិតអំពីទីបញ្ចប់នៃពិភពលោកអាចជួយលោកអ្នកឲ្យរួចពីការភ័យខ្លាច ធ្វើឲ្យលោកអ្នកមានសេចក្ដីសង្ឃឹមទៅថ្ងៃអនាគត ហើយក៏មានឥទ្ធិពលទៅលើទស្សនៈរបស់លោកអ្នកអំពីព្រះដែរ។
សូមពិចារណាសំណួរបីយ៉ាងខាងក្រោមនេះ ហើយសូមប្រៀបធៀបទស្សនៈរបស់មនុស្សទូទៅអំពីហាម៉ាគេដូនជាមួយនឹងអ្វីដែលគម្ពីរពិតជាបង្រៀន។
១. តើហាម៉ាគេដូនជាមហន្តរាយដែលកើតឡើងដោយសារមនុស្សឬ?
អ្នកកាសែត និងអ្នកស្រាវជ្រាវប្រើពាក្យ«ហាម៉ាគេដូន»ច្រើនដងដើម្បីសម្គាល់អំពីមហន្តរាយដែលកើតឡើងដោយសារមនុស្ស។ ជាឧទាហរណ៍ គេបានហៅសង្គ្រាមលោកលើកទី១ និងទី២ថាហាម៉ាគេដូន។ បន្ទាប់ពីសង្គ្រាមទាំងនោះ មនុស្សទាំងឡាយបានព្រួយបារម្ភថា សហរដ្ឋអាម៉េរិកនិងអតីតសហភាពសូវៀតនឹងបាញ់គ្រាប់បែកបរមាណូដាក់គ្នាទៅវិញទៅមក។ ប្រព័ន្ធផ្សាយព័ត៌មានបានហៅសង្គ្រាមដែលអាចកើតឡើងនោះថា «ហាម៉ាគេដូននុយក្លេអ៊ែរ»។ នៅសព្វថ្ងៃនេះ អ្នកស្រាវជ្រាវបារម្ភថាការបំពុលបរិយាកាសនឹងបណ្ដាលឲ្យអាកាសធាតុនៅផែនដីប្រែប្រួលយ៉ាងខ្លាំង។ ពួកគេបានព្រមានថា«ហាម៉ាគេដូនអាកាសធាតុ»ជិតមកដល់ហើយ។
តើពាក្យទាំងនោះបង្កប់អត្ថន័យអ្វី? ពាក្យនោះបង្កប់អត្ថន័យថា មនុស្សជាអ្នកកំណត់អនាគតរបស់ផែនដីនិងជីវិតទាំងឡាយនៅលើផែនដីនេះ។ បើរដ្ឋាភិបាលទាំងឡាយសម្រេចចិត្តមិនត្រឹមត្រូវទេ នោះផែនដីនឹងទទួលរងការខូចខាតដោយមិនអាចស្រោចស្រង់បាន។
អ្វីដែលគម្ពីរបង្រៀន: ព្រះនឹងមិនអនុញ្ញាតឲ្យមនុស្សបំផ្លាញផែនដីឡើយ។ គម្ពីរធានាយើងថា ព្រះយេហូវ៉ា *មិនបានបង្កើតផែនដី«ឲ្យនៅទទេ»ទេ។ ផ្ទុយទៅវិញ លោកបានបង្កើតដើម្បីឲ្យ«ជាទីអាស្រ័យនៅ»។ (អេសាយ ៤៥:១៨) ជាជាងអនុញ្ញាតឲ្យមនុស្សបំផ្លាញផែនដីទាំងស្រុង នោះព្រះនឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។—ការបើកបង្ហាញ ១១:១៨
២. តើហាម៉ាគេដូនគឺជាមហន្តរាយធម្មជាតិឬ?
ជួនកាលអ្នកកាសែតប្រើពាក្យ«ហាម៉ាគេដូន» ដើម្បីសំដៅទៅមហន្តរាយធម្មជាតិធំៗ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១០ មានរបាយការណ៍មួយបានរៀបរាប់អំពី«‹ហាម៉ាគេដូន›នៅប្រទេសហៃទី»។ សេចក្ដីរាយការណ៍នោះពណ៌នាអំពីការឈឺចាប់ ការខូចខាត និងការបាត់បង់ជីវិតដោយសារការរញ្ជួយដីដ៏ធំដែលបានបំផ្លាញប្រទេសនោះ។ អ្នកកាសែត និងអ្នកផលិតភាពយន្តប្រើពាក្យនេះមិនគ្រាន់តែសំដៅទៅលើព្រឹត្ដិការណ៍ដែលកើតឡើងរួចហើយទេ តែក៏សំដៅទៅលើព្រឹត្ដិការណ៍ដែលពួកគេភ័យខ្លាចថានឹងកើតឡើងនៅអនាគតដែរ។ ជាឧទាហរណ៍ ពួកគេប្រើពាក្យ«ហាម៉ាគេដូន» ដើម្បីពណ៌នាអំពីគ្រោះថ្នាក់ដែលគេគិតថា នឹងកើតមានឡើង ពេលផ្កាយព្រះគ្រោះមួយប៉ះទង្គិចផែនដី។
តើពាក្យទាំងនោះបង្កប់អត្ថន័យអ្វី? ពាក្យនោះបង្កប់អត្ថន័យថា ហាម៉ាគេដូនគឺជាព្រឹត្ដិការណ៍ដែលកើតឡើងដោយចៃដន្យ ដែលសម្លាប់ជនស្លូតត្រង់ដោយមិនរើសមុខ។ លោកអ្នកមិនអាចការពារខ្លួនពីមហន្តរាយនេះបានទេ។
អ្វីដែលគម្ពីរបង្រៀន: ហាម៉ាគេដូនមិនមែនជាព្រឹត្ដិការណ៍ដែលសម្លាប់មនុស្សដោយមិនរើសមុខនោះទេ។ ផ្ទុយទៅវិញ ក្នុងអំឡុងគ្រាហាម៉ាគេដូន មានតែមនុស្សអាក្រក់ប៉ុណ្ណោះដែលត្រូវបំផ្លាញចោល។ គម្ពីរសន្យាថា ពេលឆាប់ៗខាងមុខនេះ«មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។—ទំនុកតម្កើង ៣៧:១០
៣. តើព្រះបំផ្លាញផែនដីនៅគ្រាហាម៉ាគេដូនឬ?
មនុស្សជាច្រើនដែលមានជំនឿខាងសាសនាជឿថា នឹងមានការប្រយុទ្ធគ្នាផ្ដាច់ព្រ័ត្ររវាងបុគ្គលល្អនិងបុគ្គលអាក្រក់ ដែលនឹងនាំឲ្យផែនដីរបស់យើងលែងមានទៀត។ ការស្ទង់មតិរបស់អង្គការមួយនៅសហរដ្ឋអាម៉េរិកបានប្រាប់ថា ៤០ភាគរយនៃមនុស្សពេញវ័យជឿថា ពិភពលោកនឹងត្រូវបញ្ចប់ដោយ«សង្គ្រាមហាម៉ាគេដូន» (Princeton Survey Research Associates)។
តើពាក្យទាំងនោះបង្កប់អត្ថន័យអ្វី? ពាក្យនោះបង្កប់អត្ថន័យថា ព្រះមិនបានបង្កើតមនុស្សមកឲ្យរស់នៅជារៀងរហូតនៅផែនដីទេ ហើយក៏មិនបានបង្កើតផែនដីមកឲ្យនៅស្ថិតស្ថេរជារៀងរហូត
ដែរ។ ព្រះបានបង្កើតមនុស្សដោយមានបំណងឲ្យពួកគេទាំងអស់គ្នាស្លាប់នៅដំណាក់កាលណាមួយនៃជីវិត។អ្វីដែលគម្ពីរបង្រៀន: គម្ពីរចែងយ៉ាងច្បាស់ថា ព្រះបាន«តាំងឫសផែនដីដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកតម្កើង ១០៤:៥) ស្តីអំពីមនុស្សនៅផែនដី គម្ពីរចែងថា៖ «ពួកអ្នកសុចរិតនឹងបាន[«ផែនដី»]ទុកជាមរដក ហើយនឹងនៅ[«ផែនដី»]ជានិច្ច»។—ទំនុកតម្កើង ៣៧:២៩; ព.ថ.
ច្បាស់ណាស់ អ្វីដែលគម្ពីរបង្រៀនគឺផ្ទុយគ្នានឹងទស្សនៈរបស់មនុស្សទូទៅស្តីអំពីហាម៉ាគេដូន។ ដូច្នេះ តើអ្វីជាការពិតអំពីហាម៉ាគេដូន?
[កំណត់សម្គាល់]
^ វគ្គ 9 នៅក្នុងគម្ពីរ យេហូវ៉ាជានាមរបស់ព្រះ។