លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងត្រូវឲ្យសកម្មពលរបស់ព្រះដឹកនាំយើង?

ហេតុអ្វីយើងត្រូវឲ្យសកម្មពលរបស់ព្រះដឹកនាំយើង?

ហេតុ​អ្វី​យើង​ត្រូវ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង?

​«​ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ​ពិត សូម​ឲ្យ​ព្រះ​វិញ្ញាណ[​ឬ​«​សកម្មពល​បរិសុទ្ធ​»​]​ដ៏​ល្អ​របស់​ទ្រ​ង​នាំ​ទូល​បង្គំ​»។—ទំនុក. ១៤៣:១០; ព.ថ.

១​. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ថាមពល​ដែល​យើង​មើល​មិន​ឃើញ​អាច​ជួយ​បង្ហាញ​ផ្លូវ​បាន។

តើ​អ្នក​ធ្លាប់​ប្រើ​ត្រី​វិស័យ​ដើម្បី​រុករ​ក​ផ្លូវ​ឬ​ទេ? ត្រី​វិស័យ​ជា​ឧបករណ៍​សាមញ្ញ​មួយ​ដែល​មាន​ទ្រនិច​មួយ​ចង្អុល​ទៅ​ទិស​ខាង​ជើង។ ដោយ​សារ​ដែន​ម៉ាញេទិក​របស់​ផែនដី​មាន​កម្លាំង​ទំនាញ​ដូច​ជា​ដែក​ឆក់ នោះ​ធ្វើ​ឲ្យ​ទ្រនិច​របស់​ត្រី​វិស័យ​ចង្អុល​ទៅ​ទិស​ខាង​ជើង​ជា​និច្ច។ អស់​រាប់​រយ​ឆ្នាំ​មក​ហើយ អ្នក​រុករ​ក​និង​អ្នក​ធ្វើ​ដំណើរ​បាន​ប្រើ​ត្រី​វិស័យ​នេះ​ដើម្បី​ជួយ​បង្ហាញ​ផ្លូវ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​និង​តាម​ផ្លូវ​ទឹក។

២, ៣​. (​ក​) តើ​អ្វី​ជា​ថាមពល​ដ៏​ខ្លាំងក្លា​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ជា​យូរ​យារ​ណាស់​មក​ហើយ? (​ខ​)​ ហេតុ​អ្វី​យើង​ដឹង​ថាស​កម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​អាច​ដឹក​នាំ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

មាន​ថាមពល​មួយ​ទៀត​ដែល​យើង​មើល​មិន​ឃើញ។ ថាមពល​នោះ​ក៏​ដឹក​នាំ​យើង​ដែរ ហើយ​វា​សំខាន់​ជាង​ដែន​ម៉ាញេទិក​ទៅ​ទៀត។ តើ​ថាមពល​នោះ​ជា​អ្វី​ទៅ? ថាមពល​នោះ​បាន​ត្រូវ​ពណ៌​នា​នៅ​ខ​មុន​គេ​បង្អស់​ក្នុង​គម្ពីរ។ ពេល​ពណ៌​នា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​យូរ​យារ​ណាស់​មក​ហើយ សៀវភៅ​លោកុប្បត្តិ​បាន​ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ កាល​ដែល​លោក​កំពុង​ធ្វើ​ដូច្នេះ លោក​បាន​ប្រើ​ថាមពល​ដ៏​ខ្លាំងក្លា​មួយ ព្រោះ​កំណត់​ហេតុ​អំពី​ការ​បង្កើត​បាន​បន្ថែម​ថា​៖ ​«​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​»។ (​លោ. ១:១, ២​) តើ​អ្វី​កំពុង​រេរា​នៅ​ពេល​នោះ? គឺ​សកម្មពល​បរិសុទ្ធ​ជា​ថាមពល​ដ៏​ខ្លាំងក្លា​ដែល​ព្រះ​ប្រើ​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់។ បើ​ព្រះ​យេហូវ៉ា​មិន​ប្រើស​កម្ម​ពល​បរិសុទ្ធ​នោះ​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់ នោះ​ក៏​គ្មាន​យើង​នៅ​លើ​ផែនដី​ដែរ។—យ៉ូប ៣៣:៤; ទំនុក. ១០៤:៣០

យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​បង្កើត​យើង ប៉ុន្តែ​តើ​សកម្មពល​នេះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​តាម​របៀប​ផ្សេង​ទៀត​ដែរ​ឬ​ទេ? លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា សកម្មពល​នេះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​មែន។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សកម្មពល​របស់​ព្រះ . . . នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា ដោយ​ជួយ​ឲ្យ​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»។ (​យ៉ូន. ១៦:១៣​) តើ​សកម្មពល​បរិសុទ្ធ​ជា​អ្វី? ហើយ​ហេតុ​អ្វី​យើង​គួរ​ឲ្យ​សកម្មពល​នេះ​ដឹក​នាំ​យើង?

តើ​សកម្មពល​បរិសុទ្ធ​ជា​អ្វី?

៤, ៥​. (​ក​) ស្តី​អំពី​សកម្មពល​បរិសុទ្ធ តើ​គ្រិស្ត​សាសនា​ដែល​ជឿ​ថា​ព្រះ​ជា​បុគ្គល​បី​អង្គ​រួម​គ្នា​ជា​ព្រះ​តែ​មួយ​មាន​គំនិត​ខុស​យ៉ាង​ណា? (​ខ​)​ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​អំពី​សកម្មពល​បរិសុទ្ធ?

ស្តី​អំពី​សកម្មពល​បរិសុទ្ធ មនុស្ស​ខ្លះ​ដែល​យើង​ជួប​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ទំនង​ជា​មាន​ទស្សនៈ​ខុស​ពី​បទ​គម្ពីរ។ ពួក​អ្នក​ដែល​មាន​ជំនឿ​ថា​ព្រះ​ជា​បុគ្គល​បី​អង្គ​រួម​គ្នា​ជា​ព្រះ​តែ​មួយ មាន​គំនិត​ខុស​ថាស​កម្ម​ពល​នេះ​ជា​បុគ្គល​វិញ្ញាណ​មួយ​ស្មើ​នឹង​ព្រះ​ដែល​ជា​បិតា។ (​១កូ. ៨:៦​) ប៉ុន្តែ យើង​អាច​បង្ហាញ​យ៉ាង​ច្បាស់​ពី​បទ​គម្ពីរ​ថា​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​អង្គ​រួម​គ្នា​ជា​ព្រះ​តែ​មួយ​ជា​អ្វី​ដែល​ខុស។

បើ​ដូច្នេះ តើ​សកម្មពល​បរិសុទ្ធ​ជា​អ្វី​ទៅ? កំណត់​សម្គាល់​ក្នុង​លោកុប្បត្តិ ១:២​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​មាន​សេចក្ដី​យោង​ជា​ភាសា​អង់គ្លេស​បាន​សរសេរ​ថា​៖ ​«​ក្រៅ​ពី​បក​ប្រែ​ពាក្យ​រូ​អា​ក[​ភាសា​ហេប្រឺ​]ថា​‹សកម្មពល› ពាក្យ​នេះ​ក៏​បាន​ត្រូវ​បក​ប្រែ​ថា​‹ខ្យល់› រួម​ទាំង​ពាក្យ​ខ្លះ​ទៀត​បញ្ជាក់​អំពី​ថាមពល​ដែល​យើង​មើល​មិន​ឃើញ​តែ​កំពុង​មាន​សកម្មភាព​»។ (​សូម​ពិនិត្យ​បន្ថែម លោកុប្បត្តិ ៨:១​) យើង​មើល​មិន​ឃើញ​ខ្យល់​ទេ តែ​វា​មាន​ថាមពល។ ដូច​គ្នា​ដែរ យើង​មិន​អាច​មើល​ឃើញ​ឬ​ប៉ះពាល់​សកម្មពល​បរិសុទ្ធ​ទេ តែ​យើង​អាច​ឃើញ​ផល​ដែល​សកម្មពល​នោះ​បង្កើត។ សកម្មពល​នោះ​ជា​កម្លាំង​ដែល​ព្រះ​បញ្ចេញ​ទៅ​លើ​មនុស្ស​ឬ​របស់​ផ្សេង​ៗ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ តើ​ពិបាក​ជឿ​ទេ​ថា​ថាមពល​ដ៏​អស្ចារ្យ​នេះ​ចេញ​មក​ពី​ព្រះ​បរិសុទ្ធ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​នោះ? មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ពិបាក​ជឿ​សោះ។—សូម​អាន អេសាយ ៤០:១២, ១៣

៦​. តើ​ដាវីឌ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី?

តើ​ព្រះ​យេហូវ៉ា​អាច​ប្រើស​កម្ម​ពល​របស់​លោក​ដើម្បី​ដឹក​នាំ​យើង​ក្នុង​ជីវិត​ឬ​ទេ? លោក​បាន​សន្យា​ដល់​ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុកតម្កើង​ថា​៖ ​«​អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ​»។ (​ទំនុក. ៣២:៨​) តើ​ដាវីឌ​ចង់​ឲ្យ​ព្រះ​ធ្វើ​ដូច្នេះ​ឬ​ទេ? គាត់​ពិត​ជា​ចង់​មែន ព្រោះ​គាត់​បាន​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល​បង្គំ​បាន​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ​ពិត សូម​ឲ្យ​ព្រះ​វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់​នាំ​ទូល​បង្គំ​»។ (​ទំនុក. ១៤៣:​១០​) យើង​ក៏​ត្រូវ​ពេញ​ចិត្ត​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង​ដូច​ដាវីឌ​ដែរ។ ហេតុ​អ្វី? សូម​ពិចារណា​នូវ​មូលហេតុ​បួន​យ៉ាង។

យើង​មិន​មាន​សមត្ថភាព​ដឹក​នាំ​ខ្លួន​ឯង​ឡើយ

៧, ៨​. (​ក​) ហេតុ​អ្វី​យើង​មិន​អាច​ដឹក​នាំ​ខ្លួន​ឯង​ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ? (​ខ​)​ តើ​ឧទាហរណ៍​អ្វី​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ការ​ដឹក​នាំ​របស់​ព្រះ​ក្នុង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ?

មូលហេតុ​ទី​១​ដែល​យើង​គួរ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង គឺ​ដោយ​សារ​យើង​មិន​មាន​សមត្ថភាព​ដឹក​នាំ​ខ្លួន​ឯង​ទេ។ ពាក្យ​«​ដឹក​នាំ​»​មាន​ន័យ​ថា​ណែនាំ​ឲ្យ​ស្គាល់​ផ្លូវ។ ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​យើង​មក​ឲ្យ​មាន​សមត្ថភាព​ដឹក​នាំ​ខ្លួន​ឯង​ឡើយ ជា​ពិសេស​យើង​មិន​មែន​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​ទៀត។ យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​សរសេរ​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​យល់​ឃើញ​ថា មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ​កិរិយាមារយាទ​របស់​ខ្លួន​បាន​ទេ ក្នុង​ដំណើរ​ជីវិត​គេ​ពុំ​អាច​តំ​រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ​»។ (​យរ. [​យេ.​] ១០:២៣, ខ.ស.​) ប៉ុន្តែ ហេតុ​អ្វី​យើង​មិន​អាច​ដឹក​នាំ​ខ្លួន​ឯង​បាន? ព្រះ​យេហូវ៉ា​បាន​ប្រាប់​យេរេមា​អំពី​មូលហេតុ​ដែល​យើង​មិន​អាច​ដឹក​នាំ​ខ្លួន​ឯង ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង។ តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន?​»។—យេ. ១៧:៩; ម៉ាថ. ១៥:១៩

សូម​ស្រមៃ​គិត​ថា មនុស្ស​ម្នាក់​ដែល​គ្មាន​បទ​ពិសោធន៍​ដើរ​ទៅ​ក្នុង​ព្រៃ​ជ្រៅ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​អ្នក​នាំ​ផ្លូវ​ឬ​មាន​ត្រី​វិស័យ​ឡើយ គាត់​ពិត​ជា​ល្ងង់​ណាស់ មែន​ទេ? ម្យ៉ាង​ទៀត បើ​គាត់​មិន​ស្គាល់​អំពី​របៀប​ដើរ​ព្រៃ​និង​មិន​អាច​រក​ផ្លូវ​ចេញ​បាន នោះ​គាត់​អាច​បាត់បង់​ជីវិត។ ដូច្នេះ មនុស្ស​ម្នាក់​ដែល​គិត​ថា​គាត់​អាច​ដឹក​នាំ​ផ្លូវ​ជីវិត​របស់​ខ្លួន​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​បង្ហាញ​ផ្លូវ​ត្រឹម​ត្រូវ មនុស្ស​នោះ​ក៏​អាច​បាត់បង់​ជីវិត​ដែរ។ វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ឆ្លង​កាត់​របៀប​របប​ពិភព​លោក​នេះ​ដោយ​ជោគជ័យ គឺ​យើង​ត្រូវ​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ ដោយ​ពោល​ថា​៖ ​«​ទូល​បង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូល​បង្គំ​មិន​បាន​រអិល​ឡើយ​»។ (​ទំនុក. ១៧:៥; ២៣:៣​) តើ​យើង​អាច​ទទួល​ការ​ណែនាំ​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

៩​. ដូច​បាន​បង្ហាញ​នៅ​ទំព័រ​២២ តើ​សកម្មពល​របស់​ព្រះ​អាច​ជួយ​ដឹក​នាំ​យើង​តាម​របៀប​ណា?

បើ​យើង​មាន​ចិត្ត​រាប​ទាប និង​សុខ​ចិត្ត​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា លោក​នឹង​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​យើង ដើម្បី​ផ្ដល់​ការ​ដឹក​នាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ តើ​សកម្មពល​នេះ​នឹង​ជួយ​យើង​តាម​វិធី​ណា? លោក​យេស៊ូ​បាន​ប្រាប់​ដល់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​ជួយ​ដែល​ជាស​កម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់​»។ (​យ៉ូន. ១៤:​២៦​) ពេល​យើង​អធិដ្ឋាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ ដែល​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​គ្រិស្ត​បាន​មាន​ប្រសាសន៍ នោះ​សកម្មពល​បរិសុទ្ធ​នឹង​ធ្វើ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ប្រាជ្ញា​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេហូវ៉ា ដើម្បី​យើង​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ (​១កូ. ២:១០​) បន្ថែម​ទៅ​ទៀត ពេល​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​ដែល​យើង​មិន​បាន​ដឹង​ទុក​ជា​មុន សកម្មពល​នោះ​នឹង​បង្ហាញ​ផ្លូវ​ដែល​យើង​គួរ​ជ្រើស​រើស ដោយ​ជួយ​យើង​ឲ្យ​នឹក​ចាំ​ពី​គោល​ការណ៍​ក្នុង​គម្ពីរ​ដែល​យើង​បាន​រៀន ហើយ​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​គោលការណ៍​ទាំង​នោះ​ដឹក​នាំ​យើង។

លោក​យេស៊ូ​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ

១០, ១១​. ស្តី​អំពី​សកម្មពល​បរិសុទ្ធ តើ​បុត្រ​តែ​មួយ​របស់​ព្រះ​ដឹង​អំពី​អ្វី? ហើយ​តើ​សកម្មពល​បរិសុទ្ធ​បាន​ជួយ​លោក​យ៉ាង​ដូច​ម្ដេច?

១០ មូលហេតុ​ទី​២​ដែល​យើង​គួរ​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង គឺ​ដោយ​សារ​ព្រះ​បាន​ដឹក​នាំ​បុត្រ​របស់​លោក​តាម​រយៈ​សកម្មពល​នេះ។ មុន​ពេល​ដែល​មក​ផែនដី បុត្រ​តែ​មួយ​របស់​ព្រះ​បាន​ស្គាល់​ទំនាយ​ដែល​ថា​៖ ​«​ព្រះ​វិញ្ញាណ​[​សកម្មពល​បរិសុទ្ធ​]​នៃ​ព្រះ​យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺជា​ព្រះ​វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ​វិញ្ញាណ​នៃ​គំនិត​វាង​វៃ នឹង​ឫទ្ធានុភាព ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​»។ (​អេ. ១១:២​) ការ​រស់​នៅ​លើ​ផែនដី​មិន​មែន​ជា​អ្វី​ដែល​ស្រួល​ទេ​សម្រាប់​លោក​យេស៊ូ ដូច្នេះ​លោក​ច្បាស់​ជា​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ជំនួយ​ពី​សកម្មពល​របស់​ព្រះ!

១១ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​បាន​កើត​ឡើង​មែន។ សៀវភៅ​ដំណឹង​ល្អ​បាន​កត់​សរសេរ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ភ្លាម​ៗ​ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​ចែង​ថា​៖ ​«​ឯ​លោក​យេស៊ូ​បាន​ពេញ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ក៏​ចាក​ចេញ​ពី​ទន្លេ​យ៉ូដាន់ ហើយ​សកម្មពល​របស់​ព្រះ​បាន​នាំ​លោក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​»។ (​លូក. ៤:១​) នៅ​ទី​នោះ ក្នុង​ពេល​ដែល​លោក​កំពុង​តម​អាហារ អធិដ្ឋាន និង​រំពឹង​គិត ព្រះ​យេហូវ៉ា​ទំនង​ជា​បាន​ណែនាំ និង​ពន្យល់​លោក​យេស៊ូ​អំពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ។ សកម្មពល​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​និង​គំនិត​របស់​លោក​យេស៊ូ ដោយ​ដឹក​នាំ​គំនិត​និង​ការ​សម្រេច​ចិត្ត​របស់​លោក។ ជា​លទ្ធផល លោក​យេស៊ូ​បាន​ដឹង​អំពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​ក្នុង​កាលៈទេសៈ​នីមួយ​ៗ ហើយ​លោក​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​យ៉ាង​ល្អ​ឥត​ខ្ចោះ។

១២​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​សុំ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង?

១២ ដោយ​ដឹង​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ជីវិត​របស់​លោក លោក​យេស៊ូ​បាន​ពន្យល់​ពួក​អ្នក​កាន់​តាម​លោក​អំពី​សារៈសំខាន់​នៃ​ការ​សុំ​សកម្មពល​បរិសុទ្ធ និង​ការ​ឲ្យ​សកម្មពល​នោះ​ដឹក​នាំ​ពួក​គេ។ (​សូម​អាន លូកា ១១:៩​-​១៣) ហេតុ​អ្វី​យើង​ចាំ​បាច់​ធ្វើ​ដូច្នេះ? ពីព្រោះ​វា​អាច​កែប្រែ​គំនិត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត។ (​រ៉ូម ១២:២; ១កូ. ២:១៦​) ដោយ​អនុញ្ញាត​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​ជីវិត​យើង នោះ​យើង​អាច​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត និង​ធ្វើ​តាម​គំរូ​របស់​លោក។—១ពេ. ២:២១

ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​នឹង​នាំ​យើង​ឲ្យ​វង្វេង

១៣​. តើ​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ជា​អ្វី? ហើយ​តើ​ការ​មាន​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា?

១៣ មូលហេតុ​ទី​៣​ដែល​យើង​ចង់​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង គឺ​បើ​គ្មាន​សកម្មពល​របស់​ព្រះ នោះ​ឥទ្ធិពល​ដែល​កំពុង​ដឹក​នាំ​ជីវិត​មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​អាច​នាំ​យើង​ឲ្យ​វង្វេង។ ពិភព​លោក​នេះ​មាន​ឥទ្ធិពល​ខ្លាំងក្លា​មួយ​ដែល​ជំរុញ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ។ ជា​ជាង​នាំ​ឲ្យ​មនុស្ស​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​និង​គំនិត​របស់​ពួក​គេ​ដូច​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​វិញ ពោល​គឺ​សាថាន។ (​សូម​អាន អេភេសូរ ២:១​-​៣; ទីតុស ៣:៣) ពេល​មនុស្ស​ម្នាក់​បណ្ដោយ​ខ្លួន​ទៅ​តាម​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ ហើយ​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង នោះ​នឹង​នាំ​ឲ្យ​គាត់​ទទួល​លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់ ពោល​គឺ​គាត់​មិន​អាច​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។—កាឡ. ៥:១៩​-​២១

១៤, ១៥​. តើ​យើង​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​ចាញ់​ឥទ្ធិពល​នៃ​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​ឥទ្ធិពល​ដែល​មក​ពី​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ។ សាវ័ក​ប៉ូល​បាន​ប្រាប់​យើង​ឲ្យ​«​បន្ត​ទទួល​កម្លាំង​ដោយ​លោក​ម្ចាស់​និង​ដោយ​ភាព​ខ្លាំងក្លា​នៃ​ឫទ្ធានុភាព​របស់​លោក . . . ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទប់​ទល់​នៅ​ថ្ងៃ​ទុច្ចរិត​»។ (​អេភ. ៦:១០, ១៣​) ដោយ​ប្រើស​កម្ម​ពល​របស់​លោក ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង​ដើម្បី​កុំ​ឲ្យ​ចុះ​ចាញ់​ការ​បំភាន់​របស់​សាថាន។ (​បប. ១២:៩​) ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ហើយ​យើង​មិន​អាច​ជៀស​វាង​ទាំង​ស្រុង​បាន​ទេ។ ក៏​ប៉ុន្តែ យើង​ក៏​មិន​ចាំ​បាច់​ឲ្យ​វា​មក​បង្ខូច​ចិត្ត​គំនិត​របស់​យើង​ដែរ ព្រោះ​សកម្មពល​បរិសុទ្ធ​គឺ​ខ្លាំង​ជាង​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ ហើយ​សកម្មពល​នោះ​នឹង​ជួយ​យើង​ជា​មិន​ខាន។

១៥ ស្តី​អំពី​ពួក​អ្នក​ដែល​បោះបង់​ចោល​គ្រិស្ត​សាសនា​នៅ​សតវត្សរ៍​ទី​១ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ពួក​គេ​បាន​បោះបង់​ចោល​ផ្លូវ​ត្រង់ ហើយ​បាន​ត្រូវ​បំភាន់​»។ (​២ពេ. ២:១៥​) យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ណាស់​ដែល​យើង​«​មិន​បាន​ទទួល​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ទេ តែ​បាន​ទទួល​សកម្មពល​ពី​ព្រះ​»​វិញ! (​១កូ. ២:១២​) ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ និង​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​ដើម្បី​ជួយ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​ត្រឹម​ត្រូវ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក នោះ​យើង​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​ចាញ់​ឥទ្ធិពល​នៃ​ចិត្ត​គំនិត​របស់​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​បាន។—កាឡ. ៥:១៦

សកម្មពល​បរិសុទ្ធ​បង្កើត​ផល​ផ្លែ​ល្អ

១៦​. តើ​សកម្មពល​បរិសុទ្ធ​អាច​បង្កើត​ផល​ផ្លែ​អ្វី​ក្នុង​ជីវិត​របស់​យើង?

១៦ មូលហេតុ​ទី​៤​ដែល​យើង​ចង់​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​យើង គឺ​ដោយ​សារ​សកម្មពល​នេះ​បង្កើត​ផល​ផ្លែ​ល្អ​ក្នុង​ជីវិត​របស់​ពួក​អ្នក​ដែល​ឲ្យ​សកម្មពល​នេះ​ដឹក​នាំ​ពួក​គេ។ (​សូម​អាន កាឡាទី ៥:​២២, ២៣) យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​ចង់​មាន​សេចក្ដី​ស្រឡាញ់ អំណរ និង​សេចក្ដី​សុខសាន្ត​ច្រើន​ថែម​ទៀត មែន​ទេ? យើង​ទាំង​អស់​គ្នា​ប្រាកដជា​ចង់​មាន​ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស និង​គុណធម៌​ជា​បរិបូរ មែន​ទេ? យើង​ទាំង​អស់​គ្នា​ពិត​ជា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​បណ្ដុះ​ឲ្យ​មាន​កាន់​តែ​ច្រើន​ថែម​ទៀត​នូវ​ជំនឿ ចិត្ត​ស្លូតបូត និង​ការ​ចេះ​ទប់​ចិត្ត មែន​ទេ? សកម្មពល​របស់​ព្រះ​បាន​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​នាំ​ឲ្យ​យើង បង​ប្អូន​ដែល​រួម​បម្រើ​ជា​មួយ​យើង និង​អ្នក​ដែល​យើង​រស់​នៅ​ជា​មួយ​ទទួល​ប្រយោជន៍។ ការ​បណ្ដុះ​ឲ្យ​មាន​ផល​ផ្លែ​នៃ​សកម្មពល​នេះ​មិន​ដែល​ចប់​ទេ ដោយ​សារ​យើង​តែង​តែ​ត្រូវ​បណ្ដុះ​ផល​ផ្លែ​នោះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ហើយ​យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដល់​កម្រិត​ច្រើន​ប៉ុណ្ណា​ក៏​បាន​ដែរ។

១៧​. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​ឲ្យ​បាន​ច្រើន​ជាង​មុន​យ៉ាង​ដូច​ម្ដេច?

១៧ ជា​ការ​ល្អ​ឲ្យ​យើង​ពិចារណា​អំពី​ខ្លួន​ដើម្បី​ប្រាកដ​ថា​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​បង្ហាញ​ភ័ស្តុតាង​ថា យើង​បាន​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​សកម្មពល​នោះ​កំពុង​បង្កើត​ផល​ផ្លែ​ក្នុង​ជីវិត​របស់​យើង។ (​២កូ. ១៣:៥; កាឡ. ៥:២៥​) បើ​យើង​យល់​ឃើញ​ថា​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ខ្លះ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល យើង​អាច​សហការ​ជា​មួយ​សកម្មពល​បរិសុទ្ធ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នោះ។ យើង​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​សិក្សា​អំពី​គុណ​សម្បត្ដិ​នីមួយ​ៗ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​ដែល​បាន​កត់​សរសេរ​ក្នុង​គម្ពីរ និង​ក្នុង​សៀវភៅ​នានា​របស់​អង្គការ​យើង។ យ៉ាង​នេះ យើង​អាច​យល់​អំពី​របៀប​ដែល​យើង​គួរ​បង្ហាញ​ផល​ផ្លែ​នោះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ រួច​មក យើង​ចង់​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នោះ​ឲ្យ​បាន​ច្រើន​ជាង​មុន។ * កាល​ដែល​យើង​ឃើញ​ពី​លទ្ធផល​ដែល​កើត​មក​ពី​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​យើង និង​ក្នុង​ជីវិត​បង​ប្អូន​រួម​ជំនឿ​របស់​យើង នោះ​យើង​យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ឲ្យ​សកម្មពល​នោះ​ដឹក​នាំ​យើង។

តើ​អ្នក​អនុញ្ញាត​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​អ្នក​ឬ​ទេ?

១៨​. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​លោក?

១៨ ក្នុង​នាម​ជា​«​មេ​ជាង​»​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​សកល​លោក លោក​យេស៊ូ​បាន​យល់​យ៉ាង​ច្បាស់​អំពី​ដែន​ម៉ាញេទិក​របស់​ផែនដី​ដែល​មនុស្ស​ប្រើ​ក្នុង​ការ​ធ្វើ​ដំណើរ។ (​សុភ. ៨:៣០; យ៉ូន. ១:​៣​) ក៏​ប៉ុន្តែ គ្មាន​ភ័ស្តុតាង​ណា​ក្នុង​គម្ពីរ​ដែល​ថា​លោក​យេស៊ូ​ប្រើ​ថាមពល​នោះ​ដើម្បី​នាំ​ផ្លូវ​លោក​ពេល​ដែល​លោក​នៅ​លើ​ផែនដី​ឡើយ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បាន​កត់​សរសេរ​ថា​ពេល​លោក​ជា​មនុស្ស សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ទៅ​លើ​ជីវិត​របស់​លោក។ លោក​យេស៊ូ​បាន​អនុញ្ញាត​ឲ្យ​សកម្មពល​នោះ​ដឹក​នាំ​លោក ហើយ​ពេល​ដែល​សកម្មពល​នោះ​ជំរុញ​លោក​ឲ្យ​ធ្វើ​អ្វី​មួយ លោក​សុខ​ចិត្ត​ទទួល​និង​ប្រព្រឹត្ត​សម​ស្រប​តាម​សកម្មពល​នោះ។ (​ម៉ាក. ១:១២, ១៣; លូក. ៤:១៤​) តើ​អ្នក​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​លោក​យេស៊ូ​ឬ​ទេ?

១៩​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ជីវិត​យើង?

១៩ សកម្មពល​របស់​ព្រះ​នៅ​តែ​មាន​អានុភាព​ទៅ​លើ​ចិត្ត​និង​គំនិត​របស់​ពួក​អ្នក​ដែល​អនុញ្ញាត​ឲ្យ​សកម្មពល​នោះ​ជំរុញ និង​ដឹក​នាំ​ពួក​គេ។ តើ​អ្នក​អាច​អនុញ្ញាត​ឲ្យ​សកម្មពល​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​យ៉ាង​ដូច​ម្ដេច​ដើម្បី​ដឹក​នាំ​អ្នក​ទៅ​តាម​ផ្លូវ​ដែល​ត្រឹម​ត្រូវ? សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​និច្ច​ឲ្យ​លោក​ចាត់​សកម្មពល​របស់​លោក​មក​លើ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ប្រព្រឹត្ត​សម​ស្រប​តាម​ការ​ដឹក​នាំ​របស់​សកម្មពល​នោះ។ (​សូម​អាន អេភេសូរ ៣:១៤​-​១៦) សូម​ប្រព្រឹត្ត​សម​ស្រប​តាម​អ្វី​ដែល​អ្នក​អធិដ្ឋាន​ដោយ​ស្វែងរក​ឱវាទ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ ដែល​បាន​ត្រូវ​សរសេរ​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​តាម​រយៈ​សកម្មពល​បរិសុទ្ធ។ (​២ធី. ៣:១៦, ១៧​) សូម​ស្ដាប់​តាម​ការ​ណែនាំ​របស់​គម្ពីរ ហើយ​រហ័ស​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​សកម្មពល​បរិសុទ្ធ។ សូម​បង្ហាញ​ជំនឿ​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ដឹក​នាំ​អ្នក​យ៉ាង​ត្រឹម​ត្រូវ​កាល​ដែល​អ្នក​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 17 ដើម្បី​រៀន​ថែម​ទៀត​អំពី​គុណ​សម្បត្ដិ​នីមួយ​ៗ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល សូម​មើល​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៧ ទំព័រ​១៤​-​១៨ និង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មេ​សា ឆ្នាំ​២០១១ ទំព័រ​១៩​-​២៨

តើ​អ្នក​យល់​ចំណុច​សំខាន់​ឬ​ទេ?

• តើ​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

• តើ​មូលហេតុ​បួន​យ៉ាង​ដែល​យើង​គួរ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង​ជា​អ្វី?

• តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​ដឹក​នាំ​របស់​សកម្មពល​បរិសុទ្ធ?

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២០​]

សកម្មពល​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​លោក​យេស៊ូ

[​រូបភាព​នៅ​ទំព័រ​២២​]

សកម្មពល​របស់​ព្រះ​ដឹក​នាំ​ចិត្ត​និង​គំនិត​របស់​យើង