ចូរទទួលសកម្មពលរបស់ព្រះជាជាងចិត្ដគំនិតរបស់ពិភពលោកនេះ
ចូរទទួលសកម្មពលរបស់ព្រះជាជាងចិត្តគំនិតរបស់ពិភពលោកនេះ
«យើងមិនបានទទួលចិត្តគំនិតរបស់ពិភពលោកនេះទេ តែបានទទួលសកម្មពលពីព្រះ ដើម្បីឲ្យយើងដឹងអ្វីដែលព្រះបានមេត្ដាផ្ដល់ឲ្យយើង»។—១កូ. ២:១២
១, ២. (ក) តើគ្រិស្តសាសនិកពិតកំពុងធ្វើសង្គ្រាមបែបណា? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
គ្រិស្តសាសនិកពិតកំពុងធ្វើសឹកសង្គ្រាម! សត្រូវរបស់យើងមានកម្លាំងខ្លាំងក្លា មានល្បិចកល និងពូកែខាងការប្រយុទ្ធគ្នា។ សត្រូវនោះមានអ្វីមួយដែលប្រៀបដូចជាគ្រឿងសព្វាវុធដ៏ខ្លាំងក្លាមួយ ដែលមានឥទ្ធិពលទៅលើមនុស្សភាគច្រើន។ ប៉ុន្តែយើងមិនគួរអស់សង្ឃឹមទេ ឬគិតថា យើងមិនអាចទប់ទល់នឹងសត្រូវនោះដោយជោគជ័យបានឡើយ។ (អេ. ៤១:១០) នេះគឺដោយសារយើងមានអ្វីមួយដែលអាចការពារយើងពីការវាយប្រហារសព្វបែបយ៉ាង។
២ សង្គ្រាមរបស់យើងមិនមែនជាសង្គ្រាមមែនទែនទេ តែជាសង្គ្រាមក្នុងន័យធៀប។ សត្រូវរបស់យើងគឺមេកំណាចសាថាន ហើយគ្រឿងសព្វាវុធមួយដែលវានិយមប្រើគឺ«ចិត្តគំនិតរបស់ពិភពលោកនេះ»។ (១កូ. ២:១២) អ្វីមួយដ៏សំខាន់ដែលអាចការពារយើងពីការវាយប្រហាររបស់វា គឺសកម្មពលរបស់ព្រះ។ ដើម្បីរួចជីវិតពីសង្គ្រាមនេះនិងរក្សាភាពជិតស្និទ្ធជាមួយនឹងព្រះ យើងត្រូវតែសុំសកម្មពលរបស់លោក ថែមទាំងបង្ហាញផលដែលបង្កើតដោយសកម្មពលនោះក្នុងជីវភាពប្រចាំថ្ងៃរបស់យើងផងដែរ។ (កាឡ. ៥:២២, ២៣) ក៏ប៉ុន្តែ តើចិត្តគំនិតរបស់ពិភពលោកនេះជាអ្វី? ហេតុអ្វីចិត្តគំនិតនេះមានឥទ្ធិពលខ្លាំងក្លាម្ល៉េះ? តើយើងអាចដឹងយ៉ាងដូចម្ដេចថាចិត្តគំនិតរបស់ពិភពលោកនេះកំពុងមានឥទ្ធិពលលើយើង? តើយើងអាចរៀនអ្វីពីលោកយេស៊ូស្តីអំពីការទទួលសកម្មពលរបស់ព្រះ និងពីការទប់ទល់នឹងចិត្តគំនិតរបស់ពិភពលោកនេះ?
ហេតុអ្វីចិត្តគំនិតរបស់ពិភពលោកនេះរាលដាលខ្លាំងម្ល៉េះ?
៣. តើចិត្តគំនិតរបស់ពិភពលោកនេះជាអ្វី?
៣ ចិត្តគំនិតរបស់ពិភពលោកនេះមកពីសាថាន ដែលជា«អ្នកគ្រប់គ្រងពិភពលោក»។ ចិត្តគំនិតនេះប្រឆាំងនឹងសកម្មពលបរិសុទ្ធរបស់ព្រះ។ (យ៉ូន. ១២:៣១; ១៤:៣០; ១យ៉ូន. ៥:១៩) ម្យ៉ាងទៀត ចិត្តគំនិតនេះជាទំនោរចិត្តដែលលេចធ្លោជាងគេក្នុងពិភពលោក ថែមទាំងជំរុញមនុស្សឲ្យធ្វើអំពើណាមួយ។ ចិត្តគំនិតនេះនាំឲ្យសង្គមមនុស្សប្រព្រឹត្តផ្ទុយពីគោលបំណងនិងបំណងប្រាថ្នារបស់ព្រះ។
៤, ៥. តើចិត្តគំនិតដែលសាថានលើកស្ទួយបានរាលដាលយ៉ាងខ្លាំងតាមរបៀបណា?
៤ តើចិត្តគំនិតដែលសាថានលើកស្ទួយបានរាលដាលយ៉ាងខ្លាំងតាមរបៀបណា? មុនដំបូង សាថានបានបញ្ឆោតនាងអេវ៉ាក្នុងសួនច្បារអេដែន។ វាបានធ្វើឲ្យនាងជឿជាក់ថានាងនឹងមានជីវិតប្រសើរជាងបើព្រះមិនគ្រប់គ្រងនាង។ (លោ. ៣:១៣) វាពិតជាអ្នកនិយាយកុហកមែន! (យ៉ូន. ៨:៤៤) ក្រោយមក តាមរយៈនាងអេវ៉ា វាក៏បានល្បួងអាដាមមិនឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ាដែរ។ ដោយសារអាដាម សម្រេចចិត្តធ្វើដូច្នេះ មនុស្សជាតិបានត្រូវលក់ជាខ្ញុំបម្រើនៃភាពខុសឆ្គង ហើយជាលទ្ធផល មនុស្សមានទំនោរចិត្តធ្វើតាមចិត្តគំនិតដែលមិនស្ដាប់បង្គាប់ព្រះ ដែលជាចិត្តគំនិតរបស់សាថាន។—សូមអាន អេភេសូរ ២:១-៣
៥ សាថានក៏មានឥទ្ធិពលទៅលើទេវតាមួយចំនួនធំដែរ ហើយពួកគេបានក្លាយទៅជាពួកវិញ្ញាណកំណាច។ (បប. ១២:៣, ៤) ពួកគេបានក្បត់ព្រះមុនមានទឹកជំនន់នៅសម័យណូអេ។ ទេវតាទាំងនោះបានជឿថា ពួកគេនឹងបានប្រយោជន៍ច្រើនជាងបើបោះបង់ចោលទីលំនៅដែលព្រះបានរៀបចំឲ្យពួកគេនៅស្ថានសួគ៌ ហើយចុះមកផែនដីដើម្បីធ្វើតាមសេចក្ដីប៉ងប្រាថ្នាដែលខុសពីធម្មជាតិវិញ។ (យូ. ៦) សព្វថ្ងៃ ពួកវិញ្ញាណកំណាចទាំងនោះរស់នៅក្នុងពិភពវិញ្ញាណ ហើយពួកគេកំពុងជួយសាថានក្នុងការ«បំភាន់ពិភពលោកទាំងមូល»។ (បប. ១២:៩) គួរឲ្យសោកស្ដាយណាស់ មនុស្សភាគច្រើននៅតែមិនដឹងអំពីកលល្បិចរបស់ពួកវិញ្ញាណកំណាចដែលធ្វើឲ្យពួកគេស្ថិតក្រោមឥទ្ធិពលរបស់ពួកវាទេ។—២កូ. ៤:៤
តើចិត្តគំនិតរបស់ពិភពលោកនេះ កំពុងមានឥទ្ធិពលលើអ្នកឬទេ?
៦. តើមានវិធីតែមួយគត់ណាដែលចិត្តគំនិតរបស់ពិភពលោកនេះអាចមានឥទ្ធិពលមកលើយើង?
៦ មនុស្សជាច្រើនមិនដឹងអំពីវិធីដែលសាថានប្រើដើម្បីបញ្ចេញឥទ្ធិពលទៅលើពួកគេទេ រីឯគ្រិស្តសាសនិកពិតវិញបានរៀនពីគម្ពីររួចទៅហើយអំពីវិធីដែលវាប្រើ។ (២កូ. ២:១១) តាមពិត ចិត្តគំនិតរបស់ពិភពលោកនេះមិនអាចមានឥទ្ធិពលមកលើយើងទេ លុះត្រាតែយើងឲ្យវាមានឥទ្ធិពលលើយើង។ សូមឲ្យយើងពិនិត្យមើលសំណួរបួនយ៉ាងដែលនឹងជួយយើងឲ្យដឹងថា យើងកំពុងស្ថិតក្រោមឥទ្ធិពលរបស់សកម្មពលព្រះឬចិត្តគំនិតរបស់ពិភពលោកនេះ។
៧. តើវិធីមួយដែលសាថានព្យាយាមពង្រាត់យើងចេញពីព្រះយេហូវ៉ាគឺជាអ្វី?
៧ តើជម្រើសរបស់ខ្ញុំក្នុងការកម្សាន្តបង្ហាញថាខ្ញុំស្រឡាញ់អ្វី? (សូមអាន យ៉ាកុប ៣:១៤-១៨) សាថានព្យាយាមពង្រាត់យើងចេញពីព្រះដោយល្បួងយើងឲ្យស្រឡាញ់អំពើឃោរឃៅ ពីព្រោះវាដឹងថាអ្នកណាដែលស្រឡាញ់អំពើឃោរឃៅ ព្រះយេហូវ៉ាស្អប់អ្នកនោះ។ (ទំនុក. ១១:៥) ដូច្នេះ ដើម្បីទាក់ទាញយើងឲ្យធ្វើតាមសេចក្ដីប៉ងប្រាថ្នាខុសឆ្គង សាថានប្រើសៀវភៅ ទស្សនាវដ្ដី ភាពយន្ត ចម្រៀង និងហ្គេមវីដេអូ ដែលក្នុងហ្គេមខ្លះ អ្នកដែលលេងអាចធ្វើដូចជាពួកគេប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងអំពើឃោរឃៅមែនទែន។ សាថានវាមិនខ្វល់ទេបើយើងនៅតែស្រឡាញ់អ្វីដែលត្រឹមត្រូវនោះ ព្រោះវាពេញចិត្តណាស់ទៅហើយឲ្យតែមួយចំណែកនៃចិត្តរបស់យើងស្រឡាញ់អ្វីដ៏អាក្រក់ដែលវាលើកស្ទួយ។—ទំនុក. ៩៧:១០
៨, ៩. ស្តីអំពីការកម្សាន្ត តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
៨ ផ្ទុយទៅវិញ សកម្មពលរបស់ព្រះជំរុញពួកអ្នកដែលទទួលសកម្មពលនោះឲ្យធ្វើជាមនុស្សបរិសុទ្ធ ធ្វើឲ្យមានសន្ដិភាព និងជាមនុស្សពោរពេញទៅដោយសេចក្ដីមេត្ដាករុណា។ ជាការល្អឲ្យយើងដណ្ដឹងសួរខ្លួនយើងថា‹តើជម្រើសរបស់ខ្ញុំក្នុងការកម្សាន្តជួយឲ្យខ្ញុំមានគុណសម្បត្ដិដ៏ថ្លៃថ្លាឬទេ?›។ ម្យ៉ាងទៀត ប្រាជ្ញាពីស្ថានលើ«គ្មានពុតត្បុត»ឡើយ។ ដូច្នេះ ពួកអ្នកដែលទទួលឥទ្ធិពលពីសកម្មពលរបស់ព្រះមិនផ្សព្វផ្សាយអំពីភាពបរិសុទ្ធនិងសន្ដិភាព ហើយក្រោយមកសប្បាយទស្សនាអ្វីដែលសហាវឃោរឃៅក្រៃលែងនិងអំពើប្រាសចាកសីលធម៌នៅផ្ទះរបស់ពួកគេទេ។
៩ ព្រះយេហូវ៉ាតម្រូវឲ្យយើងមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ រីឯសាថានវិញ បើយើងគោរពប្រណិប័តន៍វាតែមួយដង នោះគ្រប់គ្រាន់ហើយ ដូចវាចង់ឲ្យលោកយេស៊ូធ្វើដែរ។ (លូក. ៤:៧, ៨) យើងអាចដណ្ដឹងសួរខ្លួនថា‹តើជម្រើសរបស់ខ្ញុំក្នុងការកម្សាន្តធ្វើឲ្យខ្ញុំបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះឬទេ? តើជម្រើសរបស់ខ្ញុំធ្វើឲ្យខ្ញុំពិបាកជាងឬស្រួលជាងក្នុងការទប់ទល់នឹងចិត្តគំនិតរបស់ពិភពលោកនេះ? ស្តីអំពីការកម្សាន្តរបស់ខ្ញុំនៅពេលក្រោយៗមក តើខ្ញុំគួរកែប្រែជម្រើសរបស់ខ្ញុំឬទេ?›។
១០, ១១. (ក) ស្តីអំពីទ្រព្យសម្បត្ដិ តើចិត្តគំនិតរបស់ពិភពលោកនេះលើកស្ទួយអ្វី? (ខ) តើបណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំនៃសកម្មពលរបស់លោក លើកទឹកចិត្តយើងឲ្យមានចិត្តគំនិតបែបណា?
១០ តើខ្ញុំមានទស្សនៈយ៉ាងណាចំពោះទ្រព្យសម្បត្ដិ? (សូមអាន លូកា ១៨:២៤-៣០) ចិត្តគំនិតរបស់ពិភពលោកនេះលើកស្ទួយ«អ្វីដែលទាក់ទាញភ្នែក»ដោយបំផុសទឹកចិត្តយើងឲ្យលោភលន់និងចង់បានទ្រព្យសម្បត្ដិ។ (១យ៉ូន. ២:១៦) ចិត្តគំនិតនេះបាននាំឲ្យមនុស្សជាច្រើនតាំងចិត្តធ្វើជាអ្នកមាន។ (១ធី. ៦:៩, ១០) ម្យ៉ាងទៀត ចិត្តគំនិតនោះធ្វើឲ្យយើងជឿថាការប្រមូលទ្រព្យសម្បត្ដិឲ្យបានច្រើននឹងនាំឲ្យយើងមានសេចក្ដីសុខសាន្តដ៏យូរអង្វែង។ (សុភ. ១៨:១១) ក៏ប៉ុន្តែ បើយើងស្រឡាញ់លុយច្រើនជាងស្រឡាញ់ព្រះ នោះសាថានបានឈ្នះយើងហើយ។ ហេតុនេះ យើងគួរសួរខ្លួនយើងថា‹ក្នុងជីវិតរបស់ខ្ញុំ តើខ្ញុំបានផ្ដោតការចាប់អារម្មណ៍ទាំងស្រុងទៅលើការស្វែងរកទ្រព្យសម្បត្ដិនិងការកម្សាន្តឬទេ?›។
១១ ផ្ទុយទៅវិញ បណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក លើកទឹកចិត្តយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះលុយ ១ធី. ៥:៨) សកម្មពលរបស់ព្រះជួយពួកអ្នកដែលទទួលសកម្មពលនោះឲ្យយកតម្រាប់តាមបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ដែលរួមមានចិត្តទូលាយ។ មនុស្សបែបនោះមានកេរ្ដិ៍ឈ្មោះជាមនុស្សដែលឲ្យ ជាជាងជាមនុស្សដែលចាំតែយក។ ពួកគេឲ្យតម្លៃច្រើនជាងទៅលើមនុស្សជាជាងទៅលើរបស់របរ ហើយពេញចិត្តនឹងចែករំលែករបស់ដែលពួកគេមាន បើអាចធ្វើទៅបាន។ (សុភ. ៣:២៧, ២៨) មួយវិញទៀត ពួកគេមិនឲ្យការស្វែងរកលុយសំខាន់ជាងការបម្រើព្រះនោះឡើយ។
និងឲ្យខំប្រឹងធ្វើការដើម្បីផ្គត់ផ្គង់នូវអ្វីៗដែលចាំបាច់សម្រាប់ខ្លួនយើងនិងក្រុមគ្រួសាររបស់យើង។ (១២, ១៣. ផ្ទុយពីចិត្តគំនិតរបស់ពិភពលោកនេះ តើសកម្មពលរបស់ព្រះមានឥទ្ធិពលល្អទៅលើយើងយ៉ាងដូចម្ដេច?
១២ តើការប្រព្រឹត្តនិងចិត្តគំនិតរបស់ខ្ញុំបង្ហាញថាខ្ញុំកំពុងទទួលឥទ្ធិពលពីសកម្មពលរបស់ព្រះ ឬពីចិត្តគំនិតរបស់ពិភពលោកនេះវិញ? (សូមអាន កូឡុស ៣:៨-១០, ១៣) ចិត្តគំនិតរបស់ពិភពលោកនេះជំរុញមនុស្សឲ្យប្រព្រឹត្តអ្វីៗដែលផុសចេញពីភាពខុសឆ្គង។ (កាឡ. ៥:១៩-២១) ពេលគ្មានការពិបាក យើងមិនអាចដឹងថាយើងកំពុងទទួលឥទ្ធិពលពីចិត្តគំនិតរបស់ពិភពលោកនេះឬពីសកម្មពលរបស់ព្រះឡើយ តែយើងនឹងដឹងជាមិនខានពេលមានការពិបាកកើតឡើង ដូចជាពេលបងប្អូនរួមជំនឿម្នាក់មិនអើពើនឹងយើង ឬធ្វើឲ្យយើងទើសចិត្ត ឬក៏ធ្វើខុសនឹងយើង។ បន្ថែមទៅទៀត យើងអាចដឹងច្បាស់ថាយើងទទួលឥទ្ធិពលពីចិត្តគំនិតរបស់ពិភពលោកនេះឬពីសកម្មពលរបស់ព្រះ ពេលនៅក្នុងផ្ទះរបស់យើង។ ជាការល្អឲ្យយើងត្រិះរិះពិចារណាអំពីខ្លួនយើងដោយសួរថា‹៦ខែកន្លងទៅនេះ តើបុគ្គលិកលក្ខណៈរបស់ខ្ញុំកាន់តែដូចគ្រិស្ត ឬក៏បែរជាមានទម្លាប់និយាយនិងប្រព្រឹត្តអាក្រក់ទៅវិញ?›។
១៣ សកម្មពលរបស់ព្រះអាចជួយយើងឲ្យ«ដោះចេញនូវបុគ្គលិកលក្ខណៈចាស់និងការប្រព្រឹត្តរបស់វា» ហើយបំពាក់ខ្លួនដោយ«បុគ្គលិកលក្ខណៈថ្មី»។ នេះនឹងជួយយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសប្បុរសកាន់តែច្រើនឡើង។ យើងនឹងអភ័យទោសគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ សូម្បីតែមើលទៅយើងមានហេតុត្រឹមត្រូវដើម្បីត្អូញត្អែរអំពីអ្នកឯទៀតក៏ដោយ។ បើយើងគិតថាមានអំពើអយុត្ដិធម៌ណាមួយកើតឡើង នោះយើងនឹងលែងមានប្រតិកម្មដូចមុន ដូចជា«គំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ»។ ប៉ុន្តែ យើងនឹងព្យាយាមបង្ហាញ«សេចក្ដីអាណិតមេត្ដា»វិញ។—អេភ. ៤:៣១, ៣២
១៤. តើមនុស្សជាច្រើនក្នុងពិភពលោកនេះមានទស្សនៈយ៉ាងណាចំពោះបណ្ដាំរបស់ព្រះ?
១៤ តើខ្ញុំគោរពនិងស្រឡាញ់ខ្នាតតម្រាសីលធម៌ក្នុងគម្ពីរឬទេ? (សូមអាន សុភាសិត ៣:៥, ៦) ចិត្តគំនិតរបស់ពិភពលោកនេះប្រឆាំងនឹងបណ្ដាំរបស់ព្រះ។ ពួកអ្នកដែលទទួលឥទ្ធិពលពីចិត្តគំនិតនេះ មិនអើពើទេនឹងអ្វីក្នុងគម្ពីរ ដោយសារផ្នែកខ្លះពួកគេចាត់ទុកថាពិបាកយល់ពេក ហើយបែរជាពេញចិត្តនឹងទំនៀមទម្លាប់និងទស្សនវិជ្ជារបស់មនុស្សវិញ។ (២ធី. ៤:៣, ៤) អ្នកខ្លះមិនខ្ចីអើពើនឹងបណ្ដាំរបស់ព្រះតែម្ដង។ មនុស្សបែបនេះមិនជឿថាគម្ពីរមានប្រយោជន៍នៅសព្វថ្ងៃនេះទេ ហើយក៏មិនជឿថាគម្ពីរជាបណ្ដាំរបស់ព្រះដែរ តែពួកគេទុកចិត្តលើប្រាជ្ញារបស់ខ្លួនវិញ។ ពួកគេបន្ថែមបន្ថយខ្នាតតម្រាដ៏បរិសុទ្ធក្នុងគម្ពីរស្តីអំពីការផិតក្បត់ ការរួមដំណេកជាមួយមនុស្សភេទដូចគ្នា និងការលែងលះគ្នា។ ពួកគេបង្រៀន«សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ»។ (អេ. ៥:២០) តើចិត្តគំនិតនេះមានឥទ្ធិពលមកលើយើងឬទេ? ពេលយើងមានបញ្ហា តើយើងពឹងផ្អែកទៅលើមតិរបស់យើងនិងប្រាជ្ញារបស់មនុស្សឬ? ឬក៏តើយើងខំប្រឹងធ្វើតាមឱវាទដែលមានក្នុងគម្ពីរវិញ?
១៥. ជាជាងពឹងផ្អែកលើប្រាជ្ញារបស់ខ្លួន តើយើងគួរធ្វើអ្វី?
ទំនុក. ១១៩:១០៥) ជាជាងពឹងផ្អែកលើប្រាជ្ញារបស់ខ្លួន យើងទុកចិត្តទាំងស្រុងទៅលើគម្ពីរក្នុងការជួយយើងឲ្យដឹងខុសត្រូវ។ យើងមិនគ្រាន់តែរៀនឲ្យចេះគោរពគម្ពីរប៉ុណ្ណោះទេ តែក៏រៀនឲ្យចេះស្រឡាញ់ច្បាប់របស់ព្រះដែរ។—ទំនុក. ១១៩:៩៧
១៥ សកម្មពលរបស់ព្រះបណ្ដាលចិត្តយើងឲ្យគោរពគម្ពីរ។ ដូចអ្នកតែងទំនុកតម្កើង យើងចាត់ទុកបណ្ដាំរបស់ព្រះជាចង្កៀងដែលបំភ្លឺជើងយើង ហើយជាពន្លឺបំភ្លឺផ្លូវរបស់យើងផងដែរ។ (រៀនពីគំរូរបស់លោកយេស៊ូ
១៦. តើការមាន«ចិត្តគំនិតរបស់គ្រិស្ត»រួមបញ្ចូលអ្វីខ្លះ?
១៦ ដើម្បីទទួលសកម្មពលរបស់ព្រះ យើងត្រូវបណ្ដុះឲ្យមាន«ចិត្តគំនិតរបស់គ្រិស្ត»។ (១កូ. ២:១៦) ការមាន«ចិត្តគំនិតដូចគ្រិស្តយេស៊ូ» តម្រូវឲ្យយើងស្គាល់របៀបដែលលោកគិតនិងប្រព្រឹត្ត ហើយក្រោយមកធ្វើតាមលោក។ (រ៉ូម ១៥:៥; ១ពេ. ២:២១) សូមពិចារណាវិធីខ្លះដែលយើងអាចធ្វើដូច្នេះ។
១៧, ១៨. (ក) តើយើងរៀនអ្វីពីលោកយេស៊ូស្តីអំពីការអធិដ្ឋាន? (ខ) ហេតុអ្វីគប្បីឲ្យយើងអធិដ្ឋាន«សុំឥតឈប់»?
១៧ អធិដ្ឋានសុំសកម្មពលរបស់ព្រះ។ មុនលោកយេស៊ូប្រឈមមុខនឹងសេចក្ដីល្បួង លោកបានអធិដ្ឋានសុំសកម្មពលរបស់ព្រះឲ្យជួយលោក។ (លូក. ២២:៤០, ៤១) យើងក៏ត្រូវសុំសកម្មពលបរិសុទ្ធពីព្រះដែរ។ ព្រះយេហូវ៉ាឲ្យសកម្មពលរបស់លោកដោយឥតសំចៃនិងដោយចិត្តទូលាយចំពោះអស់អ្នកដែលសុំលោកដោយមានជំនឿ។ (លូក. ១១:១៣) លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ ពីព្រោះអស់អ្នកដែលសុំនឹងទទួល ហើយអស់អ្នកដែលរក នឹងរកឃើញ ហើយចំពោះអស់អ្នកដែលគោះ ទ្វារនឹងត្រូវបើកឲ្យ»។—ម៉ាថ. ៧:៧, ៨
១៨ ពេលយើងអធិដ្ឋានសុំសកម្មពលរបស់ព្រះយេហូវ៉ានិងជំនួយពីសកម្មពលនោះ កុំរហ័សឈប់សុំពេក។ យើងប្រហែលជាត្រូវតែអធិដ្ឋានញឹកញាប់ជាងមុន និងយូរជាងមុន។ ជួនកាល មុនព្រះយេហូវ៉ាធ្វើតាមសំណូមពររបស់អ្នកដែលសុំ លោកទុកឲ្យពួកគេបង្ហាញថាកង្វល់របស់ពួកគេខ្លាំងប៉ុណ្ណា ហើយថាជំនឿរបស់ពួកគេមានពិតឬយ៉ាងណា។ *
១៩. តើលោកយេស៊ូតែងតែធ្វើអ្វី? ហេតុអ្វីយើងគួរធ្វើតាមលោក?
១៩ ស្ដាប់បង្គាប់ព្រះយេហូវ៉ាទាំងស្រុង។ លោកយេស៊ូតែងតែធ្វើអ្វីដែលបិតារបស់លោកពេញចិត្ត។ យ៉ាងហោចណាស់មានពេលមួយដែលលោកយេស៊ូចង់ប្រព្រឹត្តតាមវិធីមួយដែលផ្សេងពីអ្វីដែលបិតារបស់លោកចង់ឲ្យលោកធ្វើ។ ប៉ុន្តែ ដោយមានទំនុកចិត្ត លោកបានមានប្រសាសន៍ទៅបិតាលោកថា៖ «សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។ (លូក. ២២:៤២) សូមសួរខ្លួនអ្នកថា‹ទោះជាពិបាកធ្វើតាមក៏ដោយ តើខ្ញុំស្ដាប់បង្គាប់ព្រះឬទេ?›។ ការស្ដាប់បង្គាប់ព្រះគឺសំខាន់ចាំបាច់ដើម្បីមានជីវិត។ ព្រះយេហូវ៉ាសមទទួលការស្ដាប់បង្គាប់ទាំងស្រុងពីយើងដោយសារលោកជាអ្នកបង្កើតយើង ជាប្រភពនៃជីវិត និងជាអ្នកដែលទ្រទ្រង់ជីវិតយើង។ (ទំនុក. ៩៥:៦, ៧) គ្មានអ្វីដែលអាចយកមកជំនួសការស្ដាប់បង្គាប់បានទេ។ បើយើងមិនស្ដាប់បង្គាប់ព្រះ យើងមិនអាចធ្វើឲ្យលោកពេញចិត្តបានឡើយ។
២០. តើជីវិតរបស់លោកយេស៊ូជាប់ពាក់ព័ន្ធនឹងអ្វី? ហើយតើយើងអាចយកតម្រាប់តាមលោកយ៉ាងដូចម្ដេច?
២០ ស្គាល់គម្ពីរឲ្យបានច្បាស់។ ពេលសាថានល្បងលជំនឿរបស់លោកយេស៊ូ លោកបានទប់ទល់នឹងវាដោយដកស្រង់បទគម្ពីរផ្សេងៗ។ (លូក. ៤:១-១៣) ពេលនិយាយតទល់នឹងអ្នកដឹកនាំសាសនាដែលប្រឆាំងលោក លោកយេស៊ូបានប្រើបណ្ដាំរបស់ព្រះធ្វើជាមូលដ្ឋាន។ (ម៉ាថ. ១៥:៣-៦) ជីវិតទាំងមូលរបស់លោកយេស៊ូជាប់ពាក់ព័ន្ធនឹងការស្គាល់និងការធ្វើតាមច្បាប់របស់ព្រះ។ (ម៉ាថ. ៥:១៧) យើងក៏ចង់បន្តឲ្យបណ្ដាំរបស់ព្រះដែលជួយពង្រឹងជំនឿ ជ្រាបចូលក្នុងគំនិតរបស់យើងដែរ។ (ភី. ៤:៨, ៩) បងប្អូនខ្លះប្រហែលពិបាករកពេលដើម្បីសិក្សាផ្ទាល់ខ្លួននិងសិក្សាជាក្រុមគ្រួសារ។ ប៉ុន្តែ ជាជាងរកពេល យើងប្រហែលជាត្រូវលៃទុកពេលវិញ។—អេភ. ៥:១៥-១៧
២១. តើមានការរៀបចំណាដែលអាចជួយយើងឲ្យយល់បណ្ដាំរបស់ព្រះកាន់តែច្បាស់ ព្រមទាំងអនុវត្តតាមនោះ?
២១ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»បានជួយយើងឲ្យម៉ាថ. ២៤:៤៥) តើអ្នកកំពុងធ្វើតាមការរៀបចំនេះឬទេ? ដើម្បីជួយអ្នកឲ្យមានចិត្តគំនិតដូចគ្រិស្ត តើអ្នកពិចារណាសេចក្ដីបង្រៀនរបស់លោកយេស៊ូស្តីអំពីប្រធានណាមួយដែលអ្នកចង់ដឹងក្នុងការសិក្សារបស់អ្នកឬទេ? អ្នកអាចប្រើលិបិក្រមនៃប្រធានអត្ថបទក្នុងទស្សនាវដ្ដីប៉មយាមដែលមានរាល់ចុងឆ្នាំ ដើម្បីរកអត្ថបទដែលទាក់ទងនឹងប្រធានដែលអ្នកកំពុងស្រាវជ្រាវ។ ជាឧទាហរណ៍ទស្សនាវដ្ដីប៉មយាមលេខពិសេស ថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ មានអត្ថបទជាច្រើនអំពីលោកយេស៊ូនិងសេចក្ដីបង្រៀនរបស់លោក។ អ្នកអាចប្រើអត្ថបទទាំងនេះក្នុងការសិក្សារបស់អ្នក។ ម្យ៉ាងទៀត ក្នុងទស្សនាវដ្ដីប៉មយាមក៏មានអត្ថបទផ្សេងៗទៀតដែលអ្នកអាចប្រើដើម្បីបង្កើនចំណេះរបស់អ្នក ដូចជា«សំណួរពីអ្នកអាន» «តើអ្នកដឹងឬទេ?» «ការស្រាវជ្រាវខាងគម្ពីរសម្រាប់ប្អូនៗ» និង«សូមរៀនពីបណ្ដាំរបស់ព្រះ»។ ដូច្នេះ ជាការល្អឲ្យអ្នកយកអត្ថបទបែបនេះម្ដងម្កាលមកពិចារណាក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នក។
មានពេលសម្រាប់សិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ ដោយរៀបចំឲ្យមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅល្ងាចមួយរាល់សប្ដាហ៍។ (យើងអាចឈ្នះពិភពលោកនេះបាន
២២, ២៣. តើយើងត្រូវធ្វើអ្វីដើម្បីឈ្នះពិភពលោកនេះ?
២២ យើងត្រូវទប់ទល់នឹងចិត្តគំនិតរបស់ពិភពលោកនេះ ដើម្បីឲ្យសកម្មពលរបស់ព្រះដឹកនាំយើង។ នេះតម្រូវឲ្យយើងតស៊ូយ៉ាងខ្លាំង ព្រោះការទប់ទល់នេះមិនងាយស្រួលធ្វើទេ។ (យូ. ៣) ប៉ុន្តែយើងអាចទទួលជោគជ័យបាន! លោកយេស៊ូបានមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ក្នុងពិភពលោក អ្នករាល់គ្នាមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។—យ៉ូន. ១៦:៣៣
២៣ បើយើងចេះទប់ទល់នឹងចិត្តគំនិតរបស់ពិភពលោកនេះ ហើយខំប្រឹងអស់ពីសមត្ថភាពដើម្បីទទួលសកម្មពលរបស់ព្រះ នោះយើងក៏អាចឈ្នះពិភពលោកនេះដែរ។ តាមពិត«ប្រសិនបើព្រះគាំទ្រយើង តើអ្នកណានឹងប្រឆាំងយើងបាន?»។ (រ៉ូម ៨:៣១) ដោយទទួលសកម្មពលរបស់ព្រះ និងធ្វើតាមការណែនាំដែលមានក្នុងគម្ពីរ នោះយើងនឹងស្កប់ចិត្ត មានសេចក្ដីសុខសាន្ត សុភមង្គល និងអាចទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីដែលជិតមកដល់។
[កំណត់សម្គាល់]
^ វគ្គ 18 ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅ តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ១៩៦-២០០។
តើអ្នកចាំឬទេ?
• ហេតុអ្វីចិត្តគំនិតរបស់ពិភពលោកនេះរាលដាលខ្លាំងម្ល៉េះ?
• តើយើងគួរសួរខ្លួនយើងនូវសំណួរបួនណា?
• តើចំណុចបីយ៉ាងដែលយើងរៀនពីលោកយេស៊ូស្តីអំពីការទទួលសកម្មពលរបស់ព្រះគឺជាអ្វី?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១០]
តើទេវតាខ្លះបានក្លាយទៅជាពួកវិញ្ញាណកំណាចយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១២]
សាថានប្រើចិត្តគំនិតរបស់ពិភពលោកនេះ ដើម្បីកាន់កាប់លើមនុស្ស តែយើងអាចផ្ដាច់ខ្លួនចេញពីឥទ្ធិពលដែលមកពីចិត្តគំនិតនេះបាន