លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរចាំយាមជានិច្ចដូចយេរេមា

ចូរចាំយាមជានិច្ចដូចយេរេមា

ចូរ​ចាំ​យាម​ជា​និច្ច​ដូច​យេរេមា

​«​អញ[​ព្រះ​យេហូវ៉ា​]​ព្យាយាម[​ឬ​​«​ចាំ​យាម​ជា​និច្ច​»​​]​នឹង​ធ្វើ​សំ​រេច​តាម​ពាក្យ​របស់​អញ​»។—យេ. ១:១២; ព.ថ.

១, ២​. ហេតុ​អ្វី​ការ​​«​ចាំ​យាម​ជា​និច្ច​»​របស់​ព្រះ​យេហូវ៉ា​ទាក់​ទង​នឹង​ដើម​ចំបក់?

ក្នុង​អំឡុង​ខែ​មករា​និង​ខែ​កុម្ភៈ នៅ​ជួរ​ភ្នំ​ល្បាណូន​និង​ប្រទេស​អ៊ីស្រាអែល គឺជា​រដូវ​រងា។ ដើម​ឈើ​ទាំង​ឡាយ​មិន​ទាន់​ចេញ​ផ្កា​ទេ លើក​លែង​តែ​ដើម​ចំបក់​ម្យ៉ាង​ដែល​មាន​នៅ​តំបន់​នោះ។ ដើម​នេះ​មាន​ផ្កា​ពណ៌​ស​និង​ពណ៌​ផ្កា​ឈូក​ដ៏​ស្រស់​ស្អាត។ មុន​រដូវ​ក្ដៅ​មក​ដល់ ដើម​នេះ​គឺជា​ដើម​ដែល​ចេញ​ផ្កា​មុន​ដើម​ឯ​ទៀត​ទាំង​អស់។ ម្ល៉ោះ​ហើយ ក្នុង​ភាសា​ហេប្រឺ ឈ្មោះ​ផ្កា​នោះ​មាន​ន័យ​ត្រង់​ថា​​«​អ្នក​ដែល​ភ្ញាក់​ពី​ដំណេក​»។

ពេល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​យេរេមា​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ លោក​បាន​ប្រើ​លក្ខណៈ​នៃ​ដើម​ចំបក់​នេះ​ដើម្បី​ប្រៀប​ធៀប​ទៅ​នឹង​រឿង​ដ៏​សំខាន់​មួយ។ ក្នុង​ពេល​ដែល​យេរេមា​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​អំពី​ពន្លក​នៃ​ដើម​នេះ។ តើ​នេះ​មាន​ន័យ​អ្វី? ព្រះ​យេហូវ៉ា​បាន​ពន្យល់​គាត់​ថា​៖ ​«​អញ​ព្យាយាម​[​ឬ​​«​ចាំ​យាម​ជា​និច្ច​»​​]​នឹង​ធ្វើ​សំ​រេច​តាម​ពាក្យ​របស់​អញ​»។ (​យេ. ១:១១, ១២; ព.ថ.​) ដូច​ដើម​ចំបក់​នេះ​​«​ភ្ញាក់​»​ឬ​ចេញ​ផ្កា​មុន​គេ នោះ​ក្នុង​ន័យ​ធៀប ព្រះ​យេហូវ៉ា​បាន​ភ្ញាក់​ពី​​«​ព្រលឹម​ស្រាង​»​ ដើម្បី​ចាត់​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ព្រមាន​រាស្ត្រ​របស់​លោក​ពី​លទ្ធផល​ដែល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់​លោក។ (​យេ. ៧:២៥​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​នឹង​មិន​សម្រាក​ឡើយ លោក​នឹង​នៅ​តែ​​«​ចាំ​យាម​ជា​និច្ច​»​រហូត​ដល់​ពាក្យ​ដែល​លោក​ទាយ​បាន​សម្រេច។ ដូច្នេះ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ដែល​ជា​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា នោះ​លោក​បាន​វិនិច្ឆ័យ​ទោស​ប្រជាជាតិ​យូដា​ដែល​ក្បត់​ជំនឿ។

៣​. តើ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ធ្វើ​អ្វី?

ដូច​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នៅ​តែ​ចាំ​យាម​ដោយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ លោក​ប្រាកដជា​មិន​ធ្វេស​ប្រហែស​ក្នុង​ការ​បំពេញ​តាម​ពាក្យ​សម្ដី​របស់​លោក​នោះ​ទេ។ តើ​ការ​ប្រុង​ប្រៀប​ជា​និច្ច​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក? តើ​អ្នក​ជឿ​ថា​ក្នុង​ឆ្នាំ​២០១១​នេះ ព្រះ​យេហូវ៉ា​នៅ​តែ​​«​ចាំ​យាម​»​ដើម្បី​បំពេញ​តាម​សេចក្ដី​សន្យា​របស់​លោក​ឬ​ទេ? ប្រសិនបើ​យើង​មាន​ការ​សង្ស័យ​ណា​មួយ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន ពី​អ្វី​ៗ​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​យើង​លែង​ចាំ​យាម​ក្នុង​ការ​បម្រើ​ព្រះ។ (​រ៉ូម ១៣:១១​) ក្នុង​នាម​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា នោះ​យេរេមា​បាន​ចាំ​យាម​ជា​និច្ច។ បើ​យើង​ពិចារណា​អំពី​របៀប​និង​មូលហេតុ​ដែល​យេរេមា​ចាំ​យាម​ជា​និច្ច​ចំពោះ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់ នោះ​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​អាច​ព្យាយាម​ធ្វើ​កិច្ចការ​ដែល​លោក​ប្រគល់​ឲ្យ​យើង​ដែរ។

ដំណឹង​ដែល​ត្រូវ​ផ្សាយ​ជា​បន្ទាន់

៤​. តើ​យេរេមា​បាន​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ខ្លះ​ក្នុង​ការ​ប្រកាស​អំពី​ដំណឹង​របស់​គាត់? ហើយ​ហេតុ​អ្វី​នេះ​ជា​ដំណឹង​ដែល​បន្ទាន់​មែន?

យេរេមា​ប្រហែលជា​មាន​អាយុ​ជិត​២៥​ឆ្នាំ ពេល​ដែល​គាត់​ទទួល​ភារកិច្ច​ពី​ព្រះ​យេហូវ៉ា​ជា​អ្នក​ចាំ​យាម។ (​យេ. ១:១, ២​) ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា​គាត់​ដូច​កូន​ក្មេង ហើយ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ទេ​ដើម្បី​និយាយ​ទៅ​កាន់​អ្នក​ចាស់​ទុំ​នៃ​ប្រជាជាតិ ដែល​ពួក​គេ​មាន​វ័យ​ចាស់ ថែម​ទាំង​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ទៀត​ផង។ (​យេ. ១:៦​) គាត់​ត្រូវ​ប្រកាស​ការ​ចោទ​ប្រកាន់​យ៉ាង​ខ្លាំង​និង​ការ​វិនិច្ឆ័យ​ទោស​ដ៏​គួរ​ឲ្យ​ខ្លាច​ដល់​បណ្ដា​ជន ជា​ពិសេស​ដល់​ពួក​សង្ឃ ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត និង​ពួក​អ្នក​គ្រប់​គ្រង ថែម​ទាំង​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម​​«​អំពើ​ចិត្ត​»​ និង​ពួក​អ្នក​ដែល​‹ចេះ​តែ​សាវ៉ា›​ទៀត​ផង។ (​យេ. ៦:១៣; ៨:៥, ៦, ខ.ស.​) វិហារ​ដ៏​អស្ចារ្យ​របស់​ស្តេច​សាឡូម៉ូន​ដែល​ធ្លាប់​ជា​មជ្ឈមណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​ជិត​បួន​សតវត្សរ៍​មក​ហើយ នឹង​ត្រូវ​កម្ទេច​ចោល។ ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​បណ្ដា​ជន​នឹង​ត្រូវ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ យ៉ាង​ច្បាស់​ណាស់ ដំណឹង​ដែល​យេរេមា​ត្រូវ​ប្រកាស​គឺ​បន្ទាន់​មែន!

៥, ៦​. (​ក​) ស្តី​អំពី​ក្រុម​គ្រិស្ត​សាសនិក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង តើ​លោក​កំពុង​ប្រើ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

សព្វ​ថ្ងៃ ដោយ​សេចក្ដី​ស្រឡាញ់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ក្រុម​គ្រិស្ត​សាសនិក​ដែល​លោក​បាន​រើស​តាំង ដែល​ក្នុង​ន័យ​ធៀប​ពួក​គាត់​ធ្វើ​ជា​អ្នក​ចាំ​យាម​ដើម្បី​ព្រមាន​មនុស្ស​អំពី​ការ​កាត់​ទោស​របស់​ព្រះ​ទៅ​លើ​ពិភព​លោក​នេះ។ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ក្រុម​ដែល​ព្រះ​រើស​តាំង​នេះ បាន​ដាស់​តឿន​មនុស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សម័យ​ដែល​យើង​កំពុង​រស់​នៅ។ (​យេ. ៦:១៧​) ម្យ៉ាង​ទៀត គម្ពីរ​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​កំណត់​ពេល​វេលា​ដ៏​ឧត្តម​ថា​លោក​មិន​យឺតយ៉ាវ​ឡើយ។ ដូច្នេះ ថ្ងៃ​របស់​លោក​នឹង​មក​ចំ​ពេល​ជា​មិន​ខាន នៅ​ម៉ោង​ដែល​មនុស្ស​មិន​នឹក​ស្មាន។—សេផ. ៣:៨; ម៉ាក. ១៣:​៣៣; ២ពេ. ៣:៩, ១០

យើង​គួរ​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​កំពុង​ចាំ​យាម ហើយ​ថា​លោក​នឹង​នាំ​មក​នូវ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​តាម​ពេល​កំណត់​របស់​លោក។ ដោយ​ដឹង​អំពី​ចំណុច​នេះ គួរ​បំផុស​ទឹក​ចិត្ត​របស់​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង និង​ពួក​គូ​កន​របស់​ពួក​គាត់​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ឲ្យ​នៅ​ចាំ​យាម​ជា​និច្ច​ថា​ដំណឹង​របស់​ពួក​គាត់​កាន់​តែ​បន្ទាន់​ជាង​មុន។ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​រូប​អ្នក? លោក​យេស៊ូ​បាន​បង្ហាញ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​សម្រេច​ចិត្ត​បម្រើ​ឬ​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​គុណ​សម្បត្ដិ​បី​ដែល​ជួយ​យេរេមា​ឲ្យ​នៅ​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច​ចំពោះ​ភារកិច្ច​ដែល​គាត់​មាន ហើយ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។

សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស

៧​. សូម​ពន្យល់​នូវ​របៀប​ដែល​សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​យេរេមា​ឲ្យ​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​ស្ថានការណ៍​ពិបាក​ក៏​ដោយ។

ទោះ​ជា​មាន​ស្ថានការណ៍​ពិបាក​ក៏​ដោយ តើ​អ្វី​ជំរុញ​យេរេមា​ឲ្យ​ផ្សព្វ​ផ្សាយ? នោះ​គឺ​ដោយ​សារ​គាត់​ស្រឡាញ់​មនុស្ស។ យេរេមា​ដឹង​ថា បញ្ហា​ជា​ច្រើន​ដែល​មនុស្ស​ជួប​ប្រទះ គឺ​មក​ពី​គង្វាល​ក្លែង​ក្លាយ។ (​យេ. ២៣:១, ២​) ការ​ដឹង​អំពី​រឿង​នេះ​បាន​ជួយ​គាត់​ឲ្យ​បំពេញ​កិច្ចការ​របស់​គាត់​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​អាណិត​មេត្ដា។ យេរេមា​ចង់​ឲ្យ​ជន​រួម​ជាតិ​របស់​គាត់​ឮ​បណ្ដាំ​របស់​ព្រះ​និង​រួច​រស់​ជីវិត។ គាត់​ព្រួយ​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​ចំពោះ​ទុក្ខ​លំបាក​ដែល​ពួក​គេ​នឹង​ត្រូវ​ជួប​ប្រទះ រហូត​ដល់​ធ្វើ​ឲ្យ​គាត់​យំ។ (​សូម​អាន យេរេមា ៨:២១; ៩:១) សៀវភៅ​បរិទេវ​បង្ហាញ​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​និង​ក្ដី​បារម្ភ​របស់​គាត់​ចំពោះ​មនុស្ស​និង​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា។ (​បរិ. ៤:៦,​) សព្វ​ថ្ងៃ​នេះ ពេល​អ្នក​ឃើញ​មនុស្ស​ដែល​​«​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»​ នេះ​ពិត​ជា​ជំរុញ​អ្នក​ឲ្យ​ចង់​សម្រាល​ទុក្ខ​ពួក​គេ​ដោយ​ប្រាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ មែន​ទេ?—ម៉ាថ. ៩:៣៦

៨​. តើ​អ្វី​បង្ហាញ​ថា​ការ​រង​ទុក្ខ​របស់​យេរេមា​មិន​បាន​ធ្វើ​ឲ្យ​គាត់​ខឹង​នោះ?

យេរេមា​បាន​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ដែល​គាត់​ចង់​ជួយ តែ​នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ខឹង​ឬ​ចង់​ធ្វើ​បាប​ពួក​គេ​វិញ​ទេ។ គាត់​សប្បុរស​និង​មាន​ចិត្ត​ធ្ងន់​សូម្បី​តែ​ចំពោះ​ស្តេច​សេដេគា​ដែល​ជា​ស្តេច​ពុក​រលួយ​ក៏​ដោយ! ក្រោយ​ពី​ស្តេច​សេ​ដេគា​អនុញ្ញាត​ឲ្យ​គេ​សម្លាប់​យេរេមា គាត់​នៅ​តែ​អង្វរ​ស្តេច​នោះ​ឲ្យ​ស្ដាប់​ព្រះ​យេហូវ៉ា។ (​យេ. ៣៨:៤, ៥, ១៩, ២០​) តើ​យើង​ស្រឡាញ់​មនុស្ស​យ៉ាង​ខ្លាំង​ដូច​យេរេមា​ឬ​ទេ?

ចិត្ត​ក្លាហាន​ដែល​មក​ពី​ព្រះ

៩​. ហេតុ​អ្វី​យើង​ដឹង​ថា​ចិត្ត​ក្លាហាន​របស់​យេរេមា​គឺ​មក​ពី​ព្រះ?

ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ជា​លើក​ដំបូង​ទៅ​កាន់​យេរេមា គាត់​ខំ​យក​លេស​ដើម្បី​មិន​ចង់​ទទួល​ភារកិច្ច​នោះ​ទេ។ នេះ​បង្ហាញ​ថា​ចិត្ត​ក្លាហាន​និង​ការ​ប្រកាន់​ជំហរ​រឹង​មាំ​ដែល​គាត់​មាន មិន​មែន​មាន​ពី​កំណើត​ទេ។ ត្រូវ​ហើយ កម្លាំង​ដ៏​អស្ចារ្យ​ដែល​យេរេមា​មាន​ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ តាម​ពិត​មក​ពី​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ព្រះ។ ព្រះ​យេហូវ៉ា​ប្រាកដជា​នៅ​ជា​មួយ​យេរេមា​ដូច​ជា​​«​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច​»​ ដោយ​គាំទ្រ​និង​ផ្ដល់​កម្លាំង​ឲ្យ​គាត់​ដើម្បី​គាត់​អាច​បំពេញ​ភារកិច្ច​បាន។ (​យេ. ២០:១១​) យេរេមា​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ហេតុ​នេះ​ហើយ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ អ្នក​ខ្លះ​គិត​ថា​លោក​ជា​យេរេមា​ដែល​បាន​រស់​ឡើង​វិញ!—ម៉ាថ. ១៦:១៣, ១៤

១០​. តើ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​មាន​អំណាច​‹លើ​អស់​ទាំង​សាសន៍​និង​នគរ​ទាំង​ប៉ុន្មាន›​ក្នុង​ន័យ​អ្វី?

១០ ក្នុង​នាម​ជា​​«​មហាក្សត្រ​នៃ​អស់​ទាំង​សាសន៍​»​ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​យេរេមា​ប្រកាស​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​ទោស ដល់​ប្រជាជាតិ​និង​រាជាណាចក្រ​ផ្សេង​ៗ។ (​យេ. ១០:៦, ៧​) ប៉ុន្តែ តើ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​មាន​អំណាច​​«​លើ​អស់​ទាំង​សាសន៍​នឹង​លើ​នគរ​ទាំង​ប៉ុន្មាន​»​ក្នុង​ន័យ​អ្វី? (​យេ. ១:​១០​) ដូច​យេរេមា​ដែរ ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង បាន​ទទួល​ភារកិច្ច​ពី​មហាក្សត្រ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សកលលោក។ យ៉ាង​នេះ ពួក​គាត់​មាន​សិទ្ធិ​អំណាច​ដើម្បី​ប្រកាស​ប្រាប់​ទូ​ទាំង​ពិភព​លោក​នូវ​ដំណឹង​ដែល​ប្រឆាំង​នឹង​ប្រជាជាតិ​និង​រាជាណាចក្រ​ទាំង​ឡាយ។ ដោយ​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត​និង​ដោយ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដែល​មាន​ព័ត៌មាន​ដែល​ស្រួល​យល់ នោះ​ពួក​គាត់​ប្រកាស​ថា​ប្រជាជាតិ​និង​រាជាណាចក្រ​ទាំង​ឡាយ​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​តាម​ពេល​កំណត់​និង​តាម​វិធី​របស់​ព្រះ។ (​យេ. ១៨:៧​-​១០; បប. ១១:១៨​) ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ប្ដេជ្ញា​ចិត្ត​មិន​ឈប់​បំពេញ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ​ពួក​គាត់​ធ្វើ​នោះ​ទេ ពោល​គឺ​ប្រកាស​ទូ​ទាំង​ពិភព​លោក​នូវ​ដំណឹង​ពី​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​យេហូវ៉ា។

១១​. ពេល​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​មិន​រសាយ​ចិត្ត?

១១ ពេល​មាន​ការ​បៀតបៀន ពេល​មនុស្ស​ព្រងើយ​កន្តើយ ឬ​ពេល​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក គឺ​មិន​ចម្លែក​ទេ​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​នោះ។ (​២កូ. ១:៨​) ប៉ុន្តែ ដូច​យេរេមា ចូរ​ឲ្យ​យើង​បន្ត​ផ្សព្វ​ផ្សាយ។ កុំ​បាក់ទឹកចិត្ត​ឡើយ។ សូម​ឲ្យ​យើង​ម្នាក់​ៗ​អង្វរ​ព្រះ ពឹង​ពាក់​លោក ហើយ​​«​តាំង​ចិត្ត​ក្លាហាន​»​ក្នុង​កាល​ដែល​យើង​រក​ជំនួយ​ពី​លោក។ (​១ថែ. ២:២​) ដោយ​សារ​យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត យើង​ត្រូវ​បន្ត​ចាំ​យាម​ជា​និច្ច​ចំពោះ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ​យើង។ យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​មិន​រសាយ​ចិត្ត​អំពី​ការ​ហិន​វិនាស​របស់​ពិភព​គ្រិស្ត​សាសនា ដែល​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ក្រុង​យេរូសាឡិម​ដែល​មិន​ស្មោះ​ត្រង់។ ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​មិន​គ្រាន់តែ​ប្រកាស​ផ្សាយ​អំពី​​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​»​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ប្រកាស​អំពី​​«​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង​សឹក​»​ផង​ដែរ។—អេ. ៦១:១, ២; ២កូ. ៦:២

អំណរ​ដែល​ផុស​ចេញ​ពី​ដួង​ចិត្ត

១២​. ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ថា​យេរេមា​បាន​រក្សា​អំណរ​របស់​គាត់? ហើយ​តើ​អ្វី​ជា​ចំណុច​សំខាន់​ដែល​ជួយ​គាត់​ឲ្យ​រក្សា​អំណរ​នេះ?

១២ យេរេមា​ទទួល​អំណរ​ពី​កិច្ចការ​របស់​គាត់។ គាត់​ប្រាប់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទូល​បង្គំ​បាន​ឃើញ​ព្រះ​បន្ទូល​ទ្រង់ ទូល​បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ​បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូល​បង្គំ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​អើយ! ទូល​បង្គំ​បាន​ហៅ​តាម​ព្រះ​នាម​ទ្រង់​»។ (​យេ. ១៥:១៦​) យេរេមា​ចាត់​ទុក​ការ​តំណាង​ព្រះ​ពិត​និង​ការ​ផ្សាយ​បណ្ដាំ​របស់​លោក​ថា​ជា​ឯកសិទ្ធិ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ពេល​ដែល​យេរេមា​ប្រមូល​អារម្មណ៍​គិត​អំពី​ការ​សើច​ចំអក​របស់​បណ្ដា​ជន នោះ​បាន​ធ្វើ​ឲ្យ​គាត់​បាត់បង់​អំណរ តែ​ពេល​ដែល​គាត់​បាន​ផ្ចង់​ស្មារតី​លើ​សារៈ​សំខាន់​និង​លក្ខណៈ​ល្អ​ៗ​នៃ​ដំណឹង​ដែល​គាត់​ផ្សាយ នោះ​ធ្វើ​ឲ្យ​គាត់​មាន​អំណរ​ឡើង​វិញ។—យេ. ២០:៨, ៩

១៣​. ហេតុ​អ្វី​ការ​សិក្សា​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ គឺជា​អ្វី​ដែល​សំខាន់​ដើម្បី​រក្សា​អំណរ​របស់​យើង?

១៣ នៅ​សព្វ​ថ្ងៃ​នេះ ដើម្បី​រក្សា​អំណរ​របស់​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ យើង​ត្រូវ​សិក្សា​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ដែល​ប្រៀប​ដូច​ជា​​«​អាហារ​រឹង​»​ ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ (​ហេ. ៥:១៤​) ការ​សិក្សា​ដែល​កាន់​តែ​ស៊ី​ជម្រៅ​បណ្ដុះ​ឲ្យ​មាន​ជំនឿ។ (​កូឡ. ២:៦, ៧​) ការ​សិក្សា​បែប​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​ការ​ប្រព្រឹត្ត​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ព្រះ​យេហូវ៉ា។ បើ​យើង​ពិបាក​រក​ពេល​អាន​និង​សិក្សា​គម្ពីរ នោះ​យើង​គួរ​ពិនិត្យ​មើល​កាលវិភាគ​របស់​យើង​ឡើង​វិញ។ ទោះ​ជា​មាន​ពេល​សិក្សា​និង​រំពឹង​គិតតែ​បន្ដិច​បន្តួច​រាល់​ថ្ងៃ​ក៏​ដោយ ក៏​នឹង​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង ព្រម​ទាំង​ជួយ​យើង​ឲ្យ​មាន​‹អំណរ ហើយ​រីករាយ›​ដូច​យេរេមា​ធ្លាប់​ពិសោធ​ដែរ។

១៤, ១៥​. (​ក​) ដោយ​សារ​យេរេមា​បាន​បន្ត​បំពេញ​ភារកិច្ច​របស់​គាត់​យ៉ាង​ស្មោះ​ត្រង់ តើ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (​ខ​)​ សព្វ​ថ្ងៃ​នេះ តើ​រាស្ត្រ​របស់​ព្រះ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ?

១៤ យេរេមា​បាន​ប្រកាស​ការ​ព្រមាន​និង​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​ដោយ​មិន​រសាយ​ចិត្ត​មែន តែ​គាត់​ចាំ​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​អំពី​ភារកិច្ច​របស់​គាត់​ដែល​ឲ្យ​​«​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង​»។ (​យេ. ១:​១០​) គាត់​បាន​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម។ កិច្ចការ​នេះ​បាន​បង្កើត​ផល​មែន ពីព្រោះ​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ខ្លះ​បាន​រួច​រស់​ជីវិត​ពី​ការ​ហិន​វិនាស​នៃ​ក្រុង​យេរូសាឡិម។ គម្ពីរ​បាន​រៀប​រាប់​អំពី​ពួក​រេ​កាប អេបេឌមេលេក និង​បារូក​ជា​ពួក​អ្នក​ដែល​បាន​រួច​រស់​ជីវិត។ (​យេ. ៣៥:​១៩; ៣៩:១៥​-​១៨; ៤៣:៥​-​៧​) ពួក​គាត់​ស្មោះ​ត្រង់​និង​កោត​ខ្លាច​ព្រះ ហើយ​ក៏​ជា​មិត្ត​របស់​យេរេមា​ដែរ។ ពួក​គាត់​តំណាង​យ៉ាង​ត្រឹម​ត្រូវ​នូវ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែន​ដី ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ជា​មិត្ត​របស់​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​នេះ​មាន​ចិត្ត​រីក​រាយ​ក្រៃ​លែង​ក្នុង​ការ​ពង្រឹង​ជំនឿ​របស់​​«​មនុស្ស​មួយ​ក្រុម​ធំ​»។ (​បប. ៧:​៩​) ដូច​គ្នា​ដែរ គូ​កន​ដ៏​ស្មោះ​ត្រង់​របស់​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ក៏​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​មាន​ចំណេះ​អំពី​សេចក្ដី​ពិត។

១៥ រាស្ត្រ​របស់​ព្រះ​ទទួល​ស្គាល់​ថា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ មិន​គ្រាន់តែ​ជា​កិច្ច​បម្រើ​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាស​កម្ម​ភាព​ដែល​បង្ហាញ​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​របស់​យើង​ដែរ។ ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ក៏​ដោយ ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ចំពោះ​ព្រះ​យេហូវ៉ា​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង នាំ​ឲ្យ​យើង​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។—ទំនុក. ៧១:២៣; សូម​អាន រ៉ូម ១:៩

ចូរ​​«​ចាំ​យាម​ជា​និច្ច​»​ចំពោះ​កិច្ច​បម្រើ​របស់​អ្នក!

១៦, ១៧​. តើ​ការ​បើក​បង្ហាញ ១៧:១០​និង​ហាបាគុក ២:៣ បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គ្រា​នេះ​គឺ​បន្ទាន់?

១៦ ពេល​យើង​ពិចារណា​ទំនាយ​នៅ​ការ​បើក​បង្ហាញ ១៧:១០​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ទំនាយ​នោះ​គូស​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​យើង​កំពុង​រស់​នៅ​គ្រា​បន្ទាន់​មែន។ ស្តេច​ទី​៧​ដែល​ជាម​ហា​អំណាច​អង់គ្លេស​និង​អាម៉េរិក​បាន​លេច​មក​ហើយ។ ស្តី​អំពី​មហាអំណាច​នេះ គម្ពីរ​ចែង​ថា​៖ ​«​កាល​មក​ដល់​ហើយ ស្តេច​នោះ​[​មហាអំណាច​ទី​៧​]​ត្រូវ​នៅ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​»។ មក​ដល់​ឥឡូវ​នេះ ពេល​វេលា​​«​មួយ​រយៈ​ពេល​ខ្លី​»​នោះ​ពិត​ជា​ជិត​អស់​ហើយ។ ស្តី​អំពី​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ ហាបាគុក​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​បាន​ធានា​យើង​ថា​៖ ​«​ដ្បិ​ត​ការ​ជាក់​ស្តែង​នេះ ទុក​សំ​រាប់​ដល់​វេលា​កំណត់ . . . ចូរ​រង់​ចាំ​ចុះ ដ្បិ​ត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ​»។—ហាប. ២:៣

១៧ សូម​ដណ្ដឹង​សួរ​ខ្លួន​អ្នក​ថា ‹តើ​ជីវិត​របស់​ខ្ញុំ​ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​ថា​នេះ​ជា​គ្រា​បន្ទាន់​ឬ​ទេ? តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា ខ្ញុំ​គិត​ថា​ទី​បញ្ចប់​នឹង​ឆាប់​មក​ដល់​ឬ? ឬ​ក៏​តើ​ការ​សម្រេច​ចិត្ត​និង​អ្វី​ដែល​ខ្ញុំ​ចាត់​ទុក​ជា​អាទិភាព​បែរ​ជា​បញ្ជាក់​ថា ខ្ញុំ​មិន​គិត​ថា​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៅ​វិញ? ឬ​មួយ​តើ​អ្វី​ៗ​ទាំង​នោះ​បាន​បញ្ជាក់​ថា​ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​សោះ​ថា​ទី​បញ្ចប់​នឹង​មក​ដល់?›។

១៨, ១៩​. ហេតុ​អ្វី​ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​បន្ថយ​សកម្មភាព​របស់​យើង?

១៨ កិច្ចការ​របស់​ក្រុម​អ្នក​ចាំ​យាម​មិន​ទាន់​ចប់​ទេ។ (​សូម​អាន យេរេមា ១:១៧​-​១៩) ដោយ​ដឹង​ថា​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ស្ថាន​សួគ៌​បាន​ប្រកាន់​ជំហរ​រឹង​មាំ​ដូច​​«​សសរ​ដែក​»​និង​​«​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចំ​បាំង​»​ នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អំណរ​មែន! ណា​មួយ​ទៀត ពួក​គាត់​បាន​​«​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ​»​ ក្នុង​ន័យ​ថា​ពួក​គាត់​បាន​ឲ្យ​បណ្ដាំ​របស់​ព្រះ​ពង្រឹង​កម្លាំង​របស់​ពួក​គាត់​រហូត​ដល់​ពួក​គាត់​បំពេញ​ភារកិច្ច​ចប់។ (​អេភ. ៦:១៤​) ដោយ​មាន​ការ​តាំង​ចិត្ត​ស្រដៀង​គ្នា​ដែរ ពួក​អ្នក​ដែល​រួម​ចំណែក​ជា​មួយ​មនុស្ស​មួយ​ក្រុម​ធំ​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដើម្បី​បំពេញ​ភារកិច្ច​ដែល​លោក​បាន​ប្រគល់​ឲ្យ។

១៩ ឥឡូវ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​បន្ថយ​សកម្មភាព​ខាង​កិច្ច​បម្រើ​ព្រះ​ទេ តែ​នេះ​ជា​ពេល​ដែល​ត្រូវ​ពិចារណា​អំពី​សារ:សំខាន់​នៃ​យេរេមា ១២:​៥(​សូម​អាន​) យើង​ទាំង​អស់​គ្នា​មាន​ទុក្ខ​លំបាក​ដែល​យើង​ត្រូវ​ស៊ូ​ទ្រាំ។ ការ​សាកល្បង​ជំនឿ​ប្រហែលជា​អាច​ប្រៀប​ដូច​ជា​​«​ពួក​ថ្មើរ​ជើង​»​ដែល​យើង​ត្រូវ​រត់​ប្រណាំង​ជា​មួយ​នឹង​ពួក​គេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដែល​​«​គ្រា . . . ទុក្ខវេទនា​ជា​ខ្លាំង​»​ជិត​មក​ដល់ យើង​ដឹង​ថា​យើង​នឹង​មាន​ទុក្ខ​លំបាក​កាន់​តែ​ច្រើន។ (​ម៉ាថ. ២៤:២១​) ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​ពិបាក​ជាង​មុន​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ អាច​ប្រៀប​ដូច​ជា​ការ​រត់​​«​ប្រណាំង​នឹង​សេះ​»។ ដើម្បី​រត់​ប្រណាំង​នឹង​សេះ មនុស្ស​ត្រូវ​មាន​ការ​ស៊ូ​ទ្រាំ​ខ្លាំង​ណាស់។ ដូច្នេះ​ការ​ចេះ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ ក៏​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ឯ​ទៀត​ដែល​មាន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។

២០​. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ យើង​ទាំង​អស់​គ្នា​អាចយ​ក​តម្រាប់​តាម​យេរេមា​និង​បំពេញ​ភារកិច្ច​របស់​យើង​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការ​ផ្សព្វ​ផ្សាយ! គុណ​សម្បត្ដិ​ដែល​ជួយ​យេរេមា​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​គាត់​យ៉ាង​ស្មោះ​ត្រង់​អស់​រយៈ​ពេល​៦៧​ឆ្នាំ​នោះ គឺ​សេចក្ដី​ស្រឡាញ់ ចិត្ត​ក្លាហាន និង​អំណរ។ ដើម​ចំបក់​ដែល​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត​រំលឹក​យើង​ថា ព្រះ​យេហូវ៉ា​នឹង​​«​ចាំ​យាម​ជា​និច្ច​»​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​លោក។ យើង​ក៏​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ដូច​លោក​ដែរ។ យេរេមា​បាន​​«​ចាំ​យាម​ជា​និច្ច​»​ ហើយ​យើង​ក៏​អាច​ចាំ​យាម​ជា​និច្ច​ដូច​គាត់​ដែរ។

តើ​អ្នក​ចាំ​ឬ​ទេ?

• តើ​សេចក្ដី​ស្រឡាញ់​បាន​ជួយ​យេរេមា​ឲ្យ​«​ចាំ​យាម​ជា​និច្ច​»​ក្នុង​ភារកិច្ច​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដែល​មក​ពី​ព្រះ?

• តើ​អ្វី​បាន​ជួយ​យេរេមា​ឲ្យ​រក្សា​អំណរ​របស់​គាត់?

• ហេតុ​អ្វី​អ្នក​ចង់​​«​ចាំ​យាម​ជា​និច្ច​»​?​

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​​]

[​រូបភាព​នៅ​ទំព័រ​២៦​]

ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ តើ​អ្នក​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ឬ​ទេ?