លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រក្សាចិត្តកតញ្ញូ

រក្សាចិត្តកតញ្ញូ

អាថ៌​កំបាំង​ទី​៣

រក្សា​ចិត្ត​កតញ្ញូ

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា? «ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់»។—ថែស្សាឡូនិច​ទី​១ ៥:១៨

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ? មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​មាន​ចិត្ត​ក្រអឺត​ក្រទម​និង​មិន​ចេះ​ដឹង​គុណ ហើយ​ចិត្ត​គំនិត​បែប​នេះ​អាច​មាន​ឥទ្ធិពល​លើ​យើង។ (ធីម៉ូថេ​ទី​២ ៣:១, ២) ម្យ៉ាង​ទៀត យើង​ប្រហែល​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ធ្វើ​កិច្ច​ការ​កាន់​តែ​ច្រើន​ឡើង​ៗ​ក្នុង​ជីវិត​របស់​យើង​ដែល​មមាញឹក​ស្រាប់​ហើយ​នោះ។ យើង​អាច​ខ្វល់​ខ្វាយ​នឹង​បញ្ហា​ជា​ច្រើន ឬ​ក៏​ជក់​ចិត្ត​ក្នុង​ការ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​រហូត​ដល់​យើង​គ្មាន​ពេល​នឹង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​មាន​រួច​ហើយ ឬ​គ្មាន​ពេល​ថ្លែង​អំណរ​គុណ​អ្នក​ឯ​ទៀត​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ដើម្បី​យើង។

តើ​លោក​អ្នក​អាច​ធ្វើ​អ្វី? ចូរ​រក​ពេល​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​ល្អ​ក្នុង​ជីវិត​របស់​លោក​អ្នក។ ពិត​មែន លោក​អ្នក​ប្រហែល​ខ្វល់​ខ្វាយ​នឹង​បញ្ហា​ជា​ច្រើន។ ប៉ុន្តែ សូម​ពិចារណា​ឧទាហរណ៍​របស់​ស្តេច​ដាវីឌ។ គាត់​បាក់​ទឹក​ចិត្ត​ដោយ​សារ​គាត់​មាន​ទុក្ខ​លំបាក​ជា​ច្រើន។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា៖ «ទូល​បង្គំ . . . រំពឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ​របស់​ទ្រង់ ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នា​ដៃ​នៃ​ព្រះ​ហស្ត​ទ្រង់»។ (ទំនុក​តម្កើង ១៤៣:៣​-​៥) ថ្វី​បើ​គាត់​មាន​ទុក្ខ​លំបាក​ក៏​ដោយ ដាវីឌ​បាន​រក្សា​ចិត្ត​កតញ្ញូ ហើយ​នៅ​តែ​ស្កប់​ចិត្ត។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ដើម្បី​ជួយ​លោក​អ្នក ហើយ​សម្ដែង​អំណរ​គុណ​ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។ លោក​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​ក្នុង​រឿង​នេះ។ ជា​ឧទាហរណ៍ ពេល​ម៉ារៀ​ដែល​ជា​មិត្ត​របស់​លោក​ចាក់​ប្រេង​ដ៏​ថ្លៃ​លើ​ក្បាល​និង​ជើង​លោក អ្នក​ខ្លះ​បាន​សួរ​ថា៖ «ហេតុ​អ្វី​បង្ខាត​ប្រេង​ក្រអូប​ចោល​ដូច្នេះ?»។ * អ្នក​រិះ​គន់​ទាំង​នោះ​គិត​ថា​ប្រេង​ក្រអូប​នោះ​គួរ​លក់ រួច​យក​លុយ​ចែក​ឲ្យ​អ្នក​ក្រ។ ប៉ុន្តែ​លោក​យេស៊ូ​តប​ឆ្លើយ​ថា៖ «កុំ​រំខាន​នាង។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​រក​រឿង​នាង​ដូច្នេះ?»។ លោក​បន្ថែម​ទៀត​ថា៖ «នាង​បាន​ធ្វើ​អស់​ពី​សមត្ថភាព»។ (ម៉ាកុស ១៤:៣​-​៨; យ៉ូហាន ១២:៣) ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ម៉ារៀ​មិន​បាន​ធ្វើ លោក​យេស៊ូ​បាន​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​អ្វី​ដែល​នាង​បាន​ធ្វើ​វិញ។

មនុស្ស​ខ្លះ​ដឹង​គុណ​ក្រុម​គ្រួសារ មិត្ត​ភក្ដិ​ឬ​ពរ​ឯ​ទៀត​ដែល​ពួក​គេ​មាន​ក្រោយ​ពី​ពួក​គេ​បាត់​បង់​អ្វី​ៗ​ទាំង​នោះ​ប៉ុណ្ណោះ។ លោក​អ្នក​អាច​ជៀស​ផុត​ពី​ផល​វិបាក​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​នោះ ដោយ​រំពឹង​គិត​អំពី​អ្វី​ៗ​ដ៏​ល្អ​ដែល​លោក​អ្នក​មាន​ឥឡូវ​នេះ! ជា​ការ​ល្អ​ឲ្យ​លោក​អ្នក​គិត​ឬ​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ចិត្ត​កតញ្ញូ។

ដោយ​សារ«គ្រប់​ទាំង​របស់​ល្អ»សុទ្ធ​តែ​មក​ពី​ព្រះ ហេតុ​នេះ​យើង​គួរ​បង្ហាញ​អំណរ​គុណ​របស់​យើង​ចំពោះ​លោក​ក្នុង​ការ​អធិដ្ឋាន​របស់​យើង។ (យ៉ាកុប ១:១៧) ដោយ​ធ្វើ​ដូច្នោះ​ជា​ទៀង​ទាត់ នេះ​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​កតញ្ញូ ហើយ​បណ្ដុះ​នូវ​ការ​ស្កប់​ចិត្ត។—ភីលីព ៤:៦, ៧

[កំណត់​សម្គាល់]

^ វគ្គ 6 នៅ​សតវត្សរ៍​ទី​១ ការ​ចាក់​ប្រេង​លើ​ក្បាល​ភ្ញៀវ​ជា​កាយ​វិការ​មួយ​ដែល​បង្ហាញ​នូវ​ការ​ទទួល​ដោយ​រាក់​ទាក់ ហើយ​ការ​ចាក់​ប្រេង​លើ​ជើង​ជា​ការ​បង្ហាញ​នូវ​ចិត្ត​រាប​ទាប។

[រូប​ភាព​នៅ​ទំព័រ​៦]

តើ​អ្នក​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ៗ​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ដើម្បី​អ្នក​ឬ​ទេ?