លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជ្រើសរើសមិត្តភក្ដិឲ្យបានល្អ

ជ្រើសរើសមិត្តភក្ដិឲ្យបានល្អ

អាថ៌​កំបាំង​ទី​៤

ជ្រើស​រើស​មិត្ត​ភក្ដិ​ឲ្យ​បាន​ល្អ

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា? «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ»។—សុភាសិត ១៣:២០

តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ? មិត្ត​ភក្ដិ​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​ស្កប់​ចិត្ត​កាន់​តែ​ខ្លាំង​ឬ​ធ្វើ​ឲ្យ​យើង​លែង​ស្កប់​ចិត្ត​វិញ។ ទស្សនៈ​និង​ពាក្យ​សម្ដី​របស់​ពួក​គេ​ប្រាកដ​ជា​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​យើង​អំពី​ជីវិត។—កូរិនថូស​ទី​១ ១៥:៣៣

ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​បុរស​១២​នាក់​ដែល​ត្រឡប់​មក​ពី​សង្កេត​មើល​ប្រទេស​មួយ​ឈ្មោះ​កាណាន។ ពួក​គេ​ភាគ​ច្រើន«បង្ក​បង្កើត​រឿង​អាក្រក់​ពី​ស្រុក​ដែល​គេ​បាន​សង្កេត​មើល​នោះ​ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល»។ ទោះ​ជា​យ៉ាង​នោះ​ក្ដី បុរស​ពីរ​នាក់​បាន​និយាយ​ល្អ​ៗ​អំពី​ស្រុក​កាណាន​ដោយ​ហៅ​ស្រុក​នោះ​ថា«ជា​ស្រុក​ល្អ​ក្រៃ​លែង»។ ប៉ុន្តែ​ទស្សនៈ​អវិជ្ជមាន​នៃ​ពួក​អ្នក​ស៊ើប​ការណ៍​ទាំង​១០​នាក់​នោះ​បាន​ជ្រួត​ជ្រាប​ក្នុង​ចំណោម​បណ្ដា​ជន។ កំណត់​ហេតុ​នោះ​រៀប​រាប់​ថា៖ «ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​សំឡេង​ស្រែក ហើយ . . . រទូ​រទាំ»។—ជន​គណនា ១៣:៣០–១៤:៩

ស្រដៀង​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន«ចេះ​តែ​ត្អូញត្អែរ រអ៊ូ​រទាំ​អំពី​ជីវភាព​របស់​ខ្លួន»។ (យូដាស ១៦) ពេល​យើង​នៅ​ជា​មួយ​មិត្ត​ភក្ដិ​ដែល​មិន​ចេះ​ស្កប់​ចិត្ត នេះ​ពិបាក​ឲ្យ​យើង​រក្សា​ការ​ស្កប់​ចិត្ត។

តើ​លោក​អ្នក​អាច​ធ្វើ​អ្វី? សូម​វិភាគ​មើល​អំពី​ការ​សន្ទនា​របស់​លោក​អ្នក​ជា​មួយ​មិត្ត​ភក្ដិ។ តើ​មិត្ត​ភក្ដិ​លោក​អ្នក​តែង​តែ​អួត​អំពី​អ្វី​ៗ​ដែល​ពួក​គេ​មាន ឬ​ពួក​គេ​ត្អូញត្អែរ​ជា​និច្ច​អំពី​អ្វី​ដែល​ពួក​គេ​មិន​មាន? តើ​លោក​អ្នក​ជា​មិត្ត​ប្រភេទ​ណា​ចំពោះ​ពួក​គេ? តើ​លោក​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​ច្រណែន​លោក​អ្នក ឬ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​មាន?

សូម​ពិចារណា​ឧទាហរណ៍​របស់​ដាវីឌ​ដែល​បាន​ក្លាយ​ជា​ស្តេច​និង​យ៉ូណាថាន​ដែល​ជា​បុត្រ​របស់​ស្តេច​សូល។ ដាវីឌ​បាន​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ស្តេច​សូល​គិត​ថា​ដាវីឌ​ចង់​ដណ្ដើម​រាជ្យ​របស់​គាត់ ហើយ​ហេតុ​នេះ​គាត់​ចង់​សម្លាប់​ដាវីឌ។ ថ្វី​បើ​យ៉ូណាថាន​នឹង​ទៅ​ជា​អនាគត​ស្តេច​ក៏​ដោយ គាត់​បាន​ក្លាយ​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ដាវីឌ។ យ៉ូណាថាន​ទទួល​ស្គាល់​ថា ព្រះ​បាន​តែង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​អនាគត​ស្តេច ហើយ​គាត់​ពេញ​ចិត្ត​គាំទ្រ​មិត្ត​របស់​គាត់។—សាំយូអែល​ទី​១ ១៩:១, ២; ២០:៣០​-​៣៣; ២៣:១៤​-​១៨

លោក​អ្នក​ត្រូវ​ការ​មិត្ត​ភក្ដិ​បែប​នោះ​ដែល​ព្យាយាម​ស្កប់​ចិត្ត ហើយ​ដែល​ចង់​ឲ្យ​លោក​អ្នក​ទទួល​ប្រយោជន៍។ (សុភាសិត ១៧:១៧) ពិត​មែន ដើម្បី​មាន​មិត្ត​ភក្ដិ​បែប​នោះ លោក​អ្នក​ផ្ទាល់​ក៏​ត្រូវ​បង្ហាញ​គុណសម្បត្ដិ​ទាំង​នោះ​ដែរ។—ភីលីព ២:៣, ៤

[រូប​ភាព​នៅ​ទំព័រ​៧]

តើ​មិត្ត​ភក្ដិ​អ្នក​ជួយ​អ្នក​ឲ្យ​ស្កប់​ចិត្ត​កាន់​តែ​ខ្លាំង​ឬ​ធ្វើ​ឲ្យ​អ្នក​លែង​ស្កប់​ចិត្ត​វិញ?