លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញ«សេចក្ដីសប្បុរស»ក្នុងពាក្យសម្ដីរបស់អ្នក

ចូរបង្ហាញ«សេចក្ដីសប្បុរស»ក្នុងពាក្យសម្ដីរបស់អ្នក

ចូរ​បង្ហាញ«សេចក្ដី​សប្បុរស»ក្នុង​ពាក្យ​សម្ដី​របស់​អ្នក

«នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស»។—សុភ. ៣១:២៦

១, ២. (ក) តើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បណ្ដុះ​គុណសម្បត្ដិ​អ្វី? (ខ) តើ​យើង​នឹង​ពិភាក្សា​អំពី​អ្វី​ក្នុង​អត្ថបទ​នេះ?

នៅ​សម័យ​បុរាណ ស្តេច​លេមយួល​បាន​ទទួល​សារ​ដ៏​សំខាន់​មួយ​ពី​មាតា​របស់​គាត់​ដែល​ក្នុង​សារ​នោះ​មាន​លក្ខណៈ​ចាំ​បាច់​មួយ​ដែល​ប្រពន្ធ​ល្អ​គួរ​មាន។ មាតា​របស់​ស្តេច​លេមយួល​បាន​ប្រាប់​គាត់​ថា៖ «នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស»។ * (សុភ. ៣១:១, ១០, ២៦) ដូច្នេះ ស្ត្រី​ដែល​មាន​ប្រាជ្ញា និង​អស់​អ្នក​ដែល​ចង់​ឲ្យ​ព្រះ​ពេញ​ចិត្ត គួរ​មាន​សេចក្ដី​សប្បុរស​ក្នុង​ពាក្យ​សម្ដី។ (សូម​អាន សុភាសិត ១៩:២២) ប្រាកដ​ហើយ អ្នក​គោរព​ប្រណិប័តន៍​ពិត​ទាំង​អស់​គួរ​ប្រើ​សម្ដី​សប្បុរស។

តើ​សេចក្ដី​សប្បុរស​ជា​អ្វី? តើ​យើង​គួរ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​នរណា? តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ប្រើ​សម្ដី«សប្បុរស»? តើ​ការ​ប្រើ​សម្ដី​សប្បុរស​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​យើង​ជា​មួយ​សមាជិក​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ?

សេចក្ដី​សប្បុរស​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ

៣, ៤. (ក) តើ​សេចក្ដី​សប្បុរស​ជា​អ្វី? (ខ) តើ​សេចក្ដី​សប្បុរស​ដែល​យើង​ពិភាក្សា​ក្នុង​អត្ថបទ​នេះ និង​សេចក្ដី​សប្បុរស​ដែល​មនុស្ស​មាន​ជា​ទូទៅ ខុស​គ្នា​យ៉ាង​ណា?

តាម​ភាសា​ដើម ពាក្យ«សេចក្ដី​សប្បុរស»ក្នុង​គម្ពីរ​មាន​ន័យ​ទូលំ​ទូលាយ។ ការ​បង្ហាញ​សេចក្ដី​សប្បុរស​មិន​គ្រាន់​តែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដោយ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​មាន​ភក្ដី​ភាព​ចំពោះ​បុគ្គល​ណា​ម្នាក់ ហើយ​ចង់​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​គាត់​រហូត​ដល់​បាន​សម្រេច​គោល​បំណង​នៃ​ការ​បង្ហាញ​សេចក្ដី​សប្បុរស​នោះ។

សេចក្ដី​សប្បុរស​ដែល​មនុស្ស​បង្ហាញ​ចំពោះ​គ្នា​ជា​ទូទៅ ក៏​អាច​បង្ហាញ​ចំពោះ​មនុស្ស​ដែល​គេ​មិន​ស្គាល់​ដែរ។ សាវ័ក​ប៉ូល​និង​មនុស្ស​២៧៥​នាក់​ទៀត​ដែល​លិច​សំពៅ​ជា​មួយ​គាត់ ក៏​ទទួល​សេចក្ដី​សប្បុរស​ពី​បណ្ដា​ជន​នៅ​កោះ​ម៉ល់តា​សូម្បី​តែ​ពួក​គេ​មិន​ស្គាល់​គ្នា​ក៏​ដោយ។ (សកម្ម. ២៧:៣៧–២៨:២) ផ្ទុយ​ទៅ​វិញ សេចក្ដី​សប្បុរស​ដែល​យើង​ពិភាក្សា​ក្នុង​អត្ថបទ​នេះ គឺ​ជាប់​ទាក់​ទង​នឹង​ចិត្ត​ស្មោះ​ភក្ដី​រវាង​មនុស្ស​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​គ្នា​រួច​ហើយ។ * ជន​ជាតិ​កែន​បាន​បង្ហាញ​សេចក្ដី​សប្បុរស​នេះ​ចំពោះ«ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។—១សាំ. ១៥:៦

ការ​សញ្ជឹង​គិត​និង​ការ​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស

៥. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទប់​អណ្ដាត​របស់​យើង?

គឺ​មិន​ងាយ​ស្រួល​ទេ​ឲ្យ​យើង​ប្រើ​សម្ដី​សប្បុរស។ យ៉ាកុប​បាន​សរសេរ​អំពី​អណ្ដាត​ថា៖ «គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ផ្សាំង​បាន​ទេ។ វា​ជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​អន្តរាយ ក៏​ពោរ​ពេញ​ទៅ​ដោយ​ពិស​ពុល​ដែល​នាំ​ឲ្យ​ស្លាប់»។ (យ៉ា. ៣:៨) អណ្ដាត​ជា​អវយវៈ​ដែល​ពិបាក​ទប់​ណាស់ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​គ្រប់​គ្រង​លើ​វា​បាន? ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក​ជួយ​យើង​ដឹង​ចម្លើយ។ លោក​មាន​ប្រសាសន៍​ថា៖ «មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត»។ (ម៉ាថ. ១២:៣៤) ដើម្បី​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ក្នុង​ពាក្យ​សម្ដី​របស់​យើង​បាន យើង​ត្រូវ​បណ្ដុះ​គុណសម្បត្ដិ​នេះ​នៅ​ក្នុង​ចិត្ត​របស់​យើង។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ថា​ការ​សញ្ជឹង​គិត​និង​ការ​អធិដ្ឋាន​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ធ្វើ​ដូច្នេះ។

៦. ដោយ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​យើង​គួរ​សញ្ជឹង​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​លោក​ដែល​បង្ហាញ​សេចក្ដី​សប្បុរស?

គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​មាន«សេចក្ដី​សប្បុរស . . . ជា​បរិបូរ»។ (និក្ខ. ៣៤:៦) អ្នក​តែង​ទំនុក​តម្កើង​បាន​ច្រៀង​ថា៖ «ឱព្រះ​យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់»។ (ទំនុក. ១១៩:៦៤) បទ​គម្ពីរ​មាន​កំណត់​ហេតុ​ជា​ច្រើន​ស្តី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​លោក។ ការ​ចំណាយ​ពេល​ដើម្បី​សញ្ជឹង​គិត​អំពី‹កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា›ដោយ​ចិត្ត​ដឹង​គុណ​ចំពោះ​លោក នោះ​អាច​នាំ​ឲ្យ​យើង​ចង់​បណ្ដុះ​គុណសម្បត្ដិ​នេះ​ដែល​លោក​ពេញ​ចិត្ត។—សូម​អាន ទំនុក​តម្កើង ៧៧:១២

៧, ៨. (ក) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​យ៉ាង​ណា​ដល់​ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់? (ខ) តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ព្រះ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​គាត់?

ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ក្មួយ​របស់​អាប្រាហាំ​ឈ្មោះ​ឡុត និង​ក្រុម​គ្រួសារ​របស់​គាត់ ពេល​លោក​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​សូដុម​ដែល​ពួក​គេ​រស់​នៅ ទទួល​សេចក្ដី​ហិន​វិនាស។ កាល​ដែល​ជិត​ដល់​ពេល​ព្រះ​បំផ្លាញ​ចោល​ទី​ក្រុង​នោះ ពួក​ទេវតា​ដែល​បាន​មក​ជួប​ឡុត បាន​ដាស់​តឿន​គាត់​ឲ្យ​យក​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ពី​ទី​ក្រុង​ភ្លាម​ៗ។ គម្ពីរ​ចែង​ថា៖ «គាត់​នៅ​បង្អែ​បង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់​នឹង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២ នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មេត្ដា​ប្រណី​ដល់​គាត់»។ កាល​ដែល​យើង​គិត​អំពី​របៀប​ដែល​ព្រះ​សង្គ្រោះ​ពួក​គេ នេះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ចិត្ត​យើង ហើយ​នេះ​ជំរុញ​យើង​ឲ្យ​ទទួល​ស្គាល់​ថា​ព្រះ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​ពួក​គេ មែន​ទេ?—លោ. ១៩:១៦, ១៩

សូម​ពិចារណា​ដែរ​អំពី​គំរូ​របស់​ស្តេច​ដាវីឌ​នៃ​អ៊ីស្រាអែល​ពី​បុរាណ ដែល​បាន​ច្រៀង​ថា៖ «[ព្រះ​យេហូវ៉ា]អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯង ទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា»។ ដាវីឌ​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដោយ​សារ​លោក​បាន​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ប្រព្រឹត្ត​ជា​មួយ​នឹង​នាង​បាតសេបា! ដាវីឌ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ថា៖ «ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់»។ (ទំនុក. ១០៣:៣, ១១) ពេល​យើង​សញ្ជឹង​គិត​អំពី​កំណត់​ហេតុ​ទាំង​នេះ​និង​កំណត់​ហេតុ​ឯ​ទៀត​ក្នុង​គម្ពីរ នោះ​ចិត្ត​យើង​ពោរ​ពេញ​ទៅ​ដោយ​ការ​ដឹង​គុណ​ចំពោះ​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​នឹង​ជំរុញ​យើង​ឲ្យ​សរសើរ​និង​អរគុណ​លោក។ បើ​យើង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ច្រើន នោះ​យើង​នឹង​ចង់​យក​តម្រាប់​តាម​ព្រះ​ដ៏​ពិត​រឹត​តែ​ច្រើន​ដែរ។—អេភ. ៥:១

៩. តើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ដ៏​ធំ​ណា​មួយ​ឲ្យ​ពួក​គេ​បង្ហាញ​សេចក្ដី​សប្បុរស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ?

ឧទាហរណ៍​ក្នុង​គម្ពីរ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​សប្បុរស​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ពួក​អ្នក​ដែល​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក​រួច​ហើយ។ ចុះ​យ៉ាង​ណា​វិញ​ពួក​អ្នក​ដែល​គ្មាន​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ? តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដោយ​គ្មាន​មេត្ដា​ឬ? មិន​មែន​ទេ។ លូកា ៦:៣៥​ចែង​ថា៖ «[ព្រះ]មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​រមិល​គុណ​និង​មនុស្ស​ទុច្ចរិត»។ «លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត»។ (ម៉ាថ. ៥:៤៥) មុន​យើង​រៀន​អំពី​សេចក្ដី​ពិត​និង​មុន​យើង​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន យើង​ទទួល​សេចក្ដី​សប្បុរស​ដែល​ព្រះ​បង្ហាញ​ចំពោះ​មនុស្ស​ទាំង​អស់។ ប៉ុន្តែ ពេល​យើង​ក្លាយ​ទៅ​ជា​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក យើង​ទទួល​សេចក្ដី​សប្បុរស​របស់​លោក​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ។ (សូម​អាន អេសាយ ៥៤:១០) យើង​ពិត​ជា​អរគុណ​លោក​ដែល​បង្ហាញ​សេចក្ដី​សប្បុរស​បែប​នេះ​ដល់​យើង! មួយ​វិញ​ទៀត នេះ​ជា​មូលហេតុ​ដ៏​ធំ​មួយ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ក្នុង​ពាក្យ​សម្ដី​របស់​យើង ព្រម​ទាំង​ក្នុង​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ!

១០. ហេតុ​អ្វី​ការ​អធិដ្ឋាន​ជា​ជំនួយ​មួយ​ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​ដើម្បី​ឲ្យ​សេចក្ដី​សប្បុរស​ជា​គុណសម្បត្ដិ​មួយ​របស់​យើង?

១០ ជំនួយ​មួយ​ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​ដើម្បី​បណ្ដុះ​សេចក្ដី​សប្បុរស​គឺ​ការ​អធិដ្ឋាន។ យើង​អាច​បណ្ដុះ​សេចក្ដី​សប្បុរស​ក្នុង​ចិត្ត​របស់​យើង​ដោយ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដឹក​នាំ​យើង។ វិធី​ល្អ​បំផុត​ដើម្បី​ទទួល​សកម្មពល​នោះ​គឺ​ដោយ​អធិដ្ឋាន​សុំ​ព្រះ។ (លូក. ១១:១៣) គឺ​ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​យើង​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​សុំ​សកម្មពល​របស់​ព្រះ ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​សកម្មពល​នោះ។ ពិត​មែន ការ​សញ្ជឹង​គិត​និង​ការ​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​យើង​អាច​មាន​សម្ដី​សប្បុរស។

ប្ដី​ប្រពន្ធ​គួរ​ប្រើ​សម្ដី​សប្បុរស​រក​គ្នា

១១. (ក) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ប្រពន្ធ? (ខ) តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សប្បុរស​អាច​ជួយ​ប្ដី​ឲ្យ​ទប់​អណ្ដាត?

១១ សាវ័ក​ប៉ូល​បំផុស​ទឹក​ចិត្ត​ប្ដី​ទាំង​ឡាយ​ថា៖ «ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោកដើម្បី​ក្រុម​ជំនុំ»។ (អេភ. ៥:២៥) ប៉ូល​បាន​រំលឹក​ពួក​គេ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​និង​អេវ៉ា។ គាត់​បាន​សរសេរ​ថា៖ «បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ»។ (អេភ. ៥:៣១) គឺ​ច្បាស់​ណាស់ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​នៅ​ជាប់​ជា​មួយ​ប្រពន្ធ​ដោយ​ស្មោះ​ត្រង់ ហើយ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​នាង​ជា​និច្ច។ ប្ដី​ណា​ដែល​ឲ្យ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​គ្រប់​គ្រង​លើ​ពាក្យ​សម្ដី​របស់​ខ្លួន ប្ដី​នោះ​មិន​និយាយ​ពី​កំហុស​របស់​នាង​នៅ​មុខ​អ្នក​ឯ​ទៀត ឬ​មើល​ងាយ​នាង​ឡើយ។ តែ​គាត់​សប្បាយ​ចិត្ត​សរសើរ​នាង​វិញ។ (សុភ. ៣១:២៨) បើ​មាន​ហេតុ​ណា​មួយ​បង្ក​ឲ្យ​មាន​ទំនាស់ នោះ​សេចក្ដី​សប្បុរស​នឹង​ជំរុញ​ប្ដី​ឲ្យ​ទប់​អណ្ដាត​របស់​គាត់​ដើម្បី​មិន​ធ្វើ​ឲ្យ​ប្រពន្ធ​អាម៉ាស់​មុខ។

១២. តើ​ប្រពន្ធ​អាច​បង្ហាញ​យ៉ាង​ណា​ថា​សេចក្ដី​សប្បុរស​គ្រប់​គ្រង​លើ​ពាក្យ​សម្ដី​របស់​នាង?

១២ ប្រពន្ធ​ក៏​ត្រូវ​ឲ្យ​សេចក្ដី​សប្បុរស​គ្រប់​គ្រង​លើ​ពាក្យ​សម្ដី​របស់​នាង​ដែរ។ ចិត្ត​គំនិត​របស់​ពិភព​លោក​មិន​គួរ​មាន​ឥទ្ធិពល​លើ​ពាក្យ​សម្ដី​របស់​នាង​ឡើយ។ ដោយ«គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ» នាង​និយាយ​ល្អ​អំពី​ប្ដី​នៅ​មុខ​អ្នក​ឯ​ទៀត ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កាន់​តែ​គោរព​ប្ដី។ (អេភ. ៥:៣៣) បើ​នាង​មិន​យល់​ស្រប​នឹង​ប្ដី​ឬ​មាន​យោបល់​ផ្សេង​ខុស​ពី​ប្ដី នាង​ទប់​ចិត្ត​មិន​លើក​រឿង​នោះ​ឡើង​នៅ​មុខ​កូន​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​កូន​លែង​មាន​ការ​គោរព​ចំពោះ​ឪពុក។ នាង​នឹង​ដោះ​ស្រាយ​រឿង​បែប​នោះ​ជា​មួយ​នឹង​ប្ដី ពេល​នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។ គម្ពីរ​ចែង​ថា៖ «ស្រី​ៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង»។ (សុភ. ១៤:១) នាង​ធ្វើ​ឲ្យ​ផ្ទះ​ជា​កន្លែង​ដែល​សប្បាយ​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​ចង់​រស់​នៅ។

១៣. តើ​ប្ដី​ប្រពន្ធ​គួរ​ឲ្យ​សេចក្ដី​សប្បុរស​គ្រប់​គ្រង​លើ​សម្ដី​របស់​ខ្លួន​ជា​ពិសេស​នៅ​កន្លែង​ណា? ហើយ​តើ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៣ សូម្បី​តែ​ពេល​នៅ​ក្នុង​ផ្ទះ​ក៏​ដោយ ប្ដី​ប្រពន្ធ​ត្រូវ​ប្រើ​ជា​និច្ច​នូវ​ពាក្យ​សម្ដី​ដែល​បង្ហាញ​ថា​ពួក​គេ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​លះ​ចោល​ការ​ទាំង​អស់​នោះ​ទាំង​ស្រុង គឺ​កំហឹង អំពើ​អាក្រក់ និង​ពាក្យ​ប្រមាថ​មើល​ងាយ ហើយ​ពាក្យ​អាសអាភាស​មិន​ត្រូវ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ»។ គាត់​បាន​បន្ថែម​ថា៖ «ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​បំផុត សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប ចិត្ត​ស្លូត​បូត និង​ចិត្ត​ធ្ងន់ . . . ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​នោះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ»។ (កូឡ. ៣:៨, ១២​-​១៤) ពេល​កូន​មាន​ទម្លាប់​ឮ​ពាក្យ​សម្ដី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស​នៅ​ឯ​ផ្ទះ ពួក​គេ​មិន​គ្រាន់​តែ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ទំនង​ជា​ធ្វើ​តាម​របៀប​ដែល​ឪពុក​ម្ដាយ​និយាយ​ដែរ។

១៤. តើ​តាម​របៀប​ណា​ដែល​មេ​គ្រួសារ​អាច​ប្រើ​ពាក្យ​សម្ដី​ដើម្បី​សម្រាល​ទុក្ខ​ក្រុម​គ្រួសារ​របស់​ខ្លួន?

១៤ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា៖ ‹សូម​ឲ្យ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូល​បង្គំ›។ (ទំនុក. ១១៩:៧៦) វិធី​ដ៏​ប្រសើរ​ដែល​ព្រះ​យេហូវ៉ា​ដោះ​ទុក្ខ​ឬ​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក​គឺ​ដោយ​ឲ្យ​ពួក​គេ​នូវ​ការ​ដាស់​តឿន​និង​ការ​ណែនាំ។ (ទំនុក. ១១៩:១០៥) តើ​មេ​គ្រួសារ​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​ប្រើ​ពាក្យ​សម្ដី​ដែល​ជួយ​សម្រាល​ទុក្ខ​ក្រុម​គ្រួសារ​របស់​គាត់​យ៉ាង​ដូច​ម្ដេច? ពួក​គេ​អាច​ធ្វើ​ដូច្នេះ​ដោយ​ផ្ដល់​ការ​ណែនាំ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​ការ​ជា​ចាំ​បាច់។ ហេតុ​នេះ ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ពេល​ល្ងាច​មួយ ពិត​ជា​ផ្ដល់​ឱកាស​ដ៏​ល្អ​ដើម្បី​ទទួល​ចំណេះ​អំពី​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​ទ្រព្យ​សម្បត្ដិ!—សុភ. ២៤:៤

បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​បង​ប្អូន​រួម​ជំនឿ

១៥. ដើម្បី​រក្សា​ការ​ពារ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ តើ​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​អាច​ប្រើ​ពាក្យ​សម្ដី​យ៉ាង​ដូច​ម្ដេច?

១៥ ស្តេច​ដាវីឌ​បាន​អធិដ្ឋាន​ថា៖ «សូម​ឲ្យ​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់ បាន​ថែ​រក្សា[ឬ«ការ​ពារ»]ទូល​បង្គំ​ជា​និច្ច»។ (ទំនុក. ៤០:១១; ព.ថ.) តើ​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​រឿង​នេះ? បើ​ពួក​គេ​ប្រើ​ពាក្យ​សម្ដី​ដើម្បី​ទាញ​អារម្មណ៍​អ្នក​ឯ​ទៀត​ទៅ​លើ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ នេះ​ពិត​ជា​ការ​បង្ហាញ​សេចក្ដី​សប្បុរស​មែន។—សុភ. ១៧:១៧

១៦, ១៧. តើ​យើង​អាច​បង្ហាញ​តាម​វិធី​ណា​ខ្លះ​ថា​សេចក្ដី​សប្បុរស​គ្រប់​គ្រង​លើ​ពាក្យ​សម្ដី​របស់​យើង?

១៦ ប្រសិន​បើ​យើង​សង្កេត​ឃើញ​ថា​គ្រិស្ត​សាសនិក​ម្នាក់​កំពុង​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោល​ការណ៍​គម្ពីរ តើ​យើង​គួរ​ធ្វើ​អ្វី? សេចក្ដី​សប្បុរស​ជំរុញ​ចិត្ត​យើង​ឲ្យ​ព្យាយាម​កែ​តម្រង់​គាត់ មែន​ទេ? (ទំនុក. ១៤១:៥) បើ​យើង​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ណា​មួយ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ជំរុញ​យើង​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ធ្វើ​ខុស​ឲ្យ«ហៅ​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មក» ដើម្បី​ពួក​គាត់​អាច«អធិដ្ឋាន​ឲ្យ​អ្នក​នោះ ដោយ​លាប​ប្រេង​ក្នុង​នាម​ព្រះ​យេហូវ៉ា»។ (យ៉ា. ៥:១៤) បើ​អ្នក​ធ្វើ​ខុស​មិន​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ ហើយ​យើង​ក៏​មិន​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​អ្វី​ដែល​គាត់​ធ្វើ​ដែរ នោះ​យើង​មិន​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​គាត់​ទេ។ ម្យ៉ាង​ទៀត បង​ប្អូន​ខ្លះ​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត មាន​អារម្មណ៍​កណ្ដោច​កណ្ដែង ខក​ចិត្ត​ខ្លាំង ឬ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ វិធី​ល្អ​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ក្នុង​ពាក្យ​សម្ដី​របស់​យើង គឺ​ឲ្យ​យើង«និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត»។—១ថែ. ៥:១៤

១៧ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​សត្រូវ​របស់​ព្រះ​និយាយ​ពាក្យ​ចចាម​អារ៉ាម​អំពី​បង​ប្អូន​រួម​ជំនឿ​របស់​យើង? ជា​ជាង​សង្ស័យ​អំពី​ភាព​ស្មោះ​ត្រង់​របស់​បង​ប្អូន​រួម​ជំនឿ​របស់​យើង យើង​គួរ​បដិសេធ​ពាក្យ​បែប​នោះ​ដោយ​មិន​តប​ឆ្លើយ​វិញ ឬ​បើ​អ្នក​ចោទ​ប្រកាន់​នោះ​ជា​មនុស្ស​សម​ហេតុ​សម​ផល យើង​អាច​សួរ​គាត់​ថា តើ​គាត់​ពិត​ជា​ដឹង​ឬ​ទេ​ថា​ព័ត៌មាន​នោះ​ចេញ​មក​ពី​ប្រភព​ណា? បើ​សត្រូវ​របស់​រាស្ត្រ​ព្រះ​ចង់​ដឹង​អំពី​ទី​កន្លែង​របស់​បង​ប្អូន​រួម​ជំនឿ​យើង​ក្នុង​បំណង​ធ្វើ​បាប​ពួក​គាត់ នោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​បង​ប្អូន​យើង ជំរុញ​យើង​មិន​ឲ្យ​ប្រាប់​ព័ត៌មាន​ទាំង​នោះ។—សុភ. ១៨:២៤

មនុស្ស​ណា​ដែល​មាន‹សេចក្ដី​សប្បុរស​រមែង​បាន​ជីវិត›

១៨, ១៩. ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​យើង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ហេតុ​អ្វី​យើង​គួរ​ប្រើ​សម្ដី​សប្បុរស​ជា​និច្ច?

១៨ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​គួរ​ស​ឲ្យ​ឃើញ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​យើង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ យើង​គួរ​ប្រើ​សម្ដី​សប្បុរស​ជា​និច្ច សូម្បី​តែ​យើង​ស្ថិត​ក្រោម​ស្ថានភាព​ពិបាក​យ៉ាង​ណា​ក្ដី។ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ ពេល​សេចក្ដី​សប្បុរស​របស់​កូន​ចៅ​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ«ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​បន្ទាន់»។ (ហូ. ៦:៤,) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​រីករាយ​ពេល​យើង​បង្ហាញ​សេចក្ដី​សប្បុរស​ជា​ទៀង​ទាត់។ សូម​គិត​អំពី​របៀប​ដែល​លោក​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​ធ្វើ​ដូច្នេះ។

១៩ សុភាសិត ២១:២១​ចែង​ថា៖ «អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្ដី​សុចរិត នឹង​កិត្ដិសព្ទ»។ ពរ​ដែល​បុគ្គល​នោះ​នឹង​ទទួល​ក្នុង​ចំណោម​ពរ​ទាំង​ឡាយ​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មិន​មែន​ជា​ជីវិត​ដែល​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ទេ។ ព្រះ​យេហូវ៉ា​ជួយ​គាត់«ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ»។ (១ធី. ៦:១២, ១៩) ហេតុ​នេះ សូម​ឲ្យ​យើង«សំដែង​សេចក្ដី​សប្បុរស . . . ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។—សាក. ៧:៩

[កំណត់​សម្គាល់]

^ វគ្គ 1 យោង​ទៅ​តាម​ភាសា​ដើម ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា«សេចក្ដី​សប្បុរស»ក្នុង​បទ​គម្ពីរ​ទាំង​អស់​ដែល​យើង​ដក​ស្រង់​ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ នោះ​បង្កប់​អត្ថន័យ​ថា«សេចក្ដី​សប្បុរស​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ»។

^ វគ្គ 4 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​ថា តើ​សេចក្ដី​សប្បុរស​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ខុស​គ្នា​យ៉ាង​ណា​ពី​ភក្ដី​ភាព សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស​ដែល​មនុស្ស​មាន​ជា​ទូទៅ? សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០២ ទំព័រ​២២​-​២៣ និង​ទំព័រ​២៧​-​២៩

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

• តើ​អ្នក​បក​ស្រាយ​យ៉ាង​ណា​នូវ​អត្ថន័យ​នៃ​ពាក្យ​សេចក្ដី​សប្បុរស?

• តើ​មាន​អ្វី​ខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រើ​សម្ដី​សប្បុរស?

• តើ​ប្ដី​ប្រពន្ធ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ក្នុង​ពាក្យ​សម្ដី​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

• ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ តើ​អ្វី​បង្ហាញ​ថា​យើង​ប្រើ​សម្ដី​សប្បុរស?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២០]

ដាវីឌ​បាន​សរសើរ​តម្កើង​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​២១]

តើ​អ្នក​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​នៅ​ល្ងាច​មួយ​ជា​ទៀង​ទាត់​ឬ​ទេ?