សេចក្ដីពិតអំពីអំពើខុសឆ្គង
សេចក្ដីពិតអំពីអំពើខុសឆ្គង
តើបុរសដែលគ្រុនអាចនិយាយថាគាត់មិនគ្រុនទេដោយបោកចោលឧណ្ហមាត្រឬ? មិនមែនទេ! ស្រដៀងគ្នាដែរ សូម្បីតែមនុស្សជាច្រើនបានបដិសេធទស្សនៈរបស់ព្រះស្តីអំពីអំពើខុសឆ្គងក៏ដោយ តែនេះមិនមានន័យថាគ្មានអំពើខុសឆ្គងនោះទេ។ គម្ពីរបរិសុទ្ធដែលជាបណ្ដាំរបស់លោក មានព័ត៌មានជាច្រើនអំពីរឿងនេះ។ ដូច្នេះ តើគម្ពីរបរិសុទ្ធបង្រៀនយ៉ាងណាអំពីអំពើខុសឆ្គង?
មនុស្សទាំងអស់មានភាពខុសឆ្គង
ជាងពីរពាន់ឆ្នាំមុន សាវ័កប៉ូលបានបង្ហាញថាគាត់មួម៉ៅដោយសារ‹គាត់មិនធ្វើការល្អដែលគាត់ប៉ងប្រាថ្នាធ្វើនោះទេ ប៉ុន្តែគាត់មានទម្លាប់ធ្វើការអាក្រក់ដែលគាត់មិនប៉ងប្រាថ្នាធ្វើវិញ›។ (រ៉ូម ៧:១៩) បើយើងស្មោះត្រង់ យើងត្រូវទទួលស្គាល់ថាស្ថានភាពរបស់យើងផ្ទាល់ក៏ស្រដៀងគ្នាដែរ។ ប្រហែលជាយើងចង់រស់នៅសមស្របនឹងបញ្ញត្ដិ១០ប្រការឬតាមខ្នាតតម្រាសីលធម៌ណាមួយ តែយើងទាំងអស់គ្នាមិនអាចធ្វើបានទេ។ នេះគឺមិនមែនដោយសារយើងសម្រេចធ្វើខុសដោយចេតនាទេ តែគឺដោយសារយើងមានភាពទន់ខ្សោយ។ ហេតុអ្វីយើងមិនអាចរស់នៅសមស្របនឹងបញ្ញត្ដិ១០ប្រការឬតាមខ្នាតតម្រាសីលធម៌ណាមួយ? ប៉ូលបានឆ្លើយថា៖ «ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនប៉ងប្រាថ្នាធ្វើ នោះខ្ញុំមិនមែនជាអ្នកធ្វើទេ តែគឺជាភាពខុសឆ្គងដែលស្ថិតនៅក្នុងខ្លួនខ្ញុំវិញ»។—រ៉ូម ៧:២០
ដូចសាវ័កប៉ូលដែរ មនុស្សជាតិរងទុក្ខដោយសារភាពទន់ខ្សោយដែលពួកគេមានពីកំណើត នេះជាភ័ស្តុតាងដែលបញ្ជាក់ថាពួកគេឆ្លងភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះពីឪពុកម្ដាយដំបូងរបស់ពួកគេ។ សាវ័កប៉ូលបានពោលថា៖ «គ្រប់គ្នាធ្លាប់ធ្វើខុសក៏មិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះ»។ តើអ្វីបណ្ដាលឲ្យមានស្ថានភាពដូចនេះ? ប៉ូលនិយាយតទៀតថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់[អាដាម] ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។—រ៉ូម ៣:២៣; ៥:១២
ទោះជាមនុស្សជាច្រើនមិនជឿថាអំពើរំលងរបស់ឪពុកម្ដាយដំបូងរបស់យើងបានធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះ ហើយនេះបានធ្វើឲ្យយើងបាត់បង់ភាពល្អឥតខ្ចោះក៏ដោយ តែតាមពិតនេះជាអ្វីដែលគម្ពីរបង្រៀន។ ដោយសារលោកយេស៊ូបានដកស្រង់ជំពូកដំបូងនៃសៀវភៅលោកុប្បត្តិដើម្បីគាំទ្រសេចក្ដីបង្រៀនរបស់លោក នេះបង្ហាញថាលោកជឿថារឿងអំពីអាដាមនិងអេវ៉ាជារឿងពិត។—លោកុប្បត្តិ ១:២៧; ២:២៤; ៥:២; ម៉ាថាយ ១៩:១-៥
សេចក្ដីបង្រៀនមួយក្នុងចំណោមសេចក្ដីបង្រៀនសំខាន់ៗនៃគម្ពីរ គឺលោកយេស៊ូបានមកផែនដីដើម្បីលោះមនុស្សដែលមានជំនឿលើលោក ពីភាពខុសឆ្គង។ (យ៉ូហាន ៣:១៦) សេចក្ដីសង្ឃឹមរបស់យើងអំពីជីវិតនៅពេលអនាគតអាស្រ័យទៅលើយើងទទួលយកមធ្យោបាយដែលព្រះយេហូវ៉ាសង្គ្រោះមនុស្សជាតិដែលដឹងគុណលោក ពីស្ថានភាពដ៏លំបាកដែលពួកគេមិនអាចជៀសផុត។ ប៉ុន្តែ ប្រសិនបើយើងមិនយល់ច្បាស់អំពីទស្សនៈរបស់ព្រះអំពីភាពខុសឆ្គងទេ នោះយើងមិនអាចដឹងគុណចំពោះលោកយេស៊ូដែលជាមធ្យោបាយដែលព្រះបានរៀបចំដើម្បីសង្គ្រោះយើងពីភាពខុសឆ្គងឡើយ។
គ្រឿងបូជារបស់លោកយេស៊ូនិងមូលហេតុដែលយើងត្រូវការគ្រឿងបូជានោះ
ព្រះយេហូវ៉ាបានផ្ដល់ឲ្យបុរសទី១នូវសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់។ អាដាមអាចមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនោះរហូត បើគាត់មិនបះបោរប្រឆាំងព្រះទេ។ ប៉ុន្តែអាដាមបានបះបោរប្រឆាំងព្រះ ហើយពេលគាត់ធ្វើដូច្នេះ គាត់បានក្លាយទៅជាអ្នកប្រព្រឹត្តអំពើខុសឆ្គង។ (លោកុប្បត្តិ ២:១៥-១៧; ៣:៦) អាដាមបានប្រព្រឹត្តផ្ទុយនឹងបំណងប្រាថ្នារបស់ព្រះ ហើយលែងមានភាពល្អឥតខ្ចោះ ថែមទាំងបានធ្វើឲ្យចំណងមេត្រីភាពរបស់គាត់ជាមួយព្រះប្រេះឆា។ ពេលគាត់ប្រព្រឹត្តអំពើខុសឆ្គងដោយបំពានច្បាប់របស់ព្រះ គាត់បានចាប់ផ្ដើមចាស់ ហើយនៅទីបំផុតគាត់បានស្លាប់។ គួរឲ្យស្ដាយណាស់ដែលកូនចៅទាំងអស់របស់អាដាមរួមទាំងយើងផងដែរបានកើតមកមានភាពខុសឆ្គង ហើយយើងត្រូវស្លាប់ដោយសារភាពខុសឆ្គងនោះ។ ហេតុអ្វី?
មូលហេតុគឺស្រួលយល់ណាស់។ ឪពុកម្ដាយដែលមិនល្អឥតខ្ចោះមិនអាចបង្កើតបានកូនល្អឥតខ្ចោះទេ។ កូនចៅទាំងអស់របស់អាដាមបានកើតមកជាមនុស្សមានភាពខុសឆ្គង ហើយដូចសាវ័កប៉ូលកត់សម្គាល់ «ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់»។ (រ៉ូម ៦:២៣) ក៏ប៉ុន្តែ ផ្នែកទី២នៃខនេះ ផ្ដល់សេចក្ដីសង្ឃឹមដល់យើងថា៖ «តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង»។ បើនិយាយឲ្យចំទៅ តាមរយៈមរណភាពជាគ្រឿងបូជារបស់លោកយេស៊ូ មនុស្សជាតិដែលស្ដាប់បង្គាប់និងដឹងគុណ អាចត្រូវជម្រះសម្អាតពីឥទ្ធិពលនៃអំពើខុសឆ្គងដែលអាដាមបានប្រព្រឹត្ត។ * (ម៉ាថាយ ២០:២៨; ពេត្រុសទី១ ១:១៨, ១៩) តើនេះគួរធ្វើឲ្យលោកអ្នកមានអារម្មណ៍យ៉ាងណា?
សេចក្ដីស្រឡាញ់របស់គ្រិស្ត«ជំរុញចិត្តយើង»
ព្រះបានដឹកនាំសាវ័កប៉ូលឲ្យកត់ទុកនូវចម្លើយរបស់លោកចំពោះសំណួរខាងលើនេះ។ គាត់បានសរសេរថា៖ «សេចក្ដីស្រឡាញ់ដែលគ្រិស្តមាន ជំរុញចិត្តយើង ដោយសារយើងយល់ឃើញថា បុរសម្នាក់បានស្លាប់ដើម្បីមនុស្សទាំងអស់ . . . ហើយលោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។ (កូរិនថូសទី២ ៥:១៤, ១៥) បើបុគ្គលម្នាក់យល់ថាគ្រឿងបូជារបស់លោកយេស៊ូអាចរំដោះគាត់ពីឥទ្ធិពលនៃអំពើខុសឆ្គង ហើយគាត់ចង់សម្ដែងនូវកតញ្ញុតាធម៌ចំពោះការរៀបចំនោះ គាត់ត្រូវព្យាយាមរស់នៅសមស្របតាមបំណងប្រាថ្នារបស់ព្រះចំពោះគាត់។ នោះរួមបញ្ចូលគាត់ត្រូវមានការយល់ដឹងអំពីអ្វីដែលព្រះចង់ឲ្យគាត់ធ្វើ អប់រំសមត្ថភាពវិនិច្ឆ័យរបស់គាត់ស្របតាមខ្នាតតម្រាគម្ពីរ ហើយរស់នៅស្របតាមខ្នាតតម្រានោះ។—យ៉ូហាន ១៧:៣, ១៧
ការប្រព្រឹត្តអំពើខុសឆ្គងធ្វើឲ្យចំណងមេត្រីភាពរបស់យើងជាមួយព្រះយេហូវ៉ាប្រេះឆា។ ពេលដែលស្តេចដាវីឌទទួលស្គាល់ថាអំពើផិតក្បត់របស់គាត់ជាមួយនាងបាតសេបា និងការធ្វើឃាតប្ដីរបស់នាងជាអំពើខុសឆ្គងធ្ងន់ធ្ងរ គាត់ពិតជាមានសេចក្ដីអៀនខ្មាសខ្លាំងណាស់។ ប៉ុន្តែអ្វីដែលគាត់បារម្ភបំផុត ហើយដែលជាការបារម្ភត្រឹមត្រូវនោះ គឺអំពើខុសឆ្គងរបស់គាត់ បានធ្វើឲ្យព្រះទាស់ចិត្ត។ គាត់បានសារភាពចំពោះព្រះយេហូវ៉ាដោយស្ដាយក្រោយជាខ្លាំងថា៖ «ទូលបង្គំបានធ្វើ[អំពើខុសឆ្គង]នឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង»។ (ទំនុកតម្កើង ៥១:៤) ស្រដៀងគ្នាដែរ ពេលយ៉ូសែបបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើផិតក្បត់ សមត្ថភាពវិនិច្ឆ័យរបស់គាត់បណ្ដាលឲ្យគាត់សួរថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមាន[អំពើខុសឆ្គង]នៅចំពោះព្រះផង»។—លោកុប្បត្តិ ៣៩:៩
ដូច្នេះ អំពើខុសឆ្គងមិនគ្រាន់តែជាការខ្មាសគេ ដោយសារគេដឹងថាយើងបានធ្វើអ្វីមួយដែលខុសប៉ុណ្ណោះទេ ឬក៏មិនមែនជាការពន្យល់មូលហេតុដែលយើងមិនបានបំពេញគោលការណ៍ណាមួយសមស្របតាមមតិសាធារណៈឬតាមសង្គមឡើយ។ ការបំពានច្បាប់របស់ព្រះស្តីអំពីការរួមភេទ សេចក្ដីទៀងត្រង់ សេចក្ដីគោរព ការគោរពប្រណិប័តន៍ព្រះជាដើម ធ្វើឲ្យចំណងមេត្រីភាពរបស់យើងជាមួយព្រះប្រេះឆា។ ប្រសិនបើយ៉ូហានទី១ ៣:៤, ៨
យើងប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា នោះយើងតាំងខ្លួនយើងជាសត្រូវរបស់ព្រះ។ នេះជាការពិតមួយដែលតម្រូវឲ្យយើងត្រិះរិះឲ្យបានដិតដល់។—ដូច្នេះ តើមានអ្វីកើតឡើងដល់អំពើខុសឆ្គង? តាមពិតគ្មានអ្វីកើតឡើងដល់អំពើខុសឆ្គងទេ។ មនុស្សចាប់ផ្ដើមហៅអំពើនោះដោយប្រើពាក្យផ្សេងដោយធ្វើឲ្យគេគិតថាអំពើនោះមិនមែនជាកំហុសធ្ងន់ធ្ងរទេ។ មនុស្សជាច្រើនបានធ្វើឲ្យសមត្ថភាពវិនិច្ឆ័យរបស់ខ្លួនលែងស្តីបន្ទោសខ្លួន ឬមិនស្ដាប់សមត្ថភាពវិនិច្ឆ័យនោះទេ។ នរណាដែលចង់ទទួលការពេញចិត្តពីព្រះ ត្រូវទប់ទល់នឹងទំនោរចិត្តបែបនោះ។ ដូចយើងបានរៀនខាងលើ ប្រាក់ឈ្នួលនៃអំពើខុសឆ្គងគឺមិនគ្រាន់តែជាការបាក់មុខឬខ្មាសគេទេ តែគឺជាសេចក្ដីស្លាប់។ អំពើខុសឆ្គងគឺជារឿងស្លាប់រស់។
ប៉ុន្តែគួរឲ្យសប្បាយណាស់ បើយើងកែប្រែចិត្តដោយស្មោះពីអំពើខុសឆ្គង យើងអាចទទួលការអភ័យទោសតាមរយៈថ្លៃលោះដែលលោកយេស៊ូបានបង់។ ប៉ូលបានសរសេរថា៖ «អ្នកណាដែលបានទទួលការលើកលែងទោសចំពោះការប្រព្រឹត្តប្រឆាំងច្បាប់ ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង អ្នកនោះមានសុភមង្គលហើយ។ អ្នកណាដែលព្រះយេហូវ៉ាមិនកត់ទុកការខុសឆ្គងរបស់គាត់ អ្នកនោះមានសុភមង្គលហើយ»។—រ៉ូម ៤:៧, ៨
[កំណត់សម្គាល់]
^ វគ្គ 10 ដើម្បីយល់ឲ្យបានពេញលេញអំពីរបៀបដែលមរណភាពជាគ្រឿងបូជារបស់លោកយេស៊ូអាចសង្គ្រោះមនុស្សជាតិដែលស្ដាប់បង្គាប់ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ៥២ដល់៦១ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[ប្រអប់/រូបភាពនៅទំព័រ១០]
ជំនឿមួយដែលគេលុបចោល
អ្នកកាន់សាសនាកាតូលិកភាគច្រើនដែលទៅវិហារ មិនយល់ច្បាស់សោះអំពីជំនឿស្តីអំពីស្ថានមួយដែលមិនមែនជាស្ថានសួគ៌ ហើយក៏មិនមែនជាស្ថាននរកដែរ។ នៅទសវត្សរ៍ដែលកន្លងទៅថ្មីៗនេះ ជំនឿនេះបានត្រូវដកចេញបន្ដិចម្ដងៗពីសេចក្ដីបង្រៀនរបស់សាសនាកាតូលិក។ នៅឆ្នាំ២០០៧ សាសនាកាតូលិកបានលុបចោលជាផ្លូវការដោយសរសេរក្នុងឯកសារមួយថា «មានមូលហេតុខាងជំនឿនិងធម៌សាសនាដែលធ្វើឲ្យយើងយល់ថា ទារកដែលស្លាប់ដោយមិនបានទទួលការជ្រមុជទឹកអាចទទួលសេចក្ដីសង្គ្រោះ ហើយមានសុភមង្គលជារៀងរហូត» (International Theological Commission)។
ហេតុអ្វីបានជាគេលុបចោលជំនឿនេះ? បើនិយាយឲ្យត្រង់ទៅ ការលុបចោលជំនឿនេះអនុញ្ញាតឲ្យសាសនាកាតូលិកជម្រុះចោលនូវអ្វីដែលអ្នកសរសេរកាសែតជនជាតិបារាំងម្នាក់បានហៅថា «ជំនឿមួយដែលជាមត៌ក ហើយជាបន្ទុកដ៏ធ្ងន់ដែលបានត្រូវរក្សាដោយសាសនាដ៏មានឥទ្ធិពលមួយ តាំងពីយុគសម័យកណ្ដាលរហូតដល់សតវត្សរ៍ទី២០។ សាសនានោះចូលចិត្តប្រើជំនឿអំពីស្ថានមួយដែលមិនមែនជាស្ថានសួគ៌ ហើយក៏មិនមែនជាស្ថាននរក ដើម្បីគំរាមឪពុកម្ដាយឲ្យធ្វើពិធីជ្រមុជទឹកកូនឲ្យបានឆាប់បំផុតបើអាចធ្វើទៅបាន»។ (Henri Tincq) ប៉ុន្តែការលុបចោលជំនឿនោះ ក៏នាំឲ្យមានបញ្ហាផ្សេងទៀតដែរ។
តើគួរធ្វើតាមប្រពៃណីឬតាមគម្ពីរ? យោងទៅតាមប្រវត្ដិសាស្ត្រ នៅសតវត្សរ៍ទី១២ ជំនឿអំពីស្ថានមួយដែលមិនមែនជាស្ថានសួគ៌ ហើយក៏មិនមែនជាស្ថាននរក កើតមកពីការជជែកវែកញែកមួយខាងជំនឿសាសនាស្តីអំពីស្ថានមួយដែលគេបញ្ជូនវិញ្ញាណមនុស្សស្លាប់ឲ្យទៅរងទុក្ខ ដោយសារអំពើខុសឆ្គងរបស់ខ្លួនមុនឡើងទៅស្ថានសួគ៌។ សាសនាកាតូលិកបានបង្រៀនថាព្រលឹងបន្តរស់ក្រោយមនុស្សស្លាប់ ដូច្នេះពួកគេត្រូវពន្យល់ថាព្រលឹងទារកទៅកន្លែងណា ព្រោះព្រលឹងនោះមិនអាចទៅស្ថានសួគ៌បានដោយសារពួកគេមិនបានទទួលការជ្រមុជទឹក តែទោះជាយ៉ាងនោះក៏ដោយ ព្រលឹងនោះក៏មិនសមទៅស្ថាននរកដែរ។ អាស្រ័យហេតុនេះ ជំនឿស្តីអំពីស្ថានមួយដែលមិនមែនជាស្ថានសួគ៌ ហើយក៏មិនមែនជាស្ថាននរក បានត្រូវបង្កើតឡើង។
ក៏ប៉ុន្តែ គម្ពីរមិនចែងថាព្រលឹងបន្តរស់ក្រោយមនុស្សស្លាប់ឡើយ។ ផ្ទុយទៅវិញ គម្ពីរបញ្ជាក់យ៉ាងច្បាស់ថាព្រលឹងមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងត្រូវ«បំផ្លាញចោល» ហើយ«នឹងត្រូវស្លាប់»។ (សកម្មភាព ៣:២៣; អេសេគាល ១៨:៤) ដោយហេតុថាព្រលឹងអាចស្លាប់ ដូច្នេះមិនមានស្ថានមួយដែលមិនមែនជាស្ថានសួគ៌ ហើយក៏មិនមែនជាស្ថាននរកទេ។ ម្យ៉ាងទៀត គម្ពីរពណ៌នាថាសេចក្ដីស្លាប់ជាសភាពមួយស្រដៀងគ្នានឹងការដេកលក់ ដែលមនុស្សឬសត្វមិនដឹងខ្លួនសោះ។—សាស្ដា ៩:៥, ១០; យ៉ូហាន ១១:១១-១៤
គម្ពីរបង្ហាញថាព្រះចាត់ទុកទារកដែលមានឪពុកម្ដាយជាគ្រិស្តសាសនិកថាបរិសុទ្ធ។ (កូរិនថូសទី១ ៧:១៤) ពាក្យបែបនេះនឹងគ្មានប្រយោជន៍សោះឡើយ ប្រសិនបើការជ្រមុជទឹកទារកគឺចាំបាច់ដើម្បីពួកគេអាចទទួលសេចក្ដីសង្គ្រោះ។
ការដែលគេបង្រៀនអំពីស្ថានមួយដែលមិនមែនជាស្ថានសួគ៌ ហើយក៏មិនមែនជាស្ថាននរក គឺពិតជាការប្រមាថព្រះមែន ដោយសារនេះនាំឲ្យមនុស្សគិតថាលោកជាព្រះផ្ដាច់ការ ហើយគ្មានមេត្ដាដែលធ្វើទារុណកម្មជនស្លូតត្រង់ ជាជាងនាំឲ្យគេគិតថាលោកជាបិតាដែលប្រកបដោយយុត្ដិធម៌និងសេចក្ដីស្រឡាញ់។ (ចោទិយកថា ៣២:៤; ម៉ាថាយ ៥:៤៥; យ៉ូហានទី១ ៤:៨) ហេតុនេះហើយបានជាជំនឿនេះដែលគ្មានមូលដ្ឋានលើគម្ពីរ គឺជាជំនឿដែលមិនសមហេតុផលសោះចំពោះគ្រិស្តសាសនិកដែលស្មោះត្រង់!
[រូបភាពនៅទំព័រ៩]
ការរស់នៅសមស្របនឹងបណ្ដាំរបស់ព្រះ នាំឲ្យមានចំណងមេត្រីភាពល្អជាមួយព្រះនិងជាមួយអ្នកឯទៀត