លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំមើលអ្វីៗដែលគ្មានប្រយោជន៍!

កុំមើលអ្វីៗដែលគ្មានប្រយោជន៍!

កុំ​មើល​អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍!

«សូម​បង្វែរ​ភ្នែក​ខ្ញុំ​មិន​ឲ្យ​មើល​អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍ ហើយ​រក្សា​ខ្ញុំ​ឲ្យ​មាន​ជីវិត តាម​ផ្លូវ​របស់​លោក»។—ទំនុក. ១១៩:៣៧, ព.ថ.

១. តើ​ការ​ដែល​យើង​អាច​មើល​ឃើញ​គឺ​សំខាន់​ប៉ុណ្ណា?

ការ​ដែល​យើង​អាច​មើល​ឃើញ​ជា​អ្វី​ដ៏​វិសេស​វិសាល​ណាស់! តាម​រយៈ​ភ្នែក​យើង យើង​អាច​ឃើញ​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង​ក្នុង​មួយ​រំពេច។ យើង​អាច​មើល​ឃើញ​ជម្រៅ ចម្ងាយ កម្រាស់ និង​ពណ៌​ផ្សេង​ៗ​ដែរ។ ការ​មើល​ឃើញ​ជួយ​ឲ្យ​យើង​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​ឬ​ឃើញ​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ តាម​រយៈ​ភ្នែក យើង​ឃើញ​លម្អ​នៃ​របស់​ផ្សេង​ៗ ឲ្យ​តម្លៃ​លើ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត ហើយ​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​មាន​ព្រះ​ពិត​ប្រាកដ​មែន និង​ថា​លោក​មាន​សិរី​រុង​រឿង។ (ទំនុក. ៨:៣, ៤; ១៩:១, ២; ១០៤:២៤; រ៉ូម ១:២០) ម្យ៉ាង​ទៀត ដោយ​សារ​ភ្នែក​យើង​បញ្ជូន​ព័ត៌មាន​ផ្សេង​ៗ​ទៅ​ខួរ​ក្បាល​យើង នោះ​ភ្នែក​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​រៀន​អំពី​ព្រះ និង​ក្នុង​ការ​ពង្រឹង​ជំនឿ​ទៅ​លើ​លោក។—យ៉ូស. ១:៨; ទំនុក. ១:២, ៣

២. ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​យើង​មើល? ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​សំណូម​ពរ​ដ៏​ស្មោះ​របស់​អ្នក​តែង​បទ​ទំនុក​តម្កើង?

ក៏​ប៉ុន្តែ អ្វី​ដែល​យើង​មើល ក៏​អាច​មាន​ឥទ្ធិពល​អាក្រក់​មក​លើយើង​ដែរ។ ភ្នែក​និង​ចិត្ត​គំនិត​របស់​យើង​ជាប់​ទាក់​ទង​គ្នា​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​អ្វី​ដែល​យើង​មើល​ឃើញ​អាច​ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​និង​មហិច្ឆតា ឬ​មាន​អ្វី​ទាំង​នេះ​កាន់​តែ​ច្រើន​ឡើង។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​មនុស្ស​ខូច​អាក្រក់​និង​មនុស្ស​ដែល​បំពេញ​ចិត្ត​ខ្លួន និង​ក្នុង​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​មេ​កំណាច​សាថាន នោះ​សម្បូរ​ទៅ​ដោយ​រូប​ភាព​និង​ការ​ឃោសនា​ដែល​នាំ​ឲ្យ​យើង​វង្វេង​យ៉ាង​ងាយ ទោះ​ជា​យើង​មើល​តែ​មួយ​ភ្លែត​ក៏​ដោយ។ (១យ៉ូន. ៥:១៩) ដូច្នេះ មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​អ្នក​តែង​បទ​ទំនុក​តម្កើង​បាន​អង្វរ​ព្រះ​ថា៖ «សូម​បង្វែរ​ភ្នែក​ខ្ញុំ​មិន​ឲ្យ​មើល​អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍ ហើយ​រក្សា​ខ្ញុំ​ឲ្យ​មាន​ជីវិត តាម​ផ្លូវ​របស់​លោក»។—ទំនុក. ១១៩:៣៧, ព.ថ.

របៀប​ដែល​ភ្នែក​យើង​អាច​បំភាន់​យើង

៣​-​៥. តើ​មាន​កំណត់​ហេតុ​អ្វី​ខ្លះ​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ឲ្យ​ភ្នែក​ទាក់​ទាញ​យើង?

សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​នាង​អេវ៉ា​ជា​ស្ត្រី​ដំបូង។ សាថាន​បាន​ប្រាប់​នាង​ថា បើ​នាង​បរិភោគ​ផ្លែ​ឈើ​ពី«ដើម​ដឹង​ខុស​ត្រូវ» នោះ​ភ្នែក​នាង​នឹង«បាន​ភ្លឺ​ឡើង»។ ពេល​នាង​អេវ៉ា​គិត​ថា​ភ្នែក​របស់​នាង​នឹង​បាន«ភ្លឺ» នោះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​ចង់​បរិភោគ​ផ្លែ​ឈើ​ដែល​បាន​ត្រូវ​ហាម​មិន​ឲ្យ​បរិភោគ។ ចំណាប់​អារម្មណ៍​របស់​នាង​ចង់​បរិភោគ​ផ្លែ​ឈើ​នោះ​មាន​កាន់​តែ​ខ្លាំង​ឡើង ពេល​នាង«ឃើញ​ថា​ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​ចង់​បាន​ដើម្បី​ឲ្យ​បាន​ប្រាជ្ញា»។ ដោយ​សារ​នាង​បាន​សម្លឹង​មើល​ដើម​ឈើ​នោះ​ដោយ​ចិត្ត​ចង់​បាន បាន​ជា​ដើម​ឈើ​នោះ​ជា​ទី​គាប់​ដល់​ភ្នែក​នាង ហើយ​នេះ​នាំ​ឲ្យ​នាង​បំពាន​ច្បាប់​ព្រះ។ អាដាម​ដែល​ជា​ប្ដី​របស់​នាង ក៏​បាន​បំពាន​ច្បាប់​ព្រះ​ដែរ ហើយ​នេះ​នាំ​ឲ្យ​មនុស្សជាតិ​ទាំង​ឡាយ​ទទួល​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ។—លោ. ២:១៧; ៣:២​-​៦; រ៉ូម ៥:១២; យ៉ា. ១:១៤, ១៥

នៅ​សម័យ​ណូអេ ក៏​មាន​ទេវតា​ខ្លះ​ដែល​ទទួល​ឥទ្ធិពល​ពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ដែរ។ សៀវភៅ​លោកុប្បត្តិ ៦:២​បាន​ចែង​អំពី​ពួក​គេ​ថា៖ «ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ»។ ពួក​គេ​បាន​មើល​កូន​ស្រី​របស់​មនុស្ស​ដោយ​ចិត្ត​ស្រើប​ស្រាល ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​ទេវតា​ទាំង​នេះ​ដែល​បះ​បោរ​ប្រឆាំង​ព្រះ មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ពី​ធម្មជាតិ​ចង់​រួម​ដំណេក​ជា​មួយ​មនុស្ស ហើយ​ហេតុ​នេះ ពួក​គេ​បង្កើត​បាន​កូន​ដែល​កាច​សាហាវ។ អំពើ​អាក្រក់​របស់​មនុស្ស​នៅ​សម័យ​នោះ នាំ​ឲ្យ​មនុស្សជាតិ​ទាំង​ឡាយ​ទទួល​សេចក្ដី​ហិន​វិនាស លើក​លែង​តែ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់។—លោ. ៦:៤​-​៧, ១១, ១២

រាប់​រយ​ឆ្នាំ​ក្រោយ​មក ភ្នែក​របស់​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​អេកាន បាន​ទាក់​ទាញ​គាត់​ឲ្យ​លួច​របស់​ខ្លះ​ៗ​ពី​ក្រុង​យេរីខូ​ដែល​ប្រជាជាតិ​អ៊ីស្រាអែល​បាន​ដណ្ដើម​យក។ ព្រះ​បាន​បង្គាប់​ថា​របស់​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នោះ​ត្រូវ​បំផ្លាញ​ចោល លើក​លែង​តែ​របស់​ខ្លះ​ៗ​ដែល​ត្រូវ​ទុក​ក្នុង​ឃ្លាំង​របស់​ព្រះ​យេហូវ៉ា។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ព្រមាន​ថា៖ «ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ»។ ពេល​អេកាន​មិន​ស្ដាប់​បង្គាប់ ជន​ជាតិ​អ៊ីស្រាអែល​ទទួល​បរាជ័យ​នៅ​ទី​ក្រុង​អៃយ ហើយ​ពួក​គេ​មួយ​ចំនួន​បាន​ស្លាប់។ អេកាន​មិន​បាន​សារភាព​ថា​គាត់​លួច​របស់​ខ្លះ​ទេ​រហូត​ដល់​ពេល​គេ​ដឹង​ថា​គាត់​ជា​អ្នក​លួច។ អេកាន​បាន​និយាយ​ថា៖ «ដ្បិត​ខ្ញុំ​បាន​ឃើញ»របស់​ទាំង​នោះ «នោះ​ខ្ញុំ​កើត​មាន​ចិត្ត​លោភ​ចង់​បាន រួច​ក៏​យក​ទៅ»។ ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក​បាន​នាំ​ឲ្យ​គាត់​ទទួល​សេចក្ដី​ហិន​វិនាស ព្រម​ទាំង«របស់​គាត់​ទាំង​អស់​ដែរ។ (យ៉ូស. ៦:១៨, ១៩; ៧:១​-​២៦) អេកាន​មាន​ចិត្ត​ចង់​បាន​អ្វី​ដែល​បាន​ត្រូវ​ហាមឃាត់។

យើង​ត្រូវ​ខំ​ប្រឹង​ទប់​ចិត្ត

៦, ៧. ក្នុង​ចំណោម«កលល្បិច​ទាំង​ប៉ុន្មាន»របស់​សាថាន តើ​កលល្បិច​ណា​ដែល​វា​ប្រើ​ជា​ញឹក​ញាប់​ដើម្បី​ដាក់​អន្ទាក់​យើង? ហើយ​តើ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ប្រើ​កលល្បិច​នេះ​យ៉ាង​ដូច​ម្ដេច?

មនុស្សជាតិ​សព្វ​ថ្ងៃ​នេះ​បាន​ត្រូវ​ល្បួង​តាម​របៀប​ស្រដៀង​គ្នា​នឹង​របៀប​ដែល​ធ្លាប់​ប្រើ​ក្នុង​ករណី​របស់​នាង​អេវ៉ា ពួក​ទេវតា​មិន​ស្ដាប់​បង្គាប់​ព្រះ និង​អេកាន។ ក្នុង​ចំណោម«កលល្បិច​ទាំង​ប៉ុន្មាន»ដែល​សាថាន​បាន​ប្រើ​ដើម្បី​បំភាន់​មនុស្សជាតិ នោះ​កលល្បិច​ខ្លាំង​បំផុត​គឺ«ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក»។ (២កូ. ២:១១; ១យ៉ូន. ២:១៦) អ្នក​ផ្សាយ​ពាណិជ្ជកម្ម​នៅ​សម័យ​នេះ​ដឹង​ថា មនុស្ស​ទទួល​ឥទ្ធិពល​ពី​អ្វី​ដែល​ពួក​គេ​ឃើញ។ អ្នក​ជំនាញ​ខាង​ផ្សាយ​ពាណិជ្ជកម្ម​ម្នាក់​នៅ​ទ្វីប​អឺរ៉ុប​បាន​និយាយ​ថា៖ «ចក្ខុ​វិញ្ញាណ​ជា​វិញ្ញាណ​មួយ​ដែល​ទាក់​ទាញ​ជាង​គេ​បំផុត​ក្នុង​ចំណោម​វិញ្ញាណ​ទាំង​ប្រាំ។ វិញ្ញាណ​នេះខ្លាំង​ជាង​វិញ្ញាណ​ឯ​ទៀត ហើយ​អាច​ជំរុញ​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​ដឹង​ថា​មិន​ត្រឹម​ត្រូវ»។

មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ខំ​បង្កើត​ឲ្យ​មាន​រូប​ភាព​ច្រើន​អនេក​ដែល​គេ​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ​ដើម្បី​ទាក់​ទាញ​ភ្នែក​ឲ្យ​បាន​ខ្លាំង​បំផុត ហើយ​ជំរុញ​ឲ្យ​អ្នក​មើល​មាន​ចិត្ត​ចង់​បាន​របស់​ឬ​សេវា​របស់​ពួក​គេ! អ្នក​ស្រាវ​ជ្រាវ​ម្នាក់​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​សិក្សា​អំពី​ឥទ្ធិពល​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៅ​លើ​មនុស្ស បាន​និយាយ​ថា​ការ​ផ្សាយ​ពាណិជ្ជកម្ម«មិន​គ្រាន់​តែ​រៀបចំ​ដើម្បី​ផ្ដល់​ព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​សំខាន់​ជាង​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​ឬ​មាន​ការ​ប្រព្រឹត្ត​ណា​មួយ»។ រូប​ស្រើប​ស្រាល​ជា​វិធី​មួយ​ដែល​គេ​ប្រើ​ជា​ញឹក​ញយ។ ដូច្នេះ ជា​ការ​សំខាន់​ឲ្យ​យើង​កាន់​កាប់​លើ​អ្វី​ដែល​យើង​មើល​និង​អ្វី​ដែល​យើង​ឲ្យ​ចូល​មក​ក្នុង​ខួរ​ក្បាល​និង​ចិត្ត​របស់​យើង!

៨. តើ​គម្ពីរ​បាន​ដៅ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា​យើង​ត្រូវ​ការ​ពារ​ភ្នែក​របស់​យើង?

ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​គ្រិស្ត​សាសនិក​ពិត​ដែរ។ ហេតុ​នេះ បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ខំ​ប្រឹង​ទប់​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​មើល​និង​ចំពោះ​អ្វី​ដែល​យើង​ចង់​បាន។ (១កូ. ៩:២៥, ២៧; សូម​អាន យ៉ូហាន​ទី​១ ២:១៥​-​១៧) យ៉ូប​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់​ទទួល​ស្គាល់​ថា ការ​មើល​ឃើញ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​គឺ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង។ គាត់​បាន​ពោល​ថា៖ «ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន?»។ (យ៉ូប ៣១:១) យ៉ូប​មិន​គ្រាន់​តែ​បដិសេធ​មិន​ប៉ះ​ពាល់​ស្ត្រី​ណា​ម្នាក់​តាម​របៀប​ដែល​ប្រាស​ចាក​សីលធម៌​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​មិន​ឲ្យ​រឿង​នោះ​ចូល​ក្នុង​គំនិត​របស់​គាត់​ដែរ។ លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​ថា​យើង​មិន​ត្រូវ​គិត​អំពី​រឿង​ដែល​ប្រាស​ចាក​សីលធម៌​សោះ​ឡើយ ពេល​លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ»។—ម៉ាថ. ៥:២៨

អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍​ដែល​យើង​គួរ​ជៀស​វាង

៩. (ក) ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ពេល​ប្រើ​អ៊ីនធឺណិត? (ខ) ទោះ​ជា​បុគ្គល​ម្នាក់​គ្រាន់​តែ​មើល​រូប​អាសអាភាស​មួយ​ភ្លែត​ក៏​ដោយ តើ​អាច​មាន​លទ្ធផល​អ្វី?

ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ‹ការ​មើល›រូប​អាសអាភាស​ជា​ពិសេស​តាម​អ៊ីនធឺណិត​ជា​ការ​ធម្មតា ហើយ​មាន​កាន់​តែ​ច្រើន​ឡើង។ ប្រហែល​ជា​យើង​មិន​មាន​បំណង​មើល​គេហទំព័រ​បែប​នោះ​ទេ តែ​ជួន​កាល​វា​លេច​មក​ដោយ​ឯកឯង! តើ​ដោយ​របៀប​ណា? ពេល​យើង​ប្រើ​អ៊ីនធឺណិត ប្រហែល​ជា​មាន​រូប​ភាព​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ទាក់​ទាញ​ចិត្ត​លេច​មក​មួយ​រំពេច​លើ​កញ្ចក់​កុំព្យូទ័រ ឬ​ក៏​អ៊ីមែល​មួយ​ដែល​មើល​ទៅ​ដូច​ជា​ធម្មតា តែ​ពេល​បើក​វា​ទៅ ស្រាប់​តែ​រូប​អាសអាភាស​លេច​មក ហើយ​រូប​នោះ​គេ​បាន​រៀបចំ​ឡើង​ដើម្បី​ឲ្យ​អ្នក​មើល​ពិបាក​បិទ​វា​សូម្បី​តែ​ខំ​បិទ​វា​ក៏​ដោយ។ ទោះ​ជា​បុគ្គល​ម្នាក់​មើល​រូប​នោះ​តែ​មួយ​ភ្លែត​មុន​គាត់​បិទ​វា​ក៏​ដោយ រូប​នោះ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​គាត់​រួច​ទៅ​ហើយ។ ការ​មើល​រូប​អាសអាភាស​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​អាច​នាំ​មក​នូវ​ផល​វិបាក​គួរ​ឲ្យ​សោក​ស្ដាយ ដែល​អាច​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ធ្វើ​ទុក្ខ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​ពិបាក​លុប​រូប​នោះ​ចេញ​ពី​គំនិត​របស់​គាត់។ អាក្រក់​ជាង​នេះ​ទៅ​ទៀត អ្នក​ណា​ដែល​បន្ត«សម្លឹង​មើល»បង្ហាញ​ថា គាត់​មិន​ទាន់​បាន​រម្ងាប់​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​នៅ​ឡើយ។—សូម​អាន អេភេសូរ ៥:៣, ៤, ១២; កូឡ. ៣:៥, ៦

១០. ហេតុ​អ្វី​ងាយ​ឲ្យ​កូន​ក្មេង​មើល​រូប​ភាព​អាសអាភាស? ហើយ​បើ​ពួក​គេ​មើល​រូប​នោះ តើ​អាច​មាន​លទ្ធផល​អ្វី?

១០ រីឯ​កូន​ក្មេង​វិញ ដោយ​សារ​ពួក​គេ​មាន​ការ​ចង់​ដឹង​ដែល​ជា​ធម្មជាតិ​របស់​ពួក​គេ នេះ​អាច​នាំ​ពួក​គេ​ឲ្យ​មើល​រូប​អាសអាភាស។ បើ​ពួក​គេ​ចាប់​ផ្ដើម​មើល​រូប​នោះ​មែន នេះ​អាច​មាន​ឥទ្ធិពល​យូរ​អង្វែង​ទៅ​លើ​ទស្សនៈ​របស់​ពួក​គេ​ស្តី​អំពី​ការ​រួម​ភេទ។ របាយការណ៍​មួយ​អំពី​ឥទ្ធិពល​ដែល​មក​ពី​ការ​មើល​រូប​អាសអាភាស​បាន​ប្រាប់​ថា កូន​ក្មេង​អាច​យល់​ខុស​ពី​រឿង​ផ្លូវ​ភេទ «ពិបាក​មាន​ទំនាក់​ទំនង​ធម្មតា​ក្នុង​រឿង​ស្នេហា មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​ស្ត្រីភេទ ហើយ​ប្រហែល​ជា​ញៀន​មើល​រូប​អាសអាភាស ដែល​នេះ​អាច​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ ទំនាក់​ទំនង​ជា​មួយ​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ»។ ម្យ៉ាង​ទៀត ពេល​ពួក​គេ​រៀប​ការ ការ​មើល​រូប​អាសអាភាស​កាល​នៅ​ក្មេង​អាច​មាន​ឥទ្ធិពល​អាក្រក់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ទៅ​លើ​ចំណង​អាពាហ៍ពិពាហ៍។

១១. សូម​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​មើល​រូប​អាសអាភាស។

១១ បង​ប្រុស​គ្រិស្ត​សាសនិក​ម្នាក់​បាន​សរសេរ​ថា៖ «ការ​ឈប់​មើល​រូប​អាសអាភាស​ជា​អ្វី​ដែល​ពិបាក​ធ្វើ​បំផុត ក្នុង​ចំណោម​អ្វី​ទាំង​អស់ដែល​ខ្ញុំ​ធ្លាប់​ញៀន​មុន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​មិន​ប្រក្រតី បើ​ខ្ញុំ​ធុំ​ក្លិន​ឬ​ឮ​ចម្រៀង​ណា​មួយ ឃើញ​អ្វី​មួយ ឬ​មាន​អារម្មណ៍​សាត់​អណ្ដែត នោះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រូប​ទាំង​នោះ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ពុះ​ពារ​ជា​រៀង​រាល់​ថ្ងៃ»។ កាល​នៅ​ក្មេង បង​ប្រុស​ម្នាក់​ទៀត​បាន​មើល​ទស្សនាវដ្ដី​រូប​អាសអាភាស​របស់​ឪពុក​គាត់​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ពេល​ដែល​ឪពុក​ម្ដាយ​គាត់​មិន​នៅ​ផ្ទះ។ គាត់​បាន​សរសេរ​ថា៖ «រូប​ទាំង​នោះ​មាន​ឥទ្ធិពល​អាក្រក់​ក្រៃ​លែង​ទៅ​លើ​ចិត្ត​គំនិត​ដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ! ម្ភៃ​ប្រាំ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​នៅ​តែ​មិន​អាច​បំភ្លេច​រូប​ទាំង​នោះ​បាន​ឡើយ។ ទោះ​ជា​ខ្ញុំ​ខំ​បំភ្លេច​យ៉ាង​ណា​ក៏​ដោយ រូប​នោះ​នៅ​តែ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ដដែល។ សូម្បី​តែ​ខ្ញុំ​ជៀស​វាង​មិន​គិត​អំពី​រូប​ទាំង​នោះ​ក៏​ដោយ តែ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់»។ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​បែប​នេះ​ដែល​ប្រៀប​ដូច​ជា​បន្ទុក​ធ្ងន់​មួយ នោះ​ជា​ការ​ល្អ​ឲ្យ​យើង​មិន​មើល​អ្វី​ដែល​គ្មាន​ប្រយោជន៍! តើ​បុគ្គល​ម្នាក់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គាត់​ត្រូវ​ខំ​ប្រឹង«កាន់​កាប់​គំនិត​ទាំង​អស់ បង្ខំ​ឲ្យ​ស្ដាប់​បង្គាប់​គ្រិស្ត»។—២កូ. ១០:៥

១២, ១៣. តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​គ្មាន​ប្រយោជន៍​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ជៀស​វាង​មិន​មើល? ហើយ​ហេតុ​អ្វី?

១២ «របស់​អាក្រក់»ឬ​អ្វី​ដែល​គ្មាន​ប្រយោជន៍​មួយ​ទៀត​ដែល​ត្រូវ​ជៀស​វាង គឺ​ការ​កម្សាន្ត​ណា​ដែល​លើក​ស្ទួយ​វត្ថុ​និយម មន្តអាគម អំពើ​ឃោរឃៅ ការ​បង្ហូរ​ឈាម​ឬ​ការ​សម្លាប់។ (សូម​អាន ទំនុក​តម្កើង ១០១:៣) ឪពុក​ម្ដាយ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ពួក​គាត់​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន​ឲ្យ​ក្រុម​គ្រួសារ​គាត់​មើល​ក្នុង​ផ្ទះ។ ពិត​ណាស់ គ្មាន​គ្រិស្ត​សាសនិក​ពិត​ណា​ម្នាក់​ចង់​ទាក់​ទង​ជា​មួយ​ពួក​វិញ្ញាណ​កំណាច​ទេ។ ប៉ុន្តែ​ឪពុក​ម្ដាយ​ត្រូវ​ដឹង​អំពី​កុន រឿង​ភាគ​ដែល​គេ​បញ្ចាំង​តាម​ទូរទស្សន៍ ហ្គេម​វីដេអូ សៀវភៅ​តុក្កតា និង​សៀវភៅ​ផ្សេង​ៗ​សម្រាប់​ក្មេង​ៗ ដែល​ទាក់​ទង​នឹង​មន្តអាគម។—សុភ. ២២:៥

១៣ ទោះ​ជា​យើង​មាន​វ័យ​ក្មេង​ឬ​ចាស់​ក៏​ដោយ យើង​មិន​គួរ​ចូល​ចិត្ត​លេង​ហ្គេម​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​ឃោរ​ឃៅ និង​ការ​កាប់​សម្លាប់​បង្ហូរ​ឈាម​ដែល​មើល​ទៅ​ដូច​ជា​ការ​ពិត​ជាក់​ស្តែង។ (សូម​អាន ទំនុក​តម្កើង ១១:៥) យើង​មិន​ត្រូវ​ផ្ចង់​ស្មារតី​ទៅ​លើ​ការ​ប្រព្រឹត្ត​ណា​ដែល​ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស។ សូម​ចាំ​ថា សាថាន​ខំ​ព្យាយាម​បង្ខូច​ចិត្ត​គំនិត​យើង។ (២កូ. ១១:៣) យើង​ប្រហែល​ជា​អាច​មើល​កុន​ឬ​ទូរទស្សន៍ ឬ​ការ​កម្សាន្ត​ឯ​ទៀត​ដែល​សម​រម្យ​សម្រាប់​គ្រិស្ត​សាសនិក តែ​បើ​យើង​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​ទាំង​នេះ នោះ​អាច​ស៊ី​ពេល​ដែល​យើង​ទុក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ការ​អាន​គម្ពីរ​រាល់​ថ្ងៃ និង​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ។—ភី. ១:៩, ១០

ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ

១៤, ១៥. ពេល​សាថាន​ល្បួង​លោក​យេស៊ូ​ជា​លើក​ទី​៣ តើ​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់? ហើយ​តើ​លោក​យេស៊ូ​អាច​ទប់​ទល់​នឹង​ការ​ល្បួង​នោះ​យ៉ាង​ដូច​ម្ដេច?

១៤ គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​នៅ​ក្នុង​ពិភព​លោក​ដ៏​ខូច​អាក្រក់​នេះ យើង​មិន​អាច​ជៀស​ផុត​ពី​មើល​អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍​ឡើយ។ សូម្បី​តែ​លោក​យេស៊ូ ក៏​ជៀស​មិន​ផុត​ដែរ។ ក្នុង​ការ​ល្បួង​លើក​ទី​៣​របស់​សាថាន​ដើម្បី​អូស​ទាញ​លោក​យេស៊ូ​មិន​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ«មេ​កំណាច​បាន​យក​លោក​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់​ក្រៃ​លែង រួច​បង្ហាញ​លោក​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ»។ (ម៉ាថ. ៤:៨) ហេតុ​អ្វី​បាន​ជា​សាថាន​ធ្វើ​ដូច្នេះ? វា​ពិត​ជា​ចង់​ទាញ​យក​ផល​ប្រយោជន៍​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ដែល​ភ្នែក​មាន​ទៅ​លើ​ចិត្ត​គំនិត។ ដោយ​មើល​ឃើញ​អ្វី​ៗ​ដ៏​ល្អ​អស្ចារ្យ​របស់​រាជាណាចក្រ​ទាំង​អស់​ក្នុង​ពិភព​លោក នោះ​អាច​ទាក់​ទាញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ចង់​បាន​មុខ​មាត់​ក្នុង​ពិភព​លោក។ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?

១៥ លោក​យេស៊ូ​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ឱកាស​នោះ​ដែល​លោក​អាច​មាន​មុខ​មាត់​ឡើយ។ លោក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​នោះ​ទេ។ លោក​មិន​ចាំ​បាច់​គិត​ពិចារណា​អំពី​សំណើ​របស់​មេ​កំណាច​ទើប​បដិសេធ​សំណើ​នោះ​ទេ តែ​លោក​បាន​ឆ្លើយ​ភ្លាម​ៗ។ លោក​បាន​បង្គាប់​ថា៖ «នែ! សាថាន! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!»។ (ម៉ាថ. ៤:១០) លោក​យេស៊ូ​បាន​បន្ត​ផ្ចង់​ស្មារតី​ទៅ​លើ​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​បាន​ឆ្លើយ​តប​ស្រប​នឹង​គោល​បំណង​របស់​លោក​ក្នុង​ជីវិត ពោល​គឺ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (ហេ. ១០:៧) ជា​លទ្ធផល លោក​យេស៊ូ​មាន​ជោគ​ជ័យ​ក្នុង​ការ​រា​រាំង​ឧបាយ​កល​របស់​សាថាន។

១៦. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លោក​យេស៊ូ​ពេល​លោក​ទប់​ទល់​ការ​ល្បួង​របស់​សាថាន?

១៦ យើង​អាច​ទាញ​យក​មេ​រៀន​ច្រើន​ពី​គំរូ​របស់​លោក​យេស៊ូ។ ទី​១ គ្មាន​នរណា​អាច​គេច​ពី​កលល្បិច​របស់​សាថាន​បាន​ទេ។ (ម៉ាថ. ២៤:២៤) ទី​២ អ្វី​ដែល​យើង​ឃើញ​អាច​មាន​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​ទៅ​លើ​ចិត្ត​របស់​យើង។ ទី​៣ សាថាន​នឹង​ឆ្លៀត​យក​ឱកាស​ដើម្បី​ជញ្ជក់​យក​ផល​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី«ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក»ក្នុង​បំណង​នាំ​ឲ្យ​យើង​វង្វេង។ (១ពេ. ៥:៨) ទី​៤ យើង​ក៏​អាច​ត​ស៊ូ​នឹង​សាថាន​ដែរ ជា​ពិសេស​បើ​យើង​ចាត់​វិធានការ​ភ្លាម​ៗ។—យ៉ា. ៤:៧; ១ពេ. ២:២១

ចូរ​ឲ្យ​ភ្នែក​អ្នក«មើល​របស់​តែ​មួយ»ប៉ុណ្ណោះ

១៧. ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​គិត​ទុក​ជា​មុន​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ មុន​យើង​ជួប​ប្រទះ​នឹង​ការ​ល្បួង?

១៧ ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា រួម​បញ្ចូល​សេចក្ដី​សន្យា​ដ៏​ឱឡារិក​ថា​យើង​នឹង​ជៀស​ចេញ​ពី​អ្វី​ដែល​គ្មាន​ប្រយោជន៍។ ដោយ​ស្បថ​ថា​យើង​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ យើង​អាច​ពោល​ពាក្យ​ដូច​អ្នក​តែង​បទ​ទំនុក​តម្កើង​ថា៖ «ទូល​បង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ​ចាក​ពី​ផ្លូវ​អាក្រក់ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​កាន់​តាម​ព្រះ​បន្ទូល​នៃ​ទ្រង់»។ (ទំនុក. ១១៩:១០១) ជា​ការ​ល្អ​ឲ្យ​យើង​គិត​ទុក​ជា​មុន​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ មុន​យើង​ជួប​ប្រទះ​នឹង​ការ​ល្បួង។ យើង​យល់​ច្បាស់​ពី​អ្វី​ដែល​បទ​គម្ពីរ​ផ្ដន្ទា​ទោស។ យើង​មិន​មែន​មិន​ដឹង​អំពី​ឧបាយ​កល​របស់​សាថាន​នោះ​ទេ។ តើ​នៅ​ពេល​ណា​ដែល​សាថាន​បាន​ល្បួង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ឲ្យ​ដុំ​ថ្ម​ក្លាយ​ជា​នំ​ប៉័ង? គឺ​ក្រោយ​ពី​ពេល​លោក​បាន​តម​អាហារ​អស់​៤០​ថ្ងៃ​៤០​យប់ ហើយ«លោក​ក៏​ឃ្លាន»។ (ម៉ាថ. ៤:១​-​៤) សាថាន​អាច​ដឹង​អំពី​ពេល​ណា​ដែល​យើង​ខ្សោយ និង​ពេល​ណា​ដែល​យើង​ទំនង​ជា​មិន​អាច​ទប់​ទល់​នឹង​ការ​ល្បួង​បាន។ ដូច្នេះ យើង​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​រឿង​ទាំង​នោះ​នៅ​ឥឡូវ​នេះ។ កុំ​បង្អែ​បង្អង់​ឡើយ! បើ​រៀង​រាល់​ថ្ងៃ​យើង​ចាំ​អំពី​សម្បថ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​ជៀស​ចេញ​ពី​អ្វី​ដែល​គ្មាន​ប្រយោជន៍។—សុភ. ១:៥; ១៩:២០

១៨, ១៩. (ក) តើ​ភ្នែក​ដែល«មើល​របស់​តែ​មួយ» និង​ភ្នែក​ដែល«សម្លឹង​មើល​អ្វី​ដែល​ទុច្ចរិត»ខុស​គ្នា​យ៉ាង​ណា? (ខ) ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​បន្ត​ពិចារណា​អំពី​អ្វី​ៗ​ដែល​មាន​ប្រយោជន៍? ហើយ​តើ​ភីលីព ៤:៨ ផ្ដល់​យោបល់​អ្វី​ខ្លះ​ស្តី​អំពី​រឿង​នេះ?

១៨ រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​អ្វី​ៗ​ដែល​បង្វែរ​អារម្មណ៍​យើង។ អ្វី​ៗ​ទាំង​នោះ​មាន​កាន់​តែ​ច្រើន ហើយ​កាន់​តែ​ទាក់​ទាញ​ចិត្ត​យើង។ ដូច្នេះ គឺ​សំខាន់​ជាង​មុន​ទៅ​ទៀត​ឲ្យ​យើង​ធ្វើ​តាម​ការ​ដាស់​តឿនរបស់​លោក​យេស៊ូ​ដែល​ថា​ឲ្យ​ភ្នែក​យើង«មើល​របស់​តែ​មួយ»។ (ម៉ាថ. ៦:២២, ២៣) ភ្នែក​ដែល«មើល​របស់​តែ​មួយ» ផ្ដោត​ទៅ​លើ​គោល​បំណង​តែ​មួយ​ប៉ុណ្ណោះ ពោល​គឺ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ផ្ទុយ​ទៅ​វិញ ភ្នែក​ដែល«សម្លឹង​មើល​អ្វី​ដែល​ទុច្ចរិត» បោក​បញ្ឆោត លោភ​លន់ និង​ចូល​ចិត្ត​អ្វី​ដែល​គ្មាន​ប្រយោជន៍។

១៩ សូម​ចាំ​មិន​ភ្លេច​ថា អ្វី​ដែល​យើង​មើល វា​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​យើង ហើយ​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​យើង។ ហេតុ​នេះ គឺ​សំខាន់​ណាស់​ដែល​យើង​បន្ត​ពិចារណា​អំពី​អ្វី​ៗ​ដែល​មាន​ប្រយោជន៍។ (សូម​អាន ភីលីព ៤:៨) សូម​ឲ្យ​យើង​បន្ត​ពោល​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុក​តម្កើង ពេល​គាត់​អធិដ្ឋាន​ថា៖ «សូម​បង្វែរ​ភ្នែក​ខ្ញុំ​មិន​ឲ្យ​មើល​អ្វី​ៗ​ដែល​គ្មាន​ប្រយោជន៍»។ ក្រោយ​មក កាល​ដែល​យើង​ព្យាយាម​ប្រព្រឹត្ត​ស្រប​នឹង​សេចក្ដី​អធិដ្ឋាន​នោះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង«រក្សា[យើង]ឲ្យ​មាន​ជីវិត តាម​ផ្លូវ​របស់​លោក»។—ទំនុក. ១១៩:៣៧, ព.ថ; ហេ. ១០:៣៦

តើ​យើង​ត្រូវ​ចាំ​អ្វី​ខ្លះ​ស្តី​អំពី . . .

• ទំនាក់​ទំនង​រវាង​ភ្នែក ខួរ​ក្បាល​និង​ចិត្ត​របស់​យើង?

• គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​មើល​រូប​អាសអាភាស?

• សារៈ​សំខាន់​នៃ​ការ​ឲ្យ​ភ្នែក​យើង«មើល​របស់​តែ​មួយ»?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​២៦]

តើ​មាន​អ្វី​ខ្លះ​ដែល​គ្មាន​ប្រយោជន៍ ដែល​គ្រិស្ត​សាសនិក​ត្រូវ​ជៀស​វាង​មិន​មើល?