«មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ»
«មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ»
«នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ»។—ម៉ាថ. ១៣:៤៣
១. តើលោកយេស៊ូបានប្រើឧទាហរណ៍ដើម្បីពន្យល់អំពីលក្ខណៈផ្សេងៗណាខ្លះនៃរាជាណាចក្ររបស់ព្រះ?
លោកយេស៊ូបានប្រើឧទាហរណ៍ជាច្រើនដើម្បីពន្យល់អំពីលក្ខណៈផ្សេងៗនៃរាជាណាចក្ររបស់ព្រះ។ លោកបាន‹ប្រាប់បណ្ដាជនដោយប្រើឧទាហរណ៍។ លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ›។ (ម៉ាថ. ១៣:៣៤) ក្នុងឧទាហរណ៍អំពីការសាបព្រោះគ្រាប់ពូជនៃសេចក្ដីពិតអំពីរាជាណាចក្រព្រះ លោកយេស៊ូបានបញ្ជាក់អំពីតួនាទីនៃចិត្តរបស់មនុស្សក្នុងការស្ដាប់តាមដំណឹងអំពីរាជាណាចក្រ និងអំពីតួនាទីរបស់ព្រះយេហូវ៉ាក្នុងការបណ្ដុះឲ្យមនុស្សមានចំណងមេត្រីភាពជាមួយលោក។ (ម៉ាក. ៤:៣-៩, ២៦-២៩) លោកយេស៊ូក៏បានលើកឧទាហរណ៍អំពីការកើនឡើងដ៏អស្ចារ្យនៃចំនួនមនុស្សដែលធ្វើតាមដំណឹងរាជាណាចក្រ ទោះជាការកើនឡើងនោះនៅដើមដំបូងមិនតែងតែឃើញច្បាស់ក៏ដោយ។ (ម៉ាថ. ១៣:៣១-៣៣) បន្ថែមទៀត លោកបានលើកបញ្ជាក់ថាមិនមែនមនុស្សទាំងអស់ដែលស្ដាប់តាមដំណឹងរាជាណាចក្ររបស់ព្រះ គឺសមធ្វើជារាស្ត្ររបស់រាជាណាចក្រនោះឡើយ។—ម៉ាថ. ១៣:៤៧-៥០ *
២. ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីស្រូវសាលីនិងស្រងែ តើគ្រាប់ពូជល្អតំណាងអ្វី?
២ ក៏ប៉ុន្តែ ឧទាហរណ៍មួយរបស់លោកយេស៊ូផ្ដោតទៅលើការប្រមូលមនុស្សដែលនឹងសោយរាជ្យជាមួយលោកក្នុងរាជាណាចក្ររបស់លោក។ គេច្រើនតែហៅឧទាហរណ៍នេះថា ឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ ដែលបានត្រូវកត់ទុកក្នុងម៉ាថាយជំពូកទី១៣។ ក្នុងឧទាហរណ៍ឯទៀត លោកយេស៊ូបានប្រាប់ថាគ្រាប់ពូជដែលបានត្រូវសាបព្រោះគឺ«បណ្ដាំស្តីអំពីរាជាណាចក្រ» តែក្នុងឧទាហរណ៍នេះ លោកបានប្រាប់ថាគ្រាប់ពូជល្អតំណាងអ្វីផ្សេង ពោលគឺ«កូននៃរាជាណាចក្រ»។ (ម៉ាថ. ១៣:១៩, ៣៨) ពួកគេមិនមែនជារាស្ត្រនៃរាជាណាចក្រទេ តែជា«កូន»ឬអ្នកទទួលមត៌កនៃរាជាណាចក្រវិញ។—រ៉ូម ៨:១៤-១៧; សូមអាន កាឡាទី ៤:៦, ៧
ឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ
៣. សូមពន្យល់បញ្ហាដែលបុរសក្នុងឧទាហរណ៍នេះត្រូវប្រឈមមុខ និងរបៀបដែលគាត់សម្រេចចិត្តដោះស្រាយបញ្ហានោះ។
៣ ឧទាហរណ៍អំពីស្រូវសាលីនិងស្រងែគឺដូចតទៅនេះ៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ដែលបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់លោក។ កាលដែលមនុស្សទាំងឡាយកំពុងដេកលក់ សត្រូវរបស់លោកបានមកសាបព្រោះស្រងែលើស្រូវសាលី រួចចេញម៉ាថ. ១៣:២៤-៣០
បាត់ទៅ។ ពេលស្រូវសាលីចេញទងហើយមានកួរ នោះស្រងែក៏បានដុះឡើងដែរ។ ដូច្នេះ ពួកខ្ញុំបម្រើរបស់ម្ចាស់ផ្ទះនោះបានមកសួរលោកថា៖ ‹លោកម្ចាស់! លោកបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់លោក មែនទេ? ហេតុអ្វីមានស្រងែនៅទីនោះ?› លោកឆ្លើយថា៖ ‹បុរសម្នាក់ដែលជាសត្រូវបានធ្វើការនេះ›។ ពួកគេសួរតបទៅវិញថា៖‹បើដូច្នេះ តើលោកចង់ឲ្យយើងចេញទៅដកស្រងែនោះទេ?›។ លោកឆ្លើយថា៖ ‹កុំ ក្រែងលោកាលណាដកស្រងែចេញ ស្រូវសាលីក៏រលើងឫសដែរ។ ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ ហើយនៅរដូវនោះ ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យដកស្រងែមុនសិន រួចចងជាកណ្ដាប់ដើម្បីដុតចោល ក្រោយមក ទៅប្រមូលស្រូវសាលីទុកក្នុងជង្រុករបស់ខ្ញុំ›»។—៤. (ក) តើបុរសក្នុងឧទាហរណ៍ជានរណា? (ខ) តើលោកយេស៊ូបានចាប់ផ្ដើមសាបព្រោះគ្រាប់ពូជនេះនៅពេលណា? ហើយតើលោកបានធ្វើដូច្នេះយ៉ាងដូចម្ដេច?
៤ តើបុរសដែលបានសាបព្រោះគ្រាប់ពូជល្អនៅលើដីរបស់គាត់ជានរណា? លោកយេស៊ូបានឆ្លើយសំណួរនេះក្រោយមក ពេលលោកពន្យល់ទៅពួកអ្នកកាន់តាមថា៖ «អ្នកដែលសាបព្រោះគ្រាប់ពូជល្អ គឺជាកូនមនុស្ស»។ (ម៉ាថ. ១៣:៣៧) លោកយេស៊ូដែលជា«កូនមនុស្ស» បានភ្ជួររាស់ដីដើម្បីដាំដំណាំក្នុងអំឡុងពេលបីឆ្នាំកន្លះនៃកិច្ចបម្រើរបស់លោកនៅផែនដី។ (ម៉ាថ. ៨:២០; ២៥:៣១; ២៦:៦៤) ក្រោយមក ចាប់ពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. លោកបានចាប់ផ្ដើមសាបព្រោះគ្រាប់ពូជល្អ ដែលជា«កូននៃរាជាណាចក្រ»។ ការសាបព្រោះនេះបានកើតឡើងពេលលោកយេស៊ូ ក្នុងនាមជាតំណាងរបស់ព្រះយេហូវ៉ា បានចាក់សកម្មពលបរិសុទ្ធលើពួកអ្នកកាន់តាមលោក យ៉ាងនេះលោកបានរើសតាំងពួកគេជាកូនរបស់ព្រះ។ * (សកម្ម. ២:៣៣) គ្រាប់ពូជល្អបានធំលូតលាស់ឡើងជាដើមស្រូវសាលី។ ដូច្នេះ គោលដៅក្នុងការសាបព្រោះគ្រាប់ពូជល្អគឺដើម្បីប្រមូលឲ្យគ្រប់ចំនួនពួកអ្នកដែលនឹងគ្រប់គ្រង ហើយទទួលមត៌ករួមជាមួយលោកយេស៊ូក្នុងរាជាណាចក្ររបស់លោក។
៥. តើសត្រូវក្នុងឧទាហរណ៍ជានរណា? ហើយតើស្រងែតំណាងអ្នកណា?
៥ តើសត្រូវនិងស្រងែជានរណា? លោកយេស៊ូបានប្រាប់ថា សត្រូវគឺ«ជាមេកំណាច»។ ស្រងែបានត្រូវរៀបរាប់ថាជា«កូនរបស់មេកំណាច»។ (ម៉ាថ. ១៣:២៥, ៣៨, ៣៩) ក្នុងន័យត្រង់ ស្រងែដែលលោកយេស៊ូបានសំដៅទៅលើប្រហែលជាពូជស្មៅម្យ៉ាងដែលដុះនៅស្រុកអ៊ីស្រាអែល ដែលមានរូបរាងស្រដៀងនឹងស្រូវសាលីពេលដែលវានៅតូច តែស្មៅនេះមានគ្រាប់ដែលមានជាតិពុល។ នេះជាការប្រៀបប្រដូចដែលសមនឹងពួកគ្រិស្តសាសនិកមិនពិត ដែលជាពួកអ្នកដែលអះអាងថាខ្លួនជាកូននៃរាជាណាចក្រ តែមិនបង្កើតផលល្អដែលសមនឹងកូននៃរាជាណាចក្រនោះឡើយ! ពួកគ្រិស្តសាសនិកលាក់ពុតទាំងនេះដែលអះអាងថាជាអ្នកកាន់តាមគ្រិស្ត តាមពិតរួមចំណែកជា«ពូជ»នៃមេកំណាចសាថាន។—លោ. ៣:១៥
៦. តើស្រងែបានចាប់លេចមកនៅពេលណា? ហើយតើមនុស្សទាំងឡាយ«កំពុងដេកលក់»នៅពេលនោះក្នុងន័យអ្វី?
៦ តើពួកគ្រិស្តសាសនិកដែលប្រៀបដូចជាស្រងែលេចមកនៅពេលណា? លោកយេស៊ូមានប្រសាសន៍ថា៖ «កាលដែលមនុស្សទាំងឡាយកំពុងដេកលក់»។ (ម៉ាថ. ១៣:២៥) តើគេដេកលក់នៅពេលណា? យើងរកឃើញចម្លើយក្នុងពាក្យសម្ដីរបស់សាវ័កប៉ូលទៅកាន់ពួកអ្នកចាស់ទុំនៅក្រុងអេភេសូរ ពេលដែលគាត់សរសេរថា៖ «ខ្ញុំដឹងថា ក្រោយពីខ្ញុំចាកចេញទៅ នឹងមានឆ្កែចចកដ៏សាហាវចូលមកក្នុងចំណោមអ្នករាល់គ្នា ហើយនឹងមិនប្រព្រឹត្តដោយស្លូតបូតចំពោះហ្វូងចៀមទេ ហើយពីចំណោមអ្នករាល់គ្នានឹងមានបុរសខ្លះក្រោកឡើងនិយាយបំភ្លៃសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ (សកម្ម. ២០:២៩, ៣០) គាត់បានដាស់តឿនពួកអ្នកចាស់ទុំទាំងនោះឲ្យយកចិត្តទុកដាក់ជានិច្ចក្នុងការគោរពប្រណិប័តន៍ព្រះ។ ពួកសាវ័កធ្វើជាអ្នក«ឃាត់ឃាំង»ការក្បត់ជំនឿ តែពេលពួកគាត់ចាប់ផ្ដើមដេកលក់ក្នុងសេចក្ដីស្លាប់ ពួកគ្រិស្តសាសនិកជាច្រើនបានដេកលក់ក្នុងន័យថាពួកគេលែងយកចិត្តទុកដាក់ក្នុងការគោរពប្រណិប័តន៍ព្រះ។ (សូមអាន ថែស្សាឡូនិចទី២ ២:៣, ៦-៨) នៅពេលនោះការក្បត់ជំនឿដ៏ធំមួយបានចាប់ផ្ដើមកើតឡើង។
៧. តើស្រូវសាលីខ្លះបានក្លាយទៅជាស្រងែឬទេ? សូមពន្យល់។
៧ លោកយេស៊ូមិនបានមានប្រសាសន៍ថាស្រូវសាលីនឹងក្លាយទៅជាស្រងែទេ តែស្រងែបានត្រូវសាបព្រោះក្នុងចំណោមស្រូវសាលី។ ដូច្នេះ ឧទាហរណ៍នេះមិនសំដៅទៅលើពួកគ្រិស្តសាសនិកពិតដែលបានចាកចេញពីសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ គឺសំដៅទៅលើការព្យាយាមរបស់សាថានដើម្បីបង្ខូចក្រុមជំនុំគ្រិស្តសាសនិកដោយនាំមនុស្សទុច្ចរិតចូលក្នុងក្រុមជំនុំ។ ការក្បត់ជំនឿនេះបានត្រូវឃើញជាក់ស្តែង ពេលសាវ័កយ៉ូហានដែលជាសាវ័កចុងក្រោយមានវ័យចាស់។—២ពេ. ២:១-៣; ១យ៉ូន. ២:១៨
«ចូរឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់»
៨, ៩. (ក) ហេតុអ្វីបានជាអ្នកស្ដាប់លោកយេស៊ូយល់សេចក្ដីបង្គាប់របស់លោកម្ចាស់ទៅខ្ញុំបម្រើរបស់លោក? (ខ) ក្នុងការសម្រេចទំនាយនេះ តើស្រូវសាលីនិងស្រងែដុះជាមួយគ្នាយ៉ាងដូចម្ដេច?
៨ ខ្ញុំបម្រើរបស់លោកម្ចាស់បានប្រាប់លោកអំពីបញ្ហានោះ ហើយសួរលោកថា៖ «បើដូច្នេះ តើលោកចង់ឲ្យយើងចេញទៅដកស្រងែនោះទេ?»។ (ម៉ាថ. ១៣:២៧, ២៨) ចម្លើយរបស់លោកម្ចាស់ប្រហែលជាធ្វើឲ្យភ្ញាក់ផ្អើល។ គាត់ប្រាប់ពួកខ្ញុំបម្រើឲ្យទុកស្រូវសាលីនិងស្រងែដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់។ ពួកអ្នកកាន់តាមលោកយេស៊ូនឹងពិតជាយល់ច្បាស់អំពីសេចក្ដីបង្គាប់នោះ។ ពួកគេនឹងយល់ថាគឺពិបាកសម្គាល់ស្រូវសាលីនិងស្រងែ។ ពួកអ្នកដែលមានពិសោធន៍អំពីកសិកម្មក៏នឹងយល់ថា ធម្មតាស្រងែដែលជាពូជស្មៅម្យ៉ាងដែលដុះនៅស្រុករបស់ពួកគេ មានឫសដែលប្រទាក់នឹងឫសស្រូវសាលី។ * ហេតុនេះហើយបានជាលោកម្ចាស់បង្គាប់ពួកគេឲ្យរង់ចាំសិន!
៩ ស្រដៀងគ្នាដែរ អស់ច្រើនសតវត្សរ៍មកហើយ និកាយផ្សេងៗនៃពិភពគ្រិស្តសាសនាបានបង្កើតផលស្រងែជាច្រើន។ មុនគេបង្អស់ ផលស្រងែទាំងនេះគឺមានក្នុងចំណោមសាសនាកាតូលិករ៉ូម សាសនាអូធូដុក្ស ហើយក្រោយមកក្នុងចំណោមសាសនាប្រូតេស្តង់ជាច្រើនទៀតដែលបានត្រូវបង្កើតឡើង។ ដំណាលគ្នានោះ គ្រាប់ពូជខ្លះនៃស្រូវសាលីពិតក៏បានត្រូវសាបព្រោះក្នុងពិភពលោកដែលប្រៀបដូចជាវាលស្រូវដែរ។ ម្ចាស់ផ្ទះក្នុងឧទាហរណ៍នេះរង់ចាំដោយអត់ធ្មត់ក្នុងគ្រាដែលដំណាំលូតលាស់ដែលមានរយៈពេលវែង រហូតដល់រដូវចម្រូតមកដល់ដែលមានរយៈពេលខ្លី។
រដូវច្រូតកាត់ដែលបានត្រូវរង់ចាំជាយូរមកហើយ
១០, ១១. (ក) តើពេលណាជាពេលច្រូតកាត់? (ខ) តើស្រូវសាលីក្នុងន័យធៀបបានត្រូវប្រមូលទុកក្នុងជង្រុករបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០ លោកយេស៊ូប្រាប់យើងថា៖ «ការច្រូតគឺជាទីបញ្ចប់នៃរបៀបរបបពិភពលោក ហើយបណ្ដាទេវតាគឺជាអ្នកច្រូត»។ (ម៉ាថ. ១៣:៣៩) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ មានការញែកចេញពីគ្នា គឺការញែកកូននៃរាជាណាចក្រដែលត្រូវប្រមូលមក ហើយត្រូវញែកចេញពីមនុស្សដែលប្រៀបដូចជាស្រងែ។ ស្តីអំពីរឿងនេះ សាវ័កពេត្រុសប្រាប់យើងថា៖ «នេះជាពេលកំណត់ឲ្យការវិនិច្ឆ័យចាប់ផ្ដើមពីផ្ទះរបស់ព្រះ។ ប្រសិនបើការវិនិច្ឆ័យចាប់ផ្ដើមពីយើងមុនគេ តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អរបស់ព្រះ?»។—១ពេ. ៤:១៧
១១ មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្ដើមនៃគ្រាចុងក្រោយបង្អស់ ឬ«ទីបញ្ចប់នៃរបៀបរបបពិភពលោក» ការវិនិច្ឆ័យពួកអ្នកដែលអះអាងថាជាគ្រិស្តសាសនិកពិតបានចាប់ផ្ដើម ដើម្បីបញ្ជាក់ថាពួកគេជា«កូននៃរាជាណាចក្រ» ឬជា«កូននៃមេកំណាច»វិញ។ បាប៊ីឡូនដ៏ខ្លាំងក្លាបានរលំជា«មុនសិន» ហើយ«ក្រោយមក» កូននៃរាជាណាចក្របានត្រូវប្រមូលនៅដើមរដូវច្រូតកាត់។ (ម៉ាថ. ១៣:៣០) ក៏ប៉ុន្តែ តាំងពីពេលនោះមក តើស្រូវសាលីក្នុងន័យធៀបបានត្រូវប្រមូលទុកក្នុងជង្រុករបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ពួកអ្នកដែលបានត្រូវប្រមូលមកទាំងនេះបានទទួលរង្វាន់នៅស្ថានសួគ៌ ឬបានប្រមូលចូលក្នុងក្រុមជំនុំគ្រិស្តសាសនិកដែលបានត្រូវរៀបចំឡើង ដែលលើកស្ទួយការគោរពប្រណិប័តន៍ពិត ហើយនៅទីនោះពួកគេទទួលការពេញចិត្តនិងការការពារពីព្រះ។
១២. តើរដូវច្រូតកាត់បន្តរយៈពេលប៉ុន្មាន?
១២ តើការវិនិច្ឆ័យមានរយៈពេលប៉ុន្មាន? លោកយេស៊ូបានហៅការច្រូតកាត់ថាជា«រដូវ» ដូច្នេះការវិនិច្ឆ័យមានជាបន្តអស់មួយរយៈពេល។ (បប. ១៤:១៥, ១៦) ការវិនិច្ឆ័យពួកអ្នកដែលបានត្រូវរើសតាំងម្នាក់ៗបន្តក្នុងអំឡុងគ្រាចុងបញ្ចប់ ហើយនឹងមានរហូតដល់ពេលដែលពួកគេបានត្រូវបោះត្រា។—បប. ៧:១-៤
១៣. តើបព្វជិតរបស់ពិភពគ្រិស្តសាសនាដែលប្រៀបដូចស្រងែធ្វើឲ្យអ្នកឯទៀតជំពប់ដួលតាមរបៀបណា? ហើយតើពួកគេប្រព្រឹត្តប្រឆាំងច្បាប់យ៉ាងដូចម្ដេច?
១៣ តើអ្នកណានឹងត្រូវដកចេញពីរាជាណាចក្រ? តើពួកគេធ្វើឲ្យអ្នកឯទៀតជំពប់ដួល ហើយប្រព្រឹត្តប្រឆាំងច្បាប់យ៉ាងដូចម្ដេច? (ម៉ាថ. ១៣:៤១) បព្វជិតរបស់ពិភពគ្រិស្តសាសនាដែលប្រៀបដូចស្រងែ បានបំភាន់មនុស្សរាប់លាននាក់អស់ជាច្រើនសតវត្សរ៍មកហើយ។ ពួកគេបំភាន់មនុស្សតាមរយៈសេចក្ដីបង្រៀនដែលបង្ខូចកិត្ដិយសព្រះ ដែលជា«អ្វីៗទាំងអស់ដែលនាំឲ្យជំពប់ដួល» ដូចជាសេចក្ដីបង្រៀនអំពីការដាក់ទារុណកម្មនៅភ្លើងនរកជារៀងរហូត និងអំពីព្រះបីអង្គរួមជាព្រះតែមួយដែលជាសេចក្ដីបង្រៀនដ៏អាថ៌កំបាំងនិងពិបាកយល់។ អ្នកដឹកនាំសាសនាជាច្រើនទុកគំរូអាក្រក់ឲ្យហ្វូងចៀមរបស់ពួកគេ ដោយផិតក្បត់ធ្វើជាមិត្តរបស់ពិភពលោកនេះ ហើយក្នុងករណីខ្លះទៀតប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែលអាក្រក់គួរឲ្យស្អប់ខ្ពើម។ (យ៉ា. ៤:៤) បន្ថែមទៅទៀត ពិភពគ្រិស្តសាសនាបានត្រាប្រណីកាន់តែច្រើនឡើងចំពោះអំពើប្រាសចាកសីលធម៌ដែលមានក្នុងចំណោមសមាជិករបស់ពួកគេ។ (សូមអាន យូដាស ៤) ទោះជាមានអ្វីទាំងអស់នេះក៏ដោយ ពួកគេនៅតែរក្សាសម្បកក្រៅជាអ្នកគោរពព្រះនិងបង្ហាញថាខ្លួនមានគុណសម្បត្ដិដូចព្រះ។ កូននៃរាជាណាចក្រពិតជារីករាយណាស់! ដែលពួកគេបានត្រូវញែកចេញពីឥទ្ធិពលដែលប្រៀបដូចស្រងែ និងពីសេចក្ដីបង្រៀនដែលបង្ខូចចិត្តគំនិតមនុស្ស និងដែលនាំឲ្យពួកគេជំពប់ដួល។
១៤. តើពួកអ្នកដែលប្រៀបដូចស្រងែយំហើយសង្កៀតធ្មេញយ៉ាងដូចម្ដេច?
១៤ តើពួកអ្នកដែលប្រៀបដូចស្រងែយំហើយសង្កៀតធ្មេញយ៉ាងដូចម្ដេច? (ម៉ាថ. ១៣:៤២) «កូនរបស់មេកំណាច»ទទួលទារុណកម្មដោយសារ«កូននៃរាជាណាចក្រ»បានបកអាក្រាតសេចក្ដីបង្រៀននិងឥទ្ធិពលរបស់ពួកគេដែលបំពុលចិត្តគំនិតមនុស្ស។ ពួកគេក៏សោក ស្ដាយដែរដោយសារសមាជិកលែងគាំទ្រពួកគេដូចមុន ថែមទាំងសោកស្ដាយដោយសារសមាជិកលែងស្ដាប់តាមពួកគេទៀត។—សូមអាន អេសាយ ៦៥:១៣, ១៤
១៥. តើពួកអ្នកដែលប្រៀបដូចជាស្រងែបានត្រូវដុតចោលក្នុងភ្លើងក្នុងន័យអ្វី?
១៥ តើស្រងែបានត្រូវដកចេញហើយដុតចោលក្នុងភ្លើងក្នុងន័យអ្វី? (ម៉ាថ. ១៣:៤០) នេះសំដៅទៅលើលទ្ធផលចុងក្រោយបំផុតដែលពួកគេទទួល។ ការដែលពួកគេត្រូវដុតចោលក្នុងន័យធៀបក្នុងឡដែលមានភ្លើងឆេះសន្ធោសន្ធៅបញ្ជាក់ថា ពួកគេកំពុងឈានទៅរកសេចក្ដីហិនវិនាសជារៀងរហូត។ (បប. ២០:១៤; ២១:៨) ពួកគ្រិស្តសាសនិកមិនពិតដែលប្រៀបដូចជាស្រងែ ពួកគេជាជនបោកប្រាស់នឹងត្រូវបំផ្លាញចោលក្នុងអំឡុងគ្រាដែលមាន«ទុក្ខវេទនាជាខ្លាំង»។—ម៉ាថ. ២៤:២១
ពួកគេ«នឹងភ្លឺដូចថ្ងៃ»
១៦, ១៧. តើម៉ាឡាគីបានទាយអ្វីស្តីអំពីវិហាររបស់ព្រះ? ហើយតើនេះបានចាប់ផ្ដើមសម្រេចនៅពេលណា?
១៦ តើមនុស្សដែលប្រៀបដូចស្រូវសាលីនឹង«ភ្លឺដូចថ្ងៃ»នៅពេលណា? (ម៉ាថ. ១៣:៤៣) ស្តីអំពីការសម្អាតវិហាររបស់ព្រះ អ្នកប្រកាសទំនាយម៉ាឡាគីបានទាយទុកថា៖ «ព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម្ល៉េះនោះ មើលន៏! ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ តែមានអ្នកឯណាធន់នៅបាន ក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅក្នុងកាលដែលទ្រង់លេចមក? ដ្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់។ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត»។—ម៉ាឡ. ៣:១-៣
១៧ នៅសម័យនេះ ទំនាយនេះបានចាប់ផ្ដើមសម្រេចនៅឆ្នាំ១៩១៨ ពេលដែលព្រះយេហូវ៉ា ជាមួយនឹងលោកយេស៊ូគ្រិស្តដែលជា«ទូតដែលនាំសេចក្ដីសញ្ញាមក» បានពិនិត្យមើលពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដែលប្រៀបដូចជាវិហារ។ ម៉ាឡាគីប្រាប់យើងអំពីអ្វីដែលកើតឡើងពេលការសម្អាតនេះបានចប់ ដោយនិយាយថា៖«អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិតនិងមនុស្សអាក្រក់ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបំរើព្រះជាម្ចាស់និងអ្នកមិនគោរពបំរើខុសគ្នាយ៉ាងណា»។ (ម៉ាឡ. ៣:១៨, ខ.ស.) នៅពេលនោះ ពួកគ្រិស្តសាសនិកពិតដែលបានត្រូវពង្រឹងកម្លាំងចិត្តកាយឡើងវិញបានបង្កើនសកម្មភាព ហើយនេះបញ្ជាក់ថា គ្រានោះជាការចាប់ផ្ដើមនៃរដូវច្រូតកាត់។
១៨. តើដានីយ៉ែលបានទាយថានឹងមានអ្វីកើតឡើងនៅសម័យយើង?
១៨ អ្នកប្រកាសទំនាយដានីយ៉ែលបាននិយាយអំពីសម័យយើង ពេលគាត់ទាយទុកថា៖ «ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ»។ (ដាន. ១២:៣) តើពួកអ្នកទាំងនេះដែលភ្លឺចិញ្ចាចចិញ្ចែងជានរណា? ពួកគេជាពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង! ជាស្រូវសាលីពិតដែលលោកយេស៊ូបានសំដៅទៅលើក្នុងឧទាហរណ៍អំពីស្រូវសាលីនិងស្រងែ។ មនុស្សមួយក្រុមធំដែលមានលក្ខណៈដូចចៀមដែលមានចំនួនកាន់តែច្រើន បានទទួលស្គាល់យ៉ាងច្បាស់ថា ពួកគ្រិស្តសាសនិកមិនពិតដែលប្រៀបដូចស្រងែបានត្រូវ«ដកចេញ»។ ពេលពួកគេរួបរួមគ្នាជាមួយអ៊ីស្រាអែលនៃព្រះដែលមិនទាន់ឡើងទៅស្ថានសួគ៌ នោះពួកអ្នកទាំងនេះដែលសង្ឃឹមថាទៅជារាស្ត្រនៃរាជាណាចក្រ ក៏ធ្វើឲ្យមនុស្សក្នុងពិភពលោកដ៏ងងឹតនេះឃើញពន្លឺរបស់ពួកគេដែរ។—សាក. ៨:២៣; ម៉ាថ. ៥:១៤-១៦; ភី. ២:១៥
១៩, ២០. តើ«កូននៃរាជាណាចក្រ»ទន្ទឹងរង់ចាំយ៉ាងរំភើបដើម្បីទទួលអ្វី? ហើយតើយើងនឹងពិភាក្សាអ្វីនៅអត្ថបទបន្ទាប់?
១៩ សព្វថ្ងៃ «កូននៃរាជាណាចក្រ»ទន្ទឹងរង់ចាំយ៉ាងរំភើបដើម្បីទទួលរង្វាន់ដ៏រុងរឿងនៅស្ថានសួគ៌។ (រ៉ូម ៨:១៨, ១៩; ១កូ. ១៥:៥៣; ភី. ១:២១-២៤) ប៉ុន្តែ ទម្រាំដល់ពេលនោះ ពួកគេត្រូវនៅស្មោះត្រង់ បន្តបញ្ចេញពន្លឺភ្លឺច្បាស់ ហើយត្រូវធ្វើឲ្យគេឃើញ ថាពួកគេខុសស្រឡះពី«កូនរបស់មេកំណាច»។ (ម៉ាថ. ១៣:៣៨; បប. ២:១០) នៅសម័យយើង យើងពិតជាត្រេកអរណាស់ដោយសារយើងទាំងអស់គ្នាមានឯកសិទ្ធិឃើញលទ្ធផលនៃការ«ដកចេញ»ក្នុងន័យធៀបនូវស្រងែ!
២០ ប៉ុន្តែ តើមនុស្សមួយក្រុមធំដែលមានចំនួនកាន់តែច្រើនដែលមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតនៅផែនដីជារាស្ត្រនៃរាជាណាចក្រ និងកូននៃរាជាណាចក្រទាក់ទងគ្នាយ៉ាងណា? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរនេះ។
[កំណត់សម្គាល់]
^ វគ្គ 1 ដើម្បីបានព័ត៌មានល្អិតល្អន់ថែមទៀតអំពីឧទាហរណ៍ទាំងនេះ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ ទំព័រ១៦-២៦។
^ វគ្គ 4 ក្នុងឧទាហរណ៍នេះ ការសាបព្រោះមិនតំណាងការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូទេ ជាកិច្ចការដែលនឹងនាំឲ្យមានអ្នកកាន់តាមថ្មីដែលនឹងក្លាយទៅជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។ ស្តីអំពីគ្រាប់ពូជដែលបានត្រូវសាបព្រោះក្នុងវាលស្រូវ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចំណែកគ្រាប់ពូជល្អ គឺជាកូននៃរាជាណាចក្រ» មិនមែននឹងក្លាយជាកូននៃរាជាណាចក្រទេ។ ដូច្នេះ ការសាបព្រោះសំដៅទៅលើការរើសតាំងកូនទាំងនេះនៃរាជាណាចក្រ ក្នុងពិភពលោកដែលប្រៀបដូចជាវាលស្រូវ។
^ វគ្គ 8 ឫសស្រងែនេះបានប្រទាក់នឹងឫសស្រូវសាលីដល់ម្ល៉េះបើគេដកវាចេញមុនរដូវច្រូតកាត់ នោះនឹងនាំឲ្យខូចបង់ដល់ស្រូវសាលីដែរ (សូមមើលសៀវភៅ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ Insight on the Scriptures, Volume 1, page 1178)។
តើអ្នកចាំឬទេ?
ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីស្រូវសាលីនិងស្រងែ តើអ្វីៗដូចតទៅនេះតំណាងអ្វី?
• គ្រាប់ពូជល្អ
• បុរសដែលបានសាបព្រោះគ្រាប់ពូជ
• ការសាបព្រោះគ្រាប់ពូជ
• សត្រូវ
• ស្រងែ
• រដូវច្រូតកាត់
• ជង្រុក
• ការយំ ហើយសង្កៀតធ្មេញ
• ឡដែលមានភ្លើងឆេះសន្ធោសន្ធៅ
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១៨]
បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. ជាការចាប់ផ្ដើមនៃការសាបព្រោះគ្រាប់ពូជល្អ
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ២១]
សព្វថ្ងៃនេះ ស្រូវសាលីក្នុងន័យធៀប បានត្រូវប្រមូលទុកក្នុងជង្រុករបស់ព្រះយេហូវ៉ា
[អ្នកផ្ដល់សិទ្ធិ]
Pictorial Archive (Near Eastern History) Est.