តើមនុស្សដែលស្លាប់អាចជួយមនុស្សដែលរស់បានឬទេ?
តើមនុស្សដែលស្លាប់អាចជួយមនុស្សដែលរស់បានឬទេ?
នៅទ្វីបអាហ្វ្រិកប៉ែកខាងលិចមានយុវជនម្នាក់ឈ្មោះថាំបា គាត់ជិតដល់ពេលប្រឡងនៅសាលារៀន។ * ម្ដាយគាត់បានជំរុញគាត់ឲ្យសុំជំនួយពីញាតិសន្ដានដែលបានស្លាប់ទៅដើម្បីអាចប្រឡងជាប់។ នៅប្រទេសអ៊ីតាលី ខេត្តស៊ីស៊ីលី នាក្រុងផាឡឺម៉ូ ពួកទេសចរបានទៅទស្សនាទីបញ្ចុះសពនៅក្រោមដី ដែលមានតាំងសាកសពរាប់រយដែលគេបានរុំនិងអប់ដើម្បីរក្សាទុកឲ្យបានយូរ។ អ្នកខ្លះជឿថាសាកសពទាំងនេះអាចធ្វើឲ្យមនុស្សទទួលការការពារពីព្រះ។ ចំណែកឯសហរដ្ឋអាម៉េរិក ក្រុងលីលីដេលនៅប៉ែកខាងលិចនៃរដ្ឋញូវយ៉ក ជារៀងរាល់ឆ្នាំមានមនុស្សទៅលេងនៅទីនោះដែលគេល្បីថាមានគ្រូខាបព្រលឹងច្រើនលើសពីធម្មតារស់នៅកន្លែងនោះ។ ទេសចរដែលមកទីនេះសង្ឃឹមថា អាចទាក់ទង ហើយសុំជំនួយពីញាតិមិត្តដែលបានស្លាប់ទៅ។
នៅទូទាំងពិភពលោក មនុស្សនៅតែជឿថាមនុស្សស្លាប់អាចជួយមនុស្សដែលរស់។ តើអ្នកគិតយ៉ាងណាដែរ? ប្រហែលជាមានគេធ្លាប់បង្រៀនអ្នកឬអ្នកជិតស្និទ្ធជាមួយមនុស្សណាម្នាក់ដែលជឿអំពីរឿងនេះ។ គឺជាការធម្មតាដែលយើងចង់ជួបមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅ។ គ្រូខាបព្រលឹងសន្យាថាអាចបំពេញសេចក្ដីត្រូវការនោះបាន។ ក្នុងទស្សនាវដ្ដីមួយ គ្រូខាបម្នាក់បាននិយាយថា ពិភពវិញ្ញាណ«បម្រុងជួយជានិច្ច ពេលយើងហៅពួកវិញ្ញាណទាំងនោះមកជួយ» (Time)។ តើនេះជាការពិតទេ? តើមនុស្សដែលស្លាប់ពិតជាអាចជួយមនុស្សដែលរស់បានឬទេ? ចម្លើយដ៏ច្បាស់លាស់ក្នុងគម្ពីរប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល។
តើមនុស្សដែលស្លាប់នៅរស់នៅកន្លែងណាមួយឬ?
គម្ពីរបានពន្យល់តាមរបៀបស្រួលយល់អំពីស្ថានភាពរបស់មនុស្សដែលស្លាប់។ សូមកត់សម្គាល់នៅសាស្ដា ៩:៥ ដែលចែងថា៖ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ តើមនុស្សស្លាប់ចេះមានអារម្មណ៍ឬទេ? ខប្រាំមួយប្រាប់ថា៖ «ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ នឹងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ។ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ»។ នៅជំពូកដដែលតែខ១០ចែងថា៖ «ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្ស៊ីអូល] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ ពាក្យភាសាហេប្រឺ«ហ្ស៊ីអូល»ដែលបានត្រូវបកប្រែថា«ស្ថានឃុំព្រលឹងមនុស្សស្លាប់» មានន័យថា«ផ្នូរទូទៅរបស់មនុស្សជាតិ»។ ពាក្យភាសាហេប្រឺ«ហ្ស៊ីអូល»ក្នុងភាសាក្រិចគឺ«ហាដេស» ហើយគួរឲ្យចាប់អារម្មណ៍មែនដែលបទគម្ពីរប្រើពាក្យនេះដើម្បីបញ្ជាក់អំពីកន្លែងដែលលោកយេស៊ូទៅក្រោយពេលលោកស្លាប់។—សកម្មភាព ២:៣១
លោកយេស៊ូបានជួយមនុស្សជាច្រើនកាលដែលលោកនៅរស់ តែលោកបានដឹងថាលោកនឹងត្រូវស្លាប់។ តើលោកសង្ឃឹមថា លោកនៅតែអាចជួយមនុស្សក្នុងអំឡុងពេលលោកនៅក្នុងផ្នូរឬ? មិនមែនទេ។ លោកបានប្រៀបប្រដូចមរណភាពរបស់លោកដែលជិតមកដល់ដូចជាយប់ជាពេលដែលគេមិនអាចធ្វើកិច្ចការបានទេ។ (យ៉ូហាន ៩:៤) លោកបានដឹងច្បាស់ថា កាលណាមនុស្សស្លាប់ទៅ ពួកគេ«កន្លងបង់ហើយ»ឬសូន្យបាត់ទៅ។—អេសាយ ២៦:១៤
លោកយេស៊ូក៏បានធ្វើការប្រៀបប្រដូចដែរដើម្បីពន្យល់អំពីសេចក្ដីស្លាប់ដែលស្រដៀងនឹងខាងលើ។ ពេលដែលឡាសាជាសម្លាញ់របស់លោកបានស្លាប់ លោកយេស៊ូបានប្រៀបប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់។ (យ៉ូហាន ១១:១១-១៣) យើងមិនសង្ឃឹមថាមនុស្សដែលដេកលក់អាចជួយយើងបានទេ មែនទេ? មនុស្សដែលដេកលក់គឺឥតដឹងខ្លួន ហើយមិនអាចធ្វើអ្វីដើម្បីជួយអ្នកណាម្នាក់បានឡើយ។
ពេលមនុស្សស្លាប់ តើព្រលឹងបន្តរស់ឬទេ?
គេបានបង្រៀនមនុស្សជាច្រើនថា ព្រលឹងគឺជាអ្វីដែលយើងមើលមិនឃើញដែលបន្តរស់ពេលមនុស្សស្លាប់ទៅ។ ប៉ុន្តែ គម្ពីរបង្រៀនអ្វីដែលផ្សេងពីនេះ។ លោកុប្បត្តិជាសៀវភៅទី១នៃគម្ពីរប្រាប់ឲ្យយើងដឹងអំពីព្រលឹង។ លោកុប្បត្តិ ២:៧ចែងថា ពេលព្រះបង្កើតបុរសទី១ គាត់‹ក៏ត្រឡប់ជាព្រលឹងរស់›។ មនុស្សទាំងមូលគឺជាព្រលឹងមួយ។ សត្វក៏ ជាព្រលឹងដែរ។ * (លោកុប្បត្តិ ១:២០-២៥) ដូច្នេះ គឺសមហេតុផលកាលណាមនុស្សម្នាក់ស្លាប់ ឬសត្វមួយងាប់ ព្រលឹងនោះស្លាប់។ គម្ពីរបង្រៀនចំណុចនេះ។—អេសេគាល ១៨:៤
ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រហែលជាសួរថា ‹ចុះយ៉ាងណារឿងជាច្រើនដែលមនុស្សធ្លាប់ទាក់ទងជាមួយមនុស្សដែលបានស្លាប់ ឮសំឡេងពួកគេ ឬបានឃើញពួកគេផ្ទាល់?›។ រឿងដូចនេះគឺមានជាទូទៅនៅប្រទេសជាច្រើនក្នុងពិភពលោក។ រឿងទាំងនេះធ្វើឲ្យមនុស្សដែលបាត់បង់សាច់ញាតិឬមិត្តភក្ដិជិតស្និទ្ធ មានសេចក្ដីសង្ឃឹមឡើងវិញ ហើយជំរុញមនុស្សជាច្រើនឲ្យទៅរកគ្រូខាបព្រលឹងដែលអះអាងថាអាចទាក់ទងមនុស្សស្លាប់បាន។
តើរឿងទាំងនេះពិតឬទេ? បើដូច្នេះមែន តើនេះនឹងផ្ទុយពីអ្វីដែលគម្ពីរបានចែងខាងលើឬ? គ្រិស្តយេស៊ូបានប្រាប់ថា បណ្ដាំរបស់ព្រះជាសេចក្ដីពិត។ (យ៉ូហាន ១៧:១៧) សេចក្ដីពិតមិនផ្ទុយគ្នានោះទេ។ តាមពិត គម្ពីរមានការពន្យល់យ៉ាងច្បាស់អំពីរបៀបដែលយើងគួរមានទស្សនៈចំពោះការអះអាងដែលថា មនុស្សដែលស្លាប់អាចជួយមនុស្សដែលរស់។ គម្ពីរប្រាប់យើងអំពីមនុស្សម្នាក់ដែលប៉ុនប៉ងសុំជំនួយពីមនុស្សដែលស្លាប់។ ការអានកំណត់ហេតុនេះដោយយកចិត្តទុកដាក់ នោះនឹងជួយឲ្យយើងដឹងសេចក្ដីពិតអំពីស្ថានភាពមនុស្សស្លាប់។
ស្តេចមួយអង្គសុំជំនួយពីមនុស្សដែលស្លាប់
នៅសមរភូមិមួយនៅអ៊ីស្រាអែលខាងជើង ស្តេចសូលនិងកងទ័ពរបស់លោកត្រូវប្រយុទ្ធគ្នាជាមួយកងទ័ពភីលីស្ទីនដែលគួរឲ្យភ័យខ្លាច។ ពេលសូលឃើញជំរំទ័ពភីលីស្ទីន លោក«មានព្រះទ័យញាប់ញ័រជាខ្លាំង»។ នៅពេលនោះ លោកបានបោះបង់ចោលការគោរពប្រណិប័តន៍ពិតហើយ។ ជាលទ្ធផល ព្រះយេហូវ៉ាមិនធ្វើតាមសំណូមពររបស់លោកទេ។ ពីមុនសូលធ្លាប់សុំជំនួយពីសាំយូអែលដែលជាអ្នកប្រកាសទំនាយរបស់ព្រះ ឥឡូវគាត់បានស្លាប់ទៅហើយ។ ដូច្នេះតើសូលបែរទៅសុំជំនួយពីអ្នកណា?—សាំយូអែលទី១ ២៨:៣, ៥, ៦
សូលស្វែងរកការណែនាំពីគ្រូខាបព្រលឹងម្នាក់នៅអេនដោរ។ លោកអង្វរគ្រូនោះឲ្យ«ខាបយកសាំយូអែល»ដែលបានស្លាប់ហើយ។ គ្រូខាបបានហៅអ្វីមួយឲ្យលេចឡើងមកដែលមើលទៅដូចជា«សាំយូអែល»ដែលបានប្រាប់សូលថា ពួកភីលីស្ទីននឹងទទួលជ័យជំនះ ហើយលោកនិងកូនរបស់លោកនឹងត្រូវស្លាប់នៅសមរភូមិ។ (សាំយូអែលទី១ ២៨:៧-១៩) តើនេះពិតជាសាំយូអែលមែនឬ?
សូមគិតអំពីនេះ។ គម្ពីរចែងថា ពេលមនុស្សម្នាក់ស្លាប់ បុគ្គលនោះ«ត្រឡប់ទៅជាដីវិញ» ហើយ«អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ (ទំនុកតម្កើង ១៤៦:៤) ទាំងសូលនិងសាំយូអែលក៏ដឹងថា ព្រះយេហូវ៉ាផ្ដន្ទាទោសការទាក់ទងជាមួយនឹងគ្រូខាបព្រលឹង។ ពីមុន សូលបាននាំមុខក្នុងការបំបាត់ចោលពួកអ្នកដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់ពីស្រុកអ៊ីស្រាអែល!—លេវីវិន័យ ១៩:៣១
សូមវែកញែកអំពីរឿងនេះ។ បើសាំយូអែលនៅរស់នៅឡើយជាវិញ្ញាណមួយ តើគាត់នឹងបំពានច្បាប់របស់ព្រះ ហើយសហការជាមួយនឹងគ្រូខាបព្រលឹងដើម្បីជួបសូលឬទេ? ព្រះយេហូវ៉ាមិនព្រមទាក់ទងជាមួយសូលឡើយ។ បើដូច្នេះ តើគ្រូខាបព្រលឹងម្នាក់អាចបង្ខំព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតឲ្យទាក់ទងជាមួយសូលតាមរយៈសាំយូអែលដែលបានស្លាប់ទៅហើយឬ? មិនអាចទេ។ គឺច្បាស់ហើយ នេះមិនមែនជា«សាំយូអែល»ដែលជាអ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់ព្រះឡើយ។ ផ្ទុយទៅវិញ វាជាវិញ្ញាណមួយរូប ពោលគឺជាវិញ្ញាណកំណាចមួយដែលធ្វើពុតជាសាំយូអែលដែលបានស្លាប់។
ពួកវិញ្ញាណកំណាចជាទេវតាដែលបះបោរប្រឆាំងនឹងអំណាចរបស់ព្រះនៅដើមដំបូងនៃប្រវត្ដិសាស្ត្រមនុស្សជាតិ។ (លោកុប្បត្តិ ៦:១-៤; យូដាស ៦) ពួកវិញ្ញាណកំណាចអាចសង្កេតមើលមនុស្សកាលដែលមនុស្សនៅរស់ ពួកវាដឹងរបៀបដែលមនុស្សម្នាក់ៗនិយាយ ប្រព្រឹត្ត និងអាការក្រៅរបស់បុគ្គលនោះ។ ពួកវាចង់លើកស្ទួយគំនិតថា អ្វីៗដែលគម្ពីរចែងគឺមិនពិតទេ។ មិនមែនជាការចម្លែកឡើយ ដែលគម្ពីរព្រមានយើងមិនឲ្យទាក់ទងជាមួយវិញ្ញាណកំណាចឲ្យសោះ! (ចោទិយកថា ១៨:១០-១២) ពួកវិញ្ញាណអាក្រក់ទាំងនេះនៅតែមានសកម្មភាពសព្វថ្ងៃនេះ។
ដូច្នេះ យើងអាចយល់ពីមូលហេតុដែលមនុស្សជាច្រើនប្រាប់ថា ពួកគេបាន«ឮ»ឬ«ឃើញ»មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅហើយ។ ទោះជាជួនកាលពេលពួកវិញ្ញាណអាក្រក់លេចមកឲ្យឃើញ នេះប្រហែលជាមើលទៅដូចជាមានប្រយោជន៍ តែពួកវាបានតាំងចិត្តបំភាន់មនុស្សជាតិ។ * (អេភេសូរ ៦:១២) ម្យ៉ាងទៀត សូមគិតអំពីនេះ៖ ព្រះយេហូវ៉ាជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលយកចិត្តទុកដាក់នឹងយើង។ បើមនុស្សដែលស្លាប់នៅរស់នៅកន្លែងណាមួយ ហើយពួកគេអាចជួយញាតិមិត្តបាន តើព្រះដែលជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងហាមឃាត់ការទាក់ទងបែបនេះ ហើយពោលថាអ្វីនេះជា«ទីស្អប់ខ្ពើម»ឬ? ប្រាកដជាមិនមែនទេ! (ពេត្រុសទី១ ៥:៧) ដូច្នេះ តើមានជំនួយដែលអាចទុកចិត្តបានឬទេ?
ជំនួយពិតប្រាកដ សម្រាប់មនុស្សដែលរស់និងមនុស្សដែលស្លាប់
តាមរយៈព័ត៌មានខាងលើ យើងយល់ថាមនុស្សដែលស្លាប់គ្មានសមត្ថភាពជួយមនុស្សដែលនៅរស់ទេ។ មួយវិញទៀត ការព្យាយាមសុំជំនួយពីមនុស្សដែលស្លាប់គ្មានប្រសិទ្ធភាពឡើយ តែអាក្រក់ជាងនេះទៅទៀត ការធ្វើដូច្នេះអាចនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះនេះប្រឆាំងច្បាប់របស់ព្រះ ហើយអាចនាំឲ្យយើងស្ថិតនៅក្រោមអំណាចពួកវិញ្ញាណកំណាច។
គម្ពីរដឹកនាំយើងទៅរកប្រភពជំនួយដែលល្អបំផុត ពោលគឺព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង។ លោកអាចរំដោះយើងពីសេចក្ដីស្លាប់។ (ទំនុកតម្កើង ៣៣:១៩, ២០) សព្វថ្វៃនេះ លោកអាចជួយយើងបាន។ លោកផ្ដល់សេចក្ដីសង្ឃឹមដ៏ពិតប្រាកដ មិនដូចគ្រូខាបព្រលឹងដែលផ្ដល់សេចក្ដីសង្ឃឹមមិនពិតទេ។
ថាំបាដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ បានពិសោធដោយផ្ទាល់នូវភាពខុសគ្នារវាងសេចក្ដីសង្ឃឹមមិនពិតដែលគ្រូខាបព្រលឹងផ្ដល់ឲ្យ និងសេចក្ដីពិតដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង។ ពួកគ្រូខាបបានអះអាងថា បើគាត់មិនផ្ដល់គ្រឿងបូជាឲ្យជីដូនជីតាដែលបានស្លាប់ នោះគាត់នឹងប្រឡងធ្លាក់។ ថាំបាបានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ គាត់បានរៀនអំពីស្ថានភាពពិតប្រាកដនៃមនុស្សដែលបានស្លាប់ ហើយរៀនអំពីវិញ្ញាណកំណាចដែលធ្វើពុតជាជីដូនជីតាដែលបានស្លាប់។ ថ្វីបើមានការបង្ខំយ៉ាងខ្លាំងពីម្ដាយរបស់គាត់ឲ្យទទួលជំនួយពីគ្រូខាបព្រលឹងក៏ដោយ តែថាំបាមិនព្រមធ្វើដូច្នេះទេ ហើយនិយាយប្រាប់ម្ដាយថា៖ «បើខ្ញុំប្រឡងធ្លាក់ ខ្ញុំនឹងខំរៀនខ្លាំងជាងនេះនៅឆ្នាំក្រោយ»។
តើមានលទ្ធផលយ៉ាងណា? គាត់បានប្រឡងជាប់លេខមួយ! ម្ដាយគាត់ភ្ញាក់ផ្អើលណាស់ លែងជឿលើគ្រូខាបទៀត ហើយក៏មិនដែលនិយាយអំពីគ្រឿងបូជានោះទៀតឡើយ។ ថាំបាបានរៀនថា ព្រះយេហូវ៉ាព្រមានយើងមិនឲ្យ«បញ្ជាន់ខ្មោចដើម្បីជួយអ្នកនៅរស់»។ (អេសាយ ៨:១៩, ខ.ស.) ការសិក្សាគម្ពីរបានផ្ដល់ឲ្យថាំបាមានទំនុកចិត្តថា បើគាត់ត្រេកអរនឹងច្បាប់របស់ព្រះ នោះគាត់នឹងទទួលជោគជ័យ។—ទំនុកតម្កើង ១:១-៣
ចុះចំណែកមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅ? តើពួកគាត់មានសេចក្ដីសង្ឃឹមឬទេ? ក្រៅពីជួយមនុស្សដែលនៅរស់ ព្រះយេហូវ៉ាក៏បានសន្យាថាលោកនឹងជួយមនុស្សដែលស្លាប់ដែរ។ បន្ទាប់ពីបានពណ៌នាអំពីមនុស្សស្លាប់ដែលគ្មានអំណាចជួយយើង សូមកត់សម្គាល់អ្វីដែលអ្នកប្រកាសទំនាយអេសាយប្រកាសនៅជំពូកទី២៦ ខ១៩ដែលថា៖ «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត . . . ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ! ចូរភ្ញាក់ឡើង ហើយច្រៀងចុះ!»។ បទទំនាយក៏បានទាយទៀតថា «មនុស្សស្លាប់»នឹងរស់ម្ដងទៀត។
សូមនឹកគិតទៅមើល! មនុស្សរាប់ពាន់លាននាក់ដែលនៅក្នុងផ្នូរនឹងត្រូវប្រោសឲ្យរស់ឡើងវិញ! តាមពិត គម្ពីរបង្ហាញឲ្យឃើញថា ព្រះយេហូវ៉ាមាន«បំណងព្រះហឫទ័យ»ផ្ដល់ជីវិតឲ្យមនុស្សដែលស្លាប់។ (យ៉ូប ១៤:១៤, ១៥) សេចក្ដីសន្យានេះពិរោះស្ដាប់មែន តែពិបាកឲ្យជឿមែនទេ? លោកយេស៊ូគ្រិស្តជឿជាក់លើសេចក្ដីសង្ឃឹមនេះខ្លាំងណាស់រហូតដល់លោកមានប្រសាសន៍ថា ចំពោះព្រះយេហូវ៉ា មនុស្សស្លាប់ទាំងនេះកំពុងរស់នៅ។—លូកា ២០:៣៧, ៣៨
ចំណែកលោកអ្នកវិញ តើលោកអ្នកចង់បានសេចក្ដីសង្ឃឹមនេះឬទេ? * បើចង់បានមែន សូមក្រេបជព្ផាក់យកចំណេះត្រឹមត្រូវពីគម្ពីរតទៅទៀត។ កាលដែលលោកអ្នកសិក្សាគម្ពីរ លោកអ្នកនឹងមានទំនុកចិត្តថា ព្រះយេហូវ៉ាអាចជួយមនុស្សដែលរស់ ព្រមទាំងមនុស្សដែលស្លាប់ បន្ថែមទៅទៀត សេចក្ដីសន្យារបស់លោក«គួរឲ្យទុកចិត្តហើយក៏ពិតត្រង់»។—ការបើកបង្ហាញ ២១:៤, ៥
[កំណត់សម្គាល់]
^ វគ្គ 2 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 9 ដើម្បីទទួលព័ត៌មានបន្ថែមអំពីរឿងនេះ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២៣៩ ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
^ វគ្គ 18 ដើម្បីទទួលព័ត៌មានបន្ថែមអំពីរឿងនេះ សូមមើលសៀវភៅស្តើង វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
^ វគ្គ 26 ដើម្បីទទួលព័ត៌មានបន្ថែមអំពីសេចក្ដីសន្យាក្នុងគម្ពីរស្តីអំពីការប្រោសឲ្យរស់ឡើងវិញ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជំពូកទី៧ ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ២៧]
គឺជាការធម្មតាដែលយើងចង់ជួប មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅ
[ឃ្លាពន្យល់អំពីរូបភាព នៅទំព័រ២៨]
ទោះជាអ្នកប្រកាសទំនាយសាំយូអែលបានស្លាប់ហើយក៏ដោយ តើអ្នកដែលបានប្រាស្រ័យ ទាក់ទងជាមួយស្តេចសូលពិតជាសាំយូអែលឬទេ?