លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាសនាល្អលើកស្ទួយគោលការណ៍សីលធម៌ខ្ពង់ខ្ពស់

សាសនាល្អលើកស្ទួយគោលការណ៍សីលធម៌ខ្ពង់ខ្ពស់

សាសនា​ល្អ​លើក​ស្ទួយ​គោលការណ៍​សីលធម៌​ខ្ពង់​ខ្ពស់

សាសនា​ល្អ​បង្រៀន​យើង​ឲ្យ​មាន​គំនិត​ថ្លៃ​ថ្នូរ ហើយ​បង្ហាញ​យើង​អំពី​វិធី​ដែល​យើង​អាច​ប្រព្រឹត្ត​ល្អ​ជាង។ សាសនា​នោះ​គាំទ្រ​យើង​កាល​ដែល​យើង​ខំ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ប្រសើរ។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សាសនា​ល្អ​អាច​ជួយ​មនុស្ស​បាន​ដូច​ខាង​លើ?

សូម​កត់​សម្គាល់​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​នៅ​សតវត្សរ៍​ទី​១​ជូន​ពួក​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​កូរិនថូស​នា​ប្រទេស​ក្រិច។ គេ​ស្គាល់​ទូទៅ​ថា មនុស្ស​នៅ​ទី​ក្រុង​ចាស់​បុរាណ​នោះ​មាន​ជីវិត​រស់​នៅ​ដែល​ប្រាសចាក​សីលធម៌។ ប៉ូល​បាន​ព្រមាន​ថា​៖ ​«​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ពួក​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ចោរ​ប្លន់ ពួក​លោភ​លន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ​»។ ក្រោយ​មក​ប៉ូល​បាន​បន្ថែម​ថា​៖ ​«​កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​លាង​សំ​អា​តប​ង​ប្អូន ប្រោស​ប្រទាន​អោយ​បង​ប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​អោយ​បង​ប្អូន​បាន​សុចរិត ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូ​គ្រីស្ទ តាម​រយៈ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ជា​ម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ​»។ (​កូរិនថូសទី១ ៦:៩​-​១១, ខ.ស.​) ត្រូវ​ហើយ សាសនា​ល្អ​បាន​ជួយ​មនុស្ស​ខ្លះ​ដែល​ពី​មុន​គ្មាន​គោលការណ៍​សីលធម៌ ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​ដែល​ស្អាត​ស្អំ​និង​សុចរិត!

ផ្ទុយ​ទៅ​វិញ​គម្ពីរ​ព្រមាន​ថា​៖ ​«​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​»។—ធីម៉ូថេ​ទី​២ ៤:៣, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ

តើ​សាសនា​ដែល​លោក​អ្នក​ស្គាល់​មាន​លក្ខណៈ​ទាំង​នេះ​ទេ? តើ​ពួក​គេ​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ​ស្តី​អំពី​អ្វី​ដែល​ត្រូវ​និង​ខុស​ទេ? ឬ​ក៏​តើ​ពួក​គេ​បន្ថែម​បន្ថយ​ដំបូន្មាន​ជាក់​លាក់​ដែល​មាន​ក្នុង​គម្ពីរ ហើយ​បង្រៀន​មនុស្ស​ឲ្យ​«​ត្រូវ​ចិត្ត​»​គេ​តែ​ប៉ុណ្ណោះ?

ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​សម្រេច​ថា សាសនា​ដែល​លោក​អ្នក​ស្គាល់​បង្កើត​ឬ​មិន​បង្កើត​ផល​ល្អ សូម​អញ្ជើញ​គិត​ពិចារណា​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ:

រឿង: អាពាហ៍ពិពាហ៍។

គម្ពីរ​បង្រៀន​ថា: ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ឥត​សៅហ្មង ព្រោះ​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​និង​អ្នក​ផិត​ក្បត់​»។—ហេប្រឺ ១៣:៤

សំណួរ: តើ​សាសនា​នោះ​តម្រូវ​ឲ្យ​សមាជិក​ដែល​រួម​រស់​ជា​មួយ​គ្នា រៀប​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ?

រឿង: លែង​លះ​គ្នា។

គម្ពីរ​បង្រៀន​ថា: ពេល​គេ​សួរ​លោក​យេស៊ូ​ថា តើ​អាច​លែង​លះ​គ្នា​ក្នុង​ករណី​ណាខ្លះ? នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។—ម៉ាថាយ ១៩:៩

សំណួរ: តើ​សាសនា​នោះ​គោរព​ការ​ណែនាំ​របស់​លោក​យេស៊ូ​ដោយ​ឲ្យ​លែង​លះ​គ្នា​និង​រៀប​ការ​ម្ដង​ទៀត ដោយ​មាន​មូលដ្ឋាន​លើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​តែ​ប៉ុណ្ណោះ​ឬ?

រឿង: សីលធម៌​ខាង​ផ្លូវ​ភេទ។

គម្ពីរ​បង្រៀន​ថា: ​«​ចូរ​គេច​អោយ​ផុត​ពី​អំពើ​ប្រាសចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀត​ៗ​ដែល​មនុស្ស​ប្រព្រឹត្ត​ជា​អំពើ​បាប​មិន​ធ្វើ​អោយ​រូប​កាយ​សៅហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​អោយ​សៅហ្មង​ដល់​រូប​កាយ​របស់​ខ្លួន​»។—កូរិនថូសទី១ ៦:១៨, ខ.ស.

​«​ពួក​ស្រី​ៗ​ក្នុង​ចំណោម​ពួក​គេ​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ ហើយ​សូម្បី​តែ​ពួក​ប្រុស​ៗ​ក៏​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ​ជា​មួយ​នឹង​ស្រី រួច​តាំង​មាន​ភ្លើង​តណ្ហា​ដ៏​ក្ដៅ​គគុក​ជា​មួយ​នឹង​ប្រុស​ឯ​ទៀត គឺ​ប្រុស​និង​ប្រុស​ប្រព្រឹត្ត​អំពើ​អាសអាភាស ហើយ​ទទួល​រង្វាន់​យ៉ាង​ពេញ​លេញ​សម្រាប់​ខ្លួន ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​»។—រ៉ូម ១:​២៦, ២៧

សំណួរ: តើ​សាសនា​នោះ​បង្រៀន​ថា អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​រវាង​បុរស​និង​ស្ត្រី ឬ​រវាង​គូ​ដែល​មាន​ភេទ​ដូច​គ្នា​គឺជា​ការ​ខុស​ទេ?

រឿង: ការពារ​ខ្នាត​តម្រា​គម្ពីរ​យ៉ាង​ក្លាហាន​ក្នុង​ចំណោម​សមាជិក។

គម្ពីរ​បង្រៀន​ថា: ​«​បើ​មាន​អ្នក​ណា​នៅ​ក្នុង​ពួក​ជំនុំ ជា​មនុស្ស​កំផិត ឬ​លោភ ឬ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​ជេរ​ប្រមាថ ជា​អ្នក​ប្រមឹក ឬ​ប្លន់​កំហែង នោះ​មិន​ត្រូវ​ឲ្យ​ភប់​ប្រសព្វ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិភោគ​ជា​មួយ​នឹង​គេ​ផង​»។ (​កូរិនថូសទី១ ៥:១១, សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​) តើ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក តែ​ធ្វើ​ខុស​ដោយ​មិន​ប្រែ​ចិត្ត? បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​»។—កូរិនថូសទី១ ៥:១៣, ខ.ស.

សំណួរ: ស្តី​អំពី​អ្នក​ដែល​មិន​ប្រែ​ចិត្ត​ហើយ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​គម្ពីរ តើ​សាសនា​នោះ​លែង​ទទួល​ស្គាល់​ពួក​គេ​ជា​សមាជិក​ទេ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៦]

តើ​មាន​សាសនា​ណា​ដែល​គេ​ស្គាល់​ទូទៅ​ជា​សាសនា​ដែល​ធ្វើ​តាម​គោលការណ៍​សីលធម៌​ខ្ពង់​ខ្ពស់​ក្នុង​គម្ពីរ​ទេ?