តើព្រះជាបុគ្គលពិតទេ?
តើព្រះជាបុគ្គលពិតទេ?
គេនិយមឆ្លើយថា:
◼ «ព្រះគឺដូចជាខ្យល់ ដែលមាននៅគ្រប់ទីកន្លែង ហើយនៅក្នុងវត្ថុគ្រប់យ៉ាង»។
◼ «ព្រះគឺជាប្រាជ្ញាដែលមិនអាចពិពណ៌នាបាន ជាថាមពលដែលឥតរូប»។
តើលោកយេស៊ូមានប្រសាសន៍ថាអ្វី?
◼ «ក្នុងលំនៅរបស់បិតានៃខ្ញុំមានទីអាស្រ័យជាច្រើន»។ (យ៉ូហាន ១៤:២) ក្នុងន័យធៀប លោកយេស៊ូបាននិយាយថាព្រះមានទីអាស្រ័យឬទីលំនៅ។
◼ «ខ្ញុំបានមកពីបិតាដែលនៅស្ថានសួគ៌ ហើយបានចូលក្នុងពិភពលោក។ ម្យ៉ាងទៀត ខ្ញុំនឹងចេញពីពិភពលោកហើយនឹងទៅឯបិតាដែលនៅស្ថានសួគ៌»។ (យ៉ូហាន ១៦:២៨) លោកយេស៊ូបានជឿថាព្រះជាបុគ្គលពិតម្នាក់ដែលអាស្រ័យនៅកន្លែងដ៏ជាក់លាក់មួយ។
លោកយេស៊ូមិនដែលសំដៅទៅលើព្រះជាថាមពលដែលឥតរូបឡើយ។ ផ្ទុយទៅវិញ លោកបាននិយាយនិងអធិដ្ឋានដល់ព្រះ។ ជាញឹកញាប់ លោកបានហៅព្រះយេហូវ៉ាថាបិតានៅស្ថានសួគ៌របស់លោក ហើយនេះជាពាក្យដែលបង្ហាញទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះ។—យ៉ូហាន ៨:១៩, ៣៨, ៥៤
ទោះជា«គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញព្រះម្ដងណាឡើយ»ហើយ«ព្រះជាវិញ្ញាណ»ក៏ពិតមែន តែតើនេះមានន័យថាលោកមិនមានរូបកាយទេឬ? (យ៉ូហាន ១:១៨; ៤:២៤) គម្ពីរបានឆ្លើយថា៖ «ប្រសិនបើមានរូបកាយសាច់ឈាម ក៏មានរូបកាយវិញ្ញាណដែរ»។ (កូរិនថូសទី១ ១៥:៤៤) បើដូច្នេះ តើព្រះយេហូវ៉ាមានរូបកាយវិញ្ញាណឬ?
ព្រះយេហូវ៉ាមានរូបកាយវិញ្ញាណមែន។ ពេលលោកយេស៊ូត្រូវបានប្រោសឲ្យរស់ឡើងវិញ នោះលោក«បានចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីបង្ហាញខ្លួននៅចំពោះមុខព្រះផ្ទាល់ ដើម្បីយើង»។ (ហេប្រឺ ៩:២៤) នេះបង្រៀនយើងចំណុចដ៏សំខាន់ពីរយ៉ាងអំពីព្រះ។ ទី១ លោកមានទីលំនៅ។ ទី២ លោកជាបុគ្គលពិតម្នាក់ មិនមែនជាថាមពលដែលមិនអាចពន្យល់បាន ដែលមាននៅគ្រប់ទីកន្លែងនោះឡើយ។
បើដូច្នេះ តើព្រះអាចមានអំណាចត្រួតត្រាលើគ្រប់ទីកន្លែងបានយ៉ាងដូចម្ដេច? ព្រះអាចចាត់សកម្មពលបរិសុទ្ធរបស់លោកឲ្យទៅកន្លែងណាក៏បានក្នុងសកលលោក។ ដូចឪពុកដែលលាតដៃដើម្បីសម្រាលទុក្ខនិងគាំទ្រកូន នោះព្រះចាត់សកម្មពលបរិសុទ្ធរបស់លោក ហាក់ដូចជាលាតដៃដើម្បីសម្រេចគោលបំណងរបស់លោកដែរ។—ទំនុកដំកើង ១០៤:៣០; ១៣៩:៧
ដោយព្រោះព្រះជាបុគ្គលពិតម្នាក់ លោកក៏មានបុគ្គលិកលក្ខណៈ ចំណង់ចំណូលចិត្ត ព្រមទាំងអារម្មណ៍ផងដែរ។ គម្ពីរបានរៀបរាប់ថា លោកស្រឡាញ់រាស្ត្ររបស់លោក ស្អប់ការគោរពប្រណិប័តន៍រូបព្រះ និងឈឺចិត្តពេលមានអំពើអាក្រក់ជួជាតិ។ (លោកុប្បត្តិ ៦:៦; ចោទិយកថា ១៦:២២; ពង្សាវតារក្សត្រទី១ ១០:៩; ទំនុកដំកើង ១០៤:៣១) ក្នុងសៀវភៅធីម៉ូថេទី១ ១:១១ លោកត្រូវបានហៅថា «ព្រះដែលមានសេចក្ដីសប្បាយ»។ ពុំមែនជាការចម្លែកអ្វីឡើយ! ដែលលោកយេស៊ូមានប្រសាសន៍ថាយើងអាចរៀនឲ្យចេះស្រឡាញ់ព្រះយ៉ាងអស់ពីដួងចិត្ត។—ម៉ាកុស ១២:៣០ *
[កំណត់សម្គាល់]
^ វគ្គ 12 ដើម្បីទទួលព័ត៌មានថែមទៀតអំពីរឿងនេះ សូមមើលជំពូកទី១នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ៤]
ដូចឪពុកដែលលាតដៃជួយកូន នោះព្រះចាត់សកម្មពលបរិសុទ្ធរបស់លោក ហាក់ដូចជាលាតដៃដើម្បីសម្រេចគោលបំណងរបស់លោក