លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកជា‹អ្នកចែកចាយនៃព្រះគុណ›ឬទេ?

តើអ្នកជា‹អ្នកចែកចាយនៃព្រះគុណ›ឬទេ?

តើ​អ្នក​ជា​‹អ្នក​ចែក​ចាយ​នៃ​ព្រះ​គុណ›​ឬ​ទេ?

«ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន»។—រ៉ូម ១២:១០

១​. តើ​បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ប្រាប់​យើង​អំពី​អ្វី?

បណ្ដាំ​របស់​ព្រះ​បញ្ជាក់​ប្រាប់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​ឬ​មាន​ចិត្ត​សង្រេង។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​ពាក្យ​ដែល​ធ្វើ​ឲ្យ​យើង​ធូរ​អារម្មណ៍​ដូច​ត​ទៅ​នេះ​៖ «ព្រះ​យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ»។ «ទ្រង់​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជា ក៏​រុំ​របួស​ឲ្យ​គេ​ផង»។ (ទំនុក. ១៤៥:១៤; ១៤៧:៣) ម្យ៉ាង​ទៀត បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​អង្គ​ទ្រង់​ផ្ទាល់​មាន​ប្រសាសន៍​ថា​៖ «ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា‹កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង›»។—អេសា. ៤១:១៣

២​. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​គាំទ្រ​ដល់​អ្នក​បម្រើ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ដែល​គង់នៅ​ស្ថាន​សួគ៌​«កាន់​ដៃ»​របស់​យើង​យ៉ាង​ដូច​ម្ដេច? ពេល​យើង​ឈឺ​ចិត្ត តើ​ទ្រង់‹លើក​យើង​ឡើង​វិញ›យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​ផ្ដល់​ការ​គាំទ្រ​បែប​នេះ​តាម​វិធី​ផ្សេងៗ។ ជា​ឧទាហរណ៍ ទ្រង់​ផ្ដល់​រាស្ត្រ​របស់​ទ្រង់​នូវ​«ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់»​តាម​រយៈ​សកម្ម​ពល​របស់​ទ្រង់។ (២កូ. ៤:៧; យ៉ូន. ១៤:១៦, ១៧) អ្នក​បម្រើ​របស់​ព្រះ​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត ឬ​លើក​ឡើង​ដោយ​ឫទ្ធានុភាព​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ ពោល​គឺ​គម្ពីរ។ (ហេ. ៤:១២) តើ​មាន​វិធី​ផ្សេង​ទៀត​ដែល​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ចិត្ត​យើង​ទេ? យើង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​សៀវភៅ​ពេត្រុសទី១។

«ព្រះ​គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ»

៣​. (ក) តើ​សាវ័ក​ពេត្រុស​បាន​សរសេរ​អ្វី​ស្តី​អំពី​សេចក្ដី​ល្បួង? (ខ) តើ​សៀវភៅ​ពេត្រុសទី១ ជំ​ពូក​ទី​៤​បាន​រៀប​រាប់​អំពី​អ្វី?

សាវ័ក​ពេត្រុស​បាន​សរសេរ​ទៅ​កាន់​អ្នក​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​ថា ពួក​គាត់​មាន​ហេតុ​ល្អ​ក្នុង​ការ​មាន​អំណរ ដោយ​សារ​ពួក​គាត់​នឹង​ទទួល​រង្វាន់​ដ៏​អស្ចារ្យ។ បន្ទាប់​មក​សាវ័ក​ពេត្រុស​បន្ថែម​ពាក្យ​ថា​៖ «សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្ដិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ»។ (១ពេ. ១:១​-​៦) សូម​កត់​សម្គាល់​ពាក្យ​«ផ្សេងៗ»។ ពាក្យ​នេះ​បង្ហើប​ឲ្យ​ដឹង​ថា​នឹង​មាន​សេចក្ដី​ល្បួង​ខុសៗ​ពី​គ្នា។ ក៏​ប៉ុន្តែ ពេត្រុស​មិន​គ្រាន់តែ​សរសេរ​ប៉ុណ្ណោះ​ទេ។ គាត់​មិន​ទុក​ឲ្យ​បង​ប្អូន​ឆ្ងល់​ថា​ពួក​គាត់​អាច​ឬ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង​ផ្សេងៗ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេត្រុស​បញ្ជាក់​ថា​គ្រិស្ត​សាសនិក​អាច​ដឹង​ប្រាកដ​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​គាត់​ឲ្យ​ស៊ូ​ទ្រាំ​សេចក្ដី​ល្បួង​នីមួយៗ​ដែល​ខ្លួន​ប្រឈម​មុខ មិន​ថា​សេចក្ដី​ល្បួង​បែប​ណា​ក៏​ដោយ។ ការ​បញ្ជាក់​អះអាង​នោះ​ត្រូវ​បាន​ផ្ដល់​នៅ​ចុង​សំបុត្រ​របស់​ពេត្រុស កាល​គាត់​លើក​រឿង​ដែល​ទាក់​ទង​នឹង​«ចុង​បំផុត​នៃ​របស់​ទាំង​អស់»។—១ពេ. ៤:៧

៤​. ហេតុ​អ្វី​បាន​ជា​ពាក្យ​នៅ​ក្នុង​ពេត្រុសទី១ ៤:១០ នាំ​ឲ្យ​យើង​ធូរ​អារម្មណ៍?

ពេត្រុស​មាន​ប្រសាសន៍​ថា​៖ «[ចូរ]​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ​គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ»។ (១ពេ. ៤:១០) ចំពោះ​ពាក្យ​ដែល​បាន​បក​ប្រែ​ថា​«ច្រើន​ផ្លូវ» ក្នុង​ភាសា​ដើម​ពេត្រុស​បាន​ប្រើ​ពាក្យ​ថា​«ផ្សេងៗ»​ដូច​បាន​ពិពណ៌នា​នៅ​វគ្គ​មុន។ បើ​និយាយ​ឲ្យ​ចំ​ទៅ ពេត្រុស​ចង់​និយាយ​ថា ‹មាន​សេចក្ដី​ល្បួង​ផ្សេងៗ​មែន តែ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ក៏​ត្រូវ​បាន​ផ្ដល់​តាម​របៀប​ផ្សេងៗ​ដែរ›។ ហេតុ​អ្វី​បាន​ជា​ពាក្យ​នោះ​នាំ​ឲ្យ​យើង​ធូរ​អារម្មណ៍? គឺ​ដោយ​ព្រោះ​ពាក្យ​ទាំង​នោះ​បង្ហើប​ឲ្យ​ដឹង​ថា ថ្វី​បើ​យើង​ប្រឈម​មុខ​សេចក្ដី​ល្បួង​យ៉ាង​ណា​ក៏​ដោយ នោះ​យើង​តែង​តែ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​បាន។ ប៉ុន្តែ យោង​ទៅ​តាម​ពាក្យ​របស់​ពេត្រុស តើ​អ្នក​កត់​សម្គាល់​នូវ​របៀប​ដែល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​ផ្ដល់​ឲ្យ​យើង​ទេ? គឺ​ត្រូវ​បាន​ផ្ដល់​តាម​រយៈ​គ្រិស្ត​សាសនិក​គ្នីគ្នា។

ចូរ​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក»

៥​. (ក) តើ​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់ៗ​ធ្វើ​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​អ្វី​ឲ្យ​យើង?

ក្នុង​ការ​និយាយ​ទៅ​កាន់​សមាជិក​ទាំង​ឡាយ​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ពេត្រុស​ពោល​ថា​៖ «មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ឲ្យ​អស់ពី​ចិត្ត»។ គាត់​បាន​បន្ថែម​ថា​៖ «[ចូរ]​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល»។ (១ពេ. ៤:៨, ១០) ដូច្នេះ សមាជិក​គ្រប់​គ្នា​ក្នុង​ក្រុម​ជំនុំ​ត្រូវ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​យើង​នូវ​អ្វី​មួយ​ដ៏​មាន​តម្លៃ​ដែល​ជា​របស់​ផង​ទ្រង់ ហើយ​យើង​មាន​ភារកិច្ច​ក្នុង​ការ​ចែក​ចាយ​បន្ត​ទៅ​អ្នក​ឯ​ទៀត។ បើ​ដូច្នេះ តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​អ្វី​ឲ្យ​យើង? ពេត្រុស​ប្រាប់​ថា​គឺ​«អំណោយ​ទាន»។ តើ​អំណោយ​ទាន​នោះ​ជា​អ្វី? តើ​យើង​អាច​យក​អំណោយ​ទាន​នោះ​ដើម្បី​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក»​យ៉ាង​ដូច​ម្ដេច?

៦​. តើ​ពួក​គ្រិស្ត​សាសនិក​ត្រូវ​បាន​ប្រគល់​ឲ្យ​អំណោយ​ទាន​អ្វី​ខ្លះ?

បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ «គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធតែ​មក​ពី​ស្ថាន​លើ»។ (យ៉ា. ១:១៧) ប្រាកដ​ហើយ អំណោយ​ទាន​ទាំង​ឡាយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​រាស្ត្រ​ទ្រង់ គឺជា​ការ​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ទ្រង់។ អំណោយ​ទាន​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​គឺ​សកម្ម​ពល​បរិសុទ្ធ​របស់​ទ្រង់។ អំណោយ​ទាន​នោះ​ជួយ​យើង​ឲ្យ​បណ្ដុះ​លក្ខណៈ​សម្បត្ដិ​ដែល​ផ្គាប់​ចិត្ត​ព្រះ ដូច​ជា​សេចក្ដី​ស្រឡាញ់ គុណធម៌ និង​ចិត្ត​ស្លូតបូត។ លក្ខណៈ​សម្បត្ដិ​បែប​នេះ​ជំរុញ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​បង​ប្អូន​រួម​ជំនឿ ហើយ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ជួយ​ពួក​គាត់។ ប្រាជ្ញា​និង​ចំណេះ​ពិត​ក៏​នៅ​ក្នុង​ចំណោម​អំណោយ​ទាន​ដ៏​ល្អ ដែល​យើង​ទទួល​ដោយ​សារ​មាន​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។ (១កូ. ២:១០​-​១៦; កា. ៥:២២, ២៣) តាម​ពិត យើង​អាច​ចាត់​ទុក​កម្លាំង​កាយ សមត្ថភាព និង​កោសល្យ​របស់​យើង​ទាំង​អស់ ជា​អំណោយ​ទាន​ដែល​យើង​អាច​ប្រើ​ដើម្បី​សរសើរ​និង​លើក​កិត្ដិយស​ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌។ ព្រះ​ប្រទាន​ភារកិច្ច​ឲ្យ​យើង​ប្រើ​សមត្ថភាព​និង​លក្ខណៈ​សម្បត្ដិ​របស់​យើង ដើម្បី​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដល់​បង​ប្អូន​រួម​ជំនឿ។

តើ​«ខំ​បំរើ​គ្នា»​យ៉ាង​ដូច​ម្ដេច?

៧​. (ក) តើ​ពាក្យ​«តាម​អំណោយ​ទាន»​ចង្អុល​ប្រាប់​អំពី​អ្វី? (ខ) តើ​គប្បី​ឲ្យ​យើង​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

ស្តី​អំពី​អំណោយ​ទាន​ដែល​យើង​បាន​ទទួល ពេត្រុស​ក៏​ពោល​ថា​៖ «[ចូរ]ខំ . . . តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក»។ ពាក្យ​ដែល​ថា​«តាម​អំណោយ​ទាន»​ចង្អុល​ប្រាប់​ថា​លក្ខណៈ​សម្បត្ដិ​និង​សមត្ថភាព មិន​គ្រាន់តែ​ផ្សេង​គ្នា​តាម​ប្រភេទ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​តាម​ចំនួន​ដែរ។ មិន​ថា​មាន​អំណោយ​ទាន​ណា​ក៏​ដោយ បង​ប្អូន​ទាំង​ឡាយ​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​«ខំ​[ប្រើ​អំណោយ​ទាន​ណា​ដែល​ខ្លួន​ទទួល​ដើម្បី]​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក»។ ម្យ៉ាង​ទៀត ឃ្លា​ដែល​ថា «[ចូរ]ខំ​[ប្រើ​អំណោយ​ទាន] . . . ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ» ជា​ការ​បញ្ជា​មួយ។ អាស្រ័យ​ហេតុ​នេះ គប្បី​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ពិត​ជា​ប្រើ​អំណោយ​ទាន​ដែល​ត្រូវ​បាន​ប្រគល់​មក​ខ្ញុំ ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ?›។ (សូម​ពិនិត្យ​បន្ថែម ធីម៉ូថេទី១ ៥:៩, ១០) ‹ឬ​ក៏​តើ​ខ្ញុំ​ប្រើ​អំណោយ​ទាន​ដែល​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ប្រយោជន៍​ខ្លួន ប្រហែលជា​ប្រមូល​ទ្រព្យ​សម្បត្ដិ ឬ​ដើម្បី​មុខ​មាត់​ធំ​ដុំ​វិញ​ទេ?›។ (១កូ. ៤:៧) ប្រសិនបើ​យើង​ប្រើ​អំណោយ​ទាន​របស់​ខ្លួន​ក្នុង​ការ​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក» នោះ​យើង​នឹង​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា។—សុ. ១៩:១៧; សូម​អាន ហេព្រើរ ១៣:១៦

៨, ៩​. (ក) សូម​រៀប​រាប់​អំពី​វិធី​ខ្លះៗ​ដែល​ពួក​គ្រិស្ត​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក​បម្រើ​បង​ប្អូន​រួម​ជំនឿ។ (ខ) តើ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

បណ្ដាំ​របស់​ព្រះ​រៀប​រាប់​អំពី​វិធី​ផ្សេងៗ​ដែល​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។ (សូម​អាន រ៉ូម ១៥:២៥, ២៦; ធីម៉ូថេទី២ ១:១៦​-​១៨) ស្រ​ដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​បាន​ធ្វើ​តាម​ការ​បញ្ជា​ឲ្យ​ប្រើ​អំណោយ​ទាន​របស់​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ។ សូម​ពិចារណា​វិធី​ខ្លះៗ​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​ដូច្នោះ។

បង​ប្រុស​ជា​ច្រើន​ចំណាយ​ពេល​ច្រើន​ម៉ោង​រៀង​រាល់​ខែ​ដើម្បី​រៀប​ចំ​សុន្ទរកថា។ នៅ​ឯ​កិច្ច​ប្រជុំ ពេល​ពួក​គាត់​ពន្យល់​ព័ត៌មាន​ល្អ​ខ្លះៗ​ដែល​បាន​មក​ពី​ការ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង នោះ​ពាក្យ​របស់​ពួក​គាត់​ដែល​ប្រកប​ទៅ​ដោយ​ការ​យល់​ធ្លុះ ជំរុញ​បង​ប្អូន​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ចេះ​ស៊ូទ្រាំ។ (១ធី. ៥:១៧) បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បង្ហាញ​អារម្មណ៍​កក់​ក្ដៅ​និង​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ជឿ​គ្នីគ្នា។ (រ៉ូម ១២:១៥) ជា​រឿយៗ បង​ប្អូន​ខ្លះ​ទៅ​លេង​អស់​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ព្រម​ទាំង​អធិដ្ឋាន​ជា​មួយ​ពួក​គាត់​ដែរ។ (១ថែ. ៥:១៤) បង​ប្អូន​ឯ​ទៀត ចំណាយ​ពេល​សរសេរ​ពាក្យ​ដែល​លើក​ទឹក​ចិត្ត​ជូន​បង​ប្អូន​រួម​ជំនឿ​ដែល​កំពុង​តែ​ជួប​ប្រទះ​ទុក្ខ​លំបាក។ ចំណែក​អ្នក​ឯ​ទៀត ពួក​គាត់​ជួយ​បង​ប្អូន​ដែល​មាន​បញ្ហា​សុខភាព​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ សាក្សី​ព្រះ​យេហូវ៉ា​រាប់​ពាន់​នាក់​រួម​ចំណែក​ក្នុង​ការ​ជួយ​បង​ប្អូន​រួម​ជំនឿ​សាងសង់​ឡើង​វិញ​ផ្ទះ​ដែល​បាន​បែកបាក់​ដោយ​សារ​មហន្តរាយ។ បង​ប្អូន​ប្រុស​ស្រី​បែប​នេះ​បង្ហាញ​ចិត្ត​ថ្នាក់​ថ្នម​និង​ផ្ដល់​ជំនួយ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ទង្វើ​ទាំង​អស់​នេះ​គឺជា​ការ​សម្ដែង​នៃ​«ព្រះ​គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ»។—សូម​អាន ពេត្រុសទី១ ៤:១១

តើ​មួយ​ណា​សំខាន់​ជាង?

១០​. (ក) ប៉ុល​យល់​ដឹង​អំពី​ទិដ្ឋភាព​ពីរ​យ៉ាង​ក្នុង​កិច្ច​បម្រើ​របស់​ខ្លួន​ចំពោះ​ព្រះ តើ​ទិដ្ឋភាព​នោះ​ជា​អ្វី? (ខ) តើ​យើង​យក​តម្រាប់​តាម​ប៉ុល​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១០ អ្នក​បម្រើ​របស់​ព្រះ​ត្រូវ​បាន​ប្រគល់​អំណោយ​ទាន​ដែល​មិន​គ្រាន់​តែ​ប្រើ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តែ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​មាន​សារ​ដែល​ត្រូវ​តែ​ជូន​ដល់​អ្នក​ដទៃ​ដែរ។ សាវ័ក​ប៉ុល​បាន​យល់​ដឹង​ថា​កិច្ច​បម្រើ​របស់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​មាន​ទិដ្ឋភាព​ទាំង​ពីរ​នេះ។ គាត់​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​អេភេសូរ​អំពី​«ការ​ត្រួត​ត្រា​របស់​ព្រះ​គុណ​នៃ​ព្រះ» ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​គាត់​ដើម្បី​ប្រយោជន៍​ក្រុម​ជំនុំ។ (អេភ. ៣:២) ក៏​ប៉ុន្តែ គាត់​ក៏​បាន​និយាយ​ថា​៖ «តាម​ដែល​ព្រះ​ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ​បន្ទូល​[ឬ​«ប្រគល់​មុខ​ងារ​ផ្សាយដំណឹង​ល្អ​មក​យើង»]»។ (១ថែ. ២:៤; ១ថស. ២:៤, ខ.ស.) ដូច​ប៉ុល យើង​ក៏​យល់​ដឹង​ថា​យើង​ទទួល​ភារកិច្ច​ឲ្យ​បម្រើ​ជា​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ។ ដោយ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង នោះ​យើង​ព្យាយាម​យក​តម្រាប់​តាម​ប៉ុល ដែល​បាន​តាំង​គំរូ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដោយ​ឥត​ឈប់​ឈរ។ (កិច្ច. ២០:២០, ២១; ១កូ. ១១:​១) យើង​ដឹង​ថា​ការ​ផ្សព្វ​ផ្សាយ​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​អាច​សង្គ្រោះ​ជីវិត។ ក៏​ប៉ុន្តែ ទន្ទឹម​គ្នា​ដែរ យើង​ក៏​ខំ​ប្រឹង​យក​តម្រាប់​តាម​ប៉ុល​ដោយ​ស្វែងរក​ឱកាស​ដើម្បី​«ចែក​អំណោយ​ទាន​ណា​មួយ​ខាង​វិញ្ញាណ» ឬ​ឲ្យ​ពរ​ពី​ព្រះ​ដល់​បង​ប្អូន​រួម​ជំនឿ។—សូម​អាន រ៉ូម ១:​១១, ១២; ១០:១៣​-​១៥

១១​. តើ​គប្បី​ឲ្យ​យើង​ចាត់​ទុក​ភារកិច្ច​ផ្សព្វ​ផ្សាយ​និង​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

១១ ស្តី​អំពី​កិច្ចការ​ទាំង​ពីរ​យ៉ាង​របស់​ពួក​គ្រិស្ត​សាសនិក តើ​មួយ​ណា​ដែល​សំខាន់​ជាង? ការ​សួរ​សំណួរ​បែប​នេះ​គឺ​ស្រ​ដៀង​នឹង​ការ​សួរ​សំណួរ​អំពី​បក្សា​បក្សី ពោល​គឺ តើ​ស្លាប​មួយ​ណា​របស់​បក្សា​បក្សី​ដែល​សំខាន់​ជាង? ចម្លើយ​គឺ​ច្បាស់​ណាស់​ថា បក្សា​បក្សី​ត្រូវ​ការ​ស្លាប​ទាំង​ពីរ​ដើម្បី​ហើរ​បាន។ ស្រ​ដៀង​គ្នា​ដែរ យើង​ត្រូវ​ការ​រួម​ចំណែក​ក្នុង​ទិដ្ឋភាព​ទាំង​ពីរ​យ៉ាង​នៃ​កិច្ច​បម្រើ​ព្រះ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​យើង​ជា​គ្រិស្ត​សាសនិក។ យ៉ាង​នេះ យើង​មិន​ចាត់​ទុក​ភារកិច្ច​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ការ​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ ជា​ភារកិច្ច​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ ដូច​សាវ័ក​ពេត្រុស​និង​ប៉ុល យើង​ចាត់​ទុក​ថា​ភារកិច្ច​ទាំង​ពីរ​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្នា។ តើ​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ដូច​ម្ដេច?

១២​. តើ​យើង​បម្រើ​ដូច​ជា​ឧបករណ៍​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១២ ក្នុង​នាម​ជា​អ្នក​ផ្សាយ យើង​ខំ​ប្រឹង​ប្រើ​ជំនាញ​ណា​ដែល​យើង​មាន​ក្នុង​ការ​បង្រៀន ដើម្បី​ឲ្យ​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​មាន​អានុភាព​លើ​ចិត្ត​អ្នក​ដទៃ។ តាម​វិធី​នេះ យើង​សង្ឃឹម​ថា​យើង​អាច​ជួយ​ពួក​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​គ្រិស្ត។ យ៉ាង​ណា​ក៏​ដោយ យើង​ក៏​ប្រើ​សមត្ថភាព​ណា​ដែល​យើង​មាន​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ តាម​រយៈ​ពាក្យ​ដែល​លើក​ទឹក​ចិត្ត​ឬ​ការ​ប្រព្រឹត្ត​ដែល​ផ្ដល់​ជំនួយ។ ទាំង​នេះ​ជា​ការ​បង្ហាញ​នូវ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ (សុ. ៣:២៧; ១២:២៥) តាម​វិធី​នេះ យើង​សង្ឃឹម​ថា​យើង​អាច​ជួយ​បង​ប្អូន​ឲ្យ​នៅ​រហូត​ជា​សិស្ស​របស់​គ្រិស្ត។ ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដល់​សាធារណៈ​ជន និង​កិច្ចការ​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក» យើង​មាន​កិត្ដិយស​បម្រើ​ដូច​ជា​ឧបករណ៍​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា។—កា. ៦:១០

«ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ»

១៣​. ប្រសិនបើ​យើង​មិន​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក» តើ​នឹង​មាន​អ្វី​កើត​ឡើង?

១៣ ប៉ុល​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ថា​៖ «ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន»។ (រ៉ូម ១២:១០) ពិត​មែន ការ​មាន​ចិត្ត​ថ្នាក់​ថ្នម​ចំពោះ​បង​ប្អូន​រួម​ជំនឿ ជំរុញ​យើង​ឲ្យ​បម្រើ​យ៉ាង​អស់ពី​ចិត្ត​ជា​អ្នក​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ យើង​យល់​ឃើញ​ថា បើ​សាតាំង​មាន​ជោគជ័យ​ក្នុង​ការ​រារាំង​យើង​ពី​ការ​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក» នោះ​វា​នឹង​នាំ​ឲ្យ​សាមគ្គី​ភាព​របស់​យើង​ទន់​ខ្សោយ។ (កូល. ៣:១៤) ជា​លទ្ធផល ការ​គ្មាន​សាមគ្គី​ភាព​នឹង​នាំ​ឲ្យ​យើង​គ្មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែរ។ សាតាំង​ដឹង​ច្បាស់​ថា​វា​ត្រូវ​បញ្ឈប់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​នៃ​កិច្ច​បម្រើ​របស់​យើង ហាក់​ដូច​ជា​បង្ខូច​ស្លាប​តែ​មួយ​របស់​បក្សា​បក្សី ដើម្បី​រារាំង​យើង​ពី​ការ​បំពេញ​ភារកិច្ច​របស់​យើង។

១៤​. តើ​អ្នក​ណា​ទទួល​ប្រយោជន៍​ពេល​ដែល​យើង​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក»? សូម​លើក​ឧទាហរណ៍។

១៤ ការ​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក»​មាន​ប្រយោជន៍​សម្រាប់​អស់​អ្នក​ដែល​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ និង​អស់​អ្នក​ដែល​ជា​អ្នក​ផ្ដល់​ផង​ដែរ។ (សុ. ១១:២៥) ជា​ឧទាហរណ៍ សូម​គិត​អំពី​គូ​ស្វាមី​ភរិយា​នៅ​រដ្ឋ​អ៊ីលីណយ​នា​សហរដ្ឋអាម៉េរិក ឈ្មោះ​រ៉ែយ៉ាន​និង​រូនី។ ពេល​ពួក​គាត់​ដឹង​ថា​ខ្យល់​ព្យុះ​ដែល​មាន​ឈ្មោះ​កាទ្រីណា បាន​បំបាក់​បំបែក​ខ្ទេចខ្ទី​ផ្ទះ​របស់​បង​ប្អូន​រួម​ជំនឿ​អស់​រាប់​រយ​ខ្នង នោះ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ជំរុញ​ពួក​គាត់​ឲ្យ​លះ​បង់​ការងារ​និង​ផ្ទះ​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គាត់​ទិញ​និង​ជួស​ជុល​រថ​សណ្ដោង​ចាស់​មួយ​ដើម្បី​អាច​រស់​នៅ​ក្នុង​បាន ព្រម​ទាំង​ធ្វើ​ដំណើរ​១.៤០០​គីឡូម៉ែត្រ​ទៅ​រដ្ឋ​ល្វីហ្ស៍ស៊ីយ៉ានណា កន្លែង​ដែល​មាន​ខ្យល់​ព្យុះ​នោះ។ ពួក​គាត់​រស់​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ហើយ​បាន​ចំណាយ​ពេល កម្លាំង និង​ធនធាន​របស់​ខ្លួន​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ។ បង​រ៉ែយ៉ាន ដែល​មាន​អាយុ​២៩​ឆ្នាំ ពោល​ថា​៖ «ការ​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែ​រក្សា​រាស្ត្រ​របស់​ទ្រង់»។ គាត់​បាន​និយាយ​បន្ថែម​ថា​៖ «ការ​ធ្វើ​ការ​ជា​មួយ​បង​ប្អូន​វ័យ​ចាស់​បង្រៀន​ខ្ញុំ​ច្រើន​ណាស់​ក្នុង​ការ​ថែ​ទាំ​បង​ប្អូន​រួម​ជំនឿ។ ខ្ញុំ​ក៏​បាន​យល់​ឃើញ​ថា យើង​ជា​មនុស្ស​ដែល​មាន​វ័យ​ក្មេង​ជាង​អាច​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា»។ រូ​នី​ដែល​មាន​អាយុ​២៥​ឆ្នាំ កត់​សម្គាល់​ថា​៖ «ខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​អាច​ជួយ​បង​ប្អូន។ ខ្ញុំ​មិន​ដែល​មាន​ចិត្ត​សប្បាយ​ជាង​ពេល​នេះ​ទេ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នៅ​តែ​ទទួល​ប្រយោជន៍​ពី​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នេះ សូម្បី​តែ​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​ក៏​ដោយ»។

១៥​. តើ​យើង​មាន​មូលហេតុ​ល្អ​អ្វី​ខ្លះ​ដើម្បី​បន្ត​ប្រើ​អំណោយ​ទាន​របស់​យើង​ក្នុង​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​អ្នក​ចែក​ចាយ​នៃ​ព្រះ​គុណ?

១៥ ប្រាកដ​ហើយ ការ​ស្ដាប់​តាម​បញ្ជា​របស់​ព្រះ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ នោះ​នាំ​ឲ្យ​យើង​គ្រប់​គ្នា​ទទួល​ពរ។ អស់​អ្នក​ដែល​យើង​ជួយ​អាច​បម្រើ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត ហើយ​យើង​មាន​អំណរ​យ៉ាង​ខ្លាំង​ដែល​បាន​មក​ពី​ការ​ឲ្យ​តែ​ប៉ុណ្ណោះ។ (កិច្ច. ២០:​៣៥) កាល​ដែល​សមាជិក​ម្នាក់ៗ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​គ្នីគ្នា នោះ​ក្រុម​ជំនុំ​ទាំង​មូល​បង្កើន​នូវ​ការ​បង្ហាញ​អារម្មណ៍​កក់​ក្ដៅ។ ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​ដែល​យើង​បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​សម្គាល់​យ៉ាង​ច្បាស់​ថា​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូន. ១៣:៣៥) សំខាន់​បំផុត កាល​ដែល​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​ប្រាថ្នា​របស់​ទ្រង់​ក្នុង​ការ​ពង្រឹង​កម្លាំង​ចិត្ត​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ នោះ​នឹង​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា ជា​បិតា​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​មូលហេតុ​ល្អ​ដើម្បី​ប្រើ​អំណោយ​ទាន​របស់​យើង​ក្នុង​ការ​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក . . . ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ​នៃ​ព្រះ​គុណ!»។ តើ​អ្នក​នឹង​ធ្វើ​ដូច្នេះ​ជា​បន្ត​ឬ​ទេ?—សូម​អាន ហេព្រើរ ៦:១០

តើ​អ្នក​ចាំ​ទេ?

តើ​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​បម្រើ​របស់​ទ្រង់​តាម​របៀប​ណាខ្លះ?

តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​អ្វី​ឲ្យ​យើង?

តើ​យើង​អាច​បម្រើ​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណាខ្លះ?

តើ​អ្វី​នឹង​ជំរុញ​យើង​ឲ្យ​ប្រើ​អំណោយ​ទាន ដើម្បី​«បំរើ​គ្នា​ទៅ​វិញ​ទៅ​មក»​ជា​បន្ត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៧]

តើ​អ្នក​ប្រើ​«អំណោយ​ទាន»​របស់​អ្នក​ដើម្បី​បម្រើ​អ្នក​ដទៃ ឬ​ដើម្បី​ប្រយោជន៍​ខ្លួន?

[រូបភាព​នៅ​ទំព័រ​១៨]

យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ និង​គាំទ្រ​បង​ប្អូន​រួម​ជំនឿ

[រូបភាព​នៅ​ទំព័រ​១៩]

អ្នក​ផ្ដល់​ជំនួយ​សម​នឹង​ទទួល​ការ​សរសើរ​ដោយ​សារ​ស្មារតី​លះ​បង់​ប្រយោជន៍​ខ្លួន