លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹មនុស្សឆោតល្ងង់ជឿគ្រប់ពាក្យទាំងអស់›

‹មនុស្សឆោតល្ងង់ជឿគ្រប់ពាក្យទាំងអស់›

«មនុស្សល្ងង់គឺជាអ្នកដែលមិនដែលអានកាសែត ប៉ុន្ដែមនុស្សដែលកាន់តែល្ងង់គឺជាអ្នកដែលជឿអ្វីដែលគាត់អាន ដោយសារតែព័ត៌មាននោះចុះក្នុងកាសែត»។ (ប្រវត្ដិវិទូនិងអ្នកនិពន្ធជនជាតិអាល្លឺម៉ង់ ឈ្មោះអូគូស្ទ ហ្វុន ស្លូសឺ ដែលបានរស់នៅពីឆ្នាំ១៧៣៥ដល់ឆ្នាំ១៨០៩)

ជាង២០០ឆ្នាំមុន មនុស្សមិនអាចជឿអ្វីទាំងអស់ដែលបានត្រូវសរសេរក្នុងកាសែតទេ។ សព្វថ្ងៃនេះ យើងមិនអាចជឿអ្វីទាំងអស់ដែលយើងអាន ឬឃើញតាមអ៊ីនធឺណិតបានឡើយ។ នៅតាមប្រព័ន្ធអ៊ីនធឺណិតមានព័ត៌មានច្រើនសន្ធឹក ហើយបច្ចេកវិទ្យាទំនើបធ្វើឲ្យយើងងាយស្រួលរកព័ត៌មានទាំងនោះ។ ព័ត៌មានជាច្រើនគឺជាព័ត៌មានពិត មានប្រយោជន៍ ហើយគ្មានគ្រោះថ្នាក់ទេ ប៉ុន្ដែព័ត៌មានជាច្រើនទៀតគឺមិនពិត គ្មានប្រយោជន៍ ហើយនាំឲ្យមានគ្រោះថ្នាក់ទៀតផង។ នេះជាមូលហេតុដែលយើងត្រូវជ្រើសរើសដោយប្រុងប្រយ័ត្ននូវអ្វីដែលយើងអាន។ ពេលមនុស្សខ្លះចាប់ផ្ដើមប្រើអ៊ីនធឺណិត ពួកគេប្រហែលជាគិតថាព័ត៌មានដែលគេចេញផ្សាយគឺច្បាស់ជាព័ត៌មានពិត ដោយសារព័ត៌មាននោះនៅតាមប្រព័ន្ធអ៊ីនធឺណិត ឬក៏ដោយសារមិត្ដភក្ដិរបស់ពួកគេបានផ្ញើព័ត៌មាននោះដល់ពួកគេតាមរយៈអ៊ីមែល។ ពួកគេប្រហែលជាជឿរឿងមួយ ទោះបីជារឿងនោះគឺចម្លែកណាស់ក៏ដោយ។ ប៉ុន្ដែ គម្ពីរព្រមានយើងថា«មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។—សុភាសិត ១៤:១៥

មនុស្សដែលមានគំនិតវាងវៃគឺផ្ទុយពីមនុស្សឆោតល្ងង់ដែលជឿអ្វីទាំងអស់ដែលខ្លួនឮ។ ពេលដែលយើងមានគំនិតវាងវៃ យើងប្រុងប្រយ័ត្ន ហើយជឿតែអ្វីដែលយើងដឹងថាជារឿងពិតប៉ុណ្ណោះ។ យើងនឹងមិនចាញ់បោកដោយជឿរឿងមិនពិតដែលយើងអានតាមអ៊ីនធឺណិតនោះទេ ទោះបីជារឿងនោះកំពុងពេញនិយមយ៉ាងណាក៏ដោយ។ តើអ្វីអាចជួយអ្នកឲ្យក្លាយទៅជាមនុស្សដែលមានគំនិតវាងវៃ? ដំបូង សូមសួរខ្លួនអ្នកថា ‹តើរឿងនោះមកពីគេហទំព័រផ្លូវការនិងគួរឲ្យទុកចិត្ដទេ? ឬតើរឿងនោះមកពីគេហទំព័រមួយដែលឲ្យអ្នកណាក៏ដោយសរសេរយោបល់របស់ពួកគេ ឬក៏តើរឿងនោះមកពីប្រភពដែលយើងមិនស្គាល់? តើគេហទំព័រដែលគួរឲ្យទុកចិត្ដបានបញ្ជាក់ហើយនៅថារឿងនោះគឺមិនពិត?›។ * (សូមមើលកំណត់សម្គាល់) បន្ទាប់មកសូមប្រើសមត្ថភាព«សម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ (ហេប្រឺ ៥:១៤) ប្រសិនបើព័ត៌មានថ្មីណាមួយមើលទៅមិនគួរឲ្យជឿ វាទំនងជាដូច្នេះមែន។ ម្យ៉ាងទៀត ពេលដែលអ្នកអានព័ត៌មានមិនល្អអំពីអ្នកដទៃ សូមគិតថាអ្នកណានឹងទទួលប្រយោជន៍បើព័ត៌មាននោះបានត្រូវផ្សព្វផ្សាយចេញទៅ ហើយគិតអំពីមូលហេតុដែលអ្នកណាម្នាក់ប្រហែលជាចង់ផ្សព្វផ្សាយព័ត៌មាននោះ។

តើអ្នកតែងតែផ្ញើអ៊ីមែលគ្នាទេ?

មនុស្សខ្លះប្រហែលជាផ្ញើព័ត៌មានគ្នាទៅមនុស្សទាំងអស់ដែលគាត់ស្គាល់ដោយមិនបានពិនិត្យមើលជាមុនថារឿងនោះជារឿងពិតមិនពិត ឬដោយមិនគិតអំពីអ្វីដែលអាចកើតឡើងបន្ទាប់ពីគាត់បានផ្ញើព័ត៌មាននោះឡើយ។ ប្រហែលជាដោយសារពួកគេតែងតែចង់ឲ្យមនុស្សទៀតចាប់អារម្មណ៍ខ្លួន ហើយចង់ក្លាយទៅជាមនុស្សដំបូងដែលផ្សព្វផ្សាយព័ត៌មាន។ (សាំយូអែលទី២ ១៣:២៨-៣៣) ប៉ុន្ដែ មនុស្សដែលមានគំនិតវាងវៃគិតអំពីលទ្ធផលអាក្រក់ដែលអាចមកពីការផ្សាយព័ត៌មាននោះ។ ជាឧទាហរណ៍ ព័ត៌មាននោះអាចបង្ខូចកេរ្ដិ៍ឈ្មោះរបស់បុគ្គលម្នាក់ ឬអង្គការមួយ។

មនុស្សដែលផ្ញើព័ត៌មានប្រហែលជាមិនបានពិនិត្យមើលជាមុនទេថាព័ត៌មាននោះពិតមិនពិត ដោយសារការធ្វើបែបនេះគឺត្រូវការពេលនិងកម្លាំង។ គាត់គិតថាមនុស្សទៀតដែលទទួលព័ត៌មាននោះពីគាត់អាចពិនិត្យមើលដោយខ្លួនគេបាន។ ប៉ុន្ដែ ពេលវេលារបស់ពួកគេក៏មានតម្លៃដែរ។ (អេភេសូរ ៥:១៥, ១៦) ហេតុនេះ ជាជាងផ្ញើព័ត៌មានដែលយើងដឹងមិនច្បាស់ គឺជាការល្អជាងដែលយើងគិតថា «បើខ្ញុំមិនច្បាស់ថាព័ត៌មាននេះពិតមិនពិត ខ្ញុំគួរតែលុបវាចោល!»។

សូមសួរខ្លួនអ្នកថា ‹តើខ្ញុំតែងតែផ្ញើអ៊ីមែលគ្នាទេ? តើខ្ញុំធ្លាប់សុំការអភ័យទោសពីនរណាម្នាក់ដោយសារតែខ្ញុំបានផ្ញើព័ត៌មានខុស ឬមិនពិតទេ? តើធ្លាប់មាននរណាម្នាក់សុំខ្ញុំឲ្យឈប់ផ្ញើអ៊ីមែលគ្នាទេ?›។ សូមចាំថា បើមិត្ដភក្ដិរបស់អ្នកមានអ៊ីមែល ពួកគេក៏អាចប្រើអ៊ីនធឺណិតបានដែរ ហើយពួកគេមិនត្រូវការជំនួយពីអ្នកដើម្បីស្វែងរកព័ត៌មានដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ទេ។ ពួកគេមិនចង់ទទួលអ៊ីមែលច្រើនសន្ធឹកដែលរួមមានរឿងកំប្លែង វីដេអូ ឬក៏រូបភាពនោះទេ។ ការផ្ញើការថតសម្លេងសុន្ទរកថា ឬកំណត់ល្អិតល្អន់អំពីសុន្ទរកថាក៏មិនមែនជាការប្រព្រឹត្ដដ៏ឈ្លាសវៃដែរ។ * (សូមមើលកំណត់សម្គាល់) ម្យ៉ាងទៀត សូមចាំថា បើបុគ្គលម្នាក់ធ្វើការស្រាវជ្រាវ ស្វែងរកគម្ពីរ ឬរៀបចំចម្លើយសម្រាប់កិច្ចប្រជុំដោយខ្លួនគាត់ផ្ទាល់ គាត់នឹងទទួលប្រយោជន៍ច្រើនជាងការដែលអ្នកផ្ញើព័ត៌មានទាំងនោះឲ្យគាត់។

តើខ្ញុំគួរផ្ញើអ៊ីមែលនេះទៅអ្នកណាម្នាក់ផ្សេងទៀតទេ?

តើអ្នកគួរធ្វើយ៉ាងណាបើអ្នកឃើញអ្វីមួយតាមអ៊ីនធឺណិតដែលផ្សាយរឿងភូតភរអំពីអង្គការរបស់ព្រះយេហូវ៉ា? ចូរបដិសេធរឿងភូតភរនោះភ្លាម! កុំជឿព័ត៌មានទាំងនោះឡើយ។ ការចែកចាយព័ត៌មានដែលអ្នកបានអានដល់អ្នកទៀត ហើយសួរអំពីគំនិតរបស់ពួកគេ គឺមិនមែនជាការប្រព្រឹត្ដដ៏ឈ្លាសវៃឡើយ ពីព្រោះការធ្វើបែបនោះនឹងនាំឲ្យព័ត៌មានអាក្រក់ទាំងនោះត្រូវផ្សព្វផ្សាយកាន់តែច្រើនថែមទៀតប៉ុណ្ណោះ។ បើអ្វីដែលអ្នកបានឃើញតាមអ៊ីនធឺណិតធ្វើឲ្យអ្នកខ្វល់ចិត្ដ សូមអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីសុំប្រាជ្ញាពីលោក ហើយទៅនិយាយអំពីរឿងនោះជាមួយនឹងបងប្រុសដែលមានភាពចាស់ទុំ។ (យ៉ាកុប ១:៥, ៦; យូដាស ២២, ២៣) យើងមិនគួរភ្ញាក់ផ្អើលទេពេលមនុស្សនិយាយកុហកអំពីយើង។ មនុស្សបាននិយាយកុហកអំពីលោកយេស៊ូ ហើយលោកបានព្រមានអ្នកកាន់តាមលោកថា សត្រូវរបស់ពួកគាត់នឹងបៀតបៀនពួកគាត់ ហើយនឹង«និយាយរឿងអាក្រក់គ្រប់បែបយ៉ាង ដើម្បីបង្កាច់បង្ខូច»ពួកគាត់។ (ម៉ាថាយ ៥:១១; ១១:១៩; យ៉ូហាន ១០:១៩-២១) ដូច្នេះ បើអ្នកមានគំនិតវាងវៃ ហើយគិតយ៉ាងដិតដល់ នោះអ្នកនឹងអាចដឹងថានរណាកំពុងនិយាយកុហក ហើយកំពុងព្យាយាមបោកបញ្ឆោតអ្នកទៀត។—សុភាសិត ២:១០-១៦

ចូរបង្ហាញការគោរពចំពោះអ្នកទៀត

យើងក៏ត្រូវប្រុងប្រយ័ត្នផងដែរអំពីការចែកចាយព័ត៌មានអំពីបងប្អូនរបស់យើង ឬបទពិសោធន៍ផ្សេងដែលយើងបានឮ។ មានពេលខ្លះដែលការផ្សព្វផ្សាយព័ត៌មានណាមួយ សូម្បីតែជារឿងពិតក្ដី គឺមិនមែនត្រឹមត្រូវមិនមែនជាការប្រព្រឹត្ដដែលបង្ហាញសេចក្ដីស្រឡាញ់នោះទេ។ (ម៉ាថាយ ៧:១២) ជាឧទាហរណ៍ ការផ្សាយព័ត៌មានមិនល្អអំពីអ្នកទៀតគ្នា គឺមិនមែនជាការបង្ហាញសេចក្ដីស្រឡាញ់ ឬការលើកទឹកចិត្ដនោះទេ។ (ថែស្សាឡូនិចទី២ ៣:១១; ធីម៉ូថេទី១ ៥:១៣) ម្យ៉ាងទៀត ព័ត៌មានខ្លះប្រហែលជាព័ត៌មានសម្ងាត់។ មនុស្សទៀតប្រហែលជាចង់ប្រាប់ព័ត៌មានទាំងនោះនៅពេលក្រោយ ឬតាមរបៀបជាក់លាក់មួយ។ ហេតុនេះ យើងគួរគោរពសិទ្ធិរបស់ពួកគេក្នុងការសម្រេចចិត្ដអំពីពេលនិងរបៀបដែលគេចង់ប្រាប់ព័ត៌មាននោះ។ តាមពិត បើយើងប្រាប់អ្នកទៀតអំពីព័ត៌មាននោះមុនពេលកំណត់ យើងអាចធ្វើឲ្យមានបញ្ហាជាច្រើន។

សព្វថ្ងៃនេះ ព័ត៌មានអាចផ្សព្វផ្សាយបានយ៉ាងឆាប់រហ័ស ទោះបីជាព័ត៌មាននោះគឺពិតមិនពិត មានប្រយោជន៍គ្មានប្រយោជន៍ គ្មានគ្រោះថ្នាក់មានគ្រោះថ្នាក់ក្ដី។ ទោះជាអ្នកផ្ញើសារទៅមនុស្សតែម្នាក់ក៏ដោយ បុគ្គលម្នាក់នោះអាចផ្ញើសារនោះទៅអ្នកទៀតនៅទូទាំងពិភពលោកក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ដូច្នេះ ចូរជៀសវាងពីការចង់ផ្ញើព័ត៌មានភ្លាមគ្នាដល់មនុស្សទាំងអស់ដែលអ្នកស្គាល់។ ទោះបីជាសេចក្ដីស្រឡាញ់«ជឿអ្វីទាំងអស់» ហើយមិនសង្ស័យក៏ដោយ យើងមិនគួរធ្វើជាមនុស្សឆោតល្ងង់ ហើយជឿរឿងទាំងអស់ដែលថ្មីនិងគួរឲ្យចាប់អារម្មណ៍នោះទេ។ (កូរិនថូសទី១ ១៣:៧) ម្យ៉ាងទៀត យើងនឹងមិនជឿរឿងភូតភរ ឬក៏រឿងដែលគួរឲ្យស្អប់ខ្ពើមអំពីអង្គការរបស់ព្រះយេហូវ៉ា និងបងប្អូនជាទីស្រឡាញ់របស់យើងឡើយ។ សូមចាំថា អ្នកដែលបង្កើតរឿងមិនពិតទាំងនោះ ហើយចាប់ផ្ដើមផ្សាយអំពីរឿងទាំងនោះកំពុងធ្វើឲ្យមេកំណាចសាថានដែលជា«ឪពុកនៃការភូតភរ»ពេញចិត្ដ។ (យ៉ូហាន ៨:៤៤) ដូច្នេះ ចូរឲ្យយើងធ្វើជាមនុស្សដែលមានគំនិតវាងវៃ ហើយតែងតែគិតដោយប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រើព័ត៌មានច្រើនសន្ធឹកដែលយើងអាចទទួលបានជារៀងរាល់ថ្ងៃ។ ដូចគម្ពីរចែង «មនុស្សឆោតល្ងង់គេគ្រងបានសេចក្ដីចំកួតទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់ដំរិះជាមកុដវិញ»។—សុភាសិត ១៤:១៨

^ វគ្គ 4 ម្ដងម្កាល រឿងមួយប្រហែលជាចេញផ្សាយម្ដងទៀត ទោះបីជានៅអតីតកាលរឿងនោះបានត្រូវបកអាក្រាតថាជារឿងមិនពិតក៏ដោយ។ រឿងនោះប្រហែលជាបានត្រូវផ្លាស់ប្ដូរបន្ដិចបន្ដួចដើម្បីធ្វើឲ្យមើលទៅដូចជារឿងពិត។

^ វគ្គ 8 សូមមើល«ប្រអប់សំណួរ»នៅកិច្ចបម្រើព្រះ ខែមេសា ឆ្នាំ២០១០។