លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ

ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ

ចូរ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ

​«​ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ —កូឡ. ៣:១៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​យើង​ត្រូវ​សុខ​ចិត្ត​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត?

តើ​លោក​យេស៊ូ​ឲ្យ​ឧទាហរណ៍​អ្វី​ដែល​បញ្ជាក់​ថា​យើង​ត្រូវ​អភ័យទោស?

ដោយ​សារ​យើង​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​ឥត​ល័ក្ខខ័ណ្ឌ តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

១, ២​. ហេតុ​អ្វី​ជា​ការ​សមរម្យ​ដែល​អ្នក​ពិចារណា​អំពី​ការ​សុខ​ចិត្ត​អភ័យ​ទោស?

បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​លាយ​លក្ខណ៍​អក្សរ​ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​លោក​ស្តី​អំពី​អំពើ​ខុស​ឆ្គង និង​របៀប​ដែល​លោក​ប្រព្រឹត្ត​ពេល​យើង​ធ្វើ​អំពើ​ខុស​ឆ្គង។ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ក៏​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្រើន​អំពី​ការ​អភ័យ​ទោស​ដែរ។ នៅ​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​ដាវីឌ​និង​ម៉ាណាសេ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ពួក​គាត់។ ដោយ​សារ​ពួក​គាត់​បាន​ស្ដាយ​ក្រោយ​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ នេះ​បាន​នាំ​ឲ្យ​ពួក​គាត់​សារភាព បោះបង់​ចោល​អំពើ​អាក្រក់​របស់​ពួក​គាត់ ហើយ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពួក​គាត់​ម្ដង​ទៀត។

សូម​យើង​ពិចារណា​អំពី​ការ​អភ័យ​ទោស​តាម​ទស្សនៈ​ផ្សេង​ទៀត។ តើ​អ្នក​គិត​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ម៉ាណាសេ ប្រសិនបើ​ជន​រង​គ្រោះ​ដែល​គ្មាន​កំហុស​នោះ​ជា​សាច់​ញាតិ​របស់​អ្នក? តើ​អ្នក​អាច​អភ័យ​ទោស​ឲ្យ​ម៉ាណាសេ​ឬ​ទេ? នេះ​ជា​សំណួរ​សំខាន់ ដោយ​សារ​សព្វ​ថ្ងៃ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ប្រឆាំង​ច្បាប់ ឃោរឃៅ ហើយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដូច្នេះ ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​អប់រំ​ខ្លួន​ឲ្យ​ចេះ​អភ័យ​ទោស? បើ​អ្នក​ត្រូវ​គេ​ប្រមាថ​មើល​ងាយ ឬ​រង​អំពើ​អយុត្ដិធម៌ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ទប់​កំហឹង ឲ្យ​ប្រព្រឹត្ត​តប​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ ហើយ​សុខ​ចិត្ត​អភ័យ​ទោស?

មូលហេតុ​ដែល​យើង​ត្រូវ​អភ័យទោស

៣​-​៥​. ​(​ក​) តើ​ឧទាហរណ៍​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រើ​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​គិត​ថា​ពួក​គេ​ត្រូវ​អភ័យ​ទោស? (​ខ​) តើ​អ្វី​ជា​ចំណុច​សំខាន់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ១៨:២១​-​៣៥?

ការ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ទោះ​ជា​ពួក​គេ​ជា​សមាជិក​ក្រុម​ជំនុំ​ឬ​មិន​មែន​ក៏​ដោយ គឺជា​ការ​សំខាន់​ចាំ​បាច់ បើ​យើង​ចង់​រក្សា​ទំនាក់​ទំនង​ដ៏​សុខសាន្ត​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​យើង ជា​មួយ​មនុស្ស​ឯ​ទៀត​និង​ជា​មួយ​ព្រះ​យេហូវ៉ា។ បទ​គម្ពីរ​បាន​បញ្ជាក់​ថា​ការ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ទោះ​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ប៉ុន្មាន​ដង​ក៏​ដោយ គឺជា​តម្រូវ​ការ​សម្រាប់​គ្រិស្ត​សាសនិក។ ដើម្បី​បង្ហាញ​ថា​តម្រូវ​ការ​នេះ​គឺ​សម​ហេតុ​សម​ផល លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​ខ្ញុំ​បម្រើ​ម្នាក់​ដែល​ជំពាក់​បំណុល។

ខ្ញុំ​បម្រើ​នោះ​ជំពាក់​បំណុល​ម្ចាស់​របស់​គាត់​ស្មើ​នឹង​ប្រាក់​ខែ​៦០.០០០.០០០​ថ្ងៃ ប៉ុន្តែ​ម្ចាស់​របស់​គាត់​បាន​ឲ្យ​គាត់​រួច​បំណុល។ ក្រោយ​មក ខ្ញុំ​បម្រើ​នោះ​បាន​ចេញ​ទៅ​រក​ខ្ញុំ​បម្រើ​ដូច​គ្នា​ម្នាក់​ទៀត​ដែល​ជំពាក់​ប្រាក់​គាត់​ដែល​ស្មើ​នឹង​ប្រាក់​ខែ​១០០​ថ្ងៃ​ប៉ុណ្ណោះ។ អ្នក​ជំពាក់​បំណុល​នោះ​បាន​សុំ​ពន្យារ​ពេល ប៉ុន្តែ​ខ្ញុំ​បម្រើ​ដែល​បាន​រួច​បំណុល​ជា​ច្រើន​នោះ បាន​ចាប់​ខ្ញុំ​បម្រើ​ដូច​គ្នា​នោះ​ដាក់​គុក។ ចិត្ត​គំនិត​បែប​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​របស់​គាត់​ខឹង។ ម្ចាស់​នោះ​បាន​សួរ​គាត់​ថា​៖ ​«​‹អ្នក​គួរ​មេត្ដា​ដល់​ខ្ញុំ​បម្រើ​ដូច​គ្នា ដូច​ខ្ញុំ​ធ្លាប់​មាន​ចិត្ត​មេត្ដា​ដល់​អ្នក​ដែរ មែន​ទេ?›។ ពេល​មាន​ប្រសាសន៍​ចប់​ហើយ ម្ចាស់​បាន​ខឹង​យ៉ាង​ខ្លាំង ក៏​បាន​ប្រគល់​[​ខ្ញុំ​បម្រើ​ដែល​មិន​ព្រម​អភ័យ​ទោស​]​ទៅ​ឲ្យ​អ្នក​យាម​គុក រហូត​ដល់​គាត់​សង​អ្វី​ទាំង​អស់​ដែល​បាន​ជំពាក់​»។—ម៉ាថ. ១៨:២១​-​៣៤

តើ​លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​អ្វី​ក្នុង​ឧទាហរណ៍​របស់​លោក? លោក​បាន​បញ្ចប់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ប្រសិនបើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ខ្លួន​ស្មោះ​ពី​ចិត្ត​»។ (​ម៉ាថ. ១៨:​៣៥​) សេចក្ដី​បង្រៀន​នេះ​របស់​លោក​យេស៊ូ​គឺ​ស្រួល​យល់។ អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ធ្វើ​ក្នុង​ជីវិត​ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ ផ្ដល់​ទី​សំ​អាង​ថា​យើង​មិន​អាច​បំពេញ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ប៉ុន្តែ លោក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​យើង ហើយ​បំភ្លេច​ចោល​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ពី​មុន។ ដូច្នេះ អ្នក​ណា​ដែល​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា មាន​កាតព្វកិច្ច​អភ័យ​ទោស​ចំពោះ​កំហុស​របស់​មនុស្ស​ឯ​ទៀត។ នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​យេស៊ូ ពេល​លោក​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ​ថា​៖ ​«​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។ ក៏​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ​»។—ម៉ាថ. ៦:១៤, ១៥

៦​. ហេតុ​អ្វី​ការ​អភ័យ​ទោស​គឺ​មិន​តែង​តែ​ងាយ​ស្រួល​នោះ​ទេ?

អ្នក​ប្រហែលជា​និយាយ​ថា​៖ ‹ទ្រឹស្តី​នេះ​ស្ដាប់​ទៅ​ដូច​ជា​ស្រួល តែ​ការ​អនុវត្ត​គឺ​ពិបាក›។ នេះ​គឺ​ដោយ​សារ​យើង​អាច​មាន​កំហឹង​យ៉ាង​ខ្លាំង ពេល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ បុគ្គល​ម្នាក់​ប្រហែលជា​មាន​ចិត្ត​ខឹង មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់ ចង់​ស្វែងរក​យុត្ដិធម៌ ឬ​ក៏​ចង់​សង​សឹក​ទៀត​ផង។ តាម​ការ​ពិត មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា​ពួក​គេ​នឹង​មិន​អាច​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​នោះ​ទេ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ តើ​តាម​របៀប​ណា​អ្នក​អាច​អប់រំ​ខ្លួន​ឲ្យ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដែល​ជា​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា?

ចូរ​ពិចារណា​អំពី​មូលហេតុ​ដែល​អ្នក​ខឹង

៧, ៨​. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ចេះ​អភ័យ​ទោស​ប្រសិនបើ​អ្នក​ខឹង​ដោយ​សារ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ដោយ​មិន​សមរម្យ​មក​លើ​អ្នក?

កាល​ណា​គេ​ធ្វើ​អាក្រក់​មក​លើ​យើង ឬ​យើង​គិត​ថា​គេ​បាន​ធ្វើ​អាក្រក់​មក​លើ​យើង នេះ​អាច​នាំ​ឲ្យ​យើង​ខឹង​យ៉ាង​ខ្លាំង។ សូម​ពិចារណា​អំពី​ប្រតិកម្ម​របស់​យុវជន​ម្នាក់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​មួយ​ស្តី​អំពី​កំហឹង។ គាត់​បាន​និយាយ​ថា​៖ ​«​មាន​ម្ដង​នោះ . . . ពេល​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង ខ្ញុំ​បាន​ដើរ​ចេញ​ពី​ផ្ទះ​ដោយ​ស្បថ​ថា​ខ្ញុំ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ។ ថ្ងៃ​នោះ​គឺជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ ហើយ​ខ្ញុំ​បាន​ដើរ​យ៉ាង​ឆ្ងាយ​តាម​ផ្លូវ​តូច​ដែល​មាន​ទេសភាព​ស្អាត។ ភាព​ស្ងប់​ស្ងាត់​និង​សម្រស់​ដ៏​ស្អាត​នៅ​ទី​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ត្រជាក់​ចិត្ត​បន្ដិច​ម្ដង​ៗ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ស្ដាយ​ក្រោយ ហើយ​បាន​រសាយ​កំហឹង​»។ ដូច​បទ​ពិសោធន៍​ក្នុង​ឧទាហរណ៍​នេះ ការ​ទុក​ពេល​ដើម្បី​ឲ្យ​ស្ងប់​ចិត្ត ហើយ​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត​ជា​ជាង​គិត​អំពី​អារម្មណ៍​របស់​អ្នក ប្រហែលជា​អាច​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​តប​ទៅ​វិញ​ដោយ​កំហឹង ដែល​ប្រហែលជា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។—ទំនុក. ៤:៤; សុភ. ១៤:២៩; យ៉ា. ១:១៩, ២០

ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​នៅ​តែ​មាន​ចិត្ត​ខឹង? សូម​ខំ​ស្វែងរក​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ខឹង។ តើ​នេះ​គឺ​ដោយ​សារ​គេ​បាន​ប្រព្រឹត្ត​មក​លើ​អ្នក​ដោយ​អយុត្ដិធម៌ ឬ​ក៏​ប្រហែលជា​ប្រព្រឹត្ត​ដោយ​មិន​សមរម្យ​មក​លើ​អ្នក​ឬ​ទេ? ឬ​ក៏​តើ​ដោយ​សារ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​មាន​បំណង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ឬ? តើ​ការ​ប្រព្រឹត្ត​របស់​គាត់​ពិត​ជា​អាក្រក់​មែន​ឬ? ដោយ​ពិចារណា ហើយ​ព្យាយាម​យល់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ខឹង នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ប្រព្រឹត្ត​តប​ទៅ​វិញ ស្រប​តាម​គោលការណ៍​គម្ពីរ។ (​សូម​អាន សុភាសិត ១៥:​២៨; ១៧:​២៧) ការ​គិត​បែប​នេះ ប្រហែលជា​អាច​ជួយ​អ្នក​ឲ្យ​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត​កាន់​តែ​ច្រើន​ឡើង ហើយ​សុខ​ចិត្ត​អភ័យ​ទោស។ ដោយ​ធ្វើ​ដូច្នេះ​ទោះ​បី​ប្រហែលជា​ពិបាក​ក៏​ដោយ នោះ​អ្នក​ឲ្យ​បណ្ដាំ​របស់​ព្រះ​ពិនិត្យ​មើល​«​គំនិត​និង​បំណង​ចិត្ត​[​របស់​អ្នក​]​»​ ហើយ​ជួយ​អ្នក​ឲ្យ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ចេះ​អភ័យ​ទោស។—ហេ. ៤:១២

តើ​អ្នក​គួរ​ប្រកាន់​ទោស​ឬ​ទេ?

៩, ១០​. ​(​ក​) តើ​អ្នក​អាច​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត? (​ខ​) តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ប្រសិនបើ​អ្នក​មិន​ឆាប់​ខឹង ហើយ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

មាន​ស្ថានភាព​ជា​ច្រើន​ក្នុង​ជីវិត​ដែល​នាំ​ឲ្យ​បុគ្គល​ម្នាក់​ខឹង។ ជា​ឧទាហរណ៍ កាល​ដែល​អ្នក​កំពុង​បើក​ឡាន មាន​ឡាន​មួយ​ទៀត​ជិត​បុក​ឡាន​របស់​អ្នក។ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? អ្នក​បាន​ឮ​ដំណឹង​អំពី​ជម្លោះ​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ដែល​បុគ្គល​ម្នាក់​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​ស្ទុះ​ទៅ​វាយ​អ្នក​បើក​បរ​ម្នាក់​ទៀត។ ប៉ុន្តែ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក អ្នក​ប្រាកដជា​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ។

១០ ជា​ការ​ប្រសើរ​ជាង​ដែល​អ្នក​គិត​មួយ​ភ្លែត​សិន​ស្តី​អំពី​រឿង​នេះ។ អ្នក​ក៏​ប្រហែលជា​ខុស​ដែរ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ពីព្រោះ​អារម្មណ៍​របស់​អ្នក​មិន​មូល​ពេល​បើក​បរ ឬ​ឡាន​របស់​អ្នក​បើក​បរ​ម្នាក់​ទៀត​ប្រហែល​ជា​ខូច​គ្រឿង​ណា​មួយ។ យើង​នឹង​មិន​សូវ​ខឹង​ឬ​អាក់​អន់​ចិត្ត​អំពី​កំហុស​របស់​អ្នក​ឯ​ទៀត ប្រសិនបើ​យើង​ព្យាយាម​យល់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​ធ្វើ​បែប​នេះ ហើយ​ទទួល​ស្គាល់​ថា​យើង​ប្រហែល​ជា​មិន​ដឹង​អំពី​មូលហេតុ​ទាំង​អស់​ដែល​នាំ​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នេះ ហើយ​សុខ​ចិត្ត​អភ័យ​ទោស។ សាស្ដា ៧:៩​ចែង​ថា​៖ ​«​កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងីល្ងើ​ទេ​»។ សូម​កុំ​ឆាប់​ប្រកាន់​ទោស។ ជា​ច្រើន​លើក អ្វី​ដែល​យើង​ប្រហែលជា​គិត​ថា​ជា​ការ​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ដោយ​ចេតនា តាម​ពិត​នេះ​គឺ​គ្រាន់តែ​ដោយ​សារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ឬ​ក៏​ដោយ​សារ​ការ​យល់​ច្រឡំ។ ចូរ​ពិចារណា​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​បុគ្គល​នោះ​ប្រព្រឹត្ត​ឬ​និយាយ​ដែល​ហាក់​ដូច​ជា​មិន​សប្បុរស ហើយ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​គាត់​ដោយ​សារ​សេចក្ដី​ស្រឡាញ់។ អ្នក​នឹង​មាន​សុភមង្គល​ច្រើន​ជាង ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ។—សូម​អាន ពេត្រុសទី១ ៤:៨

‹សូម​ឲ្យ​សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​វិល​មក​ឯ​អ្នក​វិញ›

១១​. ទោះ​ជា​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ក៏​ដោយ​ទៅ​លើ​ដំណឹង​ល្អ​ដែល​យើង​ផ្សព្វ​ផ្សាយ តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា?

១១ តើ​តាម​របៀប​ណា​អ្នក​អាច​រក្សា​ការ​ចេះ​ទប់​ចិត្ត ប្រសិនបើ​នរណា​ម្នាក់​ប្រព្រឹត្ត​ដោយ​មិន​គួរ​សម​មក​លើ​អ្នក​ពេល​អ្នក​ផ្សព្វ​ផ្សាយ? ពេល​ដែល​លោក​យេស៊ូ​ចាត់​អ្នក​ផ្សព្វ​ផ្សាយ​៧០​នាក់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​ជូន​ពរ សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ផ្ទះ​ដែល​ពួក​គេ​ទៅ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​គ្មាន​អ្នក​ណា​ដែល​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ​ទេ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​វិល​មក​ឯ​អ្នក​វិញ។ ប៉ុន្តែ​បើ​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​កើត​មាន​ដល់​អ្នក​នោះ​»។ (​លូក. ១០:១, ៥, ៦​) យើង​សប្បាយ​ចិត្ត ពេល​ដែល​មនុស្ស​ព្រម​ស្ដាប់​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ ពីព្រោះ​ពួក​គេ​ប្រហែលជា​ទទួល​ប្រយោជន៍​ពី​ដំណឹង​នេះ។ ប៉ុន្តែ ជួនកាល​មនុស្ស​មិន​ធ្វើ​ដូច្នេះ​ទេ។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​សេចក្ដី​សុខ​ដែល​យើង​ជូន​ពរ​ដល់​ម្ចាស់​ផ្ទះ គួរ​នៅ​ជា​មួយ​នឹង​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គួរ​ចាក​ចេញ​ពី​ផ្ទះ​នីមួយ​ៗ​ ដោយ​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត ទោះ​ជា​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​យើង​ក៏​ដោយ។ ប្រសិនបើ​យើង​ខឹង​ដោយ​សារ​គេ​បង្ក​រឿង នោះ​យើង​មិន​អាច​រក្សា​សេចក្ដី​សុខ​របស់​យើង​បាន​ទេ។

១២​. យោង​ទៅ​តាម​ពាក្យ​របស់​ប៉ូល​នៅ​អេភេសូរ ៤:៣១, ៣២ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?

១២ ចូរ​ព្យាយាម​រក្សា​សេចក្ដី​សុខ​របស់​អ្នក​ក្នុង​គ្រប់​ស្ថានភាព​ទាំង​អស់ មិន​គ្រាន់តែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ។ ការ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​មិន​មាន​ន័យ​ថា​អ្នក​ពេញ​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ ឬ​គិត​ថា​ការ​ប្រព្រឹត្ត​នោះ​មិន​ប៉ះពាល់​ដល់​អ្នក​ឯ​ទៀត​ឡើយ។ ប៉ុន្តែ ការ​អភ័យ​ទោស​មាន​ន័យ​ថា​បំភ្លេច​គំនុំ​ចំពោះ​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មក​លើ​យើង ហើយ​រក្សា​សេចក្ដី​សុខ​របស់​យើង។ ដោយ​គិតតែ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ហើយ​គិត​ជាប់​ជា​និច្ច​អំពី​អំពើ​អាក្រក់​ដែល​អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ត​មក​លើ​ពួក​គេ មនុស្ស​ខ្លះ​បាន​ឲ្យ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​គាត់​លែង​មាន​សុភមង្គល។ សូម​កុំ​ឲ្យ​អារម្មណ៍​បែប​នេះ​កាន់កាប់​លើ​អ្នក​ឡើយ។ សូម​ចាំ​ថា អ្នក​មិន​អាច​មាន​សុភមង្គល​បាន​ទេ​ពេល​ដែល​អ្នក​ចង​គំនុំ​នោះ។ ហេតុ​នេះ សូម​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ចុះ!—សូម​អាន អេភេសូរ ៤:៣១, ៣២

ចូរ​ប្រព្រឹត្ត​តប​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត

១៣​. ​(​ក​) តើ​គ្រិស្ត​សាសនិក​ម្នាក់​អាច​«​គរ​រងើក​ភ្លើង​»​លើ​ក្បាល​សត្រូវ​របស់​គាត់​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ការ​ប្រព្រឹត្ត​តប​ទៅ​វិញ​ដោយ​ស្លូតបូត​ទៅ​លើ​អ្នក​ដែល​បង្ក​រឿង​ដល់​អ្នក អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៣ ម្ដង​ម្កាល ប្រហែលជា​មាន​ពេល​ណា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ជួយ​នរណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មក​លើ​អ្នក​ឲ្យ​យល់​តម្លៃ​នៃ​ខ្នាត​តម្រា​របស់​គ្រិស្ត​សាសនិក។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​‹ប្រសិនបើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​អាហារ​គាត់​បរិភោគ ហើយ​ប្រសិនបើ​គាត់​ស្រេក ចូរ​ឲ្យ​គាត់​ផឹក​ចុះ ព្រោះ​បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​គាត់›។ កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ​»។ (​រ៉ូម ១២:​២០, ២១​) តាម​រយៈ​ការ​ប្រព្រឹត្ត​ដោយ​សប្បុរស​ទៅ​លើ​អ្នក​ដែល​បង្ក​រឿង​ដល់​អ្នក អ្នក​ប្រហែលជា​ធ្វើ​ឲ្យ​គាត់​កែប្រែ​ចិត្ត​គំនិត​របស់​គាត់ ហើយ​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​ល្អ​វិញ។ ដោយ​បង្ហាញ​ការ​យោគ​យល់ ការ​យល់​អារម្មណ៍ និង​សេចក្ដី​អាណិត​អាសូរ​ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត នោះ​អ្នក​ប្រហែលជា​អាច​ជួយ​គាត់​ឲ្យ​រៀន​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ ការ​ប្រព្រឹត្ត​តប​ទៅ​វិញ​ដោយ​ស្លូតបូត​អាច​បើក​ឱកាស​ឲ្យ​បុគ្គល​នោះ​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​របស់​អ្នក។—១ពេ. ២:១២; ៣:១៦

១៤​. ទោះ​ជា​មនុស្ស​ម្នាក់​ធ្វើ​អាក្រក់​យ៉ាង​ណា​មក​លើ​អ្នក​ក៏​ដោយ ហេតុ​អ្វី​អ្នក​មិន​គួរ​ចង​គំនុំ?

១៤ ក្នុង​ករណី​ខ្លះ គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​យើង​សេពគប់​ជា​មួយ​មនុស្ស​ខ្លះ។ នេះ​រួម​បញ្ចូល​ពួក​អ្នក​ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ជំនុំ ប៉ុន្តែ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​មិន​ប្រែ​ចិត្ត ហើយ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ ប្រសិនបើ​បុគ្គល​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត គឺជា​ការ​ពិបាក​ខ្លាំង​ណាស់​ឲ្យ​អ្នក​អភ័យ​ទោស​ឲ្យ​គាត់ ទោះ​ជា​គាត់​បាន​ប្រែ​ចិត្ត​ហើយ​ក៏​ដោយ ពីព្រោះ​របួស​ផ្លូវ​ចិត្ត​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជា​សះ​ស្បើយ។ ក្នុង​ករណី​នេះ ប្រហែលជា​អ្នក​បន្ត​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​តែ​បាន​ប្រែ​ចិត្ត។ យ៉ាង​ណា​មិញ តើ​អ្នក​អាច​ដឹង​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ម្នាក់​ទៀត​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​ជ្រាប។ លោក​ពិនិត្យ​មើល​ទំនោរ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​របស់​បុគ្គល​ម្នាក់ ហើយ​អត់​ធ្មត់​នឹង​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស។ (​ទំនុក. ៧:៩; សុភ. ១៧:៣​) នោះ​ជា​មូលហេតុ​ដែល​បទ​គម្ពីរ​ចែង​ថា​៖ ​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ។ ចូរ​ធ្វើ​អ្វី​ដែល​មនុស្ស​ទាំង​អស់​ចាត់​ទុក​ជា​ការ​ល្អ​ប្រសើរ។ ចូរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​ចំពោះ​អំពើ​ខុស​ឆ្គង ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ›​»។ (​រ៉ូម ១២:​១៧​-​១៩​) តើ​អ្នក​អាច​កាត់​ទោស​បុគ្គល​ម្នាក់​ទៀត​យ៉ាង​ត្រឹម​ត្រូវ​ឬ​ទេ? មិន​អាច​ទេ។ (​ម៉ាថ. ៧:១, ២​) ប៉ុន្តែ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌។

១៥​. តើ​ការ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ដែល​គួរ​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​គំនិត​របស់​យើង​ចំពោះ​ពួក​គាត់?

១៥ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​រង​គ្រោះ​ដោយ​សារ​អំពើ​អយុត្ដិធម៌ ហើយ​ពិបាក​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​ដែល​បាន​ប្រែ​ចិត្ត ជា​ការ​ល្អ​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ក៏​ជា​ជន​រង​គ្រោះ​ដែរ។ គាត់​ក៏​បាន​រង​ទុក្ខ​ដោយ​សារបាន​ឆ្លង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ដែរ។ (​រ៉ូម ៣:២៣​) ព្រះ​យេហូវ៉ា​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​មិន​ល្អ​ឥត​ខ្ចោះ។ ហេតុ​នេះ ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​អធិដ្ឋាន​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ យើង​មិន​គួរ​បន្ត​ខឹង​នឹង​បុគ្គល​ម្នាក់​ដែល​យើង​បាន​អធិដ្ឋាន​ឲ្យ​នោះ​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា​យើង​គួរ​ជៀស​វាង​ចង​គំនុំ សូម្បី​តែ​នឹង​ពួក​អ្នក​ដែល​ធ្វើ​បាប​យើង ដោយ​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ដើម្បី​អ្នក​ដែល​បៀត​បៀន​អ្នក​»។—ម៉ាថ. ៥:៤៤

១៦, ១៧​. តើ​អ្នក​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​អ្នក​ចាស់​ទុំ​វិនិច្ឆ័យ​បុគ្គល​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ថា​បាន​ប្រែ​ចិត្ត ហើយ​ហេតុ​អ្វី?

១៦ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​សម្រេច​ចិត្ត​ថា​បុគ្គល​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ បាន​ប្រែ​ចិត្ត​ហើយ ឬ​មិន​បាន​ប្រែ​ចិត្ត។ បង​ប្រុស​ទាំង​នេះ​មិន​បាន​យល់​ធ្លុះ​ជ្រៅ​អំពី​ស្ថានភាព​នីមួយ​ៗ​ដូច​ព្រះ​យេហូវ៉ា​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​សម្រេច​ចិត្ត​ស្រប​តាម​ការ​ណែនាំ​នៅ​ក្នុង​បណ្ដាំ​របស់​ព្រះ ក្រោម​ការ​ដឹក​នាំ​របស់​សកម្មពល​បរិសុទ្ធ។ ដូច្នេះ ក្រោយ​ពី​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​អំពី​រឿង​បែប​នេះ​នឹង​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​របស់​លោក។—ម៉ាថ. ១៨:១៨

១៧ ក្នុង​ករណី​នេះ ភក្ដីភាព​គឺ​សំខាន់​ណាស់។ តើ​អ្នក​នឹង​អភ័យ​ទោស ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​បុគ្គល​ដែល​បាន​ត្រូវ​វិនិច្ឆ័យ​ថា​បាន​ប្រែ​ចិត្ត​ឬ​ទេ? (​២កូ. ២:៥​-​៨​) នេះ​មិន​មែន​ជា​អ្វី​ដែល​ងាយ​ស្រួល​នោះ​ទេ ជា​ពិសេស​ប្រសិនបើ​អ្នក​បាន​រង​គ្រោះ​ដោយ​សារ​អំពើ​ខុស​ឆ្គង​នោះ ឬ​អ្នក​ជា​សាច់​ញាតិ​របស់​ជន​រង​គ្រោះ។ ប៉ុន្តែ ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា និង​របៀប​ដែល​លោក​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ក្រុម​ជំនុំ នោះ​អ្នក​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ អ្នក​នឹង​បង្ហាញ​ថា​អ្នក​ពិត​ជា​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ​ដោយ​ឥត​ល័ក្ខខ័ណ្ឌ។—សុភ. ៣:៥, ៦

១៨​. ដោយ​សារ​អ្នក​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​ឥត​ល័ក្ខខ័ណ្ឌ តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

១៨ អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ចិត្ត ទទួល​ស្គាល់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​សុខ​ចិត្ត​អភ័យ​ទោស។ ការ​អភ័យ​ទោស​អាច​ជួយ​ឲ្យ​លែង​មាន​កំហឹង​ដែល​បៀម​ទុក​ក្នុង​ចិត្ត​ដែល​នាំ​ឲ្យ​បុគ្គល​ម្នាក់​មាន​ជំងឺ ហើយ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ជាង និង​ជួយ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ ការ​មិន​សុខ​ចិត្ត​អភ័យ​ទោស​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខាង​សុខភាព បាត់បង់​ទំនាក់​ទំនង​ល្អ នាំ​ឲ្យ​តាន​តឹង​ចិត្ត និង​នាំ​ឲ្យ​ពិបាក​ប្រាស្រ័យ​ទាក់​ទង​គ្នា។ ពរ​ដ៏​ប្រសើរ​បំផុត​ដែល​មក​ពី​ការ​សុខ​ចិត្ត​អភ័យ​ទោស គឺ​ការ​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។—សូម​អាន កូឡុស ៣:១២​-​១៤

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៦​]

[​រូបភាព​នៅ​ទំព័រ​២៧​]

តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​លើក​បញ្ជាក់​អំពី​អ្វី?

[​រូបភាព​នៅ​ទំព័រ​៣០​]

ការ​សុខ​ចិត្ត​អភ័យទោស​គឺជា​តម្រូវ​ការ​សម្រាប់​គ្រិស្ត​សាសនិក