ចូរទុកចិត្ដលើព្រះយេហូវ៉ាជាព្រះនៃ«ពេលកំណត់និងរដូវកាល»
ចូរទុកចិត្តលើព្រះយេហូវ៉ាជាព្រះនៃ«ពេលកំណត់និងរដូវកាល»
«ទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ និងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង»។—ដាន. ២:២១
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើអ្វីៗដែលព្រះបានបង្កើតនិងទំនាយដែលបានសម្រេចបង្ហាញយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាជាព្រះដែលកំណត់ពេលយ៉ាងប្រសើរបំផុត?
តើការយល់ដឹងថាព្រះយេហូវ៉ាគឺជាព្រះនៃ«ពេលកំណត់និងរដូវកាល»ជំរុញចិត្តយើងឲ្យធ្វើអ្វី?
ហេតុអ្វីពេលកំណត់របស់ព្រះយេហូវ៉ាមិនអាស្រ័យលើព្រឹត្ដិការណ៍ក្នុងពិភពលោកនិងគម្រោងការរបស់មនុស្ស?
១, ២. តើអ្វីបង្ហាញថាព្រះយេហូវ៉ាយល់យ៉ាងច្បាស់អំពីពេលវេលា?
ជាយូរមុនព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ លោកបានផ្ដល់មធ្យោបាយដើម្បីវាស់ពេលវេលា។ នៅថ្ងៃទី៤នៃការបង្កើត លោកបានមានប្រសាសន៍ថា៖ «ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ និងឆ្នាំ»។ (លោ. ១:១៤, ១៩, ២៦) នេះបានកើតឡើងស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាមែន។
២ អ្នកវិទ្យាសាស្ត្រនៅតែមិនអាចពន្យល់ថាពេលវេលាគឺជាអ្វីទេ។ សព្វវចនាធិប្បាយមួយរៀបរាប់ថា៖ «គ្មានអ្នកណាអាចនិយាយថាពេលវេលាជាអ្វីនោះទេ»។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាយល់យ៉ាងច្បាស់អំពីពេលវេលា។ យ៉ាងណាមិញ លោកជា«[អ្នក]ដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើហើយប្រតិស្ឋានផែនដី»។ ព្រះយេហូវ៉ាក៏ជាព្រះដែល«តាំងតែពីដើមដំបូង . . . សំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណ ក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ»។ (អេ. ៤៥:១៨; ៤៦:១០) ដើម្បីពង្រឹងជំនឿរបស់យើងលើលោក និងលើគម្ពីរបរិសុទ្ធដែលជាបណ្ដាំរបស់លោក ចូរយើងពិចារណាអំពីសំណួរថា តើតាមរបៀបណាអ្វីៗដែលលោកបានបង្កើត និងទំនាយដែលបានសម្រេចបង្ហាញថាព្រះយេហូវ៉ាជាអ្នកកំណត់ពេលវេលាយ៉ាងប្រសើរបំផុត?
អ្វីៗដែលព្រះយេហូវ៉ាបានបង្កើតពង្រឹងជំនឿយើងថាលោកជាអ្នកកំណត់ពេលវេលាយ៉ាងប្រសើរបំផុត
៣. តើមានអ្វីខ្លះដែលទៀងពេលយ៉ាងត្រឹមត្រូវបំផុត?
៣ អ្វីៗដែលយើងឃើញក្នុងសកលលោកធ្វើដំណើរទៀងពេលជានិច្ច។ ជាឧទាហរណ៍ ចលនារបស់ភពនិងផ្កាយទាំងឡាយបានត្រូវកំណត់ពេលយ៉ាងទៀងទាត់។ ភពនិងផ្កាយទាំងឡាយមានចលនាតាមរបៀបដែលយើងអាចដឹងយ៉ាងច្បាស់អំពីទីតាំងរបស់វានៅក្នុងលម្ហអាកាស។ ទីតាំងរបស់វាបានជួយមនុស្សឲ្យដឹងអំពីរដូវកាល ហើយអាចរកឃើញទិសពេលធ្វើដំណើរ។ ដោយសារព្រះយេហូវ៉ាបានបង្កើតភពនិងផ្កាយទាំងឡាយ អេសាយ ៤០:២៦
លោកមាន«តេជានុភាពដ៏ខ្លាំងក្លា»ហើយលោកសមទទួលការសរសើរពីយើង។—សូមអាន៤. តើភាពទៀងពេលដែលមាននៅក្នុងភាវរស់បង្ហាញនូវប្រាជ្ញារបស់ព្រះយ៉ាងដូចម្ដេច?
៤ ភាវរស់ដឹងពេលយ៉ាងត្រឹមត្រូវ។ ដំណើរវិលចុះវិលឡើងនៃជីវិតរបស់រុក្ខជាតិនិងសត្វជាច្រើន បានត្រូវគ្រប់គ្រងដោយអ្វីមួយនៅក្នុងខ្លួនពួកវាដែលធ្វើឲ្យវាដឹងពេល។ បក្សីជាច្រើនដឹងដោយឯកឯងថាពេលណាពួកវាចាប់ផ្ដើមផ្លាស់ប្ដូរទីកន្លែងរស់នៅរបស់ពួកវា។ (យេ. ៨:៧) មនុស្សក៏មានអ្វីមួយនៅក្នុងខ្លួនពួកគេដែរ ដែលជាធម្មតាបានត្រូវគ្រប់គ្រងដោយពេលយប់និងពេលថ្ងៃដែលវិលចុះឡើងក្នុង២៤ម៉ោង។ បន្ទាប់ពីអ្នកដំណើរម្នាក់ធ្វើដំណើរតាមយន្តហោះអស់ជាច្រើនម៉ោងទៅតំបន់ផ្សេងៗនៃផែនដី រូបកាយរបស់គាត់ប្រហែលជាត្រូវការពេលច្រើនថ្ងៃដើម្បីស៊ាំនឹងពេលវេលាថ្មី។ មែនហើយ ឧទាហរណ៍ជាច្រើនអំពីភាពទៀងពេលដែលគេឃើញក្នុងអ្វីៗដែលព្រះបានបង្កើត បង្ហាញអំពីឫទ្ធានុភាព និងប្រាជ្ញារបស់ព្រះនៃ«ពេលកំណត់និងរដូវកាល»។ (សូមអាន ទំនុកតម្កើង ១០៤:២៤) ព្រះដែលកំណត់ពេលវេលាយ៉ាងប្រសើរបំផុតមានប្រាជ្ញាលើសគេទាំងអស់ ហើយមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ដូច្នេះ យើងអាចជឿថាលោកអាចសម្រេចអ្វីដែលលោកមានបំណងប្រាថ្នា!
ទំនាយដែលបានសម្រេចចំពេលពង្រឹងជំនឿយើង
៥. (ក) តើអ្វីជាវិធីតែម្យ៉ាងដែលយើងអាចដឹងអំពីអនាគតរបស់មនុស្សជាតិ? (ខ) ហេតុអ្វីព្រះយេហូវ៉ាអាចទាយអំពីព្រឹត្ដិការណ៍និងពេលវេលាដែលព្រឹត្ដិការណ៍ទាំងនោះនឹងកើតឡើង?
៥ អ្វីៗដែលព្រះយេហូវ៉ាបានបង្កើតបង្រៀនយើងជាច្រើនអំពី«គុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ» ប៉ុន្តែ អ្វីៗទាំងនោះមិនឆ្លើយសំណួរដ៏សំខាន់ដូចជា តើអនាគតរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា? (រ៉ូម ១:២០) ដើម្បីដឹងចម្លើយ យើងត្រូវមើលអ្វីដែលលោកបានបើកបង្ហាញនៅក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក។ ពេលយើងពិនិត្យមើលគម្ពីរ យើងឃើញទំនាយជាច្រើនដែលតែងតែបានសម្រេចនៅចំពេល! ព្រះយេហូវ៉ាអាចបើកបង្ហាញអ្វីដែលត្រូវកើតឡើង ដោយសារលោកអាចដឹងយ៉ាងច្បាស់អំពីអនាគត។ ម្យ៉ាងទៀត អ្វីដែលបទគម្ពីរបានទាយកើតឡើងនៅចំពេល ពីព្រោះព្រះយេហូវ៉ាអាចធ្វើឲ្យព្រឹត្ដិការណ៍កើតឡើង ស្របតាមគោលបំណងនិងពេលកំណត់របស់លោក។
៦. តើអ្វីបង្ហាញថាព្រះយេហូវ៉ាចង់ឲ្យយើងយល់អំពីការសម្រេចទំនាយគម្ពីរ?
៦ ព្រះយេហូវ៉ាចង់ឲ្យអ្នកគោរពប្រណិប័តន៍លោកយល់ដឹងអំពីទំនាយក្នុងបទគម្ពីរ ហើយទទួលប្រយោជន៍ពីទំនាយទាំងនោះ។ ទោះជាព្រះយេហូវ៉ាមានទស្សនៈខុសពីយើងស្តីអំពីពេលវេលាក៏ដោយ ពេលដែលលោកប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងនៅពេលជាក់លាក់ណាមួយ នោះលោកប្រើពាក្យដែលយើងអាចយល់បាន។ (សូមអាន ទំនុកតម្កើង ៩០:៤) ជាឧទាហរណ៍ សៀវភៅការបើកបង្ហាញសំដៅទៅ«ទេវតាទាំងបួន» ដែល«បានត្រូវរៀបចំសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំ»។ នេះជាការរាប់ពេលមួយដែលយើងអាចយល់បាន។ (បប. ៩:១៤, ១៥) ការដែលយើងឃើញរបៀបដែលទំនាយបានសម្រេចនៅពេលជាក់លាក់ គួរពង្រឹងជំនឿរបស់យើងទៅលើព្រះនៃ«ពេលកំណត់និងរដូវកាល» និងទៅលើបណ្ដាំរបស់លោក។ ឥឡូវសូមយើងពិចារណាឧទាហរណ៍ខ្លះ។
៧. តើទំនាយរបស់យេរេមាដែលបានសម្រេចស្តីអំពីក្រុងយេរូសាឡិមនិងស្រុកយូដា បង្ហាញយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាជាអ្នកកំណត់ពេលយ៉ាងប្រសើរបំផុត?
៧ ដំបូង សូមយើងពិចារណាអំពីអ្វីដែលបានកើតឡើងនៅសតវត្សរ៍ទី៧ មុនគ.ស.។ ប្រសាសន៍របស់ព្រះដែលជាអ្នកកំណត់ពេលយ៉ាងប្រសើរបំផុត បានមក«ដល់យេរេមា ពីដំណើរបណ្ដាជននៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា»។ (យេ. ២៥:១) ព្រះយេហូវ៉ាបានទាយអំពីការបំផ្លាញក្រុងយេរូសាឡិមនិងការនិរទេសជនជាតិយូដាពីស្រុកយូដាទៅបាប៊ីឡូន។ នៅទីនោះពួកគេនឹងត្រូវ«បំរើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ» កងទ័ពបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនគ.ស. ហើយបណ្ដាជនពីស្រុកយូដាបានត្រូវនិរទេសទៅបាប៊ីឡូនមែន។ ប៉ុន្តែ តើអ្វីបានកើតឡើងពេល៧០ឆ្នាំនោះបានចប់? យេរេមាបានទាយថា៖ «ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ‹លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ›»។ (យេ. ២៥:១១, ១២; ២៩:១០) ទំនាយនេះបានសម្រេចនៅចំពេល គឺ នៅឆ្នាំ៥៣៧មុនគ.ស. ក្រោយពីជនជាតិមេឌីនិងពើស៊ីបានដោះលែងជនជាតិយូដាពីបាប៊ីឡូន។
៨, ៩. តើទំនាយដានីយ៉ែលស្តីអំពីការលេចមកនៃមេស្ស៊ី និងការរៀបចំឡើងនៃរាជាណាចក្រស្ថានសួគ៌បង្ហាញថាព្រះយេហូវ៉ាជាព្រះនៃ«ពេលកំណត់និងរដូវកាល»យ៉ាងដូចម្ដេច?
៨ សូមពិចារណាអំពីទំនាយផ្សេងទៀតដែលទាក់ទងនឹងរាស្ត្ររបស់ព្រះនៅសម័យបុរាណ។ ប្រហែលជាពីរឆ្នាំមុនជនជាតិយូដាបានចាកចេញពីបាប៊ីឡូន ព្រះយេហូវ៉ាបានទាយតាមរយៈអ្នកប្រកាសទំនាយដានីយ៉ែលថា មេស្ស៊ីនឹងលេចមក៤៨៣ឆ្នាំក្រោយពីមានបង្គាប់ឲ្យសង់ក្រុងយេរូសាឡិមឡើងវិញ។ ស្តេចមេឌីពើស៊ីបានចេញបង្គាប់នេះនៅឆ្នាំ៤៥៥ មុនគ.ស.។ ៤៨៣ឆ្នាំគត់ក្រោយមក ពោលគឺនៅឆ្នាំ២៩ គ.ស. លោកយេស៊ូពីក្រុងណាសារ៉ែតទទួលការជ្រមុជទឹក ហើយបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធឲ្យក្លាយជាមេស្ស៊ី។ *—នេហ. ២:១, ៥-៨; ដាន. ៩:២៤, ២៥; លូក. ៣:១, ២, ២១, ២២
៩ ឥឡូវនេះសូមកត់សម្គាល់នូវអ្វីដែលបទគម្ពីរបានទាយស្តីអំពីរាជាណាចក្រព្រះ។ ទំនាយក្នុងគម្ពីរបានបង្ហាញថា រាជាណាចក្ររបស់មេស្ស៊ីបានត្រូវរៀបចំឡើងនៅស្ថានសួគ៌នៅឆ្នាំ១៩១៤។ ជាឧទាហរណ៍ គម្ពីរបានផ្ដល់«សញ្ញាសម្គាល់»ដែលបញ្ជាក់អំពីវត្តមានរបស់លោកយេស៊ូ ហើយបានប្រាប់ថានៅពេលនោះនឹងមានទុក្ខលំបាកជាខ្លាំងនៅលើផែនដី ពីព្រោះសាថានបានត្រូវបោះទម្លាក់ពីស្ថានសួគ៌។ (ម៉ាថ. ២៤:៣-១៤; បប. ១២:៩, ១២) ម្យ៉ាងទៀត ទំនាយឯទៀតក្នុងគម្ពីរជួយយើងឲ្យដឹងអំពី«គ្រាកំណត់នៃប្រជាជាតិនានា[ដែល]បានចប់សព្វគ្រប់» ហើយគ្រិស្តបានទៅជាស្តេចនៅស្ថានសួគ៌។ នេះបានកើតឡើងនៅឆ្នាំ១៩១៤។—លូក. ២១:២៤; ដាន. ៤:១០-១៧ *
១០. តើព្រឹត្ដិការណ៍អ្វីខ្លះដែលប្រាកដជាកើតឡើងចំពេលនៅអនាគត?
១០ មិនយូរទៀត«ទុក្ខវេទនាជាខ្លាំង»ដែលលោកយេស៊ូបានទាយ នឹងមកដល់។ ក្រោយពីនោះលោកយេស៊ូនឹងគ្រប់គ្រងរយៈពេលមួយពាន់ឆ្នាំ។ អ្វីៗទាំងនេះប្រាកដជានឹងកើតឡើងចំពេលកំណត់ជាមិនខាន។ ពេលលោកយេស៊ូរស់នៅផែនដី ព្រះយេហូវ៉ាបានកំណត់រួចស្រេចហើយអំពី«ថ្ងៃនិងម៉ោង»ដែលព្រឹត្ដិការណ៍ទាំងនេះត្រូវកើតឡើង។—ម៉ាថ. ២៤:២១, ៣៦; បប. ២០:៦
ចូរ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»
១១. ដោយដឹងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ តើនេះគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
១១ តើការទទួលស្គាល់ថាការគ្រប់គ្រងនៃរាជាណាចក្រព្រះបានចាប់ផ្ដើម ហើយថាយើងកំពុងរស់នៅ«គ្រាចុងបំផុត»គួរមានឥទ្ធិពលយ៉ាងណាមកលើយើង? (ដាន. ១២:៤) មនុស្សជាច្រើនឃើញថាស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗ ប៉ុន្តែមិនទទួលស្គាល់ថាអ្វីៗទាំងនេះកំពុងសម្រេចទំនាយក្នុងគម្ពីរស្តីអំពីថ្ងៃចុងក្រោយបង្អស់ទេ។ ពួកគេប្រហែលជារំពឹងថា របៀបរបបនេះដួលរលំនៅថ្ងៃណាមួយ ឬប្រហែលជាជឿថាតាមរបៀបណាមួយការព្យាយាមរបស់មនុស្សនឹងធ្វើឲ្យ«មានសន្ដិភាពនិងសន្ដិសុខ»។ (១ថែ. ៥:៣) ប៉ុន្តែ ចុះយើងវិញ? ប្រសិនបើយើងទទួលស្គាល់ថា យើងកំពុងរស់នៅកាន់តែកៀកថ្ងៃចុងក្រោយបង្អស់នៃពិភពលោករបស់សាថាន តើយើងគួរខំប្រឹងប្រើពេលវេលាដែលនៅសល់ដើម្បីបម្រើព្រះនៃ«ពេលកំណត់និងរដូវកាល» ហើយជួយអ្នកឯទៀតឲ្យស្គាល់លោកឬទេ? (២ធី. ) យើងគួរតែធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃអំពីរបៀបដែលយើងប្រើពេលវេលារបស់យើង។—សូមអាន ៣:១អេភេសូរ ៥:១៥-១៧
១២. តើយើងអាចទាញមេរៀនអ្វីពីពាក្យសម្ដីរបស់លោកយេស៊ូស្តីអំពីសម័យណូអេ?
១២ ការ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»គឺមិនមែនងាយស្រួលទេក្នុងពិភពលោកដែលពេញទៅដោយអ្វីៗដែលបំបែរអារម្មណ៍យើង។ លោកយេស៊ូបានព្រមានថា៖ «វត្តមានរបស់កូនមនុស្ស នឹងដូចសម័យណូអេ»។ តើសម័យណូអេមានស្ថានភាពយ៉ាងណា? ព្រះបានប្រាប់ណូអេថាពិភពលោកនៅសម័យនោះនឹងមកដល់ទីបញ្ចប់។ នៅគ្រានោះមនុស្សទុច្ចរិតនឹងត្រូវលង់ទឹកស្លាប់ ពេលទឹកជំនន់លិចផែនដីទាំងមូល។ ណូអេ«ជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»បានប្រកាសយ៉ាងទៀងទាត់អំពីដំណឹងរបស់ព្រះប្រាប់មនុស្សនៅសម័យរបស់គាត់។ (ម៉ាថ. ២៤:៣៧; ២ពេ. ២:៥) ប៉ុន្តែ ពួកគេ«កំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ . . . ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ»។ ហេតុនេះ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ (ម៉ាថ. ២៤:៣៨, ៣៩, ៤៤) យើងត្រូវធ្វើជាមនុស្សដូចណូអេ មិនមែនដូចមនុស្សនៅសម័យរបស់គាត់ទេ។ តើអ្វីនឹងជួយយើងឲ្យត្រៀមខ្លួនជានិច្ច?
១៣, ១៤. កាលដែលយើងរង់ចាំការមកដល់នៃកូនមនុស្ស តើយើងត្រូវចាំចំណុចអ្វីអំពីព្រះយេហូវ៉ាដែលនឹងជួយយើងឲ្យបម្រើលោក?
១៣ ទោះជាកូនមនុស្សនឹងមកនៅម៉ោងដែលយើងរាល់គ្នាមិនគិតក៏ដោយ យើងត្រូវតែចាំថាព្រះយេហូវ៉ាជាអ្នកកំណត់ពេលវេលាយ៉ាងប្រសើរបំផុត។ ទោះជាអ្វីកើតឡើងក្នុងពិភពលោក ឬមនុស្សមានគម្រោងធ្វើអ្វីក៏ដោយ ព្រះយេហូវ៉ាអាចសម្រេចចិត្តអំពីពេលវេលាដែលអ្វីៗនឹងកើតឡើង និងអំពីលទ្ធផលនៃអ្វីៗទាំងនោះ។ (សូមអាន ដានីយ៉ែល ២:២១) តាមការពិតសុភាសិត ២១:១ ប្រាប់យើងថា៖ «ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ»។
១៤ ព្រះយេហូវ៉ាអាចគ្រប់គ្រងទៅលើព្រឹត្ដិការណ៍នានាដើម្បីសម្រេចគោលបំណងរបស់លោក និងដើម្បីឲ្យគោលបំណងនោះសម្រេចនៅចំពេល។ ការផ្លាស់ប្ដូរធំៗជាច្រើនក្នុងពិភពលោកបានសម្រេចទំនាយគម្ពីរ ជាពិសេសទំនាយស្តីអំពីការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះនៅទូទាំងផែនដី។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងនៅពេលដែលសហភាពសូវៀតបានត្រូវរំលាយចោល។ មនុស្សតិចណាស់បានគិតថាការផ្លាស់ប្ដូរដ៏ធំបែបនេះខាងនយោបាយអាចកើតឡើងយ៉ាងឆាប់រហ័សដូច្នេះឡើយ។ ក៏ប៉ុន្តែ លទ្ធផលនៃការផ្លាស់ប្ដូរទាំងនេះ គឺឥឡូវនេះដំណឹងល្អកំពុងផ្សព្វផ្សាយនៅពាសពេញប្រទេសជាច្រើនដែលពីមុនកិច្ចការរបស់យើងបានត្រូវហាមឃាត់។ ដូច្នេះ ចូរយើងប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត ដើម្បីបម្រើព្រះនៃ«ពេលកំណត់និងរដូវកាល»យ៉ាងស្មោះត្រង់។
ចូរបង្ហាញជំនឿលើការកំណត់ពេលរបស់ព្រះយេហូវ៉ា
១៥. តើយើងអាចបង្ហាញជំនឿស្តីអំពីការកែតម្រូវរបស់អង្គការរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៥ ដើម្បីបន្តផ្សព្វផ្សាយនៅថ្ងៃចុងក្រោយបង្អស់នេះ យើងត្រូវមានជំនឿថា ព្រះយេហូវ៉ាសម្រេចគោលបំណងលោកនៅពេលដ៏ល្អបំផុត។ ស្ថានភាពពិភពលោកដែលកំពុងផ្លាស់ប្ដូរ ប្រហែលជាតម្រូវឲ្យមានការផ្លាស់ប្ដូរខ្លះនៅក្នុងរបៀបបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ។ ជួនកាល អង្គការរបស់ព្រះយេហូវ៉ាប្រហែលជាធ្វើការកែតម្រូវខ្លះ ដើម្បីឲ្យការផ្សព្វផ្សាយដំណឹងល្អមានប្រសិទ្ធភាពបំផុត។ យើងបង្ហាញជំនឿលើព្រះនៃ«ពេលកំណត់និងរដូវកាល» ដោយសហការយ៉ាងពេញលេញជាមួយអង្គការយើង ដោយធ្វើតាមការកែតម្រូវបែបនេះ កាលដែលយើងបម្រើយ៉ាងស្មោះភក្ដីក្រោមការដឹកនាំនៃបុត្ររបស់លោកដែលជា«ប្រមុខនៃក្រុមជំនុំ»។—អេភ. ៥:២៣
១៦. ហេតុអ្វីយើងអាចមានជំនឿថាព្រះយេហូវ៉ានឹងជួយយើងពេលយើងត្រូវការជំនួយ?
១៦ ព្រះយេហូវ៉ាចង់ឲ្យយើងអធិដ្ឋានទៅលោកដោយក្លាហានព្រមទាំងមានជំនឿទាំងស្រុងថាលោកនឹងជួយយើង«នៅពេលដែលយើងត្រូវការជំនួយ»។ (ហេ. ៤:១៦) នេះបង្ហាញថាលោកពិតជាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើងម្នាក់ៗមែន។ (ម៉ាថ. ៦: ៨; ១០:២៩-៣១) យើងបង្ហាញជំនឿរបស់យើងលើព្រះយេហូវ៉ាដោយអធិដ្ឋានជាទៀងទាត់ដើម្បីសុំជំនួយពីលោក ហើយរួចមក យើងប្រព្រឹត្តសមស្របតាមការអធិដ្ឋានរបស់យើងនិងការណែនាំរបស់លោក។ បន្ថែមទៅទៀត យើងក៏មិនភ្លេចអធិដ្ឋានឲ្យបងប្អូនរួមជំនឿរបស់យើងដែរ។
១៧, ១៨. (ក) តើព្រះយេហូវ៉ានឹងចាត់វិធានការអ្វីប្រឆាំងនឹងសត្រូវរបស់លោកនៅពេលឆាប់ៗនេះ? (ខ) តើយើងត្រូវជៀសវាងពីអន្ទាក់អ្វី?
១៧ ឥឡូវនេះមិនមែនជាពេលដែលយើងត្រូវ«សង្ស័យ»ឡើយ ប៉ុន្តែជាពេលដែលយើងមានកម្លាំងខ្លាំងក្លាដោយសារជំនឿ។ (រ៉ូម ៤:២០) សត្រូវរបស់ព្រះ ពោលគឺសាថាននិងពួកអ្នកដែលនៅក្រោមឥទ្ធិពលរបស់វា កំពុងព្យាយាមបញ្ឈប់កិច្ចការដែលលោកយេស៊ូប្រគល់ឲ្យអ្នកកាន់តាមលោករួមទាំងយើងដែរ។ (ម៉ាថ. ២៨:១៩, ២០) ទោះជាមានការវាយប្រហារពីមេកំណាចក៏ដោយ យើងដឹងថាព្រះយេហូវ៉ាជា«ព្រះដែលមានជីវិតរស់នៅ ដែលសង្គ្រោះមនុស្សគ្រប់ប្រភេទ ជាពិសេសមនុស្សស្មោះត្រង់» ហើយលោក«ចេះសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—១ធី. ៤:១០; ២ពេ. ២:៩
១៨ នៅពេលឆាប់ៗនេះ ព្រះយេហូវ៉ានឹងបំផ្លាញរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះ។ យើងមិនដឹងប្រាកដថារឿងនេះនឹងកើតឡើងនៅពេលណានិងតាមរបៀបណាទេ ប៉ុន្តែយើងដឹងថាគ្រិស្តនឹងបំផ្លាញសត្រូវរបស់ព្រះនៅចំពេលកំណត់។ ក្រោយមក គ្រប់គ្នានឹងដឹងថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងលើសកលលោក។ ដូច្នេះ ការមិនយល់អំពី«គ្រានិងពេលកំណត់»ដែលយើងកំពុងរស់នៅគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ! សូមកុំឲ្យយើងធ្លាក់ចូលក្នុងអន្ទាក់ ដោយគិតថា«អ្វីៗទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក»។—១ថែ. ៥:១; ២ពេ. ៣:៣, ៤
ចូរចេះ«រង់ចាំ»
១៩, ២០. ហេតុអ្វីយើងគួរបង្ហាញថាយើងចេះរង់ចាំព្រះយេហូវ៉ា?
១៩ ពេលព្រះយេហូវ៉ាបានបង្កើតមនុស្ស លោកចង់ឲ្យពួកគេរស់ជារៀងរហូត ដើម្បីពួកគេអាចបន្តរៀនអំពីលោកនិងអ្វីដ៏ល្អស្អាតទាំងអស់ដែលលោកបានបង្កើត។ សាស្ដា ៣:១១ ចែងថា៖ «ទ្រង់[ព្រះយេហូវ៉ា] បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ»។
២០ យើងត្រេកអរណាស់ដែលព្រះយេហូវ៉ាមិនដែលផ្លាស់ប្ដូរគោលបំណងរបស់លោកចំពោះមនុស្ស។ (ម៉ាឡ. ៣:៦) គម្ពីរចែងថា៖ ‹ព្រះមិនប្រែប្រួលដូចស្រមោលឡើយ›។ (យ៉ា. ១:១៧) ពេលកំណត់របស់លោកមិនអាស្រ័យលើអ្វីដែលមនុស្សប្រើដើម្បីប្រមាណពេល ដូចជាការវិលនៃផែនដីនោះទេ។ ព្រះយេហូវ៉ាជា«ស្តេចដែលរស់ជារៀងរហូត»។ (១ធី. ១:១៧) ហេតុនេះ ចូរយើងចេះ«រង់ចាំព្រះដ៏ជួយសង្គ្រោះ[យើង]»។ (មីកា ៧:៧) មែនហើយ «អស់អ្នកដែលសង្ឃឹមដល់[ឬ«រង់ចាំ»]ព្រះយេហូវ៉ាអើយ ចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះ»។—ទំនុក. ៣១:២៤; ព.ថ.
[កំណត់សម្គាល់]
^ វគ្គ 8 សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២២៨-២២៩។
^ វគ្គ 9 សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២៤៧-២៤៩។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ១៩]
ដានីយ៉ែលមានជំនឿលើការសម្រេចទំនាយរបស់ព្រះ
[រូបភាពនៅទំព័រ២១]
តើអ្នកប្រើពេលឲ្យបានប្រយោជន៍ច្រើនបំផុតដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាឬទេ?