លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ›

‹ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ›

‹ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ›

​«ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ . . . ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។—ម៉ាថាយ ២៨:១៩, ២០

១​. នៅ​ជើង​ភ្នំ​ស៊ី​ណាយ តើ​សាសន៍​អ៊ីស្រាអែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី?

ប្រមាណ​៣.៥០០​ឆ្នាំ​មុន នៅ​ជើង​ភ្នំ​ស៊ី​ណាយ សាសន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​ជួបជុំ​គ្នា ដើម្បី​ធ្វើ​ការ​សច្ចា​ចំពោះ​ព្រះ។ ពួក​គេ​បាន​ថ្លែង​ប្រាប់​ជា​សាធារណៈ​ថា​៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក»។ នៅ​ពេល​នោះ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ហើយ​ពួក​គេ​«ដាច់​ជា​របស់​ផង»​ទ្រង់។ (និក្ខមនំ ១៩:៥, ៨; ២៤:៣) ម្ល៉ោះ​ហើយ​ពួក​គេ​អាច​រីករាយ​នឹង​លទ្ធភាព​ទទួល​ការ​ការពារ​ពី​ទ្រង់ ហើយ​ក៏​មាន​ក្ដី​សង្ឃឹម​រស់​នៅ​ជា​មួយ​កូន​ចៅ​របស់​ពួក​គេ​ពី​តំណ​មួយ​ទៅ​តំណ​មួយ ក្នុង​ស្រុក​«ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ»។—លេវីវិន័យ ២០:២៤

២​. សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​អាច​មាន​ទំនាក់ទំនង​បែប​ណា​ជា​មួយ​នឹង​ព្រះ?

ក៏​ប៉ុន្តែ ទំនុក​របស់​លោក​អេសាភ​បញ្ជាក់​ថា សាសន៍​អ៊ីស្រាអែល​«មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ ក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ទ្រង់​សោះ»។ (ទំនុកដំកើង ៧៨:១០) ពួក​គេ​មិន​បាន​ធ្វើ​តាម​ពាក្យ​សច្ចា ដែល​បុព្វ​បុរស​របស់​ពួក​គេ​បាន​ធ្វើ​ចំពោះ​ព្រះ​យេហូវ៉ា។ នៅ​ទីបំផុត សាសន៍​អ៊ីស្រាអែល​បាត់បង់​ចំណង​មិត្តភាព​ពិសេស ដែល​បុព្វ​បុរស​របស់​ពួក​គេ​ធ្លាប់​មាន​ជា​មួយ​ព្រះ។ (សាស្ដា ៥:៤; ម៉ាថាយ ២៣:៣៧, ៣៨) ដោយ​ហេតុ​នេះ ព្រះ​បាន​«ប្រោស​ដល់​ពួក​សាសន៍​ដទៃ . . . ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំ​រាប់​ព្រះ​នាម​ទ្រង់»។ (កិច្ចការ ១៥:១៤) ម្យ៉ាង​ទៀត នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​កំពុង​តែ​ប្រមូល​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា» ហើយ​ពួក​គេ​មាន​អំណរ​ក្នុង​ការ​ទទួល​ស្គាល់​ថា​៖ «សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង»។—វិវរណៈ ៧:៩, ១០

៣​. ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

បើ​យើង​ចង់​មាន​ចំណង​មិត្តភាព​ថ្លៃ​វិសេស​បែប​នោះ​ជា​មួយ​នឹង​ព្រះ យើង​ត្រូវ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បញ្ជាក់​ពី​ការ​ថ្វាយ​ខ្លួន​នោះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ធ្វើ​ដូច្នេះ យើង​កំពុង​តែ​ស្ដាប់​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​សិស្ស​របស់​ទ្រង់​ដោយ​ចំៗ​នោះ។ ទ្រង់​បាន​បង្គាប់​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) ម៉ូសេ​បាន​អាន​«សៀវភៅ​សញ្ញា»​ឲ្យ​សាសន៍​អ៊ីស្រាអែល​ស្ដាប់។ (និក្ខមនំ ២៤:៣, ៧, ៨) ដូច្នេះ​ហើយ ពួក​គេ​យល់​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ។ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ដ្បិត​មុន​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​ជា​ការ​ចាំបាច់​ដែល​យើង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ ដូច​ត្រូវ​កត់​សរសេរ​ក្នុង​ព្រះ​គម្ពីរ ជា​ព្រះ​បន្ទូល​របស់​ទ្រង់។

៤​. ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​យើង​ត្រូវ​ធ្វើ​អ្វី? (សូម​មើល​ប្រអប់​ខាង​លើ)

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះ​យេស៊ូ​ចង់​ឲ្យ​សិស្ស​របស់​ទ្រង់​មាន​ជំនឿ​ដែល​មាន​មូលដ្ឋាន​រឹង​មាំ មុន​ពួក​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ទ្រង់​មិន​ត្រឹម​តែ​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ប៉ុណ្ណោះ ប៉ុន្តែ​សិស្ស​ទ្រង់​ក៏​ត្រូវ​បង្រៀន​អ្នក​ទាំង​នោះ​ឲ្យ‹កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ត្រូវ​បាន​បង្គាប់›។ (ម៉ាថាយ ៧:២៤, ២៥; អេភេសូរ ៣:១៧​-​១៩) ម្ល៉ោះ​ហើយ ក្នុង​ករណី​ភាគ​ច្រើន អ្នក​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក បាន​សិក្សា​ព្រះ​គម្ពីរ​រាប់​ខែ​ឬ​រហូត​ដល់​មួយ​ឬ​ពីរ​ឆ្នាំ។ យ៉ាង​នេះ​ពួក​គេ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ និង​ដោយ​មិន​ប្រញាប់​ពេក។ នៅ​ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ត្រូវ​ឆ្លើយ​ថា‹មែន›ចំពោះ​សំណួរ​ពីរ​ដ៏​សំខាន់។ ដោយសារ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​យើង​«ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ​ទេៗ»​ប៉ុណ្ណោះ នោះ​ជា​ការ​ល្អ​បើ​យើង​ពិចារណា​ឲ្យ​បាន​ដិត​ដល់​នូវ​អត្ថន័យ​នៃ​សំណួរ​ពីរ ដែល​យើង​ត្រូវ​ឆ្លើយ​ពេល​ទទួល​បុណ្យ​ជ្រមុជ​ទឹក។—ម៉ាថាយ ៥:៣៧, កំណែ​ជា​អក្សរ​ទ្រេត

ត្រូវ​ប្រែ​ចិត្ត​និង​ឧទ្ទិស​ថ្វាយ​ខ្លួន

៥​. តើ​សំណួរ​ទី​មួយ​សម្រាប់​អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បញ្ជាក់​ជំហាន​ពីរ​យ៉ាង​ដ៏​សំខាន់​អ្វី?

សំណួរ​ទី​មួយ​សម្រាប់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សួរ​ថា ‹តើ​អ្នក​បាន​ប្រែ​ចិត្ត​ពី​របៀប​រស់​នៅ​ចាស់ ហើយ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឬ​ទេ?›។ សំណួរ​នេះ​បញ្ជាក់​ជំហាន​ពីរ​យ៉ាង​ដ៏​សំខាន់ ដែល​យើង​ត្រូវ​តែ​ធ្វើ​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពោល​គឺ​ត្រូវ​ប្រែ​ចិត្ត​និង​ឧទ្ទិស​ថ្វាយ​ខ្លួន។

៦, ៧​. (ក) ហេតុ​អ្វី​អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​តែ​ប្រែ​ចិត្ត? (ខ) ក្រោយ​បាន​ប្រែ​ចិត្ត​ហើយ តើ​យើង​ត្រូវ​កែ​ប្រែ​អ្វី​ទៀត?

ហេតុ​អ្វី​យើង​ត្រូវ​ប្រែ​ចិត្ត​មុន​ដែល​សុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក? សាវ័ក​ប៉ុល​ពន្យល់​ថា​៖ «យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត . . . ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​យើង»។ (អេភេសូរ ២:៣) មុន​ដែល​យើង​បាន​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ យើង​ធ្លាប់​រស់​នៅ​ដូច​មនុស្ស​លោកិយ ដោយ​ធ្វើ​តាម​ខ្នាត​តម្រា​និង​គោលការណ៍​របស់​ពួក​គេ។ របៀប​រស់​នៅ​របស់​យើង​ធ្លាប់​នៅ​ក្រោម​ឥទ្ធិពល​សាតាំង ដែល​ជា​ព្រះ​របស់​លោកិយ​នេះ។ (កូរិនថូសទី២ ៤:៤) ក៏​ប៉ុន្តែ ក្រោយ​យើង​ស្គាល់​ព្រះ​ហឫទ័យ​របស់​ព្រះ​ហើយ នោះ​យើង​បាន​តាំង​ចិត្ត​រឹង​មាំ​ឲ្យ​ឈប់​រស់​«តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ»។—ពេត្រុសទី១ ៤:២

របៀប​រស់​នៅ​ថ្មី​នោះ​មាន​ផល​ប្រយោជន៍​ជា​ច្រើន​ណាស់។ សំខាន់​បំផុត របៀប​រស់​នៅ​ថ្មី​នោះ​ផ្ដល់​ឱកាស​ឲ្យ​មាន​ចំណង​មិត្តភាព​ថ្លៃ​វិសេស​ជា​មួយ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​ប្រដូច​ចំណង​មិត្តភាព​នេះ​ទៅ​នឹង​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​ទៅ​ក្នុង​«រោង​ឧបោសថ[ឬ​«ព្រះ​ពន្លា»]»​និង​«ភ្នំ​បរិសុទ្ធ»​របស់​ព្រះ ដែល​ពិត​ជា​ឯកសិទ្ធិ​អស្ចារ្យ​ណាស់! (ទំនុកដំកើង ១៥:១; ទំនុក​តម្កើង ១៥:១, ខ.ស.) ព្រះ​យេហូវ៉ា​ទំនង​ជា​មិន​អញ្ជើញ​មនុស្ស​ណា​ក៏​បាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទ្រង់​អញ្ជើញ​តែ​«អ្នក​ណា​ដែល​ដើរ​ដោយ​ទៀងត្រង់ ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង»។ (ទំនុកដំកើង ១៥:២) ដើម្បី​បំពេញ​តម្រូវ​ការ​ទាំង​នេះ យើង​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​ការ​ប្រព្រឹត្ត​និង​បុគ្គលិកលក្ខណៈ​ដែល​យើង​ធ្លាប់​មាន មុន​បាន​រៀន​សេចក្ដី​ពិត។ (កូរិនថូសទី១ ៦:៩​-​១១; កូល៉ុស ៣:៥​-​១០) តើ​អ្វី​ជំរុញ​យើង​ឲ្យ​កែ​ប្រែ? ពេល​ដែល​យើង​ប្រែ​ចិត្ត នោះ​ជំរុញ​យើង​ឲ្យ​កែ​ប្រែ​ការ​ប្រព្រឹត្ត​និង​បុគ្គលិកលក្ខណៈ​របស់​យើង។ ការ​ប្រែ​ចិត្ត​មាន​ន័យ​ថា យើង​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដោយសារ​របៀប​រស់​នៅ​ចាស់​របស់​យើង ហើយ​យើង​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។ ជា​លទ្ធផល​យើង​កែ​ប្រែ​ទាំង​ស្រុង ដោយ​លះ​ចោល​របៀប​រស់​នៅ​ដូច​មនុស្ស​លោកិយ​ដែល​រក​តែ​ប្រយោជន៍​ខ្លួន ហើយ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​វិញ។—កិច្ចការ ៣:១៩

៨​. តើ​យើង​ថ្វាយ​ខ្លួន​យ៉ាង​ដូច​ម្ដេច? តើ​ការ​ថ្វាយ​ខ្លួន​ជាប់​ទាក់ទង​នឹង​បុណ្យ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច?

សំណួរ​ទី​មួយ​សម្រាប់​អ្នក​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មាន​ផ្នែក​មួយ​ទៀត។ ផ្នែក​នោះ​សួរ​ថា ‹តើ​អ្នក​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​ទេ?›។ មុន​ដែល​សុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ត្រូវ​ថ្វាយ​ខ្លួន​ជា​ចាំបាច់។ យើង​ថ្វាយ​ខ្លួន​ដោយ​អធិស្ឋាន ទូល​ព្រះ​យេហូវ៉ា​ថា យើង​ចង់​ប្រើ​ជីវិត​យើង​ដើម្បី​បម្រើ​ទ្រង់ តាម​រយៈ​ព្រះ​គ្រីស្ទ។ (រ៉ូម ១៤:៧, ៨; កូរិនថូសទី២ ៥:១៥) ក្រោយ​នោះ ព្រះ​យេហូវ៉ា​ក្លាយ​ទៅ​ជា​ម្ចាស់​របស់​យើង ហើយ​យើង​មាន​អំណរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ ដូច​ព្រះ​យេស៊ូ​ដែរ។ (ទំនុកដំកើង ៤០:៨; អេភេសូរ ៦:៦) យើង​ទូល​ពាក្យ​សច្ចា​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​តែ​មួយ​ដង​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ មាន​តែ​ព្រះ​យេហូវ៉ា​ជ្រាប​ថា​យើង​បាន​អធិស្ឋាន​ឧទ្ទិស​ថ្វាយ​ខ្លួន។ ដូច្នេះ​នៅ​ថ្ងៃ​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ថ្លែង​ប្រាប់​ជា​សាធារណៈ​ថា​យើង​បាន​ថ្វាយ​ខ្លួន ដោយ​ឆ្លើយ​នូវ​សំណួរ​ទី​មួយ​ដូច​បាន​បញ្ជាក់​ក្នុង​វគ្គ​នេះ។ នៅ​ពេល​នោះ គ្រប់​គ្នា​ដឹង​ថា​យើង​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌។—រ៉ូម ១០:១០

៩, ១០​. (ក) តើ​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​រួម​បញ្ចូល​អ្វី? (ខ) តើ​អ្វី​បង្ហាញ​ថា​ពួក​ណាត្ស៊ី​ក៏​បាន​ទទួល​ស្គាល់​ការ​ថ្វាយ​ខ្លួន​របស់​យើង​ដែរ?

ដើម្បី​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​[ឬ​«បង្គោល​ទារុណកម្ម»]​ខ្លួន មក​តាម​ខ្ញុំ​[«ជា​ដរាប»]​ចុះ!»។ (ម៉ាថាយ ១៦:២៤; ព.ថ.) ក្នុង​ខ​នេះ​ព្រះ​យេស៊ូ​បញ្ជាក់​អ្វី​បី​យ៉ាង​ដែល​យើង​ត្រូវ​តែ​ធ្វើ។ ទី​មួយ យើង​ត្រូវ​«លះ​កាត់​ចិត្ត»​ខ្លួន​ឯង។ បើ​និយាយ​ឲ្យ​ស្រួល​យល់ នោះ​មាន​ន័យ​ថា​យើង​លះ​ចោល​ជ្រះ​ស្រឡះ​នូវ​ទំនោរ​ចិត្ត​ឥត​គ្រប់​លក្ខណ៍​របស់​យើង​ដែល​ចង់​រក​តែ​ប្រយោជន៍​ខ្លួន ហើយ​រួច​មក​យើង​តាម​ឱវាទ​និង​ការ​ណែនាំ​របស់​ព្រះ​វិញ។ ទីពីរ យើង​ផ្ទុក​«បង្គោល​ទារុណកម្ម»​ខ្លួន។ នៅ​សម័យ​ព្រះ​យេស៊ូ បង្គោល​ទារុណកម្ម​តំណាង​ការ​អាម៉ាស់​មុខ និង​ការ​រង​ទុក្ខ។ ដោយសារ​យើង​ជា​គ្រីស្ទាន យើង​សុខ​ចិត្ត​រង​ទុក្ខ​ដើម្បី​ផ្សាយ​និង​កាន់​ខ្ជាប់​តាម​ដំណឹង​ល្អ។ (ធីម៉ូថេទី២ ១:៨) ទោះ​បើ​លោកិយ​នេះ​សើច​ចំអក​ឬ​ប្រមាថ​មើលងាយ​យើង​ក៏​ដោយ តែ​យើង​«មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស»​ដូច​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ដែរ ហើយ​ក៏​មាន​ចិត្ត​សប្បាយ​ទៀត​ផង ដោយ​ដឹង​ថា យើង​កំពុង​តែ​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ។ (ហេព្រើរ ១២:២) ទី​បី យើង​តាម​ព្រះ​យេស៊ូ​«ជា​ដរាប»។—ទំនុកដំកើង ៧៣:២៦; ១១៩:៤៤; ១៤៥:២

១០ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា សូម្បី​តែ​បុគ្គល​ខ្លះ​ដែល​ប្រឆាំង​យើង​ទទួល​ស្គាល់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ថ្វាយ​ខ្លួន​ដើម្បី​បម្រើ​ព្រះ​ដោយ​អស់​ពី​ចិត្ត។ ជា​ឧទាហរណ៍ នៅ​ប៊ូជឺនវ៉ាល ដែល​ជា​ជំរំ​ឃុំ​ឃាំង​មួយ​របស់​ពួក​ណាត្ស៊ី​នា​ប្រទេស​អាឡឺម៉ង់ ពួក​ស្មរបន្ទាល់​ដែល​មិន​ព្រម​បដិសេធ​ឈប់​កាន់​ជំនឿ ត្រូវ​តែ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ដែល​ចែង​ថា​៖ «ខ្ញុំ​នៅ​តែ​ជា​សិស្ស​ព្រះ​គម្ពីរ​ស្មោះ​ត្រង់ ហើយ​មិន​ព្រម​ក្បត់​ពាក្យ​សម្បថ​ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ»។ អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​ឡាយ​របស់​ព្រះ ច្បាស់​ជា​មាន​អារម្មណ៍​ដូច​បងប្អូន​ទាំង​នោះ​ដែរ!—កិច្ចការ ៥:៣២

មាន​អត្តសញ្ញាណ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

១១​. តើ​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មាន​ឯកសិទ្ធិ​អ្វី?

១១ ផ្នែក​ទី​មួយ​នៃ​សំណួរ​ទីពីរ​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក សួរ​ថា‹តើ​អ្នក​យល់​ថា​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម្គាល់​អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ?›។ ក្រោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​មាន​មុខ​តំណែង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដែល​តំណាង​ព្រះ​នាម​ទ្រង់។ នេះ​ជា​ឯកសិទ្ធិ​អស្ចារ្យ​មួយ ហើយ​ក៏​ជា​ភារកិច្ច​សំខាន់​មួយ​ដែរ។ មុខ​តំណែង​នោះ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ​និង​ជីវិត​ជា​រៀង​រហូត បើ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ជានិច្ច។—ម៉ាថាយ ២៤:១៣

១២​. តើ​ការ​តំណាង​ព្រះ​នាម​ព្រះ​យេហូវ៉ា​រួម​មាន​ភារកិច្ច​អ្វី?

១២ ការ​តំណាង​ព្រះ​នាម​របស់​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​បំផុត ជា​ឯកសិទ្ធិ​ខ្ពង់​ខ្ពស់​រក​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ។ ព្យាការី​មីកា​ធ្លាប់​ប្រាប់​ថា​៖ «ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។ (មីកា ៤:៥) យ៉ាង​ណា​ក៏​ដោយ ឯកសិទ្ធិ​នោះ​ក៏​រួម​មាន​ភារកិច្ច​មួយ​ផង​ដែរ ពោល​គឺ​យើង​ត្រូវ​ព្យាយាម​មាន​របៀប​រស់​នៅ​ដែល​លើក​កិត្ដិយស​ថ្វាយ​ព្រះ​នាម​ព្រះ។ ដូច​ប៉ុល​បាន​រំឭក​បណ្ដា​គ្រីស្ទាន​នៅ​ទី​ក្រុង​រ៉ូម​នោះ ព្រះ​នាម​របស់​ព្រះ​នឹង​ត្រូវ​«ប្រមាថ»​ឬ​បង្អាប់ ប្រសិន​បើ​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​ផ្សព្វ​ផ្សាយ។—រ៉ូម ២:២១​-​២៤

១៣​. ហេតុ​អ្វី​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន មាន​ភារកិច្ច​ធ្វើ​បន្ទាល់​អំពី​ព្រះ​របស់​ពួក​គេ?

១៣ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គាត់​ក៏​ទទួល​ភារកិច្ច​មួយ​ទៀត គឺ​គាត់​ត្រូវ​ធ្វើ​បន្ទាល់​អំពី​ព្រះ​របស់​គាត់។ សាសន៍​អ៊ីស្រាអែល​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ធ្លាប់​ត្រូវ​អញ្ជើញ​ដោយ​ព្រះ​យេហូវ៉ា ឲ្យ​ធ្វើ​បន្ទាល់​ជា​សាក្សី​ដើម្បី​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះ​ពិត។ (អេសាយ ៤៣:១០​-​១២, ២១) ប៉ុន្តែ​សាសន៍​អ៊ីស្រាអែល​មិន​បាន​បំពេញ​ភារកិច្ច​នេះ ហើយ​នៅ​ទីបំផុត​ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ពិត​មាន​មោទនភាព ដោយសារ​មាន​ឯកសិទ្ធិ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា។ យើង​ធ្វើ​បន្ទាល់ ដោយសារ​យើង​ស្រឡាញ់​ទ្រង់ ហើយ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ទ្រង់​បាន​បរិសុទ្ធ។ យើង​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​និង​គោល​បំណង​របស់​ទ្រង់ តើ​យើង​អាច​នៅ​ស្ងៀម​យ៉ាង​ដូច​ម្ដេច​បាន? យើង​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ុល​ដែរ ពេល​គាត់​សរសេរ​ថា​៖ «ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ!»។—កូរិនថូសទី១ ៩:១៦

១៤, ១៥​. (ក) តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​មាន​តួ​នាទី​អ្វី​ក្នុង​ការ​ជួយ​ឲ្យ​យើង​រីក​ចម្រើន​ខាង​វិញ្ញាណ? (ខ) តើ​មាន​សំវិធានការ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​យើង​រីក​ចម្រើន​ខាង​វិញ្ញាណ?

១៤ សំណួរ​ទីពីរ​សម្រាប់​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក ជួយ​រំឭក​អំពី​ភារកិច្ច​ចុះ​ចូល​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ។ យើង​មិន​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ម្នាក់​ឯង​ទេ ហើយ​យើង​ត្រូវ​ការ​ជំនួយ ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ដែល​មក​ពី​«បងប្អូន​[«ទាំង​ឡាយ»]»។ (ពេត្រុសទី១ ២:១៧; ព.ថ.; កូរិនថូសទី១ ១២:១២, ១៣) អង្គការ​របស់​ព្រះ​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​យើង​រីក​ចម្រើន​ខាង​វិញ្ញាណ។ អង្គការ​របស់​ទ្រង់​ផ្ដល់​សៀវភៅ​ជា​ច្រើន​អំពី​ព្រះ​គម្ពីរ ដែល​ជួយ​ឲ្យ​យើង​រីក​ចម្រើន​ខាង​ចំណេះ​ពិត ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ពេល​ប្រឈម​មុខ​នឹង​បញ្ហា ហើយ​បង្កើត​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ ដូច​ម្ដាយ​មួយ​រូប​ដែល​ថែរក្សា​កូន​និង​រៀបចំ​អាហារ​ល្អៗ​ឲ្យ​បរិភោគ​ឆ្អែត​នោះ ‹អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ក៏​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ជា​បរិបូរ​តាម​ត្រូវ​ពេល ដើម្បី​ជួយ​ឲ្យ​យើង​អាច​រីក​ចម្រើន​ខាង​វិញ្ញាណ។—ម៉ាថាយ ២៤:៤៥​-​៤៧; ថែស្សាឡូនីចទី១ ២:៧, ៨

១៥ នៅ​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ រាស្ត្រ​ព្រះ​យេហូវ៉ា​ទទួល​ការ​បង្ហាត់​បង្រៀន​និង​ការ​លើក​ទឹក​ចិត្ត ដើម្បី​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់។ (ហេព្រើរ ១០:២៤, ២៥) សាលា​កិច្ច​បម្រើ​ព្រះ​ធិបតេយ្យ​បង្រៀន​ឲ្យ​យើង​ចេះ​ថ្លែង​នៅ​មុខ​មនុស្ស​ជា​ច្រើន ហើយ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​បង្រៀន​ឲ្យ​យើង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ។ នៅ​ឯ​កិច្ច​ប្រជុំ និង​ពេល​ដែល​យើង​សិក្សា​សៀវភៅ​អំពី​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង យើង​អាច​ឃើញ​ថា​វិញ្ញាណ​របស់​ព្រះ​កំពុង​តែ​ដឹក​នាំ​អង្គការ​របស់​ទ្រង់។ តាម​រយៈ​សំវិធានការ​ដែល​យើង​ទទួល​ជា​ទៀងទាត់​ទាំង​នោះ ព្រះ​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ផ្សេងៗ បង្រៀន​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​អ្នក​ផ្សព្វផ្សាយ ហើយ​ជួយ​ឲ្យ​យើង​ចាំ​យាម​ខាង​វិញ្ញាណ។—ទំនុកដំកើង ១៩:៧, ៨, ១១; ថែស្សាឡូនីចទី១ ៥:៦, ១១; ធីម៉ូថេទី១ ៤:១៣

អ្វី​ដែល​ជំរុញ​ឲ្យ​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក

១៦​. តើ​អ្វី​ជំរុញ​ឲ្យ​យើង​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា?

១៦ សំណួរ​ទាំង​ពីរ​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក រំឭក​យើង​អំពី​អត្ថន័យ​នៃ​ពិធី​ជ្រមុជ​ទឹក​និង​ភារកិច្ច​របស់​ខ្លួន។ បើ​ដូច្នេះ តើ​អ្វី​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក? យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សិស្ស​ព្រះ​យេស៊ូ​ដោយសារ​ព្រះ​យេហូវ៉ា​«ទាញ​នាំ»​យើង មិន​មែន​ដោយសារ​មាន​គេ​បង្ខំ​យើង​ទេ។ (យ៉ូហាន ៦:៤៤) ដោយសារ​«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់» ទ្រង់​គ្រប់គ្រង​សកលលោក​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​បង្ខិត​បង្ខំ​ទេ។ (យ៉ូហានទី១ ៤:៨) គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​និង​របៀប​ទ្រង់​ប្រព្រឹត្ត​ចំពោះ​យើង ទាញ​នាំ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​សម្រាប់​យើង ហើយ​ទ្រង់​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​មាន​អនាគត​ល្អ​បំផុត។ (យ៉ូហាន ៣:១៦) ជា​លទ្ធផល នោះ​ជំរុញ​ឲ្យ​យើង​ឧទ្ទិស​ថ្វាយ​ជីវិត​ចំពោះ​ទ្រង់។—សុភាសិត ៣:៩; កូរិនថូសទី២ ៥:១៤, ១៥

១៧​. ពេល​ដែល​យើង​ថ្វាយ​ខ្លួន តើ​មិន​ដើម្បី​អ្វី?

១៧ យើង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់ មិន​មែន​ថ្វាយ​ខ្លួន​ដើម្បី​បម្រើ​បុព្វ​ហេតុ​ណា​មួយ​ឬ​បំពេញ​កិច្ចការ​ណា​មួយ​ឡើយ។ កិច្ចការ​ដែល​ព្រះ​មាន​សម្រាប់​រាស្ត្រ​ទ្រង់​នឹង​ផ្លាស់ប្ដូរ ក៏​ប៉ុន្តែ​ការ​ថ្វាយ​ខ្លួន​មិន​ដែល​ផ្លាស់ប្ដូរ​ទេ។ ជា​ឧទាហរណ៍ អ្វី​ដែល​ព្រះ​បង្គាប់​ឲ្យ​អ័ប្រាហាំ​ធ្វើ​និង​អ្វី​ដែល​ទ្រង់​បង្គាប់​ឲ្យ​យេរេមា​ធ្វើ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ (លោកុប្បត្តិ ១៣:១៧, ១៨; យេរេមា ១:៦, ៧) ក៏​ប៉ុន្តែ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​បំពេញ​ការងារ​ដែល​ព្រះ​កំណត់​ឲ្យ ដោយសារ​ពួក​គាត់​ស្រឡាញ់​ទ្រង់​ហើយ​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់។ ក្នុង​កំលុង​គ្រា​ចុង​បញ្ចប់​នេះ អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​គ្រប់​គ្នា ព្យាយាម​បំពេញ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ដែល​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ ហើយ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការ​ចូល​រួម​កិច្ចការ​នោះ​អស់​ពី​ចិត្ត​ជា​វិធី​ល្អ​មួយ ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌ ហើយ​បង្ហាញ​ថា​យើង​បាន​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​ដោយ​ស្មោះ។—យ៉ូហានទី១ ៥:៣

១៨, ១៩​. (ក) ពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​យើង​បង្ហាញ​អ្វី​ជា​សាធារណៈ? (ខ) តើ​អ្វី​នឹង​ត្រូវ​ពន្យល់​ក្នុង​អត្ថបទ​បន្ទាប់?

១៨ បុណ្យ​ជ្រមុជ​ទឹក​ពិត​ជា​បើក​ផ្លូវ​ឲ្យ​ទទួល​ពរ​ជា​ច្រើន​ណាស់! ប៉ុន្តែ​បុណ្យ​ជ្រមុជ​ទឹក​មិន​មែន​ជា​រឿង​ស្រាល​នោះ​ទេ។ (លូកា ១៤:​២៦​-​៣៣) បុណ្យ​ជ្រមុជ​ទឹក​បញ្ជាក់​នូវ​ការ​តាំង​ចិត្ត​របស់​យើង ដែល​ត្រូវ​ចាត់​ទុក​ថា​សំខាន់​ជាង​អ្វីៗ​ផ្សេង​ទៀត។ (លូកា ៩:៦២) នៅ​ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក តាម​ពិត​យើង​កំពុង​តែ​បង្ហាញ​ជា​សាធារណៈ​ថា​៖ «ព្រះ​នេះ ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​នៅ​អស់កល្ប​ជានិច្ច ទ្រង់​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង​ខ្ញុំ ដរាប​ដល់​អស់​ជីវិត​ផង»។—ទំនុកដំកើង ៤៨:១៤

១៩ អត្ថបទ​បន្ទាប់​នឹង​ប្រាប់​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ទៀត ដែល​ប្រហែល​ជា​ចោទ​ឡើង​ទាក់ទង​នឹង​បុណ្យ​ជ្រមុជ​ទឹក។ តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​បុគ្គល​ម្នាក់​ប្រហែល​ជា​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ? តើ​គួរ​គិត​ពី​អាយុ​ផង​ដែរ​ឬ​ទេ? តើ​យើង​ទាំង​អស់​គ្នា​អាច​ជួយ​ឲ្យ​ពិធី​ជ្រមុជ​ទឹក​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

ហេតុ​អ្វី​គ្រីស្ទាន​ម្នាក់ៗ​ត្រូវ​ប្រែ​ចិត្ត​មុន​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

តើ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​រួម​បញ្ចូល​អ្វី?

តើ​ឯកសិទ្ធិ​តំណាង​ព្រះ​នាម​យេហូវ៉ា​រួម​មាន​ភារកិច្ច​អ្វី​ខ្លះ?

តើ​អ្វី​គួរ​ជំរុញ​ឲ្យ​យើង​សម្រេច​ចិត្ត​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៩]

សំណួរ​ពីរ​យ៉ាង​ដែល​ត្រូវ​សួរ​នៅ​ឯ​ពិធី​ជ្រមុជ​ទឹក

ដោយ​មាន​មូលដ្ឋាន​លើ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ តើ​អ្នក​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​អ្នក ហើយ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឬ​ទេ?

តើ​អ្នក​យល់​ថា ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នឹង​សម្គាល់​អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​រួម​ចំណែក​នឹង​អង្គការ​របស់​ព្រះ​ដែល​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​ឬ​ទេ?

[រូបភាព​នៅ​ទំព័រ​២០]

យើង​ឧទ្ទិស​ថ្វាយ​ខ្លួន​ដោយ​អធិស្ឋាន ទូល​ពាក្យ​សច្ចា​ចំពោះ​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២២]

ពេល​យើង​ផ្សព្វផ្សាយ នោះ​បង្ហាញ​ថា​យើង​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ