ការខំស្វែងរកសុភមង្គល
ការខំស្វែងរកសុភមង្គល
ពីរបីឆ្នាំមុន មានការស្ទង់មតិប្រជាជននៅប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។ គេបានសួរប្រជាជនថា៖«តើត្រូវមានអ្វីដើម្បីឲ្យមានសុភមង្គល?»។ ក្នុងប្រជាជនដែលបានតបឆ្លើយចំពោះការស្ទង់មតិនេះមាន៨៩ភាគរយឆ្លើយថា ត្រូវមានសុខភាពល្អ ៧៩ភាគរយប្រាប់ថាត្រូវពេញចិត្តនឹងអាពាហ៍ពិពាហ៍ឬគូរបស់ខ្លួន ៦២ភាគរយបានប្រាប់ថា សុភមង្គលបានមកពីការមានកូនចៅ ហើយ៥១ភាគរយគិតថាត្រូវតែមានអាជីពដែលរីកចំរើន ទើបមានសុភមង្គល។ ម្យ៉ាងទៀត ទោះជាមនុស្សទូទៅនិយាយថា លុយមិនធានាឲ្យមានសុភមង្គលក៏ពិតមែន តែ៤៧ភាគរយនៃប្រជាជនជឿជាក់ថា លុយនាំឲ្យមានសុភមង្គលពិតប្រាកដមែន។ តើពិតជាដូច្នេះមែនឬ?
ទីមួយ សូមពិចារណានូវមតិរបស់មនុស្សដែលថា លុយនិងសុភមង្គលជាប់ទាក់ទងគ្នា។ ការស្ទង់មតិមនុស្សមួយរយនាក់ ជាអ្នកមានស្តុកស្តម្ភបំផុតនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេគ្មានសុភមង្គលលើសជាងមនុស្សធម្មតាទេ។ ម្យ៉ាងទៀត យោងទៅតាមអ្នកជំនាញខាងសុខភាពផ្លូវចិត្តនោះ មនុស្សជាច្រើននៅសហរដ្ឋអាមេរិក គឺមិនសប្បាយជាងមុនទេ ទោះជាមានទ្រព្យសម្បត្ដិច្រើនជាង៣០ឆ្នាំមុនមួយជាពីរក៏ដោយ។ ការពិត សេចក្ដីរាយការណ៍មួយបញ្ជាក់ថា៖ «ក្នុងកំឡុងគ្រានោះ ករណីជំងឺគ្រាំគ្រាចិត្តមានកំណើនយ៉ាងខ្លាំង។ ចំនួនយុវជនដែលធ្វើអត្តឃាតបានកើនឡើងមួយជាបី។ អត្រានៃការលែងលះគ្នាក៏បានកើនឡើងមួយជាពីរដែរ»។ នៅប្រមាណ៥០ប្រទេស អ្នកស្រាវជ្រាវដែលបានធ្វើការវិភាគទៅលើទំនាក់ទំនងរវាងលុយនិងសុភមង្គលបានសន្និដ្ឋានថា លុយមិននាំឲ្យមានសុភមង្គលទេ។
ទីពីរ ក្នុងការស្វែងរកសុភមង្គល តើសុខភាពល្អ ការពេញចិត្តនឹងអាពាហ៍ពិពាហ៍របស់ខ្លួន និងអាជីពដែលរីកចំរើនគឺសំខាន់ប៉ុនណាទៅ? បើអ្វីៗទាំងនេះគឺចាំបាច់ដើម្បីឲ្យមានសុភមង្គលពិតមែន ចុះមនុស្សរាប់សិបលាននាក់ដែលគ្មានសុខភាពល្អឬមិនពេញចិត្តនឹងគូអាពាហ៍ពិពាហ៍របស់ខ្លួន ហើយគូស្វាមីភរិយាទាំងប៉ុន្មានដែលគ្មានកូនចៅ ឬបុរសស្ត្រីទាំងប៉ុន្មានដែលគ្មានអាជីពដែលរីកចំរើននោះ តើអ្នកទាំងអស់នេះសុទ្ធតែជាមនុស្សអភ័ព្វ ជួបតែអពមង្គលអស់មួយជីវិតឬ? ហើយចំណែកអស់អ្នកដែលមានសុខភាពល្អឬពេញចិត្តនឹងអាពាហ៍ពិពាហ៍របស់ខ្លួន ដែលមនុស្សគិតស្មានថាមានសុភមង្គលនោះ តើពួកគេនឹងមានសុភមង្គលតទៅទៀតឬទេបើកាលៈទេសៈរបស់ពួកគេផ្លាស់ប្ដូរ?
តើយើងកំពុងតែខំស្វែងរកសុភមង្គលពីប្រភពត្រឹមត្រូវទេ?
មនុស្សគ្រប់រូបចង់បានសុភមង្គល។ នេះគឺមិនចម្លែកទេ ដ្បិតព្រះគម្ពីរចែងថា ព្រះដែលបានបង្កើតមនុស្សគឺជា«ព្រះដ៏សប្បាយ» ហើយទ្រង់បានបង្កើតមនុស្សឲ្យមានភាពដូចទ្រង់។ (ធីម៉ូថេទី១ ១:១១, ព.ថ.; លោកុប្បត្តិ ១:២៦, ២៧) ម្ល៉ោះហើយ គឺជាការធម្មតាទេដែលមនុស្សខំស្វែងរកសុភមង្គល។ ក៏ប៉ុន្តែ មនុស្សជាច្រើនយល់ឃើញថា ការខំរក្សាឲ្យមានសុភមង្គលជានិច្ចគឺមិនខុសពីការខំក្ដាប់ខ្សាច់ទេ ដ្បិតវាងាយជ្រុះពីដៃយើងអស់។
ក៏ប៉ុន្តែ តើបញ្ហានេះអាចផ្ដើមចេញពីមនុស្សខ្លះដែលខំប្រឹងស្វែងរកសុភមង្គលខ្លាំងពេកឬ? ទស្សនវិទូម្នាក់ ឈ្មោះអេរិច ហូហ្វឺ គិតថាមនុស្សខំប្រឹងខ្លាំងពេកមែន។ លោកបានសង្កេតឃើញថា៖«ការខំស្វែងរកសុភមង្គលគឺជាហេតុចំបងមួយដែលមនុស្សជួបតែអពមង្គលវិញ»។ នេះជាការពិតមែនបើយើងខំស្វែងរកសុភមង្គលពីប្រភពមិនត្រឹមត្រូវ ពីព្រោះយើងនឹងត្រូវខកចិត្តហើយតានតឹងចិត្តជាមិនខាន។ ការខំឲ្យបានទៅជាអ្នកមានស្តុកស្តម្ភ ការព្យាយាមឲ្យបានឈ្មោះល្បីល្បាញ ការខំសម្រេចគោលដៅផ្សេងៗក្នុងវិស័យនយោបាយ សង្គមកិច្ច ឬសេដ្ឋកិច្ច និងការគិតតែពីបំពេញក្ដីប៉ងប្រាថ្នារបស់ខ្លួនភ្លាមៗ សុទ្ធតែជាទង្វើដែលមិននាំឲ្យមានសុភមង្គលសោះឡើយ។ គ្មានអ្វីចម្លែកឡើយដែលមនុស្សខ្លះមានទស្សនៈដូចអ្នកនិពន្ធម្នាក់ដែលថា៖ «នៅពេលដែលយើងឈប់ស្វែងរកសុភមង្គល ពេលនោះយើងនឹងសប្បាយ!»។
គួរឲ្យចាប់អារម្មណ៍ដែរថា ការស្ទង់មតិដែលគេបានធ្វើដូចដែលបានរៀបរាប់នៅដើមអត្ថបទនេះក៏ឲ្យដឹងដែរថា មនុស្ស៤នាក់ក្នុង១០គិតថា សុភមង្គលមកពីការធ្វើល្អនិងការជួយអ្នកឯទៀត។ ហើយមនុស្សម្នាក់ក្នុង៤បានសង្កត់ធ្ងន់ថា ជំនឿសាសនាមានតួនាទីសំខាន់ក្នុងការមានសុភមង្គល។ ដូច្នេះ យកល្អយើងពិនិត្យមើលឲ្យបានដិតដល់នូវសំនួរថា តើត្រូវមានអ្វីដើម្បីឲ្យមានសុភមង្គលពិត? អត្ថបទបន្តបន្ទាប់នឹងជួយយើងពិចារណាឲ្យដឹងអំពីរឿងនេះ។
[រូបភាពនៅទំព័រ៣]
មនុស្សជាច្រើនគិតស្មានថា លុយ ជីវភាពគ្រួសារល្អ ឬអាជីពដែលរីកចំរើនជាគន្លឹះនៃសុភមង្គល តើអ្នកយល់ស្របទេ?