លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីអ្នកអាន

សំនួរពីអ្នកអាន

សំនួរ​ពី​អ្នក​អាន

ស្រប​ទៅ​តាម​បង្គាប់​ក្នុង​ព្រះ​គម្ពីរ​ដែល​ប្រាប់​អំពី​របៀប​ប្រើ​ឈាម​យ៉ាង​ត្រឹម​ត្រូវ​នោះ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រើ​ឈាម​របស់​ខ្លួន​ក្នុង​ការ​ព្យាបាល​ជំងឺ?

យក​ល្អ​ឲ្យ​ជន​គ្រីស្ទាន​ម្នាក់ៗ​គិត​ពិចារណា​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​ដែល​ចែង​ទុក​ក្នុង​ព្រះ​គម្ពីរ ជាជាង​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន ឬ​ដោយ​ធ្វើ​តាម​យោបល់​ពី​វេជ្ជបណ្ឌិត​ភ្លាមៗ​នោះ។ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​រវាង​ជន​គ្រីស្ទាន​ម្នាក់ៗ​និង​ព្រះ​យេហូវ៉ា។

យើង​ជំពាក់​ជីវិត​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​បាន​បង្គាប់​ថា កុំ​បរិភោគ​ឈាម​ឲ្យ​សោះ។ (លោកុប្បត្តិ ៩:៣, ៤) ក្រិត្យ​វិន័យ​ដែល​ព្រះ​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​នោះ បាន​ដាក់​ល័ក្ខខ័ណ្ឌ​លើ​ការ​ប្រើ​ឈាម ពីព្រោះ​ឈាម​តំណាង​ជីវិត។ ទ្រង់​បង្គាប់​ថា​៖ «ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា​សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង»។ ចុះ​យ៉ាង​ណា​បើ​មនុស្ស​សម្លាប់​សត្វ​សំរាប់​ជា​អាហារ? ព្រះ​បាន​មាន​បន្ទូល​ថា​៖ «ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ»។ * (លេវីវិន័យ ១៧:១១, ១៣) ព្រះ​យេហូវ៉ា​មាន​បន្ទូល​បង្គាប់​ដូច្នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ (ចោទិយកថា ១២:១៦, ២៤; ១៥:២៣) សៀវភៅ​មួយ​របស់​ជនជាតិ​យូដា​កត់​សម្គាល់​ថា​៖ «មិន​គួរ​ឲ្យ​ប្រមូល​ឈាម​ទុក​ឡើយ តែ​ត្រូវ​សំរក់​ឈាម​ចោល​ទៅ​លើ​ដី​ដើម្បី​លែង​មាន​លទ្ធភាព​បរិភោគ​ទៀត»។ (Soncino Chumash) ពួក​ជនជាតិ​អ៊ីស្រាអែល​មិន​មាន​សិទ្ធិ​ប្រមូល​ទុក​ឬ​ប្រើ​ឈាម​នៃ​សត្វ​ណា​មួយ​នោះ​ទេ ដ្បិត​ជីវិត​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះ។

តម្រូវ​ការ​ឲ្យ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ​បាន​មក​ដល់​ទី​បញ្ចប់​ពេល​ដែល​ព្រះមេស្ស៊ី​សោយទិវង្គត​នោះ។ ប៉ុន្តែ ទស្សនៈ​របស់​ព្រះ​ដែល​ថា ឈាម​មាន​ភាព​ពិសិដ្ឋ​នោះ គឺ​ដូច​គ្នា​នៅ​ឡើយ។ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​បាន​ជួយ​ជំរុញ​ពួក​សាវ័ក​ឲ្យ​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​គ្រីស្ទាន​ថា ពួក​គេ​ត្រូវ‹ចៀសវាង​ពី​ឈាម›។ ពួក​គេ​មិន​ត្រូវ​ចាត់​ទុក​បទ​បញ្ជា​នេះ​ជា​រឿង​ស្រាល​នោះ​ឡើយ។ បទ​បញ្ជា​នេះ​ជា​ច្បាប់​សីលធម៌​ដ៏​សំខាន់​ស្មើ​នឹង​ការ​ជៀសវាង​ពី​ការ​ថ្វាយបង្គំ​រូប​ព្រះ​ឬ​អំពើ​អសីលធម៌​ខាង​កាម​ដែរ។ (កិច្ចការ ១៥:២៨, ២៩; ២១:២៥) នៅ​ពេល​ដែល​ការ​ចាក់​បញ្ចូល​ឈាម​បាន​ក្លាយ​ជា​វិធី​ព្យាបាល​ធម្មតា​នៅ​សតវត្សរ៍​ទី២០​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​ជ្រាប​ភ្លាម​ថា ទង្វើ​នោះ​ប្រឆាំង​នឹង​ព្រះ​បន្ទូល​របស់​ព្រះ។ *

ក្នុង​ករណី​ត្រូវ​វះកាត់​នោះ ជួន​កាល​វេជ្ជបណ្ឌិត​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឲ្យ​មក​ប៉ុន្មាន​សប្ដាហ៍​មុន​ត្រូវ​វះកាត់ ដើម្បី​បូម​ឈាម​ខ្លះ​ពី​អ្នក​ជំងឺ​ទុក​បង្ការ។ ក្រោយ​មក បើ​អ្នក​ជំងឺ​ត្រូវ​ការ​ឈាម នោះ​វេជ្ជបណ្ឌិត​អាច​យក​ឈាម​ដែល​បាន​បូម​ទុក​បង្ការ​ជា​មុន​នោះ មក​ចាក់​បញ្ចូល​ឲ្យ​អ្នក​ជំងឺ​វិញ (បច្ចេកទេស​នេះ ភាសា​អង់គ្លេស​ហៅ​ថា preoperative autologous blood donation ឬ PAD ភាសា​បារាំង​ហៅ​ថា transfusion autologue différée ឬ TAD)។ ប៉ុន្តែ ការ​បូម​ឈាម​ទុក​បង្ការ​ទាំង​ការ​ចាក់​បញ្ចូល​ឈាម​របស់​ខ្លួន​វិញ​នោះ ជា​ទង្វើ​ដែល​ប្រាសចាក​ទាំង​ស្រុង​នូវ​អ្វី​ដែល​ចែង​ទុក​ក្នុង​សៀវភៅ​លេវីវិន័យ​និង​ចោទិយកថា។ យើង​មិន​អាច​ប្រមូល​ទុក​ឈាម​សោះ​ឡើយ តែ​ត្រូវ​សំរក់​ឈាម​ចោល ហាក់​ដូច​ជា​ថ្វាយ​ដល់​ព្រះ​វិញ។ ត្រូវ​មែន ក្រិត្យ​វិន័យ​ម៉ូសេ​មិន​មាន​សុពល​ភាព​សព្វថ្ងៃ​នេះ​ទេ តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គោរព​តាម​គោលការណ៍​ដែល​ពាក់ព័ន្ធ​ក្នុង​ក្រិត្យវិន័យ​ដែល​ព្រះ​ប្រទាន​ឲ្យ​នោះ ហើយ​ពួក​គាត់​ក៏​តាំង​ចិត្ត‹ចៀសវាង​ពី​ឈាម›ដែរ។ អាស្រ័យ​ហេតុ​នេះ​និង​ហេតុ​ដែល​ថា​គួរ​ឲ្យ​យើង​«សំរក់​ឈាម​ចោល​ចេញ»​នោះ ធ្វើ​ឲ្យ​យើង​ដឹង​ថា​យើង​មិន​អាច​បរិច្ចាគ​ឈាម​ឡើយ ហើយ​ក៏​មិន​បូម​ទុក​ឈាម​របស់​ខ្លួន​ដើម្បី​ចាក់​បញ្ចូល​វិញ​នៅ​ពេល​ក្រោយ​ដែរ។ ទង្វើ​នេះ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ។

រីឯ​វិធី​ព្យាបាល​ឯ​ទៀត ឬ​ការ​ពិនិត្យ​មើល​ឈាម​របស់​អ្នក​ជំងឺ នោះ​មិន​ច្បាស់​ថា​ប្រឆាំង​នឹង​គោលការណ៍​ពី​ព្រះ​ឡើយ។ ជា​ឧទាហរណ៍ ជន​គ្រីស្ទាន​ជា​ច្រើន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ពេទ្យ​បូម​ឈាម​ដើម្បី​ពិនិត្យ​មើល ដែល​ក្រោយ​មក ឈាម​នោះ​ត្រូវ​គេ​បោះ​ចោល​វិញ។ ប៉ុន្តែ វេជ្ជបណ្ឌិត​ប្រហែល​ជា​ចង់​ប្រើ​វិធី​សាស្ត្រ​ស្មុគស្មាញ​ជាង​នេះ​ទៅ​ទៀត ដែល​រួម​បញ្ចូល​ការ​ប្រើ​ប្រាស​ឈាម​របស់​អ្នក​ជំងឺ​ផ្ទាល់។

ជា​ឧទាហរណ៍ ក្នុង​ការ​វះកាត់​ខ្លះ​មាន​បច្ចេកទេស​ហៅ​ថា អេម៉ូឌីលុយស្យុង (ភាសា​បារាំង​សរសេរ​ថា hémodilution)។ មុន​ដំបូង គេ​ពង្វាង​ឈាម​ខ្លះ​ឲ្យ​ហូរ​ពី​អ្នក​ជំងឺ​ចូល​ទៅ​ក្នុង​ផ្លោក​ដោយ​មាន​ទុយយ៉ូ​នៅ​ជាប់​ខ្លួន​អ្នក​ជំងឺ។ បន្ទាប់​មក គេ​ចាក់​បញ្ចូល​សារ​ធាតុ​ទឹក​ទៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។ ក្រោយ​មក ឈាម​ដែល​បាន​ពង្វាង​ចូល​ទៅ​ក្នុង​ផ្លោក​ពី​មុន​នោះ គេ​បើក​ឲ្យ​ហូរ​ចូល​មក​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។ ទង្វើ​នេះ​អាច​ជួយ​បង្គ្រប់​ចំនួន​គោលិកា​ឈាម​ឲ្យ​មាន​ធម្មតា។ ស្រដៀង​គ្នា​ដែរ មាន​បច្ចេកទេស​ម្យ៉ាង​ទៀត ជា​ការ​បូម​យក​ឈាម​ដែល​ហូរ​ចេញ​ទៅ​ប្រើ​ម្ដង​ទៀត (បច្ចេកទេស​នេះ ភាសា​អង់គ្លេស​ហៅ​ថា cell salvage ភាសា​បារាំង​ហៅ​ថា récupération de sang épanché)។ នេះ​ជា​ការ​បូម​ឈាម​ដែល​ហូរ​ចេញ​ក្នុង​កំឡុង​ពេល​វះកាត់ ហើយ​ច្រោះ​ឈាម​នោះ​ដោយ​យក​តែ​គោលិកា​ក្រហម​រួច​ចាក់​បញ្ចូល​ឲ្យ​អ្នក​ជំងឺ​វិញ។ មាន​បច្ចេកទេស​ខុស​គ្នា​ទៀត ជា​ការ​ពង្វាង​ឈាម​ទៅ​ក្នុង​ឧបករណ៍​មួយ​ដែល​ធ្វើ​ការ​មួយ​រយៈ​ជំនួស​សរីរាង្គ (ដូច​ជា​បេះដូង សួត និង​តំរង​នោម​ជា​ដើម)។ រួច​មក ឈាម​ដែល​បាន​ពង្វាង​ចេញ​ដោយ​ឧបករណ៍​នោះ​បាន​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។ មាន​បច្ចេកទេស​ផ្សេង​ទៀត​ដែរ គឺ​ការ​ពង្វាង​ឈាម​ទៅ​ក្នុង​ម៉ាស៊ីន​ច្រោះ (ម៉ាស៊ីន​នេះ ភាសា​អង់គ្លេស​ហៅ​ថា centrifuge ភាសា​បារាំង​ហៅ​ថា centrifugeuse)។ ឧបករណ៍​នេះ​ជួយ​រំលែក​ផ្នែក​ផ្សេងៗ​នៃ​ឈាម ដើម្បី​កំចាត់​ចោល​នូវ​ផ្នែក​ដែល​ខូច​លែង​ប្រើ​កើត​ឬ​ដែល​អាច​បង្ក​គ្រោះថ្នាក់។ ជួន​កាល​គេ​ប្រើ​ឧបករណ៍​នេះ​ដើម្បី​ចែក​ដោយ​ឡែក​នូវ​ផ្នែក​ណា​មួយ​នៃ​ឈាម ដើម្បី​ប្រើ​ក្នុង​ការ​ព្យាបាល​ខ្លួន​អ្នក​ជំងឺ។ ហើយ​ក៏​មាន​ការ​ពិនិត្យ​ឈាម​បែប​ផ្សេងៗ​ដែរ ដែល​តម្រូវ​ឲ្យ​គេ​បូម​ឈាម​បន្ដិច ក្រោយ​មក​គេ​លាយ​បញ្ចូល​វត្ថុ​ធាតុ​ស្រអាប់​ចំពោះ​រស្មី​អ៊ិច ឬ​លាយ​បញ្ចូល​ថ្នាំ​ព្យាបាល រួច​មក​ចាក់​បញ្ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។

ប្រហែល​ជា​មាន​ចំណុច​ល្អិតល្អន់​ខុសៗ​គ្នា​ជា​ច្រើន​ទៀត ហើយ​នៅ​ពេល​អនាគត​ក៏​ច្បាស់​ជា​នឹង​មាន​បច្ចេកទេស វិធី​ព្យាបាល និង​ការ​ពិនិត្យ​ផ្សេងៗ​ថែម​ទៀត​ខាង​វេជ្ជសាស្ត្រ។ អ្នក​បោះពុម្ព​ទស្សនាវដ្ដី​នេះ​មិន​មាន​សិទ្ធិ​វិភាគ​មើល​វិធី​សាស្ត្រ​និមួយៗ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឡើយ។ តែ​ជន​គ្រីស្ទាន​ម្នាក់ៗ​ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​ថា តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ប្រើ​ឈាម​របស់​ខ្លួន​យ៉ាង​ណា ក្នុង​កំឡុង​វះកាត់ ការ​ព្យាបាល ឬ​ការ​ពិនិត្យ​ផ្សេងៗ​ខាង​វេជ្ជសាស្ត្រ។ មុន​នឹង​ទទួល​ការ​ព្យាបាល​នោះ យើង​ត្រូវ​សួរ​គ្រូ​ពេទ្យ​ឬ​អ្នក​បច្ចេកទេស ថា​តើ​លោក​នឹង​ប្រើ​ឈាម​របស់​យើង​យ៉ាង​ណា​ក្នុង​កំឡុង​ការ​ព្យាបាល​នោះ? រួច​មក យើង​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​ស្រប​ទៅ​តាម​មនសិការ​របស់​ខ្លួន។ (សូម​មើល​ប្រអប់)

បណ្ដា​គ្រីស្ទាន​គួរ​ចង​ចាំ​ថា យើង​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ហើយ​មាន​កាតព្វកិច្ច‹ស្រឡាញ់​ទ្រង់​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត›។ (លូកា ១០:២៧) ខុស​ប្លែក​ពី​មនុស្ស​ភាគ​ច្រើន​ក្នុង​លោកីយ៍​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់ទុក​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​ជា​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត។ ព្រះ​អង្គ​ដែល​ប្រទាន​ជីវិត ទ្រង់​ដាស់​តឿន​មនុស្ស​ទាំង​អស់​គ្នា​ឲ្យ​ទុកចិត្ត​លើ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​បង្ហូរ។ យើង​អាន​ថា «យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជបុត្រា[ព្រះ​យេស៊ូ​គ្រីស្ទ]នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់»។—អេភេសូរ ១:៧

[កំណត់​សម្គាល់]

^ វគ្គ 4 សាស្ដ្រាចារ្យហ្វ្រេង ហ្គមេន បាន​សរសេរ​ថា​៖ «យើង​អាច​យល់​យ៉ាង​ច្បាស់​ថា ការ​សំរក់​ឈាម​ចោល​នោះ ជា​ការ​លើក​កិត្ដិយស​ម្យ៉ាង​ដែល​សម្ដែង​នូវ​ការ​គោរព​ចំពោះ​ជីវិត​នៃ​សត្វ ហើយ​ការ​ធ្វើ​ដូច្នេះ​ជា​ការ​បង្ហាញ​នូវ​ចិត្ត​គោរព​ចំពោះ​ព្រះ​ដែរ ដោយសារ​ទ្រង់​ជា​អ្នក​បង្កើត​ហើយ​ក៏​ជា​អ្នក​ថែទាំ​ជីវិត​នោះ»។

^ វគ្គ 5 ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​១៩៥១ (ជា​ភាសា​អង់គ្លេស) បាន​ឆ្លើយ​សំនួរ​សំខាន់ៗ​អំពី​រឿង​ឈាម ដោយ​បង្ហាញ​នូវ​មូលហេតុ​ដែល​មិន​គួរ​ឲ្យ​ចាក់​បញ្ចូល​ឈាម​របស់​មនុស្ស​ដទៃ។

[ប្រអប់​នៅ​ទំព័រ​៣២]

សំនួរ​គួរ​សួរ​ខ្លួន​ឯង

ប្រសិន​បើ​គេ​ពង្វាង​ឈាម​ខ្លះ​ចេញ​ពី​រូប​កាយ​របស់​ខ្ញុំ ហើយ​ឈាម​នោះ​លែង​ហូរ​មួយ​រយៈ​នោះ តើ​មនសិការ​របស់​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ឈាម​នោះ​ជា​របស់​ខ្ញុំ​ទៀត​ឬ? បើ​ដូច្នេះ នេះ​បាន​ន័យ​ថា មិន​តម្រូវ​ឲ្យ​‹ចោល​ឈាម​នោះ​ចេញ›ទេ។

រីឯ​មនសិការ​ដែល​បាន​ត្រូវ​បង្វឹក​បង្វឺន​តាម​គោលការណ៍​ព្រះ​គម្ពីរ តើ​មនសិការ​របស់​ខ្ញុំ​នឹង​បន្ទោស​ខ្ញុំ​ឬ​ទេ បើ​ខ្ញុំ​ទទួល​ការ​ពិនិត្យ​ឈាម​ឬ​ការ​ព្យាបាល​ដែល​តម្រូវ​ឲ្យ​បូម​ឈាម​ខ្លះ​ចេញ ឲ្យ​គេ​កែប្រែ​លក្ខណៈ​នៃ​ឈាម​នោះ​ហើយ​ចាក់​បញ្ចូល​ទៅ​ក្នុង​ខ្លួន(ឬ​លាប​លើ​រូប)​ខ្ញុំ​នោះ?