លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះពិតជាយកព្រះទ័យទុកដាក់នឹងអ្នក

ព្រះពិតជាយកព្រះទ័យទុកដាក់នឹងអ្នក

ព្រះ​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក

នៅ​ពេល​ដែល​យើង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នោះ​ជា​ការ​ធម្មតា​ដែល​យើង​អធិស្ឋាន​ឲ្យ​ព្រះ​ជួយ។ យ៉ាង​ណា​មិញ ទ្រង់​ជា​ព្រះ​ដែល​«ធំ​ប្រសើរ ហើយ​មាន​ឫទ្ធានុភាព​ក្រៃលែង ឯ​ប្រាជ្ញា​ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំង​អស់»។ (ទំនុកដំកើង ១៤៧:៥) ទ្រង់​គឺ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​បំផុត​ដើម្បី​ជួយ​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​ប៉ុន្មាន​របស់​យើង។ បន្ថែម​ទៅ​ទៀត ព្រះ​គម្ពីរ​អញ្ជើញ​យើង​ឲ្យ​«ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់»។ (ទំនុកដំកើង ៦២:៨) បើ​ដូច្នេះ ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា ព្រះ​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​គេ? តើ​នេះ​បាន​ន័យ​ថា ទ្រង់​មិន​យក​ព្រះទ័យ​ទុក​ដាក់​ឬ?

ជាជាង​រហ័ស​នឹង​បន្ទោស​ព្រះ​នូវ​ហេតុ​ដែល​ទំនង​ថា​ព្រះ​មិន​តប​ឆ្លើយ​នោះ ចូរ​នឹក​ចាំ​ពី​ពេល​ដែល​អ្នក​ជា​កូន​ក្មេង។ នៅ​ពេល​ដែល​មាតា​បិតា​របស់​អ្នក​មិន​បាន​ធ្វើ​តាម​ការ​ទាមទារ​របស់​អ្នក​ភ្លាមៗ តើ​អ្នក​ធ្លាប់​ចោទ​ថា​ពួក​គាត់​ឥត​ស្រឡាញ់​អ្នក​ឬ​ទេ? កូន​ក្មេង​ជា​ច្រើន​បាន​ចោទ​ដូច្នេះ​មែន។ ប៉ុន្តែ ពេល​អ្នក​ធំ​ឡើង អ្នក​បាន​ដឹង​ថា សេចក្ដី​ស្រឡាញ់​ត្រូវ​បាន​សម្ដែង​តាម​របៀប​ផ្សេងៗជា​ច្រើន ឯ​ការ​ធ្វើ​តាម​សំណូម​ទាំង​អស់​របស់​ក្មេង គឺ​ពិត​ជា​មិន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​ទេ។

ដូច​នោះ​ដែរ ប្រសិន​បើ​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​តាម​របៀប​ដែល​យើង​ចង់​បាន នេះ​មិន​បាន​ន័យ​ថា ទ្រង់​ធ្វើ​ព្រងើយ​កន្តើយ​នឹង​យើង​នោះ​ទេ។ តាម​ការ​ពិត ព្រះ​បង្ហាញ​នូវ​ការ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​គ្រប់​គ្នា​តាម​របៀប​ជា​ច្រើន។

«យើង​មាន​ជីវិត . . . ដោយសារ​ព្រះ​អង្គ»

មុន​ដំបូង គឺ​ដោយសារ​ព្រះ ដែល​«យើង​មាន​ជីវិត មាន​ចលនា និង មាន​ភាវៈ​ជា​មនុស្ស»។ (កិច្ចការ ១៧:២៨, ខ.ស.) ព្រះ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត នេះ​បង្ហាញ​យ៉ាង​ប្រាកដ​នូវ​ព្រះទ័យ​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង!

បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​បន្ត​រស់​នៅ។ យើង​អាន​ថា៖ «ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក»។ (ទំនុកដំកើង ១០៤:១៤) តាម​ការ​ពិត ព្រះ​ដែល​ជា​អ្នក​បង្កើត​មិន​គ្រាន់​តែ​ប្រទាន​នូវ​របស់​ចាំបាច់​ចំពោះ​ជីវិត​នោះ​ទេ។ ដោយ​ព្រះទ័យ​សប្បុរស ទ្រង់​ប្រទាន​ឲ្យ​«ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ»។—កិច្ចការ ១៤:១៧

ក៏​ប៉ុន្តែ មនុស្ស​ខ្លះ​អាច​ឆ្ងល់​ថា៖ ‹បើ​ព្រះ​ស្រឡាញ់​យើង​ដល់​ម្ល៉េះ ហេតុ​អ្វី​ក៏​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​រង​ការ​ឈឺចាប់?›។ តើ​អ្នក​ដឹង​នូវ​ចម្លើយ​ចំពោះ​សំនួរ​នេះ​ឬ​ទេ?

តើ​យើង​ត្រូវ​បន្ទោស​ព្រះ​ឬ?

ការ​រង​ទុក្ខ​វេទនា​ជា​ច្រើន​ដែល​មនុស្ស​មាន គឺ​ដោយសារ​តែ​ការ​ដែល​គេ​ប្រព្រឹត្ត​ខ្លួន​ឯង។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ដឹង​អំពី​ការ​ប្រព្រឹត្ត​ដែល​ងាយ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់។ ក៏​ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ឬ​ក៏​ប្រើ​ថ្នាំ​ផ្សេង​ទៀត​តាម​របៀប​ផ្ដេសផ្ដាស ប្រើ​ប្រាស់​ថ្នាំ​ជក់ និង​លេង​កីឡា​ដែល​ប្រថុយ​ជីវិត និង​បើកបរ​លឿន​ហួស​ពេក​ជា​ដើម។ ប្រសិន​បើ​ការ​ប្រថុយ​ប្រថាន​បែប​នេះ​នាំ​ឲ្យ​យើង​រង​ការ​ឈឺចាប់ តើ​ជា​កំហុស​របស់​អ្នក​ណា? កំហុស​របស់​ព្រះ​ឬ​ក៏​ជា​កំហុស​របស់​បុគ្គល​ដែល​ប្រព្រឹត្ត​ដោយ​ឥត​ប្រាជ្ញា​នោះ​វិញ? ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ»។—កាឡាទី ៦:៧

ក្រៅ​ពី​នេះ មនុស្ស​ជាតិ​តែង​តែ​ធ្វើ​បាប​គ្នា។ នៅ​ពេល​ដែល​សាសន៍​មួយ​ប្រកាស​សង្គ្រាម នោះ​ព្រះ​ប្រាកដ​ជា​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​រង​ទុក្ខ​វេទនា ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​នោះ​ទេ។ នៅ​ពេល​ដែល​ឧក្រិដ្ឋ​ជន​ពាធា​មនុស្ស​គ្នីគ្នា តើ​ព្រះ​ជា​អ្នក​ទទួល​ខុសត្រូវ ចំពោះ​អ្នក​រង​របួស​ឬ​ក៏​ស្លាប់​ទៅ​នោះ​ឬ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! នៅ​ពេល​ដែល​អ្នក​ប្រើ​អំណាច​ផ្ដាច់ការ​ជិះជាន់​មនុស្ស ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​ដែល​នៅ​ក្រោម​អំណាច​របស់​ខ្លួន តើ​យើង​ត្រូវ​បន្ទោស​ព្រះ​ឬ​ទេ? បើ​យើង​ធ្វើ​ដូច្នេះ គឺ​ពិត​ជា​មិន​សម​ហេតុ​ផល​ឡើយ។—សាស្ដា ៨:៩

ចុះ​យ៉ាង​ណា​វិញ ចំពោះ​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​ក្នុង​សភាព​ក្រ​តោកយ៉ាក ឬ​អស់​អ្នក​ដែល​ស្លាប់​ដោយ​អត់​អាហារ​នោះ? តើ​ជា​កំហុស​របស់​ព្រះ​ឬ​ទេ? អត់​ទេ! ផែនដី​បង្កើត​ម្ហូបអាហារ​យ៉ាង​បរិបូរ​សំរាប់​មនុស្ស​គ្រប់​គ្នា។ (ទំនុកដំកើង ១០:២, ៣; ១៤៥:១៦) គឺ​ដោយសារ​ការ​ចែក​ចាយ​ដែល​មិន​ស្មើ​គ្នា​នូវ​អាហារ​ដែល​ព្រះ​ប្រទាន​ឲ្យ ដែល​នាំ​ឲ្យ​មាន​ភាព​អត់​ឃ្លាន​និង​ភាព​ក្រីក្រ​ពាស​ពេញ។ ដោយសារ​មនុស្ស​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​ដែល​ពុំ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

បុព្វ​ហេតុ​ចំ​បង

នៅ​ពេល​បុគ្គល​ម្នាក់​ឈឺ​ឬ​ស្លាប់​ដោយ​អាយុ​ចាស់​ជរា តើ​ជា​កំហុស​របស់​អ្នក​ណា? តើ​អ្នក​ភ្ញាក់ផ្អើល​ទេ ដោយ​ដឹង​ថា​នេះ​មិន​មែន​ជា​កំហុស​របស់​ព្រះ​នោះ? ព្រះ​មិន​បាន​បង្កើត​មនុស្ស​ជាតិ​ឲ្យ​ទៅ​ជា​ចាស់​ជរា​ហើយ​ស្លាប់​នោះ​ទេ។

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​មនុស្ស​ដំបូង​គឺ​អ័ដាម​និង​អេវ៉ា​ក្នុង​សួនច្បារ​អេដែន នោះ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គាត់​នូវ​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ យ៉ាង​ណា​ក៏​ដោយ ទ្រង់​ចង់​ឲ្យ​មនុស្ស​រស់​នៅ​លើ​ផែនដី ដោយ​មាន​ចិត្ត​អបអរ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ទទួល។ ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ដាក់​លក្ខខណ្ឌ​ខ្លះៗចំពោះ​ជីវិត​នៅ​ខាង​មុខ​របស់​ពួក​គេ។ អ័ដាម​និង​អេវ៉ា​អាច​រស់​នៅ​ក្នុង​សួន​មនោរម្យ​បាន​ឲ្យ​តែ​ពួក​គេ​បន្ត​ស្ដាប់​បង្គាប់​តាម​ព្រះ​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—លោកុប្បត្តិ ២:១៧; ៣:២, ៣, ១៧​-​២៣

គួរ​ឲ្យ​ស្ដាយ​មែន អ័ដាម​និង​អេវ៉ា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ អេវ៉ា​បាន​សម្រេច​ចិត្ត​ស្ដាប់​តាម​អារក្ស​សាតាំង​វិញ។ វា​បាន​កុហក​នាង ហើយ​តាម​ពិត​បាន​និយាយ​ថា​ព្រះ​បាន​លាក់​នូវ​អ្វី​ដ៏​ល្អ​ពី​នាង។ ដូច្នេះ នាង​បាន​ចាប់​ផ្ដើម​រក​ផ្លូវ​ឯក​រាជ្យ និង​ប៉ុនប៉ង​ឲ្យ​«បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង»។ អ័ដាម​ក៏​បាន​បះបោរ​ដូច​នាង​ដែរ។—លោកុប្បត្តិ ៣:៥, ៦

នៅ​ពេល​ដែល​អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ ពួក​គេ​បង្ហាញ​ថា​ខ្លួន​ពុំ​សម​រស់​នៅ​ជា​រៀង​រហូត​ឡើយ។ ពួក​គេ​បាន​ពិសោធន៍​នូវ​លទ្ធផល​នៃ​បាប​របស់​ខ្លួន។ កម្លាំង​របស់​គេ​ត្រូវ​ចុះ​ថយ ជា​យថាហេតុ​ពួក​គេ​ត្រូវ​ស្លាប់។ (លោកុប្បត្តិ ៥:៥) យ៉ាង​ណា​ក៏​ដោយ ការ​បះបោរ​របស់​ពួក​គេ​មិន​គ្រាន់​តែ​ទទួល​លទ្ធផល​ប៉ុណ្ណឹង​ទេ គឺ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ យើង​ទាំង​អស់​គ្នា​រង​ការ​ឈឺចាប់​ក៏​ដោយសារ​តែ​អំពើ​បាប​របស់​អ័ដាម​និង​អេវ៉ា។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយសារ​មនុស្ស​តែ​ម្នាក់[អ័ដាម] ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ (រ៉ូម ៥:១២) ដោយសារ​ការ​បះបោរ​របស់​អ័ដាម​និង​អេវ៉ា នោះ​បាប​និង​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាតិ​ទាំង​អស់​ដូច​ជា​មេ​រោគ​ដែល​បង្ក​ឲ្យ​ស្លាប់។

ភស្តុតាង​ដែល​នាំ​ឲ្យ​ជឿជាក់​ថា​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់

តើ​នោះ​បាន​ន័យ​ថា មនុស្ស​ដែល​ជា​ការ​បង្កើត​របស់​ព្រះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​អចិន្ត្រៃយ៍​ឬ​ទេ? គឺ​អត់​ទេ! ហើយ​យើង​មាន​ភស្តុតាង​ដែល​នាំ​ឲ្យ​ជឿជាក់​ថា​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​មែន។ ទោះ​ជា​ទ្រង់​បាន​ពលិ​អង្គ​ទ្រង់​ច្រើន​ក្ដី ព្រះ​បាន​ប្រទាន​នូវ​ខ្សែ​រយៈ​ដើម្បី​រំដោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ តម្លៃ​នៃ​ការ​រំដោះ​នោះ​គឺ​ព្រះ​ជន្ម​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​សព្វ​ព្រះទ័យ​បូជា​ប្រយោជន៍​ឲ្យ​យើង​គ្រប់​គ្នា។ (រ៉ូម ៣:២៤) ហេតុ​ដូច្នេះ​ហើយ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហាន ៣:១៦) ដោយសារ​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ យើង​ក៏​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​ម្ដង​ទៀត​ដែរ។ ប៉ុល​បាន​សរសេរ​ទៅ​គ្រីស្ទាន​នៅ​រ៉ូម​ថា៖ «ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយសារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ»។—រ៉ូម ៥:១៨

យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​គ្រា​កំណត់​របស់​ព្រះ នោះ​នឹង​លែង​មាន​ការ​រង​ទុក្ខ​វេទនា​ឬ​សេចក្ដី​ស្លាប់​នៅ​លើ​ផែនដី​នេះ​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ នឹង​មាន​ស្ថានការណ៍​ដូច​បាន​ឃើញ​ក្នុង​សៀវភៅ​វិវរណៈ ដែល​ចែង​ថា៖ «មើល​រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:៣, ៤) អ្នក​ប្រហែល​ជា​និយាយ​ថា៖ ‹ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ ទំរាំ​រឿង​នេះ​កើត​ឡើង​នោះ›។ យ៉ាង​ណា​ក៏​ដោយ ហេតុ​ការណ៍​ពិត​គឺ​អ្នក​អាច​នៅ​រស់ ហើយ​សូម្បី​តែ​អ្នក​ស្លាប់ ក៏​ព្រះ​អាច​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ (យ៉ូហាន ៥:២៨, ២៩) នោះ​ហើយ​ជា​គោល​បំណង​របស់​ព្រះ​ចំពោះ​យើង ហើយ​នោះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ជាក់​ជា​ពុំ​ខាន។ គឺ​ពិត​ជា​ខុស​ឆ្ងាយ​ណាស់​ដោយ​និយាយ​ថា​ព្រះ​មិន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​មនុស្ស​ជាតិ​នោះ!

«[ចូរ]ចូល​ទៅ​ជិត​ព្រះ»

យើង​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ដោយ​ដឹង​ថា ព្រះ​បាន​ចាប់​ផ្ដើម​រក​ដំណោះ​ស្រាយ​ជា​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​របស់​មនុស្ស​ជាតិ។ ចុះ​យ៉ាង​ណា​វិញ ចំពោះ​សព្វ​ថ្ងៃ​នេះ? តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​មាន​បងប្អូន​ជា​ទី​ស្រឡាញ់​ស្លាប់​ឬ​កូន​ធ្លាក់​ខ្លួន​ឈឺ​នោះ? គ្រា​កំណត់​របស់​ព្រះ​ក្នុង​ការ​ធ្វើ​ឲ្យ​លែង​មាន​ជំងឺ​និង​សេចក្ដី​ស្លាប់ ពុំ​ទាន់​មក​ដល់​នោះ​ទេ។ ព្រះ​គម្ពីរ​បង្ហាញ​ថា​យើង​ត្រូវ​តែ​រង់ចាំ​បន្ដិច​ទៀត​ដើម្បី​ឲ្យ​បាន​ដោះស្រាយ​រឿង​នេះ។ ប៉ុន្តែ ព្រះ​មិន​បាន​បោះបង់​យើង​ចោល​ទេ។ យ៉ាកុប​ជា​សិស្ស​ម្នាក់​បាន​ពោល​ថា៖ «[ចូរ]ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ាកុប ៤:៨) ពិត​ហើយ ព្រះ​ជា​អ្នក​បង្កើត​យើង​ទ្រង់​អញ្ជើញ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់ ហើយ​អស់​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់​រមែង​ទទួល​ការ​គាំទ្រ​ពី​ទ្រង់ ទោះ​ជា​យើង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក៏​ដោយ។

តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច? ស្តេច​ដាវីឌ​បាន​សួរ​សំនួរ​ដូច​នេះ​ជិត​បី​ពាន់​ឆ្នាំ​មក​ហើយ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! . . . តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន?»។ (ទំនុកដំកើង ១៥:១) ស្តេច​ដាវីឌ​បាន​ឆ្លើយ​សំនួរ​នោះ​ពេល​ទ្រង់​មាន​បន្ទូល​ថា៖ «គឺ​ជា​អ្នក​ណា​ដែល​ដើរ​ដោយ​ទៀងត្រង់ ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្ដាត ឬ​ធ្វើ​អាក្រក់​ដល់​មិត្រ​សំឡាញ់»។ (ទំនុកដំកើង ១៥:២,៣) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​ស្វាគមន៍​អស់​អ្នក​ដើរ​តាម​មាគ៌ា ដែល​អ័ដាម​និង​អេវ៉ា​បាន​បដិសេធ។ ទ្រង់​នឹង​ចូល​ទៅ​ជិត​អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។—ចោទិយកថា ៦:២៤, ២៥; យ៉ូហានទី១ ៥:៣

តើ​យើង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​រៀន​អំពី​អ្វី​ដែល​«ល្អ ហើយ​គាប់​ព្រះ​ហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង» រួច​មក សម្រេច​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​នោះ។ (ធីម៉ូថេទី១ ២:៣) នេះ​តម្រូវ​ឲ្យ​ក្រេប​យក​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ព្រះ​គម្ពីរ។ (យ៉ូហាន ១៧:៣; ធីម៉ូថេទី២ ៣:១៦, ១៧) ការ​អាន​ព្រះ​គម្ពីរ​ដោយ​ថើៗ​គឺ​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវ​តែ​យក​តម្រាប់​តាម​មនុស្ស​នៅ​សតវត្សរ៍​ទី​មួយ​នៅ​ស្រុក​បេរា​ដែល​បាន​ឮ​ការ​ផ្សព្វផ្សាយ​របស់​ប៉ុល។ យើង​អាន​អំពី​ពួក​គេ​ថា៖ «គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ​បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ»។—កិច្ចការ ១៧:១១

សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ផ្ចិតផ្ចង់​នឹង​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ ហើយ​ជួយ​យើង​ឲ្យ​បណ្ដុះ​នូវ​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។ (ហេព្រើរ ១១:៦) នេះ​ក៏​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​ព្រះ​ប្រព្រឹត្ត​ជា​មួយ​មនុស្ស​ជាតិ មិន​គ្រាន់​តែ​ដើម្បី​ប្រយោជន៍​ដែល​មាន​តែ​រយៈ​ពេល​ខ្លី​នោះ​ទេ ប៉ុន្តែ​ឲ្យ​មាន​ប្រយោជន៍​ទៅ​អនាគត​ដ៏​យូរ​អង្វែង​វិញ​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ល្អ​ត្រឹម​ត្រូវ។

ចូរ​ពិនិត្យ​មើល​នូវ​ពាក្យ​របស់​ជន​គ្រីស្ទាន​ខ្លះ​ដែល​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ ដានីអិល​ដែល​មាន​អាយុ​១៦​ឆ្នាំ​ពោល​ថា៖ «ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ណាស់ ខ្ញុំ​មាន​របស់​ច្រើន​ណាស់​ក្នុងការ​ថ្លែង​អំណរគុណ​ដល់​ទ្រង់។ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​មាតា​បិតា​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ហើយ​ជា​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ព្រះ និង​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ទ្រង់»។ ជន​គ្រីស្ទាន​ម្នាក់​នៅ​ប្រទេស​អ៊ុយ​រុយ​ហ្គា​យស​រសេរ​ថា៖ «ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​ជំរុញ​ខ្ញុំ​ឲ្យ​ថ្លែង​អំណរគុណ​នូវ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល និង​មិត្តភាព​របស់​ទ្រង់»។ ព្រះ​ក៏​ស្វាគមន៍​ក្មេងៗដែរ។ កាព្រីអិឡា​ដែល​មាន​អាយុ​ប្រាំ​ពីរ​ឆ្នាំ​ពោល​ថា៖ «ខ្ញុំ​ស្រឡាញ់​ព្រះ​ជាង​អ្វីៗទាំង​អស់​ក្នុង​ពិភពលោក​ទាំង​មូល! ខ្ញុំ​មាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​មួយ​ក្បាល។ ខ្ញុំ​ចូល​ចិត្ត​រៀន​អំពី​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់»។

សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​យល់​ស្រប​ទាំង​ស្រុង​នឹង​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុកដំកើង ដែល​បាន​ពោល​ថា៖ «ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ»។ (ទំនុកដំកើង ៧៣:២៨) ពួក​គាត់​ត្រូវ​បាន​ទទួល​ជំនួយ​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​គេ​មាន​សព្វ​ថ្ងៃ ហើយ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ប្រាកដ​ចំពោះ​ការ​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ (ធីម៉ូថេទី១ ៤:៨) ចូរ​អ្នក​មាន​គោល​បំណង«ចូល​ទៅ​ជិត​ព្រះ»ចុះ! ប្រាកដ​ហើយ យើង​ត្រូវ​បាន​ធានា​រ៉ាប់​រង​ថា៖ «ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ»ទេ។ (កិច្ចការ ១៧:២៧) មែន​ហើយ ព្រះ​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក!

[រូបភាព​នៅ​ទំព័រ​៥]

ព្រះ​យេហូវ៉ា​សម្ដែង​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​តាម​របៀប​ផ្សេងៗ

[រូបភាព​នៅ​ទំព័រ​៧]

សូម្បី​តែ​កូន​ក្មេង ក៏​អាច​ចូល​ទៅ​ជិត​ព្រះ​ដែរ

[រូបភាព​នៅ​ទំព័រ​៧]

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ចេះ​ស៊ូទ្រាំ។ ដល់​ពេល​កំណត់ ទ្រង់​នឹង​ដក​ចេញ​ជំងឺ​និង​សេចក្ដី​ស្លាប់