លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅលេវីវិន័យ

គោលសំខាន់ៗពីសៀវភៅលេវីវិន័យ

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​លេវីវិន័យ

គឺ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ទេ​តាំង​តែ​ពី​ជនជាតិ​អ៊ីស្រាអែល​ត្រូវ​រំដោះ​ពី​សេវកភាព​នៅ​ស្រុក​អេស៊ីបនោះ។ ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន ក្រោយ​ពី​បាន​រៀប​ចំ​ជា​សាសន៍​ថ្មី។ ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​សាសន៍​បរិសុទ្ធ​មួយ​រស់​នៅ​កន្លែង​នោះ។ យ៉ាង​ណា​ក៏​ដោយ ជីវភាព​រស់​នៅ​និង​ទម្លាប់​សាសនា​របស់​ពួក​កាណាន​គឺ​ស្មោកគ្រោក​ថោកទាប​ណាស់។ ដូច្នេះ ព្រះ​ពិតបាន​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​ក្រុមជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដើម្បី​ញែក​ពួក​គេ​ដោយ​ឡែក​សំរាប់​ការ​បំរើ​ទ្រង់។ ក្រឹត្យ​វិន័យ​ទាំង​នេះ​ត្រូវ​បាន​កត់​ទុក​ក្នុង​សៀវភៅ​លេវីវិន័យ។ ព្យាការី​ម៉ូសេ​បាន​សរសេរ​សៀវភៅ​នេះ​នៅ​ទីរហោស្ថាន​នៃ​ភ្នំ​ស៊ីណាយ ហើយ​តាម​មើល​ទៅ​ក្នុង​ឆ្នាំ​១៥១២​មុន​ស.យ.។ សៀវភៅ​នេះ​រៀប​រាប់​អំពី​ប្រវត្ដិសាស្ត្រ​សាសន៍​អ៊ីស្រាអែល​ដែល​មាន​រយៈ​មិន​ច្រើន​ជាង​មួយ​ខែ​តាម​ចន្ទគតិ។ (និក្ខមនំ ៤០:១៧; ជនគណនា ១:១​-​៣) ព្រះ​យេហូវ៉ា​ដាស់​តឿន​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ខំ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។—លេវីវិន័យ ១១:៤៤; ១៩:២; ២០:៧, ២៦

សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​មក​តាម​រយៈ​ម៉ូសេ​នោះ​ទេ។ ក្រឹត្យ​វិន័យ​នោះ​ត្រូវ​បាន​លុប​ចោល​ពេល​ព្រះ​យេស៊ូ​បាន​សោយទិវង្គត។ (រ៉ូម ៦:១៤; អេភេសូរ ២:១១​-​១៦) យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​ប្រយោជន៍​ពី​ក្រឹត្យ​វិន័យ​ដែល​មាន​ក្នុង​សៀវភៅ​លេវីវិន័យ ដែល​បង្រៀន​យើង​យ៉ាង​ច្រើន​អំពី​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។

ដង្វាយ​បរិសុទ្ធ​ពីរ​យ៉ាង មួយ​ថ្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​និង​មួយ​ជា​កាតព្វកិច្ច

(លេវីវិន័យ ១:១​–​៧:៣៨)

នៅ​ក្នុង​ក្រឹត្យ​វិន័យ​មាន​ដង្វាយ​និង​យញ្ញបូជា​ខ្លះ​ដែល​ត្រូវ​ថ្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ខ្លះ​ទៀត​ជា​ដង្វាយ​ដែល​បុគ្គល​ម្នាក់​មាន​កាតព្វកិច្ច​ត្រូវ​ថ្វាយ។ ជា​ឧទាហរណ៍ ដង្វាយ​ដុត​គឺ​ថ្វាយ​ដោយ​ស្ម័គ្រ​ចិត្ត។ គ្រប់​ផ្នែក​នៃ​ដង្វាយ​នេះ​ត្រូវ​ថ្វាយ​ជូន​ព្រះ ក៏​ដូច​ជា​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សព្វព្រះទ័យ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ជា​យញ្ញបូជា​លោះ​ដែរ។ យញ្ញបូជា​សំរាប់​ដង្វាយ​មេត្រី​គឺ​ជា​ដង្វាយ​ដែល​ចែក​គ្នា​បរិភោគ។ មួយ​ផ្នែក​នៃ​ដង្វាយ​នេះ​ត្រូវ​បាន​ដាក់​លើ​អាសនៈ​ថ្វាយ​ជូន​ព្រះ មួយ​ផ្នែក​ទៀត​ត្រូវ​ឲ្យ​សង្ឃ​ទទួល​ទាន ហើយ​អ្នក​ថ្វាយ​ក៏​ទទួល​ទាន​មួយ​ផ្នែក​ទៀត​ដែរ។ ស្រដៀង​គ្នា​ដែរ ចំពោះ​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង នោះ​ពិធី​បុណ្យ​រំឭក​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ​ក៏​ជា​ដង្វាយ​ដែល​ត្រូវ​ចែក​គ្នា​បរិភោគ​ដែរ។—កូរិនថូសទី១ ១០:១៦​-​២២

ដង្វាយ​លោះ​បាបនិង​ដង្វាយ​សំរាប់​ការ​រំលង គឺ​ជា​ដង្វាយ​ដែល​បុគ្គល​ម្នាក់​មាន​កាតព្វកិច្ច​ត្រូវ​ថ្វាយ។ ដង្វាយ​លោះ​បាបគឺ​ត្រូវ​ថ្វាយ​ដើម្បី​ធួន​នឹង​អំពើ​រំលង​ច្បាប់​ដោយ​កំហុស​ឬ​ដោយ​អចេតនា។ ដង្វាយ​សំរាប់​ការ​រំលង​គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ស្ងប់​ព្រះទ័យ នៅ​ពេល​អ្នក​ប្រព្រឹត្ត​អំពើ​បាប​បាន​រំលោភ​សិទ្ធិ​របស់​អ្នក​ឯទៀត ឬ​ក៏​ដើម្បី​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដែល​បាន​ប្រែ​ចិត្ត​ទទួល​សិទ្ធិ​ខ្លះៗ​វិញ ឬ​មួយ​ក៏​សំរាប់​បំណង​ទាំង​ពីរ​តែ​ម្ដង។ ដង្វាយ​ម្សៅ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​សំវិធានការ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា។ ដង្វាយ​ទាំង​នេះ​គឺ​ជា​ទី​ចាប់​អារម្មណ៍​ចំពោះ​យើង ពីព្រោះ​យញ្ញបូជា​ដែល​ត្រូវ​បាន​បង្គាប់​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​សំដៅ​ទៅ​ព្រះយេស៊ូ​គ្រីស្ទ​និង​យញ្ញបូជា​របស់​ទ្រង់ ឬ​ប្រយោជន៍​ដែល​ទទួល​ពី​យញ្ញបូជា​របស់​ព្រះ​យេស៊ូ។—ហេព្រើរ ៨:៣​-​៦; ៩:៩​-​១៤; ១០:៥​-​១០

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២:១១, ១២—ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​យល់​ព្រម​នឹង​ទឹក​ឃ្មុំ​ដែល​«ទុក​ជា​ដង្វាយ​ដុត»? ទឹក​ឃ្មុំ​ដែល​បាន​រៀប​រាប់​នៅ​ទី​នេះ​គឺ​មិន​សំដៅ​ទៅ​ទឹក​ឃ្មុំ​ដែល​មាន​មក​ពី​ឃ្មុំ​នោះ​ទេ។ ទោះ​ជា​មិន​អនុញ្ញាតឲ្យ​«ទុក​ជា​ដង្វាយ​ដុត»​ក៏​ដោយ ទឹក​ឃ្មុំ​ដែល​ត្រូវ​បាន​រៀប​រាប់​នៅ​ទីនេះ​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​«ផល​ដំបូង . . . ពី​ផល​នៃ​ចំការ»។ (របាក្សត្រទី២ ៣១:៥) តាម​មើល​ទៅ ពាក្យ​ថា​ទឹក​ឃ្មុំ​នេះ​គឺ​ជា​ទឹក​ឬ​ស៊ីរ៉ូប៍​ដែល​ចំរាញ់​ពី​ផ្លែ​ឈើ។ ដោយសារ​ទឹក​ឃ្មុំ​នេះ​អាច​ទៅ​ជា​ជូរ​ឬ​ដុះ​ផ្សិត គឺ​មិន​ត្រឹម​ត្រូវ​ឲ្យ​ថ្វាយ​លើ​អាសនៈ​ទេ។

២:១៣—ហេតុ​អ្វី​ក៏​ត្រូវ​បង់​អំបិល​«ក្នុង​គ្រប់​ទាំង​ដង្វាយ»? នេះ​គឺ​មិន​មែន​ដើម្បី​ឲ្យ​យញ្ញបូជា​មាន​រសជាតិ​នោះ​ទេ។ នៅ​ជុំវិញ​ផែនដី អំបិល​ត្រូវ​ប្រើ​ដើម្បី​បង្ការ​កុំ​ឲ្យ​ខូច​ឬ​រលួយ។ អំបិល​គឺ​មាន​ក្នុង​គ្រប់​ទាំង​ដង្វាយ ប្រហែល​ជា​តំណាង​ការ​រួច​ផុត​ពី​ការ​ពុក​រលួយ។

មេ​រៀន​សំរាប់​យើង:

៣:១៧: ដោយសារ​ខ្លាញ់​បាន​ចាត់​ទុក​ជា​ផ្នែក​ល្អ​បំផុត នោះ​ការ​ហាម​បរិភោគ​ខ្លាញ់​គឺ​ដើម្បី​ឲ្យ​ពួក​អ៊ីស្រាអែល​ចាំ​ជាប់​ក្នុង​ចិត្ត​ថា របស់​ដ៏​ល្អ​បំផុត​គឺ​ជា​របស់​ព្រះ​យេហូវ៉ា។ (លោកុប្បត្តិ ៤៥:១៨) នេះ​រំឭក​យើង​ថា​យើង​គួរ​ថ្វាយ​របស់​ដ៏​ល្អ​បំផុត​ជូន​ព្រះ​យេហូវ៉ា។—សុភាសិត ៣:៩, ១០; កូល៉ុស ៣:២៣, ២៤

៧:២៦, ២៧: ជនជាតិ​អ៊ីស្រាអែល​មិន​ត្រូវ​បរិភោគ​ឈាម​ទេ។ តាម​ទស្សនៈ​របស់​ព្រះ ឈាម​តំណាង​ជីវិត។ លេវីវិន័យ ១៧:១១ ចែង​ថា​៖ «ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម»។ សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​ក៏​តម្រូវ​ឲ្យ​ជៀសវាង​ពី​ឈាម​ដែរ។—កិច្ចការ ១៥:២៨, ២៩

គណៈ​សង្ឃ បរិសុទ្ធ​ត្រូវ​បាន​បង្កើត

(លេវីវិន័យ ៨:១​–​១០:២០)

តើ​អ្នក​ណា​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ភារ​កិច្ច​ផ្សេងៗ​ដែល​ទាក់​ទង​យញ្ញបូជា​និង​ដង្វាយ? ភារ​កិច្ច​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សង្ឃ។ ម៉ូសេ​បាន​ធ្វើ​ពិធី​តែងតាំង​អើរ៉ុន​ជា​សម្ដេច​សង្ឃ និង​កូន​បួន​នាក់​របស់​គាត់​ត្រូវ​បំរើ​ជា​អនុ​សង្ឃ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ។ តាម​មើល​ទៅ ពិធី​បុណ្យ​នេះ​ធ្វើ​អស់​ប្រាំ​ពីរ​ថ្ងៃ ហើយ​គណៈ​សង្ឃ​ចាប់​ផ្ដើម​មាន​ដំណើរ​ការ​នៅ​ថ្ងៃ​បន្ទាប់។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

៩:៩—តើ​ការ​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនៈ​និង​យក​ឈាម​ទៅ​ប្រឡាក់​លើ​វត្ថុ​ផ្សេងៗ​មាន​សារៈ​សំខាន់​យ៉ាង​ណា? នេះ​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ទទួល​ឈាម​សំរាប់​ការ​ធួន​បាប។ ពិធី​ធួន​បាប​ទាំង​អស់​មាន​មូលដ្ឋាន​លើ​ឈាម។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «តាម​ក្រិត្យ​វិន័យ​សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាតដោយសារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ»។—ហេព្រើរ ៩:២២

១០:១, ២—តើ​អំពើ​បាប​របស់​ណាដាប​និង​អ័ប៊ីហ៊ូវ​ដែល​ជា​កូន​របស់​អើរ៉ុន ប្រហែល​ជា​ទាក់ទង​នឹង​រឿង​អ្វី? មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ណាដាប​និង​អ័ប៊ីហ៊ូវ​បាន​ប្រកប​ភារ​កិច្ច​សង្ឃ​ដោយ​មិន​ត្រឹម​ត្រូវ នោះ​ព្រះ​យេហូវ៉ា​ក៏​បាន​ហាម​សង្ឃ​ប្រើ​ស្រា​ទំពាំង​បាយ​ជូរ​ឬ​គ្រឿង​ស្រវឹង​ក្នុង​កាល​បំរើ​មុខ​ងារ​ក្នុង​រោង​ឧបោសថ។ (លេវីវិន័យ ១០:៩) នេះ​បង្ហើប​ឲ្យ​ដឹង​ថា កូន​ប្រុស​ទាំង​ពីរ​របស់​អើរ៉ុន​ប្រហែល​ជា​បាន​ផឹក​គ្រឿងស្រវឹង​នៅ​ក្នុង​កាលៈទេសៈ​ដែល​រៀប​រាប់​ខាង​លើ​នេះ។ យ៉ាង​ណា​ក៏​ដោយ មូលហេតុ​ពិត​ដែល​ពួក​គេ​ត្រូវ​ស្លាប់ គឺ​ដោយសារ​ពួក​គេ​យក​«ភ្លើង​ដទៃ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ឥត​បាន​បង្គាប់​ឡើយ»។

មេ​រៀន​សំរាប់​យើង:

១០:១, ២: សព្វ​ថ្ងៃ​នេះ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ដែល​ទទួល​ខុសត្រូវ​គួរ​តែ​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​មិន​ត្រូវ​បំពាន​សិទ្ធិ​ក្នុង​កាល​ដែល​ពួក​គេ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន។

១០:៩: ពេល​បាន​ផឹក​គ្រឿង​ស្រវឹង នោះ​យើង​មិន​ត្រូវ​បំពេញ​ភារ​កិច្ច​របស់​ព្រះ​ឡើយ។

ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​តម្រូវ​ឲ្យ​មាន​ការ​ស្អាត​ស្អំ

(លេវីវិន័យ ១១:១​–​១៥:៣៣)

ក្រឹត្យ​ក្រម​ស្តី​អំពី​សត្វ​ដែល​រាប់​ថា​ស្អាត​ឬ​មិន​ស្អាត​សំរាប់​ធ្វើ​ជា​ម្ហូបអាហារ គឺ​មាន​ប្រយោជន៍​ដល់​ជនជាតិ​អ៊ីស្រាអែល​ពីរ​យ៉ាង។ ក្រឹត្យ​ក្រម​ទាំង​នេះ​បាន​ការពារ​ពួក​អ៊ីស្រាអែល​ពី​ការ​ឆ្លង​រោគ​ពី​ភាវៈរស់​ដែល​មាន​គ្រោះថ្នាក់ និង​បាន​ស​ឲ្យ​ឃើញ​ភាព​ខុស​គ្នា​រវាង​ពួក​គេ​និង​សាសន៍​ផ្សេងៗ​ដែល​នៅ​ជិត​នោះ។ ក្រឹត្យ​ក្រម​ឯ​ទៀត​ទាក់ទង​នឹង​ភាព​មិន​ស្អាត​នៃ​សាក​សព របៀប​ជំរះ​កាយ​សំរាប់​ស្ត្រី​ពេល​សម្រាល​កូន​ហើយ វិធានការ​សំរាប់​រោគ​ឃ្លង់ និង​ភាព​មិន​ស្អាត​នៃ​ការ​ចេញ​ទឹក​កាម​ពី​បុរស​និង​ស្ត្រី​ដែល​រួម​ភេទ។ សង្ឃ​ត្រូវ​មើល​ខុសត្រូវ​ចំពោះ​បុគ្គល​ដែល​ទៅ​ជា​មិន​ស្អាត។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១២:២, —ហេតុ​អ្វី​ក៏​ការ​សំរាល​កូន​ធ្វើ​ឲ្យ​ស្ត្រី​«មិន​ស្អាត»? ប្រដាប់​បន្ត​ពូជ​គឺ​មាន​បំណង​ដើម្បី​បង្កើត​កូន​ដែល​មាន​ជីវិត​គ្រប់ល័ក្ខណ៍។ ក៏​ប៉ុន្តែ ដោយសារ​តែ​ឥទ្ធិពល​នៃ​បាប​ដែល​មាន​ជា​មរតក នោះ​ជីវិត​ឥត​គ្រប់​ល័ក្ខណ៍​និង​បាប​បាន​ឆ្លង​ដល់​កូន​ចៅ​ក្រោយៗ។ ‹ភាព​មិន​ស្អាត›អស់​មួយ​រយៈ​ដែល​ទាក់​ទង​នឹង​ការ​សំរាល​កូន ព្រម​ទាំង​រឿង​ផ្សេងៗ ដូច​ជា​ការ​ធ្លាក់​ឈាម​ក្នុង​ពេល​មាន​រដូវ និង​ការ​ចេញ​ទឹក​កាម នោះ​ក៏​ធ្វើ​ឲ្យ​ពួក​អ៊ីស្រាអែល​ដឹង​នូវ​បាប​ដែល​មាន​ជា​មរតក។ (លេវីវិន័យ ១៥:១៦​-​២៤; ទំនុកដំកើង ៥១:៥; រ៉ូម ៥:១២) ក្រឹត្យ​ក្រម​ចំពោះ​ការ​ជំរះ​កាយ​ដែល​ត្រូវ​ធ្វើ​ឡើង នោះ​នឹង​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​យល់​នូវ​សេចក្ដី​ត្រូវ​ការ​ចំពោះ​យញ្ញបូជា​លោះ​ដើម្បី​គ្រប​បាំង​បាប​របស់​មនុស្ស​ជាតិ និង​ជួយ​មនុស្ស​ឲ្យ​មាន​ភាព​គ្រប់​ល័ក្ខណ៍​ឡើង​វិញ។ ហេតុ​ដូច្នេះ​ហើយ ក្រឹត្យ​វិន័យ​នោះ​បាន​ក្លាយ​ទៅ​ជា‹អ្នក​ដឹក​នាំ​ពួក​គេ​ទៅ​ដល់​ព្រះ​គ្រីស្ទ›។—កាឡាទី ៣:២៤

១៥:១៦​-​១៨—តើ​ការ​«ចេញ​ទឹក​កាម»​ដែល​បាន​រៀប​រាប់​ក្នុង​ខ​ទាំង​នេះ​ជា​អ្វី? តាម​មើល​ទៅ នេះ​គឺ​សំដៅ​ទៅ​ការ​ចេញ​ទឹក​កាម​នៅ​ពេល​យប់ និង​ការ​រួម​ភេទ។

មេ​រៀន​សំរាប់​យើង:

១១:៤៥: ព្រះ​យេហូវ៉ា​ជា​ព្រះ​បរិសុទ្ធ​និង​តម្រូវ​ឲ្យ​អ្នក​ដែល​បំរើ​ទ្រង់​បរិសុទ្ធ​ដែរ។ ពួក​គេ​ត្រូវ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​និង​ស្អាត​ស្អំ​ខាង​រាង​កាយ​និង​ខាង​វិញ្ញាណ។—កូរិនថូសទី២ ៧:១; ពេត្រុសទី១ ១:១៥, ១៦

១២:៨: ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ទ័ល​ក្រ​ថ្វាយ​លលក​ជា​ដង្វាយ​ដុត ជាជាង​កូន​ចៀម​ដែល​មាន​តម្លៃ​ថ្លៃ​នោះ។ ទ្រង់​មាន​ព្រះទ័យ​គិត​ដល់​មនុស្ស​ទ័ល​ក្រ។

ត្រូវ​តែ​រក្សា​ឲ្យ​បាន​បរិសុទ្ធ

(លេវីវិន័យ ១៦:១​–​២៧:៣៤)

យញ្ញបូជា​សំខាន់​បំផុត​សំរាប់​បាប​ត្រូវ​បាន​ថ្វាយ​នៅ​ថ្ងៃ​ធួន​បាប​រាល់​ឆ្នាំ។ គោ​ឈ្មោល​ស្ទាវ​ត្រូវ​បាន​ថ្វាយ​ឲ្យ​ធួន​បាប​សង្ឃ​និង​កុលសម្ព័ន្ធ​លេវី។ ពពែ​ឈ្មោល​ត្រូវ​បាន​ថ្វាយ​សំរាប់​កុលសម្ព័ន្ធ​ឯ​ទៀត​ក្នុង​សាសន៍​អ៊ីស្រាអែល​ដែល​មិន​មែន​ជា​សង្ឃ។ ពពែ​មួយ​ទៀត​ត្រូវ​ដឹក​ទៅ​ឯ​ទី​រហោ​ស្ថាន​ក្រោយ​ពី​បាន​លន់​តួ​អំពើ​បាប​របស់​មនុស្សដាក់​លើ​ក្បាល​ពពែ​នោះ។ ពពែ​ឈ្មោល​ពីរ​នោះ​ត្រូវ​ចាត់​ទុក​ជា​ដង្វាយ​មួយ​សំរាប់​លោះ​បាប។ ដង្វាយ​ទាំង​នេះ​បាន​ចង្អុល​ប្រាប់​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​ជា​យញ្ញបូជា ដែល​នឹង​យក​បាប​ចេញ​ពី​មនុស្ស​ជាតិ។

ក្រឹត្យ​ក្រម​ចំពោះ​ការ​បរិភោគ​សាច់​និង​អ្វី​ផ្សេង​ទៀត​បញ្ជាក់​នូវ​សេចក្ដី​ត្រូវ​ការ​ចំពោះ​ភាព​បរិសុទ្ធ​ពេល​យើង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ដោយ​ហេតុ​នេះ សង្ឃ​ត្រូវ​រក្សា​ទុក្ខ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។ បុណ្យ​បី​ដែល​មាន​ជា​រៀង​រាល់​ឆ្នាំ​គឺ​ជា​គ្រា​ដ៏​សប្បាយ​ក្រៃលែង និង​ជា​គ្រា​ថ្លែង​អំណរគុណ​ដល់​ព្រះ​ដែល​ជា​អ្នក​បង្កើត។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​នូវ​ក្រឹត្យ​ក្រម​ដែល​ទាក់ទង​នឹង​ការ​រំលោភ​លើ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ រួមទាំងការ​ធ្វើ​ពិធី​នៅថ្ងៃ​ឈប់​សំរាក និង​ពិធី​ខួប​៥០​ឆ្នាំ ការ​ប្រព្រឹត្ត​លើ​មនុស្ស​ទ័ល​ក្រ និង​ការ​ប្រព្រឹត្ត​លើ​បាវ​បំរើ​ជា​ដើម។ ក្រឹត្យ​វិន័យ​ក៏​ចែង​អំពី​ពរ​ដែល​នឹង​មាន​ដោយសារ​ការ​ស្ដាប់​បង្គាប់​ព្រះ ហើយ​ក៏​ប្រាប់​អំពី​បណ្ដាសា​ដែល​មាន​មក​លើ​អស់អ្នក​មិន​ស្ដាប់​បង្គាប់​ទ្រង់​ផង​ដែរ។ ក៏​មាន​ក្រឹត្យ​ក្រម​ចំពោះ​ការ​ថ្វាយ​ដង្វាយ​ដែល​ទាក់ទង​នឹង​ការ​ស្បថ​និង​ការ​គិត​ថ្លៃ កូន​សត្វ​ដែល​កើត​ដំបូង និង​ការ​ឲ្យ​មួយ​ភាគ​ដប់​ដែល​ជា​អ្វី​«បរិសុទ្ធ​សំរាប់​ព្រះ​យេហូវ៉ា»។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

១៦:២៩—តើ​តាម​របៀប​ណា​ដែល​ពួក​អ៊ីស្រាអែល​«បញ្ឈឺ​ចិត្ត​ខ្លួន»? នេះ​ជា​ទង្វើ​ក្រោយ​ពី​ថ្ងៃ​បុណ្យ​ធួន​នឹង​បាបដែល​ទាក់ទង​នឹង​ការ​សុំ​អត់​ទោស​បាប។ តាម​មើល​ទៅ ការ​តម​អាហារ​នៅ​ពេល​នោះ​ទាក់ទង​នឹង​ការ​ទទួល​ស្គាល់​បាប។ ដូច្នេះ ‹ការ​បញ្ឈឺ​ចិត្ត​ខ្លួន›គឺ​ទំនង​ជា​សំដៅ​ទៅ​ការ​តម​អាហារ។

១៩:២៧—តើ​បញ្ញតិ​ហាម​«កោរ​ក្រ​ឡឹង​សក់​ក្បាល​ជុំវិញ» ឬ​«កាត់​ដំ​រឹម​ពុក​ចង្កា»​មាន​ន័យ​យ៉ាង​ណា? តាម​មើល​ទៅ ក្រឹត្យ​វិន័យ​នេះ​គឺ​ដើម្បី​បង្ការ​សាសន៍​យូដា​ដំ​រឹម​ពុក​ចង្កា​ឬ​កោរ​ក្រ​ឡឹង​សក់​ដែល​ធ្វើ​តាម​ទម្លាប់​សាសនា​ដទៃ​ខ្លះ។ (យេរេមា ៩:២៥,​២៦; ២៥:​២៣; ៤៩:៣២) យ៉ាង​ណា​ក៏​ដោយ បញ្ញតិ​របស់​ព្រះ​មិន​បាន​សេចក្ដី​ថា សាសន៍​យូដា​មិន​អាច​ដំ​រឹម​ពុក​ចង្កា​នោះ​ទេ។—សាំយូអែលទី២ ១៩:២៤

២៥:៣៥​-​៣៧—តើ​ពួក​អ៊ីស្រាអែល​យក​ការ​ប្រាក់​តែង​តែ​ជា​ការ​ខុស​ឬ? បើ​ឲ្យ​លុយ​គេ​ខ្ចី​សំរាប់​ធ្វើ​ពាណិជ្ជកម្ម នោះ​អ្នក​ឲ្យ​ខ្ចី​អាច​យក​ការ​ប្រាក់​បាន។ យ៉ាង​ណា​ក៏​ដោយ ក្រឹត្យ​វិន័យ​ហាម​យក​ការ​ប្រាក់​ពី​មនុស្ស​ទ័ល​ក្រ​ដែល​ខ្ចី​លុយ។ ការ​បាន​ចំណេញ​ប្រាក់​ពី​ភាព​ទ័ល​ក្រ​នៃ​អ្នកជិតខាង​គឺជា​ការ​ខុស។—និក្ខមនំ ២២:២៥

២៦:១៩—តើ‹មេឃ​ប្រែ​ទៅ​ដូច​ជា​ដែក​និង​ដី​ដូច​ជា​លង្ហិន›យ៉ាង​ដូច​ម្ដេច? ដោយសារ​តែ​គ្មាន​ភ្លៀង នោះ​នៅ​ស្រុក​កាណាន មេឃ​មើល​ទៅ​ដូច​ជា​រឹង​ដូច​ដែក​មែន។ បើ​គ្មាន​ភ្លៀង​ទេ នោះ​ផែនដី​នឹង​មាន​ពណ៌​ដូច​លង្ហិន​ដែល​ចាំង​ភ្លឺ​ផ្លេកៗ។

២៦:២៦—តើ‹ស្ត្រី​១០​នាក់​ដុត​នំប៉័ង​ក្នុង​ឡ​តែ​១›មាន​ន័យ​យ៉ាង​ណា? ធម្មតា​ស្ត្រី​ម្នាក់ៗ​ត្រូវ​ការ​ឡ​មួយ​ផ្សេង​ដើម្បី​ដុត​នំប៉័ង​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន។ ប៉ុន្តែ ពាក្យ​ទាំង​នេះ​បាន​សំដៅ​ទៅ​ការ​ខ្វះ​អាហារ ហើយ​មាន​ឡ​តែ​មួយ​គឺ​គ្រប់គ្រាន់​ហើយ​ដើម្បី​ដុត​នំប៉័ង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ដោយ​ស្ត្រី​ដប់​នាក់​នោះ។ នេះ​គឺ​ជា​លទ្ធផល​មួយ​ដែល​បាន​ទាយ​ប្រាប់​ចំពោះ​ការ​មិន​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។

មេ​រៀន​សំរាប់​យើង:

២០:៩: តាម​ទស្សនៈ​ព្រះ​យេហូវ៉ា នោះ​ចិត្ត​ស្អប់​និង​អំពើ​កាច​សាហាវ​គឺ​អាក្រក់​ដូច​ជា​អ្នក​សម្លាប់​គេ​ដោយ​ចេតនា។ ហេតុ​ដូច្នេះ​ហើយ ទ្រង់​ដាក់​បញ្ញតិថា​ការ​បង្អាប់​ដល់​ឪពុក​ម្ដាយ​មាន​ទោស​ដូច​ជា​បាន​សម្លាប់​ពួក​គាត់​ហើយ។ នេះ​ត្រូវ​ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ជឿ​គ្នីគ្នា មែន​ទេ?—យ៉ូហានទី១ ៣:១៤, ១៥

២២:៣២; ២៤:១០​-​១៦, ២៣: យើង​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​សរសើរ​ព្រះ​នាម​ទ្រង់​និង​អធិស្ឋាន​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។—ទំនុកដំកើង ៧:១៧; ម៉ាថាយ ៦:៩

របៀប​ដែល​សៀវភៅ​លេវីវិន័យ​មាន​ឥទ្ធិពល​លើ​ការ​ថ្វាយ​បង្គំ​យើង

សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ​នោះ​ទេ។ (កាឡាទី ៣:២៣​-​២៥) យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​អ្វីៗ​ដែល​ចែង​ក្នុង​សៀវភៅ​លេវីវិន័យ ធ្វើ​ឲ្យ​យើង​យល់​ធ្លុះ​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេងៗ នោះ​ក៏​អាច​មាន​ឥទ្ធិពល​លើ​ការ​ថ្វាយ​បង្គំ​របស់​យើង​ផងដែរ។

កាល​ដែល​អ្នក​អាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍​ដើម្បី​រៀប​ចំ​សំរាប់​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ អ្នក​ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​បំរើ​ទ្រង់​បរិសុទ្ធ។ សៀវភៅ​លេវីវិន័យ​ក៏​អាច​ជួយ​យើង​ឲ្យ​ថ្វាយ​ជូន​ព្រះ​ដ៏​ខ្ពស់​បំផុត​នូវ​អ្វី​ដ៏​ល្អ​បំផុត​របស់​យើង ក្នុង​ការ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ដែល​ជា​ការ​លើក​សរសើរ​ដល់​ទ្រង់។

[រូបភាព​នៅ​ទំព័រ​២៩]

យញ្ញបូជា​ដែល​ត្រូវ​ថ្វាយ​ក្រោម​ក្រឹត្យ​វិន័យ​សំដៅ​ទៅ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​យញ្ញបូជា​របស់​ទ្រង់

[រូបភាព​នៅ​ទំព័រ​៣០]

បុណ្យ​នំប៉័ង​ឥត​ដំបែ​ជា​គ្រា​ដ៏​សប្បាយ​ក្រៃលែង

[រូបភាព​នៅ​ទំព័រ​៣១]

បុណ្យ​ប្រចាំ​ឆ្នាំ​ដូច​ជា​បុណ្យ​បារាំ គឺ​ជា​គ្រា​នៃ​ការ​ថ្វាយ​អំណរគុណ​ជូន​ព្រះយេហូវ៉ា