លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅលោកុប្បត្ដិ—ផ្នែកទី២

គោលសំខាន់ៗពីសៀវភៅលោកុប្បត្ដិ—ផ្នែកទី២

ព្រះ​បន្ទូល​របស់​ព្រះយេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​លោកុប្បត្តិ—ផ្នែក​ទី២

សៀវភៅ​លោកុប្បត្តិ​រៀប​រាប់​អំពី​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ដែល​មាន​រយៈ​ពេល​២.៣៦៩​ឆ្នាំ ចាប់​ផ្ដើម​ពី​ការ​បង្កើត​អ័ដាម​ជា​បុរស​ទី​មួយ រហូត​ទៅ​ដល់​មរណកាល​របស់​យ៉ូសែប​ជា​កូន​យ៉ាកុប។ អត្ថបទ​ទស្សនាវដ្ដី​ខែ​មុន​បាន​រៀប​រាប់​អំពី​ជំពូក​ទី១​រហូត​ដល់​ជំពូក​ទី១១ ខ​៩ ដែល​រួម​បញ្ចូល​កំណត់​ហេតុ​អំពី​ការ​បង្កើត រហូត​ដល់​ការ​កសាង​ប៉ម​នៅ​ទី​ក្រុង​បាបិល។ * អត្ថបទ​នេះ​លើក​ឡើង​គោល​សំខាន់ៗ​ពី​ជំពូក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ទៀត​ក្នុង​សៀវភៅ​លោកុប្បត្តិ ដែល​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​ចំពោះ​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​យ៉ូសែប។

អ័ប្រាហាំ​ក្លាយ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ

(លោកុប្បត្តិ ១១:១០​-​២៣:២០)

ប្រហែល​៣៥០​ឆ្នាំ​ក្រោយ​ទឹក​ជំនន់ បុរស​ម្នាក់​ដែល​ព្រះ​ស្រឡាញ់​ជា​ពិសេស​កើត​មក​ក្នុង​ត្រកូល​សិម​ជា​កូន​ប្រុស​ណូអេ។ គាត់​ឈ្មោះ​អាប់រ៉ាម តែ​ក្រោយ​មក​ឈ្មោះ​គាត់​ត្រូវ​ដូរ​ជា​អ័ប្រាហាំ​វិញ។ តាម​បញ្ជា​របស់​ព្រះ អាប់រ៉ាម​បាន​ចេញ​ពី​ក្រុង​អ៊ើរ ជា​ទី​ក្រុង​របស់​សាសន៍​ខាល់ដេ ហើយ​រស់​ក្នុង​តង់​នៅ​ស្រុក​មួយ​ដែល​ព្រះយេហូវ៉ា​សន្យា​ថា​នឹង​ប្រទាន​ដល់​គាត់​និង​កូន​ចៅ។ ដោយ​ព្រោះ​អ័ប្រាហាំ​មាន​ជំនឿ​និង​ចេះ​ស្ដាប់​បង្គាប់ នោះ​គាត់​ត្រូវ​រាប់​ជា‹សំឡាញ់​របស់​ព្រះយេហូវ៉ា›។—យ៉ាកុប ២:២៣

ព្រះយេហូវ៉ា​ចាត់​វិធានការ​បំផ្លាញ​មនុស្ស​ទុច្ចរិត​នៅ​ទី​ក្រុង​សូដុំម​និង​ទីក្រុង​នៅ​ជិតៗ ហើយ​ដំណាល​គ្នា​នោះ​ទ្រង់​សង្គ្រោះ​ជីវិត​ឡុត​និង​កូន​ស្រីពីរ​នាក់​របស់​គាត់។ ពេល​ដែល​អ៊ីសាក​កូន​អ័ប្រាហាំ​កើត​មក នោះ​ជា​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​មួយ​របស់​ព្រះ។ រាប់​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​សាកល្បង​ជំនឿ​របស់​អ័ប្រាហាំ​ដោយ​បង្គាប់​ឲ្យ​ថ្វាយ​កូន​ប្រុស​គាត់​ជា​ដង្វាយ។ អ័ប្រាហាំ​ហៀប​នឹង​ធ្វើ​តាម​បង្គាប់​នោះ តែ​មាន​ទេវតា​មួយ​បាន​បញ្ឈប់​គាត់​វិញ។ គឺ​ច្បាស់​ណាស់​ថា អ័ប្រាហាំ​មាន​ជំនឿ ហើយ​គាត់​ទទួល​ការ​ធានា​ពី​ព្រះ​ថា តាម​រយៈ​ពូជ​របស់​គាត់ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ទទួល​ពរ។ មរណភាព​របស់​សារ៉ា ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​អ័ប្រាហាំ បាន​ធ្វើ​ឲ្យ​អ័ប្រាហាំ​មាន​ក្ដី​ទុក្ខ​សោក​យ៉ាង​ខ្លាំង។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទគម្ពីរ:

១២:១​-​៣—តើ​កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​ចាប់​មាន​សុពល​ភាព​ពី​ពេល​ណា​មក? តើ​មាន​សុពល​ភាព​អស់​រយៈ​ពេល​ប៉ុន្មាន? តាម​មើល​ទៅ កិច្ច​ព្រម​ព្រៀង​របស់​ព្រះយេហូវ៉ា​ជា​មួយ​នឹង​អាប់រ៉ាម​ដែល​ថា​«គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ[អាប់រ៉ាម]»​បាន​ចាប់​មាន​សុពលភាព​ពេល​ដែល​អាប់រ៉ាម​ឆ្លង​ទន្លេ​អ៊ើប្រាត​ក្នុង​កំឡុង​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។ នេះ​ជា​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​១៩៤៣​មុន​ស.យ. ៤៣០​ឆ្នាំ​មុន​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​រំដោះ​ពី​ស្រុក​អេស៊ីប។ (និក្ខមនំ ១២:២, ៦, ៧,៤០,៤១) កិច្ច​ព្រម​ព្រៀង​អ័ប្រាហាំ​គឺ​«ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច»។ កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​មាន​សុពលភាព​ទាល់តែ​គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​ទទួល​ពរ ហើយ​សត្រូវ​ទាំង​ឡាយ​របស់​ព្រះ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់។—លោកុប្បត្តិ ១៧:៧; កូរិនថូសទី១ ១៥:២៣​-​២៦

១៥:១៣—តើ​នៅ​ពេល​ណា​ដែល​ការ​សង្កត់​សង្កិន​អស់​៤០០​ឆ្នាំ​នៃ​កូន​ចៅ​របស់​អ័ប្រាហាំ​បាន​សម្រេច​នោះ? ការ​សង្កត់​សង្កិន​នេះ​បាន​ចាប់​ផ្ដើម​នា​ឆ្នាំ​១៩១៣​មុន​ស.យ. នៅ​ពេល​ដែល​អ៊ីសាក​ជា​កូន​ប្រុស​អ័ប្រាហាំ​មាន​អាយុ​៥​ឆ្នាំ​និង​បាន​ផ្ដាច់​ដោះ ហើយ​អ៊ីសម៉ាអែល​ជា​បង​ប្រុស​បាន​«សើចឡក​ឲ្យ»​អ៊ីសាក​ដែល​ពួក​គេ​មាន​ឪពុក​តែ​មួយ​ម្ដាយ​ខុស​គ្នា។ (លោកុប្បត្តិ ២១:៨​-​១៤; កាឡាទី ៤:២៩) ការ​សង្កត់​សង្កិន​បាន​ចប់​ពេល​ដែល​ជនជាតិ​អ៊ីស្រាអែល​ត្រូវ​រំដោះ​ពី​សេវកភាព​នៅ​ស្រុក​អេស៊ីប​ឆ្នាំ​១៥១៣​មុន​ស.យ.។

១៦:២—តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​សារ៉ាយ​ប្រគល់​បាវ​ស្រី​ខ្លួន​ឲ្យ​អាប់រ៉ាម​ធ្វើ​ជា​ប្រពន្ធ​នោះ? ទង្វើ​របស់​សារ៉ាយ​គឺ​ស្រប​តាម​ប្រពៃណី​នៅ​សម័យ​នោះ។ ប្រពន្ធ​ដែល​ជា​ស្រី​អារ​ត្រូវ​ប្រគល់​ស្រី​ម្នាក់​ទៀត​ឲ្យ​ប្ដី​ធ្វើ​ជា​ប្រពន្ធ​ដើម្បី​អាច​មាន​អ្នក​បន្ត​ត្រកូល។ ការ​យក​ប្រពន្ធ​ច្រើន​មាន​ជា​លើក​ដំបូង​ក្នុង​ចំណោម​កូន​ចៅ​កាអ៊ីន។ ក្រោយ​មក ការ​យក​ប្រពន្ធ​ច្រើន​បាន​ក្លាយ​ជា​ទម្លាប់​មួយ ហើយ​អ្នក​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​ខ្លះ​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ទម្លាប់​នេះ​ដែរ។ (លោកុប្បត្តិ ៤:១៧​-​១៩; ១៦:១​-​៣; ២៩:២១​-​២៨) ក៏​ប៉ុន្តែ ព្រះយេហូវ៉ា​មិន​ដែល​បោះបង់​ចោល​ខ្នាត​តម្រា​ដំបូង​របស់​ទ្រង់​ចំពោះ​ការ​មាន​ប្រពន្ធ​តែ​មួយ​នោះទេ។ (លោកុប្បត្តិ ២:២១, ២២) តាម​មើល​ទៅ ណូអេ​និង​កូន​ប្រុសៗ​របស់​គាត់​មាន​ប្រពន្ធ​តែ​មួយ​ពេល​ដែល​ព្រះ​បង្គាប់​ម្ដង​ទៀត​ថា​៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ​ពាស​លើ​ផែនដី​ចុះ!»។ (លោកុប្បត្តិ ៧:៧; ៩:១; ពេត្រុសទី២ ២:៥) ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​បាន​បញ្ជាក់​ខ្នាត​តម្រា​នេះ​ដែរ​ថា ត្រូវ​មាន​ប្រពន្ធ​តែ​មួយ។—ម៉ាថាយ ១៩:៤​-​៨; ធីម៉ូថេទី១ ៣:២, ១២

១៩:៨—តើ​ជា​ការ​ខុស​ទេ​ដែល​ឡុត​បាន​ខំ​ប្រគល់​កូន​ស្រីៗ​របស់​គាត់​ឲ្យ​ប្រុសៗ​នៅ​ទី​ក្រុង​សូដុំម​នោះ? យោង​ទៅ​តាម​គោលការណ៍​សីលធម៌​របស់​បូព៌ា​ប្រទេស ម្ចាស់​ផ្ទះ​ត្រូវ​តែ​ការពារ​ភ្ញៀវ​ដែល​នៅ​ក្នុង​ផ្ទះ​គាត់ រហូត​ដល់​ហ៊ាន​លះបង់​ជីវិត​ទៀត​ផង​បើ​ចាំបាច់។ ឡុត​ហ៊ាន​ធ្វើ​ដូច្នេះ​មែន។ ឡុត​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ចេញ​ទៅ​និយាយ​ជា​មួយ​នឹង​ហ្វូង​មនុស្ស​សាហាវ​នោះ​តែ​ម្នាក់​គាត់ រួច​បិទ​ទ្វារ។ មក​ដល់​ពេល​ដែល​គាត់​ខំ​ប្រគល់​កូន​ស្រី​ពីរ​នាក់​នោះ ឡុត​ទំនង​ជា​បាន​ទទួល​ស្គាល់​រួច​ហើយ​ថា ភ្ញៀវ​របស់​គាត់​ជា​អ្នក​នាំ​សារ​ពី​ព្រះ ហើយ​ក៏​ប្រហែល​ជា​បាន​វែកញែក​ថា ព្រះ​អាច​ការពារ​កូន​ស្រី​របស់​គាត់​ដូច​ទ្រង់​បាន​ការពារ​សារ៉ាយ​ជា​មីង​គាត់​នៅ​ស្រុក​អេស៊ីប​ដែរ។ (លោកុប្បត្តិ ១២:​១៧​-​​២០) ពិត​ណាស់ នៅ​ទីបំផុត​ឡុត​និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ការពារ​មែន។

១៩:៣០​-​៣៨—តើ​ព្រះយេហូវ៉ា​បាន​យល់​ព្រម​ពេល​ដែល​ឡុត​ផឹក​ស្រា​ស្រវឹង​និង​បង្កើត​កូន​ប្រុស​ដោយ​កូន​ស្រី​ពីរ​នាក់​របស់​គាត់​ឬ​ទេ? ព្រះយេហូវ៉ា​មិន​បាន​យល់​ព្រម​នឹង​ការ​រួម​ដំណេក​រវាង​សាច់​ញាតិ​ជិត​ឬ​ការ​ផឹក​ស្រា​ស្រវឹង​ទេ។ (លេវីវិន័យ ១៨:៦, ៧, ២៩; កូរិនថូស​ទី១ ៦:៩, ១០) ការ​ពិត ឡុត​បាន​ស្អប់​នូវ​«ការ​ទទឹង​ច្បាប់»​របស់​ប្រជាជន​នៅ​ទី​ក្រុង​សូដុំម។ (ពេត្រុសទី២ ២:៦​-​៨) ហេតុ​តែ​កូន​ស្រីៗ​របស់​ឡុត​ត្រូវ​តែ​ធ្វើ​ឲ្យ​គាត់​ស្រវឹង​មុន នាំ​ឲ្យ​យើង​យល់​ថា​ពួក​គាត់​ទទួល​ស្គាល់​ថា​ឡុត​ជា​ឪពុក​នឹង​មិន​ព្រម​រួម​ដំណេក​ជា​មួយ​នឹង​ពួក​គាត់​បើ​មិន​ស្រវឹង​នោះ។ ប៉ុន្តែ ដោយសារ​ពួក​គាត់​មិន​មែន​នៅ​ស្រុក​ខ្លួន នោះ​កូន​ស្រី​របស់​ឡុត​មាន​អារម្មណ៍​មួយ​ថា នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ការពារ​កុំ​ឲ្យ​ត្រកូល​គ្រួសារ​ឡុត​សាប​សូន្យ​ទៅ។ កំណត់​ហេតុ​នេះ​គឺ​នៅ​ក្នុង​ព្រះគម្ពីរ​ដើម្បី​បង្ហាញ​នូវ​ទំនាក់ទំនង​រវាង​សាសន៍​ម៉ូអាប់(តាម​រយៈ​ម៉ូអាប់) សាសន៍​អាំម៉ូន(តាម​រយៈ​បេន-អាំមី) និង​កូន​ចៅ​របស់​អ័ប្រាហាំ​ជា​សាសន៍​អ៊ីស្រាអែល។

មេ​រៀន​សំរាប់​យើង:

១៣:៨, ៩: អ័ប្រាហាំ​ជា​គំរូ​ល្អ​ណាស់​ចំពោះ​ការ​ដោះ​ស្រាយ​នូវ​ទំនាស់! កុំ​បី​ឲ្យ​យើង​បោះបង់​ចោល​នូវ​មេត្រីភាព​ដើម្បី​បាន​តែ​ប្រយោជន៍​ខាង​លុយ​កាក់ បំពេញ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ឬ​ដើម្បី​មោទនភាព​ខ្លួន​នោះ​ឡើយ។

១៥:៥, ៦: នៅ​ពេល​អ័ប្រាហាំ​ចាប់​ផ្ដើម​ចាស់​ទៅ​ហើយ​មិន​ទាន់​មាន​កូន​ប្រុស​ម្នាក់ នោះ​គាត់​បាន​ទូល​ព្រះយេហូវ៉ា​អំពី​រឿង​នេះ។ រួច​មក ព្រះយេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​អ័ប្រាហាំ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? អ័ប្រាហាំ​បាន​«ជឿ​ដល់​ព្រះ​យេហូវ៉ា»។ បើ​យើង​ទូល​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​ក្នុង​សេចក្ដី​អធិស្ឋាន ទទួល​យក​ការ​ធានា​ពី​ទ្រង់​ដែល​មាន​ក្នុង​ព្រះគម្ពីរ និង​ស្ដាប់​តាម​បង្គាប់​ទ្រង់ នោះ​ជំនឿ​របស់​យើង​នឹង​ត្រូវ​ពង្រឹង។

១៥:១៦: ព្រះយេហូវ៉ា​បាន​ចាំ​អស់​បួន​តំណ ទើប​សម្រេច​តាម​ការ​ជំនុំជំរះ​របស់​ទ្រង់​ទៅ​លើ​សាសន៍​អាម៉ូរី(ឬ​កាណាន)។ ហេតុ​អ្វី? ដោយសារ​ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​ព្រះទ័យ​អត់ធ្មត់។ ទ្រង់​បាន​រង់ចាំ​រហូត​ដល់​គ្មាន​ហេតុ​សង្ឃឹម​ថា​ពួក​គេ​នឹង​កែ​ខ្លួន។ ដូច​ព្រះយេហូវ៉ា យើង​ក៏​ត្រូវ​ចេះ​អត់ធ្មត់​ដែរ។

១៨:២៣​-​៣៣: ព្រះយេហូវ៉ា​មិន​បំផ្លាញ​មនុស្ស​ដោយ​មិន​រើស​មុខ​ទេ។ ទ្រង់​ការពារ​មនុស្ស​សុចរិត។

១៩:១៦: ឡុត​«នៅ​បង្អែបង្អង់» ហើយ​ទេវតា​ត្រូវ​អូស​គាត់​និង​ក្រុម​គ្រួសារ​ចេញ​ពី​ទី​ក្រុង​សូដុំម។ យក​ល្អ យើង​មិន​ភ្លេច​ថា​ពេល​គឺ​កៀក​ណាស់​ហើយ កាល​ដែល​យើង​រង់ចាំ​ទីបញ្ចប់​នៃ​លោកីយ៍​ដ៏​អាក្រក់​នេះ។

១៩:២៦: ជា​ការ​ចំកួត​ណាស់​បើ​យើង​ឲ្យ​លោកីយ៍​នេះ​បំបែរ​អារម្មណ៍​យើង ឬ​ក៏​ចាប់​ផ្ដើម​នឹក​ស្ដាយ​នូវ​អ្វី​ដែល​យើង​បាន​លះបង់​ក្នុង​របប​លោកីយ៍​នេះ!

យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់

(លោកុប្បត្តិ ២៤:១​-​៣៦:៤៣)

អ័ប្រាហាំ​រៀបចំ​ឲ្យ​អ៊ីសាក​រៀប​ការ​ជា​មួយ​នឹង​រេបិកា ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​លើ​ព្រះយេហូវ៉ា។ រេបិកា​សម្រាល​កូន​ប្រុស​ភ្លោះ​ពីរ​នាក់ គឺ​អេសាវ​និង​យ៉ាកុប។ អេសាវ​ស្អប់​អំណាច​មរតក​របស់​បង​ច្បង និង​ក៏​លក់​ឲ្យ​យ៉ាកុប។ ក្រោយ​មក​យ៉ាកុប​ទទួល​ពរ​ពី​ឪពុក។ យ៉ាកុប​គេច​ទៅ​ស្រុក​ប៉ាដាន់​អើរ៉ាម និង​នៅ​ទី​នោះ​គាត់​រៀបការ​ជា​មួយ​នឹង​លេអា​និង​រ៉ាជែល ថែម​ទាំង​ថែ​ហ្វូង​សត្វ​របស់​ឪពុក​ក្មេក​អស់​២០​ឆ្នាំ​ទើប​ចេញ​ដំណើរ​ទៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។ តាម​រយៈ​លេអា រ៉ាជែល និង​បាវ​ស្រី​ពីរ​នាក់​របស់​ពួក​គាត់ យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់​និង​មាន​កូន​ស្រីៗ​ទៀត​ផង។ យ៉ាកុប​ចំបាប់​ជា​មួយ​ទេវតា​មួយ​រូប​និង​ទទួល​ពរ រួច​ឈ្មោះ​របស់​គាត់​ត្រូវ​ដូរ​ទៅ​ជា​អ៊ីស្រាអែល​វិញ។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២៨:១២, ១៣—ពេល​ដែល​យ៉ាកុប​យល់សប្ដិ​ឃើញ​«ជណ្ដើរ» តើ​នេះ​មាន​ន័យ​យ៉ាង​ណា? «ជណ្ដើរ»​នេះ​ដែល​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​ដុំ​ថ្ម​ត្រួត​ពី​លើ​គ្នា​ជា​ជណ្ដើរ​មួយ​បញ្ជាក់​ថា​មាន​ទំនាក់ទំនង​រវាងផែនដី​និង​ស្ថានសួគ៌។ ដោយសារ​ទេវតា​របស់​ព្រះ​កំពុង​តែ​ឡើង​ចុះ​តាម​ជណ្ដើរ​នេះ នោះ​បង្ហាញ​ថា​ទេវតា​បំរើ​តាម​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​រវាង​ព្រះយេហូវ៉ា​និង​មនុស្ស​ដែល​មាន​ព្រះ​គុណ​ពី​ទ្រង់។—យ៉ូហាន ១:៥១

៣០:១៤, ១៥—ហេតុ​អ្វី​បាន​ជា​រ៉ាជែល​លះបង់​ឱកាស​រួម​បវេណី​ជា​មួយ​ប្ដី ដើម្បី​បាន​តែ​ផ្លែ​ឈើ​ខ្លះៗ? នៅ​សម័យ​បុរាណ ផ្លែ​ឈើ​ម្យ៉ាង​នេះ​ត្រូវ​ប្រើ​ជា​ថ្នាំ​សន្តំ និង​ដើម្បី​បង្ការ​ឬ​ក៏​ព្យាបាល​ការ​កន្ដ្រាក់​សាច់​ដុំ។ ផ្លែ​វា​ក៏​ត្រូវ​គេ​ជឿ​ថា​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្រើបស្រាល​ថែម​ទាំង​បង្កើន​សមត្ថភាព​បង្កើត​កូន។ (បទ​ចំរៀង​សាឡូម៉ូន ៧:១៣) ទោះ​ជា​ព្រះគម្ពីរ​មិន​បញ្ជាក់​មូលហេតុ​ដែល​រ៉ាជែល​ចង់​បាន​ផ្លែ​នេះ​ក៏​ពិត​មែន ក៏​ប្រហែល​ជា​រ៉ាជែល​គិត​ថា​ផ្លែ​នោះ​នឹង​ជួយ​គាត់​មាន​ផ្ទៃពោះ និង​បញ្ចប់​ការ​តិះដៀល​ដែល​មាន​ដោយសារ​គាត់​ជា​ស្រី​អារ។ ក៏​ប៉ុន្តែ គឺ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទើប​ព្រះយេហូវ៉ា​«ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន»។—លោកុប្បត្តិ ៣០:២២​-​២៤

មេ​រៀន​សំរាប់​យើង:

២៥:២៣: ព្រះយេហូវ៉ា​មាន​សមត្ថភាព​ឆ្លុះ​យល់​នូវ​លក្ខណៈ​សេនេទិច​នៃ​កូន​មិន​ទាន់​កើត និង​ដឹង​ទុក​ជា​មុន​ហើយ​ជ្រើសរើស​អ្នក​ណា​ដែល​ទ្រង់​ចង់​ប្រើ​សំរាប់​គោល​បំណង​ទ្រង់។ ប៉ុន្តែ ទ្រង់​មិន​កំណត់​ជា​មុន​នូវ​វាសនា​របស់​អ្នក​ណា​ម្នាក់​ទេ។—ហូសេ ១២:៥; រ៉ូម ៩:​១០​-​​១២

២៥:៣២, ៣៣; ៣២:២៤​-​២៩: ដោយសារ​យ៉ាកុប​ចង់​បាន​អំណាច​មរតក​ជា​បង​ច្បង​ហើយ​ក៏​បាន​ចំបាប់​ពេញ​មួយ​យប់​ជា​មួយ​នឹង​ទេវតា​មួយ​រូប​ដើម្បី​បាន​ពរ នោះ​បង្ហាញ​ថា​យ៉ាកុប​ពិត​ជា​យល់​តម្លៃ​នៃ​អ្វី​ដ៏​ពិសិដ្ឋ។ ព្រះយេហូវ៉ា​ក៏​បាន​ប្រគល់​អ្វី​ដ៏​ពិសិដ្ឋ​មួយ​ចំនួន​ដល់​យើង​ដែរ ដូច​ជា​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ទ្រង់​ហើយ​អង្គការ​របស់​ទ្រង់ ថែម​ទាំង​តម្លៃ​លោះ ព្រះគម្ពីរ និង​សេចក្ដី​សង្ឃឹម​ខាង​ព្រះរាជាណាចក្រ​របស់​ព្រះ។ ចូរ​ឲ្យ​យើង​មាន​លក្ខណៈ​ដូច​យ៉ាកុប​ដែរ ដោយ​បង្ហាញ​ថា​យើង​យល់​តម្លៃ​នៃ​អ្វីៗ​ទាំង​នេះ។

៣៤:១, ៣០: បញ្ហា​ដែល​បាន‹ធ្វើ​ឲ្យ​យ៉ាកុប​ថប់​ព្រួយ​ណាស់›បាន​ចាប់​ផ្ដើម​ដោយសារ​ឌីណា​បាន​ធ្វើ​ជា​មិត្តភក្ដិ​របស់​មនុស្ស​ដែល​មិន​ស្រឡាញ់​ព្រះយេហូវ៉ា។ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើសរើស​មិត្តភក្ដិ។

ព្រះយេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​យ៉ូសែប នៅ​ប្រទេស​អេស៊ីប

(លោកុប្បត្តិ ៣៧:១​-​៥០:២៦)

ចិត្ត​ច្រណែន​បាន​ជំរុញ​ចិត្ត​កូន​ប្រុសៗ​របស់​យ៉ាកុប​ឲ្យ​លក់​យ៉ូសែប​ជា​ប្អូន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បំរើ។ នៅ​ប្រទេស​អេស៊ីប យ៉ូសែប​ត្រូវ​ជាប់​គុក​ពីព្រោះ​គាត់​កាន់​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​ដោយ​ចិត្ត​ស្មោះ​ភក្ដី​និង​ដោយ​ចិត្ត​ក្លាហាន។ ក្រោយ​មក គាត់​ត្រូវ​នាំ​ចេញ​មក​ពី​គុក​ដើម្បី​បកស្រាយ​សុបិន​របស់​ស្តេច​ផារ៉ោន ដែល​សុបិន​ទាំង​នោះ​ទាយ​អំពី​ផល​បរិបូរ​ប្រាំ​ពីរ​ឆ្នាំ និង​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ។ រួច​មក​យ៉ូសែប​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ចែង​អាហារ​នៅ​ប្រទេស​អេស៊ីប។ ពីព្រោះ​មាន​ទុរ្ភិក្ស នោះ​បង​ប្រុសៗ​របស់​គាត់​បាន​មក​ប្រទេស​អេស៊ីប​ដើម្បី​ទៅ​រក​ស្បៀង​អាហារ។ ក្រុម​គ្រួសារ​នោះ​បាន​ជួប​ជុំ​គ្នា​ម្ដង​ទៀត​និង​រស់​នៅ​ស្រុក​កូសែន​ជា​ស្រុក​មាន​ដី​សំបូរ​ជីជាតិ។ ពេល​យ៉ាកុប​ជិត​មរណៈ​ទៅ គាត់​ឲ្យ​ពរ​ដល់​កូន​ប្រុសៗ​និង​ទាយ​ពី​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​គឺ​ថា នៅ​អនាគត​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ។ សព​របស់​យ៉ាកុប​ត្រូវ​គេ​នាំ​ទៅ​បញ្ចុះ​នៅ​ស្រុក​កាណាន។ នៅ​ពេល​យ៉ូសែប​មរណៈ​ទៅ​ដោយ​មាន​អាយុ​១១០​ឆ្នាំ​នោះ គេ​អប់​សព​របស់​គាត់ ហើយ​នៅ​ទីបំផុត​នាំ​សព​នោះ​ទៅ​ស្រុក​សន្យា។—និក្ខមនំ ១៣:១៩

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទគម្ពីរ:

៤៣:៣២—ហេតុ​អ្វី​បាន​ជា​ពួក​អេស៊ីប​ស្អប់​ខ្ពើម​នូវ​ការ​បរិភោគ​ជា​មួយ​នឹង​សាសន៍​ហេព្រើរ? នេះ​ប្រហែល​ជា​ច្រើន​តែ​ដោយសារ​ការ​អួតអាង​ពូជ​សាសន៍​ឬ​ការ​ប្រកាន់​សាសនា។ សាសន៍​អេស៊ីប​ក៏​ស្អប់​អ្នក​គង្វាល​ដែរ។ (លោកុប្បត្តិ ៤៦:៣៤) ហេតុ​អ្វី? ប្រហែល​ជា​គ្រាន់​តែ​ដោយសារ​អ្នក​គង្វាល​មាន​វណ្ណៈ​ទាប​ជាង​គេ​នៅ​ស្រុក​អេស៊ីប។ ឬ​មួយ​ក៏​ដោយសារ​ដី​សំរាប់​ធ្វើ​កសិកម្ម​មាន​តិច នោះ​សាសន៍​អេស៊ីប​ប្រហែល​ជា​ស្អប់​អ្នក​ដែល​ខំ​រក​ទី​វាល​សំរាប់​ហ្វូង​សត្វ។

៤៤:៥—តើ​យ៉ូសែប​ពិត​ជា​បាន​ប្រើ​ពែង​ដើម្បី​ទស្សន៍​ទាយ​ឬ? តាម​មើល​ទៅ ពែង​ធ្វើ​ពី​ប្រាក់​នោះ​ជា​ផ្នែក​នៃ​ល្បិច​មួយ។ យ៉ូសែប​ជា​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ភក្ដី​របស់​ព្រះយេហូវ៉ា។ តាម​ពិត​គាត់​មិន​ប្រើ​ពែង​នោះ​ដើម្បី​ទស្សន៍​ទាយ​ទេ ដូច​ជា​បេនយ៉ាមីន​ក៏​មិន​បាន​លួច​ពែង​នោះ​ដែរ។

៤៩:១០—តើ​ពាក្យ​ថា​«ដំបង​រាជ្យ»​សំដៅ​ទៅ​លើ​អ្វី? ដំបង​រាជ្យ​ជា​អ្វី​មួយ​ដែល​អ្នក​គ្រប់គ្រង​កាន់​តំណាង​រាជ្យ​អំណាច។ ដោយសារ​យ៉ាកុប​បាន​និយាយ​អំពី​ដំបង​រាជ្យ នេះ​បញ្ជាក់​ថា​កុលសម្ព័ន្ធ​យូដា​នឹង​មាន​អំណាច​គ្រប់គ្រង​ជា​ច្រើន​ទាល់តែ​ស៊ីឡូរ​មក។ កូន​ចៅ​ក្នុង​កុលសម្ព័ន្ធ​យូដា​នេះ​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ការ​គ្រប់គ្រង​នៅ​ស្ថានសួគ៌។ ព្រះ​គ្រីស្ទ​កាន់​អំណាច​គ្រប់គ្រង​ជា​ស្តេច។—ទំនុកដំកើង ២:៨, ៩; អេសាយ ៥៥:​៤; ដានីយ៉ែល ៧:១៣, ១៤

មេ​រៀន​សំរាប់​យើង:

៣៨:២៦: យូដា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​តាម៉ារ​ជា​កូន​ប្រសា​ស្រី​និង​ជា​ស្រី​មេម៉ាយ។ ប៉ុន្តែ នៅ​ពេល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​នាង នោះ​យូដា​បាន​សារភាព​កំហុស​ខ្លួន​យ៉ាង​រាប​ទាប។ យើង​ក៏​គួរ​ឆាប់​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដែរ។

៣៩:៩: របៀប​យ៉ូសែប​បាន​តប​នឹង​ប្រពន្ធ​របស់​លោក​ប៉ូទីផារ​បង្ហាញ​ថា គាត់​មាន​គំនិត​ដូច​ព្រះ​អំពី​សីលធម៌ ហើយ​មនសិការ​របស់​យ៉ូសែប​ត្រូវ​ដឹក​នាំ​ដោយ​គោលការណ៍​របស់​ព្រះ។ យើង​ក៏​គួរ​ព្យាយាម​ធ្វើ​ដូច​គាត់​ដែរ កាល​ដែល​យើង​រីក​ចំរើន​ផ្នែក​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត មែន​ទេ?

៤១:១៤​​-​១៦, ៣៩, ៤០: ព្រះយេហូវ៉ា​អាច​កែ​ប្រែ​កាលៈទេសៈ​របស់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់។ នៅ​ពេល​យើង​ជួប​នឹង​ទុក្ខ​លំបាក យក​ល្អ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​និង​រក្សា​ភាព​ស្មោះ​ភក្ដី​ចំពោះ​ទ្រង់។

ពួក​គាត់​មាន​ជំនឿ​មុត​មាំ

អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​យ៉ូសែប​ពិត​ជា​បុរស​ដែល​កោត​ខ្លាច​ព្រះ​និង​មាន​ជំនឿ។ កំណត់​ហេតុ​អំពី​ជីវិត​របស់​ពួក​គាត់​ក្នុង​សៀវភៅ​លោកុប្បត្តិ ពិត​ជា​ពង្រឹង​ជំនឿ​របស់​យើង​និង​ផ្ដល់​ឲ្យ​យើង​មេ​រៀន​ជា​ច្រើន​ដែល​មាន​តម្លៃ។

អ្នក​អាច​ទទួល​ប្រយោជន៍​ពី​កំណត់​ហេតុ​នេះ ពេល​ដែល​អ្នក​អាន​អំនាន​សំរាប់​សាលា​កិច្ច​បំរើ​ព្រះធិបតេយ្យ។ បើ​អ្នក​ពិចារណា​ពត៌មាន​ខាង​លើ​នេះ ទិដ្ឋភាព​ក្នុង​កំណត់​ហេតុ​នោះ​នឹង​មាន​សភាព​រស់​រវើក។

[កំណត់​សម្គាល់]

^ វគ្គ 1 សូម​មើល​អត្ថបទ​«ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ គោល​សំខាន់ៗ​ពី​សៀវភៅ​លោកុប្បត្តិ—ផ្នែក​ទី១» ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៤។

[រូបភាព​នៅ​ទំព័រ​២៩]

ព្រះយេហូវ៉ា​ប្រទាន​ពរ​ដល់​យ៉ូសែប

[រូបភាព​នៅ​ទំព័រ​២៩]

អ័ប្រាហាំ​ជា​បុរស ដែល​មាន​ជំនឿ

[រូបភាព​នៅ​ទំព័រ​២៩]

ឡុត​ដែល​ជា​បុរស​សុចរិត​ព្រម​ទាំង​កូន​ស្រី របស់​គាត់​ក៏​បាន​ត្រូវ​សង្គ្រោះ​ដែរ

[រូបភាព​នៅ​ទំព័រ​៣២]

យ៉ាកុប​បាន​យល់​តម្លៃ​នៃ​អ្វី​ដ៏​ពិសិដ្ឋ។ ចុះ​អ្នក​វិញ?